អ្នកអាចធ្វើវាឥឡូវនេះបាន !
ដរាបណាយើងមានឆន្ទៈដើម្បីក្រោកឡើងម្ដងទៀត ហើយបន្តដើរលើផ្លូវនោះ... យើងអាចរៀនអ្វីមួយពីការបរាជ័យ ហើយប្រែក្លាយជាកាន់តែប្រសើរ និងរីករាយជាងមុន។
កាលពីក្មេង ការដួល ហើយក្រោកឡើងវិញវាជារឿងងាយណាស់សម្រាប់ខ្ញុំ ។ តែលុះចាស់ទៅ ខ្ញុំបានដឹងថា ខ្ញុំមិនងាយនឹងក្រោកឈរឡើយ ពេលខ្ញុំដួលហើយនោះ ។
ថ្មីៗនេះ ខ្ញុំបានជិះស្គីជាមួយចៅប្រុសខ្ញុំអាយុ 12 ឆ្នាំ ។ យើងបានរីករាយរួមគ្នា ពេលខ្ញុំបានជិះចូលទៅកន្លែងមានទឹកកកច្រើន ហើយធ្លាក់ចុះទៅតាមចំណោតដ៏ទេរមួយ ។
ខ្ញុំខិតខំរកគ្រប់វិធី ដើម្បីក្រោកឈរ តែខ្ញុំដួលមិនអាចក្រោករួច។
ខ្ញុំមានអារម្មណ៍ថា រូបកាយខ្ញុំមិនអីទេ តែចិត្តខ្ញុំឈឺចាប់ ។ ដូច្នេះ ខ្ញុំត្រូវប្រាកដថា មួក និងវ៉ែនតាការពាររបស់ខ្ញុំ ត្រូវបានពាក់យ៉ាងត្រឹមត្រូវ ដោយសារខ្ញុំមិនចង់ឲ្យអ្នកជិះស្គីផ្សេងទៀតស្គាល់ខ្ញុំ ។ ខ្ញុំបានស្រមៃថា ខ្លួនឯងអង្គុយនៅទីនោះទាំងអស់សង្ឃឹម ពេលពួកគេគ្រវីដៃដាក់ខ្ញុំ ហើយនិយាយថា « សួស្ដី បងប្រុស អុជដូហ្វ ! »។
ខ្ញុំបានងឿងឆ្ងល់ថា តើអ្វីទៅដែលអាចជួយខ្ញុំបាន។ នោះគឺជាពេលដែលចៅប្រុសខ្ញុំបានដើរមករកខ្ញុំ ។ ខ្ញុំបានប្រាប់គាត់ពីអ្វីដែលកើតឡើង តែគាត់ដូចជាមិនចាប់អារម្មណ៍នូវការពន្យល់ពីមូលហេតុដែលខ្ញុំក្រោកមិនរួចឡើយ ។ គាត់បានសម្លឹងមើលមុខខ្ញុំ ឈោងចាប់ដៃខ្ញុំ ហើយនិយាយក្នុងសំឡេងមាំថា « លោកតា លោកតាអាចធ្វើវាឥឡូវនេះបាន !»
