ចូរអ្នកផ្លាស់ប្រែចិត្តជឿ
ការផ្លាស់ប្រែចិត្តជឿពិត កើតមាន នៅពេលអ្នកបន្ដធ្វើសកម្មភាពលើគោលលទ្ធិនានា ដែលអ្នកដឹងថាពិត ហើយរក្សាបទបញ្ញត្តិ នោះពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ ។
បងប្អូនប្រុសស្រី នេះជាបទពិសោធន៍ដ៏រាបទាបមួយ ដើម្បីឈរលើវេទិកានេះ ជាកន្លែងដែលវិរៈបុរសជាច្រើនក្នុងជីវិតរបស់ខ្ញុំបានឈរនៅទីនេះ ។ ខ្ញុំចង់ចែកជាមួយអ្នកនូវអារម្មណ៍ខ្លះៗក្នុងចិត្ត ហើយផ្ដោតជាពិសេសទៅលើយុវវ័យ ។
វិរៈបុរសអស្ចារ្យម្នាក់ពីគម្ពីរសញ្ញាចាស់ គឺព្យាការីអ្នកចម្បាំង យ៉ូស្វេ ។ គាត់បានធ្វើការអញ្ជើញនេះ ដល់កូនចៅអ៊ីស្រាអែល ដែលគាត់បានដឹកនាំថា ៖ « ចូររើសយកព្រះណាដែលអ្នកចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ … តែឯខ្ញុំនឹងពួកគ្រួខ្ញុំ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ » ។1 ការប្រកាសរបស់យ៉ូស្វេ បង្ហាញពីការផ្លាស់ចិត្តជឿពិតចំពោះដំណឹងល្អ ។ ចំពោះយ៉ូស្វេ និងយើងទាំងអស់គ្នា ការផ្លាស់ប្រែចិត្តជឿចំពោះគោលការណ៍ដំណឹងល្អ កើតមានតាមរយៈការរស់នៅដោយសុចរិតតាមគោលការណ៍នៃដំណឹងល្អ ហើយស្មោះត្រង់ចំពោះសេចក្ដីសញ្ញាយើងជាមួយព្រះអម្ចាស់ ។
ខ្ញុំចង់ចែកចាយរឿងផ្លាស់ប្រែចិត្តជឿមួយ ពីប្រវត្តិគ្រួសារខ្ញុំ អំពីវិរៈបុរសមួយទៀតរបស់ខ្ញុំ ។ ឈ្មោះគាត់គឺ អាហ្គនីស គាត់ និងស្វាមី បានចូលក្នុងសាសនាចក្រនៅប្រទេស ស្កុតឡង់ ក្នុងឆ្នាំ 1861 ។ ដោយរងទុក្ខនឹងការបៀតបៀនដ៏ខ្លាំងក្នុងទឹកដីកំណើត នោះពួកគាត់បានចូលមកប្រទេសអាមេរិកជាមួយនឹងកូនៗ ។ ប៉ុន្មានឆ្នាំក្រោយមក អាហ្គនីស បានក្លាយជាស្ត្រីមេម៉ាយ ដែលមានកូនប្រាំបីនាក់ត្រូវផ្គត់ផ្គង់ និងធ្វើការយ៉ាងខ្លាំងដើម្បីផ្ដល់អាហារ និងសំលៀកបំពាក់ដល់ពួកគេ ។ សំណាងល្អកូនស្រីអាយុ 12 ឆ្នាំគាត់ ឈ្មោះ អ៊ីស្សាប៊ែល រកបានការងារជាអ្នកបម្រើដល់គ្រួសារអ្នកមានមួយ ពុំមែនជា អិល.ឌី.អេស ទេ ។
