កណ្ឌទី ១០៤
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៨៣៤ អំពីសហសមាគម ឬសមាគមនៃសាសនាចក្រ សម្រាប់ផលប្រយោជន៍ដល់មនុស្សទាល់ក្រ (History of the Church, ២:៥៤–៦០)។ នេះជា គ្រានៃការប្រជុំប្រឹក្សារបស់គណៈប្រធានទីមួយ និងពួកសង្ឃជាន់ខ្ពស់ ក្នុងការគិតពិចារណាអំពីសេចក្ដីត្រូវការខាងសាច់ឈាមយ៉ាង ឆាប់ៗនៃប្រជាជន។ សហសមាគមនៅក្រុងខឺតឡង់ត្រូវបានរំលាយបន្តិចសិន ហើយរៀបចំឡើងវិញ ហើយទ្រព្យសម្បត្តិទាំងឡាយ ត្រូវចែកជាការកាន់កាប់ត្រួតត្រានៅក្នុងចំណោមសមាជិកនៃសមាគម។
១–១០, ពួកបរិសុទ្ធណាដែលប្រព្រឹត្តរំលងទាស់និងសហសមាគម នោះនឹងត្រូវបណ្ដាសា; ១១–១៦, ព្រះអម្ចាស់ទ្រង់ផ្គត់ផ្គង់ដល់ពួកបរិសុទ្ធរបស់ទ្រង់តាមមាគ៌ារបស់ទ្រង់ផ្ទាល់; ១៧–១៨, ក្រឹត្យវិន័យខាងដំណឹងល្អចាត់ចែងខាងការរក្សាមនុស្សទាល់ក្រ; ១៩–៤៦, ការកាន់កាប់ត្រួតត្រា និងព្រះពរទាំងឡាយនៃពួកបងប្អូននានាត្រូវបានចាត់តាំង; ៤៧–៥៣, សហសមាគមនៅក្រុងខឺតឡង់ និងសមាគមនៅក្រុងស៊ីយ៉ូនត្រូវឲ្យប្រតិបត្តិផ្សេងគ្នា; ៥៤–៦៦, ឃ្លាំងដ៏ពិសិដ្ឋនៃព្រះអម្ចាស់ គឺត្រូវបានតាំងឡើងសម្រាប់បោះពុម្ពព្រះគម្ពីរ; ៦៧–៧៧, ឃ្លាំងទូទៅនៃសហសមាគម ត្រូវប្រតិបត្តិតាមការយល់ព្រមទូទៅ; ៧៨–៨៦, អស់អ្នកដែលនៅក្នុងសហសមាគម ត្រូវសងបំណុលរបស់គេទាំងអស់ ហើយព្រះអម្ចាស់ទ្រង់នឹងរំដោះពួកគេឲ្យរួចពីសេវកភាពខាងលុយកាក់។
១មិត្តទាំងឡាយរបស់យើងអើយ យើងប្រាប់អ្នកជាប្រាកដថា យើងប្រទានដល់អ្នកនូវពាក្យដំបូន្មាន និងព្រះបញ្ញត្តិមួយអំពីទ្រព្យសម្បត្តិទាំងអស់ ដែលជារបស់ផងសមាគម ដែលយើងបានបញ្ជាឲ្យរៀបចំ ហើយតាំងឡើងធ្វើជាសហសមាគម និងជាសមាគមដ៏នៅអស់កល្បអស់កាលជានិច្ច សម្រាប់ផលប្រយោជន៍ដល់សាសនាចក្ររបស់យើង និងសម្រាប់សេចក្ដីសង្គ្រោះដល់មនុស្សលោក រហូតដល់យើងយាងមក —
២ដោយសេចក្ដីសន្យាដែលមិនចេះផ្លាស់ប្ដូរ និងមិនចេះប្រែប្រួលថា ដរាបណាអស់អ្នកដែលយើងបានបញ្ជាមានចិត្តស្មោះត្រង់ នោះពួកគេនឹងត្រូវបានព្រះពរដោយព្រះពរដ៏ច្រើនអនេក
៣ប៉ុន្តែដរាបណាពួកគេមិនមានចិត្តស្មោះត្រង់ទេ នោះពួកគេជិតនឹងត្រូវបណ្ដាសាហើយ។
៤ហេតុដូច្នេះហើយ ដរាបណាពួកអ្នកបម្រើរបស់យើងខ្លះ មិនបានកាន់តាមព្រះបញ្ញត្តិ ប៉ុន្តែបានបំបាក់សេចក្ដីសញ្ញា តាមរយៈការលោភលន់ និងដោយពាក្យបោកបញ្ឆោត នោះយើងដាក់បណ្ដាសាដល់ពួកគេ ដោយពាក្យបណ្ដាសាដ៏ធ្ងន់ធ្ងរឈឺចាប់ជាអតិបរមា។
