ក្រែងភ្លេច
ខ្ញុំសូមលើកទឹកចិត្តបងប្អូនឲ្យនឹកឃើញ ជាពិសេសក្នុងគ្រាមានវិបត្តិ នៅពេលបងប្អូនមានអារម្មណ៍ពីព្រះវិញ្ញាណ ព្រមទាំងទីបន្ទាល់បងប្អូនរឹងមាំ នោះចូរចាំពីគ្រឹះខាងវិញ្ញាណដែលបងប្អូនបានស្ថាបនា ។
សាយ័ណ្ហសួស្តី បងប្អូនប្រុសស្រីជាទីស្រឡាញ់ ។ យើងមានពរណាស់នៅក្នុងសន្និសីទនេះ ។ នាឆ្នាំដំបូងរបស់ខ្ញុំក្នុងនាមជាសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់គឺជារយៈពេលដ៏រាបសាបំផុត ។ វាគឺជាឆ្នាំនៃការខិតខំ ភាពរីកចម្រើន និង ការទូលអង្វរដ៏ស្មោះទៅដល់ព្រះវរបិតាគង់នៅស្ថានសួគ៌ ។ ខ្ញុំទទួលបានអារម្មណ៍នៃការអធិស្ឋានគាំទ្រពីសំណាក់គ្រួសារ មិត្តភក្ដិ និង សមាជិកសាសនាចក្រទូទាំងពិភពលោក ។ សូមអរគុណចំពោះការយកចិត្តទុកដាក់ និង ការអធិស្ឋានរបស់បងប្អូន ។
ខ្ញុំក៏មានឯកសិទ្ធិជួបជាមួយមិត្តដែលខ្ញុំស្រឡាញ់ ដែលខ្លះខ្ញុំរាប់អានយូរមកហើយ និងច្រើននាក់ទៀតដែលខ្ញុំទើបតែបានស្គាល់ ។ ខ្ញុំទទួលអារម្មណ៍បំផុសឲ្យរៀបចំសុន្ទរកថាសម្រាប់ថ្ងៃនេះ គឺនៅបន្ទាប់ពីខ្ញុំបានជួបនឹងមិត្តម្នាក់ដែលខ្ញុំបានរាប់អាន ហើយស្រឡាញ់អស់ច្រើនឆ្នាំមកហើយ ។
កាលយើងបានជួបគ្នា មិត្តភក្តិរបស់ខ្ញុំប្រាប់ខ្ញុំដោយទំនុកចិត្តថា គាត់មានបញ្ហាខាងវិញ្ញាណ ។ គាត់បានជួបនឹងបញ្ហាមួយដែលគាត់ហៅថា « វិបត្តិនៃសេចក្ដីជំនឿ » ហើយបានសុំដំបូន្មានពីខ្ញុំ ។ ខ្ញុំមានអំណរគុណណាស់ដែលគាត់បានចែកចាយអារម្មណ៍ និង កង្វល់របស់គាត់ជាមួយខ្ញុំ ។
គាត់បានប្រាប់ខ្ញុំអំពីបំណងមួយដ៏ធំដែលគាត់ចង់មានបទពិសោធន៍ខាងវិញ្ញាណដូចកាលពីមុន និង អ្វីដែលគាត់គិតថាគាត់កំពុងបាត់បង់ឥឡូវនេះ ។ នៅពេលគាត់រ៉ាយរ៉ាប់ ខ្ញុំបានស្ដាប់យ៉ាងយកចិត្តទុកដាក់ ហើយបានអធិស្ឋានដោយស្មោះដើម្បីដឹងពីអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំថ្លែង ។
ដូចជាបងប្អូនមួយចំនួនដែរ មិត្តភក្តិរបស់ខ្ញុំបានទូលសួរសំណួរមួយយ៉ាងសាមញ្ញដែលមាននៅក្នុងចម្រៀងថ្នាក់បឋមសិក្សាថា ៖ « ព្រះវរបិតាអើយ ទ្រង់នៅទីនេះឬ ? » ចំពោះបងប្អូនដែលបានទូលសួរសំណួរដូចនេះ ខ្ញុំសូមចែកចាយដំបូន្មានដល់បងប្អូនដូចគ្នាដែលខ្ញុំចែកចាយដល់មិត្តភក្តិរបស់ខ្ញុំដែរ ហើយសង្ឃឹមថា បងប្អូនម្នាក់ៗអាចពង្រឹងសេចក្ដីជំនឿ ហើយប្តេជ្ញាចិត្តជាថ្មីដើម្បីធ្វើជាសិស្សម្នាក់ដ៏មានការតាំងចិត្តរបស់ព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំសូមចាប់ផ្ដើមដោយរំឭកបងប្អូនថា បងប្អូនគឺជាបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ជាទីស្រឡាញ់ ហើយទ្រង់មានព្រះទ័យស្រឡាញ់បងប្អូនជានិច្ច ។ ខ្ញុំដឹងថា យើងពិបាកនឹកឃើញអារម្មណ៍អះអាងនៃសេចក្ដីស្រឡាញ់បែបនេះណាស់ កាលយើងកំពុងជួបប្រទះការសាកល្បង ការខកចិត្ត ឬ ក្ដីសុបិនយើងត្រូវរលាយអស់ទៅនោះ ។
ព្រះយេស៊ូវគ្រីស្ទជ្រាបអំពីបញ្ហា និង ការសាកល្បងដ៏ខ្លាំងក្លា ។ ទ្រង់បានលះបង់ព្រះជន្មទ្រង់ដើម្បីយើង ។ នាទីចុងក្រោយនៃព្រះជន្មទ្រង់ព្រៃផ្សៃណាស់ ជាងកម្រិតដែលយើងអាចយល់បានទៅទៀត ប៉ុន្តែពលិកម្មទ្រង់សម្រាប់យើងម្នាក់ៗគឺជាការបង្ហាញចេញដ៏អស្ចារ្យនូវក្ដីស្រឡាញ់ដ៏សុធសាទ្ធរបស់ទ្រង់ ។
គ្មានកំហុស អំពើបាប ឬ ជម្រើសណាដែលនឹងកែប្រែក្ដីស្រឡាញ់របស់ព្រះចំពោះយើងឡើយ ។ នោះពុំមានន័យថា ការប្រព្រឹត្តបាបត្រូវបានលើកលែងឲ្យនោះទេ ហើយក៏ពុំមានន័យថា យើងបាត់បង់កាតព្វកិច្ចក្នុងការប្រែចិត្តកាលយើងបានប្រព្រឹត្តបាបដែរ ។ ប៉ុន្តែ ចូរកុំភ្លេច ថា ព្រះវរបិតាសួគ៌ជ្រាប ហើយមានព្រះទ័យស្រឡាញ់បងប្អូនម្នាក់ៗ ហើយទ្រង់ត្រៀមព្រះកាយជួយជានិច្ច ។
កាលខ្ញុំគិតអំពីស្ថានភាពរបស់មិត្តខ្ញុំ នោះខ្ញុំបាននឹកឃើញប្រាជ្ញាដ៏វាងវៃក្នុងព្រះគម្ពីរមរមនដូចនេះ ៖ « ហើយឥឡូវនេះ ឱកូនប្រុសទាំងឡាយរបស់ឪពុកអើយ ចូរចងចាំចុះ ចូរចងចាំចុះថា គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង គឺព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះ ដែលកូនត្រូវសង់គ្រឹះរបស់កូន ដើម្បីកាលណាអារក្សបញ្ចេញខ្យល់ដ៏ខ្លាំងក្លារបស់វាមក មែនហើយ ព្រួញរបស់វានៅក្នុងខ្យល់កួច មែនហើយ កាលណាព្រិល និងខ្យល់ព្យុះកំណាចទាំងអស់របស់វាបោកបក់មកលើកូន នោះវានឹងគ្មានអំណាចមកលើកូនឡើយ ដើម្បីទាញកូនចុះទៅក្នុងជង្ហុកនៃសេចក្ដីវេទនា និងទុក្ខលំបាកដ៏មិនចេះចប់មិនចេះហើយ ពីព្រោះមកពីសិលាដែលកូនបានសង់នៅលើនោះ ដែលជាគ្រឹះដ៏ខ្ជាប់ខ្ជួនមួយ ជាគ្រឹះមួយបើសិនណាមនុស្សសង់នៅលើនោះ នោះពួកគេមិនអាចរលំបានឡើយ » ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា គ្មាននរណាចង់ធ្លាក់ក្នុង « ឈូងសមុទ្រនៃទុក្ខព្រួយ និង ទុក្ខវេទនាដ៏មិនចេះចប់ » នោះឡើយ ។ ហើយមិត្តរបស់ខ្ញុំមានអារម្មណ៍ថា គាត់នៅនឹងគែមនៃឈូងសមុទ្រនោះ ។
