កម្លាំងសីលធម៌របស់ស្ត្រី
ការញ្ញាណដឹងរបស់អ្នក គឺដើម្បីធ្វើល្អ និងមានចិត្តល្អ ហើយកាលអ្នកធ្វើតាមព្រះវិញ្ញាណបរិសុទ្ធ នោះសិទ្ធិអំណាច និងអានុភាពខាងសីលធម៌របស់អ្នកនឹងលូតលាស់ឡើង ។
ជាយូរលង់មកហើយ ពហុសង្គមបានពឹងពាក់លើកម្លាំងសីលធម៌របស់ស្ត្រី ។ ថ្វីបើប្រហែលជាវាពុំមែនជាឥទ្ធិពលវិជ្ជមានក្នុងអាជីពកម្មក្នុងសង្គមក្ដី តែគ្រឹះសីលលធម៌ដែលស្ត្រីផ្តល់ឲ្យមានប្រយោជន៍ជាពិសេសដល់មនុស្សគ្រប់រូប ។ ប្រហែលជាវាសំខាន់ ទើបជារឿយៗកម្លាំងសីលធម៌របស់ស្ត្រីពុំសូវបានគេឲ្យតម្លៃ ។ ខ្ញុំសូមសម្ដែងអំណរគុណចំពោះឥទ្ធិពលនៃស្ត្រីៗដ៏ឆ្នើម ដែលរកឃើញទស្សនៈ និងនិន្នាការដែលគំរាមកំហែងចំពោះកម្លាំង និង ជំហររបស់ស្ត្រីៗ ហើយសូមអង្វរចំពោះស្រ្តីឲ្យបណ្តុះអំណាចសីលធម៌ពីក្នុងជម្រៅចិត្តពួកគេ ។
ស្ត្រីកើតមកក្នុងលោកីយ ជាមួយនឹងគុណធម៌ អំណោយទានដ៏ទេវភាព ដែលធ្វើឲ្យពួកគាត់អាចដាក់បញ្ចូលគុណសម្បត្តិដូចជា សេចក្តីជំនឿ សេចក្តីក្លាហាន មេត្តាធម៌ និង ការពង្រីកបន្ថែមក្នុងទំនាក់ទំនង និងក្នុងវប្បធម៌ ។ សាវកប៉ុលបានកោតសរសើរ « សេចក្តីជំនឿស្មោះត្រង់ » ដែលលោកបានឃើញក្នុងធីម៉ូថេ គាត់សំគាល់ឃើញសេចក្តីជំនឿនេះ « នៅក្នុងយាយឡូអ៊ីស ជាជីដូនរបស់អ្នកជាមុនដំបូង រួចមកក៏មាននៅក្នុងអ្នកអ៊ើនីស ជាម្ដាយអ្នកដែរ » ។ 1
ច្រើនឆ្នាំកន្លងទៅ ពេលរស់នៅប្រទេស ម៉ិកស៊ិក ខ្ញុំឃើញផ្ទាល់នឹងភ្នែកពីអត្ថន័យនៃប្រសាសន៍របស់ប៉ុល ។ ខ្ញុំចាំពីម្តាយវ័យក្មេងម្នាក់ ក្នុងចំណោមស្ត្រីៗនៃសាសនាចក្រ នៅប្រទេស ម៉ិកស៊ិក ដែលសេចក្តីជំនឿលើព្រះរបស់ពួកគាត់ បានផ្លាស់ប្តូរជីវិតពួកគាត់ ដែលស្ទើរតែគ្មានគេចាប់អារម្មណ៍សោះ ។ ស្រ្តីគួរឲ្យស្រឡាញ់រូបនេះ បានជះរស្មីអំណាចខាងសីលធម៌ កើតចេញពីភាពល្អ ដែលមានអានុភាពប្រពៃដល់អ្នកនៅជុំវិញគាត់ ។ គាត់បានលះបង់ចំណូលចិត្ត និងទ្រព្យសម្បត្តិជាច្រើន សម្រាប់អាទិភាពដ៏ប្រសើរជាងរបស់គាត់ ដែលហាក់ដូចជាគ្មានចិត្តស្តាយក្រោយឡើយ ។ សមត្ថភាពគាត់ដើម្បីលើកកម្ពស់ បត់បែន និងទ្រទ្រង់កូនៗរបស់គាត់ ស្ទើរតែមិនអាចប្រៀបផ្ទឹមបានឡើយ ។ ទំនួលខុសត្រូវគាត់ធំក្រៃលែង និងធុរៈគាត់ជាញយៗច្រំដែលៗ ហើយសាមញ្ញ ។ ក៏ដូចព្រះអង្គសង្គ្រោះដែរ ការប្រទានពរដល់អ្នកដទៃដោយការបម្រើ និងពលិកម្ម បានលើកតម្កើងគាត់ឡើង ។ ស្ត្រីរូបនោះ ជាតួរយ៉ាងនៃក្តីស្រឡាញ់ ។
ខ្ញុំបានទទួលពរឥតគណនា ដោយអានុភាពសីលធម៌របស់ស្ត្រី ជាពិសេសម្តាយខ្ញុំ និង ភរិយាខ្ញុំ ។ ក្នុងចំណោមស្ត្រីឯទៀត ដែលខ្ញុំកោតសរសើរដោយអំណរគុណ គឺ អាន់ណា ឌេនណេស ។ អាន់ណា និងស្វាមីគាត់ ហិនរី និងកូនៗទាំងបួននាក់ ជាអ្នកត្រួសត្រាយនៃសាសនាចក្រ នៅរដ្ឋ ញ៉ូវ ជេស៊ី សហរដ្ឋអាមេរិក ។ នៅដើមឆ្នាំ 1930 ពេល ហិនរី នៅជានិសិត្សថ្នាក់បណ្ឌិតម្នាក់នៅសកលវិទ្យាល័យ រ៉ត់ជើរ នោះគាត់ និង អាន់ណា បានធ្វើការដោយមិនចេះនឿយហត់ នៅតាមសាលារៀន និងអង្គការសង្គមស៊ីវិលនានានៅទីក្រុង មេទុឆេន ជាក្រុងដែលពួកគេបានរស់នៅ ដើម្បីយកឈ្នះលើការលំអៀងយ៉ាងខ្លាំងទាស់នឹងពួកមរមន និងដើម្បីធ្វើឲ្យសហគមន៍ ក្លាយជាទីកន្លែងកាន់តែប្រសើរ សម្រាប់ឪពុកម្ដាយគ្រប់រូប បីបាច់កូនៗពួកគេ ។
ឧទាហរណ៍ អាន់ណា បានស្ម័គ្រចិត្តធ្វើការនៅ YMCA នៅទីក្រុង មេទុឆេន ហើយបានធ្វើខ្លួនឯងក្លាយជាមនុស្សដ៏សំខាន់ ។ ក្នុងរយៈពេលតែមួយឆ្នាំ គាត់ត្រូវបានគេតែងតាំងជាប្រធាននៃអង្គការជំនួយរបស់ម្ដាយ រួចហើយគាត់ត្រូវស្នើឲ្យធ្វើជាប្រធានអង្គការជំនួយ ។ នៅពេលវគ្គទាំងពីររបស់គាត់បញ្ចប់ គាត់ត្រូវបានស្នើរសុំឲ្យឈរឈ្មោះជាបេក្ខជនសម្រាប់តំណែងមួយក្នុងចំណោមតំណែងទាំងបីរបស់ស្ត្រី ក្នុងក្រុមប្រឹក្សានាយក ។ គាត់បានជាប់ឆ្នោតដោយគ្មានការជំទាស់ ដូច្នេះគាត់បានចូលរួមក្នុងក្រុមប្រឹក្សា ដែលមានរយៈពេលតែពីរបីឆ្នាំ មុនពេលត្រូវបានគេបដិសេធមិនឲ្យពួកបរិសុទ្ធ ជួបជុំក្នុងអគារពួកគេ! » 2
