ឆ្នាំ ២០១០-២០១៩
កម្លាំង​សីលធម៌​របស់​ស្ត្រី
តុលា 2013


2:3

កម្លាំងសីលធម៌​របស់​ស្ត្រី

ការ​ញ្ញាណ​ដឹង​របស់​អ្នក គឺ​ដើម្បី​ធ្វើ​ល្អ និង​មាន​ចិត្តល្អ ហើយ​កាល​អ្នក​ធ្វើ​តាម​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​សិទ្ធិ​អំណាច និង​អានុភាព​ខាង​សីលធម៌​របស់​អ្នក​នឹងលូត​លាស់​ឡើង ។

ជា​យូរ​លង់មក​ហើយ ពហុ​សង្គម​បាន​ពឹងពាក់​លើ​កម្លាំង​សីលធម៌​របស់​ស្ត្រី ។ ថ្វី​បើ​ប្រហែលជា​វា​​ពុំ​មែន​ជា​ឥទ្ធិពល​វិជ្ជមាន​ក្នុង​អាជីពកម្ម​ក្នុង​សង្គមក្ដី តែគ្រឹះ​សីលលធម៌ដែល​ស្ត្រី​ផ្តល់ឲ្យ​មានប្រយោជន៍​ជា​ពិសេស​ដល់​មនុស្ស​គ្រប់​រូប ។ ប្រហែលជា​​​វា​សំខាន់ ទើបជា​រឿយៗ​កម្លាំង​សីលធម៌​របស់​ស្ត្រី​ពុំ​សូវ​បាន​គេឲ្យ​​តម្លៃ ។ ខ្ញុំ​សូម​សម្ដែងអំណរគុណ​ចំពោះ​ឥទ្ធិពល​នៃ​ស្ត្រីៗ​ដ៏ឆ្នើម ដែល​រក​ឃើញ​ទស្សនៈ និងនិន្នាការ​ដែល​គំរាម​កំហែង​ចំពោះ​កម្លាំង និង ជំហរ​របស់​ស្ត្រីៗ​ ហើយ​សូមអង្វរ​ចំពោះ​ស្រ្តី​ឲ្យ​បណ្តុះអំណាច​​សីលធម៌​ពី​ក្នុង​ជម្រៅ​ចិត្ត​ពួកគេ ។

ស្ត្រី​កើត​មក​ក្នុង​លោកីយ ជាមួយ​នឹង​គុណធម៌ អំណោយទាន​ដ៏​​ទេវភាព ដែល​ធ្វើ​ឲ្យ​ពួក​គាត់​អាច​ដាក់​បញ្ចូល​គុណ​សម្បត្តិ​ដូចជា សេចក្តី​ជំនឿ សេចក្តីក្លាហាន មេត្តា​ធម៌ និង ការ​ពង្រីក​បន្ថែម​ក្នុង​ទំនាក់​ទំនង និង​ក្នុង​វប្បធម៌ ។ សាវក​ប៉ុល​បាន​កោត​សរសើរ « សេចក្តីជំនឿ​ស្មោះ​ត្រង់ » ដែល​លោកបានឃើញក្នុងធីម៉ូថេ គាត់​សំគាល់​ឃើញ​សេច​ក្តី​ជំនឿ​នេះ « នៅ​ក្នុង​យាយ​ឡូអ៊ីស ជា​ជីដូន​របស់​អ្នក​ជា​មុន​ដំបូង រួច​មក​ក៏មាន​​នៅ​ក្នុង​អ្នក​អ៊ើនីស ជា​ម្ដាយ​អ្នក​ដែរ » ។ 1

ច្រើន​ឆ្នាំ​កន្លង​ទៅ ពេល​រស់​នៅ​ប្រទេស ម៉ិកស៊ិក ខ្ញុំ​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ពីអត្ថន័យ​នៃ​ប្រសាសន៍​របស់​ប៉ុល ។ ខ្ញុំ​ចាំ​ពី​ម្តាយ​វ័យ​ក្មេង​ម្នាក់ ក្នុង​ចំណោម​ស្ត្រីៗ​នៃ​សាសនា​ចក្រ នៅ​ប្រទេស ម៉ិកស៊ិក ដែល​សេចក្តី​ជំនឿ​លើ​ព្រះ​របស់ពួកគាត់ បាន​ផ្លាស់ប្តូរ​ជីវិត​ពួក​គាត់ ដែល​ស្ទើរ​តែ​គ្មាន​គេ​ចាប់​អារម្មណ៍​​សោះ ។ ស្រ្តី​គួរ​ឲ្យ​ស្រឡាញ់​រូប​នេះ បាន​ជះ​រស្មី​អំណាច​ខាង​សីលធម៌ ​កើត​ចេញពី​ភាព​ល្អ ដែល​មាន​អានុភាព​ប្រពៃ​ដល់​អ្នក​នៅ​ជុំ​វិញ​គាត់ ។ គាត់​បានលះ​បង់​ចំណូល​ចិត្ត និង​ទ្រព្យសម្បត្តិ​ជា​ច្រើន សម្រាប់​អាទិភាព​ដ៏​ប្រសើរ​ជាង​របស់​គាត់ ដែល​ហាក់​ដូចជា​គ្មាន​ចិត្ត​ស្តាយ​ក្រោយ​ឡើយ ។ សមត្ថភាព​គាត់​ដើម្បី​លើក​កម្ពស់ បត់បែន និង​ទ្រទ្រង់​កូនៗ​របស់​គាត់ ស្ទើរតែ​មិន​អាច​ប្រៀប​ផ្ទឹម​បាន​ឡើយ ។ ទំនួល​ខុស​ត្រូវ​គាត់​ធំ​ក្រៃលែង និង​ធុរៈ​គាត់​ជា​ញយៗ​ច្រំ​ដែលៗ ហើយ​សាមញ្ញ ។ ក៏​ដូចព្រះ​អង្គ​សង្គ្រោះ​ដែរ ការ​ប្រទានពរ​ដល់​អ្នក​ដទៃ​ដោយ​ការ​បម្រើ និង​ពលិកម្ម ​បានលើក​​តម្កើង​គាត់​ឡើង ។ ស្ត្រី​រូប​នោះ ជា​តួរ​យ៉ាង​នៃ​ក្តី​ស្រឡាញ់ ។

