អំណាច ក្ដីអំណរ និងក្ដីស្រឡាញ់ក្នុងការរក្សាសេចក្ដីសញ្ញា
ខ្ញុំអញ្ជើញឲ្យយើងម្នាក់ៗវាយតម្លៃថា តើយើងស្រឡាញ់ព្រះអង្គសង្គ្រោះខ្លាំងប៉ុណ្ណា ប្រើជារង្វាស់មួយលើក្ដីអំណរក្នុងការរក្សាសេចក្ដីសញ្ញារបស់យើង ។
ខ្ញុំចង់ចាប់ផ្ដើមដោយចែកចាយរឿងមួយដែលដក់ក្នុងដួងចិត្តខ្ញុំ ។
ល្ងាចមួយ មានបុរសម្នាក់បានកៀងចៀមប្រាំក្បាលរបស់គាត់ឲ្យចូលក្រោលដេកពេលយប់ ។ គ្រួសារគាត់មើលដោយចាប់អារម្មណ៍បំផុត ពេលគាត់គ្រាន់តែហៅចៀម « ចូលមក » រំពេចនោះចៀមទាំងប្រាំក្បាលបានងើបក្បាល ហើយងាកដើរមករកគាត់ ។ ចៀមបួនក្បាលបានរត់ត្របាញ់មករកគាត់ ។ គាត់បានអង្អែលក្បាលចៀមនិមួយៗ ទាំងបួនក្បាលដោយក្ដីស្រឡាញ់ ។ ចៀមស្គាល់សំឡេងគាត់ ហើយស្រឡាញ់គាត់
ប៉ុន្តែចៀមទីប្រាំ ពុំរត់មកទេ ។ ចៀមញីនោះ កាលពីប៉ុន្មានសប្ដាហ៍មុន ត្រូវបានម្ចាស់របស់វាបំបរបង់ចោល បានប្រាប់ថាវាជាចៀមព្រៃ ចចេស ហើយតែងតែនាំចៀមផ្សេងទៀតឲ្យវង្វេងចេញ ។ ម្ចាស់ថ្មី បានទទួលចៀមនោះ ហើយបានបោះចំរឹងចងវានៅក្នុងចម្ការគាត់ផ្ទាល់ពីរបីថ្ងៃ ដើម្បីឲ្យវារៀននៅស្ងៀម ។ គាត់បានបង្រៀនចៀមញីនោះឲ្យស្រឡាញ់គាត់ និងចៀមដទៃទៀតដោយអត់ធ្មត់ រហូតដល់ទីបំផុត ចៀមញីនោះមានចំណងខ្សែខ្លីទាក់នឹងករវា ប៉ុន្តែឈប់បោះចំរឹងទៀតហើយ ។
នាល្ងាចនោះ ពេលគ្រួសារគាត់បានមើលទៅបុរសនោះដើរទៅរកចៀមញី ដែលឈរនៅជ្រុងម្ខាងនៃចម្ការ នោះគាត់បាននិយាយដោយទន់ភ្លន់ម្ដងទៀតថា « ចូលមក ។ ឯងឈប់ជាប់ចំណងទៀតហើយ ។ ឯងមានសេរីភាពហើយ » ។ បន្ទាប់មក គាត់ឈោងដៃទៅដាក់លើក្បាលវាដោយក្ដីស្រឡាញ់ ហើយបានដើរត្រឡប់មកជាមួយវា និងចៀមដទៃទៀតទៅក្រោល ។ 1
តាមគតិនៃរឿងនោះ ខ្ញុំអធិស្ឋានសុំឲ្យព្រះវិញ្ញាណបរិសុទ្ធ នឹងជួយយើងរៀនជាមួយគ្នានាយប់នេះ អំពីការរក្សាសេចក្ដីសញ្ញា ។ ការធ្វើ និងការរក្សាសេចក្ដីសញ្ញា មានន័យថា ជាការជ្រើសរើសដើម្បីចងខ្លួនយើងទៅនឹងព្រះបិតាសួគ៌យើង និងព្រះយេស៊ូវគ្រីស្ទ ។ វាគឺជាការតាំងចិត្តដើម្បីធ្វើតាមព្រះអង្គសង្គ្រោះ ។ វាគឺជាការទុកចិត្តលើទ្រង់ ហើយមានបំណងដើម្បីបង្ហាញការដឹងគុណចំពោះថ្លៃដែលទ្រង់បានបង់ ដើម្បីឲ្យយើងមានសេរីភាព តាមរយៈអំណោយទាននៃដង្វាយធួនដ៏គ្មានទីបំផុត ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានពន្យល់ថា « សេចក្ដីសញ្ញាមួយ គឺជាការចងកិច្ចសន្យាខាងវិញ្ញាណ ជាការសន្យាដ៏ឧឡារិកចំពោះព្រះបិតាយើងថា យើងនឹងរស់នៅ និងគិត និងធ្វើសកម្មភាពតាមផ្លូវជាក់លាក់មួយ--ជាផ្លូវនៃព្រះរាជបុត្រាទ្រង់ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ព្រះបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ សន្យាតបយើងវិញថា នឹងមានជីវិតដ៏អស់កល្បជានិច្ចដ៏ពោរពេញ » ។ 2 ក្នុងការចងកិច្ចសន្យានោះ ព្រះអម្ចាស់បានដាក់លក្ខខណ្ឌ ហើយយើងយល់ព្រមរក្សាតាមវា ។ ការធ្វើ និងការរក្សាសេចក្ដីសញ្ញារបស់យើង គឺជាការបង្ហាញនូវការតាំងចិត្តយើង ដើម្បីក្លាយដូចព្រះអង្គសង្គ្រោះ ។ 3 ដែលល្អបំផុត គឺត្រូវព្យាយាមមានអាកប្បកិរិយា ដែលបានបង្ហាញល្អបំផុតក្នុងឃ្លាមួយចំនួន នៃទំនុកដំកើងថា ៖ « ខ្ញុំនឹងទៅដែលទ្រង់ចង់ឲ្យខ្ញុំទៅ ។ …ខ្ញុំនឹងនិយាយអ្វីដែលទ្រង់ចង់ឲ្យខ្ញុំនិយាយ ។ …ខ្ញុំនឹងធ្វីអ្វីដែលទ្រង់ចង់ឲ្យខ្ញុំធ្វើ ។ 4
ហេតុអ្វីត្រូវធ្វើ និងរក្សាសេចក្ដីសញ្ញាដូច្នោះ ?
1. ការរក្សាសេចក្ដីសញ្ញាជួយពង្រឹង ផ្ដល់អំណាច និងការការពារ ។
នីហ្វៃបានឃើញក្នុងការនិមិត្តអំពីសាៈសំខាន់នៃពរជ័យ ដែលព្រះអម្ចាស់ បានប្រទានមកលើអ្នករក្សាសេចក្ដីសញ្ញា ៖ 5
ថ្មីៗនេះ ខ្ញុំបានជួបនឹងមិត្តថ្មីជាទីស្រឡាញ់ម្នាក់ ។ នាងបានថ្លែងទីបន្ទាល់ថា បន្ទាប់ពីនាងបានទទួលអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ នាងមានអារម្មណ៍ថាបានជួយពង្រឹងដោយព្រះចេស្ដា ដើម្បីទប់ទល់នឹងការល្បួង ដែលនាងធ្លាប់បានពុះពារកាលពីមុន ។
ពេលយើងរក្សាសេចក្ដីសញ្ញានោះយើងនឹងទទួលភាពក្លាហាន និងកម្លាំង ដើម្បីជួយយើងរែកបន្ទុកគ្នាទៅវិញទៅមក ។ បងស្រីខូចចិត្តម្នាក់ មានកូនប្រុស ដែលជួបនឹងឧបសគ្គលំបាកក្នុងជីវិត ។ ដោយសារជំនឿនាងទៅលើបងប្អូនស្ត្រីសមាគមសង្រ្គោះ ដែលជាអ្នករក្សាសេចក្ដីសញ្ញា នោះនាងបានអញ្ជើញពួកគេដោយក្លាហាន ដើម្បីតមអាហារ និងអធិស្ឋានសម្រាប់កូនប្រុសនាង ។ ម្នាក់ទៀត បានបង្ហាញពីបំណងនាងចង់សុំការអធិស្ឋានដូចគ្នានេះ ពីបងប្អូនស្ដ្រី ។ ជាច្រើនឆ្នាំមុន កូនប្រុសគាត់ មានការលំបាក ។ គាត់ប៉ងចង់សុំអញ្ជើញពួកគេឲ្យជួយគ្រួសារគាត់ រែកបន្ទុកនេះណាស់ ។ ព្រះអង្គសង្គ្រោះបន្ទូលថា « គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក » ។ 6
ឱបងប្អូនស្ត្រីអើយ យើងទាំងអស់គ្នាមានបន្ទុកត្រូវរែក និងចែករំលែក ។ ការអញ្ជើញឲ្យរែកបន្ទុកគ្នាទៅវិញទៅមក គឺជាការអញ្ជើញឲ្យរក្សាសេចក្ដីសញ្ញារបស់យើង ។ ការប្រឹក្សារបស់ លូស៊ី ម៉ាក ស៊្មីធ ទៅកាន់បងប្អូនសមាគមសង្គ្រោះដំបូងគេ គឺទាក់ទងនឹងយើងនាសព្វថ្ងៃនេះជាងពេលណាៗទាំងអស់ ៖ « យើងត្រូវឲ្យតម្លៃគ្នាទៅវិញទៅមក មើលថែគ្នា លួងលោមគ្នា ហើយទទួលយកការណែនាំ ដើម្បីយើងអាចអង្គុយនៅស្ថានសួគ៌ជាមួយគ្នា » ។7 នេះគឺជាទម្រង់នៃការរក្សាសេចក្ដីសញ្ញា និងការបង្រៀនសួរសុខទុក្ខដ៏ល្អបំផុត !