គ្រួសារខ្ញុំបានផ្លាស់ទៅវួដញ៉ូវប្រាន់ស្វីគ ពេលខ្ញុំមានវ័យជំទង់ ។ បងស្រី ឌេនណេស បានសង្កេតមើលខ្ញុំ ហើយជារឿយៗបានបង្ហាញការជឿជាក់របស់គាត់ចំពោះសមត្ថភាព និងសុក្ដានុពលរបស់ខ្ញុំ ដែលបានបំផុសគំនិតខ្ញុំឲ្យតាំងចិត្តខ្ពស់---គឺខ្ពស់ជាងអ្វីដែលខ្ញុំអាចមាន បើសិនជាគ្មានការលើកទឹកចិត្តពីគាត់នោះ ។ គ្រាមួយ ដោយព្រោះតែការព្រមានដិតដល់ និងទៀងទាត់ពីគាត់ ខ្ញុំបានចៀសផុតពីស្ថានភាពមួយដែលអាចនឹងដឹកនាំខ្ញុំទៅរកការស្ដាយក្រោយ ។ ថ្វីបើគាត់មិននៅទីនេះទៀតក្ដី តែអានុភាព អាន់ណា ឌេនណេស នៅតែបន្តមាន ហើយឆ្លុះបញ្ចាំងនៅក្នុងពូជពង្សគាត់ និងអ្នកដទៃទៀតរាប់មិនអស់ រួមទាំងរូបខ្ញុំផងដែរ ។
ជីដូនខ្ញុំ អាឌេណា វ័រនីក ស្វេនសិន បានបង្រៀនខ្ញុំឲ្យចេះដឹងខុសត្រូវក្នុងការបម្រើខាងបព្វជិតភាព ។ គាត់លើកទឹកចិត្តខ្ញុំ ឲ្យទន្ទេញពាក្យពេចន៍នៃការប្រសិទ្ធិពរ នំបុ័ង និងទឹក ដោយពន្យល់ថា តាមរបៀបនេះ ខ្ញុំអាចបង្ហាញពួកគេនូវការយល់ដឹង និងអារម្មណ៍កាន់តែជ្រាលជ្រៅ ។ ការសង្កេតមើលពីរបៀប ដែលគាត់គាំទ្រជីតាខ្ញុំ ជាលោកអយ្យកោស្តេក បានបង្កើតគារវភាពក្នុងខ្ញុំ ចំពោះអ្វីៗដែលពិសិដ្ឋ ។ ជីដូន ស្វេនសិន ពុំចេះបើកឡានទេ តែគាត់ដឹងពីរបៀបជួយដល់ក្មេងប្រុសឲ្យក្លាយជាបុរសដែលកាន់បព្វជិតភាពបាន ។
ការមានអានុភាពខាងសីលធម៌របស់ស្ត្រីម្នាក់ក្នុងគេហដ្ឋាន គឺឥទ្ធិពលដ៏ខ្លាំងក្លាជាងទីកន្លែងណាៗទាំងអស់ទៀត ។ គ្មានកន្លែងណាប្រសើរជាងនេះ សម្រាប់ការចិញ្ចឹមបីបាច់ជំនាន់ដែលកំពុងពេញវ័យ ជាងប្រពៃណីក្នុងគ្រួសារឡើយ ដែលជាកន្លែងឪពុក និងម្ដាយធ្វើការជាមួយគ្នាក្នុងការបង្រៀន និងបីបាច់កូនៗ ។ កន្លែងណា ដែលពុំមានលំនាំនេះ មនុស្សខំព្យាយាមបង្កើនកិច្ចខិតខំទេ្វរដងយ៉ាងអស់ពីសមត្ថភាពពួកគេ ក្នុងគ្រប់កាលៈទេសៈ ។