ខ្ញុំបានក្រោកឈរឡើងបន្តិចម្ដងៗ ។
ខ្ញុំនៅតែហួសចិត្តពីបញ្ហានេះ ។ អ្វីដែលហាក់ដូចជាមិនអាចធ្វើបាននៅប៉ុន្មាននាទីមុន បែរជាអាចធ្វើបានមួយរំពេច ដោយសារក្មេងប្រុសអាយុ 12 ឆ្នាំម្នាក់បានឈោងដៃជួយខ្ញុំ ហើយនិយាយថា « លោកតា អាចធ្វើវាឥឡូវនេះបាន !» ចំពោះខ្ញុំ វាជាការបញ្ចូលគ្នាមួយនៃភាពជឿជាក់ ក្ដីសាទរ និងកម្លាំង ។
បងប្អូនប្រុស ពេលខ្លះនៅក្នុងជីវិតយើង ពេលយើងខំក្រោកឡើង ហើយបន្តដើរ វាហាក់ដូចជាហួសពីលទ្ធភាពយើង ។ នាថ្ងៃនោះ ខ្ញុំបានរៀនពីអ្វីមួយលើចំណោតដែលមានព្រិលពេញនោះ ។ សូម្បីតែពេលយើងគិតថាមិនអាចក្រោកឡើងបានក្ដី---ក៏ក្ដីសង្ឃឹមនៅតែមាន ។ ហើយពេលខ្លះ យើងត្រូវការមនុស្សម្នាក់ឲ្យមើលមុខយើង ចាប់ដៃយើង ហើយនិយាយថា « អ្នកអាចធ្វើវាឥឡូវនេះបាន ! »
ការបញ្ឆោតនៃភាពរឹងមាំ
យើងប្រហែលជាគិតថា ស្ត្រីទំនងជាមានអារម្មណ៍នៃការខ្វះសមត្ថភាព និងការបរាជ័យច្រើនជាងបុរស---ដែលអារម្មណ៍ទាំងនេះជះឥទ្ធិពលទៅលើពួកគាត់ច្រើនជាងយើង ។ ខ្ញុំគិតថា វាមិនពិតទេ ។ បុរសមានអារម្មណ៍កំហុស បាក់ទឹកចិត្ត និងភាពបរាជ័យ។ យើងអាចធ្វើពុតជាមិនខ្វល់ពីអារម្មណ៍ទាំងនេះ តែតាមពិតយើងខ្វល់ ។ យើងអាចមានអារម្មណ៍នូវបន្ទុកដ៏ធ្ងន់ពីការបរាជ័យ និងកំហុសយើង រហូតធ្វើឲ្យយើងគិតថា យើងមិនអាចមានជោគជ័យបានឡើយ ។ យើងថែមទាំងគិតថា ដោយសារយើងធ្លាប់ដួលពីមុនមក នោះភាពបរាជ័យ គឺជាជោគវាសនាយើង ។ ដូចអ្នកនិពន្ធម្នាក់បានថ្លែងថា «យើងបន្តដូចជាទូកជាប់គាំងក្នុងទន្លេ ដែលនាំទៅរកអតីតកាលជានិច្ច» ។1
ខ្ញុំបានមើលបុរសដែលពោរពេញដោយសក្ដានុពល និងក្ដីមេត្តា ឈប់ចូលរួមក្នុងកិច្ចការដ៏លំបាកនៃការស្ថាបនានគរព្រះ ដោយសារពួកគេបរាជ័យម្ដង ឬពីរដង ។ ទាំងនេះ គឺជាបុរសដ៏មានសក្ដានុពលដែលអាចក្លាយជាអ្នកកាន់បព្វជិតភាព និងអ្នកបម្រើព្រះដ៏អស្ចារ្យ ។ តែដោយសារពួកគេបានជំពប់ជើងដួល ហើយបានបាក់ទឹកចិត្ត ពួកគេបានដកខ្លួនចេញពីការតាំងចិត្តក្នុងបព្វជិតភាពខ្លួន ហើយទៅធ្វើសកម្មភាពផ្សេង ដែលវាមានតម្លៃតិចតួចវិញ ។
ដូច្នេះហើយ ពួកគេបន្តរស់នៅតែក្នុងស្រមោលជីវិត ដែលវាដឹកនាំទៅរកភាពមិនអាចក្រោកឡើងទៅរកសក្ដានុពល ដែលជាសិទ្ធិពីកំណើតរបស់ខ្លួននោះ ។ ដូចដែលកវីនោះបានសោកស្ដាយដែរ បុរសទាំងនេះស្ថិតក្នុងចំណោមព្រលឹងសោកសៅដែល « បានស្លាប់ទៅដោយមិនអាចធ្វើកិច្ចការដែលខ្លួនអាចធ្វើបាន » ។2