ព្រះគម្ពីរមរមន រំឭកយើងថា ទោះជាព្យាការីអាលម៉ា ក៏ត្រូវរែកបន្ទុកនៃការមានកូនប្រុសបះបោរផងដែរ ។ ប៉ុន្តែអាលម៉ាមានពរណាស់ ដែលមានបងប្អូនប្រុសស្រីជាអ្នករក្សាសេចក្ដីសញ្ញានៅក្នុងដំណឹងល្អ ដែលបានផ្លាស់ប្រែចិត្តជឿទាំងស្រុងចំពោះព្រះ ហើយបានរៀនចេះអត្ថន័យនៃការរែកបន្ទុកគ្នាទៅវិញទៅមក ។ យើងស្គាល់ខក្នុងគម្ពីរម៉ូសាយ ដែលថ្លែងអំពីសេចក្ដីជំនឿដ៏អស្ចារ្យក្នុងការអធិស្ឋានរបស់អាលម៉ា ជំនួសឲ្យកូនប្រុសគាត់ ។ ប៉ុន្តែកំណត់ត្រាថ្លែងថា « ព្រះអម្ចាស់… ទ្រង់បានឮពាក្យអធិស្ឋានទាំងឡាយ របស់រាស្ត្រទ្រង់ និងព្រមទាំងពាក្យអធិស្ឋានទាំងឡាយរបស់អ្នកបម្រើទ្រង់ផង គឺអាលម៉ា … » ។ 8
យើងដឹងថា ព្រះអម្ចាស់តែងតែរីករាយ « ចំពោះព្រលឹងណាដែលប្រែចិត្ត ! » 9 ប៉ុន្តែក្តីប្រាថ្នាលើសអ្វីៗទាំងអស់របស់យើង គឺចង់ឲ្យកូនចៅរបស់យើង ដើរតាមដំបូន្មានរបស់ប្រធាន ហិនរី ប៊ី អាវរិង ថា « ឲ្យចាប់ផ្ដើមពីក្មេង ហើយនៅខ្ជាប់ខ្ជួន » នៅក្នុងការធ្វើ និងការរក្សាសេចក្ដីសញ្ញា ។ 10 កាលពីមុន មានគំនិត និងសំណួរដ៏ស្មោះមួយបានកើតឡើង នៅក្នុងក្រុមប្រឹក្សាបព្វជិតភាព និងអ្នកដឹកនាំអង្គការជំនួយមួយថា ៖ តើយើងពិតជារំពឹងចង់ឲ្យកុមារមានអាយុប្រាំបីឆ្នាំរក្សាសេចក្ដីសញ្ញារបស់ពួកគេឬ ? នៅពេលយើងប្រឹក្សាជាមួយគ្នា ក៏បានផ្ដល់យោបល់ថា របៀបមួយដើម្បីរៀបចំកុមារឲ្យធ្វើ និងរក្សាសេចក្ដីសញ្ញាបុណ្យជ្រមុជទឹកដ៏ពិសិដ្ឋរបស់គេ គឺត្រូវជួយពួកគេរៀនធ្វើ និងរក្សាការសន្យាសាមញ្ញមួយ ។
ឪពុកម្ដាយស្មោះត្រង់ ត្រូវស្គាល់របៀបដែលល្អបំផុតដើម្បីបំពេញតម្រូវការរបស់កូនៗពួកគេ ។ នៅពេលឪពុកម្ដាយ ស្វែងរក ហើយធ្វើតាមវិវរណៈផ្ទាល់ខ្លួន ប្រឹក្សាជាមួយគ្នា ហើយបម្រើ និងបង្រៀនគោលការណ៍សាមញ្ញៗនៃដំណឹងល្អ នោះពួកគេនឹងមានអំណាចដើម្បីពង្រឹង និងការពារដល់គ្រួសាររបស់ពួកគេ ។ សមាជិកផ្សេងទៀតក្នុងគ្រួសារក៏អាចជួយផងដែរ ។ ជីតាដ៏ល្អរបស់ខ្ញុំ បង្រៀនយើងពីសារៈសំខាន់នៃការរក្សាក្តីសន្យា តាមរយៈចម្រៀងសាមញ្ញមួយ ។ វាមានដូចតទៅ ៖ « មុនពេលអ្នកធ្វើការសន្យាមួយ ចូរពិចារណាពីសារៈសំខាន់របស់វាឲ្យបានល្អ ។ បន្ទាប់មកធ្វើការសន្យា ហើយឆ្លាក់វាឲ្យជាប់ក្នុងចិត្តអ្នក ។ ឆ្លាក់ឲ្យជាប់នៅក្នុងចិត្តអ្នក » ។ ចម្រៀងខ្លីនោះ បង្រៀនដោយក្ដីស្រឡាញ់ ការជឿស៊ប់ និងអំណាច ដោយសារជីតា បានឆ្លាក់ការសន្យាគាត់នៅក្នុងដួងចិត្តគាត់ ។
ម្ដាយដ៏ឈ្លាសវៃម្នាក់ ដែលខ្ញុំស្គាល់ បានដាក់កូនៗរបស់គាត់នៅក្នុងកិច្ចខិតខំដើម្បីរក្សាសេចក្ដីសញ្ញារបស់គាត់ដោយចេតនាពិត ។ គាត់ពេញចិត្តនឹងរែកបន្ទុកអ្នកជិតខាង មិត្តភក្ដិ និងសមាជិកក្នុងវួដ--ហើយលួងលោមចិត្តដល់អ្នកទាំងឡាយដែលត្រូវការការលួងលោម ។ វាមិនភ្ញាក់ផ្អើលទេ ពេលកូនស្រីតូចរបស់គាត់ ថ្មីៗនេះបានមកសុំជំនួយ ដើម្បីដឹងរបៀបល្អបំផុត ដើម្បីជួយលួងលោមដល់មិត្តនាង ដែលឪពុកគេទើបទទួលមរណភាព ។ នោះគឺជាគំរូដ៏ឥតខ្ចោះមួយ ដើម្បីបង្រៀនថា បំណងប្រាថ្នានាង ដើម្បីលួងលោមមិត្តនាង គឺជារបៀបរក្សាសេចក្ដីសញ្ញាបុណ្យជ្រមុជទឹករបស់នាង ។ តើយើងអាចរំពឹងកូនឲ្យធ្វើ និងរក្សាសេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធដោយរបៀបណា បើយើងពុំរំពឹងឲ្យគេរក្សាសេចក្ដីសញ្ញាដំបូងរបស់គេ--ជាសេចក្ដីសញ្ញាបុណ្យជ្រមុជទឹករបស់គេនោះ ?
អែលឌើរ រីឆាដ ជី ស្កត បានសង្កេតថា « ពរជ័យដ៏ធំបំផុតមួយ ដែលយើងអាចផ្ដល់ឲ្យទៅពិភពលោក គឺអំណាចនៃគេហដ្ឋានដែលមានព្រះគ្រីស្ទជាចម្បង ជាកន្លែងដែលដំណឹងល្អត្រូវបានបង្រៀន សេចក្ដីសញ្ញាត្រូវបានរក្សា ហើយមានក្ដីស្រឡាញ់ » ។ 11 តើយើងអាចបង្កើតគេហដ្ឋានមួយ ដើម្បីរៀបចំកូនៗយើងឲ្យធ្វើ និងរក្សាសេចក្ដីសញ្ញាក្នុងព្រះវិហារបរិសុទ្ធតាមរបៀបណាខ្លះ ?
