កម្លាំងផ្ទាល់ខ្លួន តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ
តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ យើងម្នាក់ៗអាចបានស្អាត ហើយបន្ទុកនៃការបះបោររបស់ យើង នឹងត្រូវបានលើកឡើង ។
ថ្មីៗនេះ ខ្ញុំមានពរណាស់ដែលបានជួបនឹងក្រុមយុវវ័យដ៏អស្ចារ្យមកពី រដ្ឋ អៃដាហូ ។ យុវនារីប្រកបដោយគុណធម៌ម្នាក់បានសួរខ្ញុំថា តើខ្ញុំគិតថាអ្វីដែលសំខាន់បំផុត ដែលពួកគេគួរធ្វើក្នុងជីវិតនាពេលនេះ ។ ខ្ញុំឲ្យយោបល់ពួកគេឲ្យរៀនទទួលស្គាល់អំណាចនៃដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទក្នុងជីវិតពួកគេ ។ ថ្ងៃនេះ ខ្ញុំពន្យល់អំពីទិដ្ឋភាពមួយនៃអំណាចនោះ គឺកម្លាំងផ្ទាល់ខ្លួន ដែលយើងអាចទទួលតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
ក្នុងគម្ពីរមរមន យើងអានអំពី ការបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទរបស់ អាំម៉ូន និងបងប្អូនប្រុសគាត់ ដល់ប្រជាជនមួយដែល « ព្រៃផ្សៃ រឹងរូស និងសាហាវ » ។1 ប្រជាជនជាច្រើនបានផ្លាស់ប្រែចិត្តជឿ ហើយបានជ្រើសរើសបោះបង់អាកប្បកិរិយាបាបរបស់គេចោល ។ ការផ្លាស់ប្រែចិត្តជឿរបស់ពួកគេ គឺទាំងស្រុង ដែលពួកគេបានកប់អាវុធចោល ហើយចុះសេចក្ដីសញ្ញានឹងព្រះថា ពួកគេនឹងមិនយកវាមកប្រើទៀតឡើយ ។2
ក្រោយមក បងប្អូនពួកគេជាច្រើនដែលពុំផ្លាស់ប្រែចិត្តជឿបានមកដល់ ហើយសម្លាប់ពួកគេ ។ ឥឡូវមនុស្សស្មោះត្រង់ ជ្រើសរើសចុះចាញ់ក្រោមផ្លែដាវ ជាជាងប្រថុយជីវិតខាងវិញ្ញាណពួកគេ ដោយការលើកដៃច្បាំងតបត ។ គំរូសុចរិតរបស់ពួកគេ បានជួយមនុស្សកាន់តែច្រើនផ្លាស់ប្រែចិត្ត ហើយដាក់អាវុធនៃការបះបោររបស់ពួកគេចុះ ។3
តាមរយៈ អាំម៉ូន ព្រះបានដឹកនាំពួកគេឲ្យមានជម្រកនៅក្នុងចំណោមសាសន៍នីហ្វៃ ហើយពួកគេក្លាយជាប្រជាជនអាំម៉ូន ។4 សាសន៍នីហ្វៃបានការពារពួកគេអស់ជាច្រើនឆ្នាំ ប៉ុន្តែទីបំផុត ទ័ពសាសន៍នីហ្វៃបានស្រុតចុះ ហើយត្រូវការទ័ពជំនួយយ៉ាងខ្លាំង ។5
ប្រជាជនអាំម៉ូន ស្ថិតក្នុងគ្រាគ្រោះថ្នាក់នៃជីវិតខាងវិញ្ញាណពួកគេ ។ ពួកគេស្មោះត្រង់ចំពោះសេចក្ដីសញ្ញា ថាមិនលើកដៃច្បាំងតឡើយ ។ ប៉ុន្តែពួកគេយល់ថា ឪពុកមានទំនួលខុសត្រូវផ្ដល់ការការពារដល់គ្រួសារ ។6 តម្រូវការនោះ ហាក់ដូចជាធំល្មម ដើម្បីគិតថានឹងបំបាក់សេចក្ដីសញ្ញាពួកគេ ។7