គ្មាននរណាម្នាក់ចង់បរាជ័យឡើយ ។ ហើយជាពិសេស យើងមិនចូលចិត្តពេលអ្នកដទៃ---ជាពិសេសអ្នកដែលយើងស្រឡាញ់---ឃើញយើងបរាជ័យនោះ ។ យើងចង់បានការគោរព ហើយឲ្យតម្លៃ ។ យើងចង់ក្លាយជាជើងឯក ។ តែយើងជាមនុស្សរមែងស្លាប់ មិនអាចក្លាយជាជើងឯកដោយគ្មានការខិតខំ និងការកែតម្រូវ ឬដោយមិនធ្វើខុសបានឡើយ ។
បងប្អូនប្រុស ជោគវាសនាយើងមិនកំណត់ដោយសារយើងបានដួលប៉ុន្មានដងឡើយ តែជាកាលដែលយើងក្រោកឈរឡើង បោសធូលីដីចេញ ហើយដើរឆ្ពោះទៅមុខប៉ុន្មានដងវិញទេតើ ។
សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ
យើងដឹងថាជីវិតរមែងស្លាប់នេះជាការសាកល្បង ។ តែដោយសារព្រះវរបិតារបស់យើង ស្រឡាញ់យើង ដោយក្ដីស្រឡាញ់ដ៏ឥតខ្ចោះ ទ្រង់បង្ហាញផ្លូវយើងឲ្យទៅរកចម្លើយនោះ ។ ទ្រង់ប្រទានផែនទីដល់យើង ដែលអាចឲ្យយើងរកឃើញភូមិសាស្ត្រមិនប្រាកដប្រជា និងការសាកល្បងដែលមិនបានរំពឹងទុក ដែលយើងម្នាក់ៗនឹងជួប ។ ពាក្យរបស់ព្យាការី ជាផ្នែកមួយនៃផែនទីនេះ ។
ពេលយើងវង្វេងផ្លូវ---ពេលយើងធ្លាក់ ឬឃ្លាតចេញពីផ្លូវព្រះ---ពាក្យរបស់ព្យាការីប្រាប់យើងពីរបៀបត្រឡប់មករកផ្លូវនោះវិញ ។
ក្នុងចំណោមគោលការណ៍ទាំងអស់ដែលពួកព្យាការីបានបង្រៀនជាច្រើនសតវត្សរ៍ មានគោលការណ៍មួយដែលបានគូសបញ្ជាក់ម្ដងហើយម្ដងទៀត គឺសារលិខិតនៃក្ដីសង្ឃឹម និងការលើកទឹកចិត្តថា មនុស្សលោកអាចប្រែចិត្ត ប្ដូរផ្លូវ ហើយត្រឡប់មករកផ្លូវនៃភាពជាសិស្សវិញបាន ។
នោះពុំមានន័យថា យើងគួរសប្បាយចិត្តនឹងភាពទន់ខ្សោយ កំហុស និងអំពើបាបយើងឡើយ ។ តែមានភាពខុសគ្នាដ៏សំខាន់មួយរវាងភាពសោកសៅចំពោះអំពើបាបដែលនាំទៅរកការប្រែចិត្ត និងភាពសោកសៅដែលនាំទៅរកភាពអស់សង្ឃឹម ។
សាវកប៉ុលបានបង្រៀនថា «សេចក្ដីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះ នោះរមែងនាំឲ្យប្រែចិត្តឡើងប្រយោជន៍ឲ្យបានសង្គ្រោះ...តែសេចក្ដីព្រួយរបស់លោកិយ នោះបង្កើតសេចក្ដីស្លាប់វិញ » ។3 សេចក្ដីព្រួយដែលគាត់ព្រះទ័យដល់ព្រះ បំផុសឲ្យមានការផ្លាស់ប្ដូរ និងក្ដីសង្ឃឹមតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីព្រួយខាងលោកិយ បំផ្លាញយើង ដកយកក្ដីសង្ឃឹម ហើយនាំយើងទៅរកការល្បួងបន្ថែមទៀត ។