៥ត្បិតយើងជាព្រះអម្ចាស់ បានចេញបញ្ញត្តិនៅក្នុងព្រះហឫទ័យរបស់យើងថា ដរាបណាមានមនុស្សណាមួយដែលជាសមាជិកនៃសមាគមបានឃើញថាជាអ្នករំលងច្បាប់ ឬម្យ៉ាងទៀតថា បានបំបាក់សេចក្ដីសញ្ញាដែលអ្នករាល់គ្នាជាប់នៅ អ្នកនោះហើយនឹងត្រូវបណ្ដាសាក្នុងជីវិតរបស់ខ្លួន ហើយនឹងត្រូវជាន់ឈ្លីនៅក្រោមជើងអ្នកណាក៏ដោយ ដែលយើងសព្វព្រះហឫទ័យ។
៦ត្បិតយើងជាព្រះអម្ចាស់ នឹងមិនត្រូវគេមើលងាយ ចំពោះការណ៍ទាំងនេះឡើយ។
៧ហើយគ្រប់ការណ៍ទាំងនេះ ដើម្បីកុំឲ្យពួកអ្នកឥតទោសដែលនៅក្នុងចំណោមអ្នក អាចបានជាប់ទោសជាមួយនឹងពួកឥតសុចរិតឡើយ ហើយដើម្បីកុំឲ្យអ្នកមានទោសនៅក្នុងចំណោមអ្នក អាចបានរួចផុតឡើយ ពីព្រោះយើងជាព្រះអម្ចាស់ បានសន្យាដល់អ្នកនូវមកុដនៃសិរីល្អនៅខាងស្ដាំយើង។
៨ហេតុដូច្នេះហើយ ដរាបណាអ្នកបានឃើញថាជាអ្នករំលងច្បាប់ នោះអ្នកពុំអាចបានរួចផុតពីសេចក្ដីក្រោធរបស់យើងក្នុងជីវិតអ្នកឡើយ។
៩ដរាបណាអ្នករាល់គ្នាបានកាត់ចេញ ដោយព្រោះអំពើរំលង នោះអ្នករាល់គ្នាពុំអាចបានរួចផុតពីការធ្វើទុក្ខនៃអារក្សសាតាំងឡើយ រហូតដល់ថ្ងៃប្រោសលោះ។
១០ហើយឥឡូវនេះ យើងប្រទានអំណាចដល់អ្នក ចាប់តាំងពីម៉ោងនេះទៅ ថាបើសិនជាមានមនុស្សណាមួយក្នុងចំណោមអ្នករាល់គ្នា ក្នុងសមាគម បានឃើញថាជាអ្នករំលងច្បាប់ ហើយមិនប្រែចិត្តពីអំពើអាក្រក់សោះ នោះអ្នករាល់គ្នាត្រូវបញ្ជូនអ្នកនោះទៅរកការធ្វើទុក្ខ របស់អារក្សសាតាំងចុះ ហើយអ្នកនោះនឹងពុំមានអំណាច ដើម្បីនាំឲ្យមានអំពើអាក្រក់មកលើអ្នកឡើយ។
១១នេះហើយជាប្រាជ្ញានៅក្នុងយើង ហេតុដូច្នេះហើយ យើងប្រទានបញ្ញត្តិមួយដល់អ្នកថា អ្នករាល់គ្នាត្រូវរៀបចំខ្លួន ហើយតាំងឲ្យមនុស្សមានការកាន់កាប់ត្រួតត្រារៀងៗខ្លួន
១២ប្រយោជន៍ឲ្យមនុស្សគ្រប់រូប អាចបានទទួលការខុសត្រូវចំពោះយើងនូវការកាន់កាប់ត្រួតត្រា ដែលបានតាំងដល់ខ្លួន។
១៣ត្បិតជាការចាំបាច់ថា យើងជាព្រះអម្ចាស់ត្រូវរាប់មនុស្សគ្រប់រូប ឲ្យទទួលការខុសត្រូវ ជានាយតម្រួតការលើព្រះពរទាំងឡាយខាងផែនដី ដែលយើងបានបង្កើត ហើយបានរៀបចំឡើង សម្រាប់សត្វលោកទាំងឡាយរបស់យើង។
១៤យើងជាព្រះអម្ចាស់ បានលាតផ្ទៃមេឃ ហើយបានស្ថាបនាផែនដី គឺជាការដែលព្រះហស្តយើងធ្វើ ហើយគ្រប់ទាំងអស់នៅទីនោះសុទ្ធតែជារបស់ផងយើង។
១៥ហើយនេះជាគោលបំណងរបស់យើង ដើម្បីផ្គត់ផ្គង់ដល់ពួកបរិសុទ្ធរបស់យើង ត្បិតគ្រប់ទាំងអស់សុទ្ធតែជារបស់ផងយើង។
១៦ប៉ុន្តែការនេះត្រូវបានសម្រេចតាមមាគ៌ារបស់យើង ហើយមើលចុះ នេះជាមាគ៌ារបស់យើង ថាយើងជាព្រះអម្ចាស់បានចេញបញ្ញត្តិ ដើម្បីផ្គត់ផ្គង់ដល់ពួកបរិសុទ្ធរបស់យើង ប្រយោជន៍ឲ្យមនុស្សទ័លក្រត្រូវបានតម្កើងឡើង ក្នុងកាលមនុស្សមានត្រូវបានបន្ទាបចុះ។
១៧ត្បិតផែនដីបានពោរពេញ ហើយមានបរិបូរគ្រប់គ្រាន់ និងនៅសល់ទៀតផង មែនហើយ យើងបានរៀបចំគ្រប់ទាំងអស់ ហើយបានប្រទានដល់កូនចៅមនុស្សឲ្យធ្វើជាភ្នាក់ងារដល់ខ្លួន។
១៨ហេតុដូច្នេះហើយ បើសិនជាមានមនុស្សណាមួយយកពីរបស់បរិបូរដែលយើងបានបង្កើតមក ហើយពុំចែកចំណែករបស់ខ្លួនតាមក្រឹត្យវិន័យនៃដំណឹងល្អរបស់យើងដល់មនុស្សទាល់ក្រ និងមនុស្សកម្សត់ទុគ៌តទេ អ្នកនោះនឹងសម្លឹងភ្នែកឡើងនៅក្នុងស្ថាននរក ជាមួយមនុស្សទុច្ចរិតនៅក្នុងការរងទុក្ខវេទនា។
១៩ហើយឥឡូវនេះ យើងប្រាប់អ្នកជាប្រាកដ អំពីទ្រព្យសម្បត្តិទាំងឡាយនៃសមាគម —
២០ចូរឲ្យ ស៊ីឌនី រិកដុន ជាអ្នកបម្រើរបស់យើង បានតាំងឡើងដល់កន្លែងរបស់គាត់ ដែលគាត់កំពុងអាស្រ័យនៅពេលនេះចុះ ហើយកន្លែងសម្លាប់ស្បែក ទុកសម្រាប់ជាការកាន់កាប់ត្រួតត្រារបស់គាត់ សម្រាប់ការគាំទ្រដល់គាត់ នៅពេលគាត់ធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់យើង គឺស្របតាមព្រះហឫទ័យរបស់យើង កាលយើងនឹងបញ្ជាដល់គាត់។
២១ហើយចូរឲ្យបានសម្រេចសព្វគ្រប់ តាមពាក្យដំបូន្មាននៃសមាគម និងតាមការយល់ព្រមព្រៀងគ្នា ឬតាមសំឡេងនៃសមាគម ដែលនៅក្នុងដែនដីខឺតឡង់។
២២ហើយការកាន់កាប់ត្រួតត្រា និងព្រះពរនេះ យើងជាព្រះអម្ចាស់ ប្រទានមកលើ ស៊ីឌនី រិកដុន ជាអ្នកបម្រើរបស់យើង ទុកជាព្រះពរមកលើគាត់ និងពូជពង្សរបស់គាត់បន្តបន្ទាប់គ្នាទៅ
២៣ហើយយើងនឹងបង្កើនព្រះពរមកលើគាត់កាន់តែច្រើនឡើង ដរាបណាគាត់បន្ទាបខ្លួននៅចំពោះយើង។
២៤ហើយជាថ្មីទៀត ចូរឲ្យ ម៉ាទិន ហារិស ជាអ្នកបម្រើរបស់យើង បានតាំងដល់គាត់ សម្រាប់ជាការកាន់កាប់ត្រួតត្រារបស់គាត់នូវកន្លែងដីដែល យ៉ូហាន ចនសុន ជាអ្នកបម្រើរបស់យើងបានមក ដោយដូរកេរមរតករបស់គាត់ពីមុនទុកសម្រាប់គាត់ និងពូជពង្សរបស់គាត់បន្តបន្ទាប់គ្នាទៅ
២៥ហើយដរាបណាគាត់មានចិត្តស្មោះត្រង់ នោះយើងនឹងបង្កើនព្រះពរកាន់តែច្រើនឡើងមកលើគាត់ និងពូជពង្សរបស់គាត់បន្តបន្ទាប់គ្នាទៅ។
២៦ហើយចូរឲ្យ ម៉ាទិន ហារិស ជាអ្នកបម្រើរបស់យើង ទុកប្រាក់កាសរបស់គាត់សម្រាប់ការប្រកាសព្រះបន្ទូលទាំងឡាយរបស់យើង តាមដែល យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើងនឹងដឹកនាំចុះ។
២៧ហើយជាថ្មីទៀត ចូរឲ្យ ហ្វ្រែឌើរិក ជី វិលលាម្ស ជាអ្នកបម្រើរបស់យើង បានកន្លែងដែលគាត់កំពុងអាស្រ័យនៅលើឥឡូវនេះចុះ។
២៨ហើយចូរឲ្យ អូលីវើរ ខៅឌើរី ជាអ្នកបម្រើរបស់យើង បានដីធ្លីនៅជាប់ផ្ទះដែលជាកន្លែងទុកសម្រាប់ធ្វើរោងបោះពុម្ព ដែលជាដីធ្លីទីមួយ ហើយជាដីធ្លីដែលឪពុករបស់គាត់កំពុងអាស្រ័យនៅលើ។