-
យើងអាចរកឃើញជាមួយគ្នានូវអត្ថន័យដើម្បីមានភាពសក្ដិសមកាន់បណ្ណចូលព្រះវិហារបរិសុទ្ធ ។
-
យើងអាចរកឃើញជាមួយគ្នាពីរបៀបស្ដាប់ព្រះវិញ្ញាណបរិសុទ្ធ ។ ដោយសារអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ ត្រូវបានទទួលដោយវិវរណៈ នោះយើងចាំបាច់ត្រូវរៀននូវជំនាញដ៏សំខាន់នោះ ។
-
យើងអាចរកឃើញជាមួយគ្នាពីរបៀបដើម្បីរៀនតាមរយៈការប្រើនិមិត្តរូប ចាប់ផ្ដើមដោយនិមិត្តរូបពិសិដ្ឋនៃពិធីបុណ្យជ្រមុជទឹក និងពិធីសាក្រាម៉ង់ ។
-
យើងអាចរកឃើញជាមួយគ្នាពីមូលហេតុដែលរូបកាយពិសិដ្ឋ ហេតុអ្វីពេលខ្លះវាសំដៅទៅលើព្រះវិហារបរិសុទ្ធ និងរបៀបដែលសំលៀកបំពាក់រមទម្យទាក់ទងនឹងសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋ។
-
យើងអាចរកឃើញផែនការនៃសុភមង្គលនៅក្នុងបទគម្ពីរ ។ កាលណាយើងកាន់តែស្គាល់ផែនការរបស់ព្រះបិតាសួគ៌ និងដង្វាយធួនក្នុងបទគម្ពីរ នោះការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធនឹងកាន់តែមានអត្ថន័យ ។
-
យើងអាចរៀនពីរឿងរបស់ជីដូនជីតាយើងជាមួយគ្នា ស្រាវជ្រាវប្រវត្តិគ្រួសារ ធ្វើលិបិក្រម ហើយធ្វើកិច្ចការព្រះវិហារបរិសុទ្ធជំជួសមរណជនជាទីស្រឡាញ់របស់យើង ។
-
យើងអាចរកឃើញជាមួយគ្នាពីអត្ថន័យនៃពាក្យដូចជា អំណោយទានពិសិដ្ឋ ពិធីបរិសុទ្ធ ការផ្សារភ្ជាប់ កូនសោបព្វជិតភាព និងពាក្យដទៃទៀត ដែលទាក់ទងនឹងការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធ ។
-
យើងអាចបង្រៀនថា យើងទៅព្រះវិហារបរិសុទ្ធដើម្បីធ្វើសេចក្ដីសញ្ញាជាមួយព្រះបិតាសួគ៌--រួចយើងត្រឡប់ទៅផ្ទះវិញ ដើម្បីរក្សាវា ! 12
ចូរយើងចងចាំគោលគំនិតអំពី « ល្អ, ល្អជាង និងល្អបំផុត »ពេលយើងបង្រៀន ។ 13 វាល្អដើម្បីបង្រៀនកូនៗយើងអំពីព្រះវិហារបរិសុទ្ធ ។ វាល្អជាងដើម្បីរៀបចំ និងរំពឹងពួកគេឲ្យធ្វើ ហើយរក្សាសេចក្ដីសញ្ញាទាំងឡាយ ។ វាល្អបំផុតដើម្បីបង្ហាញពួកគេតាមគំរូ ដែលយើងរីករាយក្នុងការកាន់តាមសេចក្ដីសញ្ញាពិធីបុណ្យជ្រមុជទឹក និងសេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធផ្ទាល់ខ្លួនយើង ! បងប្អូនស្រី តើយើងដឹងពីតួនាទីសំខាន់របស់យើង ក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ នៅពេលយើងចិញ្ចឹមបីបាច់ បង្រៀន និងរៀបចំកូនៗឲ្យរីកចម្រើននៅលើផ្លូវនៃសេចក្ដីសញ្ញាឬទេ ? អំណាចដើម្បីធ្វើដូច្នោះ នឹងកើតមាន នៅពេលយើងគោរព និងរក្សាសេចក្ដីសញ្ញារបស់យើង ។