ពេលខ្ញុំទូន្មានដល់បុគ្គលដូចមិត្តរបស់ខ្ញុំជាដើម ខ្ញុំបានសង្កេតការសម្រេចចិត្តដែលពួកគេបានធ្វើជាច្រើនឆ្នាំ ដែលញ៉ាំងពួកគេឲ្យភ្លេចបទពិសោធន៍ដ៏ពិសិដ្ឋៗ ហើយធ្វើឲ្យពួកគេចុះខ្សោយ ព្រមទាំងបានសង្ស័យផងដែរ ។ ខ្ញុំបានលើកទឹកចិត្តពួកគេ ដូចខ្ញុំលើកទឹកចិត្តបងប្អូនពេលនេះដែរ ឲ្យនឹកឃើញ ជាពិសេសក្នុងគ្រាមានវិបត្តិ នៅពេលបងប្អូនមានអារម្មណ៍ពីព្រះវិញ្ញាណ ព្រមទាំងទីបន្ទាល់បងប្អូនរឹងមាំ នោះចូរចាំពីគ្រឹះខាងវិញ្ញាណដែលបងប្អូនបានស្ថាបនា ។ ខ្ញុំសន្យាថាបើបងប្អូនធ្វើដូចនេះ ដោយចៀសវាងពីអ្វីដែលពុំស្ថាបនា ហើយពុំពង្រឹងទីបន្ទាល់ ឬ ប្រមាថជំនឿរបស់បងប្អូន នៅពេលទីបន្ទាល់បងប្អូនរីកចម្រើន បងប្អូននឹងនឹកឃើញ គ្រាដ៏មានតម្លៃទាំងនោះឡើងវិញ តាមរយៈការអធិស្ឋាន និង ការតមអាហារដ៏រាបសា ។ ខ្ញុំអះអាងដល់បងប្អូនម្ដងទៀតថា បងប្អូននឹងមានអារម្មណ៍សុវត្ថិភាព និងភាពកក់ក្ដៅពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
យើងម្នាក់ៗត្រូវតែពង្រឹងខ្លួនយើងខាងវិញ្ញាណជាមុនសិន សឹមយើងពង្រឹងមនុស្សជុំវិញខ្លួន ។ ចូរសិក្សាព្រះគម្ពីរជាប្រចាំ ហើយចងចាំគំនិត និង អារម្មណ៍ដែលបងប្អូនមានពេលអាន ។ ចូរស្វែងរកធនធានដទៃទៀតនៃសេចក្ដីពិតផង ប៉ុន្តែចូរស្ដាប់ការដាស់តឿនពីបទគម្ពីរដូចនេះ ៖ « ប៉ុន្តែដែលបានរៀនសូត្រ គឺជាការល្អវិញ បើសិនជា គេស្ដាប់តាមពាក្យដំបូន្មាននៃព្រះ » ។ ចូរទៅព្រះវិហារ ជាពិសេសចូលរួមការប្រជុំសាក្រាម៉ង់ ហើយទទួលទានសាក្រាម៉ង់ ព្រមទាំងរំឭកសេចក្ដីសញ្ញារួមមានការសន្យាថានឹងចងចាំព្រះអង្គសង្គ្រោះជានិច្ច ដើម្បីព្រះវិញ្ញាណទ្រង់អាចគង់ជាមួយបងប្អូនជាដរាប ។
ទោះជាកំហុសណាដែលយើងបានធ្វើក៏ដោយ ឬទោះយើងមិនល្អឥតខ្ចោះក៏ដោយ យើងអាចបានពរ ហើយលើកស្ទួយមនុស្សដទៃជានិច្ច ។ ការជួយពួកគេបែបជាការបម្រើដូចព្រះគ្រីស្ទ អាចជួយយើងទទួលអារម្មណ៍ក្ដីស្រឡាញ់ពីព្រះដក់យ៉ាងជ្រៅក្នុងជម្រៅចិត្តយើង ។