សេចក្ដីព្រួយដែលគាត់ព្រះទ័យដល់ព្រះ នាំទៅរកការប្រែចិត្តជឿ4 និងការផ្លាស់ប្ដូរដួងចិត្ត ។5 វាធ្វើឲ្យយើងស្អប់អំពើបាប ហើយស្រឡាញ់សេចក្ដីល្អ ។6 វាលើកទឹកចិត្តយើងឲ្យក្រោកឈរ ហើយដើរក្នុងពន្លឺនៃក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ ។ ការប្រែចិត្តពិតគឺការផ្លាស់ប្ដូរ ពុំមែនជាទារុណកម្ម ឬការដាក់ទោសឡើយ ។ មែនហើយ ការសោកស្ដាយ និងវិប្បដិសារីពិតសម្រាប់ការមិនគោរពប្រតិបត្តិជារឿយៗមានការឈឺចាប់ ហើយជាជំហានដ៏សំខាន់មួយក្នុងដំណើរការប្រែចិត្តដ៏ពិសិដ្ឋនេះ ។ តែពេលកំហុសនាំទៅរកការស្អប់ ឬការពារខ្លួនឯងពីការក្រោកឈរម្ដងទៀត នោះវាកំពុងរារាំង ជាជាងលើកទឹកចិត្តឲ្យយើងប្រែចិត្ត ។
បងប្អូនប្រុស មានផ្លូវប្រសើរមួយ ។ ចូរយើងក្រោកឡើង ហើយក្លាយជាបុរសនៃព្រះ ។ យើងមានព្រះអង្គសង្គ្រោះមួយអង្គ ដែលបានដើរឆ្លងកាត់នូវសេចក្ដីស្លាប់ដើម្បីជាប្រយោជន៍ដល់យើង ។ ទ្រង់បានលះបង់ព្រះកាយទ្រង់ដើម្បីបង់ថ្លៃអំពើបាបយើង ។ គ្មាននរណាម្នាក់មានក្ដីស្រឡាញ់ធំជាងនេះឡើយ---គឺព្រះគ្រីស្ទ ជាកូនចៀមឥតខ្ចោះ ដែលបានស្ម័គ្រព្រះទ័យនៅលើអាសនៈបូជា ហើយបង់ថ្លៃសម្រាប់អំពើបាបយើង « ឲ្យគ្រប់ »។7 ទ្រង់យកការរងទុក្ខយើងមកដាក់លើអង្គទ្រង់ ។ ទ្រង់យកបន្ទុក និងកំហុសយើងមកដាក់ស្មារទ្រង់ ។ មិត្តជាទីស្រឡាញ់ ពេលយើងសម្រេចចិត្តមករកទ្រង់ ពេលយើងលើកដាក់ព្រះនាមទ្រង់លើខ្លួនយើង ហើយដើរយ៉ាងម៉ឺងម៉ាត់ក្នុងផ្លូវនៃភាពជាសិស្ស នោះតាមរយៈដង្វាយយើងត្រូវបានសន្យាថាប្រទានឲ្យ មិនត្រឹមតែសុភមង្គល និង « ក្ដីសុខសាន្តក្នុងលោកិយនេះ » ប៉ុណ្ណោះទេ តែ «ជីវិតអស់កល្បនៅលោកខាងមុខ» ផងដែរ ។8
ពេលយើងធ្វើខុស ពេលយើងធ្វើអំពើបាប ហើយធ្លាក់ចុះ ចូរយើងគិតពីអត្ថន័យពិតនៃការប្រែចិត្ត ។ វាន័យថា ជាការបង្វែរដួងចិត្ត និងឆន្ទៈយើងមករកព្រះ ហើយឈប់ធ្វើអំពើបាប ។ ការប្រែចិត្តពិតចេញពីចិត្តនាំមកជាមួយនូវការធានាអះអាងពីសួគ៌ាថា យើងអាច «ធ្វើវាឥឡូវនេះបាន» ។
តើអ្នកជានរណា?
វិធីសាស្ត្រមួយរបស់មារសត្រូវដើម្បីរារាំងពីការរីកចម្រើន គឺបំភ័ន្តថា តើយើងពិតជានរណា ហើយក្ដីប្រាថ្នាពិតយើងជាអ្វីទៅ ។
យើងចង់ចំណាយពេលច្រើនជាមួយកូនចៅយើង តែក៏ចង់ចូលរួមក្នុងទម្លាប់ជាបុរសដែលយើងចូលចិត្តផងដែរ ។ យើងចង់សម្រកទម្ងន់ តែក៏ចង់រីករាយនឹងម្ហូបដែលយើងឃ្លានដែរ ។ យើងចង់ក្លាយដូចជាព្រះគ្រីស្ទ តែក៏ចង់ឲ្យអ្នកដែលជិះវ៉ាយើងមានអារម្មណ៍ទើសទាល់ដែរ ។