អ៊ីស្សាប៊ែល បានរស់នៅក្នុងផ្ទះធំនោះ ហើយជួយមើលថែកូនតូចៗគ្រួសារនោះ ។ ជាការដោះដូរនឹងការបម្រើនោះ នាងទទួលកម្រៃតិចតួចរាល់សប្ដាហ៍ ឲ្យទៅម្ដាយនាង ។ មិនយូរប៉ុន្មាន អ៊ីស្សាប៊ែល ត្រូវបានទទួលជាសមាជិកក្នុងគ្រួសារនោះ ហើយចាប់ផ្ដើមរីករាយនឹងឯកសិទ្ធិជាច្រើនដូចគ្នានឹងគ្រួសារនោះ ដូចជា ចូលរៀនរាំ ស្លៀកសំលៀកបំពាក់ល្អៗ និងទៅមើលកុនជាដើម ។ ការរៀបចំនេះបានបន្ដអស់ពេលបួនឆ្នាំ រហូតដល់គ្រួសារដែល អ៊ីស្សាប៊ែល បានធ្វើការជាមួយនោះ បានផ្លាស់ទៅរដ្ឋផ្សេង ។ ពួកគេបានស្រឡាញ់ អ៊ីស្សាប៊ែល យ៉ាងខ្លាំង រហូតដល់ធ្វើឲ្យគេទៅជួបម្ដាយនាងគឺ អាហ្គនីស អនុញ្ញាតសុំនាងទៅចិញ្ចឹមស្របច្បាប់ ។ ពួកគេសន្យាថា ពួកគេនឹងផ្ដល់ការអប់រំល្អដល់នាង មើលថែថានាងនឹងបានរៀបការយ៉ាងល្អ ហើយឲ្យនាងទទួលគ្រងទ្រព្យរបស់ពួកគេជាមួយនឹងកូនបង្កើតរបស់ពួកគេដែរ ។ ពួកគេក៏នឹងបន្ដបង់កម្រៃដល់ អាហ្គនីស ផងដែរ ។
ក្នុងនាមជាស្ត្រីមេម៉ាយតស៊ូ និងជាម្ដាយ គាត់ពិបាកធ្វើការសម្រេចចិត្តណាស់ ប៉ុន្តែគាត់ពុំស្ទាក់ស្ទើរនោះទេ ។ ចូរស្ដាប់ពាក្យចៅស្រីគាត់ ដែលបានសរសេរជាច្រើនឆ្នាំក្រោយមកថា ៖ « បើកុំតែក្ដីស្រឡាញ់របស់គាត់បង្ខំឲ្យ [ គាត់ ] និយាយថា ទេ នោះគាត់នឹងមានមូលហេតុប្រសើរជាង -- គាត់បានធ្វើដំណើរយ៉ាងឆ្ងាយមកពីប្រទេសស្កុតឡង់ ហើយបានឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើនដើម្បីដំណឹងល្អ ហើយគាត់ពុំមានបំណងចង់បាត់បង់កូនគាត់ណាម្នាក់ ដែលគាត់បានទទួលមកជាយូរហើយនោះទេ » ។2 គ្រួសារអ្នកមាននោះ បានប្រើការប្រកែកគ្រប់យ៉ាង ហើយ អ៊ីស្សាប៊ែល ផ្ទាល់បានយំ ហើយបានសុំឲ្យម្ដាយអនុញ្ញាតឲ្យនាងទៅ ប៉ុន្តែ អាហ្គនីស នៅតែមុតមាំ ។ អ្នកអាចនឹកទៅមើលថា អ៊ីស្សាប៊ែល អាយុ 16 ឆ្នាំ មានអារម្មណ៍យ៉ាងណា ពេលជីវិតរបស់គាត់ត្រូវខ្ទេចខ្ទាំនោះ ។
អ៊ីស្សាប៊ែល ហូហ្គែន ជាយាយទូតរបស់ខ្ញុំ ហើយខ្ញុំមានអំណរគុណបំផុតចំពោះទីបន្ទាល់ និងការផ្លាស់ប្រែចិត្តជឿគាត់ ដែលបានឆេះសន្ធោរសន្ធៅនៅក្នុងដួងចិត្តម្ដាយគាត់ ដែលពុំអនុញ្ញាតឲ្យគាត់ដូរសមាជិកភាពកូនស្រីរបស់គាត់នៅក្នុងសាសនាចក្រដើម្បីការសន្យាខាងលោកិយនោះ ។ សព្វថ្ងៃនេះ កូនចៅរបស់គាត់រាប់រយនាក់ ដែលបានរីករាយនឹងពរជ័យនៃសមាជិកភាពក្នុងសាសនាចក្រ គឺទទួលប្រយោជន៍មកពីឬសជំនឿដ៏មាំ និងការផ្លាស់ប្រែចិត្តជឿពិតចំពោះដំណឹងល្អរបស់ អាហ្គនីស ។
