ឆ្នាំ ២០១០-២០១៩
ចូរ​អ្នក​ផ្លាស់​ប្រែ​ចិត្ត​ជឿ
តុលា 2013


11:33

ចូរអ្នក​ផ្លាស់​ប្រែ​ចិត្ត​ជឿ

ការ​ផ្លាស់​ប្រែចិត្ត​ជឿ​ពិត កើត​មាន នៅ​ពេល​អ្នក​បន្ដ​ធ្វើ​សកម្មភាព​លើ​គោលលទ្ធិ​នានា​ ដែល​អ្នក​ដឹង​ថា​ពិត ហើយ​រក្សា​បទបញ្ញត្តិ នោះ​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ ពី​មួយខែ​ទៅ​មួយខែ ។ 

បងប្អូន​ប្រុស​ស្រី នេះ​ជា​បទពិសោធន៍​ដ៏​រាបទាប​មួយ ដើម្បី​ឈរ​លើ​វេទិកា​នេះ ជា​កន្លែង​ដែល​វិរៈបុរស​ជា​ច្រើន​ក្នុង​ជីវិត​របស់​ខ្ញុំ​បាន​ឈរ​នៅ​ទីនេះ ។ ខ្ញុំ​ចង់​ចែក​ជាមួយ​អ្នក​នូវ​អារម្មណ៍​ខ្លះៗ​ក្នុង​ចិត្ត ហើយ​ផ្ដោត​ជាពិសេស​ទៅ​លើ​យុវវ័យ ។

វិរៈបុរស​អស្ចារ្យ​ម្នាក់ពី​គម្ពីរ​សញ្ញា​ចាស់ គឺ​ព្យាការី​អ្នក​ចម្បាំង យ៉ូស្វេ ។ គាត់​បាន​ធ្វើ​ការ​អញ្ជើញ​នេះ ដល់​កូនចៅ​អ៊ីស្រាអែល​ ដែល​គាត់​បាន​ដឹកនាំ​ថា ៖ « ចូរ​រើស​យក​ព្រះ​ណា​ដែល​អ្នក​ចង់​គោរព​ប្រតិបត្តិ​តាម​នៅ​ថ្ងៃ​នេះ​ចុះ  … តែ​ឯខ្ញុំនឹង​ពួកគ្រួ​ខ្ញុំ យើង​ទាំងអស់​គ្នា​នឹង​គោរព​ប្រតិបត្តិ​ដល់​ព្រះយេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ » ។1 ការ​ប្រកាស​របស់​យ៉ូស្វេ បង្ហាញ​ពី​ការ​ផ្លាស់​ចិត្ត​ជឿ​ពិត​ចំពោះ​ដំណឹងល្អ ។ ចំពោះ​យ៉ូស្វេ និង​យើង​ទាំងអស់​គ្នា ការ​ផ្លាស់​ប្រែ​ចិត្ត​ជឿ​ចំពោះ​គោលការណ៍​ដំណឹងល្អ កើត​មាន​តាមរយៈ​ការ​រស់​នៅ​ដោយ​សុចរិត​តាម​គោលការណ៍​នៃ​ដំណឹងល្អ ហើយ​ស្មោះ​ត្រង់​ចំពោះ​សេចក្ដី​សញ្ញា​យើង​ជាមួយ​ព្រះ​អម្ចាស់ ។

ខ្ញុំ​ចង់​ចែកចាយ​រឿង​ផ្លាស់​ប្រែ​ចិត្ត​ជឿ​មួយ ពី​ប្រវត្តិ​គ្រួសារ​ខ្ញុំ អំពី​វិរៈ​បុរស​មួយ​ទៀត​របស់​ខ្ញុំ ។ ឈ្មោះ​គាត់​គឺ អាហ្គនីស គាត់ និង​ស្វាមី បាន​ចូល​ក្នុង​សាសនាចក្រ​នៅ​ប្រទេស ស្កុតឡង់ ក្នុង​ឆ្នាំ 1861 ។ ដោយ​រងទុក្ខ​នឹង​ការ​បៀត​បៀន​ដ៏​ខ្លាំង​ក្នុង​ទឹក​ដី​កំណើត នោះ​ពួកគាត់​បាន​ចូល​មក​ប្រទេស​អាមេរិក​ជាមួយ​នឹង​កូនៗ ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក អាហ្គនីស បាន​ក្លាយ​ជា​ស្ត្រី​មេម៉ាយ ដែល​មាន​កូន​ប្រាំ​បី​នាក់​ត្រូវ​ផ្គត់ផ្គង់ និង​ធ្វើ​ការ​យ៉ាង​ខ្លាំង​ដើម្បី​ផ្ដល់​អាហារ និង​សំលៀក​បំពាក់​ដល់​ពួកគេ ។ សំណាង​ល្អ​កូនស្រី​អាយុ 12 ឆ្នាំ​គាត់ ឈ្មោះ អ៊ីស្សាប៊ែល រក​បាន​ការងារ​ជា​អ្នក​បម្រើ​ដល់​គ្រួសារ​អ្នក​មាន​មួយ ពុំ​មែន​ជា អិល.ឌី.អេស ទេ ។