នៅគ្រប់ស្ថានភាព ម្តាយអាចបញ្ចេញអានុភាព ដែលពុំអាចប្រៀបបាន ខ្លាំងជាងអ្នកដទៃ ឬក្នុងទំនាក់ទំនងផ្សេងទៀតទាំងអស់ ។ ដោយអំណាចនៃគំរូ និងការង្រៀនរបស់គាត់ នោះកូនប្រុសៗគាត់ រៀនគោរពភាពជាស្ត្រី រួមទាំងមានវិន័យ និងបទដ្ឋានសីលធម៌ខ្ពស់ក្នុងជីវិតពួកគេ ។ កូនស្រីៗគាត់រៀនដើម្បីអភិវឌ្ឍគុណធម៌ ហើយឈរសម្រាប់អ្វីដែលត្រឹមត្រូវ ដែលមិនពេញនិយមម្ដងហើយម្ដងទៀត ។ សេចក្ដីស្រឡាញ់ និង ការរំពឹងដ៏ខ្ពស់របស់ម្តាយ នាំកូនៗគាត់ឲ្យរស់នៅ ដោយគ្មានការដោះសារ ឲ្យចេះទទួលខុសត្រូវ ហើយហ្មត់ចត់ចំពោះការអប់រំ និង ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន ហើយបន្តលះបង់ ដើម្បីសុខុមាលភាពអ្នកនៅជុំវិញពួកគេ ។ គ្រាមួយ អ៊ែលឌើរ នែល អេ ម៉ាក់ស្វែល បានសួរថា « ពេលប្រវត្តិសាស្ត្រពិតរបស់មនុស្សលោក ត្រូវបើកសម្ដែងទាំងស្រុង នោះតើវានឹងបន្លឺសូរសំឡេងកាំភ្លើង ឬក៏ជាទំនុកចម្រៀងបំពេរកូន ? តើការបញ្ឈប់សង្គ្រាម កើតឡើងដោយសារកងយោធា ឬក៏ដោយសារស្រ្តីជាអ្នកបង្កើតភាពសុខសាន្តក្នុងផ្ទះ និងក្នុងភូមិ ? តើអ្វីដែលបានកើតឡើងក្នុងអង្រឹង និង ជើងក្រាន នឹងបង្ហាញថាមានអានុភាពខ្លាំងជាងអ្វីដែលបានកើតឡើងក្នុងរដ្ឋសភាឬ » ? 3
មុខតំណែងដ៏ពិសិដ្ឋបំផុតរបស់ស្ត្រី គឺការបង្កើតជីវិត ។ យើងដឹងថា រូបកាយយើងមានដើមកំណើតទេវភាព 4 ហើយថាយើងត្រូវទទួលបទពិសោធន៍ ទាំងកំណើតខាងរូបកាយ និងការកើតជាថ្មីខាងវិញ្ញាណ ដើម្បីឆ្ពោះទៅដល់ពិភពដ៏ខ្ពស់បំផុតនៃនគរសេឡេស្ទាលរបស់ព្រះ ។ 5 ដូច្នេះ ស្ត្រីមានមុខងារសំខាន់ ដែលជួនកាលស្ទើរតែលះបង់ជីវិតខ្លួនក្នុងកិច្ចការ និង សិរីល្អរបស់ព្រះ « ដើម្បីនាំឲ្យមានអមតៈភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ។ 6 ក្នុងនាមជាជីដូន ម្តាយ និងអ្នកតាំងជាគំរូ ស្ត្រីបានធ្វើជាអ្នកគាំពារកូនចៅខ្លួនដោយបង្រៀនដល់តំណរនីមួយៗ ពីសារៈសំខាន់នៃភាពបរិសុទ្ធខាងផ្លូវភេទ — គឺព្រហ្មចារីភាពមុនអាពាហ៍ពិពាហ៍ និងភាពស្មោះត្រង់ក្នុងចំណងអាពាហ៍ពិពាហ៍ ។ តាមរបៀបនេះ ពួកគេជះឥទ្ធិពលអារ្យធម៌ក្នុងសង្គម បង្កើតមនុស្សដ៏ឆ្នើម ដែលពួកគេបានបន្តបរិយាកាសដ៏ល្អក្នុងការចិញ្ចិមបីបាច់កូនៗ ឲ្យមានសុវត្ថិភាព និងសុខភាពមាំមួន ។
