ឆ្នាំ ២០១០-២០១៩
ប្រកាស​ពរជ័យ​នៃ​សេចក្ដី​សញ្ញា​របស់អ្នក
តុលា 2013


2:3

ប្រកាស​ពរជ័យ​នៃ​សេចក្ដី​សញ្ញា​របស់អ្នក

នៅ​ពេល​យើង​រំឭក​ ហើយ​គោរព​សេចក្ដីសញ្ញា​របស់យើង នោះ​បន្ទុក​យើង អាច​ត្រូវ​បាន​សម្រាល ហើយ​យើង​អាច​បន្ដ​ប្រែក្លាយ​ជា​បរិសុទ្ធ និង​រឹងមាំ ។

បងប្អូន​ស្រី វា​ជា​ការប្រពៃ​ណាស់ នៅ​ជាមួយ​អ្នក​ម្ដងទៀត ! យើង​មានអំណរគុណ​ណាស់ ពេល​យើង​ឃើញ​ការ​លះបង់​របស់អ្នក​ចំពោះ​ព្រះបិតាសួគ៌ និង​ការបម្រើ​​​ចំពោះ​អ្នកដទៃ ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ជួប​នឹង​ស្ត្រី​ម្នាក់ ដែល​ត្រៀម​ទទួល​បុណ្យជ្រមុជទឹក ។ នៅ​ថ្ងៃ​អាទិត្យ​នោះ គាត់​បាន​មក​ដល់​ព្រះវិហារ ដោយ​ថ្មើជើង​ចម្ងាយ​ពីរម៉ែល ( 3  គ.ម ) កាត់​ភក់ល្បាប់ ។ ភ្លាម​នោះ គាត់​បាន​ទៅ​បន្ទប់ទឹក ដោះ​សំលៀក​បំពាក់​ប្រឡាក់​ភក់​ចេញ គក់វា រួចផ្លាស់​​សំលៀកបំពាក់​ស្អាតជំនួស​វិញ ។ នៅក្នុង​ការ​ប្រជុំ​សមាគមសង្គ្រោះ គាត់​បាន​ប្រាប់​ពី​ការ​ផ្លាស់​ប្រែចិត្ត​ជឿ​របស់គាត់ ។ ខ្ញុំ​រំជួល​ចិត្ត​ចំពោះ​បំណង​របស់​គាត់ ដើម្បី​ឲ្យ​បាន​លាងជ្រះស្អាត ហើយ​បរិសុទ្ធ តាមរយៈ​ការ​ប្រែចិត្ត និង​ពលិកម្ម​ដង្វាយធួនរបស់​ព្រះអង្គសង្គ្រោះ ហើយ​​ការ​មាន​​ឆន្ទៈ​ដើម្បី​លះបង់ « ជីវិត​ចាស់ » របស់គាត់ ដើម្បីធ្វើ​សេចក្ដី​សញ្ញា​ដ៏ពិសិដ្ឋ​ជាមួយ​ព្រះបិតាសួគ៌​ ។ គាត់​បាន​បែក​ពី​មិត្ត​ប្រុស​ បាន​យកឈ្នះ​ការញៀន​ដើម្បី​រស់នៅ​តាម​ពាក្យ​សម្ដីនៃ​ប្រាជ្ញា​វាងវៃ ឈប់ពី​ការ​ងារ​ចំ​ថ្ងៃ​អាទិត្យ​​ ហើយបាត់បង់​មិត្តភាព​នឹង​មនុស្ស​ជាទីស្រឡាញ់ ពេល​គាត់​ប្រាប់​ពី​ផែនការ​ទទួលបុណ្យជ្រមុជទឹក ។ គាត់​រំភើប​ចិត្ត​នឹងលះបង់​អំពើបាប​ទាំងអស់ ដើម្បី​គាត់​អាច​​ត្រូវ​បាន​លាង​សំអាត ហើយ​ទទួល​អារម្មណ៍​ក្ដីស្រឡាញ់​ប្រោសលោះ​នៃ​ព្រះអង្គសង្គ្រោះ ។ ខ្ញុំ​ត្រូវ​បាន​បំផុសគំនិតនាព្រឹកនោះ ដោយ​បំណង​ដែលគាត់មាន ដើម្បី​ប្រែ​ជា​ស្អាតស្អំ​ទាំង​ខាង​រូបកាយ និងខា​ង​វិញ្ញាណ ។​