មិត្តវ័យក្មេង យើងរស់នៅក្នុងគ្រាគ្រោះថ្នាក់ ហើយការសម្រេចនានាដែលយើងត្រូវមានប្រចាំថ្ងៃ ឬរាល់ម៉ោង មានលទ្ធផលអស់កល្បជានិច្ច ។ ការសម្រេចចិត្តដែលអ្នកធ្វើក្នុងជីវិតប្រចាំថ្ងៃ នឹងកំណត់នូវអ្វីដែលនឹងកើតឡើងដល់អ្នកពេលក្រោយ ។ បើអ្នកពុំទាន់មានទីបន្ទាល់ និងការផ្លាស់ប្រែចិត្តជឿចាក់ឬសរឹងមាំថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជានគរនៃព្រះនៅលើផែនដីទេ ឥឡូវនេះ គឺជាពេលត្រូវធ្វើវាដើម្បីទទួលបាននូវការផ្លាស់ប្រែចិត្តជឿនោះ ។ ការពន្យាពេលនៃការប្រឹងប្រែងទទួលបានការផ្លាស់ប្រែចិត្តជឿដូចនោះ អាចនឹងមានគ្រោះថ្នាក់ដល់ព្រលឹងរបស់អ្នក ។
ការផ្លាស់ប្រែចិត្តជឿពិត គឺមានន័យច្រើនជាងការមានចំណេះដឹងពីគោលការណ៍ដំណឹងល្អ ហើយមានន័យច្រើនជាងការគ្រាន់តែមានទីបន្ទាល់អំពីគោលការណ៍ទាំងនោះ ។ វាអាចធ្វើទៅបានដើម្បីមានទីបន្ទាល់អំពីដំណឹងល្អ ដោយពុំរស់នៅតាមវានោះ ។ ការផ្លាស់ប្រែចិត្តជឿពិត គឺមានន័យថា យើងកំពុងធ្វើសកម្មភាពទៅលើអ្វីដែលយើងជឿ ហើយអនុញ្ញាតឲ្យវាបង្កើត « ការផ្លាស់ប្ដូរដ៏ធំមួយក្នុងខ្លួនយើង ឬក្នុងចិត្តយើង » ។3 នៅក្នុងកូនសៀវភៅ ពិតចំពោះសេចក្ដីជំនឿ យើងរៀនថា « ការផ្លាស់ប្រែចិត្តជឿ គឺជាដំណើរការមួយ ពុំមែនជាព្រឹត្តការណ៍មួយនោះទេ ។ អ្នកបានផ្លាស់ប្រែចិត្តជឿ ជាលទ្ធផលមួយនៃ … ការខិតខំដើម្បីធ្វើតាមព្រះអង្គសង្គ្រោះដោយសុចរិត » ។4 វាត្រូវការពេលវេលា ការខិតខំ និងធ្វើការ ។ ជីដូនទួតរបស់ខ្ញុំ មានការផ្លាស់ប្រែចិត្តជឿរឹងមាំថា ដំណឹងល្អ គឺសំខាន់សម្រាប់កូនៗរបស់គាត់ ជាងអ្វីៗទាំងអស់ ដែលពិភពលោក បានផ្ដល់ឲ្យតាមរបៀបជាទ្រព្យសម្បត្តិ និងភាពសុខស្រួល ដោយសារគាត់បានពលិកម្ម ស៊ូទ្រាំ និងបានរស់នៅតាមដំណឹងល្អ ។ ការផ្លាស់ប្រែចិត្តជឿគាត់ កើតមកតាមការរស់នៅតាមគោលការណ៍នៃដំណឹងល្អ និងការលះបង់ដើម្បីគោលការណ៍នោះ ។
