បណ្ណាល័យ
បង្កើត​បរិយាកាស និង​ឱកាស​សម្រាប់​សិស្ស ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​ពួកគេ ។


« បង្កើត​បរិយាកាស និង​ឱកាស​សម្រាប់​សិស្ស ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​ពួកគេ » ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ( ឆ្នាំ ២០២២ )

« បង្កើត​បរិយាកាស និង​ឱកាស​សម្រាប់​សិស្ស ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​ពួកគេ » ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន

បង្រៀន​ដោយ​ព្រះវិញ្ញាណ

បង្កើត​បរិយាកាស និង​ឱកាស​សម្រាប់​សិស្ស ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​ពួកគេ ។

ជំនាញ ៖ បង្កើត​ស្វ័យ​វាយតម្លៃ​របស់​សិស្ស​អំពី​គោលលទ្ធិ សេចក្តីពិត ឬ​គោលការណ៍ ។

និយមន័យ

ការបង្រៀន​ដោយ​ព្រះវិញ្ញាណ​រួម​មាន​ការជួយ​សិស្ស​ពិចារណា​អំពី​ទស្សនវិស័យ អារម្មណ៍ និង​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ ដែល​ទាក់ទង​នឹង​សេចក្តីពិត​ជាក់លាក់ ។ វិចារណញាណ និង​ស្វ័យ​វាយតម្លៃ​ផ្ទាល់​ខ្លួន​នេះ​អាច​យាង​អញ្ជើញ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឲ្យជួយ​សិស្ស​ម្នាក់ៗ​មើលឃើញ​រឿង​ទាំងឡាយ « តាមដែល​មាន​នៅពេល​នេះ ហើយ … តាម​ដែល​នឹង​មាន​នៅពេល​ខាង​មុខ » ( យ៉ាកុប ៤:១៣ ) នៅក្នុង​ជីវិត​របស់​ពួកគេ ។ ស្វ័យវាយ​តម្លៃ​ប្រកប​ដោយ​ប្រសិទ្ធភាព​ជួយសិស្ស​ពិចារណា​អំពី ( ១ ) ការយល់ដឹង​ផ្ទាល់ខ្លួន​នា​ពេល​បច្ចុប្បន្ន​របស់​ពួកគេ​អំពី​សេចក្តីពិត​មួយ​ជាក់លាក់ ( ២ ) មូលហេតុ​ដែល​សេចក្តីពិត​ទាំង​នេះ​ទាក់ទង​នឹង​ជីវិត និង​ស្ថានភាព​ផ្ទាល់​របស់​ពួកគេ និង ( ៣ ) របៀប​រស់នៅ​តាម​សេចក្តីពិត​នេះ​កាន់តែ​ប្រសើរ​ឡើង ។ អ្នក​អាច​អញ្ជើញ​ឲ្យ​មានស្វ័យវាយ​តម្លៃ​នេះ​នៅ​គ្រប់​ពេល​អំឡុង​ពេល​បង្រៀន​តាមរយៈ​មធ្យោបាយ​ផ្សេងៗ​រួមមាន សកម្មភាព​សរសេរ សំណួរ​ពិភាក្សា និង​ការអញ្ជើញ​ដើម្បី​អនុវត្ត​គោលលទ្ធិ និង​គោលការណ៍ ។

គំរូ

នេះ​ជា​ឧទាហរណ៍​ពីរបី​នៃ​របៀប​ដែល​អ្នក​អាច​បង្កើត​ស្វ័យវាយតម្លៃ​​របស់​សិស្ស​បាន ៖

  • នៅពេល​ចាប់ផ្តើម​ថ្នាក់​រៀន អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​សង្ខេប​នៅក្នុង​សៀវភៅ​កំណត់ត្រា​របស់​ពួកគេ អំពី​ការយល់​ដឹង​បច្ចុប្បន្ន​របស់​ពួកគេ​អំពី​ច្បាប់​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