ខ្ញុំ​បាន​ទទួល​ពរ​ឥត​គណនា ដោយ​អានុភាព​សីលធម៌​របស់​ស្ត្រី ជា​ពិសេស​ម្តាយ​ខ្ញុំ និង ភរិយា​ខ្ញុំ ។ ក្នុង​ចំណោម​ស្ត្រី​ឯ​ទៀត ដែល​ខ្ញុំ​កោត​សរសើរដោយ​​អំណរ​គុណ​ គឺ អាន់ណា ឌេនណេស ។ អាន់ណា និង​ស្វាមីគាត់ ហិនរី និង​កូនៗ​ទាំង​បួននាក់ ជា​អ្នក​ត្រួស​ត្រាយ​នៃ​សាសនាចក្រ នៅរដ្ឋ ញ៉ូវ ជេស៊ី សហរដ្ឋ​អាមេរិក ។ នៅ​ដើម​ឆ្នាំ 1930 ពេល ហិនរី នៅ​ជា​និសិត្ស​ថ្នាក់បណ្ឌិត​ម្នាក់​នៅ​សកល​វិទ្យាល័យ រ៉ត់ជើរ នោះ​គាត់ និង អាន់ណា បាន​ធ្វើការ​ដោយ​មិន​ចេះ​នឿយ​ហត់ នៅ​តាមសាលា​រៀន និង​អង្គការ​សង្គម​ស៊ីវិល​នានានៅទីក្រុង មេទុឆេន ជាក្រុង​​ដែល​ពួកគេ​បាន​រស់នៅ ដើម្បី​យក​ឈ្នះ​លើ​ការលំអៀងយ៉ាង​ខ្លាំង​ទាស់​នឹង​ពួក​មរមន និង​ដើម្បី​ធ្វើ​ឲ្យ​សហគមន៍ ក្លាយ​ជា​ទី​កន្លែង​កាន់​តែ​ប្រសើរ សម្រាប់​ឪពុក​ម្ដាយ​គ្រប់​រូប បី​បាច់​កូនៗ​ពួកគេ ។

ឧទាហរណ៍ អាន់ណា បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​នៅ​ YMCA នៅ​ទីក្រុង មេទុឆេន ហើយ​បាន​ធ្វើ​ខ្លួន​ឯងក្លាយ​​ជា​មនុស្ស​ដ៏សំខាន់ ។ ក្នុង​រយៈពេល​តែ​មួយ​ឆ្នាំ គាត់​ត្រូវបាន​គេ​តែង​តាំង​ជា​ប្រធាន​នៃ​អង្គការ​ជំនួយ​របស់​ម្ដាយ រួចហើយ​​គាត់​ត្រូវ​ស្នើ​ឲ្យ​ធ្វើ​ជា​ប្រធាន​អង្គការ​ជំនួយ ។ នៅ​ពេល​វគ្គ​ទាំង​ពីរ​របស់​គាត់​បញ្ចប់ គាត់​ត្រូវបាន​​ស្នើរសុំ​​ឲ្យ​ឈរ​ឈ្មោះជា​​បេក្ខជន​សម្រាប់​តំណែង​មួយក្នុង​​ចំណោម​តំណែង​ទាំង​បី​របស់​ស្ត្រី ក្នុង​ក្រុម​ប្រឹក្សា​នាយក ។ គាត់​បាន​ជាប់​ឆ្នោត​ដោយ​គ្មាន​ការ​ជំទាស់ ដូច្នេះ​គាត់​បាន​ចូល​រួមក្នុង​​ក្រុម​ប្រឹក្សា ដែលមាន​រយៈ​ពេល​​តែ​ពីរ​បី​ឆ្នាំ មុន​ពេល​ត្រូវ​​បានគេ​​បដិសេធ​មិន​ឲ្យ​ពួក​បរិសុទ្ធ ជួបជុំ​ក្នុង​អគារ​ពួកគេ! » 2

គ្រួសារ​ខ្ញុំ​បាន​ផ្លាស់ទៅ​វួដ​ញ៉ូវប្រាន់ស្វីគ ពេល​ខ្ញុំ​មាន​វ័យ​ជំទង់ ។ បងស្រី ឌេនណេស បាន​សង្កេត​មើល​ខ្ញុំ ហើយ​ជា​រឿយៗ​បាន​បង្ហាញ​ការ​ជឿជាក់​របស់​គាត់​ចំពោះ​សមត្ថភាព និង​សុក្ដានុពល​របស់ខ្ញុំ ដែល​បាន​បំផុស​គំនិត​ខ្ញុំ​ឲ្យ​តាំង​ចិត្ត​ខ្ពស់---គឺ​ខ្ពស់​ជាងអ្វី​ដែល​ខ្ញុំ​អាច​មាន​ បើ​សិន​ជា​គ្មាន​ការ​លើក​ទឹកចិត្ត​ពី​គាត់​នោះ ។ គ្រា​មួយ ដោយ​ព្រោះ​តែ​ការ​ព្រមាន​ដិត​ដល់ និង​ទៀងទាត់​ពី​គាត់ ខ្ញុំ​បាន​ចៀស​ផុត​ពីស្ថានភាព​មួយ​ដែល​អាច​នឹង​ដឹកនាំ​ខ្ញុំ​ទៅ​រក​ការ​ស្ដាយ​ក្រោយ ។ ថ្វី​បើ​គាត់​មិន​នៅ​ទី​នេះ​ទៀត​ក្ដី តែ​អានុភាព អាន់ណា ឌេនណេស នៅ​តែ​បន្តមាន ហើយ​​ឆ្លុះបញ្ចាំងនៅ​ក្នុង​​​ពូជពង្ស​គាត់​ និង​អ្នក​ដទៃទៀត​រាប់មិន​អស់ រួម​ទាំង​រូប​ខ្ញុំ​ផងដែរ ។