យើងត្រូវឆ្លងកាត់ដំណើរការដូចគ្នានេះ បើយើងចង់ទទួលបាននូវការតាំងចិត្តប្រភេទដូចគ្នានោះ ។ ព្រះអង្គសង្គ្រោះបានបង្រៀនថា « បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្ដីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ » ។5 ពេលខ្លះយើងព្យាយាមធ្វើវាបញ្ច្រាសវិញ ។ ជាឧទាហរណ៍ យើងអាចនឹងទទួលយករបៀបនេះ ៖ ខ្ញុំនឹងសប្បាយដើម្បីរស់នៅតាមច្បាប់ដង្វាយមួយភាគក្នុងដប់ ប៉ុន្តែដំបូងខ្ញុំចាំបាច់ត្រូវដឹងថាវាពិតសិន ។ យើងប្រហែលជានឹងអធិស្ឋានដើម្បីទទួលបានទីបន្ទាល់មួយអំពីច្បាប់ដង្វាយមួយភាគក្នុងដប់ ហើយសង្ឃឹមថា ព្រះអម្ចាស់នឹងប្រទានពរយើងឲ្យមានទីបន្ទាល់នោះ មុនពេលយើងបានសរសេរនៅលើក្រដាសដង្វាយ ។ វាពុំកើតឡើងតាមវិធីនោះទេ ។ ព្រះអម្ចាស់រំពឹងឲ្យយើងអនុវត្តសេចក្ដីជំនឿ ។ យើងត្រូវថ្វាយដង្វាយមួយភាគដប់ពេញលេញ និងដោយស្មោះឲ្យខ្ជាប់ខ្ជួន ដើម្បីទទួលបានទីបន្ទាល់ដង្វាយមួយភាគក្នុងដប់ ។ គំរូដូចគ្នានេះ អនុវត្តគ្រប់គោលការណ៍នៃដំណឹងល្អ មិនថាជាច្បាប់ព្រហ្មចារីភាព គោលការណ៍នៃភាពរមទម្យ ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ឬច្បាប់តមអាហារនោះទេ ។
ខ្ញុំចង់ចែកគំរូមួយអំពី របៀបដែលការរស់នៅតាមគោលការណ៍ជួយយើងឲ្យបានផ្លាស់ប្រែចិត្តជឿចំពោះគោលការណ៍នោះ ។ ខ្ញុំជាយុវនារីម្នាក់ក្នុងទសវត្សទី 60 និងជាយុវនារី អិល.ឌី.អេស តែម្នាក់គត់ក្នុងសាលាខ្ញុំ ។ វាជាដំណាក់កាលនៃការបដិវត្តមួយ ដែលបានចង្អុលពីលក្ខណៈការបដិសេធសីលធម៌ខាងទំនៀមទំលាប់ ប្រើគ្រឿងញៀន និង « ធ្វើអ្វីៗ » តាមចិត្ត ។ មិត្តខ្ញុំជាច្រើន ជាមនុស្សល្អ ប៉ុន្តែងាយនឹងជាប់ក្នុងការរំភើបនៃរឿងសីលធម៌ថ្មីនេះណាស់ ដែលជាក់ស្ដែង វាគឺជារឿងអសីលធម៌ពីជំនាន់ដើម ។ ឪពុកម្ដាយ និងគ្រូឯព្រះវិហាររបស់ខ្ញុំ បានស្ងើចសរសើរចំពោះខ្ញុំអំពីគុណតម្លៃដែលខ្ញុំគោរពដល់រូបកាយខ្ញុំ ហើយរក្សាគំនិតជ្រះស្អាត ហើយលើសពីនោះ ខ្ញុំរៀនទុកចិត្តទៅលើបទបញ្ញត្តិរបស់ព្រះអម្ចាស់ ។ ខ្ញុំបានសម្រេចចិត្តចៀសពីស្ថានភាពដែលខ្ញុំដឹងថា នឹងមានគ្រឿងស្រវឹង ហើយនៅឆ្ងាយពីថ្នាំជក់ និងគ្រឿងញៀន ។ ជាញឹកញាប់ វាមានន័យថា ខ្ញុំពុំចូលរួមក្នុងការជប់លៀងនោះ ហើយខ្ញុំកម្រទៅដើរលេងជាគូរណាស់ ។ ការប្រើគ្រឿងញៀន បានក្លាយជារឿងធម្មតាក្នុងចំណោមមនុស្សវ័យក្មេង ហើយគ្រោះថ្នាក់ពុំបានឃើញច្បាស់ដូចនៅសព្វថ្ងៃនេះទេ ។ ក្រោយមកមិត្តខ្ញុំជាច្រើន បានរងទុក្ខនឹងការបំផ្លាញជាអចិន្ត្រៃយមកពីគ្រឿងញៀន ឬជាប់អន្ទាក់ក្នុងការញៀនធ្ងន់ធ្ងរ ។ ខ្ញុំអរគុណដែលទទួលការបង្រៀនឲ្យរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃក្នុងផ្ទះខ្ញុំ ហើយខ្ញុំទទួលទីបន្ទាល់រឹងមាំអំពីគោលការណ៍នៃដំណឹងល្អនេះ នៅពេលខ្ញុំអនុវត្តសេចក្ដីជំនឿ ហើយរស់នៅតាមវា ។ អារម្មណ៍ល្អដែលកើតមានពីការរស់នៅតាមគោលការណ៍ដំណឹងល្អពិត គឺជាវិញ្ញាណនៃព្រះវិញ្ញាណបរិសុទ្ធ ដែលបញ្ជាក់ថា គោលការណ៍ពិត ។ នោះជាពេលដែលការផ្លាស់ប្រែចិត្តជឿពិត បានចាប់ផ្ដើម ។
ព្យាការី មរ៉ូណៃ ក្នុងគម្ពីរមរមន បង្រៀនថា « ខ្ញុំចង់បង្ហាញដល់មនុស្សលោកថា សេចក្ដីជំនឿ គឺជាអ្វីដែលសង្ឃឹមចង់បាន ហើយមើលមិនឃើញ ហេតុដូច្នោះហើយចូរកុំជំទាស់ឡើង ដោយព្រោះអ្នករាល់គ្នាមើលមិនឃើញ ត្បិតអ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នកសិន » ។6 នៅក្នុងពិភពលោកយើង ជាកន្លែងដែលរំពឹងចង់បានឲ្យពេញចិត្តភ្លាមៗ នោះជាញឹកញាប់ យើងមានកំហុសនៃការរំពឹងចង់បានរង្វាន់ដោយមិនធ្វើការអ្វីសោះនោះ ។ ខ្ញុំជឿថា មរ៉ូណៃកំពុងប្រាប់យើងថា យើងត្រូវធ្វើការងារមុន ហើយអនុវត្តសេចក្ដីជំនឿដោយការរស់នៅតាមដំណឹងល្អមុន ហើយនោះយើងនឹងទទួលសាក្សីថា វាគឺជាការពិត ។ ការផ្លាស់ប្រែចិត្តជឿពិត កើតមាននៅពេលអ្នកបន្ដធ្វើសកម្មភាពលើគោលលទ្ធិនានា ដែលអ្នកដឹងថាពិត ហើយរក្សាបទបញ្ញត្តិនោះពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ ។