២៩ហើយចូរឲ្យ ហ្វ្រែឌើរិក ជី វិលលាម្ស និង អូលីវើរ ខៅឌើរី ជាពួកអ្នកបម្រើរបស់យើង បានរោងបោះពុម្ព និងរបស់របរទាំងអស់ខាងការនោះចុះ។
៣០ហើយនេះនឹងទៅជាការកាន់កាប់ត្រួតត្រារបស់ពួកគេ ដែលនឹងត្រូវបានតាំងមកលើពួកគេ។
៣១ហើយដរាបណាពួកគេមានចិត្តស្មោះត្រង់ មើលចុះ យើងនឹងប្រទានពរ ហើយបង្កើនព្រះពរមកលើពួកគេកាន់តែច្រើនឡើង។
៣២ហើយនេះគឺជាការចាប់ផ្ដើមនៃការកាន់កាន់ត្រួតត្រា ដែលយើងបានតាំងដល់ពួកគេ សម្រាប់ពួកគេ និងពូជពង្សរបស់ពួកគេបន្តបន្ទាប់គ្នាទៅ។
៣៣ហើយដរាបណាពួកគេមានចិត្តស្មោះត្រង់ នោះយើងនឹងបង្កើនព្រះពរកាន់តែច្រើនឡើង មកលើពួកគេ និងពូជពង្សរបស់ពួកគេបន្តបន្ទាប់គ្នាទៅ គឺដោយព្រះពរដ៏ច្រើនអនេក
៣៤ហើយជាថ្មីទៀត ចូរឲ្យយ៉ូហាន ចនសុន ជាអ្នកបម្រើរបស់យើង បានផ្ទះសំបែងដែលគាត់កំពុងអាស្រ័យនៅ និងកេរមរតកទាំងអស់ លើកលែងតែដីដែលបានទុកសម្រាប់ធ្វើអគារនៃគេហដ្ឋានទាំងឡាយរបស់យើង ដែលទាក់ទងទៅនឹងកេរមរតកនោះ និងដីធ្លីទាំងនោះ ដែលបានឲ្យដល់ អូលីវើរ ខៅឌើរី ជាអ្នកបម្រើរបស់យើង។
៣៥ហើយដរាបណាគាត់មានចិត្តស្មោះត្រង់ នោះយើងនឹងបង្កើនព្រះពរមកលើគាត់កាន់តែច្រើនឡើង។
៣៦ហើយនេះគឺជាព្រះហឫទ័យរបស់យើង ថាគាត់ត្រូវលក់ដីធ្លីទាំងឡាយ ដែលទុកសម្រាប់ការសាងឡើងនូវទីក្រុងនៃពួកបរិសុទ្ធរបស់យើង ដរាបណាដែលបានធ្វើឲ្យគាត់ដឹង ដោយសំឡេងនៃព្រះវិញ្ញាណរបស់យើង ហើយស្របតាមពាក្យដំបូន្មាននៃសមាគម និងដោយសំឡេងនៃសមាគម។
៣៧ហើយនេះគឺជាការចាប់ផ្ដើមនៃការកាន់កាប់ត្រួតត្រា ដែលយើងបានតាំងដល់គាត់ ទុកសម្រាប់ជាព្រះពរដល់គាត់ និងពូជពង្សរបស់គាត់បន្តបន្ទាប់គ្នាទៅ។
៣៨ហើយដរាបណាគាត់មានចិត្តស្មោះត្រង់ នោះយើងនឹងចម្រើនពរដ៏ច្រើនអនេកមកលើគាត់។
៣៩ហើយជាថ្មីទៀត ចូរឲ្យ នូវល ខេ វិតនី ជាអ្នកបម្រើរបស់យើង បានតាំងដល់គាត់នូវផ្ទះសំបែង និងដីធ្លីដែលគាត់អាស្រ័យនៅឥឡូវនេះ និងដីធ្លី និងអគារដែលមានហាងលក់ដូរ ព្រមទាំងដីធ្លី ដែលនៅជ្រុងខាងត្បូងហាងលក់ដូរ ហើយព្រមទាំងដីធ្លីដែលមានរោងផេះផង។
៤០ហើយការណ៍អស់ទាំងនេះយើងបានតាំងដល់ នូវល ខេ វិតនី ជាអ្នកបម្រើរបស់យើង សម្រាប់ជាការកាន់កាប់ត្រួតត្រារបស់គាត់ ទុកសម្រាប់ជាព្រះពរមកលើគាត់ និងពូជពង្សរបស់គាត់បន្តបន្ទាប់គ្នាទៅ សម្រាប់ជាផលប្រយោជន៍ដល់ហាងលក់ដូរនៃសមាគមរបស់យើង ដែលយើងបានតាំងឡើងសម្រាប់ស្តេករបស់យើងនៅដែនដីខឺតឡង់។