2. ការរក្សាសេចក្ដីសញ្ញា គឺសំខាន់សម្រាប់សុភមង្គលពិត ។
ប្រធាន ថូម៉ាស អេស. ម៉នសុន បានបង្រៀនថា « យើងត្រូវគោរពឲ្យតម្លៃសេចក្ដីសញ្ញាពិសិដ្ឋ ហើយការស្មោះត្រង់ចំពោះសេចក្ដីសញ្ញា គឺជាតម្រូវការមួយដើម្បីមានសុភមង្គល » ។ 14 នៅក្នុងនីហ្វៃទី 2 យើងអានថា « ហើយហេតុការណ៍បានកើតឡើងថា ពួកយើងបានរស់នៅតាមរបៀបសុភមង្គល » ។15 នៅដើមជំពូកនេះ យើងបានដឹងថា នីហ្វៃ និងប្រជាជនគាត់ ទើបតែបានសាងសង់ព្រះវិហារបរិសុទ្ធមួយ ។ ប្រាកដណាស់ ពួកគេជាអ្នករក្សាសេចក្ដីសញ្ញាដោយអំណរ ! ហើយក្នុងអាលម៉ា យើងអានថា « ប៉ុន្តែមើលចុះ ពុំដែលមានពេលណានៅក្នុងចំណោមប្រជាជននីហ្វៃ ដែលសប្បាយជាងសម័យមរ៉ូណៃឡើយ » ។ 16 ហេតុអ្វី ? ជាថ្មីទៀត យើងរៀននៅខមុននេះថា ពួកគេ « ស្មោះត្រង់ក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ » ។ 17 អ្នករក្សាសេចក្ដីសញ្ញា គឺជាអ្នករក្សាបញ្ញត្តិ !
ខ្ញុំចូលចិត្តខគម្ពីរដែលអានថា ៖ « ហើយឥឡូវនេះ កាលប្រជាជនបានឮពាក្យទាំងនេះ [ មានន័យថា ពាក្យដែលពិពណ៌នាសេចក្ដីសញ្ញាបុណ្យជ្រមុជទឹក ] គេក៏បានទះដៃដោយសេចក្ដីអំណរ ហើយស្រែកថា ៖ នេះហើយជាបំណងនៃចិត្តរបស់យើងខ្ញុំ » ។ 18 ខ្ញុំស្រឡាញ់បំណងនៃចិត្តរបស់ពួកគេ ។ ពួកគេមានបំណងដោយអំណរ ដើម្បីធ្វើ និងរក្សាសេចក្ដីសញ្ញាពួកគេ !
នៅថ្ងៃអាទិត្យមួយ មានយុវនារីម្នាក់ស្រែកដោយអំណរថា « ខ្ញុំនឹងទទួលសាក្រាម៉ង់ថ្ងៃនេះ ! » តើយើងបានរីករាយនឹងឯកសិទ្ធិនោះជាលើកចុងក្រោយនៅពេលណា ? ហើយយើងបង្ហាញដោយរបៀបណា ? យើងធ្វើដូចនេះ តាមរយៈការចងចាំព្រះអង្គសង្គ្រោះជានិច្ច ហើយតែងតែរក្សាបទបញ្ញត្តិទ្រង់ ដែលរួមមានទាំងការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។ យើងធ្វើ តាមរយៈការចងចាំទ្រង់ជានិច្ច នៅពេលយើងតែងតែមានការអធិស្ឋានផ្ទាល់ខ្លួន និងជាគ្រួសារ ការសិក្សាគម្ពីរប្រចាំថ្ងៃ និងមានរាត្រីជួបជុំគ្រួសាររាល់សប្ដាហ៍ ។ ហើយនៅពេលយើងទទួលការរំខាន ឬឥតខ្វល់នឹងរឿងសំខាន់ទាំងនេះ នោះយើងត្រូវប្រែចិត្ត ហើយចាប់ផ្ដើមសារជាថ្មី ។
