អំណរ និង ការរស់រានខាងវិញ្ញាណ
ពេលជីវិតរបស់យើងផ្តោតលើព្រះយេស៊ូវគ្រីស្ទ ព្រមទាំងដំណឹងល្អរបស់ទ្រង់ នោះយើងអាចមានអំណរ មិនថាមានអ្វីកំពុងកើតឡើង—ឬ មិនកើតឡើង—នៅក្នុងជីវិតយើងនោះទេ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ថ្ងៃនេះខ្ញុំចង់ពិភាក្សាអំពីគោលការណ៍មួយ ដែលសំខាន់ចំពោះការរស់រានខាងវិញ្ញាណរបស់យើង ។ វាជាគោលការណ៍មួយដែលនឹងប្រែជាកាន់តែសំខាន់ ដោយសាររឿងសោកនាដកម្ម និង រឿងតក់ស្លុតទាំងឡាយបានកើនឡើងនៅជុំវិញយើង ។
នេះគឺជាថ្ងៃចុងក្រោយ ដូច្នោះគួរគ្មានពួកយើងណាម្នាក់ភ្ញាក់ផ្អើលឡើយ ពេលឃើញការព្យាករបានបំពេញនោះ ។ ព្យាការីជាច្រើននាក់ រួមមាន អេសាយ, ប៉ុល, នីហ្វៃ និង មរមន បានមើលឃើញតាំងពីមុនមកថាគ្រាលំបាកនឹងកើតឡើង ថានៅជំនាន់របស់យើង ពិភពលោកទាំងមូលនឹងមានការរំជើបរំជួលខ្លាំង ថាមនុស្សនឹង « ស្រឡាញ់តែខ្លួនឯង…មិនស្រឡាញ់តាមធម្មតាមនុស្ស…ចូលចិត្តនឹងល្បែងលេងជាជាងព្រះ » ហើយថាមានមនុស្សជាច្រើននឹងក្លាយជាអ្នកមប្រើសាតាំង ដែលទ្រទ្រង់កិច្ចការរបស់វានោះ ។ ប្រាកដណាស់បងប្អូន និង រូបខ្ញុំ « តយុទ្ធ…នឹងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ [ និង ] ទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ » ។
ពេលដែលជម្លោះរវាងប្រជាជាតិមានកាន់តែខ្លាំងឡើង ជាពេលដែលភារវករកំសាកញីសម្លាប់ជនឥតទោស និង ពេលដែលអំពើពុករលួយនៅក្នុងគ្រប់ផ្នែកទាំងអស់នៃកិច្ចការរបស់រដ្ឋាភិបាល បានមានកាន់តែច្រើនឡើងនៅគ្រប់ទិសទី នោះតើមានអ្វីខ្លះអាចជួយពួកយើងនោះ ? តើមានអ្វីខ្លះអាចជួយដោះស្រាយការលំបាកផ្ទាល់ខ្លួន និង ឧបសគ្គដ៏យាប់យឺនរបស់យើងម្នាក់ៗ ដើម្បីរស់នៅក្នុងថ្ងៃចុងក្រោយនេះ ?
ព្យាការីលីហៃបានបង្រៀនគោលការណ៍មួយសម្រាប់ការរស់រានខាងវិញ្ញាណ ។ ទីមួយ ចូរពិចារណាអំពីកាលៈទេសៈរបស់លោក ៖ លោកត្រូវបានគេបៀតបៀនដោយសារការប្រកាសសេចក្តីពិតនៅក្រុង យេរូសាឡិម ហើយព្រះអម្ចាស់បានបង្គាប់ឲ្យលោកចាកចោលទ្រព្យសម្បត្តិ ហើយភៀសខ្លួនជាមួយគ្រួសារលោកទៅក្នុងទីរហោស្ថាន ។ លោកបានស្នាក់នៅក្នុងត្រសាល ហើយរស់រានបានដោយសារអាហារដែលអាចរកបាននៅតាមផ្លូវ ដែលលោកធ្វើដំណើរទៅដោយគ្មានទីដៅ ហើយលោកបានមើលកូនប្រុសពីរនាក់របស់លោកគឺ លេមិន និង លេមយួល បះបោរទាស់នឹងការបង្រៀនរបស់ព្រះអម្ចាស់ ហើយធ្វើបាបប្អូនប្រុសរបស់ខ្លួនគឺ នីហ្វៃ និង សាំ ។
ច្បាស់ណាស់ លីហៃបានស្គាល់នូវការផ្ទុយ កង្វល់, ការឈឺចិត្ត, ការឈឺចាប់, ការខកចិត្ត និង កើតទុក្ខ ។ ប៉ុន្តែលោកបានប្រកាសយ៉ាងម៉ឹងម៉ាត់ និង ដោយឥតរុញរាអំពីគោលការណ៍មួយដែលព្រះអម្ចាស់បានបើកសម្តែង ៖ « មានមនុស្សដើម្បីអាចមានសេចក្ដីអំណរ » ។ ចូរស្រមៃមើលចុះ ! ក្នុងពាក្យទាំងអស់ដែលលោកបានប្រើដើម្បីពិពណ៌នាអំពីលក្ខណៈ និង គោលបំណងនៃជីវិតរបស់យើងនៅក្នុងជីវិតរមែងស្លាប់នេះ លោកបានជ្រើសយកពាក្យ សេចក្ដីអំណរ !