នេះគឺជាពេលដ៏រុងរឿង ដើម្បីធ្វើជាយុវវ័យក្នុងសាសនាចក្រ ។ អ្នកជាអ្នកចូលរួមដំបូងគេក្នុងកម្មវិធីសិក្សារបស់យុវវ័យ ចូរមកតាមខ្ញុំ ដែលជាគោលបំណងចម្បងមួយនៃការផ្លាស់ប្រែចិត្តជឿពិតរបស់អ្នកទៅដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ វាត្រូវបានចាំយ៉ាងល្អថា មិនថាឪពុកម្ដាយ ឬអ្នកដឹកនាំរបស់អ្នកបានបំផុសគំនិតខ្លាំងប៉ុណ្ណាទេ « អ្នកមានការទទួលខុសត្រូវចម្បងបំផុត [ នេះ ] ចំពោះការផ្លាស់ប្រែចិត្តជឿផ្ទាល់ខ្លួនអ្នក ។ គ្មាននរណាអាចផ្លាស់ប្រែចិត្តជឿសម្រាប់អ្នកបានទេ ហើយគ្មាននរណាម្នាក់អាចបង្ខំអ្នកឲ្យផ្លាស់ប្រែចិត្តជឿបានដែរ » ។7 ការផ្លាស់ប្រែចិត្តជឿ កើតមានពេលយើងឧស្សាហ៍ក្នុងការអធិស្ឋានរបស់យើង សិក្សាព្រះគម្ពីររបស់យើង ចូលរួមក្នុងព្រះវិហារ ហើយមានភាពសក្ដិសមចូលរួមក្នុងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។ ការផ្លាស់ប្រែចិត្តជឿ កើតមានពេលយើងរស់នៅបរិសុទ្ធ និងប្រកបដោយគុណធម៌ និងរីករាយនឹងភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ។ ការផ្លាស់ប្រែចិត្តជឿ កើតមានពេលយើងយល់ពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ទទួលស្គាល់ទ្រង់ជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះយើង ហើយអនុញ្ញាតឲ្យដង្វាយធួន មានឥទ្ធិពលលើជីវិតយើង ។
ការផ្លាស់ប្រែចិត្តជឿផ្ទាល់ខ្លួនអ្នក នឹងជួយអ្នក នៅពេលអ្នកត្រៀមខ្លួនធ្វើសេចក្ដីសញ្ញា ក្នុងព្រះវិហារបរិសុទ្ធ បម្រើបេសកកម្ម និងស្ថាបនាគ្រួសារផ្ទាល់ខ្លួនអ្នកនាពេលអនាគត ។ នៅពេលអ្នកបានផ្លាស់ប្រែចិត្តជឿ អ្នកនឹងមានបំណងប្រាថ្នាចង់ចែកជាមួយអ្នកដទៃនូវអ្វីដែលអ្នកបានរៀន ហើយទំនុកចិត្ត និងសមត្ថភាពរបស់អ្នក ដើម្បីថ្លែងទីបន្ទាល់ដល់អ្នកដទៃដោយការជឿស៊ប់ និងដោយអំណាច នឹងកើនឡើង ។ បំណងប្រាថ្នាចង់ចែកដំណឹងល្អជាមួយអ្នកដទៃនេះ និងទំនុកចិត្តក្នុងការថ្លែងទីបន្ទាល់ដោយមោះមុត គឺជាលទ្ធផលនៃការផ្លាស់ប្រែចិត្តជឿពិតពីធម្មជាតិ ។ ព្រះសង្គ្រោះបានបង្រៀនពេត្រុសថា « កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចម្រើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង » ។8