អ្នកដឹកនាំបព្វជិតភាពឈ្លាសវៃរបស់ពួកគេគឺ ហេលេមិន បានដឹងថា ការបំបាក់សេចក្ដីសញ្ញានឹងព្រះ ពុំត្រឹមត្រូវឡើយ ។ គាត់បានផ្ដល់នូវជម្រើសបំផុសគំនិតមួយផ្សេង ។ គាត់បានរំឭកគេថា កូនប្រុសៗពួកគេពុំធ្លាប់មានកំហុសនៃអំពើបាបដូចគ្នានេះឡើយ ហេតុដូច្នោះពុំចាំបាច់ធ្វើសេចក្ដីសញ្ញាដូចគ្នានេះទេ ។8 ទោះជាកូនៗពួកគេនៅក្មេង ពួកគេមានរូបកាយរឹងមាំ ហើយសំខាន់ជាងនោះ ពួកគេប្រកបដោយគុណធម៌ និងបរិសុទ្ធ ។ កូនប្រុសៗទាំងនោះ ត្រូវបានការពារដោយជំនឿរបស់ម្ដាយពួកគេ ។9 ក្រោមការដឹកនាំរបស់ព្យាការី ដែលជាអ្នកដឹកនាំពួកគេ នោះយុវជនទាំងនេះបានជំនួសតួនាទីឪពុក ទៅការពារគ្រួសារ និងផ្ទះរបស់ពួកគេ ។10
ព្រឹត្តការណ៍ជុំវិញការសម្រេចចិត្តសំខាន់នេះ បង្ហាញពីរបៀបដែលដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ បាននាំកម្លាំងផ្ទាល់ខ្លួនដល់ជីវិតនៃកូនចៅរបស់ព្រះ ។ ចូរពិចារណាអំពីអារម្មណ៍ទន់ភ្លន់នៃឪពុកទាំងនោះ ។ តើពួកគេច្បាស់ជាដឹងថា ទង្វើបះបោរពីអតីតកាលពួកគេ បានរារាំងគេមិនឲ្យការពារដល់ភរិយា និងកូនៗ នៅគ្រាចាំបាច់នោះយ៉ាងដូចម្ដេចទៅ ? ដោយដឹងផ្ទាល់អំពីស្ថានភាពក្នុងសង្គ្រាមដែលកូនប្រុសៗពួកគេនឹងជួបប្រទះ នោះពួកគេច្បាស់ជាពួនយំដោយសម្ងាត់ហើយ ។ ឪពុក គឺត្រូវការពារដល់គ្រួសារពួកគេ ពុំមែនកូនៗនោះទេ !11 ទុក្ខសោករបស់ពួកគេ ច្បាស់ជាមានកម្រិតខ្លាំង ។
ហេតុអ្វីបានជាអ្នកដឹកនាំបព្វជិតភាពដ៏បំផុសគំនិតរបស់ពួកគេ ខ្លាចថាការគិតចង់លើកអាវុធរបស់ពួកគេ « ក្រែង … ពួកគេនឹងបាត់បង់ព្រលឹងរបស់គេទៅដូច្នេះ » ?12 ព្រះអម្ចាស់បានប្រកាសថា « មើលចុះ អ្នកណាដែលប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន អ្នកនោះឈ្មោះថា បានអត់ទោសឲ្យហើយ ហើយយើងជាព្រះអម្ចាស់ មិនចាំពីអំពើបាបទាំងនោះទៀតទេ »។13 ឪពុកស្មោះត្រង់ទាំងនេះ បានប្រែចិត្តពីអំពើបាបពួកគេ ហើយបានស្អាតតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទជាយូរមកហើយ ចុះហេតុអ្វីបានជាពួកគេប្រឹក្សាមិនឲ្យការពារគ្រួសារពួកគេដូច្នេះ ?