វាសំខាន់ដែលត្រូវចងចាំដំបូន្មានដ៏មានអានុភាពក្នុងគម្ពីរចោទិយកថាដូចនេះ ៖ « រក្សាចិត្តឲ្យមែនទែន ក្រែងភ្លេច អស់ទាំងការ ដែលភ្នែកឯងបានឃើញ ហើយក្រែង នៅក្នុងជីវិតឯង ការទាំងនោះបានឃ្លាតចេញពីចិត្តឯងទៅ ត្រូវឲ្យឯងប្រាប់ពីការទាំងនោះដល់កូនចៅឯងឲ្យដឹងតរៀងទៅវិញ » ។
មនុស្សច្រើនជំនាន់រងឥទ្ធិពលពីជម្រើសដែលយើងធ្វើ ។ ចូរចែកចាយទីបន្ទាល់ជាមួយគ្រួសារបងប្អូន លើកទឹកចិត្តពួកគេឲ្យចងចាំអារម្មណ៍ដែលពួកគេមាននៅពេលពួកគេបានទទួលស្គាល់ព្រះវិញ្ញាណក្នុងជីវិតគេ ហើយកត់ត្រាអារម្មណ៍ទាំងនោះនៅក្នុងទិនានុប្បវត្តិ និងប្រវត្តិផ្ទាល់ខ្លួន ដើម្បីឲ្យនៅពេលដែលចាំបាច់ នោះពាក្យពេចន៍របស់ពួកគេរំឭកគេឲ្យចងចាំថាព្រះអម្ចាស់មានព្រះទ័យសប្បុរសយ៉ាងណាចំពោះពួកគេ ។
បងប្អូននឹងនឹកឃើញថា នីហ្វៃ និង ពួកបងប្អូនប្រុសលោក បានត្រឡប់ទៅក្រុងយេរ៉ូសាឡិមវិញ ដើម្បីយកផ្ទាំងលង្ហិនដែលកត់ត្រាប្រវត្តិប្រជាជនរបស់ពួកគាត់មួយចំណែក ដើម្បីពួកគាត់នឹងមិនភ្លេចអតីតកាលពួកគាត់ឡើយ ។
ក្នុងព្រះគម្ពីរមរមនផងដែរ ហេលេមិន បានដាក់ឈ្មោះកូនប្រុសលោកតាម « ឪពុកដំបូង » របស់ពួកគាត់ ដើម្បីពួកគាត់នឹងមិនភ្លេចក្ដីសប្បុរសរបស់ព្រះអម្ចាស់ឡើយ ៖
« មើលចុះ ឱកូនប្រុសទាំងឡាយរបស់ឪពុកអើយ ឪពុកមានបំណងចង់ឲ្យកូនចាំ ដើម្បីកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ។ … មើលចុះ ឪពុកបានដាក់ឈ្មោះឲ្យកូនតាមឈ្មោះពួកឪពុកដើមរបស់យើង ដែលបានចេញមកពីដែនដីយេរូសាឡិម ហើយឪពុកបានធ្វើយ៉ាងនេះ ដើម្បីកាលណាកូនចាំឈ្មោះរបស់កូន នោះកូនអាចនឹកចាំដល់ពួកគេ ហើយកាលណាកូននឹកចាំដល់ពួកគេ នោះកូនអាចនឹកចាំដល់កិច្ចការទាំងឡាយរបស់គេ ហើយកាលណាកូននឹកចាំដល់កិច្ចការទាំងឡាយរបស់ពួកគេ នោះកូនអាចដឹងនូវហេតុដែលបាននិយាយ ហើយបានសរសេរទុកមកផងថា ជាការល្អ ។
« ហេតុដូច្នេះហើយ ឱកូនប្រុសទាំងឡាយរបស់ឪពុកអើយ ឪពុកចង់ឲ្យកូនធ្វើនូវអ្វីៗ ដែលជាការល្អ ដើម្បីឲ្យត្រូវបាននិយាយអំពីកូន ហើយបានសរសេរទុក ដូចជាត្រូវបាននិយាយ ហើយបានសរសេរអំពីពួកគេដែរ » ។
សព្វថ្ងៃ មនុស្សជាច្រើនកាន់ទម្លាប់ដូចគ្នានេះក្នុងការដាក់ឈ្មោះកូនតាមវីរបុរសក្នុងព្រះគម្ពីរ ឬ បុព្វការីជនដ៏ស្មោះត្រង់ ទុកជាមធ្យោបាយលើកទឹកចិត្តខ្លួនកុំឲ្យភ្លេចកេរដំណែលរបស់ពួកគេ ។
