អំណាចដែលមានក្នុងបព្វជិតភាព
បុរសម្នាក់អាចបើករនាំងចេញ ឲ្យពន្លឺកក់ក្ដៅចូលមកក្នុងបន្ទប់ តែបុរសនោះពុំមែនជាម្ចាស់ព្រះអាទិត្យ ឬពន្លឺ ឬកំដៅដែលវាបញ្ចេញមកនោះទេ ។
ពរជ័យបព្វជិតភាព គឺសម្រាប់មនុស្សទាំងអស់
កាលដែលកុមារនៅក្នុងការប្រជុំសាក្រាម៉ង់ បានច្រៀងបទ « យើងនិយាយដោយស្នេហ៍ » អ្នកចូលរួមទាំងអស់ញញឹមដោយសាទរ ។ ម្ដាយក្លាហានម្នាក់ចិញ្ចឹមកូនប្រាំនាក់ ស្ដាប់ដោយយកចិត្តទុកដាក់លើវគ្គទីពីរ ៖ « ផ្ទះរបស់ខ្ញុំ ជាកន្លែង ដែលទទួលពរពី [ អំណាច ] បព្វជិតភាព » ។1 គាត់គិតដោយក្រៀមក្រំថា « កូនៗខ្ញុំពុំដែលស្គាល់គេហដ្ឋានបែបនោះឡើយ » ។2
សារលិខិតខ្ញុំជូនចំពោះស្ត្រីស្មោះត្រង់រូបនេះ និងមនុស្សគ្រប់គ្នាថា យើងអាចរស់គ្រប់ពេល « ដែលទទួលពរពីអំណាចបព្វជិតភាព » មិនថាកាលៈទេសៈណាទេ ។
ពេលខ្លះយើងប្រាស្រ័យច្រើននឹងអំណាចនៃបព្វជិតភាពពីបុរសក្នុងសាសនាចក្រ ។ បព្វជិតភាព គឺជាអំណាច និងសិទ្ធិដែលព្រះប្រទានសម្រាប់សេចក្ដីសង្គ្រោះ និងពរជ័យនៃមនុស្សទាំងពួង — បុរស ស្ត្រី និងក្មេង ។
បុរសម្នាក់អាចបើករនាំងចេញ ឲ្យពន្លឺកក់ក្ដៅចូលមកក្នុងបន្ទប់ តែបុរសនោះ ពុំមែនជាម្ចាស់ព្រះអាទិត្យ ឬពន្លឺ ឬកំដៅដែលវាបញ្ចេញមកនោះទេ ។ ពរជ័យបព្វជិតភាពមហិមាជាងបុរស ដែលត្រូវហៅឲ្យប្រើអំណោយទាននេះ ។
ដើម្បីទទួលបានពរជ័យ អំណាច និងការសន្យានៃបព្វជិតភាពក្នុងជីវិតនេះ និងជីវិតបន្ទាប់ គឺជាឱកាសអស្ចារ្យ និងទំនួលខុសត្រូវនៃជីវិតរមែងស្លាប់ ។ ពេលយើងសក្តិសម ពិធីបរិសុទ្ធនៃបព្វជិតភាពធ្វើឲ្យជីវិតផែនដីយើងកាន់តែប្រសើរ និងរៀបចំយើងសម្រាប់ការសន្យារុងរឿងនៃពិភពខាងមុខ ។ ព្រះមានបន្ទូលថា « នៅក្នុងពិធីបរិសុទ្ធទាំងឡាយ … នោះអំណាចនៃព្រះត្រូវបានសម្ដែងឲ្យឃើញ » ។3
មានពរជ័យពិសេសៗពីព្រះសម្រាប់មនុស្សគ្រប់រូប ដែលធ្វើបុណ្យជ្រមុជទឹក ទទួលព្រះវិញ្ញាណបរិសុទ្ធ និងទទួលទានសាក្រាម៉ង់យ៉ាងទៀងទាត់ ។ ព្រះវិហារបរិសុទ្ធផ្ដល់ពន្លឺ និងកម្លាំងបន្ថែម ព្រមជាមួយការសន្យានៃជីវិតអស់កល្ប ។4