អ៊ីស្សាប៊ែល បាន​រស់​នៅ​ក្នុង​ផ្ទះ​ធំ​នោះ ហើយ​ជួយ​មើល​ថែ​កូន​តូចៗ​គ្រួសារ​នោះ ។ ជា​ការ​ដោះ​ដូរ​នឹង​ការ​បម្រើ​នោះ នាង​ទទួល​កម្រៃ​តិចតួច​រាល់​សប្ដាហ៍ ឲ្យ​ទៅ​ម្ដាយ​នាង ។ មិន​យូរ​ប៉ុន្មាន អ៊ីស្សាប៊ែល ត្រូវ​បាន​ទទួល​ជា​សមាជិក​ក្នុង​គ្រួសារ​នោះ ហើយ​ចាប់​ផ្ដើម​រីករាយ​នឹង​ឯកសិទ្ធិ​ជា​ច្រើន​ដូច​គ្នា​នឹង​គ្រួសារ​នោះ ដូចជា ចូល​រៀន​រាំ ស្លៀក​សំលៀកបំពាក់​ល្អៗ និង​ទៅ​មើល​កុន​ជា​ដើម ។ ការ​រៀបចំ​នេះ​បាន​បន្ដ​អស់​ពេល​បួន​ឆ្នាំ រហូត​ដល់​គ្រួសារ​ដែល​ អ៊ីស្សាប៊ែល បាន​ធ្វើ​ការ​ជាមួយ​នោះ បាន​ផ្លាស់​ទៅ​រដ្ឋ​ផ្សេង ។ ពួកគេ​បាន​ស្រឡាញ់ អ៊ីស្សាប៊ែល យ៉ាង​ខ្លាំង រហូត​ដល់​ធ្វើ​ឲ្យ​គេ​ទៅ​ជួប​ម្ដាយ​នាង​គឺ អាហ្គនីស អនុញ្ញាត​សុំ​នាង​ទៅ​ចិញ្ចឹម​ស្រប​ច្បាប់ ។ ពួកគេ​សន្យា​ថា ពួកគេ​នឹង​ផ្ដល់​ការ​អប់រំ​ល្អ​ដល់​នាង មើល​ថែ​ថា​នាង​នឹង​បាន​រៀប​ការ​យ៉ាង​ល្អ ហើយ​ឲ្យ​នាង​ទទួល​គ្រង​ទ្រព្យ​របស់​ពួកគេ​ជាមួយ​នឹង​កូន​បង្កើត​របស់​ពួកគេ​ដែរ ។ ពួកគេ​ក៏​នឹង​បន្ដ​បង់​កម្រៃ​ដល់ អាហ្គនីស ផងដែរ ។