៤១មែនហើយ ប្រាកដមែន នេះគឺជាការកាន់កាប់ត្រួតត្រា ដែលយើងបានចាត់តាំងដល់ អែន ខេ វិតនី ជាអ្នកបម្រើរបស់យើង គឺហាងលក់ដូរទាំងមូលនេះ គឺដល់គាត់ និងភ្នាក់ងាររបស់គាត់ និងពូជពង្សរបស់គាត់បន្តបន្ទាប់គ្នាទៅ។
៤២ហើយដរាបណាគាត់មានចិត្តស្មោះត្រង់ ក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង ដែលយើងបានប្រទានដល់គាត់ នោះយើងនឹងបង្កើនព្រះពរមកលើគាត់ និងពូជពង្សរបស់គាត់ បន្តបន្ទាប់គ្នាទៅ គឺដោយព្រះពរដ៏ច្រើនអនេក។
៤៣ហើយជាថ្មីទៀត ចូរឲ្យ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង បានចាត់តាំងដល់លោកនូវដីធ្លីដែលបានទុកសម្រាប់កសាងគេហដ្ឋានរបស់យើង ដែលមានបណ្ដោយ ២០០ ម៉ែត្រ និងទទឹង ៦០ ម៉ែត្រ និងព្រមទាំងកេរមរតក ដែលឪពុកលោកអាស្រ័យនៅគ្រាឥឡូវនេះផង
៤៤ហើយនេះគឺជាការចាប់ផ្ដើមនៃការកាន់កាប់ត្រួតត្រា ដែលយើងបានចាត់តាំងដល់លោក ទុកសម្រាប់ជាព្រះពរមកលើលោក និងមកលើឪពុកលោក។
៤៥ត្បិតមើលចុះ យើងបានទុកកេរមរតកមួយសម្រាប់ឪពុកលោក ទុកសម្រាប់ជាការគាំទ្រដល់គាត់ ហេតុដូច្នេះហើយ គាត់ត្រូវរាប់នៅក្នុងវង្សារបស់យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង។
៤៦ហើយយើងនឹងបង្កើនព្រះពរមកលើវង្សារបស់យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង ដរាបណាលោកមានចិត្តស្មោះត្រង់ គឺដោយព្រះពរដ៏ច្រើនអនេក។
៤៧ហើយឥឡូវនេះ យើងប្រទានបញ្ញត្តិមួយដល់អ្នកអំពីស៊ីយ៉ូនថា អ្នកមិនត្រូវនៅជាប់ចំណងជាសហសមាគមនឹងពួកបងប្អូនអ្នកនៅក្នុងសាសនា នៅក្រុងស៊ីយ៉ូនទៀតឡើយ លើកលែងតែតាមបែបនេះគឺ —
៤៨បន្ទាប់ពីអ្នកត្រូវបានរៀបចំឡើង នោះអ្នកត្រូវបានហៅថាជា សហសមាគមរបស់ស្តេកនៃស៊ីយ៉ូន នៅទីក្រុងខឺតឡង់។ ហើយបន្ទាប់ពីពួកគេត្រូវបានរៀបចំឡើង នោះពួកបងប្អូនអ្នកនៅក្នុងសាសនានឹងត្រូវបានហៅថាជា សហសមាគមនៃទីក្រុងស៊ីយ៉ូន។
៤៩ហើយពួកគេនឹងត្រូវបានរៀបចំឡើង នៅក្នុងនាមទាំងឡាយរបស់ពួកគេផ្ទាល់ និងនៅក្នុងនាមរបស់ពួកគេផ្ទាល់ ហើយពួកគេត្រូវប្រព្រឹត្តកិច្ចការរបស់ពួកគេ នៅក្នុងនាមរបស់ពួកគេផ្ទាល់ និងនៅក្នុងនាមទាំងឡាយរបស់ពួកគេផ្ទាល់
៥០ហើយអ្នកត្រូវប្រព្រឹត្តកិច្ចការរបស់អ្នកនៅក្នុងនាមរបស់អ្នកផ្ទាល់ និងនៅក្នុងនាមទាំងឡាយរបស់អ្នកផ្ទាល់។
៥១ហើយការណ៍នេះយើងបានបញ្ជាឲ្យសម្រេចសម្រាប់សេចក្ដីសង្គ្រោះដល់អ្នក និងសម្រាប់សេចក្ដីសង្គ្រោះដល់ពួកគេមកពីពួកគេត្រូវបានបណ្ដេញចេញ និងពីអ្វីដែលនឹងកើតឡើង។
៥២សេចក្ដីសញ្ញាទាំងឡាយដែលបានបំបាក់តាមរយៈការរំលង ដោយសារការលោភលន់ និងពាក្យបោកបញ្ឆោត —