ជីវិតនេះពោរពេញដោយការខកបំណង និង មិនអាចសម្រេចតាមអ្វីដែលយើងចង់បានឡើយ មានការសាកល្បង និង ឧបសគ្គគ្រប់ជំពូក ។ យើងម្នាក់ៗទំនងជាមានគ្រាដែលកើតទុក្ខ ឈឺចាប់ និង អស់សង្ឃឹមដែលស្ទើរតែបំផ្លាញយើងទាំងស្រុង ។ ប៉ុន្តែតើយើងមកផែនដីនេះមិនមែនដើម្បីមានអំណរទេឬអី ?
មែនហើយ ! ចម្លើយនោះគឺលាន់ខ្ទររំពងថា មែនហើយ ! ប៉ុន្តែ តើការណ៍នោះអាចកើតឡើងយ៉ាងដូចម្តេច ? ហើយតើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីទទួលបានអំណរដែលព្រះវរបិតាសួគ៌ បានរៀបចំសម្រាប់ពួកយើងនោះ ?
អ៊ីឡៃស្សា អរ ស្នូ ប្រធានសមាគមសង្គ្រោះទូទៅទីពីរ បានផ្តល់ចម្លើយដ៏សំខាន់នេះ ។ ដោយសារការបញ្ជាសម្លាប់ផ្ដាច់ពូជដ៏ឃោរឃៅមួយរបស់រដ្ឋមិសសួរី ដែលបានចេញនៅដើមរដូវរងារដ៏ខ្លាំងមួយក្នុងឆ្នាំ ១៨៣៨ គាត់ និង ពួកបរិសុទ្ធផ្សេងទៀតត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីរដ្ឋនៅក្នុងរដូវរងារនោះតែម្តង ។ ល្ងាចមួយគ្រួសារ អ៊ីឡៃស្សា បានសម្រាកអស់មួយយប់ក្នុងផ្ទះឈើតូចមួយដែលមានពួកបរិសុទ្ធជាភៀសខ្លួនជាច្រើននាក់ស្នាក់នៅផងដែរ ។ ភាគច្រើនជ័រដែលបិទស្នាមជញ្ជាំងផ្ទះឲ្យជាប់គ្នានោះត្រូវបានដកចេញ ហើយយកធ្វើជាឧសដុត ដោយអ្នកដែលទៅនៅមុនពួកគេ ដូច្នោះមានប្រហោងជាច្រើននៅចន្លោះជញ្ជាំងនោះ ដែលធំល្មមឲ្យសត្វឆ្មាលូនចេញចូលបាន ។ អាកាសធាតុរងារខ្លាំងណាស់ ហើយអាហាររបស់ពួកគេបានកករឹង ។
នាយប់នោះមានមនុស្សប្រមាណជា ៨០ នាក់នៅប្រជ្រៀតគ្នាក្នុងបន្ទប់ដ៏តូចនោះ ដែលមានទំហំតែ ៦.១ ម៉ែត្រការ៉េប៉ុណ្ណោះ ។ ភាគច្រើនពួកគេអង្គុយ ឬ ឈរពេញមួយយប់ ដោយព្យាយាមរក្សាឲ្យមានកម្តៅក្នុងខ្លួន ។ នៅខាងក្រៅបន្ទប់នោះវិញ មានបុរសមួយចំនួនប្រជុំគ្នាពេញមួយយប់ នៅជុំវិញភ្នក់ភ្លើងដែលឆេះសន្ធោរសន្ធៅ ដោយមានអ្នកខ្លះច្រៀងទំនុកតម្កើង ហើយអ្នកផ្សេងទៀតអាំងដំឡូងដែលកករឹងនោះ ។ អ៊ីឡៃស្សាបានកត់ត្រាថា ៖ « គ្មានឮការរអ៊ូរទាំឡើយ—មនុស្សគ្រប់គ្នាអរសប្បាយ ហើយដោយវិនិច្ឆ័យតាមការមើលឃើញ នោះអ្នកដទៃគិតថា ពួកយើងគឺជាអ្នកធ្វើដំណើរដែលស្វែងរកការសប្បាយ និង ការកម្សាន្ត ជាជាងមនុស្សដែលត្រូវរដ្ឋាភិបាលនិរទេសចេញពីប្រទេស » ។
ការរាយការណ៍របស់អ៊ីឡៃស្សាអំពីល្ងាចដ៏នឿយហត់ រងារព្រឺឆ្អឹងខ្នងនោះថាជាល្ងាចដ៏សុខស្រួលមួយ ។ គាត់បានប្រកាសដូចនេះ ៖ « នោះគឺជាយប់ដ៏រីករាយអ្វីម៉្លេះ ។ មានតែពួកបរិសុទ្ធទេដែលអាចសប្បាយរីករាយនៅក្នុងកាលៈទេសៈបែបនេះ » ។
មែនហើយ ! មានតែពួកបរិសុទ្ធទេដែលអាចសប្បាយរីករាយនៅក្នុងកាលៈទេសៈបែបនេះ » ។ យើងអាចមានអំណរ ទោះបីយើងមានថ្ងៃ សប្តាហ៍ ឬ ឆ្នាំដ៏អាក្រក់ក្ដី !
បងប្អូនប្រុសស្រី អំណរដែលយើងមាន នោះវាមានឥទ្ធិពលតិចតួចចំពោះកាលៈទេសៈនៃជីវិតយើង ប៉ុន្តែវាមានឥទ្ធិពលខ្លាំងលើអ្វីដែលជីវិតយើងផ្តោតទៅលើ ។
ពេលជីវិតរបស់យើងផ្តោតលើផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះ ដែលប្រធាន ថូម៉ាស អេស ម៉នសុន ទើបតែបានបង្រៀនយើង និង ព្រះយេស៊ូវគ្រីស្ទ ព្រមទាំងដំណឹងល្អរបស់ទ្រង់ នោះយើងអាចមានអំណរ មិនថាមានអ្វីកំពុងកើតឡើង—ឬ មិនកើតឡើង—នៅក្នុងជីវិតយើងនោះទេ ។ អំណរកើតមានឡើង ហើយដោយសារតែទ្រង់ ។ ទ្រង់គឺជាប្រភពនៃអំណរទាំងអស់ ។ យើងទទួលអារម្មណ៍នេះ នៅរដូវបុណ្យគ្រីស្ទម៉ាស់ កាលយើងច្រៀងបទ « អំណរដល់លោក ព្រះបុត្រកើតហើយ » ។ ហើយយើងអាចមានអារម្មណ៍នោះពេញមួយឆ្នាំ ។ សម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយព្រះយេស៊ូវគ្រីស្ទគឺជាអំណរ !
នោះជាមូលហេតុដែលអ្នកផ្សព្វផ្សាយសាសនាយើង ចាកចេញពីផ្ទះពួកគេទៅប្រកាសដំណឹងល្អទ្រង់ ។ គោលបំណងរបស់ពួកគេពុំមែនដើម្បីបង្កើនចំនួនសមាជិកសាសនាចក្រឡើយ ។ ផ្ទុយទៅវិញអ្នកផ្សព្វផ្សាយសាសនាយើងបង្រៀន ហើយជ្រមុជទឹក ដើម្បីនាំអំណរដល់មនុស្សលោក !