ក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ​តស៊ូ និង​ជា​ម្ដាយ​ គាត់​ពិបាក​ធ្វើ​ការ​សម្រេច​ចិត្ត​ណាស់ ប៉ុន្តែ​គាត់​ពុំ​ស្ទាក់​ស្ទើរ​នោះ​ទេ ។ ចូរ​ស្ដាប់​ពាក្យ​ចៅ​ស្រី​គាត់​ ដែល​បាន​សរសេរ​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក​ថា ៖ « បើ​កុំ​តែ​ក្ដី​ស្រឡាញ់​របស់​គាត់​បង្ខំ​ឲ្យ [ គាត់ ] និយាយ​ថា ទេ នោះ​គាត់​នឹង​មាន​មូលហេតុ​ប្រសើរ​ជាង -- គាត់​បាន​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​មក​ពី​ប្រទេស​ស្កុត​ឡង់ ហើយ​បាន​ឆ្លងកាត់​ការ​លំបាក និង​ឧបសគ្គ​ជាច្រើន​ដើម្បី​ដំណឹងល្អ ហើយ​គាត់​ពុំ​មាន​បំណង​ចង់​បាត់​បង់​កូន​គាត់​ណា​ម្នាក់ ដែល​គាត់​បាន​ទទួល​មក​ជា​យូរ​ហើយ​នោះ​ទេ » ។2 គ្រួសារ​អ្នក​មាន​នោះ បាន​ប្រើ​ការ​ប្រកែក​គ្រប់​យ៉ាង ហើយ អ៊ីស្សាប៊ែល ផ្ទាល់​បាន​យំ ហើយ​បាន​សុំ​ឲ្យ​ម្ដាយ​អនុញ្ញាត​ឲ្យ​នាង​ទៅ ប៉ុន្តែ អាហ្គនីស នៅ​តែ​មុតមាំ ។ អ្នក​អាច​នឹក​ទៅ​មើល​ថា អ៊ីស្សាប៊ែល អាយុ 16 ឆ្នាំ មាន​អារម្មណ៍​យ៉ាង​ណា ពេល​ជីវិត​របស់​គាត់​ត្រូវ​ខ្ទេចខ្ទាំ​នោះ ។

អ៊ីស្សាប៊ែល ហូហ្គែន ជា​យាយ​ទូត​របស់​ខ្ញុំ ហើយ​ខ្ញុំ​មាន​អំណរ​គុណ​បំផុត​ចំពោះ​ទីបន្ទាល់ និង​ការ​ផ្លាស់​ប្រែ​ចិត្ត​ជឿ​គាត់ ដែល​បាន​ឆេះ​សន្ធោរសន្ធៅ​នៅ​ក្នុង​ដួងចិត្ត​ម្ដាយ​គាត់ ដែល​ពុំ​អនុញ្ញាត​ឲ្យ​គាត់​ដូរ​សមាជិក​ភាព​កូន​ស្រី​របស់​គាត់​នៅ​ក្នុង​សាសនាចក្រ​ដើម្បី​ការ​សន្យា​ខាង​លោកិយ​នោះ ។ សព្វ​ថ្ងៃ​នេះ កូនចៅ​របស់​គាត់​រាប់​រយ​នាក់ ដែល​បាន​រីករាយ​នឹង​ពរជ័យ​នៃ​សមាជិក​ភាព​ក្នុង​សាសនាចក្រ គឺ​ទទួល​ប្រយោជន៍​មកពី​ឬស​ជំនឿ​ដ៏​មាំ និង​ការ​ផ្លាស់​ប្រែ​ចិត្ត​ជឿ​ពិត​ចំពោះ​ដំណឹងល្អ​របស់ អាហ្គនីស ។

មិត្ត​វ័យ​ក្មេង យើង​រស់នៅ​ក្នុង​គ្រា​គ្រោះ​ថ្នាក់ ហើយ​ការ​សម្រេច​នានា​ដែល​យើង​ត្រូវ​មាន​ប្រចាំ​ថ្ងៃ ឬ​រាល់​ម៉ោង មាន​លទ្ធផល​អស់កល្ប​ជានិច្ច ។ ការ​សម្រេចចិត្ត​ដែល​អ្នក​ធ្វើ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ នឹង​កំណត់​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​ដល់​អ្នក​ពេល​ក្រោយ ។ បើ​អ្នក​ពុំ​ទាន់​មាន​ទីបន្ទាល់​ និង​ការ​ផ្លាស់​ប្រែចិត្ត​ជឿ​ចាក់​ឬស​រឹងមាំ​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ជា​នគរ​នៃ​ព្រះ​នៅ​លើ​ផែនដី​ទេ ឥឡូវ​នេះ គឺ​ជា​ពេល​ត្រូវ​ធ្វើ​វា​ដើម្បី​ទទួល​បាន​នូវ​ការ​ផ្លាស់​ប្រែចិត្ត​ជឿ​នោះ ។ ការ​ពន្យា​ពេល​នៃការ​ប្រឹងប្រែង​ទទួល​បាន​ការផ្លាស់​ប្រែចិត្ត​ជឿ​ដូច​នោះ អាច​នឹង​មាន​គ្រោះ​ថ្នាក់​ដល់​ព្រលឹង​របស់​អ្នក ។