យើង​ដឹង​ថា អ្នករាល់គ្នា​ជាច្រើន បាន​ធ្វើ​ការ​លះបង់​ស្រដៀង​គ្នា​នេះ ពេល​អ្នកទទួល​សាក្សី​ពី​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​មានបំណង​ចង់ប្រែចិត្ត ចង់ទទួលបុណ្យជ្រមុជទឹក និង​បានស្អាតស្អំ ។ ប្រហែល​ជា​យើង​ពុំ​ដែល​ទទួលអារម្មណ៍ពី​ក្ដី​ស្រឡាញ់​នៃ​ព្រះអង្គសង្គ្រោះ​ដ៏ទេវភាព ​ខ្លាំង​ដូចជា​យើង​មាន​ពេល​យើង​ប្រែចិត្ត ហើយ​ដឹង​ពី​ព្រះហស្តនៃ​ក្ដី​ស្រឡាញ់​ទ្រង់ លាត​ក្រសោប​យើង ហើយ​អះអាង​ដល់​យើង​ដោយ​ក្ដី​ស្រឡាញ់ និង​ការទទួល​យក​យើងនោះទេ ។

ប៉ុន្មាន​អាទិត្យ​កន្លង​ទៅ ពេល​ខ្ញុំ​ស្ដាប់​ការអធិស្ឋាន​សាក្រាម៉ង់ ខ្ញុំ​រំជួល​ចិត្ត​តាម​របៀប​ដែល​សង្ឃ​បាន​ថ្លែង​ពាក្យ​នីមួយៗ​ដោយ​អារម្មណ៍​ដ៏អស្ចារ្យ ។ ក្រោយ​មក ខ្ញុំ​បានទូរស័ព្ទទៅ​សង្ឃ​នោះ ថ្លែង​អំណរគុណ​​សម្រាប់​ការ​ធ្វើ​ឲ្យ​ពិធីសាក្រាម៉ង់​មានបទពិសោធន៍​ខាង​វិញ្ញាណ​ខ្លាំង​ចំពោះ​ខ្ញុំ និង​ក្រុមជំនុំ ។ គាត់​ពុំ​នៅ​ផ្ទះ​ទេ តែ​ម្ដាយ​គាត់​បាន​ឆ្លើយថា « អូ៎ គាត់​នឹង​សប្បាយចិត្ត​ណាស់ ដែល​អ្នក​បាន​ទូរស័ព្ទ​មក ! នេះ​ជា​លើក​ទីមួយ ដែល​គាត់​ធ្វើ​ការ​អធិស្ឋាន​ក្នុងពិធីសាក្រាម៉ង់ ហើយ​យើង​បាន​រៀបចំ​ជាមួយគ្នា និយាយ​អំពី​សារៈសំខាន់​នៃ​ពិធីសាក្រាម៉ង់ និង​រំឭក​សេចក្ដី​សញ្ញា​បុណ្យជ្រមុជទឹក​របស់​យើង​ជាមួយ​ព្រះអង្គសង្គ្រោះ​ដោយ​សក្ដិសម »។ ខ្ញុំ​ពិត​ជា​ចូលចិត្ត​ម្ដាយ​ជាទីស្រឡាញ់​រូប​នេះ ដែលបង្រៀន​ដល់​កូន​ប្រុស​ អំពី​អំណាច​នៃ​សេចក្ដីសញ្ញា​នៃបុណ្យជ្រមុជទឹក និង​របៀប​ដែល​គាត់ អាច​ជួយ​ដល់​សមាជិក​វួដ​ឲ្យ​ស្គាល់​អំណាច​នោះ ។