ដូចជាព្រះអង្គសង្គ្រោះប្រទានភាពសុខសាន្តដែល « ហួសលើសពីអស់ទាំងគំនិត » ដែរ នោះទ្រង់ក៏ប្រទានអំណរដ៏ខ្លាំងក្លា ជ្រាលជ្រៅ និង ច្រើនអនេក ដែលផ្ទុយពីហេតុផល ឬ ការយល់ដឹងរបស់មនុស្ស ។ ឧទាហរណ៍ វាទំនងជាមិនអាចមានអំណរបានឡើយ ពេលកូនរបស់បងប្អូនរងទុក្ខដោយសារជំងឺដែលពុំអាចព្យាបាលបាន ឬ ពេលបងប្អូនបាត់បង់ការងារ ឬ ពេលស្វាមី ឬ ភរិយាបងប្អូនក្បត់ចិត្តបងប្អូននោះ ។ ប៉ុន្តែនោះគឺជាអំណរពិតប្រាកដដែលព្រះអង្គសង្គ្រោះប្រទានឲ្យ ។ អំណររបស់ទ្រង់គឺមានឥតដាច់ ដោយធានាដល់យើងថា « សេចក្ដីទុក្ខលំបាករបស់យើង នោះគ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ » ហើយក្លាយទៅជាផលប្រយោជន៍ដល់យើងវិញ ។
អញ្ចឹងតើយើងអាចទទួលអំណរនោះដោយរបៀបណា ? យើងអាចចាប់ផ្តើមដោយ « ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសម្រេចសេចក្តីជំនឿរបស់យើង » « នូវគ្រប់ទាំងគំនិតរបស់យើង » ។ យើងអាចថ្លែងអំណរគុណទ្រង់ក្នុងការអធិស្ឋានរបស់យើង និង ដោយការរក្សាសេចក្តីសញ្ញា ដែលយើងបានចុះជាមួយទ្រង់ និង ព្រះវរបិតាសួគ៌យើង ។ នៅពេលព្រះអង្គសង្គ្រោះប្រែកាន់តែពិតខ្លាំងឡើងចំពោះយើង ហើយនៅពេលយើងទូលអង្វរសូមឲ្យទ្រង់ប្រទានអំណរដល់យើង នោះអំណរយើងនឹងកើនឡើង ។
អំណរគឺជាអំណាច ហើយការផ្តោតលើអំណរនោះនាំព្រះចេស្តារបស់ព្រះចូលមកក្នុងជីវិតយើង ។ ដូចនៅក្នុងគ្រប់រឿងទាំងអស់ដែរ ព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏អស្ចារ្យបំផុត « ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ » ។ ចូរគិតអំពីរឿងនេះ ! ដើម្បីទ្រង់អាចស៊ូទ្រាំបទពិសោធន៍ដ៏ឈឺចាប់បំផុតដែលទ្រង់បានស៊ូទ្រាំនៅលើផែនដីនេះ នោះព្រះអង្គសង្គ្រោះយើងបានផ្តោតព្រះទ័យទ្រង់ទៅលើ សេចក្តីអំណរ !
ហើយតើមានអំណរអ្វីខ្លះដែលនៅចំពោះទ្រង់នោះ ? ប្រាកដណាស់វារួមមានអំណរនៃការជ្រះស្អាត ការព្យាបាល និង ការពង្រឹងដល់យើង អំណរនៃការបង់ថ្លៃចំពោះអំពើបាបនៃអស់អ្នកដែលប្រែចិត្ត អំណរនៃការធ្វើឲ្យបងប្អូន និង រូបខ្ញុំអាចត្រឡប់ទៅផ្ទះវិញ—ឲ្យជ្រះស្អាត និង មានភាពសក្តិសម—ដើម្បីរស់នៅជាមួយព្រះមាតាបិតា និង ក្រុមគ្រួសារសួគ៌ា ។
ប្រសិនបើយើងផ្តោតទៅលើអំណរដែលនឹងកើតមានដល់យើង ឬ ដល់អស់អ្នកដែលយើងស្រឡាញ់ តើយើងអាចស៊ូទ្រាំយ៉ាងណានឹងរឿងបច្ចុប្បន្ន ដែលទំនងជាស្មុគស្មាញ ឈឺចាប់ ភ័យខ្លាច អយុត្តិធម៌ ឬ មិនគួរកើតនោះ ?