ការ​ផ្លាស់ប្រែចិត្ត​ជឿ​ពិត គឺ​មានន័យ​ច្រើន​ជាង​ការ​មាន​ចំណេះ​ដឹង​ពី​គោលការណ៍​ដំណឹងល្អ ហើយ​មាន​ន័យ​ច្រើន​ជាង​ការ​គ្រាន់​តែ​មាន​ទីបន្ទាល់​អំពី​គោលការណ៍​ទាំង​នោះ ។ វា​អាច​ធ្វើ​ទៅ​បាន​ដើម្បី​មាន​ទីបន្ទាល់​អំពី​ដំណឹងល្អ ដោយ​ពុំ​រស់​នៅ​តាមវា​នោះ ។ ការ​ផ្លាស់ប្រែ​ចិត្ត​ជឿ​ពិត គឺមាន​ន័យ​ថា ​យើង​កំពុង​ធ្វើ​សកម្មភាព​ទៅ​លើ​អ្វី​ដែល​យើង​ជឿ ហើយ​អនុញ្ញាត​ឲ្យ​វា​បង្កើត « ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ​ក្នុង​ខ្លួន​យើង ឬ​ក្នុង​ចិត្ត​យើង » ។3 នៅ​ក្នុង​កូន​សៀវភៅ ពិត​ចំពោះ​សេចក្ដី​ជំនឿ យើង​រៀន​ថា « ការ​ផ្លាស់​ប្រែ​ចិត្ត​ជឿ គឺ​ជា​ដំណើរ​ការ​មួយ ពុំ​មែន​ជា​ព្រឹត្តការណ៍​មួយ​នោះ​ទេ ។ អ្នក​បាន​ផ្លាស់​ប្រែ​ចិត្ត​ជឿ ជា​លទ្ធផល​មួយ​នៃ … ការ​ខិតខំ​ដើម្បី​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​ដោយ​សុចរិត » ។4 វា​ត្រូវ​ការ​ពេល​វេលា ការ​ខិតខំ​ និង​ធ្វើ​ការ ។ ជីដូន​ទួត​របស់​ខ្ញុំ មាន​ការ​ផ្លាស់​ប្រែចិត្ត​ជឿ​រឹងមាំ​ថា ដំណឹងល្អ គឺ​សំខាន់​សម្រាប់​កូនៗ​របស់​គាត់ ជាង​អ្វីៗ​ទាំងអស់ ដែល​ពិភពលោក បាន​ផ្ដល់​ឲ្យ​តាមរបៀប​ជា​ទ្រព្យ​សម្បត្តិ និង​ភាព​សុខស្រួល ដោយ​សារ​គាត់​បាន​ពលិកម្ម ស៊ូទ្រាំ និង​បាន​រស់​នៅ​តាម​ដំណឹង​ល្អ ។ ការ​ផ្លាស់​ប្រែចិត្ត​ជឿ​គាត់ កើត​មក​តាម​ការ​រស់នៅ​តាម​គោលការណ៍​នៃ​ដំណឹង​ល្អ និង​ការ​លះបង់​ដើម្បី​គោលការណ៍​នោះ ។

យើង​ត្រូវ​ឆ្លង​កាត់​ដំណើរ​ការ​ដូចគ្នា​នេះ បើ​យើង​ចង់​ទទួល​បាន​នូវ​ការ​តាំង​ចិត្ត​ប្រភេទ​ដូច​គ្នា​នោះ ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា « បើ​អ្នក​ណា​ចង់​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​នឹង​បាន​ដឹង​ជា​សេចក្ដី​បង្រៀន​នេះ​មក​ពី​ព្រះ ឬ​ជា​ខ្ញុំ​និយាយ​ដោយ​អាង​ខ្លួន​ខ្ញុំ » ។5 ពេល​ខ្លះ​យើង​ព្យាយាម​ធ្វើ​វា​បញ្ច្រាស​វិញ ។ ជា​ឧទាហរណ៍ យើង​អាច​នឹង​ទទួល​យក​របៀប​នេះ ៖ ខ្ញុំ​នឹង​សប្បាយ​ដើម្បី​រស់​នៅ​តាម​ច្បាប់​ដង្វាយ​មួយភាគ​ក្នុង​ដប់ ប៉ុន្តែ​ដំបូង​ខ្ញុំ​ចាំបាច់​ត្រូវ​ដឹង​ថា​វា​ពិត​សិន ។ យើង​ប្រហែល​ជា​នឹង​អធិស្ឋាន​ដើម្បី​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី​ច្បាប់​ដង្វាយ​មួយភាគ​ក្នុង​ដប់ ហើយ​សង្ឃឹម​ថា ព្រះ​អម្ចាស់​នឹង​ប្រទានពរ​យើង​ឲ្យ​មាន​ទីបន្ទាល់​នោះ មុន​ពេល​យើង​បាន​សរសេរ​នៅ​លើ​ក្រដាស​ដង្វាយ ។ វា​ពុំ​កើត​ឡើង​តាម​វិធី​នោះ​ទេ ។ ព្រះអម្ចាស់​រំពឹង​ឲ្យ​យើង​អនុវត្ត​សេចក្ដី​ជំនឿ ។ យើង​ត្រូវ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ដប់​ពេញ​លេញ និង​ដោយ​ស្មោះ​ឲ្យ​ខ្ជាប់​ខ្ជួន ដើម្បី​ទទួល​បាន​ទីបន្ទាល់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ គំរូ​ដូច​គ្នា​នេះ អនុវត្ត​គ្រប់​គោលការណ៍​នៃ​ដំណឹងល្អ មិន​ថា​ជា​ច្បាប់​ព្រហ្មចារីភាព គោលការណ៍​នៃ​ភាពរមទម្យ ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ឬ​ច្បាប់​តមអាហារ​នោះ​ទេ ។