បំណងរបស់សាតាំង គឺល្បួងយើងឲ្យប្ដូរមុក្ដាដ៏មានតម្លៃនៃសុភមង្គលពិត និងតម្លៃអស់កល្ប នឹងគ្រឿងជ័រក្លែងក្លាយ ដែលគ្រាន់តែជាការបញ្ឆោត និងភាពក្លែងក្លាយនៃសុភមង្គល និងក្ដីអំណរ ។
វិធីសាស្ត្រមួយទៀតដែលមារសត្រូវប្រើដើម្បីបំបាក់ទឹកចិត្តយើងពីការក្រោកឈរឡើង គឺឲ្យយើងគិតថា ព្រះបញ្ញត្តិជារឿងដែលបានបង្ខំដល់យើង ។ ខ្ញុំគិតថា ការតតាំងនឹងអ្វីៗដែលមិនមែនជាគំនិតខ្លួនតាំងពីដំបូងមក វាជាចរិតមនុស្ស ។
បើយើងមើលឃើញថាការទទួលទាន និងលំហាត់ប្រាណដែលធ្វើឲ្យសុខភាពល្អ គ្រាន់តែជាអ្វីមួយដែលវេជ្ជបណ្ឌិតចង់ឲ្យយើងធ្វើ នោះយើងនឹងទំនងជាបរាជ័យ ។ បើយើងមើលឃើញថា ការជ្រើសរើសទាំងនេះ ជាអ្វីមួយដែលយើងចង់បានសម្រាប់ខ្លួនឯង នោះយើងមានឱកាសល្អសម្រេចកិច្ចការនោះដោយជោគជ័យ ។
បើយើងមើលឃើញថាការបង្រៀនតាមផ្ទះគ្រាន់តែជាគោលដៅរបស់ប្រធានស្តេក នោះយើងនឹងឲ្យតម្លៃតិចតួចក្នុងការធ្វើវា។ បើយើងមើលឃើញវាជាគោលដៅយើង---ជាអ្វីមួយដែលយើងចង់ធ្វើដើម្បីក្លាយដូចជាព្រះគ្រីស្ទ និងបម្រើអ្នកដទៃ---នោះយើងនឹងមិនគ្រាន់តែបំពេញការតាំងយើងប៉ុណ្ណោះទេ តែសម្រេចវាតាមរបៀបមួយដែលពិតជាប្រទានពរដល់ក្រុមគ្រួសារដែលយើងសួរសុខទុក្ខ និងគ្រួសារយើងផងដែរ ។
ពេលខ្លះ យើងជាមនុស្សម្នាក់ដែលបានទទួលជំនួយពីមិត្ត និងគ្រួសារ។ តែបើយើងក្រឡេកមើលជុំវិញដោយហ្មត់ចត់ និងដោយចិត្តខ្វាយខ្វល់ នោះយើងនឹងឃើញពីឱកាសដែលព្រះអម្ចាស់ប្រទានដល់យើង ដើម្បីជួយអ្នកដទៃឲ្យក្រោកឈរឡើង ហើយដើរឆ្ពោះទៅរកសក្ដានុពលដ៏ពិតរបស់ខ្លួន។ ព្រះគម្ពីរណែនាំថា «ការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្តទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ»។9
វាជាប្រភពអស្ចារ្យមួយនៃអំណាចខាងវិញ្ញាណដើម្បីរស់នៅក្នុងជីវិតទៀងត្រង់ ហើយសុចរិត និងដើម្បីផ្ដោតទៅកន្លែងដែលយើងចង់រស់នៅក្នុងភាពអស់កល្ប ។ ទោះជាយើងអាចឃើញទិសដៅដ៏ទេវភាពនេះ តែជាមួយនឹងភ្នែកនៃក្ដីជំនឿក្ដី ក៏វានឹងជួយយើងឲ្យបន្តដើរលើផ្លូវនោះដែរ ។
ពេលស្មារតីយើងផ្ដោតលើភាពជោគជ័យ ឬការបរាជ័យប្រចាំថ្ងៃយើង នោះយើងអាចវង្វេងផ្លូវ ហើយធ្លាក់ចុះ ។ ការផ្តោតលើគោលដៅខ្ពស់ជាង នឹងជួយយើងក្លាយជាកូនប្រុស បងប្អូនប្រុស ឪពុក និងស្វាមីល្អជាងមុន ។