ជីដូន​ខ្ញុំ អាឌេណា វ័រនីក ស្វេនសិន បាន​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​ដឹង​ខុស​ត្រូវ​ក្នុង​ការ​បម្រើ​ខាង​បព្វជិតភាព ។ គាត់​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យ​ទន្ទេញ​ពាក្យពេចន៍​នៃ​ការ​ប្រសិទ្ធិពរ នំបុ័ង និង​ទឹក ដោយ​ពន្យល់​ថា តាម​របៀប​នេះ ខ្ញុំ​អាច​បង្ហាញ​ពួកគេ​នូវ​ការយល់​ដឹង និង​អារម្មណ៍​កាន់តែ​ជ្រាលជ្រៅ ។ ការ​សង្កេត​មើល​​ពី​របៀប ដែល​គាត់​គាំ​ទ្រ​ជីតា​ខ្ញុំ ​ជា​លោក​អយ្យកោ​ស្តេក បាន​បង្កើត​គារវភាព​ក្នុង​​ខ្ញុំ ចំពោះ​អ្វីៗ​ដែល​ពិសិដ្ឋ ។ ជីដូន ស្វេនសិន ពុំ​ចេះ​បើក​​ឡានទេ តែ​គាត់​ដឹង​ពី​របៀប​ជួយ​ដល់​ក្មេង​ប្រុស​ឲ្យ​ក្លាយ​ជា​បុរស​ដែល​កាន់​បព្វជិតភាពបាន ។

ការ​មាន​អានុភាព​ខាង​សីលធម៌​របស់​ស្ត្រី​ម្នាក់​ក្នុង​គេហដ្ឋាន គឺឥទ្ធិពល​ដ៏​ខ្លាំងក្លាជាង​ទី​កន្លែង​ណាៗ​ទាំងអស់​ទៀត ។ គ្មាន​កន្លែង​ណា​ប្រសើរ​ជាង​នេះ សម្រាប់​ការ​ចិញ្ចឹម​បីបាច់​ជំនាន់​ដែល​កំពុង​ពេញ​វ័យ ជាង​ប្រពៃណីក្នុង​​គ្រួសារ​ឡើយ ដែល​ជា​កន្លែង​ឪពុក និង​ម្ដាយ​ធ្វើការ​ជាមួយ​គ្នា​ក្នុង​ការបង្រៀន និង​បីបាច់​កូនៗ ។ កន្លែង​ណា ដែល​ពុំ​មាន​លំនាំ​នេះ មនុស្ស​ខំ​​ព្យាយាម​បង្កើន​កិច្ចខិត​ខំ​ទេ្វរ​ដង​​យ៉ាង​អស់​ពី​សមត្ថភាព​ពួកគេ ក្នុង​គ្រប់​កាលៈទេសៈ ។

នៅ​គ្រប់​​ស្ថានភាព ម្តាយ​អាច​បញ្ចេញ​អានុភាព​ ដែល​ពុំ​អាច​ប្រៀប​បាន ខ្លាំងជាង​អ្នក​ដទៃ ឬ​ក្នុង​ទំនាក់​ទំនង​ផ្សេង​ទៀតទាំងអស់​ ។ ដោយ​អំណាច​នៃ​គំរូ និង​ការង្រៀន​របស់​គាត់ នោះ​កូន​ប្រុសៗ​គាត់ រៀន​គោរព​ភាព​ជា​ស្ត្រី ​រួមទាំង​មាន​​វិន័យ និង​បទដ្ឋាន​​សីលធម៌​ខ្ពស់​ក្នុង​ជីវិត​ពួកគេ ។ កូន​ស្រីៗ​គាត់​រៀនដើម្បី​អភិវឌ្ឍគុណធម៌ ហើយ​ឈរ​សម្រាប់អ្វី​ដែល​ត្រឹមត្រូវ ដែល​មិនពេញ​និយម​ម្ដង​ហើយ​ម្ដងទៀត ។ សេចក្ដីស្រឡាញ់ និង ការ​រំពឹង​ដ៏​ខ្ពស់​របស់​ម្តាយ នាំ​កូនៗ​គាត់​ឲ្យ​រស់​នៅ ដោយ​គ្មាន​ការ​ដោះ​សារ ឲ្យ​ចេះ​ទទួល​ខុស​ត្រូវ ហើយ​ហ្មត់​ចត់​ចំពោះ​ការ​អប់រំ និង ការ​អភិវឌ្ឍន៍​ផ្ទាល់​ខ្លួន ហើយ​​បន្ត​លះបង់​ ដើម្បី​សុខុមាល​ភាព​អ្នក​នៅជុំវិញ​ពួកគេ ។ គ្រា​មួយ អ៊ែលឌើរ នែល  អេ ម៉ាក់ស្វែល បាន​សួរ​ថា « ពេល​ប្រវត្តិ​សាស្ត្រ​ពិត​របស់​មនុស្ស​លោក ត្រូវ​បើក​សម្ដែង​ទាំង​ស្រុង នោះ​តើ​វា​នឹង​បន្លឺសូរ​សំឡេង​កាំ​ភ្លើង ឬក៏​​ជា​ទំនុក​ចម្រៀង​បំពេរ​កូន ? តើ​ការ​បញ្ឈប់​សង្គ្រាម កើត​ឡើង​ដោយ​សារ​​កង​យោធា ឬក៏​ដោយ​សារ​​ស្រ្តី​​ជា​អ្នក​​បង្កើត​ភាព​សុខសាន្តក្នុង​ផ្ទះ និង​ក្នុង​ភូមិ ? តើ​​អ្វីដែល​បាន​​កើត​ឡើង​ក្នុង​អង្រឹង និង ជើង​ក្រាន នឹង​​​បង្ហាញ​ថា​​មាន​អានុភាព​ខ្លាំង​ជាង​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​រដ្ឋ​សភាឬ » ? 3

