« សង្កត់ធ្ងន់លើគំរូរបស់ព្រះយេស៊ូវគ្រីស្ទ » ជំនាញការអភិវឌ្ឍគ្រូបង្រៀន ( ឆ្នាំ ២០២២ )
« សង្កត់ធ្ងន់លើគំរូរបស់ព្រះយេស៊ូវគ្រីស្ទ » ជំនាញការអភិវឌ្ឍគ្រូបង្រៀន
ផ្តោតលើព្រះយេស៊ូវគ្រីស្ទ
សង្កត់ធ្ងន់លើគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។
ជំនាញ ៖ ជួយសិស្សភ្ជាប់អ្វីដែលពួកគេកំពុងរៀនសូត្រទៅនឹងរបៀបដែលព្រះគ្រីស្ទធ្វើជាគំរូអំពីគោលការណ៍ ។
និយមន័យ
ការជួយសិស្សឲ្យដាក់ព្រះយេស៊ូវគ្រីស្ទជាចំណុចសំខាន់នៃការរៀនសូត្ររបស់ពួកគេ នឹងជួយពួកគេឲ្យមានបទពិសោធន៍រៀនសូត្រកាន់តែផ្ទាល់ខ្លួន និងពោរពេញដោយអានុភាព ។ របៀបមួយដែលយើងអាចធ្វើកិច្ចការនេះបាន គឺតាមរយៈការជួយសិស្សឲ្យភ្ជាប់អ្វីដែលពួកគេកំពុងរៀនសូត្រ ទៅនឹងព្រះជន្ម និងគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចធ្វើកិច្ចការនេះបាន តាមរយៈការប្រើប្រាស់សំណួរភ្ជាប់នៅក្នុងមេរៀនទាំងមូល ។ សំណួរទាំងនេះជួយសិស្សឲ្យភ្ជាប់ព្រះជន្ម និងគំរូរបស់ព្រះយេស៊ូវគ្រីស្ទទៅនឹង
-
សេចក្តីលម្អិតនៃដំណើររឿងមួយក្នុងព្រះគម្ពីរ
-
គោលការណ៍នានានៅក្នុងព្រះគម្ពីរ និង
-
បទពិសោធន៍នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។
គំរូ
នេះជាឧទាហរណ៍មួយចំនួនអំពីរបៀបដែលអ្នកអាចជួយសិស្សភ្ជាប់ទៅនឹងព្រះជន្ម និងគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
បន្ទាប់ពីអានដំណើររឿងមួយមកពីព្រះគម្ពីរ និងពិភាក្សាសេចក្តីលម្អិត នោះអ្នកអាចសួរថា « តើមានអ្វីនៅក្នុងរឿងនេះរំឭកប្អូនអំពីព្រះជន្ម និងគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ? »
-
បន្ទាប់ពីរកឃើញគោលការណ៍មួយរួច អ្នកអាចសួរថា « តើនៅត្រង់ណាក្នុងព្រះគម្ពីរដែលព្រះយេស៊ូវបានធ្វើជាគំរូអំពីគោលការណ៍នេះ ? »
-
បន្ទាប់ពីវិភាគគោលការណ៍មួយរួចមក អ្នកអាចសួរថា « តើប្អូនបានឃើញព្រះយេស៊ូវធ្វើជាគំរូអំពីគោលការណ៍នេះនៅក្នុងជីវិតរបស់ប្អូន ឬជំនួសឲ្យប្អូននៅពេលណាដែរ ? »
-
នៅពេលពិភាក្សាអំពីការអនុវត្តគោលការណ៍មួយ អ្នកអាចសួរថា « តើគំរូអ្វីខ្លះមកពីព្រះយេស៊ូវដែលជួយប្អូនឲ្យរស់នៅតាមគោលការណ៍នេះកាន់តែពេញលេញ ? »
-
អ្នកក៏អាចសួរផងដែរថា « តើការស់នៅតាមគោលការណ៍នេះជួយប្អូនធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ហើយកាន់តែប្រែក្លាយដូចជាទ្រង់ដោយរបៀបណា ? »