ពិធីបរិសុទ្ធទាំងអស់ អញ្ជើញយើងឲ្យបង្កើនសេចក្ដីជំនឿលើព្រះគ្រីស្ទ ហើយធ្វើ និងរក្សាក្ដីសញ្ញាជាមួយព្រះ ។ ពេលយើងរក្សាក្ដីសញ្ញាបរិសុទ្ធទាំងនេះ យើងទទួលបានអំណាចបព្វជិតភាព និងពរជ័យ ។
តើយើងពុំមានអារម្មណ៍នៃអំណាចបព្វជិតភាពក្នុងជីវិតយើង ហើយរក្សាអំណាចនេះក្នុងចំណោមសមាជិកនៃសាសនាចក្រដែលរក្សាសេចក្ដីសញ្ញាទេឬ ? យើងឃើញវាពីអ្នកប្រែចិត្តជឿថ្មី ពេលគេឈានជើងឡើងចេញពីទឹកនៃបុណ្យជ្រមុជវិញ គេមានអារម្មណ៍បានអត់ទោស និងស្អាតស្អំ ។ យើងអាចឃើញកូនៗ និងយុវវ័យយើងស្គាល់ការបំផុស និងការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធកាន់តែច្បាស់ ។ យើងឃើញពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ក្លាយជាចង្កៀង និងពន្លឺសម្រាប់បុរស និងស្ត្រីសុចរិតពេញពិភពលោក ។
ខែមុន ខ្ញុំបានឃើញ ស្វាមីភរិយាវ័យក្មេងមួយគូ ទទួលបានកម្លាំងខ្លាំងក្លាពីការសន្យានៃការផ្សាភ្ជាប់នៅក្នុងព្រះវិហារសុទ្ធ ពេលទារកជាទីស្រឡាញ់របស់គេកើតមករស់បានតែរយៈពេលមួយសប្ដាហ៍ ។ តាមរយៈពិធីបរិសុទ្ធនៃបព្វជិតភាព ស្វាមីភរិយារូបនេះ និងយើងទាំងអស់គ្នាទទួលបានការលួងចិត្ត កម្លាំង ការថែរក្សា សន្តិភាព និងការសន្យាដ៏អស់កល្ប ។5
អ្វីដែលយើងស្គាល់ពីបព្វជិតភាព
មនុស្សខ្លះអាចសួរសំណួរដោយស្មោះថា « បើអំណាច និងពរជ័យបព្វជិតភាពមានសម្រាប់មនុស្សទាំងអស់ ចុះហេតុអ្វីពិធីបរិសុទ្ធបព្វជិតភាពត្រូវធ្វើឡើងដោយបុរស ? »
ពេលទេវតាសួរនីហ្វៃថា « តើអ្នកយល់ពីការយាងចុះមកនៃព្រះឬទេ ? » នីហ្វៃឆ្លើយដោយស្មោះត្រង់ថា « ខ្ញុំដឹងថា ព្រះអង្គទ្រង់ស្រឡាញ់កូនចៅរបស់ទ្រង់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំមិនយល់ន័យនៃរឿងទាំងអស់នោះទេ » ។6
ពេលយើងនិយាយពីបព្វជិតភាព មានរឿងច្រើនដែលយើងដឹង ។
គ្រប់យ៉ាងសុទ្ធតែដូចគ្នា
យើងដឹងថា ព្រះសព្វព្រះទ័យកូនចៅទ្រង់គ្រប់គ្នា ហើយពុំរើសមុខឡើយ ។ « ទ្រង់ពុំបដិសេធអ្នកណាម្នាក់ ដែលមករកទ្រង់ឡើយ … មិនថាជាប្រុស [ ឬ ] ស្រីទេ … ហើយមនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះដែរ » ។7