ខ្ញុំ​ចង់​ចែក​គំរូ​មួយ​អំពី របៀប​ដែល​ការ​រស់នៅ​តាម​គោលការណ៍​ជួយ​យើង​ឲ្យ​បាន​ផ្លាស់​ប្រែចិត្ត​ជឿ​ចំពោះ​គោលការណ៍​នោះ ។ ខ្ញុំ​ជា​យុវនារី​ម្នាក់​ក្នុង​ទសវត្ស​ទី 60 និង​ជា​យុវនារី អិល.ឌី.អេស តែ​ម្នាក់​គត់​ក្នុង​សាលា​ខ្ញុំ ។ វា​ជា​ដំណាក់​កាល​នៃ​ការ​បដិវត្ត​មួយ ដែល​បាន​ចង្អុល​ពី​លក្ខណៈ​ការ​បដិសេធ​សីលធម៌​ខាង​ទំនៀមទំលាប់ ប្រើ​គ្រឿង​ញៀន និង « ធ្វើ​អ្វីៗ » តាមចិត្ត ។ មិត្ត​ខ្ញុំ​ជាច្រើន ជា​មនុស្ស​ល្អ ប៉ុន្តែ​ងាយ​នឹង​ជាប់​ក្នុង​ការរំភើប​នៃ​រឿង​សីលធម៌​ថ្មី​នេះ​ណាស់ ដែល​ជាក់​ស្ដែង វា​គឺ​ជា​រឿង​អសីលធម៌​ពី​ជំនាន់​ដើម ។ ឪពុក​ម្ដាយ និង​គ្រូ​ឯ​ព្រះវិហារ​របស់​ខ្ញុំ បាន​ស្ងើច​សរសើរ​ចំពោះ​ខ្ញុំ​អំពី​គុណ​តម្លៃ​ដែល​ខ្ញុំ​គោរព​ដល់​រូបកាយ​ខ្ញុំ ហើយ​រក្សា​គំនិត​ជ្រះស្អាត ហើយ​លើស​ពី​នោះ ខ្ញុំ​រៀន​ទុកចិត្ត​ទៅ​លើ​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ចៀស​ពី​ស្ថានភាព​ដែល​ខ្ញុំ​ដឹង​ថា នឹង​មាន​គ្រឿង​ស្រវឹង ហើយ​នៅ​ឆ្ងាយ​ពី​ថ្នាំ​ជក់ និង​គ្រឿង​ញៀន ។ ជា​ញឹកញាប់ វា​មានន័យ​ថា ខ្ញុំ​ពុំ​ចូលរួម​ក្នុង​ការជប់​លៀង​នោះ ហើយ​ខ្ញុំ​កម្រ​ទៅ​ដើរ​លេង​ជាគូរ​ណាស់ ។ ការ​ប្រើ​គ្រឿង​ញៀន បាន​ក្លាយ​ជា​រឿង​ធម្មតា​ក្នុង​ចំណោម​មនុស្ស​វ័យ​ក្មេង ហើយ​គ្រោះ​ថ្នាក់​ពុំ​បាន​ឃើញ​ច្បាស់​ដូច​នៅ​សព្វ​ថ្ងៃ​នេះ​ទេ ។ ក្រោយមក​មិត្ត​ខ្ញុំ​ជាច្រើន បាន​រងទុក្ខ​នឹង​ការ​បំផ្លាញ​ជា​អចិន្ត្រៃយ​មក​ពី​គ្រឿង​ញៀន ឬ​ជាប់​អន្ទាក់​ក្នុងការ​ញៀន​ធ្ងន់ធ្ងរ ។ ខ្ញុំ​អរគុណ​ដែល​ទទួល​ការ​បង្រៀន​ឲ្យ​រស់នៅ​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ​ក្នុង​ផ្ទះ​ខ្ញុំ ហើយ​ខ្ញុំ​ទទួល​ទីបន្ទាល់​រឹងមាំ​អំពី​គោលការណ៍​នៃ​ដំណឹងល្អ​នេះ នៅ​ពេល​ខ្ញុំ​អនុវត្ត​សេចក្ដី​ជំនឿ ហើយ​រស់នៅ​តាម​វា ។ អារម្មណ៍​ល្អ​ដែល​កើត​មាន​ពី​ការ​រស់នៅ​តាម​គោលការណ៍​ដំណឹងល្អ​ពិត គឺ​ជា​វិញ្ញាណ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បញ្ជាក់​ថា គោលការណ៍​ពិត ។ នោះ​ជា​ពេល​ដែល​ការ​ផ្លាស់​ប្រែ​ចិត្ត​ជឿ​ពិត បាន​ចាប់​ផ្ដើម ។

