« អធិស្ឋានសម្រាប់ពួកគេតាមឈ្មោះពួកគេ » ជំនាញការអភិវឌ្ឍគ្រូបង្រៀន ( ឆ្នាំ ២០២២ )
« អធិស្ឋានសម្រាប់ពួកគេតាមឈ្មោះពួកគេ » ជំនាញការអភិវឌ្ឍគ្រូបង្រៀន
ស្រឡាញ់អស់អ្នកដែលអ្នកបង្រៀន
អធិស្ឋានសម្រាប់ពួកគេតាមឈ្មោះពួកគេ ។
ជំនាញ ៖ អធិស្ឋាន និងទូលសួរពីរបៀបដែលអ្នកអាចជួយសិស្សរបស់អ្នក ហើយធ្វើតាមការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ។
និយមន័យ
ការអធិស្ឋានឲ្យសិស្សរបស់អ្នកជាទៀងទាត់ អាចជួយអ្នកទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះកាន់តែខ្លាំងសម្រាប់ពួកគេ ហើយបង្កើនបំណងប្រាថ្នារបស់អ្នកដើម្បីផ្តល់កន្លែងសុវត្ថិភាព ជាកន្លែងដែលពោរពេញដោយការអញ្ជើញ ដែលពួកគេអាចរៀន ។ វាក៏អាចអនុញ្ញាតឲ្យព្រះវរបិតាសួគ៌ជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីកាលៈទេសៈ និងសេចក្តីត្រូវការរបស់ពួកគេផងដែរ ។ ទោះបីជាយើងមិនអាចបង្ខំរឿងខាងវិញ្ញាណ ឬចម្លើយចំពោះការអធិស្ឋានក្តី ក៏ការអធិស្ឋានឲ្យសិស្សរបស់យើងអញ្ជើញការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ហើយអាចបង្កើនសមត្ថភាពរបស់យើងដើម្បីជួយពួកគេដែរ ។ ការធ្វើតាមការបំផុសគំនិតដែលអ្នកទទួលបានអាចជួយអ្នកកែលម្អបទពិសោធន៍រៀនសូត្ររបស់សិស្សម្នាក់ៗ ។ របៀបមួយដែលគ្រូបង្រៀនអាចព្យាយាមបង្កើនសេចក្តីស្រឡាញ់ចំពោះសិស្សរបស់ពួកគេគឺតាមរយៈការពិចារណាអំពីអ្វីដែលពួកគេបានស្គាល់រួចហើយអំពីសិស្ស ហើយបន្ទាប់មកពិចារណាប្រកបដោយការអធិស្ឋាន និងសួរអំពីរបៀបដែលពួកគេអាចបង្ហាញសេចក្តីស្រឡាញ់កាន់តែច្រើនចំពោះសិស្សនោះ ។ នៅពេលពួកគេអធិស្ឋានដោយមានគំនិតនោះក្នុងចិត្ត នោះគ្រូបង្រៀនគួរតែព្យាយាមស្វែងរក និងធ្វើតាមការបំផុសគំនិតនៃព្រះវិញ្ញាណ ។
គំរូ
ខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួនអំពីរបៀបដែលអ្នកអាចអធិស្ឋាន និងទូលសួរអំពីរបៀបជួយសិស្សម្នាក់ៗ ហើយធ្វើតាមការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ៖
-
អ្នកបានសម្គាល់ឃើញថា ចនបានស្ទាក់ស្ទើរក្នុងការចូលរួមក្នុងថ្នាក់នាពេលថ្មីៗនេះ ។ អ្នកទូលសូមព្រះវរបិតាសួគ៌អំពីរបៀបដ៏ល្អបំផុតដែលអ្នកអាចជួយគាត់ ។ អ្នកទទួលអារម្មណ៍ថា អ្នកគួរតែនិយាយជាមួយគាត់ នៅពេលគាត់ចូលមកក្នុងថ្នាក់ ។ អ្នកមានអារម្មណ៍ថា អ្នកគួរតែសួរគាត់ច្រើនអំពីចំណាប់អារម្មណ៍បច្ចុប្បន្នរបស់គាត់ ជាជាងគ្រាន់តែសួរគាត់អំពីមូលហេតុដែលគាត់មិនបានចូលរួមបានច្រើននាពេលថ្មីៗនេះ ។ អ្នកគ្រោងនឹងនិយាយជាមួយគាត់មុនចាប់ផ្តើមថ្នាក់រៀននៅថ្ងៃស្អែកនេះ ។
-
ម៉ារៀបានចែកចាយយោបល់ និងទីបន្ទាល់របស់គាត់ជាទៀងទាត់នៅពីរបីសប្តាហ៍មុន ។ មុនពេលរៀនមេរៀនបន្ទាប់ អ្នកបានទូលសួរព្រះវរបិតាសួគ៌អំពីរបៀបដែលអ្នកអាចជួយនាងឲ្យបន្តរីកចម្រើន ។ អ្នកមានគំនិតចង់ចាប់ដៃគូគាត់ជាមួយមិត្តរួមថា្នក់គាត់ពីរបីនាក់ ដែលមិនចែកចាយយោបល់ញឹកញាប់ ឬមានការលំបាកដើម្បីចែកចាយដោយបើកចំហអំពីអារម្មណ៍របស់ពួកគេ ។ នៅក្នុងគម្រោងមេរៀនសម្រាប់ថ្ងៃស្អែក នោះអ្នកបន្ថែមឱកាសចែកចាយមកពីមិត្តរួមថ្នាក់ ។