៥៣ហេតុដូច្នេះហើយ អ្នកត្រូវបានរំលាយជាសហសមាគម ដោយសារពួកបងប្អូនរបស់អ្នកក្នុងសាសនា ដើម្បីកុំឲ្យអ្នកជាប់ចំណងនិង ពួកគេលើកលែងតែនៅម៉ោងនេះ លើកលែងតែតាមបែបនេះ ដូចជាយើងបានមានព្រះបន្ទូល គឺដោយសារការខ្ចីប្រាក់ ដូចដែលបានយល់ព្រមដោយសមាគមនេះនៅក្រុមប្រឹក្សា តាមតែកាលៈទេសៈនឹងបណ្ដោយ និងតាមតែសំឡេងនៃក្រុមប្រឹក្សាដឹកនាំ។
៥៤ហើយជាថ្មីទៀត យើងប្រទានបញ្ញត្តិមួយដល់អ្នក អំពីការកាន់កាប់ត្រួតត្រារបស់អ្នក ដែលយើងបានចាត់តាំងដល់អ្នក។
៥៥មើលចុះ គ្រប់ទ្រព្យសម្បត្តិទាំងអស់សុទ្ធតែរបស់ផងយើង បើពុំនោះសោតទេ សេចក្ដីជំនឿរបស់អ្នកសុទ្ធតែឥតអំពើហើយ ហើយអ្នករាល់គ្នាត្រូវបានឃើញថាជាមនុស្សមានពុត ហើយសេចក្ដីសញ្ញាទាំងឡាយដែលអ្នករាល់គ្នាបានធ្វើដល់យើង នោះបានបែកបាក់
៥៦ហើយបើសិនជាទ្រព្យសម្បត្តិទាំងឡាយជារបស់ផងយើង ខណៈនោះ អ្នករាល់គ្នាជានាយតម្រួតការហើយ បើពុំនោះសោតទេ អ្នករាល់គ្នាពុំមែនជានាយតម្រួតការឡើយ។
៥៧ប៉ុន្តែយើងប្រាប់អ្នកជាប្រាកដថា យើងបានចាត់ដល់អ្នកឲ្យធ្វើជានាយតម្រួតការលើវង្សារបស់យើង គឺពិតជានាយតម្រួតការទាំងឡាយមែន។
៥៨ហើយដោយសារគោលបំណងនេះ ទើបយើងបានបញ្ជាឲ្យអ្នករៀបចំខ្លួនឡើង គឺដើម្បីបោះពុម្ពព្រះបន្ទូលទាំងឡាយរបស់យើង ជាភាពពោរពេញនៃព្រះគម្ពីររបស់យើង ជាវិវរណៈទាំងឡាយដែលយើងបានប្រទានដល់អ្នក ហើយដែលយើងនឹងប្រទានដល់អ្នកម្ដងម្កាលៗពីពេលនេះតទៅ —
៥៩សម្រាប់គោលបំណងនៃការកសាងសាសនាចក្រ និងនគររបស់យើងឡើងនៅលើផែនដី ហើយដើម្បីរៀបចំរាស្ត្ររបស់យើងចាំពេលដែលយើងនឹងគង់នៅជាមួយពួកគេ ដែលនៅជិតដៃបង្កើយ។
៦០ហើយអ្នករាល់គ្នាត្រូវរៀបចំកន្លែងមួយដល់ខ្លួនទុកសម្រាប់ជាឃ្លាំង ហើយថ្វាយទីនោះដល់ព្រះនាមរបស់យើង។
៦១ហើយអ្នករាល់គ្នាត្រូវចាត់នរណាមួយ ក្នុងចំណោមអ្នករាល់គ្នាឲ្យរក្សាឃ្លាំង ហើយអ្នកនោះត្រូវបានតែងតាំងចំពោះព្រះពរនេះ។
៦២ហើយត្រូវមានត្រានៅលើឃ្លាំង និងគ្រប់ទាំងរបស់ពិសិដ្ឋៗ ដែលត្រូវបានដាក់ក្នុងឃ្លាំងផង ហើយគ្មាននរណាមួយក្នុងចំណោមអ្នករាល់គ្នា ត្រូវហៅទីនោះ ឬចំណែកណាមួយថាជារបស់ខ្លួនឡើយ ត្បិតទីនោះត្រូវទៅជារបស់អ្នកទាំងអស់គ្នា។
៦៣ហើយយើងប្រទានឃ្លាំងដល់អ្នកចាប់ពីម៉ោងនេះតទៅ ហើយឥឡូវនេះ ចូរមើលឲ្យឃើញថា អ្នករាល់គ្នាទៅ ហើយប្រើប្រាស់ការកាន់កាប់ត្រួតត្រា ដែលយើងបានចាត់ដល់អ្នកចុះ លើកលែងតែរបស់ពិសិដ្ឋទាំងឡាយ ទុកសម្រាប់ការបោះពុម្ពរបស់ពិសិដ្ឋទាំងនេះ តាមដែលយើងមានបន្ទូលមកប៉ុណ្ណោះ។