វាគឺជាសេចក្ដីពិតមូលដ្ឋានមួយថា តាមរយៈដង្វាយធួននៃព្រះយេស៊ូវ គ្រីស្ទ យើងអាចត្រូវបានជ្រះស្អាត ។ យើងអាចបានប្រកបដោយគុណធម៌ និងបរិសុទ្ធ ។ ទោះជាយ៉ាងណា ពេលខ្លះ ការសម្រេចចិត្តមិនល្អរបស់យើង បន្សល់ទុកនូវផលវិបាករយៈពេលយូរ ។ ជំហានដ៏សំខាន់មួយ ដើម្បីប្រែចិត្តទាំងស្រុង គឺត្រូវរែកពន់នូវផលវិបាករយៈពេលខ្លី និងរយៈពេលវែងនៃអំពើបាបពីអតីតកាលរបស់យើង ។ ជម្រើសពីអតីតកាលរបស់ពួកគេ បានបង្ហាញឲ្យឃើញពីពួកឪពុកសាសន៍អាំម៉ូនទាំងនេះនូវបំណងខាងលោកិយ ដែលអាចក្លាយជាចំនុចខ្សោយ ដែលសាតាំងនឹងប៉ងចង់ប្រើប្រាស់ពួកគេម្ដងទៀត ។
សាតាំងនឹងព្យាយាមដើម្បីប្រើការចងចាំរបស់យើងអំពីកំហុសកាលពីមុនណាមួយ ដើម្បីល្បួងយើងត្រឡប់ទៅរកឥទ្ធិពលវាវិញ ។ យើងត្រូវតែប្រយ័ត្នជានិច្ចដើម្បីចៀសវាងពីការល្បួងរបស់វា ។ រឿងនេះជាករណីនៃពួកឪពុកសាសន៍អាំម៉ូនដ៏ស្មោះត្រង់ ។ ទោះជារស់នៅដោយស្មោះត្រង់អស់ជាច្រើនឆ្នាំក្ដី ក៏វាជាបង្គាប់ដល់ពួកគេឲ្យការពារខ្លួនខាងវិញ្ញាណ ពីការទាក់ទាញនៃការចងចាំអំពើបាបពីអតីតកាល ។
នៅចន្លោះចម្បាំងជាច្រើន មេទ័ពមរ៉ូណៃ បានដឹកនាំឲ្យការពារទីក្រុងដែលខ្សោយជាងគេ ។ « លោកបានបញ្ជាឲ្យពួកគេស្ថាបនារបង ដែលធ្វើពីដើមឈើនៅលើមាត់រណ្ដៅផ្នែកខាងក្នុង ហើយពួកគេបានជីកដីក្នុងរណ្ដៅមកទប់នឹងរបង ដែលធ្វើពីឈើនោះ … រហូតដល់ពួកគេបានព័ទ្ធជុំវិញទីក្រុង … ដោយកំផែងមួយដ៏មាំ ដែលធ្វើពីឈើ និងដីដ៏មានកម្ពស់យ៉ាងខ្ពស់ » ។14 មេទ័ពមរ៉ូណៃបានយល់អំពីសារៈសំខាន់នៃការការពារតំបន់ខ្សោយ ដើម្បីបង្កើតកម្លាំង ។15
ឪពុកសាសន៍អាំម៉ូនទាំងនេះ គឺស្ទើរតែស្រដៀងគ្នា ។ ពួកគេត្រូវការទីការពារខ្ពស់ៗ និងធំទូលាយ រវាងជីវិតស្មោះត្រង់របស់ពួកគេ និងអាកប្បកិរិយាមិនសុចរិតពីអតីតកាលរបស់ពួកគេ ។ កូនប្រុសៗពួកគេ ដែលទទួលពរពីទំនៀមទំលាប់សុចរិត គឺពុំទន់ខ្សោយចំពោះការល្បួងដូចគ្នានោះទេ ។ ពួកគេអាចការពារគ្រួសារគេដោយស្មោះត្រង់ ដោយពុំបន្ទាបបទដ្ឋានរស់នៅខាងវិញ្ញាណរបស់ពួកគេ ។