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
សូមប្រើការអនុវត្តមួយ ឬច្រើននៃការអនុវត្តខាងក្រោមនេះ ដើម្បីកែលម្អសមត្ថភាពរបស់អ្នក ដើម្បីអធិស្ឋានឲ្យសិស្ស និងធ្វើតាមលទ្ធផលនៃការបំផុសគំនិតនានា ៖
-
សូមជ្រើសរើសសិស្សម្នាក់ ដែលអ្នកមានអារម្មណ៍ថា គាត់មិនសូវមានមិត្តភក្តិស្និទ្ធស្នាលច្រើនក្នុងថ្នាក់ ។ សូមអធិស្ឋានអំពីរបៀបដ៏ល្អបំផុតដើម្បីជួយគាត់ ។ សូមដាក់ផែនការធ្វើតាមការបំផុសគំនិតដែលអ្នកទទួលបាន ។
-
សូមជ្រើសរើសសិស្សម្នាក់ដែលចែកចាយច្រើននៅក្នុងថ្នាក់ ។ សូមអធិស្ឋានឲ្យគាត់ និងអំពីរបៀបដើម្បីបន្តកែលម្អបទពិសោធន៍រៀនសូត្ររបស់សិស្សនោះ ។ សូមធ្វើតាមការបំផុសគំនិតដែលអ្នកទទួលបាន ។
-
សូមជ្រើសរើសសិស្សម្នាក់ដែលមិនបានមករៀនពេលថ្មីៗនេះ ។ សូមអធិស្ឋានឲ្យគាត់ ហើយទូលសួរព្រះអម្ចាស់អំពីរបៀបដ៏ល្អបំផុតដើម្បីឈោងទៅជួយ និងជួយសិស្សនោះ ឲ្យទទួលអារម្មណ៍ថា គេស្រឡាញ់ និងត្រូវការគាត់ ។ សូមលើកឡើងពីផែនការមួយដែលផ្តោតលើការបំផុសគំនិតដែលអ្នកទទួលបាន សូមសម្រេចចិត្តពីពេលវេលាដែលអ្នកអាចធ្វើតាមផែនការនោះ ហើយធ្វើតាមទាំងស្រុង ។
ពិភាក្សា ឬពិចារណា
សូមពិចារណាអំពីអ្វីដែលអ្នកបានរៀនពីបទពិសោធន៍នេះ ។ ប្រហែលអ្នកអាចកត់ត្រាគំនិតមួយចំនួននៅក្នុងសៀវភៅកំណត់ហេតុការសិក្សាបាន ។ សូមពិចារណាសំណួរខាងក្រោម ៖
-
តើខ្ញុំបានខិតខំប្រឹងប្រែងធ្វើអ្វីខ្លះកាលពីមុនដើម្បីអធិស្ឋានឲ្យសិស្សរបស់ខ្ញុំ ?
-
តើខ្ញុំបានរៀនអ្វីខ្លះនៅក្នុងដំណើរការនេះ ដែលអាចកែលម្អសមត្ថភាពរបស់ខ្ញុំ ដើម្បីអធិស្ឋានឲ្យសិស្សរបស់ខ្ញុំ និងជួយពួកគេកែលម្អបទពិសោធន៍រៀនសូត្ររបស់ពួកគេ ?
-
តើខ្ញុំនឹងធ្វើអ្វីខ្លះដើម្បីបន្តកែលម្អ ?
រួមបញ្ចូល
សូមដាក់ផែនការដើម្បីអធិស្ឋាន និងទូលសួរពីរបៀបដែលអ្នកអាចជួយសិស្សរបស់អ្នក ហើយធ្វើតាមការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ។ អ្នកអាចពិចារណាពីជំហានដែលបានផ្តល់ជាយោបល់ខាងក្រោម នៅពេលអ្នកដាក់ផែនការ ៖
-
សូមជ្រើសរើស និងផ្តោតលើការអនុវត្តមួយនៃការអនុវត្តខាងលើ ។
-
សូមកំណត់ពីរបៀបដែលអ្នកនឹងរួមបញ្ចូលការអនុវត្ត ។
-
សូមដាក់កាលវិភាគដើម្បីរួមបញ្ចូលការអនុវត្ត។
-
សូមទូលសូមជំនួយពីព្រះវរបិតាសួគ៌ដើម្បីជួយអ្នក ។
តើចង់បានបន្ថែមទៀតទេ ?
-
និល អិល អាន់ឌើរសិន « A Classroom of Faith, Hope, and Charity » ( ជំនួបជាមួយនឹងអ្នកមានសិទ្ធិអំណាចទូទៅ ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤ ) broadcasts.ChurchofJesusChrist.org
-
ឆាដ អេច វិប « Above All Things » ( ការចាក់ផ្សាយការបំពាក់បំប៉នប្រចាំឆ្នាំនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនា ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ) broadcasts.ChurchofJesusChrist.org
-
« ស្រឡាញ់អស់អ្នកដែលអ្នកបង្រៀន » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ( ឆ្នាំ ២០១៦ ) ទំព័រ ៦