៦៤ហើយអ្វីដែលបានមកពីរបស់ពិសិដ្ឋទាំងឡាយ នោះនឹងត្រូវមាននៅក្នុងឃ្លាំង ហើយត្រាមួយនឹងត្រូវបិទពីលើ ហើយមិនត្រូវប្រើប្រាស់ ឬយកចេញពីឃ្លាំង ឬក៏ស្រាយត្រាដែលបានបិទពីលើដោយអ្នកណាមួយឡើយ លើកលែងតែដោយសំឡេងនៃសមាគម ឬដោយព្រះបញ្ញត្តិប៉ុណ្ណោះ។
៦៥ហើយដោយបែបនេះ អ្នករាល់គ្នាត្រូវរក្សាទុកនូវអ្វីៗដែលបានពីរបស់ពិសិដ្ឋទាំងឡាយនៅក្នុងឃ្លាំងទុកសម្រាប់គោលបំណងដ៏ពិសិដ្ឋ និងបរិសុទ្ធទាំងឡាយ។
៦៦ហើយរបស់នេះនឹងត្រូវបានហៅថាជាឃ្លាំងពិសិដ្ឋនៃព្រះអម្ចាស់ ហើយត្រាមួយនឹងត្រូវបានដាក់ពីលើ ប្រយោជន៍ឲ្យវាអាចបានបរិសុទ្ធ ហើយបានថ្វាយដល់ព្រះអម្ចាស់។
៦៧ហើយជាថ្មីទៀត ត្រូវមានឃ្លាំងមួយទៀតរៀបចំឡើង ហើយត្រូវមានហិរញ្ញិកមួយចាត់ឲ្យរក្សាឃ្លាំង និងត្រូវមានត្រាមួយដាក់ពីលើ
៦៨ហើយប្រាក់កាសទាំងអស់ ដែលអ្នកបានមកពីការកាន់កាប់ត្រួតត្រាទាំងឡាយរបស់អ្នក ដោយសារការដំឡើងតម្លៃទៅលើទ្រព្យសម្បត្តិទាំងឡាយ ដែលយើងបានចាត់ដល់អ្នក ចំពោះផ្ទះសំបែង ឬចំពោះដីធ្លី ឬចំពោះគោក្របី ឬចំពោះរបស់គ្រប់យ៉ាង លើកលែងតែការសរសេរដ៏បរិសុទ្ធ និងពិសិដ្ឋទាំងឡាយ ដែលយើងបានរក្សាទុកចំពោះខ្លួនយើងផ្ទាល់ ទុកសម្រាប់គោលបំណងដ៏បរិសុទ្ធ និងពិសិដ្ឋទាំងឡាយ នោះត្រូវបោះទៅក្នុងឃ្លាំងភ្លាមៗ តាមដែលអ្នកបានទទួលប្រាក់ រាប់រយ ឬរាប់ហាសិប ឬរាប់ម្ភៃ ឬរាប់ដប់ ឬរាប់ប្រាំ។
៦៩ឬម្យ៉ាងទៀតថា បើសិនជាមានមនុស្សណាមួយក្នុងចំណោមអ្នកបានប្រាំដុល្លារ នោះចូរឲ្យគាត់បោះទៅក្នុងឃ្លាំងចុះ ឬបើសិនជាគាត់មានដប់ ឬម្ភៃ ឬហាសិប ឬមួយរយ នោះចូរឲ្យគាត់ធ្វើយ៉ាងដូច្នោះដែរ
៧០ហើយចូរកុំឲ្យអ្នកណាមួយក្នុងចំណោមអ្នកនិយាយថា ប្រាក់នោះជារបស់គាត់ផ្ទាល់ឡើយ ត្បិតប្រាក់នោះមិនត្រូវហៅថាជារបស់គាត់ ឬចំណែកណាមួយឡើយ។
៧១ហើយមិនត្រូវប្រើប្រាស់ចំណែកណាមួយ ឬយកចេញពីឃ្លាំងឡើយ លើកលែងតែដោយសំឡេង និងការយល់ព្រមទូទៅនៃសមាគមប៉ុណ្ណោះ។
៧២ហើយនេះត្រូវទៅជាសំឡេង និងការយល់ព្រមទូទៅនៃសមាគម — គឺមនុស្សណាមួយ ក្នុងចំណោមអ្នកនិយាយទៅហិរញ្ញិកថា ៖ ខ្ញុំត្រូវការចំនួននេះ ដើម្បីជួយខ្ញុំក្នុងការកាន់កាប់ត្រួតត្រារបស់ខ្ញុំ —
៧៣បើសិនជាត្រូវប្រាំដុល្លារ ឬបើសិនជាត្រូវដប់ដុល្លារ ឬម្ភៃ ឬហាសិប ឬមួយរយក្ដី នោះហិរញ្ញិកត្រូវឲ្យដល់គាត់នូវចំនួនដែលគាត់ត្រូវការ ដើម្បីជួយក្នុងការកាន់កាប់ត្រួតត្រារបស់គាត់ —
៧៤រហូតដល់ឃើញថាគាត់ជាអ្នករំលងច្បាប់ ហើយបានសម្ដែងចំពោះក្រុមប្រឹក្សានៃសមាគមយ៉ាងច្បាស់ថា គាត់ជានាយតម្រួតការដ៏មានចិត្តមិនស្មោះត្រង់ ហើយមានមារយាទមិនល្អ។