  • នៅពេល​បញ្ចប់ថ្នាក់​រៀន អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ថា ៖ « តើ​ការយល់​ដឹង​របស់​ប្អូន​អំពី​ច្បាប់​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​បាន​ផ្លាស់ប្តូរ​ខុស​ពី​ពេល​ចាប់ផ្តើម​ថ្នាក់​រៀន​យ៉ាង​ដូចម្តេច​ខ្លះ ? »

  • បន្ទាប់​ពី​រកឃើញ​គោលការណ៍​ផ្សេង​ៗ​ជាមួយ​គ្នា​មក​ពីបណ្តុំ​បទគម្ពីរ​ហើយ អ្នក​អាច​សួរ​សិស្ស​ថា « តើ​ប្អូន​ចាត់​ចំណាត់ថ្នាក់​អំពី​លំដាប់​នៃ​សារៈសំខាន់​របស់​គោលការណ៍​ទាំង​នេះ​នៅក្នុង​ជីវិត​របស់​ប្អូន​ដោយ​របៀប​ណា ? »

  • អំឡុង​ពេល​ការពិភាក្សា​ក្នុង​ថ្នាក់ អ្នក​អាច​សូម​ឲ្យ​សិស្ស​គិត​អំពី​របៀប​ដែល​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ជះឥទ្ធិពល​លើ​ជីវិត​របស់​ពួកគេ​មក​ដល់​ត្រឹម​ចំណុច​នេះ ។

  • អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន ៖ « សូម​ពិចារណា​អំពី​សភាព​បច្ចុប្បន្ន​ដែល​ប្អូន​កំពុង​មើល ‹ ទៅ [ ព្រះគ្រីស្ទ ] ដោយ​នូវ​គ្រប់​ទាំង​គំនិត › ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៣៦ ) ។ សូម​កត់ត្រា​អំពី​អារម្មណ៍​ដែល​ប្អូន​គិត​ថា ជា​ជំហាន​បន្ទាប់​ដើម្បី​ឲ្យ​ប្អូន​កែលម្អ​ទំនាក់ទំនង​របស់​ប្អូន​ជាមួយ​ទ្រង់​ទាក់ទង​នឹង​បញ្ហា​នេះ » ។

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

អនុវត្ត

សូម​ប្រើ​ការអនុវត្ត​មួយ ឬ​ច្រើន​នៃ​ការអនុវត្ត​ខាង​ក្រោម​នេះ ដើម្បី​កែលម្អ​សមត្ថភាព​របស់​អ្នក​ដើម្បី​បង្កើត​ស្វ័យវាយ​តម្លៃ​សម្រាប់​សិស្ស​របស់​អ្នក ៖

  • សូម​មើល​ផែនការ​មេរៀន​បន្ទាប់ ។ សូម​ជ្រើសរើស​គោលលទ្ធិ​មួយ​ដែល​អ្នក​កំពុង​គ្រោង​ផ្តោត​ចិត្ត​ទុកដាក់​លើ ។ សូម​អនុវត្ត​សរសេរ​ស្វ័យវាយតម្លៃ​របស់​សិស្ស​ដ៏​សាមញ្ញ​ចំនួន​ពីរ​បី ដែល​អាច​ប្រើ​ដើម្បី​ពិចារណា​អំពី​ការយល់ដឹង​បច្ចុប្បន្ន​របស់​ពួកគេ​អំពី​គោលលទ្ធិ​នេះ ឬ​របៀប​ដែល​ការយល់​ដឹង​របស់​ពួកគេ​បាន​ផ្លាស់ប្តូរ​ដោយ​សារ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

  • សូម​ជ្រើសរើស​គ្រា​ណា​មួយ​នៅក្នុង​មេរៀន​បន្ទាប់ ជា​ពេល​ដែល​គ្រោង​ធ្វើ​ការពិភាក្សា​ក្នុង​ថ្នាក់ ។ សូម​អនុវត្ត​សរសេរ​សំណួរ​ពីរ​បី ដែល​ជួយ​សិស្ស​វាយត​ម្លៃ​ទស្សនវិស័យ និង​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់ ទាក់ទង​នឹង​គោលការណ៍​ដែល​នឹង​រកឃើញ ។