ម្ដាយ​ម្នាក់ទៀត​ដែល​ខ្ញុំ​ស្គាល់ បាន​អង្គុយ​ម្នាក់​ឯង​នៅ​ព្រះវិហារ​អស់ជាច្រើន​ឆ្នាំ​ជាមួយ​នឹង​កូន​តូចៗ​បួននាក់ ។ ដោយ​ពិបាក​នឹង​សញ្ជឹង​គិត​អំពី​ព្រះអង្គសង្គ្រោះ​អំឡុង​ពិធី​សាក្រាម៉ង់ គាត់​បាន​បង្កើត​ផែនការ​មួយ ។ ឥឡូវ​គាត់​ព្យាយាម​ចំណាយ​ពេល​រាល់​ថ្ងៃ​សៅរ៍​ពិនិត្យ​មើលអ្វីគាត់បានធ្វើក្នុង​សប្ដាហ៍​ហើយ​គិត​អំពី​សេចក្ដីសញ្ញា​របស់គាត់ និង​អ្វី​ដែល​គាត់​ចាំបាច់​ត្រូវ​ប្រែចិត្ត ។ គាត់​និយាយ​ថា « បន្ទាប់មក មិន​ថា​ខ្ញុំ​នឹង​ជួប​បទពិសោធន៍​ប្រភេទ​ណា​​ជាមួយ​នឹង​កូនៗ​នៅ​ថ្ងៃ​អាទិត្យ​ទេ គឺ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ទាន​សាក្រាម៉ង់ រំឭក​សេចក្ដី​សញ្ញា​របស់ខ្ញុំ ហើយ​ដឹង​ពី​អំណាច​នៃ​ដង្វាយធួន​លាង​ជំរះ​ស្រេច​ហើយ » ។

បងប្អូន​ស្ត្រី​ជាទីស្រឡាញ់ ហេតុ​អ្វី​បាន​ជា​ព្រះអង្គសង្គ្រោះ​ចាត់ទុក​ពិធី​សាក្រាម៉ង់សំខាន់​ដូច្នេះ ? តើ​​ការរំឭក​សេចក្ដីសញ្ញាបុណ្យជ្រមុជទឹក​របស់​យើង​ប្រចាំ​សប្ដាហ៍​នេះ មានសារៈសំខាន់​អ្វី​ខ្លះ​​ក្នុង​ជីវិត​យើង ? តើ​យើង​ទទួល​ស្គាល់​លទ្ធភាព​របស់ព្រះអង្គ​សង្គ្រោះក្នុង​ការ​សំអាត​យើង​ទាំង​ស្រុង ជារៀងរាល់​សប្ដាហ៍ នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់​ដោយ​សក្ដិសម និង​តាំង​ចិត្ត​ដែរ​ឬ​ទេ ?ប្រធាន Boyd  K. Packer បាន​ថ្លែង​បន្ទាល់​ថា « នោះ​គឺ​ជា​ការ​សន្យា​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួនថា ៖ … នៅ​ចុង​បញ្ចប់​នៃ​ [ ជីវិត​​យើង នោះ​យើង ] អាច​ដើរ​ឆ្លងកាត់​វាំងនន​ដោយ​​បាន​ប្រែចិត្ត​ពី​អំពើ​បាប [របស់​យើង] ហើយ​ត្រូវ​បាន​លាង​សំអាត​តាមរយៈ​លោហិត​នៃ​ព្រះគ្រីស្ទ » ។ 1

គណៈ​ប្រធាន​របស់​យើង មាន​ចិត្ត​អំណរ​យ៉ាង​ខ្លាំង ពេល​បងប្អូន​ស្ត្រី​ និង​គ្រួសារ​ពួកគេ បាន​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា ប៉ុន្តែ​ដួងចិត្ត​យើង សោកស្ដាយ​ចំពោះ​​អ្នកទាំងឡាយ​ ដែល​ជួប​ប្រទះ​នឹងភាព​មិនអនុគ្រោះ​ដ៏ធំ​នៅ​ក្នុង​ជីវិត​ ដោយ​សារ​តែ​មនុស្ស​ជាទី​ស្រឡាញ់​របស់ពួកគេ​ក្បត់​សេចក្ដី​សញ្ញា ។ ព្យាការី​ យ៉ាកុប ប្អូន​ប្រុស​របស់​នីហ្វៃ ត្រូវ​បាន​ព្រះបង្គាប់​ឲ្យ​ថ្លែង​ទៅ​កាន់​បងប្អូន​ប្រុស​របស់​គាត់​អំពី​ស្ត្រី និង​កុមារ​បរិសុទ្ធនៅ​ជំនាន់​គាត់ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ពាក្យ​របស់​គាត់​បាន​រក្សា​ទុក​សម្រាប់​ជំនាន់​យើង​ពិត ។ គាត់​និយាយ​មក​កាន់​យើង ដូច​ជា​ព្រះអង្គសង្គ្រោះ​ផ្ទាល់ កំពុង​មានបន្ទូល​ ។ យ៉ាកុប « ត្រូវ​​ធ្វើ​ឲ្យ​កើត​ទុក្ខ … » នៅពេល​គាត់​ថ្លែង​ទីបន្ទាល់​ទៅ​កាន់​ស្វាមី និង​ឪពុក​ទាំងឡាយ ៖