ឪពុកមួយរូបដែលស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ខាងវិញ្ញាណ បានផ្តោតលើអំណរដែលព្រះអម្ចាស់បានបញ្ជាក់ថាស្អាតស្អំ និង ត្រឹមត្រូវ—ជាអំណរនៃការរួចផុតពីកំហុស និង ភាពអៀនខ្មាស—និង អំណរនៃការមានភាពសុខសាន្តក្នុងចិត្ត ។ ការផ្តោតចិត្តលើរឿងនោះ បានផ្តល់ភាពក្លាហានដល់គាត់ដើម្បីសារភាពកំហុសទាំងអស់ដល់ភរិយា និង ប៊ីស្សពរបស់គាត់អំពីបញ្ហាដែលគាត់ទាក់ទងនឹងការណ៍អាសគ្រាម និង ភាពមិនស្មោះត្រង់ក្រោយមកទៀតរបស់គាត់ ។ ឥឡូវគាត់កំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលប៊ីស្សពរបស់គាត់បានទូន្មានឲ្យគាត់ធ្វើ ដោយព្យាយាមអស់ពីចិត្តគាត់ដើម្បីស្តារទំនុកចិត្តពីភរិយាជាទីស្រឡាញ់របស់គាត់វិញ ។
យុវនារីម្នាក់បានផ្តោតទៅលើអំណរនៃការមានទំនាក់ទំនងផ្លូវភេទស្អាតស្អំ ដើម្បីជួយនាងឲ្យស៊ូទ្រាំនឹងការចំអកពីមិត្តភក្តិ ពេលនាងងាកចេញពីស្ថានភាពដែលគេពេញនិយមធ្វើ និង ការដាស់អារម្មណ៍ផ្លូវភេទ ប៉ុន្តែជាស្ថានភាពគ្រោះថ្នាក់ខាងវិញ្ញាណ ។
បុរសម្នាក់ដែលជារឿយៗមិនផ្តល់តម្លៃឲ្យភរិយាគាត់ ហើយបានផ្ទុះកំហឹងដាក់កូនៗគាត់តាមអំពើចិត្ត បានផ្តោតលើអំណរនៃការមានភាពសក្តិសមដើម្បីមានព្រះវិញ្ញាណបរិសុទ្ធជាគូកននឹងគាត់ជានិច្ច ។ ការផ្តោតទៅលើរឿងនោះ បានជំរុញគាត់ឲ្យសម្រាតភាពខាងសាច់ឈាម ដែលគាត់បានធ្វើតាមចេញ ហើយត្រូវផ្លាស់ប្តូរជារឿយៗ ។
ថ្មីៗនេះមិត្តរួមការងារជាទីស្រឡាញ់របស់ខ្ញុំ បានប្រាប់ខ្ញុំអំពីការសាកល្បងដ៏ធំរបស់គាត់កាលពីពីរទសវត្សរ៍មុន ។ គាត់បាននិយាយថា « ខ្ញុំបានរៀនទទួលរងទុក្ខដោយអំណរ ។ ការរងទុក្ខរបស់ខ្ញុំត្រូវបានលេបបាត់នៅក្នុងអំណរនៃព្រះគ្រីស្ទ » ។
តើបងប្អូន និង ខ្ញុំអាចស៊ូទ្រាំនឹងអ្វីខ្លះ ពេលយើងផ្តោតលើអំណរដែល « នៅចំពោះ » យើងនោះ ? តើបន្ទាប់មកនឹងមានការប្រែចិត្តអ្វីខ្លះ ? តើភាពទន់ខ្សោយអ្វីខ្លះដែលនឹងក្លាយទៅជាខ្លាំងវិញនោះ ? តើការផ្ចាញ់ផ្ចាល់អ្វីខ្លះដែលនឹងក្លាយទៅជាពរជ័យវិញនោះ ? តើមានការខកចិត្ត សោកនាដកម្មអ្វីខ្លះដែលនឹងប្រែទៅជាការល្អចំពោះយើងនោះ ? ហើយតើការបម្រើព្រះអម្ចាស់ដ៏លំបាកណាខ្លះ ដែលយើងអាចធ្វើបាននោះ ?