  • សូម​ស្វែងរក​កន្លែង​មួយ​នៅក្នុង​ផែនការ​មេរៀន​បន្ទាប់ ជា​កន្លែង​ដែល​អ្នក​នឹង​ផ្តោត​លើ​ការអនុវត្ត ។ ជាជាង​គ្រាន់តែ​ការអញ្ជើញ​សិស្ស​ឲ្យ​អនុវត្ត​គោលលទ្ធិ ឬ​គោលការណ៍​ជាក់លាក់​ណា​មួយ សូម​អនុវត្ត​សរសេរ​ការអញ្ជើញ​ពីរបី ដែល​ជួយ​ពួកគេ​វាយត​ម្លៃ​ការអនុវត្ត​បច្ចុប្បន្ន​របស់​ពួកគេ និង​របៀប​ដើម្បី​បន្ត​កែលម្អ ។

ពិភាក្សា ឬ​ពិចារណា

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​បទពិសោធន៍​នេះ ។ ប្រហែល​អ្នក​អាច​កត់ត្រា​គំនិតមួយ​ចំនួន​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​បាន ។ សូម​ពិចារណា​សំណួរ​ខាង​ក្រោម ៖

  • តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​កាល​ពីមុន​ដើម្បី​ជួយ​សិស្ស​ឲ្យ​ធ្វើស្វ័យវាយតម្លៃ ?

  • តើ​ខ្ញុំ​បាន​រៀន​អ្វី​ខ្លះ​នៅក្នុង​បទពិសោធន៍​នេះ ដែល​អាច​កែលម្អ​សមត្ថភាព​របស់​ខ្ញុំ ដើម្បី​ជួយ​សិស្ស​ឲ្យ​ធ្វើ​ស្វ័យវាយ​តម្លៃ ?

  • តើខ្ញុំ​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បន្ត​កែលម្អ ?

រួម​បញ្ចូល

សម្រាប់​ផែនការ​មេរៀន​នីមួយៗ​នា​សប្តាហ៍​នេះ សូម​ប្រើ​ស្វ័យវាយតម្លៃ​ផ្សេង​មួយ ដើម្បី​ជួយ​សិស្ស​រៀន​​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ចំណាយ​ពេល​ស្វែងរក​អ្វី​ដែល​អ្នក​រៀន​មក​ពី​បទពិសោធន៍​នេះ ហើយ​អនុវត្ត​ម្តង​ទៀត​នៅ​ក្នុងការរៀបចំ​របស់​អ្នក និង​នៅក្នុង​ថ្នាក់​រៀន​របស់​អ្នក ។ សូម​បន្ត​អនុវត្ត រៀន និង​ធ្វើ​ឲ្យ​កិច្ច​ខិតខំ​របស់​អ្នក​បាន​ប្រសើរ​ឡើង ដើម្បី​ជួយ​កែលម្អ​បទពិសោធន៍​សិស្ស​របស់​អ្នក និង​លើក​ទឹកចិត្ត​ដល់​ការបន្ត​លូតលាស់ និងការ​រីកចម្រើន​របស់​ពួកគេ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • ជែហ្វ្រី អ័រ ហូឡិន « Angels and Astonishment » ( ការចាក់ផ្សាយ​សម្រាប់​ការបំពាក់បំប៉ន​ប្រចាំ​ឆ្នាំ ស.&វ. ថ្ងៃ​ទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ) broadcasts.ChurchofJesusChrist.org

  • « អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ( ឆ្នាំ ២០១៦ ) ទំព័រ ២៩–៣០

  • « Invite Diligent Learning » ( ៣:៣៥ ) ( វីដេអូ ) ChurchofJesusChrist.org

បោះពុម្ព