« ហើយ​វា​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ ដែល​ខ្ញុំ​ត្រូវ​ប្រើ​ពាក្យ​ដ៏​ធ្ងន់​ធ្ងរ​ដល់​អ្នក នៅ​ចំពោះ​មុខ​ប្រពន្ធ​របស់​អ្នក និង​កូនចៅ​របស់​អ្នក​ដែល​ភាគ​ច្រើន​មាន​អារម្មណ៍​ទន់​ភ្លន់ និង​បរិសុទ្ធ និង​ចិត្ត​ទោរទន់​ …

« …នៅ​ចំពោះ​ព្រះ គឺ​ជា​ការណ៍​ដែល​សព្វ​ព្រះ​ហឫទ័យ​ព្រះ​ដល់​ព្រះ​ ។ …នោះ​បេះ​ដូង​ជា​ច្រើន​បាន​ស្លាប់ ដោយ​ត្រូវ​ចាក់​ទំលុះ​ឲ្យ​មាន​របួស​យ៉ាង​ជ្រៅ » ។ 2

យ៉ាកុប សន្យា​ចំពោះ​ស្ត្រី និង​កុមារ​ដែល​រក្សា​សេចក្ដី​សញ្ញា​នៃ​ជំនាន់​គាត់ និង​ជំនាន់​យើង​ថា ៖

« ចូរ​មើល​ទៅ​ព្រះ​ដោយ​មាន​គំនិត​រឹង​ប៉ឹង ហើយ​អធិស្ឋាន​ដល់​ព្រះអង្គ​ដោយ​មាន​សេចក្ដី​ជំនឿ​ដ៏​លើស​លប់ នោះ​ទ្រង់​នឹង​លួង​លោម​ដល់​អ្នក​​ក្នុង​គ្រា​ដែល​អ្នក​មាន​ទុក្ខ​លំបាក ។ …

« … ចូរ​ងើប​ក្បាល​ឡើង ហើយ​ទទួល​ព្រះបន្ទូល​ដ៏​ផ្អែម​ល្ហែម​នៃ​ព្រះ ហើយ​ទទួល​ទាន​នូវ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចុះ » ។ 3

បងប្អូន​ស្រី ខ្ញុំ​ថ្លែង​ទីបន្ទាល់​អំពី​ថាមពល និង​អំណាច​នៃ​ការ​អធិស្ឋាន នៅពេល​យើង បង្ហាញ​នូវ​ការ​ឈឺចាប់ និង​បំណង​ដ៏​ជ្រាលជ្រៅ​របស់​យើងចំពោះ​ព្រះវរបិតាសួគ៌ និង​ចម្លើយ​ដែល​យើង​បាន​ទទួល នៅពេល​យើង « ទទួលទាន » បទគម្ពីរ និង​សម្ដី​របស់​ព្យាការី​នៅ​រស់ ។

ជិត​បី​ឆ្នាំ​កន្លង​ទៅ មាន​អគ្គីភ័យ​ឆាបឆេះ​បំផ្លាញ​ផ្នែក​ខាង​ក្នុង​នៃ​រោងឧបោសថ​ជា​ប្រវត្តិសាស្ត្រ និង​ជាទីស្រឡាញ់​របស់​យើង​នៅ​ទីក្រុង​ ប្រូវ៉ូ រដ្ឋ​យូថាហ៍ ។ ការ​បាត់​បង់​វា ចាត់​ទុក​ជា​សោកនាដកម្ម​ដ៏ធំ​មួយ ទាំង​អ្នក​ក្នុង​សហគមន៍ និង​សមាជិក​សាសនាចក្រ ។ មាន​មនុស្ស​ជាច្រើន​បាន​ងឿង​ឆ្ងល់​ថា « ហេតុ​អ្វី​ក៏​ព្រះ​ទុក​ឲ្យ​រឿង​នេះ​កើត​ឡើង​ ? » ប្រាកដ​ណាស់ថា ទ្រង់​អាច​រារាំង ឬ​បញ្ឈប់​អគ្គិភ័យ​កុំឲ្យ​បំផ្លាញ​វា​បាន » ។