តើនៅចាំអំពីយ៉ូស្វេ ជាព្យាការី-អ្នកចម្បាំងទេ ? គាត់មិនត្រឹមតែផ្លាស់ប្រែចិត្តជឿខ្លួនគាត់នោះទេ ប៉ុន្តែគាត់បានធ្វើការដោយមិនចេះនឿយហត់ដល់ចុងបញ្ចប់នៃជីវិតគាត់ ដើម្បីនាំកូនចៅនៃអ៊ីស្រាអែលទៅកាន់ព្រះ ។ យើងអាននៅក្នុងគម្ពីរសញ្ញាថ្មីថា ៖ « ឯសាសន៍អ៊ីស្រាអែល គេបានគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា គ្រប់មួយជីវិតរបស់យ៉ូស្វេ » ។9 មនុស្សដែលមានពិសោធន៍ផ្លាស់ប្រែចិត្តជឿពិត ខិតទៅរកអំណាចនៃដង្វាយធួន ហើយទទួលសេចក្ដីសង្គ្រោះសម្រាប់ព្រលឹងគេ រួចហើយប្រើឥទ្ធិពលដ៏មានអំណាចទៅលើអ្នកទាំងឡាយដែលស្គាល់គេ ។
ការរស់នៅតាមដំណឹងល្អ ហើយឈរនៅកន្លែងបរិសុទ្ធ គឺពុំមែនជារឿងងាយស្រួល ឬសុខស្រួលជានិច្ចទេ ប៉ុន្តែខ្ញុំធ្វើទីបន្ទាល់ថា វាមានតម្លៃណាស់ ! ព្រះអម្ចាស់ទូន្មាន អិមម៉ា ស៊្មីធ ថា « អ្នកត្រូវទុកចោលរបស់ទាំងឡាយនៃពិភពលោកនេះ ហើយចូរស្វែងរករបស់ទាំងឡាយណាដែលគ្រាន់បើជាងនេះវិញ » ។10 ខ្ញុំគិតថា យើងពុំអាចចាប់ផ្ដើមនឹកគិតថា តើ « របស់ទាំងឡាយដែលគ្រាន់បើជាង » នោះវាសំខាន់ប៉ុណ្ណានោះទេ !
ខ្ញុំថ្លែងទីបន្ទាល់ថា យើងមានព្រះវរបិតាសួគ៌ជាទីស្រឡាញ់ ដែលមានបំណងអស្ចារ្យបំផុត គឺដើម្បីជួយ និងប្រទានពរដល់ការខិតខំរបស់យើង ដើម្បីរស់នៅតាមដំណឹងល្អ ហើយផ្លាស់ប្រែចិត្តជឿ ។ ទ្រង់បានថ្លែងយ៉ាងច្បាស់ថា គោលបំណង និងកិច្ចការចម្បងរបស់ទ្រង់គឺ « ជីវិតអមតភាព និងជីវិតអស់កល្បជានិច្ច » របស់យើង » ។11 ទ្រង់ប្រាថ្នាចង់នាំយើងទៅកាន់ដំណាក់ក្នុងវត្តមានទ្រង់ ។ ខ្ញុំថ្លែងទីបន្ទាល់ថា នៅពេលយើងធ្វើសកម្មភាពទៅលើគោលលទ្ធិ នៃដំណឹងល្អ ហើយអនុវត្តវាជារៀងរាល់ថ្ងៃ នោះយើងនឹងផ្លាស់ប្រែចិត្តជឿ ហើយនឹងក្លាយទៅជាមធ្យោបាយនៃការសម្រេចនូវសេចក្ដីល្អជាច្រើន ក្នុងគ្រួសារយើង និងក្នុងលោកិយ ។ សូមឲ្យពរជ័យមានដល់យើងនៅក្នុងកិច្ចខិតខំប្រចាំថ្ងៃរបស់យើង ដើម្បីឈោងចាប់យកគោលដៅនោះ គឺជាការអធិស្ឋានខ្ញុំក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។