ទោះជាយើងដឹងថា ក្ដីស្រឡាញ់ព្រះ « គឺដូចគ្នា » សម្រាប់បុត្រា និងបុត្រីទ្រង់ យើងក៏ដឹងថា ទ្រង់ពុំបង្កើតបុរស និងស្ត្រីឲ្យដូចគ្នានោះទេ ។ យើងដឹងថា ភេទជាលក្ខណៈសម្បត្តិសំខាន់ទាំងអត្តសញ្ញាណ និងគោលបំណងលើផែនដី និងអស់កល្ប ។ ទំនួលខុសត្រូវពិសិដ្ឋត្រូវបានផ្ដល់ចំពោះភេទនីមួយៗ ។8
តាំងពីដំបូងឡើយ
យើងដឹងថា តាំងពីដំបូងឡើយ ព្រះបង្កើតរបៀបដែលបព្វជិតភាពទ្រង់ត្រូវបានប្រើ ។ « បព្វជិតភាពត្រូវប្រទានឲ្យអ័ដាម » ។9 ណូអេ អ័ប្រាហាំ និងម៉ូសេ សុទ្ធតែបានចាត់ចែងពិធីបរិសុទ្ធបព្វជិតភាព ។ ព្រះគ្រីស្ទបានជា និងគឺជាសង្ឃជាន់ខ្ពស់ដ៏ឧត្ដមបំផុត ។ ទ្រង់ហៅពួកសាវក ។ ទ្រង់មានបន្ទូលថា « មិនមែនអ្នករាល់គ្នា ដែលបានរើសខ្ញុំទេ គឺខ្ញុំទេតើ ដែលរើសអ្នករាល់គ្នាវិញ ទាំងតាំងអ្នករាល់គ្នា » ។10 ក្នុងជំនាន់យើងនេះ អ្នកសារទូតសួគ៌ា ត្រូវបានបញ្ជូនមកដោយព្រះ យ៉ូហានបាទ្ទីស្ទ ពេត្រុស យ៉ាកុប និងយ៉ូហាន បានស្ដារបព្វជិតភាពលើផែនដីវិញ តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ។11 នេះជារបៀបដែលព្រះបិតាសួគ៌ ចាត់ចែងបព្វជិតភាពទ្រង់ ។12
អំណោយទានជាច្រើនមកពីព្រះ
យើងដឹងថា អំណាចបព្វជិតភាពដ៏បរិសុទ្ធពុំធ្វើការដោយឯករាជ្យពីក្ដីជំនឿ ព្រះវិញ្ញាណបរិសុទ្ធ និងអំណោយទានព្រះវិញ្ញាណឡើយ ។ បម្រាមក្នុងព្រះគម្ពីរចែងថា « កុំបដិសេធអំណោយទានទាំងឡាយនៃព្រះឡើយ ត្បិតអំណោយទានទាំងនោះមានច្រើនណាស់ ។ អំណោយទានទាំងនោះ ត្រូវបានប្រទានដល់មនុស្សតាមការសម្ដែងនៃព្រះវិញ្ញាណនៃព្រះ ដើម្បីជាប្រយោជន៍ដល់ [ ពួកគេ ] » ។13
ភាពសក្ដិសម
យើងដឹងថា ភាពស័ក្តិសមជាចំណុចកណ្ដាលក្នុងការធ្វើ និងទទួលពិធីបរិសុទ្ធបព្វជិតភាព ។ ស៊ីស្ទើរ លីនដា ឃេ ប៊ើតុន ដែលជាប្រធានសមាគមសង្គ្រោះទូទៅ បានមានប្រសាសន៍ថា « ក្ដីសុចរិតជាគុណសម្បត្តិ … ជាកត្តាដែលអញ្ជើញអំណាចបព្វជិតភាពចូលក្នុងជីវិតយើង » ។14