មុខ​តំណែង​ដ៏​ពិសិដ្ឋ​បំផុត​របស់​ស្ត្រី គឺ​ការ​បង្កើត​ជីវិត ។ យើង​ដឹង​ថា រូបកាយ​យើង​មាន​ដើម​កំណើត​ទេវភាព 4 ហើយ​ថា​យើង​ត្រូវទទួល​បទ​​ពិសោធន៍ ​ទាំងកំណើត​ខាង​រូបកាយ និង​ការ​កើត​ជា​ថ្មី​ខាង​វិញ្ញាណ ដើម្បី​ឆ្ពោះ​ទៅ​ដល់​ពិភព​ដ៏​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល​របស់​ព្រះ ។ 5 ដូច្នេះ ស្ត្រី​មាន​មុខ​ងារ​សំខាន់ ដែល​ជួនកាល​ស្ទើរ​តែ​លះ​បង់​ជីវិត​ខ្លួន​​ក្នុង​កិច្ចការ និង សិរី​ល្អ​របស់​ព្រះ « ដើម្បី​នាំ​ឲ្យ​មាន​អមតៈភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ។ 6 ក្នុង​នាម​ជា​ជីដូន ម្តាយ និង​អ្នក​តាំង​ជា​គំរូ ស្ត្រី​បាន​ធ្វើ​ជា​អ្នក​គាំពារ​កូន​ចៅ​ខ្លួន​ដោយ​បង្រៀន​ដល់​តំណរ​នីមួយ​ៗ ពី​សារៈ​សំខាន់​នៃ​ភាព​បរិសុទ្ធ​ខាង​ផ្លូវ​ភេទ — គឺ​ព្រហ្មចារី​ភាព​មុន​អាពាហ៍​ពិពាហ៍ និងភាព​​ស្មោះត្រង់ក្នុង​ចំណង​អាពាហ៍​ពិពាហ៍ ។ តាម​របៀប​នេះ ពួកគេ​ជះ​ឥទ្ធិពល​​​អារ្យ​ធម៌​ក្នុង​សង្គម បង្កើត​មនុស្ស​ដ៏​ឆ្នើម ដែល​ពួកគេ​បាន​បន្ត​បរិយា​កាស​ដ៏​ល្អ​ក្នុង​ការ​ចិញ្ចិម​បីបាច់​កូនៗ ឲ្យ​មាន​សុវត្ថិភាព និង​សុខភាព​មាំមួន ។

បង​ប្អូន​ស្រ្តី​អើយ ខ្ញុំ​មិន​ចង់​បញ្ជោរ​អ្នក ដូច​ក្នុង​ការ​និយាយ​ពេល​បុណ្យម្តាយ ដែល​ធ្វើ​ឲ្យ​អ្នក​រួញ​ខ្លួន​នោះ​ឡើយ ។ អ្នក​មិន​ចាំ​បាច់​ល្អ​ឥតខ្ចោះ​នោះ​ទេ ខ្ញុំ​ក៏​មិន​អះអាង​ថា អ្នក​ល្អ​ឥត​ខ្ចោះ​ដែរ ។7 ខ្ញុំ​ចង់​មាន​ន័យ​ថា ថ្វី​បើ​អ្នក​នៅ​លីវ ឬ​រៀបការ​ហើយក្ដី ជា​ម្តាយ ឬ​ពុំ​មែនក្ដី ជា​មនុស្ស​ចាស់ ឬ​ក្មេង ឬ​ពាក់​កណ្ដាល​វ័យ​ក្ដី សិទ្ធិ​អំណាច​ខាង​សីលធម៌​អ្នក ពិត​ជា​សំខាន់ណាស់​ ហើយឥឡូវ​​ប្រហែល​ជា​​​យើង​បានចាប់​​ផ្តើម​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​គុណ​សម្បត្តិ​នោះទេ ។ ប្រាកដ​ណាស់ មាន​និន្នាការ និង​ឋាមពល​ជាច្រើន​កំពុងតែធ្វើ​​ចលនាដើម្បី​​នឹង​បន្ថយ ហើយ​ព្រម​ទាំងលុប​បំបាត់​​អានុភាព​អ្នក​ចោល ដើម្បី​បំផ្លាញបុគ្គល​ម្នាក់ៗ គ្រួសារ និង​សង្គម​ទាំង​មូល ។ ​ខ្ញុំសូម​​ផ្តល់​ជា​ការ​ប្រុង​ប្រយ័ត្ន និង​ការ​ព្រមាន​ចំនួន​បីយ៉ាង​ ។

ទស្សនៈ​ដ៏​គ្រោះ​ថ្នាក់ ដែល​បន្ទាប​បន្ថោក​អានុភាព​ខាង​សីលធម៌​ស្ត្រី គឺ​ការ​កាត់​បន្ថយ​តម្លៃ​នៃ​អាពាហ៍​ពិពាហ៍ និង​ភាព​ជា​ម្តាយ និង​អាជីព​ជា​មេផ្ទះ ។ មាន​អ្នក​ខ្លះសម្ដែង​ការ​មិន​ពេញ​ចិត្ត​លើ​វិជ្ជា​មេផ្ទះ ដោយ​ជំទាស់​ថា វា​ពុំ​ផ្ដល់​កិត្តិយស​ឲ្យ​ស្ត្រី ហើយ​ថា ការ​ថែ​ទាំ​ចិញ្ចឹម​កូន ​ជា​ទម្រង់​ការកេង​ប្រវ័ញ្ច​ទៅ​វិញ ។8 ពួកគេ​ចំអក​ដាក់ « ម្ដាយ​ដែល​យក​អាជីព​ជា​វិជ្ជា​មេផ្ទះ » ។ នោះ​គឺ​មិន​យុត្តិធម៌ និង​ត្រឹមត្រូវ​ឡើយ ។ យើង​មិន​បន្ទាប​តម្លៃ​ស្ត្រី និង​ប្រុស ដែល​ជោគជ័យ​ក្នុង​ការ​ប្រឹងប្រែង ឬ​អាជីព​ណា​មួយ​ទេ---យើង​ទាំងអស់​ទទួល​អត្ថប្រយោជន៍​ពី​ជោគជ័យ​ទាំងនោះ--- តែយើង​នៅ​តែ​ទទួលស្គាល់​ថា គ្មាន​ការប្រសើរ​ណា ដែល​ប្រសើរ​ជាង​ភាព​ជា​ម្តាយ ឬ​ឪពុក​ក្នុង​អាពាហ៍​ពិពាហ៍​ឡើយ ។ គ្មាន​អាជីព​ប្រសើរ​ណា ទឹក​លុយ​ណា អំណាច​ណា ឬ​មុខ​មាត់ជា​​សាធារណៈ​ណា អាច​មាន​តម្លៃ​ខ្ពស់​ជាង​ជ័យ​លាភីដ៏​​ធំ​បំផុត​នៃ​គ្រួសារ​ឡើយ ។ ​ស្ត្រី​ម្នាក់​អាច​សម្រេចបាន​នូវ​អ្វីៗ​ផ្សេង​ទៀត តែ​​អានុភាព​ខាង​សីលធម៌​របស់​គាត់ មាន​តម្លៃខ្ពស់​​ជាង​អ្វីៗ​ទាំងនោះ​​ទៅ​ទៀត ។