ព្យាការី មរ៉ូណៃ ក្នុង​គម្ពីរ​មរមន បង្រៀន​ថា « ខ្ញុំ​ចង់​បង្ហាញ​ដល់​មនុស្ស​លោក​ថា សេចក្ដី​ជំនឿ គឺ​ជា​អ្វី​ដែល​សង្ឃឹម​ចង់​បាន ហើយ​មើល​មិន​ឃើញ ហេតុដូច្នោះ​ហើយ​ចូរ​កុំ​ជំទាស់​ឡើង ដោយ​ព្រោះ​អ្នករាល់​គ្នា​មើល​មិន​ឃើញ ត្បិត​អ្នករាល់​គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះដល់​ពេល​ក្រោយ​ពី​ការ​សាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​សិន » ។6 នៅ​ក្នុង​ពិភពលោក​យើង ជា​កន្លែង​ដែល​រំពឹង​ចង់​បាន​ឲ្យ​ពេញ​ចិត្ត​ភ្លាមៗ នោះ​ជា​ញឹកញាប់ យើង​មាន​កំហុស​នៃ​ការ​រំពឹង​ចង់​បាន​រង្វាន់​ដោយ​មិន​ធ្វើ​ការ​អ្វី​សោះ​នោះ ។ ខ្ញុំ​ជឿ​ថា មរ៉ូណៃ​កំពុង​ប្រាប់​យើង​ថា យើង​ត្រូវ​ធ្វើ​ការងារ​មុន ហើយ​អនុវត្ត​សេចក្ដី​ជំនឿ​ដោយ​ការ​រស់នៅ​តាម​ដំណឹងល្អ​មុន ហើយ​នោះ​យើង​នឹង​ទទួល​សាក្សី​ថា វា​គឺ​ជា​ការ​ពិត ។ ការ​ផ្លាស់​ប្រែចិត្ត​ជឿ​ពិត កើត​មាន​នៅពេល​អ្នក​បន្ដ​ធ្វើ​សកម្មភាព​លើ​គោលលទ្ធិ​នានា​ ដែល​អ្នក​ដឹង​ថា​ពិត ហើយ​រក្សា​បទបញ្ញត្តិ​នោះ​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ ពី​មួយខែ​ទៅ​មួយខែ ។