ការធ្វើ និងការរក្សាសេចក្ដីសញ្ញាយើងដោយរីករាយ ផ្ដល់នូវសុពលភាព និងអត្ថន័យចំពោះពិធីបរិសុទ្ធដ៏ពិសិដ្ឋ និងពិធីបរិសុទ្ធសង្គ្រោះដ៏មានតម្លៃ ដែលយើងចាំបាច់ត្រូវទទួល ដើម្បីទទួលបាន « អ្វីៗដែលព្រះបិតាមាន » ។ 19 ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាទាំងឡាយ គឺជា « រឿងសំខាន់ខាងវិញ្ញាណ » ប្រធាន ហិនរី ប៊ី អាវរិង បានយោងនៅពេលលោកបានបង្រៀនថា ៖ « ពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជារាស្ត្រនៃសេចក្ដីសញ្ញា ។ ចាប់តាំងពីថ្ងៃនៃពិធីបុណ្យជ្រមុជទឹក រហូតដល់ព្រឹត្តការសំខាន់ៗខាងវិញ្ញាណក្នុងជីវិតយើង យើងធ្វើការសន្យាជាច្រើនជាមួយព្រះ ហើយទ្រង់ធ្វើការសន្យានឹងយើង ។ ទ្រង់តែងតែរក្សាការសន្យាទ្រង់ ដែលបានផ្ដល់ឲ្យតាមរយៈអ្នកបម្រើដែលមានសិទ្ធិអំណាចទ្រង់ ប៉ុន្តែវាគឺជាការសាកល្បងដ៏សំខាន់នៃជីវិតយើង ដើម្បីមើលថាតើយើងនឹងធ្វើ ហើយរក្សាសេចក្ដីសញ្ញារបស់យើងជាមួយទ្រង់ឬទេ » ។ 20
3. ការរក្សាសេចក្ដីសញ្ញារបស់យើង បង្ហាញពីក្ដីស្រឡាញ់របស់យើងចំពោះព្រះអង្គសង្គ្រោះ និងព្រះបិតាសួគ៌យើង ។
គ្រប់មូលហេតុទាំងអស់ យើងគួរតែកាន់តែមានការព្យាយាមក្នុងការរក្សាសេចក្ដីសញ្ញាយើង មូលហេតុនេះមានកម្លាំងខ្លាំងជាងអ្វីៗទាំងអស់គឺ --ក្ដីស្រឡាញ់ ។ ខមួយក្នុងគម្ពីរសញ្ញាចាស់ គឺជាខមួយដែលប៉ះដល់ដួងចិត្តខ្ញុំ នៅពេលយើងពិចារណាអំពីគោលការណ៍នៃក្ដីស្រឡាញ់ ។ តើនរណាដែលមិនរំជួលចិត្តដោយរឿងស្នេហារបស់យ៉ាកុប និងរ៉ាជែលក្នុងគម្ពីរប៊ីប នៅពេលយើងអានថា « យ៉ាកុបក៏ខំបម្រើអស់ 7 ឆ្នាំ ដើម្បីឲ្យបានរ៉ាជែល តែនោះមើលទៅដូចជាបួនដប់ថ្ងៃទេ ដោយព្រោះគាត់ស្រឡាញ់ដល់នាងណាស់ » ? 21 បងប្អូនស្រី តើយើងរក្សាសេចក្ដីសញ្ញារបស់យើងដោយក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅ និង លះបង់ប្រភេទនោះទេ ?
ហេតុអ្វីក៏ព្រះអង្គសង្គ្រោះ ស្ម័គ្រព្រះទ័យរក្សាសេចក្ដីសញ្ញាទ្រង់ ជាមួយព្រះបិតា ហើយបំពេញបេសកកម្មដ៏ទេវភាពរបស់ទ្រង់ ដើម្បីឲ្យធួនចំពោះអំពើបាបនៃពិភពលោកដូច្នេះ ? វាគឺជាក្ដីស្រឡាញ់ទ្រង់ចំពោះព្រះបិតាទ្រង់ និងក្ដីស្រឡាញ់ទ្រង់ចំពោះយើង ។ ហេតុអ្វីក៏ព្រះបិតា ស្ម័គ្រព្រះទ័យអនុញ្ញាតឲ្យបុត្រាសំណប់តែមួយទ្រង់ និងជាបុត្រាដ៏ឥតខ្ចោះ មករងទុកហួសថ្លែង ដើម្បីរែកអំពើបាប ការឈឺចាប់ ជំងឺ និងគុណវិបត្តិនៃពិភពលោក ហើយអ្វីៗទាំងអស់ដែល អយុត្តិធម៌នៅក្នុងជីវិតនេះដូច្នេះ ? យើងរកបានចម្លើយក្នុងពាក្យទាំងនេះ ៖ « ត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ » ។ 22