សូម្បីតែជនដែលដាក់ចិត្តខ្លួនលើគោលដៅទេវភាព អាចនឹងធ្លាប់ម្ដងម្កាល តែពួកគេនឹងមិនបរាជ័យឡើយ ។ គេទុកចិត្ត ហើយពឹងផ្អែកលើការសន្យារបស់ព្រះ។ គេនឹងឈរជាថ្មីជាមួយនឹងក្ដីសង្ឃឹមដ៏ភ្លឺស្វាងក្នុងព្រះដ៏សុចរិត និងទស្សនវិស័យដ៏បំផុសគំនិតនៃអនាគតដ៏អស្ចារ្យមួយ ។ ពួកគេពឹងផ្អែកលើការសន្យារបស់ព្រះ ។ ពួកគេដឹងថា គេអាចធ្វើវាឥឡូវនេះបាន ។
អ្នកអាចធ្វើវាឥឡូវនេះបាន
មនុស្សគ្រប់រូប ទាំងចាស់ទាំងក្មេង ធ្លាប់មានបទពិសោធន៍ផ្ទាល់ខ្លួននឹងការធ្លាក់។ ការធ្លាក់ជាអ្វីដែលយើងជាមនុស្សរមែងស្លាប់មាន ។ តែដរាបណាយើងយល់ព្រមក្រោកឈរ ហើយបន្តលើផ្លូវឆ្ពោះទៅរកគោលដៅខាងវិញ្ញាណដែលព្រះបានប្រទានឲ្យយើងម្ដងទៀត នោះយើងអាចរៀនអ្វីមួយពីការបរាជ័យ ហើយធ្វើបានប្រសើរ និងរីករាយជាងមុន ។
បងប្អូនប្រុស និងជាមិត្តជាទីស្រឡាញ់របស់ខ្ញុំអើយ ពេលខ្លះ អ្នក គិត ថាអ្នកយើងមិនអាចឈរ ឬបន្តដើរបានទៀតឡើយ ។ សូមទុកចិត្តលើព្រះអម្ចាស់ និងក្ដីស្រឡាញ់ទ្រង់។ ដោយក្ដីជំនឿយើងលើព្រះព្រះអម្ចាស់ និងអំណាច និងក្ដីសង្ឃឹមនៃដំណឹងល្អដែលបានស្ដារឡើងវិញ នោះអ្នក នឹង អាចដើរ ហើយបន្តដើរឆ្ពោះទៅមុខ ។
បងប្អូនប្រុស យើងស្រឡាញ់អ្នក។ យើងអធិស្ឋានសម្រាប់អ្នក ។ ខ្ញុំចង់ឲ្យអ្នកស្ដាប់ឮប្រធាន ម៉នសុន អធិស្ឋានឲ្យអ្នក ។ មិនថាអ្នកជាឪពុកវ័យក្មេង ជាអ្នកកាន់បព្វជិតភាពវ័យចំណាស់ ឬជាឌីកុន ទើបតែងតាំងម្នាក់នោះទេ យើងដឹងពីអ្នក ។ ព្រះអម្ចាស់ជ្រាបដឹងពីអ្នក !
យើងទទួលស្គាល់ថា ពេលខ្លះផ្លូវរបស់អ្នកមានការលំបាក ។ តែខ្ញុំផ្ដល់ការសន្យានេះដល់អ្នកក្នុងព្រះនាមព្រះអម្ចាស់ថា ៖ បើអ្នកក្រោកឈរឡើង ហើយដើរតាមដានព្រះបាទានៃព្រះប្រោសលោះយើង ហើយនៅថ្ងៃមួយ ពេលអ្នកនឹងក្រឡេកមើលមកក្រោយវិញ នោះអ្នកពោរពេញដោយអំណរគុណដ៏អស់កល្ប ដែលអ្នកបានជ្រើសយកការទុកចិត្តលើដង្វាយធួន និងអំណាចនៃដង្វាយធួន ដើម្បីលើក ហើយពង្រឹងដល់អ្នក ។
បងប្អូនប្រុសជាទីស្រឡាញ់របស់ខ្ញុំ មិនថាអ្នកដួលចុះប៉ុន្មានដងទេ ចូរក្រោកឈរឡើង ! ជោគវាសនាអ្នក ជាជោគវាសនាមួយដ៏រុងរឿង ! សូមឈរ ហើយដើរក្នុងពន្លឺនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ ! អ្នកខ្លាំងជាងអ្នកគិតទៅទៀត ។ អ្នកមានសមត្ថភាពលើសពីអ្នកអាចស្រមៃឃើញទៅទៀត ។ អ្នកអាចធ្វើវាឥឡូវនេះបាន! ខ្ញុំថ្លែងទីបន្ទាល់ពីការណ៍នេះ ក្នុងព្រះនាមដ៏ពិសិដ្ឋនៃលោកចៅហ្វាយ និងព្រះអង្គប្រោសលោះរបស់យើង ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។