៧៥ប៉ុន្តែកាលណាគាត់ជាសមាជិកពេញទី ហើយស្មោះត្រង់ ហើយមានមារយាទល្អចំពោះការកាន់កាប់ត្រួតត្រារបស់គាត់ នេះហើយជាសំគាល់របស់គាត់ដល់ហិរញ្ញិក ថាហិរញ្ញិកមិនត្រូវបង្ខាំងឡើយ។
៧៦ប៉ុន្តែចំពោះករណីរំលងច្បាប់វិញ នោះហិរញ្ញិកត្រូវនៅក្រោមក្រុមប្រឹក្សា និងសំឡេងនៃសមាគម។
៧៧ហើយនៅករណីណាឃើញថាហិរញ្ញិក ជានាយតម្រួតការដ៏មិនស្មោះត្រង់ ហើយមានមារយាទមិនល្អ នោះគាត់ត្រូវនៅក្រោម ក្រុមប្រឹក្សា និងសំឡេងនៃសមាគម ហើយត្រូវដកចេញពីកន្លែងគាត់ ហើយម្នាក់ទៀតត្រូវបានតាំងឡើងជំនួសគាត់។
៧៨ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដ អំពីបំណុលទាំងឡាយរបស់អ្នកថា — មើលចុះ គឺជាព្រះហឫទ័យរបស់យើង ដែលអ្នកត្រូវបង់បំណុលរបស់អ្នកឲ្យអស់។
៧៩ហើយគឺជាព្រះហឫទ័យរបស់យើង ដែលអ្នករាល់គ្នាត្រូវបន្ទាបខ្លួននៅចំពោះយើង ហើយត្រូវបានព្រះពរនេះ ដោយសារការឧស្សាហ៍ និងភាពរាបសា និងការអធិស្ឋានដោយសេចក្ដីជំនឿរបស់អ្នក។
៨០ហើយដរាបណាអ្នកមានចិត្តឧស្សាហ៍ និងរាបទាប ហើយអនុវត្តការអធិស្ឋានដោយសេចក្ដីជំនឿ មើលចុះ យើងនឹងបន្ទន់ចិត្តរបស់ម្ចាស់បំណុលដែលអ្នកជំពាក់ រហូតដល់យើងបញ្ជូនផ្លូវនានាដល់អ្នក សម្រាប់ការរំដោះរបស់អ្នក។
៨១ហេតុដូច្នេះហើយ ចូរប្រញាប់សរសេរទៅរដ្ឋញូវយ៉ក ហើយសរសេរតាមអ្វីដែលព្រះវិញ្ញាណរបស់យើងដឹកនាំ ហើយយើងនឹងបន្ទន់ចិត្តរបស់ម្ចាស់បំណុលដែលអ្នកជំពាក់ ដើម្បីឲ្យបានយកចេញពីគំនិតរបស់ពួកគេនូវការធ្វើទុក្ខដល់អ្នក។
៨២ហើយដរាបណាអ្នករាល់គ្នាមានចិត្តរាបសា ហើយស្មោះត្រង់ ហើយអំពាវនាវដល់ព្រះនាមយើង មើលចុះ យើងនឹងប្រទានឲ្យអ្នកមានជ័យជម្នះ។
៨៣យើងប្រទានដល់អ្នកនូវសេចក្ដីសន្យាមួយថា អ្នកត្រូវបានរំដោះឲ្យរួចផុតពីសេវកភាពរបស់អ្នក តែម្ដងនេះគត់។
៨៤ដរាបណាអ្នកមានឱកាសខ្ចីប្រាក់រាប់រយ ឬរាប់ពាន់ គឺរហូតដល់អ្នកខ្ចីបានល្មមនិងរំដោះខ្លួនឲ្យរួចពីសេវកភាព នោះជាឯកសិទ្ធិរបស់អ្នកហើយ។
៨៥ហើយចូរបញ្ចាំទ្រព្យសម្បត្តិទាំងឡាយ ដែលយើងបានដាក់ទៅក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាតែម្ដងនេះគត់ ដោយផ្ដល់ឈ្មោះរបស់អ្នករាល់គ្នា ដោយការយល់ព្រមទូទៅ ឬម្យ៉ាងទៀត ដូចជាឃើញថាល្អចំពោះអ្នក។
៨៦យើងប្រទានឯកសិទ្ធិនេះចំពោះអ្នក តែម្ដងនេះគត់ ហើយមើលចុះ បើសិនជាចាប់ផ្ដើមប្រព្រឹត្តនូវអ្វីៗទាំងឡាយ ដែលយើងបានលាតត្រដាងនៅចំពោះអ្នក ស្របតាមព្រះបញ្ញត្តិទាំងឡាយរបស់យើង នោះគ្រប់អ្វីៗទាំងអស់សុទ្ធតែរបស់យើង ហើយអ្នករាល់គ្នាជានាយតម្រួតការរបស់យើង ហើយចៅហ្វាយមិនដែលស៊ូទ្រាំឲ្យវង្សារបស់លោកត្រូវបែកបាក់ឡើយ។ គឺដូច្នោះមែន។ អាម៉ែន៕