ឧទាហរណ៍ សូមពិចារណាពីពិសពុលនៃការរីករាលដាលការណ៍អាសគ្រាមពាសពេញពិភពលោក ។ បទដ្ឋានព្រះអម្ចាស់នៃភាពស័ក្តិសមពុំអនុគ្រោះឲ្យមានការណ៍អាសគ្រាមចំណោមអធិបតីក្នុងពិធីបរិសុទ្ធបព្វជិតភាពឡើយ ។ ព្រះសង្គ្រោះមានបន្ទូលថា ៖
« ចូរប្រែចិត្តពី … អំពើខ្ពើមឆ្អើមដ៏សម្ងាត់ទាំងឡាយរបស់អ្នក » ។15
« ចង្កៀងរបស់រូបកាយ គឺជាភ្នែក ។ … បើភ្នែកអ្នកអាក្រក់ នោះរូបកាយអ្នកទាំងមូលនឹងត្រូវងងឹតសូន្យ » ។16
« [ ត្បិត ] អ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានដំរេកសម្រើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្ដីបំផិតនឹងនាងនោះ នៅក្នុងចិត្តខ្លួននហើយ » ។17
ដូចជាអែលឌើរ ដេវីឌ អេ បែដណា បានមានប្រសាសន៍ថា ការចាត់ចែង និងចែកចាយសាក្រាម៉ង់ ប្រសិទ្ធពរអ្នកឈឺ ឬរួមចំណែកក្នុងពិធីបរិសុទ្ធផ្សេងទៀតដោយពុំសក្តិសម គឺចេញព្រះនាមព្រះជាអសារឥតការហើយ ។18 បើអ្នកកាន់បព្វជិតភាពម្នាក់ពុំស័ក្តិសម គាត់គួរចៀសវាងពីការធ្វើពិធីបរិសុទ្ធបព្វជិតភាព ហើយគួរទៅជួបប៊ីស្សពជាជំហានដំបូងក្នុងការប្រែចិត្ត និងរស់តាមបទបញ្ញត្តិឡើងវិញ ។
ការបន្ទាបខ្លួន
រៀងមួយទៀត ដែលយើងដឹងគឺថា ពរជ័យបព្វជិតភាពមានហូរហៀរក្នុងគ្រួសារ ដែលមានម្ដាយ និងឪពុកសុចរិតដឹកនាំកូនៗដោយសាមគ្គីភាព ។ តែយើងក៏ដឹងដែរថា ព្រះប្រទានពរជ័យដូចគ្នាទាំងនេះយ៉ាងច្រើន ដល់អ្នកដែលស្ថិតក្នុងកាលៈទេសៈផ្សេងទៀតជាច្រើន ។19
ម្ដាយមួយរូប ដែលមានបន្ទុកទាំងខាងវិញ្ញាណ និងខាងសាច់ឈាមសម្រាប់គ្រួសារគាត់ បានរ៉ាយរ៉ាប់ដោយទោរទន់ថា ការសុំឲ្យគ្រូបង្រៀនតាមផ្ទះប្រសិទ្ធិពរកូនគាត់ម្នាក់ តម្រូវឲ្យគាត់មានចិត្តរាបសា ។ តែគាត់ពោលបន្ថែមដោយយល់ច្បាស់ថា វាពុំតម្រូវការរាបសាច្រើនជាងការណ៍ ដែលគ្រូបង្រៀនតាមផ្ទះគាត់មាន ពេលពួកគាត់ត្រៀមខ្លួនដើម្បីប្រសិទ្ធិពរកូនគាត់ឡើយ ។20
កូនសោបព្វជិតភាព