បងប្អូនស្រ្តីអើយ ខ្ញុំមិនចង់បញ្ជោរអ្នក ដូចក្នុងការនិយាយពេលបុណ្យម្តាយ ដែលធ្វើឲ្យអ្នករួញខ្លួននោះឡើយ ។ អ្នកមិនចាំបាច់ល្អឥតខ្ចោះនោះទេ ខ្ញុំក៏មិនអះអាងថា អ្នកល្អឥតខ្ចោះដែរ ។7 ខ្ញុំចង់មានន័យថា ថ្វីបើអ្នកនៅលីវ ឬរៀបការហើយក្ដី ជាម្តាយ ឬពុំមែនក្ដី ជាមនុស្សចាស់ ឬក្មេង ឬពាក់កណ្ដាលវ័យក្ដី សិទ្ធិអំណាចខាងសីលធម៌អ្នក ពិតជាសំខាន់ណាស់ ហើយឥឡូវប្រហែលជាយើងបានចាប់ផ្តើមមិនសូវយកចិត្តទុកដាក់លើគុណសម្បត្តិនោះទេ ។ ប្រាកដណាស់ មាននិន្នាការ និងឋាមពលជាច្រើនកំពុងតែធ្វើចលនាដើម្បីនឹងបន្ថយ ហើយព្រមទាំងលុបបំបាត់អានុភាពអ្នកចោល ដើម្បីបំផ្លាញបុគ្គលម្នាក់ៗ គ្រួសារ និងសង្គមទាំងមូល ។ ខ្ញុំសូមផ្តល់ជាការប្រុងប្រយ័ត្ន និងការព្រមានចំនួនបីយ៉ាង ។
ទស្សនៈដ៏គ្រោះថ្នាក់ ដែលបន្ទាបបន្ថោកអានុភាពខាងសីលធម៌ស្ត្រី គឺការកាត់បន្ថយតម្លៃនៃអាពាហ៍ពិពាហ៍ និងភាពជាម្តាយ និងអាជីពជាមេផ្ទះ ។ មានអ្នកខ្លះសម្ដែងការមិនពេញចិត្តលើវិជ្ជាមេផ្ទះ ដោយជំទាស់ថា វាពុំផ្ដល់កិត្តិយសឲ្យស្ត្រី ហើយថា ការថែទាំចិញ្ចឹមកូន ជាទម្រង់ការកេងប្រវ័ញ្ចទៅវិញ ។8 ពួកគេចំអកដាក់ « ម្ដាយដែលយកអាជីពជាវិជ្ជាមេផ្ទះ » ។ នោះគឺមិនយុត្តិធម៌ និងត្រឹមត្រូវឡើយ ។ យើងមិនបន្ទាបតម្លៃស្ត្រី និងប្រុស ដែលជោគជ័យក្នុងការប្រឹងប្រែង ឬអាជីពណាមួយទេ---យើងទាំងអស់ទទួលអត្ថប្រយោជន៍ពីជោគជ័យទាំងនោះ--- តែយើងនៅតែទទួលស្គាល់ថា គ្មានការប្រសើរណា ដែលប្រសើរជាងភាពជាម្តាយ ឬឪពុកក្នុងអាពាហ៍ពិពាហ៍ឡើយ ។ គ្មានអាជីពប្រសើរណា ទឹកលុយណា អំណាចណា ឬមុខមាត់ជាសាធារណៈណា អាចមានតម្លៃខ្ពស់ជាងជ័យលាភីដ៏ធំបំផុតនៃគ្រួសារឡើយ ។ ស្ត្រីម្នាក់អាចសម្រេចបាននូវអ្វីៗផ្សេងទៀត តែអានុភាពខាងសីលធម៌របស់គាត់ មានតម្លៃខ្ពស់ជាងអ្វីៗទាំងនោះទៅទៀត ។