ឥរិយាបថ​ខាង​ផ្លូវ​ភេទ គម្រាម​កំហែង​សិទ្ធិ​អំណាច​ខាង​សីលធម៌​របស់​ស្ត្រី​ក្នុង​រូប​ភាព​មួយ​ចំនួន ។ ការ​​ការ​ពន្លូត​កូនជា​បុគ្គល ឬជា​​សង្គម រុករាន​លើ​អំណាច​ពិសិដ្ឋ​បំផុត​របស់​ស្ត្រី ហើយ​បំផ្លាញ​សិទ្ធិ​អំណាច​ខាង​សីលធម៌​របស់​គាត់ ។ ភាព​អសីល​ធម៌​ខាង​ផ្លូវ​ភេទ​ និង​ការ​ស្លៀកពាក់​បញ្ចេញ​សាច់​ក៏​មាន​ប្រភេទ​ដូចគ្នា​ដែរ វា​ពុំ​គ្រាន់តែ​​ធ្វើ​ឲ្យ​ស្ត្រី​រង​ភាព​អាម៉ាស់​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ពង្រឹង​ដល់​ការកុហក​ថា តម្លៃ​របស់​ស្ត្រី​ម្នាក់​ គឺ​កំណត់​ទៅ​លើភាព​ស្រស់ស្អាត​របស់​​នាងតែ​ប៉ុណ្ណោះ ។

មាន​វប្បធម៌​ខាង « បទដ្ឋាន​ទ្វេភាព » មួយ ដែល​តម្រូវ​ឲ្យ​ស្ត្រី​រក្សា​ការអត់​ទោស​ដល់​ភាព​អសីលធម៌​ខាង​ផ្លូវភេទ​​របស់​បុរស​ទៅ​វិញ ។ ភាព​អយុត្តិ​ធម៌​នៃ « បទដ្ឋាន​ទ្វេភាព » បែបនេះ​មាន​ពិត​មែន ហើយ​វា​ត្រូវ​គេ​ទិទៀន​ និង​ត្រូវ​បដិសេធ​ចោល ។ ក្នុង​ការ​បដិសេធ​នោះ គេ​សង្ឃឹម​ថា បុរស​នឹង​ក្រោក​ឈរ​ឡើង ឱប​ក្រសោប​បទដ្ឋាន​​សីលធម៌​កាន់​តែ​ខ្ពស់ តែ​ផ្ទុយ​ទៅ​វិញ — ស្ត្រី និង​យុវនារី​សម័យ​នេះ ត្រូវ​បាន​ទាក់​ទាញ​ឲ្យ​ធ្វើ​ផ្តេសផ្តាស​ដូចជា « បទដ្ឋាន​ទ្វេភាព » តម្រូវ​ចំពោះ​បុរស​ទៅ​វិញ ។ ដើម​ឡើយ បទដ្ឋាន​ដ៏​ឧត្ដម តម្រូវ​ការនូវ​ការ​​ប្តេជ្ញា​ចិត្ត និង​ទំនួល​ខុស​ត្រូវ​ពី​បុរស តែ​ឥឡូវ​នេះ បែរ​​ជាមាន​ទំនាក់​ទំនង​ខាង​ផ្លូវ​ភេទ​ដោយ​គ្មាន​វិប្បដិសារី​សោះ កូន​ដែលកើត​​គ្មានឪពុក ហើយ​បង្កើន​ភាព​ទាល់ក្រទៅវិញ ។ ការ​សហាយ​ស្មន់​ផ្តល់​ឱកាស​ស្មើ​គ្នា កោង​យក​អានុភាព​ខាង​សីលធម៌​ស្ត្រី ហើយ​បន្ទាប​ស្ត្រី​គ្រប់រូប​​ចុះ​ទៅ​បាត​សង្គម ។ 9ក្នុង​ទំនាក់​ទំនង​គ្មាន​តម្លៃ​នេះ បុរស​មាន « សេរី​ភាព » រី​ឯ​ស្ត្រី និង​កុមារ​វិញ ​គឺ​ជា អ្នក​រង​ទុក្ខជាងគេបំផុត ។

កត្តា​ទី​បី​នៃ​កង្វល់ គឺ​បណ្ដាល​មក​ពី​អ្នក​ដែល​ចង់​លុប​បំបាត់​ភាព​ទីទៃ​រវាង​ប្រុស និង​ស្រ្តី ដើម្បី​មាន​ភាព​ស្មើ​គ្នា ។ ការណ៍​នេះ​តែង​កើត​ឡើង​ជា​ទម្រង់​នៃ​ការ​ជម្រុញ​ឲ្យ​ស្ត្រី​ជ្រើស​យក​និស្ស័យ​មនុស្ស​ប្រុស — ដែល​ខែង​រ៉ែង ចចេស និង​ជជែកតវ៉ា ។ សព្វ​ថ្ងៃ​នេះ វា​ជា​រឿង​ធម្មតា​ទៅ​ហើយ ដែល​ឃើញ​ស្ត្រី​ដើរ​តួ​យ៉ាង​សាហាវ​ឃោរឃៅ​ក្នុង​ភាពយន្ត និង​ហ្គេម​វីដេអូ មាន​សាក​សព​គ្រប់​ទី​កន្លែង ដែល​​ជា​លទ្ធផល​នៃ​ទង្វើ​របស់​គេ ។ ជា​អកុសល​ក្រៃលែង ដែល​បុរស​ដើរ​តួ​បែបនោះ​ដែរ ​ដែល​មាន​ចំនួន​ពុំ​តិច​ជាង​ស្ត្រី ដែល​ប្រព្រឹត្ត និង​រងគ្រោះ​ដោយ​អំពើ​ឃោរឃៅ​នោះ ។