យើងដឹងថា កូនសោបព្វជិតភាព ដែលសមាជិកនៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកដប់ពីរនាក់កាន់ ដឹកនាំកិច្ចការនៃព្រះលើផែនដី ។ កូនសោបព្វជិតភាពសំខាន់ៗត្រូវប្រគល់ឲ្យប្រធានស្តេក និងប៊ីស្សពសម្រាប់ការកាន់កាប់ក្នុងតំបន់ពួកគាត់ ។ ហើយពួកគាត់ហៅបុរស និងស្ត្រីដោយវិវរណៈ ដែលត្រូវគាំទ្រ និងញែកចេញឲ្យប្រព្រឹត្តសិទ្ធិអំណាចដែលបានផ្ទេរឲ្យបង្រៀន និងបម្រើ ។21
ខណៈដែលមានរឿងជាច្រើន យើងដឹងអំពីបព្វជិតភាព ដែលយើងមើលឃើញតាមកែវភ្នែកនៃជីវិតរមែងស្លាប់ ពុំផ្ដល់នូវការយល់ដឹងពេញលេញអំពីកិច្ចការនៃព្រះជានិច្ចទេ ។ ប៉ុន្តែការរំឭកដ៏ទន់ភ្លន់របស់ទ្រង់ថា « គំនិតយើង មិនមែនដូចជាគំនិតឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់យើងដែរ »22 ដែលអះអាងនឹងយើងថា ដោយទស្សនៈវិស័យពីគ្រានេះ និងគ្រាអស់កល្ប នោះយើងនឹងមើលឃើញ « តាមដែលមាននៅពេលនេះ »23 ហើយយល់ពីក្ដីស្រឡាញ់ដ៏ឥតខ្ចោះទ្រង់កាន់តែច្បាស់ ។
យើងស្ម័គ្រចិត្តបម្រើ ។ ពេលខ្លះយើមានអារម្មណ៍រំភើបនឹងការហៅយើង ហើយចង់សុំធ្វើកាន់តែច្រើន ។ ពេលខ្លះទៀត យើងមានអំណរគុណ ដែលដល់ពេលត្រូវដោះលែងយើង ។ យើងពុំកំណត់ការហៅ ដែលយើងទទួលទេ ។24 ខ្ញុំបានរៀនមេរៀននេះពេលទើបរៀបការហើយ ។ ក្នុងនាមជាស្វាមីភរិយាវ័យក្មេង ភរិយាខ្ញុំ ខាធី និងខ្ញុំបានរស់នៅរដ្ឋ ហ្វូរីដា ។ ថ្ងៃអាទិត្យមួយ ទីប្រឹក្សាគណៈប្រធានស្តេកម្នាក់បានពន្យល់ប្រាប់ខ្ញុំថា ពួកគាត់មានការស្ងប់ស្ងែងចង់ហៅ ខាធី ធ្វើជាគ្រូថ្នាក់សិក្ខាសាលាពេលព្រលឹម ។
ខ្ញុំសួរថា « តើយើងនឹងធ្វើវាដូចម្ដេចទៅ ? យើងមានកូនតូចៗ ថ្នាក់សិក្ខាសាលាចាប់ផ្ដើមនៅម៉ោង 5ព្រឹក ហើយខ្ញុំជាប្រធានយុវជនប្រចាំវួដ » ។
ទីប្រឹក្សារូបនោះញញឹម ហើយបន្លឺថា « វានឹងគ្មានបញ្ហាទេ បងប្រុស អាន់ឌើរសិន។ យើងនឹងហៅភរិយាបងប្រុស ហើយនឹងដោះលែងបងប្រុស » ។
ហើយនោះជាអ្វី ដែលបានកើតឡើង ។
ការរួមចំណែករបស់ស្ត្រី
ការចោទសំណួរដោយស្មោះ ហើយស្ដាប់គំនិត និងកង្វល់ដែលពោលដោយស្ត្រី គឺសំខាន់ក្នុងជីវិត អាពាហ៌ពិពាហ៌ និងការស្ថាបនានគរព្រះ ។