ឥរិយាបថខាងផ្លូវភេទ គម្រាមកំហែងសិទ្ធិអំណាចខាងសីលធម៌របស់ស្ត្រីក្នុងរូបភាពមួយចំនួន ។ ការការពន្លូតកូនជាបុគ្គល ឬជាសង្គម រុករានលើអំណាចពិសិដ្ឋបំផុតរបស់ស្ត្រី ហើយបំផ្លាញសិទ្ធិអំណាចខាងសីលធម៌របស់គាត់ ។ ភាពអសីលធម៌ខាងផ្លូវភេទ និងការស្លៀកពាក់បញ្ចេញសាច់ក៏មានប្រភេទដូចគ្នាដែរ វាពុំគ្រាន់តែធ្វើឲ្យស្ត្រីរងភាពអាម៉ាស់ប៉ុណ្ណោះទេ តែវាក៏ពង្រឹងដល់ការកុហកថា តម្លៃរបស់ស្ត្រីម្នាក់ គឺកំណត់ទៅលើភាពស្រស់ស្អាតរបស់នាងតែប៉ុណ្ណោះ ។
មានវប្បធម៌ខាង « បទដ្ឋានទ្វេភាព » មួយ ដែលតម្រូវឲ្យស្ត្រីរក្សាការអត់ទោសដល់ភាពអសីលធម៌ខាងផ្លូវភេទរបស់បុរសទៅវិញ ។ ភាពអយុត្តិធម៌នៃ « បទដ្ឋានទ្វេភាព » បែបនេះមានពិតមែន ហើយវាត្រូវគេទិទៀន និងត្រូវបដិសេធចោល ។ ក្នុងការបដិសេធនោះ គេសង្ឃឹមថា បុរសនឹងក្រោកឈរឡើង ឱបក្រសោបបទដ្ឋានសីលធម៌កាន់តែខ្ពស់ តែផ្ទុយទៅវិញ — ស្ត្រី និងយុវនារីសម័យនេះ ត្រូវបានទាក់ទាញឲ្យធ្វើផ្តេសផ្តាសដូចជា « បទដ្ឋានទ្វេភាព » តម្រូវចំពោះបុរសទៅវិញ ។ ដើមឡើយ បទដ្ឋានដ៏ឧត្ដម តម្រូវការនូវការប្តេជ្ញាចិត្ត និងទំនួលខុសត្រូវពីបុរស តែឥឡូវនេះ បែរជាមានទំនាក់ទំនងខាងផ្លូវភេទដោយគ្មានវិប្បដិសារីសោះ កូនដែលកើតគ្មានឪពុក ហើយបង្កើនភាពទាល់ក្រទៅវិញ ។ ការសហាយស្មន់ផ្តល់ឱកាសស្មើគ្នា កោងយកអានុភាពខាងសីលធម៌ស្ត្រី ហើយបន្ទាបស្ត្រីគ្រប់រូបចុះទៅបាតសង្គម ។ 9ក្នុងទំនាក់ទំនងគ្មានតម្លៃនេះ បុរសមាន « សេរីភាព » រីឯស្ត្រី និងកុមារវិញ គឺជា អ្នករងទុក្ខជាងគេបំផុត ។
កត្តាទីបីនៃកង្វល់ គឺបណ្ដាលមកពីអ្នកដែលចង់លុបបំបាត់ភាពទីទៃរវាងប្រុស និងស្រ្តី ដើម្បីមានភាពស្មើគ្នា ។ ការណ៍នេះតែងកើតឡើងជាទម្រង់នៃការជម្រុញឲ្យស្ត្រីជ្រើសយកនិស្ស័យមនុស្សប្រុស — ដែលខែងរ៉ែង ចចេស និងជជែកតវ៉ា ។ សព្វថ្ងៃនេះ វាជារឿងធម្មតាទៅហើយ ដែលឃើញស្ត្រីដើរតួយ៉ាងសាហាវឃោរឃៅក្នុងភាពយន្ត និងហ្គេមវីដេអូ មានសាកសពគ្រប់ទីកន្លែង ដែលជាលទ្ធផលនៃទង្វើរបស់គេ ។ ជាអកុសលក្រៃលែង ដែលបុរសដើរតួបែបនោះដែរ ដែលមានចំនួនពុំតិចជាងស្ត្រី ដែលប្រព្រឹត្ត និងរងគ្រោះដោយអំពើឃោរឃៅនោះ ។