នេះ​គឺ​ជា​ពេល​ដ៏រុងរឿង​ ដើម្បី​ធ្វើជា​យុវវ័យ​ក្នុង​សាសនាចក្រ ។ អ្នក​ជា​អ្នក​ចូលរួម​ដំបូង​គេ​ក្នុង​កម្មវិធី​សិក្សា​របស់​យុវវ័យ ចូរ​មក​តាម​ខ្ញុំ ដែល​ជា​គោលបំណង​ចម្បង​មួយ​នៃ​ការ​ផ្លាស់​ប្រែចិត្ត​ជឿ​ពិត​របស់​អ្នក​ទៅ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​ត្រូវ​បាន​ចាំ​យ៉ាង​ល្អ​ថា មិន​ថា​ឪពុក​ម្ដាយ ឬ​អ្នក​ដឹកនាំ​របស់​អ្នក​បាន​បំផុស​គំនិត​ខ្លាំង​ប៉ុណ្ណា​ទេ « អ្នក​មាន​ការទទួល​ខុស​ត្រូវ​ចម្បង​បំផុត [ នេះ ] ចំពោះ​ការ​ផ្លាស់ប្រែចិត្ត​ជឿ​ផ្ទាល់​ខ្លួន​អ្នក ។ គ្មាន​នរណា​អាច​ផ្លាស់ប្រែ​ចិត្តជឿ​សម្រាប់​អ្នកបាន​ទេ ហើយ​គ្មាន​នរណា​ម្នាក់​អាច​បង្ខំ​អ្នក​ឲ្យ​ផ្លាស់ប្រែចិត្ត​ជឿបាន​ដែរ » ។7 ការ​ផ្លាស់ប្រែ​ចិត្តជឿ កើត​មាន​ពេល​យើង​ឧស្សាហ៍​ក្នុងការ​អធិស្ឋាន​របស់​យើង សិក្សា​ព្រះគម្ពីរ​របស់​យើង ចូលរួម​ក្នុង​ព្រះវិហារ ហើយ​មានភាព​សក្ដិសម​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ការ​ផ្លាស់​ប្រែ​ចិត្ត​ជឿ កើត​មាន​ពេល​យើង​រស់​នៅ​បរិសុទ្ធ និង​ប្រកប​ដោយ​គុណធម៌ និង​រីករាយ​នឹង​ភាព​ជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការ​ផ្លាស់​ប្រែចិត្ត​ជឿ កើត​មាន​ពេល​យើង​យល់​ពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ទទួល​ស្គាល់​ទ្រង់​ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោសលោះ​យើង ហើយ​អនុញ្ញាត​ឲ្យ​ដង្វាយធួន មាន​ឥទ្ធិពល​លើ​ជីវិត​យើង ។

ការ​ផ្លាស់ប្រែចិត្ត​ជឿ​ផ្ទាល់​ខ្លួន​អ្នក នឹង​ជួយ​អ្នក នៅពេល​អ្នក​ត្រៀម​ខ្លួន​ធ្វើ​សេចក្ដី​សញ្ញា ក្នុង​ព្រះវិហារ​បរិសុទ្ធ បម្រើ​បេសកកម្ម និង​ស្ថាបនា​គ្រួសារ​ផ្ទាល់​ខ្លួន​អ្នក​នា​ពេល​អនាគត ។ នៅ​ពេល​អ្នក​បាន​ផ្លាស់ប្រែចិត្ត​ជឿ អ្នក​នឹង​មាន​បំណង​ប្រាថ្នា​ចង់​ចែក​ជាមួយ​អ្នកដទៃ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន ហើយ​ទំនុកចិត្ត និង​សមត្ថភាព​របស់​អ្នក ដើម្បី​ថ្លែង​ទីបន្ទាល់​ដល់​អ្នកដទៃ​ដោយ​ការជឿស៊ប់ និង​ដោយ​អំណាច នឹង​កើន​ឡើង ។ បំណង​ប្រាថ្នា​ចង់​ចែក​ដំណឹងល្អ​ជាមួយ​អ្នកដទៃ​នេះ និង​ទំនុក​ចិត្ត​ក្នុង​ការ​ថ្លែង​ទីបន្ទាល់​ដោយ​មោះមុត គឺ​ជា​លទ្ធផល​នៃ​ការ​ផ្លាស់​ប្រែចិត្ត​ជឿ​ពិត​ពី​ធម្មជាតិ ។ ព្រះសង្គ្រោះ​បាន​បង្រៀន​ពេត្រុស​ថា « កាល​ណា​អ្នក​បាន​ប្រែ​ចិត្ត​វិល​មក​វិញ នោះ​ចូរ​ចម្រើន​ឲ្យ​បងប្អូន​អ្នក​បាន​ខ្ជាប់​ខ្ជួន​ឡើង » ។8