ដំណឹងដ៏អំណរសម្រាប់មនុស្សគ្រប់រូប ដែលមានបំណងចង់ជម្រះពីផលវិបាកនៃការជ្រើសរើសមិនល្អនៅអតីតកាល គឺថាព្រះអម្ចាស់ទតលើភាពទន់ខ្សោយខុសផ្សេងពីការបះបោរ ។ ដូច្នេះ ព្រះព្រមានថា ការបះបោរដែលមិនប្រែចិត្ត នឹងនាំមកនូវការដាក់ទោស ។16 ពេលព្រះមានបន្ទូលអំពីភាពទន់ខ្សោយ នោះតែងតែមានក្ដីមេត្តាករុណា ។17
ពិតណាស់ មានក្ដីមេត្តាខ្លះៗ ដែលពួកឪពុកសាសន៍អាំម៉ូន ត្រូវបានបង្រៀនអំពីទំនៀមទំលាប់ខុសឆ្គងនៃឪពុកម្ដាយពួកគេ ប៉ុន្តែកូនចៅរបស់ព្រះបិតាសួគ៌ទាំងអស់ មកក្នុងជីវិតរមែងស្លាប់ដោយមានពន្លឺនៃព្រះគ្រីស្ទ ។ មិនថាបុព្វហេតុនៃទង្វើប្រកបដោយអំពើបាបរបស់ពួកគេយ៉ាងណាទេ លទ្ធផល គឺជាការកើតមកពីភាពទន់ខ្សោយខាងវិញ្ញាណ ដែលសាតាំងចង់បើកកកាយរក ។
ជាកុសល ពួកគេត្រូវបានបង្រៀនដំណឹងល្អ បានប្រែចិត្ត ហើយតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ បានប្រែជារឹងមាំខាងវិញ្ញាណខ្លាំងជាងការល្បួងរបស់សាតាំង ។ វាហាក់ដូចជាពួកគេពុំដឹងពីការល្បួង ដើម្បីត្រឡប់ទៅរកការអាក្រក់ពួកគេពីអតីតកាលសោះ ប៉ុន្តែដោយការធ្វើតាមព្យាការី-ដែលអ្នកដឹកនាំពួកគេ នោះពួកគេពុំឲ្យឱកាសដល់សាតាំងដើម្បី « [ បញ្ឆោត ] ព្រលឹងពួកគេ ហើយ [ នាំ ] ពួកគេដោយប្រុងប្រយ័ត្នចុះទៅស្ថាននរក » ។18 ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ពុំគ្រាន់តែសម្អាតពួកគេពីបាប ប៉ុន្តែដោយសារការប្រតិបត្តិរបស់ពួកគេតាមដំបូន្មានរបស់អ្នកដឹកនាំបព្វជិតភាពពួកគេ នោះព្រះអង្គសង្គ្រោះអាចការពារពួកគេពីភាពទន់ខ្សោយទាំងឡាយ ហើយពង្រឹងពួកគេវិញ ។ ការតាំងចិត្តដោយរាបសារ និងពេញមួយជីវិតរបស់ពួកគេ ដើម្បីបោះបង់អំពើបាប បានការពារគ្រួសារពួកគេច្រើនជាងអ្វីដែលពួកគេអាចធ្វើបាននៅក្នុងសមរភូមិ ។ ការចុះចូលរបស់ពួកគេ ពុំដកហូតពរជ័យរបស់ពួកគេទេ ។ វាបានពង្រឹង និងប្រទានពរដល់ពួកគេ និងជំនាន់ជាច្រើននាពេលអនាគត ។