« បើយើងមានអំណរគុណពេញលេញចំពោះពរជ័យជាច្រើន ដែលជារបស់ផងយើង តាមរយៈការប្រោសលោះដល់យើង នោះគ្មានអ្វីដែលព្រះអម្ចាស់សុំដល់យើងហើយ យើងមិនរំភើបចិត្ត ឬមិនធ្វើដោយមានឆន្ទៈនោះទេ » ។ 23 យោងតាមការថ្លែងនេះ ពីប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ ការរក្សាសេចក្ដីសញ្ញា គឺជាវិធីមួយដើម្បីបង្ហាញក្ដីស្រឡាញ់របស់យើងចំពោះដង្វាយធួនដ៏និរន្ដន៍ និងពុំអាចយល់បាននៃព្រះអង្គសង្គ្រោះយើង និងព្រះប្រោសលោះ និងក្ដីស្រឡាញ់ដ៏ឥតខ្ចោះរបស់ព្រះបិតាសួគ៌ ។
អែលឌើរ ហូឡិន បានផ្ដល់យោបល់ដ៏ទន់ភ្លន់ថា « ខ្ញុំពុំដឹងច្បាស់ពីបទពិសោធន៍របស់យើងយ៉ាងណានៅថ្ងៃជំនុំជំរះនោះទេ ប៉ុន្តែខ្ញុំនឹងភ្ញាក់ផ្អើលណាស់ បើនៅក្នុងការសន្ទនានោះ ព្រះពុំសួរយើងដូចគ្នានឹងអ្វីដែលព្រះគ្រីស្ទបានសួរដល់ពេត្រុសនោះ ដែលថា ៖ ‹ តើអ្នកស្រឡាញ់ខ្ញុំទេ ? ›» 24 នៅយប់នេះ ខ្ញុំអញ្ជើញឲ្យយើងម្នាក់ៗវាយតម្លៃថា តើយើងស្រឡាញ់ព្រះអង្គសង្គ្រោះខ្លាំងប៉ុណ្ណា ប្រើជារង្វាស់មួយលើក្ដីអំណរក្នុងការរក្សាសេចក្ដីសញ្ញារបស់យើង ។ ព្រះអង្គសង្គ្រោះមានបន្ទូលថា « អ្នកណាដែលមានបញ្ញត្តិរបស់ខ្ញុំ ហើយកាន់តាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ៖ ឯអ្នកណាដែលស្រឡាញ់ខ្ញុំ នោះជាទីស្រឡាញ់នៃព្រះវរបិតាខ្ញុំហើយ ខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ក៏នឹងសម្ដែងខ្លួនឲ្យអ្នកនោះស្គាល់ផង » ។25 ឱ យើងទាំងអស់គ្នាត្រូវការ ការសម្ដែងអង្គរបស់ព្រះអង្គសង្គ្រោះជាទៀងទាត់មួយនៅក្នុងជីវិតរបស់យើងណាស់ !
ចូរយើងចងចាំថា ទោះជាអ្នកទាំងឡាយដែលបានវង្វេងកាលពីអតីតកាល ឬដែលកំពុងមានឧបសគ្គបច្ចុប្បន្ននេះ អាចទទួលអារម្មណ៍ប៉ះដោយព្រះហស្តរបស់អ្នកគង្វាលល្អលើក្បាលរបស់គេ និងស្ដាប់ឮសម្លេងទ្រង់ថា ៖ « ចូរមកចុះ ។ អ្នកពុំជាប់ចំណងទៀតទេ ។ អ្នកមានសេរីភាពហើយ » ។ គឺព្រះអង្គសង្គ្រោះដែលមានបន្ទូលថា « ខ្ញុំជាអ្នកគង្វាលល្អ ៖ ឯអ្នកគង្វាលល្អ ក៏ស៊ូតែប្ដូរជីវិតជំនួសចៀម » ។26 ទ្រង់បន្ទូលថា ដោយសារទ្រង់រក្សាសេចក្ដីសញ្ញារបស់ទ្រង់ដោយក្ដីស្រឡាញ់ ។ សំណួរបន្ទាប់គឺថា តើយើងនឹងព្រមឬទេ ? សូមឲ្យយើងដើរឆ្ពោះទៅមុខដោយជំនឿ ដួងចិត្តរីករាយ និងបំណងដ៏អស្ចារ្យដើម្បីធ្វើជាអ្នករក្សាសេចក្ដីសញ្ញា ។ នេះគឺជារបៀបដែលយើងបង្ហាញក្ដីស្រឡាញ់របស់យើងចំពោះព្រះបិតាសួគ៌យើង និងព្រះអង្គសង្គ្រោះ ខ្ញុំថ្លែងទីបន្ទាល់ដោយក្ដីស្រឡាញ់អស្ចារ្យចំពោះទ្រង់ទាំងពីរអង្គ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។