ដប់​ខែ​ក្រោយ​មក អំឡុង​សន្និសីទទូទៅ​ខែ​តុលា ឆ្នាំ 2011 មានសំឡេង​ភ្ញាក់​ផ្អើល​បន្លឺ​ឡើង នៅពេល​ប្រធាន​ ថូម៉ាស  អេស ម៉នសុន ប្រកាស​ថា រោង​ឧបោសថ​ដែល​ត្រូវ​បំផ្លាញ​ស្ទើរ​តែ​ទាំង​ស្រុង​នោះ នឹង​ក្លាយ​ទៅ​ជា​ព្រះវិហារបរិសុទ្ធ-- ដំណាក់​នៃ​ព្រះអម្ចាស់នោះ ! រំពេច​នោះ យើង​អាច​ឃើញ​នូវ​អ្វី​ដែល​ព្រះ​តែងតែ​ដឹង ! ទ្រង់​ពុំ​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​ទេ ប៉ុន្តែ​ទ្រង់​ទុក​ឲ្យ​ភ្លើង​នោះ​បំផ្លាញ​ផ្នែក​ខាង​ក្នុង ។ ទ្រង់​ទត​ឃើញ​រោងឧបោសថ​ជា​ព្រះវិហារបរិសុទ្ធ​ដ៏​រុងរឿង-- ជា​ដំណាក់​ខ្ជាប់​ខ្ជួន​មួយ​ដើម្បី​ធ្វើ​សេចក្ដី​សញ្ញា​ពិសិដ្ឋ និង​អស់កល្ប ។ 4

បងប្អូន​ស្រី​ជាទីស្រឡាញ់ ព្រះ​ទុក​ឲ្យ​យើង​ទទួលបញ្ហា និង​សាកល្បង ពេល​ខ្លះ​ដល់​កម្រិត​អតិមរិមា​នៃ​សមត្ថភាព​របស់​យើង ។ យើង​បាន​ឃើញ​ជីវិត​របស់​មនុស្ស​ជាទីស្រឡាញ់​--ប្រហែល​ជា​របស់​យើង​ផ្ទាល់--ត្រូវ​បាន​ដុត​ឆេះ​រាប​ដល់​ដី ហើយ​បាន​ងឿង​ឆ្ងល់​ថា ហេតុអ្វី​ព្រះបិតា​ជាទីស្រឡាញ់ និង​មាន​​ព្រះទ័យទុកដាក់ ទុក​ឲ្យ​រឿង​ដូច្នោះ​កើត​ឡើង​បាន ។ ប៉ុន្តែទ្រង់​ពុំ​ទុក​យើង​ឲ្យ​នៅ​ក្នុង​ផេះផង់​ទេ ទ្រង់​គង់​លាត​ព្រះហស្ត អញ្ជើញ​យើង​ឲ្យ​មក​រក​ទ្រង់​ ។ ទ្រង់​កំពុង​ស្ថាបនា​ជីវិត​យើង​ឲ្យ​ក្លាយជា​ព្រះវិហារបរិសុទ្ធ​ដ៏រុងរឿង ជាកន្លែង​ដែលព្រះវិញ្ញាណ​ទ្រង់​អាច​គង់​នៅ​ដ៏អស់កល្ប ។

ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា 58:3–4 ព្រះអម្ចាស់​ប្រាប់​យើង​ថា ៖

« ត្បិត​នៅ​ពេល​នេះ អ្នករាល់​គ្នា​ពុំ​អាច​មើល​ឃើញ​ដោយ​ភ្នែក​ធម្មតា​របស់​អ្នក​ឡើយ នូវ​គម្រោង​ការណ៍​នៃ​ព្រះ​របស់​អ្នក​អំពី​អ្វីៗ​ទាំង​នោះ ដែល​ត្រូវ​បាន​មក​នៅពេល​ក្រោយ និង​សិរី​ល្អ​ដែល​ត្រូវ​មក​តា​ក្រោយ បន្ទាប់​ពី​មាន​សេចក្ដី​វេទនា​ដ៏​ច្រើន ។