នៅពេលយើងព្យាយាមផ្តោតលើព្រះអង្គសង្គ្រោះ ហើយក្រោយមកធ្វើតាមលំនាំទ្រង់ក្នុងការផ្តោតលើអំណរ នោះយើងត្រូវតែចៀសវាងពីរឿងនានាដែលអាចបង្អាក់អំណររបស់យើង ។ តើនៅចាំពីកូរីហូរជាអ្នករឹងទទឹងនឹងព្រះគ្រីស្ទដែរឬទេ ? កូរីហូរធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត ដោយនិយាយមិនពិតជាច្រើនអំពីព្រះអង្គសង្គ្រោះ រហូតដល់គាត់ត្រូវបាននាំទៅមុខសង្ឃជាន់ខ្ពស់ដែលបានសួរគាត់ថា ៖ « ហេតុអ្វីបានជាអ្នកដើរបង្ខូចផ្លូវទាំងឡាយនៃព្រះអម្ចាស់យ៉ាងនេះ? ហេតុអ្វីបានជាអ្នកបង្រៀនប្រជាជននេះថា ពុំមានព្រះគ្រីស្ទទេ ធ្វើនេះដើម្បីបង្អាក់ការអររីករាយរបស់គេឬអី ? »
អ្វីដែលប្រឆាំងនឹងព្រះគ្រីស្ទ ឬ គោលលទ្ធិទ្រង់នឹងបង្អាក់អំណររបស់យើង ។ ការណ៍នេះរួមមានទស្សនវិជ្ជារបស់មនុស្ស ដែលមានច្រើននៅតាមអ៊ិនធើរណែត និង នៅក្នុងកំណត់ហេតុបណ្តាញជាច្រើន ដែលបានធ្វើដូចអ្វីដែលកូរីហូរបានធ្វើបេះបិទ ។
ប្រសិនបើយើងមើលទៅពិភពលោកនេះ ហើយធ្វើតាមរូបមន្តរបស់វាដើម្បីរកសុភមង្គល នោះយើងនឹងពុំស្គាល់អំណរឡើយ ។ មនុស្សទុច្ចរិតអាចមានបទពិសោធន៍នៃអារម្មណ៍ និង ការដឹងផ្សេងៗ ប៉ុន្តែពួកគេនឹងគ្មានបទពិសោធន៍នៃអំណរឡើយ ! អំណរគឺជាអំណោយទានចំពោះអ្នកស្មោះត្រង់ ។ វាជាអំណោយទានដែលកើតមកពីការមានចេតនា ព្យាយាមរស់នៅក្នុងជីវិតសុចរិត ដូចបានបង្រៀនដោយព្រះយេស៊ូវគ្រីស្ទ ។
ទ្រង់បានបង្រៀនយើងអំពីរបៀបដើម្បីមានអំណរ ។ ពេលយើងជ្រើសរើសព្រះវរបិតាសួគ៌ធ្វើជាព្រះរបស់យើង ហើយពេលយើងទទួលអារម្មណ៍ថាដង្វាយធួនរបស់ព្រះអង្គសង្គ្រោះមានឥទ្ធិពលក្នុងជីវិតយើង នោះយើងនឹងពោរពេញដោយអំណរ ។ គ្រប់ពេលដែលយើងចិញ្ចឹមបីបាច់ស្វាមី ឬ ភរិយាយើង ហើយដឹកនាំកូនចៅយើង គ្រប់ពេលយើងអត់ទោសឲ្យនរណាម្នាក់ ឬ សូមការអត់ទោស នោះយើងអាចមានអំណរ ។
គ្រប់ពេលដែលបងប្អូន និង ខ្ញុំជ្រើសរើសរស់នៅតាមក្រឹត្យវិន័យសេឡេស្ទាល គ្រប់ពេលដែលយើងរក្សាសេចក្តីសញ្ញាយើង ហើយជួយអ្នកដទៃឲ្យធ្វើការដូចគ្នានេះ នោះយើងនឹងមានអំណរ ។
សូមត្រងត្រាប់ស្តាប់ពាក្យក្នុងទំនុកតម្កើងនេះ ៖ « ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជាដរាប ហើយដោយព្រោះទ្រង់គង់នៅខាងស្តាំទូលបង្គំ បានជាទូលបង្គំមិនត្រូវរង្គើឡើយ ។ … នៅចំពោះ [ ទ្រង់ ] មានអំណរដ៏ពោរពេញ » ។ នៅពេលគោលការណ៍នេះបានចាក់ឬសក្នុងចិត្តរបស់យើង នោះរៀងរាល់ថ្ងៃវាអាចជាថ្ងៃមួយនៃសេចក្តីត្រេកអរ និងសេចក្តីរីករាយ ។ ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។