« ផ្តោតលើសេចក្តីពិតដែលដឹកនាំទៅរកការផ្លាស់ប្រែចិត្តជឿ និងស្ថាបនាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ » ជំនាញការអភិវឌ្ឍគ្រូបង្រៀន ( ឆ្នាំ ២០២២ )
« ផ្តោតលើសេចក្តីពិតដែលដឹកនាំទៅរកការផ្លាស់ប្រែចិត្តជឿ និងស្ថាបនាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ » ជំនាញការអភិវឌ្ឍគ្រូបង្រៀន
បង្រៀនគោលលទ្ធិ
ផ្តោតលើសេចក្តីពិតដែលដឹកនាំទៅរកការផ្លាស់ប្រែចិត្តជឿ និងស្ថាបនាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
ជំនាញ ៖ សួរសំណួរដែលជួយសិស្សឲ្យរកឃើញ និងថ្លែងគោលការណ៍ដែលប្រែចិត្តជឿ ។
និយមន័យ
ប្រធាន ហិនរី ប៊ី អាវរិង ក្នុងគណៈប្រធានទីមួយបានថ្លែងថា « គោលការណ៍ដែលប្រែចិត្តជឿគឺជាគោលការណ៍មួយដែលនាំទៅរកការគោរពប្រតិបត្តិតាមព្រះទ័យរបស់ព្រះ » ( « Converting Principles » [ សុន្ទរកថានៅឯជំនួបជាមួយអែលឌើរ អិល ថម ភើរី ថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ១៩៩៦ ] ទំព័រ ១ ) ។ របៀបមួយដើម្បីជួយសិស្សស្វែងរក និងថ្លែងអំពីគោលការណ៍ដែលប្រែចិត្តជឿ គឺសូមឲ្យពួកគេស្រាវជ្រាវរកសំណួរដែលលើកទឹកចិត្តពួកគេឲ្យរកមើលឃ្លានានាដែលជួយយើងបង្កើនសេចក្តីជំនឿ និងការគោរពប្រតិបត្តិរបស់យើងតាមព្រះទ័យរបស់ព្រះ ។ របៀបមួយផ្សេងទៀតដើម្បីជួយពួកគេស្វែងរក និងថ្លែងអំពីគោលការណ៍ដែលប្រែចិត្តជឿ គឺសួរសំណួរតាមដាន បន្ទាប់ពីសិស្សបានចែកចាយដំណើររឿង បទពិសោធន៍ ឬសេចក្តីពន្យល់ ។ សំណួរតាមដានអញ្ជើញសិស្សឲ្យថ្លែងឡើងវិញនូវមតិរបស់ពួកគេ តាមរបៀបសាមញ្ញាមួយដែលស្ថាបនាសេចក្តីជំនឿលើព្រះគ្រីស្ទ និងមានឆន្ទៈគោរពតាមព្រះទ័យរបស់ព្រះ ។
គំរូ
សំណួរស្រាវជ្រាវ ៖
-
នៅពេលអ្នកស្រាវជ្រាវ គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:៤១–៤៦ តើឃ្លាអ្វីខ្លះដែលអ្នកឃើញថា អាចបំផុសគំនិតអ្នកឲ្យគោរពតាម និងមានសេចក្តីជំនឿលើព្រះទ័យរបស់ព្រះ ?
-
នៅពេលអ្នកអាន យ៉ូស្វេ ១:៥–៩ តើអ្នកឃើញអ្វីខ្លះដែលជួយអ្នកឲ្យចង់ធ្វើតាមព្រះទ័យព្រះ ?
-
តើសេចក្តីពិតអ្វីខ្លះដែលអ្នករកឃើញនៅក្នុង ម៉ាថាយ ៧:៧–១២ ដែលនឹងជួយស្ថាបនាសេចក្តីជំនឿរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ និងធ្វើតាមទ្រង់ ?