« ត្បិត​បន្ទាប់​ពី​មាន​ការ​វេទនា​ដ៏​ច្រើន នោះ​ទើប​បាន​ព្រះពរ ។ ហេតុដូច្នោះ​ហើយ ថ្ងៃ​នោះ​នឹង​មក​ដល់ កាល​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​ពាក់​សិរីល្អ​ដ៏​ច្រើន​ទុក​ជា​មកុដ » ។

បងប្អូន​ស្ត្រី ខ្ញុំ​ថ្លែង​បន្ទាល់​ថា ព្រះអម្ចាស់​មាន​ផែនការ​មួយ​សម្រាប់​ជីវិត​យើង​ម្នាក់ៗ ។ គ្មានអ្វី​ដែល​កើតឡើង ធ្វើ​ឲ្យ​ទ្រង់​ភ្ញាក់​ផ្អើល ឬ​រន្ធត់​ឡើង ។ ទ្រង់​ជ្រាបគ្រប់យ៉ាង ហើយ​ស្រឡាញ់​ទាំងអស់ ។ ទ្រង់​ចង់​ជួយយើង លួងលោម​យើង ហើយ​សម្រាល​ការ​ឈឺចាប់​យើង ពេល​យើង​ពឹង​លើ​អំណាច​នៃ​ដង្វាយធួន និង​គោរព​សេចក្ដី​សញ្ញា​យើងនោះ ។ ការ​សាកល្បង និង​ទុក្ខវេទនា ដែល​យើង​ជួប អាច​ជា​អ្វីៗ​ដែល​ដឹកនាំ​យើងឲ្យ​ទៅ​រក​ទ្រង់ ហើយ​តោង​ជាប់​សេចក្ដី​សញ្ញា​យើង ដើម្បី​យើងអាច​ត្រឡប់​ទៅ​វត្តមាន​ទ្រង់ ហើយ​ទទួល​អ្វីៗ​ដែលព្រះបិតា​មាន ។

កាល​ពី​ឆ្នាំ​មុននេះ ខ្ញុំ​ត្រូវការ និង​ចង់​ដឹង​ពី​ក្ដី​ស្រឡាញ់​របស់​ព្រះ​ឲ្យកាន់​តែ​ខ្លាំង ចង់​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន ដើម្បី​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​សេចក្ដី​សញ្ញា​ព្រះវិហារបរិសុទ្ធ​ខ្ញុំ ហើយ​បន្ទុក​របស់​ខ្ញុំ​ត្រូវ​បាន​សម្រាល ។ នៅពេល​ខ្ញុំ​អធិស្ឋាន​សុំ​ពរជ័យ​ជាក់លាក់​ទាំងនេះ ខ្ញុំ​ទទួល​ព្រះវិញ្ញាណ​ដឹកនាំ​ខ្ញុំ​ឲ្យ​ទៅ​ព្រះវិហារបរិសុទ្ធ ហើយ​ស្ដាប់​ដោយយកចិត្តទុកដាក់​នូវ​ពាក្យ​និមួយៗ​នៃ​ពរជ័យ​ដែល​ប្រាប់​ដល់​ខ្ញុំ ។ ខ្ញុំ​ថ្លែង​បន្ទាល់​ថា ពេល​ខ្ញុំ​ស្ដាប់​កាន់​តែ​យកចិត្ត​ទុកដាក់ ហើយ​ព្យាយាមអនុវត្ត​សេចក្ដីជំនឿ​ខ្ញុំ ព្រះ​មាន​ក្ដី​មេត្តា​ចំពោះ​ខ្ញុំ ហើយ​បានជួយ​ខ្ញុំ​ឲ្យ​សម្រាល​បន្ទុក​ខ្ញុំ ។ ទ្រង់​បាន​ជួយ​ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ដ​យ៉ាង​ខ្លាំង​អំពី​ការអធិស្ឋាន ដែល​ពុំ​ទាន់​បាន​ទទួល​ចម្លើយ​នោះ ។ យើង​ចងភ្ជាប់​នឹង​ព្រះឲ្យ​រក្សា​ការ​សន្យា​ទ្រង់ ពេលយើង​រក្សា​សេចក្ដី​សញ្ញា​យើង ហើយ​អនុវត្ត​ក្ដី​ជំនឿ ។ 5 បងប្អូន​ស្រី ចូរ​មក​ព្រះវិហារបរិសុទ្ធ ហើយ​ទទួលយកពរជ័យ​អ្នក​ចុះ!