អតីត​ប្រធាន​យុវនារី​ទូទៅ ម៉ាហ្គារ៉េត ឌី ណា​ឌុល បាន​បង្រៀន​ថា ៖ « លោកិយ​មាន​ស្ត្រី​ដែល​ចចេសហើយ តែ​យើង​ត្រូវការ​ស្ត្រី​ដែល​ទន់ភ្លន់វិញ ។ លោកិយ​មាន​ស្ត្រី ដែល​គ្រោត​គ្រាត​គ្រប់គ្រាន់​ហើយ តែ​យើង​ត្រូវ​ការ​ស្ត្រី​ដែល​មាន​ចិត្ត​ល្អវិញ ។ លោកិយមាន​ស្ត្រី ដែល​កោង​កាច​គ្រប់​គ្រាន់​ហើយ តែ​យើង​ត្រូវ​ការ​ស្ត្រី​ដែល​សុភាពវិញ ។ លោកិយ​មាន​ស្ត្រី ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​គ្រប់គ្រាន់​ហើយ តែ​យើង​ត្រូវ​ការ​ស្ត្រី​នៃ​សេចក្តី​ជំនឿ​បន្ថែម​ទៀត ។ លោកិយ​​មាន​​ក្តី​លោភ​គ្រប់​គ្រាន់​ហើយ តែ​យើង​ត្រូវ​ការ​ទង្វើ​ល្អ​កាន់​តែ​ច្រើនវិញ ។ មាន​រឿង​ឥត​បាន​ការ​គ្រប់​គ្រាន់​ហើយ តែ​យើង​ត្រូវ​ការ​រឿង​មាន​ប្រយោជន៍​បន្ថែម​ទៀត ។ លោកិយមាន​ប្រជា​ប្រិយ​ភាព​គ្រប់​គ្រាន់​ហើយ តែ​យើង​ត្រូវការ​ភាព​បរិសុទ្ធ​កាន់​តែ​ច្រើន » ។ 10 ពេល​ភាព​ទីទៃ​រវាង​ស្ត្រី និង​បុរស​កាន់​តែ​ច្របូក​ច្របល់ នោះ​យើង​បាត់​បង់​ភាព​ច្បាស់​លាស់ ភាព​ថ្លឹង​ថ្លែង​អំណោយ​ទាន​រវាងស្ត្រី​ និង ​បុរស ដែល​គេ​ទាំង​ពីរ​រូប ​អាច​បង្កើត​ជា​ផ្លែ​ផ្កាដ៏​​ធំ​សម្បើមនោះ​ ។​

ការ​ទទូច​របស់​ខ្ញុំ​ចំពោះ​ស្ត្រី និង​យុវនារី​សម័យ​នេះ គឺសូម​​ការពារ និង​បណ្តុះ​កម្លាំង​សីលធម៌ ដែល​ស្ថិត​ក្នុង​ខ្លួន​អ្នក ។ សូម​រក្សា​គុណ​សម្បត្តិ​ពី​ធម្មជាតិ​នោះ និង​អំណោយទាន​ពិសេស ដែល​អ្នក​បាន​នាំ​មក​ក្នុង​លោកិយ​នេះ ។ ការ​ញ្ញាណ​ដឹង​របស់​អ្នក គឺ​ដើម្បី​ធ្វើ​ល្អ និង​មាន​ចិត្តល្អ ហើយ​កាល​អ្នក​ធ្វើ​តាម​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​សិទ្ធិ​អំណាច និង​អានុភាព​ខាង​សីលធម៌​របស់​អ្នក​នឹងលូត​លាស់​ឡើង ។ ចំពោះ​ក្រុម​យុវនារី ខ្ញុំ​សូម​និយាយ​ថា កុំ​ធ្វើ​ឲ្យ​បាត់​កម្លាំង​សីលលធម៌​នោះ​ឲ្យ​សោះ ទោះ​ជា​ពីមុនពេល​គុណ​សម្បត្តិ​នោះ​រីក​ចម្រើ​នពេញ​លេញ​ក្ដី ។ សូម​រក្សា​ពាក្យ​សម្ដី​ឲ្យ​ស្អាតស្អំ មិន​គ្រោត​គ្រាត សម្លៀក​បំពាក់​ឲ្យ​សមរម្យ មិន​ឆើតឆាយ​ហួស មាន​មាយាទ​សម្ដែង​ភាព​បរិសុទ្ធ មិន​ប្រព្រឹត្ត​សហាយ​ស្មន់ ។ អ្នក​មិន​អាច​លើក​គុណ​ធម៌​ដោយ​ដៃ​ម្ខាង ហើយ​ដៃ​ម្ខាង​ទៀត​ឈោង​ចាប់​ទង្វើដ៏​​លាមក​ឡើយ ។

បង​ប្អូន​ស្ត្រី​អើយ គ្រប់​ទាំង​ទំនាក់​ទំនង​របស់​អ្នក រវាង​អ្នក និង​ព្រះ ជាព្រះវរបិតាសួគ៌​របស់​អ្នក ​ទ្រង់​ជា​ប្រភព​នៃ​អំណាច​ខាង​សីលធម៌​របស់​អ្នក ដែល​អ្នក​​ត្រូវតែ​ឱប​ក្រសោប​ជា​បឋម​ក្នុង​ជីវិត ។ សូម​ចាំ​ថា អំណាច​របស់​ព្រះ​យេស៊ូវ​ បាន​មក​តាម​ការ​លះបង់ ប្តេជ្ញា​ចិត្ត​ចំពោះ​ព្រះ​ឆន្ទៈ​ព្រះ​វរបិតា ។ ទ្រង់​មិន​ផ្លាស់​ប្ដូរ​អ្វី​ដែល​ព្រះវរ​បិតា​ទ្រង់​គាប់​ព្រះ​ទ័យ​ឡើយ ។ 11 សូម​ខ្នះខ្នែង​ធ្វើ​ជា​សិស្ស​ប្រភេទ​នោះ​របស់​ព្រះ​វរបិតា និង​ព្រះ​រាជបុត្រា នោះ​អានុភាព​អ្នក​នឹង​មិន​រសាយ​ឡើយ ។