អតីតប្រធានយុវនារីទូទៅ ម៉ាហ្គារ៉េត ឌី ណាឌុល បានបង្រៀនថា ៖ « លោកិយមានស្ត្រីដែលចចេសហើយ តែយើងត្រូវការស្ត្រីដែលទន់ភ្លន់វិញ ។ លោកិយមានស្ត្រី ដែលគ្រោតគ្រាតគ្រប់គ្រាន់ហើយ តែយើងត្រូវការស្ត្រីដែលមានចិត្តល្អវិញ ។ លោកិយមានស្ត្រី ដែលកោងកាចគ្រប់គ្រាន់ហើយ តែយើងត្រូវការស្ត្រីដែលសុភាពវិញ ។ លោកិយមានស្ត្រី ដែលមានឈ្មោះល្បីល្បាញគ្រប់គ្រាន់ហើយ តែយើងត្រូវការស្ត្រីនៃសេចក្តីជំនឿបន្ថែមទៀត ។ លោកិយមានក្តីលោភគ្រប់គ្រាន់ហើយ តែយើងត្រូវការទង្វើល្អកាន់តែច្រើនវិញ ។ មានរឿងឥតបានការគ្រប់គ្រាន់ហើយ តែយើងត្រូវការរឿងមានប្រយោជន៍បន្ថែមទៀត ។ លោកិយមានប្រជាប្រិយភាពគ្រប់គ្រាន់ហើយ តែយើងត្រូវការភាពបរិសុទ្ធកាន់តែច្រើន » ។ 10 ពេលភាពទីទៃរវាងស្ត្រី និងបុរសកាន់តែច្របូកច្របល់ នោះយើងបាត់បង់ភាពច្បាស់លាស់ ភាពថ្លឹងថ្លែងអំណោយទានរវាងស្ត្រី និង បុរស ដែលគេទាំងពីររូប អាចបង្កើតជាផ្លែផ្កាដ៏ធំសម្បើមនោះ ។
ការទទូចរបស់ខ្ញុំចំពោះស្ត្រី និងយុវនារីសម័យនេះ គឺសូមការពារ និងបណ្តុះកម្លាំងសីលធម៌ ដែលស្ថិតក្នុងខ្លួនអ្នក ។ សូមរក្សាគុណសម្បត្តិពីធម្មជាតិនោះ និងអំណោយទានពិសេស ដែលអ្នកបាននាំមកក្នុងលោកិយនេះ ។ ការញ្ញាណដឹងរបស់អ្នក គឺដើម្បីធ្វើល្អ និងមានចិត្តល្អ ហើយកាលអ្នកធ្វើតាមព្រះវិញ្ញាណបរិសុទ្ធ នោះសិទ្ធិអំណាច និងអានុភាពខាងសីលធម៌របស់អ្នកនឹងលូតលាស់ឡើង ។ ចំពោះក្រុមយុវនារី ខ្ញុំសូមនិយាយថា កុំធ្វើឲ្យបាត់កម្លាំងសីលលធម៌នោះឲ្យសោះ ទោះជាពីមុនពេលគុណសម្បត្តិនោះរីកចម្រើនពេញលេញក្ដី ។ សូមរក្សាពាក្យសម្ដីឲ្យស្អាតស្អំ មិនគ្រោតគ្រាត សម្លៀកបំពាក់ឲ្យសមរម្យ មិនឆើតឆាយហួស មានមាយាទសម្ដែងភាពបរិសុទ្ធ មិនប្រព្រឹត្តសហាយស្មន់ ។ អ្នកមិនអាចលើកគុណធម៌ដោយដៃម្ខាង ហើយដៃម្ខាងទៀតឈោងចាប់ទង្វើដ៏លាមកឡើយ ។