នៅចុងបញ្ចប់នៃរឿង បង្ហាញពីក្ដីមេត្តារបស់ព្រះ ដែលបានធ្វើឲ្យ « អ្វីដែលទន់ខ្សោយ ក្លាយទៅជាខ្លាំងពូកែ » ។19 ឪពុកស្មោះត្រង់ទាំងនោះ បញ្ជូនកូនប្រុសៗពួកគេទៅក្រោមការមើលថែរបស់ហេលេមិន ។ កូនប្រុសៗទាំងឡាយ បានច្បាំងក្នុងសមរភូមិក្ដៅ ដែលទាំងអស់គ្នាបានរងរបួសខ្លះៗ តែគ្មានបាត់បង់ជីវិតម្នាក់ទេ ។20 យុវជនទាំងនោះបានបង្ហាញជាការជួយជ្រោមជ្រែងដ៏សំខាន់ចំពោះកងទ័ពនីហ្វៃដែលទន់ខ្សោយ ។ ពួកគេស្មោះត្រង់ ហើយរឹងមាំខាងវិញ្ញាណខ្លាំងជាង នៅពេលពួកគេត្រឡប់មកផ្ទះវិញ ។ គ្រួសារពួកគេបានទទួលពរ បានការពារ និងបានពង្រឹង ។21 នៅជំនាន់យើង មានសិស្សនៃព្រះគម្ពីរមរមនរាប់មិនអស់ ត្រូវបានស្អាងដោយគំរូរបស់កូនប្រុសបរិសុទ្ធ និងសុចរិតទាំងនេះ ។
មានពេលខ្លះក្នុងជីវិតយើងម្នាក់ៗ យើងបានធ្វើការជ្រើសរើសមិនល្អ ។ យើងស្ថិតនៅក្នុងតម្រូវការនៃអំណាចប្រោសលោះនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងខ្លាំង ។ យើងម្នាក់ៗត្រូវតែប្រែចិត្តពីការបះបោរទាំងឡាយ ។ « ត្បិតយើងជាព្រះអម្ចាស់ ពុំអាចទតមើលអំពើបាប សូម្បីតែបន្ដិចបន្ដួចបានឡើយ » ។22 ទ្រង់ពុំអាច ដោយសារទ្រង់ដឹងថា អ្វីត្រូវការធ្វើ ដើម្បីប្រែក្លាយឲ្យដូចជាទ្រង់ ។
មានគ្នាយើងជាច្រើន បានអនុញ្ញាតឲ្យភាពទន់ខ្សោយកើតមានក្នុងអត្តចរិករបស់យើង ។ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ យើងក៏ដូចជាសាសន៍អាំម៉ូន អាចស្ថាបនារបងខាងវិញ្ញាណរវាងខ្លួនយើង និងកំហុសអតីតកាល ដែលសាតាំងចង់បើកកកាយរក ។ ការការពារខាងវិញ្ញាណ ដែលព័ទ្ធជុំវិញឪពុកពួកសាសន៍អាំម៉ូន បានប្រទានពរ និងពង្រឹងដល់ពួកគេ គ្រួសារគេ ប្រទេសគេ និងជំនាន់នាពេលអនាគត ។ ការណ៍ដូចគ្នានេះក៏មានពិត ចំពោះយើងដែរ ។
ដូច្នេះតើយើងសង់របងដ៏អស់កល្បជានិច្ចទាំងនេះដោយរបៀបណា ? ជំហានដំបូងត្រូវតែជាការប្រែចិត្តដោយស្មោះ ទាំងស្រុង និងពេញលេញ ។ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ យើងម្នាក់ៗអាចបានស្អាត ហើយបន្ទុកនៃការបះបោររបស់យើង នឹងត្រូវបានលើកឡើង ។ សូមចាំថា ការប្រែចិត្តពុំមែនជាការដាក់ទណ្ឌកម្មទេ ។ វាគឺជាផ្លូវដែលពេញដោយក្ដីសង្ឃឹម ដើម្បីទៅកាន់អនាគតកាន់តែរុងរឿង ។
ព្រះបិតាសួគ៌ បានប្រទានឧបករណ៍ដល់យើង ដើម្បីជួយស្ថាបនារបងរវាងភាពទន់ខ្សោយ និងភាពស្មោះត្រង់របស់យើង ។ ចូរពិចារណាអំពីយោបល់ដូចខាងក្រោម ៖