ហើយ​សូម​កុំ​រុញ​រា​នឹង​យក​អានុភាព​នោះ ​មក​អនុវត្ត​ដោយ​គ្មាន​ការ​ភ័យខ្លាច ឬការ​​ដោះ​សារ​ឡើយ ។ « សូម​ត្រៀម​ខ្លួន​ឆ្លើយ​សំណួរ [ បុរស ស្ត្រី និង​កុមារ ] គ្រប់​រូប ដែល​សួរ​អ្នក​ពី​បុព្វហេតុនៃ​សេច​​ក្តី​សង្ឃឹម​ដែល​មាន​ក្នុង​ខ្លួន​អ្នក » ។ 12 « សូម​ប្រកាស​ព្រះ​បន្ទូល មាន​ចិត្ត​នឹង​នរ ស្តី​បន្ទោស ផ្តល់​ដំបូន្មាន​ដោយ​​ចិត្ត​អំណត់ និង​គោលលទ្ធិ » 13 « សូម​ចិញ្ចឹម​កូន​ចៅ​របស់​ខ្លួន​នៅ​ក្នុង​ពន្លឺ និង​សេចក្ដី​ពិត » ។14 « សូម​បង្រៀន​ [ ពួកគេ​ ] ឲ្យ​​អធិស្ឋាន និង​ឲ្យ​ដើរ​ដោយ​ទៀង​ត្រង់​នៅ​ចំពោះ​ព្រះ​អម្ចាស់ » ។ 15

ក្នុង​ដំបូន្មាន​ទាំងនេះ​ចំពោះ​ស្ត្រី សូម​កុំ​ឲ្យ​នរណា​យល់​ច្រឡំ​ដោយ​ចេតនា​ឡើយ ។ ដោយ​ការ​សរសើរ និង​ការ​លើក​ស្ទួយ​ដល់កម្លាំងសីលធម៌​មាន​ក្នុង​ស្ត្រី ខ្ញុំ​មិន​និយាយ​ថា បុរស និង យុវជន​យក​លេស​ចំពោះ​ករណីយ​កិច្ច​ខ្លួន​ក្នុង​ការឈរ ហើយ​គាំទ្រ​សេចក្ដីពិត និង​សុចរិត​ភាព​ឡើយ ឬថា​ទំនួល​ខុសត្រូវ​គេ​ដើម្បី​បម្រើ និង​លះបង់​នោះ មាន​តិច​ជាង​ស្ត្រី ឬ​ទុក​ឲ្យ​ស្ត្រី​ធ្វើ​នោះ​ឡើយ ។ បងប្អូន​ប្រុស ចូរ​យើង​ឈរ​ជាមួយ​ស្ត្រី សម្រាល​បន្ទុក​របស់​ពួកគេ និង​បណ្តុះ​សិទ្ធិ​អំណាច​ខាង​សីលធម៌​ធ្វើ​ជា​ដៃគូ​របស់​យើង​ផ្ទាល់ ។

បង​ប្អូន​ស្ត្រី​ជាទី​ស្រឡាញ់ យើង​ពឹងផ្អែក​លើ​កម្លាំង​សីលធម៌ ដែល​អ្នក​នាំ​មក​ក្នុង​លោក​នេះ ចំពោះ​អាពាហ៍​ពិពាហ៍ គ្រួសារ សាសនាចក្រ ។ យើង​ពឹង​ផ្អែក​លើ​ពរ ដែល​អ្នក​បាន​ពី​ស្ថានសួគ៌​តាម​រយៈ​ការ​អធិស្ឋាន និង​សេចក្តី​ជំនឿ​អ្នក ។ យើង​សូម​អធិស្ឋាន​សម្រាប់​សុវត្ថិភាព សុខុមាលភាព និង សុភមង្គល ហើយ​សូម​ឲ្យ​ឥទ្ធិពល​របស់​អ្នក​ត្រូវ​បាន​គេ​គាំទ្រ ។ នៅក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ធីម៉ូថេទី 2 1:5 ។

  2. Orson Scott Card « Neighborliness: Daines Style » Ensign ខែ មេសា ឆ្នាំ 1977 ទំព័រ 19 ។

  3. នែល អេ ម៉ាក់ស្វែល « The Women of God » Ensign ខែ ឧសភា ឆ្នាំ 1978 ទំព័រ 10–11 ។

  4. សូមមើល ម៉ូសេ 2:27 ។

  5. សូមមើល ម៉ូសេ 6:57–60 ។

  6. ម៉ូសេ 1:39 ។

  7. « កាល​ពី​មួយ​សតវត្សរ៍មុន អ្នកប្រាជ្ញ ចន ប៊ូលបាយ បាន​រក​ឃើញ​ថា ចំណង​ដែល​បាន​បង្កើត​ឡើង​តាមរយៈមើលថែ​របស់​ម្ដាយ​ចំពោះ​កូន គឺជា​គ្រឹះ​ដ៏​សំខាន់​សម្រាប់ការ​អភិវឌ្ឍ​ក្នុង​សង្គម​ផ្នែក​សតិ​អារម្មណ៍ ។  … ហើយ​អ្នក​ប្រាជ្ញា​ស្រី​ម្នាក់​ឈ្មោះ សារ៉ា រ៉ាត់ឌីក បាន​រកឃើញថា ‹សេចក្ដី​ស្រឡាញ់​យកចិត្ត​ទុកដាក់› របស់​ម្ដាយ​ម្នាក់​ ជាគ្រឹះ​នៃ​ការ​ធ្វើ​ជា​ឪពុកម្ដាយ​ដ៏​មាន​ប្រសិទ្ធភាព ។ តាមរយៈ ‹ការ​អត់ធ្មត់​ដោយ​ក្ដីស្រឡាញ់› ម្ដាយអភិវឌ្ឍ​នូវ​ចំណេះដឹង​ពិសេស​មួយ​ពី​កូន​របស់​ខ្លួន—ជា​ចំណេះ​មួយ​ដែល​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ការ​យល់ដឹង​ពិសេស​មួយ​ពីអ្វីដែលជា ‹ការអនុវត្តដ៏​ល្អ​បំផុត› សម្រាប់​កូន​ម្នាក់ៗ» (Jenet Jacob Erickson « Love, Not Perfection, Root of Good Mothering » Deseret News ថ្ងៃទី12 ខែ ឧសភា ឆ្នាំ 2013 ទំព័រ G3) ។