បងប្អូនស្ត្រីអើយ គ្រប់ទាំងទំនាក់ទំនងរបស់អ្នក រវាងអ្នក និងព្រះ ជាព្រះវរបិតាសួគ៌របស់អ្នក ទ្រង់ជាប្រភពនៃអំណាចខាងសីលធម៌របស់អ្នក ដែលអ្នកត្រូវតែឱបក្រសោបជាបឋមក្នុងជីវិត ។ សូមចាំថា អំណាចរបស់ព្រះយេស៊ូវ បានមកតាមការលះបង់ ប្តេជ្ញាចិត្តចំពោះព្រះឆន្ទៈព្រះវរបិតា ។ ទ្រង់មិនផ្លាស់ប្ដូរអ្វីដែលព្រះវរបិតាទ្រង់គាប់ព្រះទ័យឡើយ ។ 11 សូមខ្នះខ្នែងធ្វើជាសិស្សប្រភេទនោះរបស់ព្រះវរបិតា និងព្រះរាជបុត្រា នោះអានុភាពអ្នកនឹងមិនរសាយឡើយ ។
ហើយសូមកុំរុញរានឹងយកអានុភាពនោះ មកអនុវត្តដោយគ្មានការភ័យខ្លាច ឬការដោះសារឡើយ ។ « សូមត្រៀមខ្លួនឆ្លើយសំណួរ [ បុរស ស្ត្រី និងកុមារ ] គ្រប់រូប ដែលសួរអ្នកពីបុព្វហេតុនៃសេចក្តីសង្ឃឹមដែលមានក្នុងខ្លួនអ្នក » ។ 12 « សូមប្រកាសព្រះបន្ទូល មានចិត្តនឹងនរ ស្តីបន្ទោស ផ្តល់ដំបូន្មានដោយចិត្តអំណត់ និងគោលលទ្ធិ » 13 « សូមចិញ្ចឹមកូនចៅរបស់ខ្លួននៅក្នុងពន្លឺ និងសេចក្ដីពិត » ។14 « សូមបង្រៀន [ ពួកគេ ] ឲ្យអធិស្ឋាន និងឲ្យដើរដោយទៀងត្រង់នៅចំពោះព្រះអម្ចាស់ » ។ 15
ក្នុងដំបូន្មានទាំងនេះចំពោះស្ត្រី សូមកុំឲ្យនរណាយល់ច្រឡំដោយចេតនាឡើយ ។ ដោយការសរសើរ និងការលើកស្ទួយដល់កម្លាំងសីលធម៌មានក្នុងស្ត្រី ខ្ញុំមិននិយាយថា បុរស និង យុវជនយកលេសចំពោះករណីយកិច្ចខ្លួនក្នុងការឈរ ហើយគាំទ្រសេចក្ដីពិត និងសុចរិតភាពឡើយ ឬថាទំនួលខុសត្រូវគេដើម្បីបម្រើ និងលះបង់នោះ មានតិចជាងស្ត្រី ឬទុកឲ្យស្ត្រីធ្វើនោះឡើយ ។ បងប្អូនប្រុស ចូរយើងឈរជាមួយស្ត្រី សម្រាលបន្ទុករបស់ពួកគេ និងបណ្តុះសិទ្ធិអំណាចខាងសីលធម៌ធ្វើជាដៃគូរបស់យើងផ្ទាល់ ។
បងប្អូនស្ត្រីជាទីស្រឡាញ់ យើងពឹងផ្អែកលើកម្លាំងសីលធម៌ ដែលអ្នកនាំមកក្នុងលោកនេះ ចំពោះអាពាហ៍ពិពាហ៍ គ្រួសារ សាសនាចក្រ ។ យើងពឹងផ្អែកលើពរ ដែលអ្នកបានពីស្ថានសួគ៌តាមរយៈការអធិស្ឋាន និងសេចក្តីជំនឿអ្នក ។ យើងសូមអធិស្ឋានសម្រាប់សុវត្ថិភាព សុខុមាលភាព និង សុភមង្គល ហើយសូមឲ្យឥទ្ធិពលរបស់អ្នកត្រូវបានគេគាំទ្រ ។ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។