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
សូមប្រើការអនុវត្តមួយ ឬច្រើននៃការអនុវត្តខាងក្រោមនេះ ដើម្បីកែលម្អសមត្ថភាពរបស់អ្នកក្នុងការជួយសិស្សភ្ជាប់ទៅនឹងព្រះជន្ម និងគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ៖
-
សូមពិចារណាអំពីគោលការណ៍ ៖ « ប្រសិនបើយើងគោរពប្រតិបត្តិទោះបីមានការសាកល្បងក្តី នោះព្រះនឹងជួយយើង » ។ នៅក្នុងការរៀបចំរបស់អ្នក សូមអនុវត្តភ្ជាប់គោលការណ៍នេះទៅនឹងគំរូមួយ ឬពីរអំពីព្រះជន្មរបស់ព្រះយេស៊ូវនៅក្នុងបទគម្ពីរ ។
-
សូមមើលផែនការមេរៀនបន្ទាប់ ។ សូមជ្រើសរើសគោលការណ៍មួយដែលអ្នកនឹងដាក់ផែនការជួយសិស្សស្វែងរក ។ សូមអនុវត្តសរសេរសំណួរសាមញ្ញពីរបី ដើម្បីជួយសិស្សឲ្យភ្ជាប់គោលការណ៍នោះទៅនឹងគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
សូមស្វែងរកកន្លែងមួយនៅក្នុងផែនការមេរៀនបន្ទាប់ ជាកន្លែងដែលអ្នកនឹងផ្តោតលើការអនុវត្ត ។ សូមអនុវត្តសរសេរការអញ្ជើញពីរបី ដែលជួយសិស្សពិចារណាអំពីរបៀបដែលគំរូរបស់ព្រះយេស៊ូវគ្រីស្ទអាចជួយពួកគេអនុវត្តគោលការណ៍មួយ ។
ពិភាក្សា ឬពិចារណា
សូមពិចារណាអំពីអ្វីដែលអ្នកបានរៀនពីបទពិសោធន៍នេះ ។ ប្រហែលអ្នកអាចកត់ត្រាគំនិតមួយចំនួននៅក្នុងសៀវភៅកំណត់ហេតុការសិក្សាបាន ។ សូមពិចារណាសំណួរខាងក្រោម ៖
-
តើខ្ញុំបានធ្វើអ្វីខ្លះកាលពីមុន ដើម្បីភ្ជាប់អ្វីដែលសិស្សកំពុងរៀននៅក្នុងព្រះគម្ពីរទៅនឹងព្រះជន្ម និងគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ?
-
តើខ្ញុំបានរៀនអ្វីខ្លះពីបទពិសោធន៍នេះ ដែលអាចកែលម្អសមត្ថភាពរបស់ខ្ញុំ ដើម្បីជួយសិស្សធ្វើការភ្ជាប់ទំនាក់ទំនងទាំងនេះទៅនឹងព្រះយេស៊ូវគ្រីស្ទ ?
-
តើខ្ញុំនឹងធ្វើអ្វីខ្លះដើម្បីបន្តកែតម្រូវ ?
រួមបញ្ចូល
សូមរួមបញ្ចូលអ្វីដែលអ្នកបានអនុវត្ត ដើម្បីជួយសិស្សឲ្យភ្ជាប់អ្វីដែលពួកគេកំពុងរៀនសូត្រទៅនឹងព្រះយេស៊ូវគ្រីស្ទ និងសង្កត់ធ្ងន់អំពីគំរូរបស់ទ្រង់ ។ នៅអំឡុងពេលសប្តាហ៍បន្ទាប់ សូមជ្រើសរើសគោលការណ៍មួយនៅក្នុងមេរៀននីមួយៗដែលអ្នកនឹងប្រើ ដើម្បីជួយសិស្សឲ្យភ្ជាប់អ្វីដែលពួកគេកំពុងរៀនសូត្រទៅនឹងព្រះយេស៊ូវគ្រីស្ទ និងគំរូរបស់ទ្រង់ ។
តើចង់បានបន្ថែមទៀតទេ ?
-
នែល អិល អាន់ឌើរសិន « We Talk of Christ » សន្និសីទទូទៅ ខែ តុលា ឆ្នាំ ២០២០
-
វគ្គ ៣.១ « មេរៀនទី ៣ ៖ Teach the One » Inservice Leaders’ Resources