  8. គឺ​ជា​រឿង​ពិត​ដែល​មាន​ស្ត្រី​ជា​ច្រើន ដែល​ជា​ច្រើន​តំណរ​ត្រូវ​បាន​គេ​រំលោភ​បំពាន ឬ​ផ្ទុក​ជា​បន្ទុក​យ៉ាង​ធ្ងន់ធ្ងរ ទាំង​នៅ​ក្នុង​គ្រួសារ និង​ការងារ​ផងដែរ ប៉ុន្តែ​ភាព​មិន​គិត​ពី​ខ្លួន​ឯង និង​ពលិកម្ម​មិន​ចាំបាច់ និង មិន​គប្បី​រំលោភ​បំពាន​ទៅ​លើ​នរណា​ម្នាក់​ឡើយ ។ អ៊ែលឌើរ ប្រូស ស៊ី ហាហ្វន្វី បាន​សង្កេត​ឃើញ​ថា ៖ « ប្រសិនបើ ‹ មិនគិតពីខ្លួនឯង › មាន​ន័យ​ថា ស្ត្រី​ម្នាក់​ត្រូវ​តែ​លះ​បង់​អត្ត​សញ្ញាណ​ខាង​ក្នុង និង​ការ​រីក​ចម្រើន​របស់​ខ្លួន​គាត់​ថា ការ​យល់​អំពី​ការមិន​គិត​អំពី​ខ្លួន​ឯង​គឺ​ជា​រឿង​ខុស​ឆ្គង ។ ប៉ុន្តែ​គំរូ​របស់​អ្នក​រំដោះ សព្វ​ថ្ងៃ​នេះ បែក​ផ្ទុយ​ទាំង​ស្រុង ដោយ​វាយ​តម្លៃ​ដល់​ស្ត្រី​ថា មាន​ឯករាជ​ហួស​ហេតុ​ពេក​ពី​ក្រុម​គ្រួសារ​របស់​ពួកគេ ។ ទិដ្ឋភាព​សម​ហេតុផល​មួយ គឺ​ថា​ប្តី​ប្រពន្ធ​ទាំងឡាយ​ឯករាជ្យ ​ដាច់​ឡែក​ពី​គ្នា។…អ្នករិះគន់​ទាំងឡាយ ដែល​បាន​ជម្រុញ​ម្តាយ​ចេញ​ពី​ភាព​មិន​គិត​ពី​ខ្លួន ទៅ​ជា​ចិត្ត​កំណាញ់ បាន​ចាក​ចោល​ពី​ទីអ​ព្យាក្រិត្យ​កណ្តាល នៃ​សេវា​ដែល​ជ្រើស​ដោយ​ខ្លួន​ឯង ដែល​បរិច្ចាគចំពោះ​ការ​លូតលាស់​ផ្ទាល់​ខ្លួន​របស់ស្ត្រី ។ ដោយ​ព្រោះ​តែ​ការ​ជជែក​វែកញែក​ហួសហេតុ​អំពី​តម្លៃ​របស់​ម្តាយ បាន​បណ្តាល​ឲ្យ​សង្គម​ទាំង​មូល បន្ទាប​បន្ថោក​តម្លៃ​នៃ​ស្ត្រី​ទូទៅ» [សុន្ទរកថាទៅកាន់ World Congress of Families II, Geneva, Plenary Session IV, ថ្ងៃ​ទី 16 ខែ វិច្ឆិកា ឆ្នាំ 1999 ], http://worldcongress.org/wcf2_spkrs/wcf2_hafen.htm)។

  9. ម្តាយម្នាក់នៅក្នុងអត្ថបទនៃកាសែត Wall Street Journal បានសង្កេតឃើញថា «លើក​លែងតែជាមួយ នឹងពួកមរមន នឹងពួកគ្រីស្ទាន និងពួក Orthodox Jews មួយចំនួនប៉ុណ្ណោះ ថា​យើងមិនដឹងអំពីរបៀប បង្រៀនកូនប្រុសនិងកូនស្រីរបស់យើងផ្ទាល់ អំពី​ការ​ប្រគល់​ខ្លួន​ប្រាណ​របស់ពួកគេដោយមិនចេះគិត មុខគិតក្រោយ. … ប៉ុន្តែ នៅក្នុងរង្វង់ពួកមិត្តនារីរបស់ខ្ញុំ យើងមាន​បំណង​ចង់ជម្រុញតបតវិញយ៉ាងខ្លាំង ។ ខ្ញុំដឹងយ៉ាងជាក់ច្បាស់ថាពួកគេគ្រប់រូប មានអារម្មណ៍សោកសៅ ចំពោះប្រវត្តខាងភេទអតីតៈ របស់ខ្លួន ។ គ្មានគេណាម្នាក់បានឆ្លើយប្រាប់អំពីមុខប្រធាននោះ ដោយ​និយាយថាខ្លួនចង់ដក​ពិសោធន៍ខាងផ្លូវភេទនោះតទៅទៀតឡើយ» (Jennifer Moses «Why Do We Let Them Dress Like That?» Wall Street Journal ថ្ងៃទី19–20 ខែ មិនា ឆ្នាំ 2011 ទំព័រ C3)។

  10. Margaret D. Nadauld «The Joy of Womanhood» Ensign ខែ​វិច្ឆិកា ឆ្នាំ 2000 ទំព័រ 15 ឬ Liahona ខែ មករា ឆ្នាំ 2001 ទំព័រ 18 ។

  11. សូមមើល យ៉ូហាន 8:29 ។

  12. ពេត្រុសទី 1 3:15 ។

  13. ធីម៉ូថេ​ទី  2 4:2 ។

  14. គោលលទ្ធិ និង សេចក្តីសញ្ញា 93:40 ។

  15. គោលលទ្ធិនិងសេចក្តីសញ្ញា 68:25, 28 ។