-
ធ្វើសេចក្ដីសញ្ញា ហើយទទួលពិធីបរិសុទ្ធសម្រាប់ខ្លួនអ្នក ។ បន្ទាប់មកធ្វើការដោយខ្ជាប់ខ្ជួន និងនឹងនរដើម្បីធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធជំនួសជីដូនជីតាផ្ទាល់របស់អ្នក ។
-
ចែកចាយដំណឹងល្អជាមួយសមាជិកគ្រួសារដែលមិនសូវសកម្ម ឬអ្នកពុំមែនជាសមាជិក ឬមិត្តភក្ដិ ។ ការចែកចាយសេចក្ដីពិតទាំងនេះ អាចនាំមកនូវភាពក្លៀវក្លាសារជាថ្មីក្នុងជីវិតរបស់អ្នក ។
-
បម្រើដោយស្មោះត្រង់នៅគ្រប់ការហៅបម្រើក្នុងសាសនាចក្រ ជាពិសេសការបង្រៀនតាមផ្ទះ និងការបង្រៀនសួរសុខទុក្ខ ។ ចូរកុំធ្វើជាគ្រូបង្រៀនតាមផ្ទះ ឬគ្រូសួរសុខទុក្ខតាមផ្ទះ តែ 15 នាទីក្នុងមួយខែឡើយ ។ ប៉ុន្តែចូរឈោងទៅជួយដល់សមាជិកគ្រួសារម្នាក់ៗវិញ ។ ចូរស្គាល់ពួកគេដោយផ្ទាល់ ។ ធ្វើជាមិត្តពិត ។ តាមរយៈសណ្ដានចិត្តល្អ ចូរបង្ហាញដល់ពួកគេថាអ្នកបារម្ភពីពួកគេម្នាក់ៗខ្លាំងប៉ុណ្ណា ។
-
សំខាន់បំផុត សូមបម្រើសមាជិកក្នុងគ្រួសារអ្នកផ្ទាល់ ។ ចូរដាក់អាទិភាពខ្ពស់ក្នុងការអភិវឌ្ឍខាងវិញ្ញាណនៃស្វាមី ឬភរិយាអ្នក និងកូនៗរបស់អ្នក ។ ចូរយកចិត្តទុកដាក់ចំពោះអ្វីៗដែលអ្នកអាចធ្វើ ដើម្បីជួយពួកគេម្នាក់ៗ ។ ចូរផ្ដល់ពេលវេលា និងការយកចិត្តទុកដាក់របស់អ្នកដោយសេរី ។
នៅក្នុងយោបល់នីមួយៗ មានបាវចនាទូទៅមួយថា ៖ ចូរបំពេញជីវិតអ្នកដោយការបម្រើដល់អ្នកដទៃ ។ នៅពេលអ្នកបាត់ជីវិតក្នុងការបម្រើដល់កូនចៅរបស់ព្រះបិតាសួគ៌23 នោះការល្បួងរបស់សាតាំងនឹងបាត់បង់អំណាចពីជីវិតអ្នក ។
ដោយសារព្រះបិតាសួគ៌អ្នក ស្រឡាញ់អ្នកយ៉ាងខ្លាំង នោះដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ធ្វើឲ្យមានកម្លាំងឡើង ។ តើនោះមិនអស្ចារ្យទេឬអី ? អ្នករាល់គ្នាជាច្រើន បានដឹងពីបន្ទុកនៃការជ្រើសរើសមិនល្អ ហើយខ្លួនអ្នកម្នាក់ៗអាចដឹងពីអំណាចលើកតម្កើងនៃការអភ័យទោស ព្រះគុណ និងកម្លាំងរបស់ព្រះអម្ចាស់ ។ ខ្ញុំបានដឹង ហើយខ្ញុំថ្លែងទីបន្ទាល់ថា វាមានសម្រាប់ខ្លួនអ្នកម្នាក់ៗ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។