ក្នុងសន្និសីទទូទៅកាលពីម្ភៃឆ្នាំមុន អែលឌើរ អិម រ័សុល បាឡឺដ បានតំណាលពីកិច្ចសន្ទនា ដែលលោកបានធ្វើជាមួយប្រធានសមាគមសង្គ្រោះ ។ មានសំណួរមួយត្រូវចោទឡើងពីការបង្កើនភាពស័ក្តិសមនៃការត្រៀមខ្លួនបម្រើបេសកកម្មរបស់យុវវ័យ ។ ស៊ីស្ទើរ អេលែន ចាក មានប្រសាសន៍ដោយញញឹមថា « តើលោកដឹងទេ អែលឌើរ បាឡឺដ [ ស្ត្រី ] នៃសាសនាចក្រអាចនឹងមានការណែនាំល្អ … បើពួកគាត់ [ ត្រូវ ] គេសួរសំណួរនេះ ។ សរុបសេចក្ដីទៅ … យើងជា ម្ដាយរបស់ពួកគេ ! » 25
ប្រធាន ថូម៉ាស អេស ម៉នសុន មានប្រវត្តិវែងឆ្ងាយពីការសុំឲ្យ និងរ៉ាប់រងកង្វល់របស់ស្ត្រី ។ ស្ត្រីដែលមានអានុភាពចំពោះលោកខ្លាំងបំផុត គឺស៊ីស្ទើរ ហ្វ្រានសេស ម៉នសុន ។ យើងនឹកគាត់ខ្លាំងណាស់ ។ ទើបតែកាលពីថ្ងៃព្រហស្បត្តិ៍មុននេះដែរ ប្រធាន ម៉នសុន ក៏រំឭកពួកអ្នកមានសិទ្ធិអំណាចទូទៅពីរបៀប ដែលលោករៀនពីស្ត្រីមេម៉ាយ 84 រូបក្នុងវួដរបស់លោកក្នុងនាមជាប៊ីស្សព ។ ពួកគាត់ទទួលឥទ្ធិពលអស្ចារ្យក្នុងការបម្រើ និងជីវិតរបស់លោក ។
ពុំមានការភ្ញាក់ផ្អើលឡើយ មុនពេលការសម្រេចចិត្តប្រកបដោយការអធិស្ឋានរបស់ប្រធានម៉នសុន អំពីការផ្លាស់ប្ដូរអាយុបម្រើផ្សាយសាសនា នោះមានការពិភាក្សាច្រើនជាមួយគណៈប្រធានសមាគមសង្គ្រោះទូទៅ យុវនារី និងអង្គការបឋមសិក្សា ។
ប៊ីស្សព ពេលលោកធ្វើតាមគំរូនៃប្រធាន ម៉នសុន លោកនឹងមានអារម្មណ៍ថា ព្រះហស្ថព្រះ ប្រទានពរកិច្ចការពិសិដ្ឋលោកកាន់តែបរិបូណ៌ឡើងថែមទៀត ។
ពួកយើងបានរស់នៅប្រទេស ប្រេស៊ីល អស់រយៈពេលបីបួនឆ្នាំ ។ មិនយូរប៉ុន្មានក្រោយពីត្រឡប់មកវិញ ខ្ញុំជួប អាឌែលសិន ផារែឡា ដែលបម្រើជាពួកចិតសិប ហើយបងប្អូនប្រុសលោក អាឌីលសុន បម្រើជាប្រធានស្តេករបស់យើង ។ ក្រោយមកខ្ញុំជួបបងប្អូនប្រុសពួកលោក អាដាលថុន បម្រើជាប្រធានស្តេកនៅ ហ្វ្លរីអានណូផូលី និងបងប្អូនប្រុសម្នាក់ទៀត អាឌែលម៉ូ បម្រើជាប៊ីស្សព ។ ខ្ញុំភ្ញាក់ផ្អើលពីក្ដីជំនឿនៃបងប្អូនប្រុសទាំងនេះ ហើយខ្ញុំបានសួរពីឪពុកម្ដាយរបស់ពួកលោក ។