ខ្ញុំចង់​និយាយ​អំពី​របៀប​ផ្សេង​ទៀត ដែល​ការ​រក្សាសេចក្ដី​សញ្ញា​យើង អាច​ផ្ដល់​ទំនុកចិត្ត និង​ជំនឿ​ដល់​យើង ។ ពេលខ្លះ​​​ស្ត្រី យើង​មាន​ទំនោរនៃ​ការ​​រិះគន់​ខ្លួនយ៉ាង​ខ្លាំង ។ អំឡុង​គ្រា​នេះ យើង​ត្រូវ​ស្វែង​រក​ព្រះវិញ្ញាណ ហើយ​សួរ​ថា « តើ​នេះ​ជា​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​ខ្ញុំ​គិត​ពី​ខ្លួន​ឯងឬ ឬ​តើ​​​សាតាំង​​កំពុង​តែ​បំបាក់ទឹកចិត្តខ្ញុំឬ ? » ចូរ​ចាំពី ធម្មជាតិ​នៃ​ព្រះបិតា ដែលមាន​​ក្ដី​ស្រឡាញ់ដ៏​ឥត​ខ្ចោះ និង​និរន្ដន៍ ។ 6 ទ្រង់​ចង់​​​ស្ថាបនា​យើង​ឡើង ទ្រង់​ពុំ​បំផ្លាញ​យើង​ទេ ។

ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ ពេល​ខ្លះ​យើង​មាន​អារម្មណ៍​ថា ត្រូវ​មានចំណែក​នៃ « គ្រួសារ អិល.ឌី.អេស​ដ៏ឥតខ្ចោះ​មួយ » ដើម្បីឲ្យ​ព្រះ​ទទួល​យើង ។ ជាញឹកញាប់ យើង​មាន​អារម្មណ៍ « មិនសំខាន់ឬ ពុំ​សម​នឹង​នគរ​ទេ បើ​យើងមាន​អារម្មណ៍​ថា​យើង​ពុំ​សម​នឹង​ទិដ្ឋភាព​នោះ ។ បងប្អូនស្ត្រី​ជាទីស្រឡាញ់ អ្វីដែល​សំខាន់​ចំពោះ​ព្រះវរបិតាគង់​នៅ​ស្ថានសួគ៌ នោះ​គឺ​ថា​យើង​បាន​រក្សា​សេចក្ដី​សញ្ញា​របស់​យើង​បាន​ល្អ​ប៉ុណ្ណា ហើយ​ថា​តើ​យើង​បាន​ព្យាយាម​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ​ច្រើន​ប៉ុណ្ណា​​ទៅវិញទេ ។

ខ្ញុំ​ថ្លែង​បន្ទាល់ថា​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជាព្រះ​​អង្គសង្គ្រោះ​ និងព្រះប្រោសលោះ​យើង ។ ដោយ​សារ​ពលិកម្ម​ធួន​របស់ទ្រង់ នោះ​យើង​អាច​លាង​សម្អាត​ប្រចាំ​សប្ដាហ៍ នៅពេល​យើងទទួលទាន​សាក្រាម៉ង់​ដោយ​សក្ដិសម ។ នៅពេល​យើង​រំឭក និង​គោរព​សេចក្ដី​សញ្ញា​របស់​យើង នោះ​បន្ទុក​យើង ត្រូវ​បាន​សម្រាល ហើយ​យើង​អាច​បន្ដប្រែក្លាយជា​បរិសុទ្ធ និង​ពង្រឹង ដើម្បី​នៅ​ទីបំផុត​នៃ​ជីវិត​យើង នោះ​យើង​នឹង​រាប់​ថា​សក្ដិសម​ដើម្បី​ទទួល​ការលើក​តម្កើង និង​ជីវិត​អស់កល្បជានិច្ច ។ ខ្ញុំ​ថ្លែង​រឿង​ទាំងនេះ នៅ​ក្នុង​ព្រះនាមព្រះអង្គសង្គ្រោះ​សំណប់​របស់​យើង ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។