សំណួរដូចគ្នាទាំងនេះអាចត្រូវបានផ្លាស់ប្តូរបន្តិចបន្តួច ដើម្បីបង្កើតជាសំណួរតាមដាន ដើម្បីជួយសិស្សថ្លែងពីគោលការណ៍ដែលប្រែចិត្តជឿ ។
បទពិសោធន៍របស់សិស្ស ៖ ម៉ារៀចែកចាយបទពិសោធន៍មួយអំពីការសួរសំណួរនៅក្នុងការអធិស្ឋាន ដែលនាំទៅរកចម្លើយដែលនាងមិនចង់បាន ។
សំណួររបស់គ្រូបង្រៀន ៖ « នៅក្នុងឃ្លាមួយ តើប្អូនបានរៀនអ្វីខ្លះពីបទពិសោធន៍នោះ ដែលអាចជួយអ្នកដទៃឲ្យមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងធ្វើតាមការដឹកនាំរបស់ទ្រង់ ? »
ការពន្យល់របស់សិស្ស ៖ ខាល ទើបតែចែកចាយការពន្យល់ដ៏វែងអស្ចារ្យមួយអំពីរបៀបដែលគាត់រៀននៅក្នុងការសិក្សាព្រះគម្ពីររបស់គាត់កាលពីយប់មិញ ។
សំណួររបស់គ្រូបង្រៀន ៖ « ជាសេចក្តីថ្លែងការណ៍សាមញ្ញាមួយ តើប្អូនបានរៀនអ្វីខ្លះ ដែលនឹងជួយប្អូនខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? »
ដំណើររឿងរបស់សិស្ស ៖ កាតាណា ចែកចាយរឿងមួយអំពីរបៀបដែលនាងបានគោរពតាមច្បាប់នៃដង្វាយមួយភាគក្នុងដប់ ទោះបីវាលំបាកក្តី ។
សំណួររបស់គ្រូបង្រៀន ៖ « នៅក្នុងប្រយោគមួយ តើបទពិសោធន៍នោះនឹងជួយប្អូនឲ្យបន្តមានសេចក្តីជំនឿលើព្រះគ្រីស្ទ សូម្បីតែវាពិបាកនឹងធ្វើតាមទ្រង់ក្តី ? »
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
សូមសរសេរសំណួរស្រាវជ្រាវសម្រាប់វគ្គបទគម្ពីរដូចខាងក្រោមនេះ ៖
សូមសរសេរសំណួរតាមដានសម្រាប់ស្ថានភាពនីមួយៗ ដើម្បីជួយសិស្សថ្លែងគោលការណ៍ដែលប្រែចិត្តជឿ ៖
-
អេឡេណាបានចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនដ៏អស្ចារ្យមួយ ដោយធ្វើតាមការបំផុសគំនិតមកពីព្រះវិញ្ញាណ ។
-
គ្រីស្ទផ្តល់ការពន្យល់ដ៏អស្ចារ្យអំពីអ្វីដែលគាត់បានរៀនពីដំណើររឿងរបស់ដាវីឌ និងកូលីយ៉ាត ។
-
មេឡេបានចែកចាយរឿងផ្ទាល់ខ្លួនមួយអំពីការងាកទៅរកព្រះយេស៊ូវគ្រីស្ទ នៅពេលសមាជិកគ្រួសារបានស្លាប់ ។
ពិភាក្សា ឬពិចារណា
-
តើអ្នកកំពុងរៀនអ្វីខ្លះអំពីការជួយសិស្សឲ្យផ្តោតលើគោលការណ៍ដែលប្រែចិត្តជឿ ?
-
តើការអនុវត្តនេះអាចជួយសិស្សបង្រៀនគោលលទ្ធិដូចដែលមាននៅក្នុងព្រះបន្ទូលរបស់ព្រះដោយរបៀបណា ?
រួមបញ្ចូល
នៅក្នុងការបំពាក់បំប៉ននេះអ្នកបានអនុវត្តជំនាញពីរដែលជួយសិស្សឲ្យរកឃើញ និងថ្លែងយ៉ាងច្បាស់អំពីគោលការណ៍ដែលប្រែចិត្តជឿ ៖ សំណួរស្រាវជ្រាវ និងសំណួរតាមដាន ។ នៅពេលអ្នកគិតអំពីសិស្សរបស់អ្នក សូមជ្រើសរើសជំនាញមួយដើម្បីសហការគ្នាដែលនឹងផ្តល់ប្រយោជន៍ដល់ពួកគេខ្លាំងបំផុត ។ សប្តាហ៍នេះ នៅពេលអ្នករៀបចំវគ្គបទគម្ពីរនីមួយៗ សូមបន្តសួរខ្លួនឯងថា « តើខ្ញុំអាចជួយសិស្សឲ្យរកឃើញ និងថ្លែងគោលការណ៍ដែលប្រែចិត្តជឿដោយរបៀបណា ? » អ្នកអាចកត់ត្រាសំណួរទុកជាការំឭកនៅជាប់នឹងអ្នក នៅពេលអ្នករៀបចំ ។
បន្ទាប់ពីអ្នកសរសេរសំណួរដែលជួយសិស្សឲ្យរកមើល ឬថ្លែងពីគោលការណ៍ដែលប្រែចិត្តជឿ នោះសូមព្យាយាមស្រមៃគិតអំពីរបៀបដែលសិស្សនឹងឆ្លើយសំណួរនោះ ។ ប្រសិនបើអ្នកស្រមៃឃើញថា ពួកគេថ្លែងអំពីគោលការណ៍ដែលប្រែចិត្តជឿ នោះសូមទុកសំណួរនោះ ។ ប្រសិនបើអ្នកស្រមៃថា សិស្សមានការលំបាកដើម្បីថ្លែងគោលការណ៍ដែលប្រែចិត្តជឿ នោះសូមកែសម្រួលសំណួរនោះ ដើម្បីវាអាចជួយសម្រេចបាននូវលទ្ធផលដែលចង់បាន ។
តើចង់បានបន្ថែមទៀតទេ ?
-
ដាវីឌ អេ បែដណា « The Principles of My Gospel » សន្និសីទទូទៅ ខែ មេសា ឆ្នាំ ២០២១
-
ហែនរី ប៊ី អាវរិង « The Power of Teaching Doctrine » សន្និសីទទូទៅ ខែ មេសា ឆ្នាំ ១៩៩៩