គ្រួសារនោះជ្រមុជទឹកនៅទីក្រុង សាន់តូស ប្រទេស ប្រេស៊ីល កាលពី 42 ឆ្នាំមុន ។ អាឌីលសុន ផារែឡា បាននិយាយថា « ដំបូងឡើយ ឪពុកយើង ហាក់ដូចជារំភើបពីការចូលសាសនាចក្រ ។ តែក្រោយមិនយូរប៉ុន្មាន គាត់ប្រែជាពុំសូវសកម្ម ហើយបានសុំឲ្យម្ដាយយើងកុំចូលសាសនាចក្រ » ។
អាឌីលសុន ប្រាប់ខ្ញុំថា ម្ដាយលោកដេរសម្លៀកបំពាក់ឲ្យអ្នកជិតខាង ដើម្បីបានប្រាក់បង់ថ្លៃឡានក្រុងដឹកកូនៗគាត់ទៅព្រះវិហារ ។ ក្មេងប្រុសតូចទាំងបួននាក់ដើរត្រសងជាងពីរគីឡូម៉ែតទៅក្រុងមួយទៀត ឡើងជិះឡានក្រុងអស់ 45 នាទី ហើយក្រោយមកដើរ 20 នាទីទៀតទៅកាន់ព្រះវិហារ ។
ទោះជាពុំអាចទៅព្រះវិហារជាមួយកូនៗបាន ក៏បងស្រី ផារែឡា អានគម្ពីរជាមួយកូនប្រុសស្រី បង្រៀនគេពីដំណឹងល្អ និងអធិស្ឋានជាមួយគេ ។ គេហដ្ឋានដ៏រាបសាពួកគេពេញដោយពរជ័យសន្ធឹកសន្ធាំនៃអំណាចបព្វជិតភាព ។ ក្មេងប្រុសតូចៗនោះចម្រើនវ័យឡើង បម្រើបេសកកម្ម មានការអប់រំ និងរៀបការក្នុងព្រះវិហារបរិសុទ្ធ ។ ពរជ័យបព្វជិតភាពបានបំពេញគេហដ្ឋានពួកគេ ។
ច្រើនឆ្នាំក្រោយមក ក្នុងនាមជាស្ត្រីនៅលីវ វ៉ានី ផារែឡា បានចូលព្រះវិហារបរិសុទ្ធទទួលអំណោយទានពិសិដ្ឋ ហើយបម្រើបីបេសកកម្មនៅប្រេស៊ីល ។ ឥឡូវវ័យ 84 ឆ្នាំហើយ ក្ដីជំនឿគាត់បន្តប្រទានពរជំនាន់ ដែលដើរតាមគន្លងគាត់ ។
ទីបន្ទាល់ និងការសន្យា
ចេស្ដានៃបព្វជិតភាពដ៏បរិសុទ្ធនៃព្រះ មាននៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ពេលអ្នករួមចំណែកយ៉ាងសក្តិសមក្នុងពិធីបរិសុទ្ធនៃបព្វជិតភាព ព្រះនឹងប្រទានអ្នកនូវកម្លាំង សន្តិភាព និងទស្សនវិស័យកាន់តែច្រើន ។ ទោះជាកាលៈទេសៈណាក៏ដោយ គេហដ្ឋានអ្នកនឹង « ទទួលពរពីអំណាចបព្វជិតភាព » និងអ្នកដែលស្និទ្ធស្នាលនឹងអ្នក នឹងចង់បានពរជ័យទាំងនេះសម្រាប់ខ្លួនគេ ។
ក្នុងនាមជាបុរសស្ត្រី បងប្អូនប្រុសស្រី បុត្រាបុត្រីនៃព្រះ យើងជឿនទៅមុខទាំងអស់គ្នា ។ នេះជាឱកាស ទំនួលខុសត្រូវ និងពរជ័យយើង ។ នេះជាជោគវាសនា — ដើម្បីរៀបចំនគរព្រះសម្រាប់ការយាងមកនៃព្រះអង្គសង្គ្រោះ ។ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។