តើ​នៅ​ចាំ​អំពី​យ៉ូស្វេ ជា​ព្យាការី-អ្នក​ចម្បាំង​ទេ ? គាត់​មិន​ត្រឹមតែ​ផ្លាស់​ប្រែ​ចិត្ត​ជឿ​ខ្លួន​គាត់​នោះ​ទេ ប៉ុន្តែ​គាត់​បាន​ធ្វើ​ការ​ដោយ​មិន​ចេះ​នឿយ​ហត់​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​គាត់ ដើម្បី​នាំ​កូនចៅ​នៃ​អ៊ីស្រាអែល​ទៅ​កាន់​ព្រះ ។ យើង​អាន​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី​ថា ៖ « ឯសាសន៍​អ៊ីស្រាអែល​ គេ​បាន​គោរព​ប្រតិបត្តិ​ដល់​ព្រះយេហូវ៉ា គ្រប់​មួយ​ជីវិត​របស់​យ៉ូស្វេ » ។9 មនុស្ស​ដែល​មាន​ពិសោធន៍​ផ្លាស់​ប្រែ​ចិត្ត​ជឿ​ពិត ខិត​ទៅ​រក​អំណាច​នៃ​ដង្វាយ​ធួន ហើយ​ទទួល​សេចក្ដី​សង្គ្រោះ​សម្រាប់​ព្រលឹង​គេ រួច​ហើយ​ប្រើ​ឥទ្ធិពល​ដ៏​មាន​អំណាច​ទៅ​លើ​អ្នក​ទាំងឡាយ​ដែល​ស្គាល់​គេ ។

ការ​រស់នៅ​តាម​ដំណឹង​ល្អ ហើយ​ឈរ​នៅ​កន្លែង​បរិសុទ្ធ គឺ​ពុំ​មែន​ជា​រឿង​ងាយ​ស្រួល ឬ​សុខ​ស្រួល​ជានិច្ច​ទេ ប៉ុន្តែ​ខ្ញុំ​ធ្វើ​ទីបន្ទាល់​ថា វា​មាន​តម្លៃ​ណាស់ ! ព្រះអម្ចាស់​ទូន្មាន អិមម៉ា ស៊្មីធ ថា « អ្នក​ត្រូវ​ទុក​ចោល​របស់​ទាំង​ឡាយ​នៃ​ពិភពលោក​នេះ ហើយ​ចូរ​ស្វែង​រក​របស់​ទាំងឡាយ​ណា​ដែល​គ្រាន់​បើ​ជាង​នេះ​វិញ » ។10 ខ្ញុំ​គិត​ថា យើង​ពុំ​អាច​ចាប់​ផ្ដើម​នឹក​គិត​ថា តើ « របស់​ទាំងឡាយ​ដែល​គ្រាន់​បើ​ជាង » នោះ​វា​សំខាន់​ប៉ុណ្ណា​នោះ​ទេ !

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា យើង​មាន​ព្រះ​វរបិតាសួគ៌​ជា​ទី​ស្រឡាញ់ ដែល​មាន​បំណង​អស្ចារ្យ​បំផុត គឺ​ដើម្បី​ជួយ និង​ប្រទាន​ពរ​ដល់​ការ​ខិតខំ​របស់​យើង ដើម្បី​រស់​នៅ​តាម​ដំណឹង​ល្អ ហើយ​ផ្លាស់​ប្រែចិត្ត​ជឿ ។ ទ្រង់​បាន​ថ្លែង​យ៉ាង​ច្បាស់​ថា គោល​បំណង និង​កិច្ចការ​ចម្បង​របស់​ទ្រង់​គឺ « ជីវិត​អមតភាព និង​ជីវិត​អស់កល្ប​ជានិច្ច » របស់​យើង » ។11 ទ្រង់​ប្រាថ្នា​ចង់​នាំ​យើង​ទៅ​កាន់​ដំណាក់​ក្នុង​វត្តមាន​ទ្រង់ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា នៅ​ពេល​យើង​ធ្វើ​សកម្ម​ភាព​ទៅ​លើ​គោលលទ្ធិ នៃ​ដំណឹងល្អ ហើយ​អនុវត្ត​វា​ជា​រៀង​រាល់​ថ្ងៃ នោះ​យើង​នឹង​ផ្លាស់​ប្រែចិត្ត​ជឿ ហើយ​នឹង​ក្លាយ​ទៅ​ជា​មធ្យោបាយ​នៃ​ការ​សម្រេច​នូវ​សេចក្ដីល្អ​ជាច្រើន ក្នុង​គ្រួសារ​យើង និង​ក្នុង​លោកិយ ។ សូម​ឲ្យ​ពរជ័យ​មាន​ដល់​យើង​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រចាំ​ថ្ងៃ​របស់​យើង ដើម្បី​ឈោង​ចាប់​យក​គោលដៅ​នោះ គឺ​ជា​ការអធិស្ឋាន​ខ្ញុំ​ក្នុង​ព្រះ​នាម​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។