ពេលខ្ញុំកើត ខ្ញុំត្រូវបានដាក់ឈ្មោះថា រ៉ូណល អេ រ៉ាសបាន ។ ត្រកូលខ្ញុំផ្ដល់ការគោរពដល់ខ្សែស្រឡាយជីដូនជីតាខាងឪពុកខ្ញុំ ។ អក្សរ A នៅកណ្ដាល ត្រូវបានដាក់ឲ្យខ្ញុំចងចាំផ្ដល់ការគោរពដល់ជីដូនជីតាខាងម្ដាយខ្ញុំ ដានីស អាន់ឌើរសិន ។
ជីតាលួតរបស់ខ្ញុំ ជែនស៍ អាន់ឌើរសិន មកពីប្រទេសដាណឺម៉ាក ។ ហើយក្នុងឆ្នាំ ១៨៦១ ព្រះអម្ចាស់បាននាំផ្លូវអ្នកផ្សព្វផ្សាយសាសនាមរមនពីរូបទៅដល់ផ្ទះរបស់ ជែនស៍ និង អាន ខាធើរីន អាន់ឌើរសិន ជាពេលដែលអ្នកផ្សព្វផ្សាយសាសនាបង្រៀនពួកគាត់ និង កូនប្រុសអាយុ ១៦ឆ្នាំ ឈ្មោះអាន់ឌ្រូ ឲ្យស្គាល់ដំណឹងល្អដែលបានស្ដារឡើងវិញ ។ ដូច្នេះវាក៏បានចាប់ផ្ដើមកេរដំណែលនៃសេចក្ដីជំនឿ ដែលគ្រួសារខ្ញុំ និង ខ្ញុំគឺជាអ្នកទទួលបានប្រយោជន៍ ។ គ្រួសារ អាន់ឌើរសិន បានអានព្រះគម្ពីរមរមន ហើយបានជ្រមុជទឹកក្នុងពេលដ៏ខ្លី ។ នាឆ្នាំក្រោយមក គ្រួសារ អាន់ឌើរសិន បានទទួលយកការអញ្ជើញពីព្យាការីឲ្យធ្វើដំណើរឆ្លងកាត់សមុទ្រអាត្លង់ទិច ទៅចូលរួមនឹងពួកបរិសុទ្ធនៅអាមេរិកខាងជើង ។
ជាអកុសល ជែនស៍ បានស្លាប់ពេលធ្វើដំណើរតាមសមុទ្រ ប៉ុន្តែភរិយា និង កូនប្រុសគាត់បានបន្តដំណើរទៅដល់ជ្រលងភ្នំ សលត៍ លេក នៅ ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ១៨៦២ ។ ទោះជាមានការលំបាក និង ទុក្ខព្រួយក្ដី ក៏សេចក្ដីជំនឿពួកគាត់ និងមនុស្សជំនាន់ក្រោយជាច្រើនមកទៀត ពុំបានងាករេឡើយ ។
នៅក្នុងការិយាល័យរបស់ខ្ញុំមានព្យួររូបគំនូរមួយ ដែលជារូបគំនូរដ៏ស្រស់ស្អាតរំឭកអំពីនិមិត្តសញ្ញានៃការជួបគ្នាលើកដំបូងរបស់ដូនតាខ្ញុំ និង អ្នកផ្សព្វផ្សាយសាសនាដ៏ស្មោះត្រង់កាលពីជំនាន់ដើមទាំងនោះ ។ ខ្ញុំបានប្តេជ្ញាចិត្តថាមិនបំភ្លេចកេរដំណែលរបស់ខ្ញុំឡើយ ហើយដោយសារឈ្មោះរបស់ខ្ញុំ នោះខ្ញុំនឹងចងចាំអំពីកេរដំណែលនៃភាពស្មោះត្រង់ និង ការលះបង់របស់ពួកគាត់ ។
ចូរកុំបំភ្លេច កុំសង្ស័យ ឬ កុំព្រងើយកន្តើយនឹងបទពិសោធន៍ផ្ទាល់ខ្លួន និង បទពិសោធន៍ពិសិដ្ឋៗឲ្យសោះ ។ ខណៈពេលដែលព្រះអម្ចាស់សព្វព្រះទ័យបំភ្លឺ ហើយរក្សាយើងក្នុងកិច្ចការទ្រង់ នោះបច្ចាមិត្តគ្រោងផែនការដើម្បីរារាំងយើងពីសាក្សីខាងវិញ្ញាណ ។
ខ្ញុំសូមចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនមួយអំពីសេចក្ដីពិតនេះ ។ ខ្ញុំចាំយ៉ាងច្បាស់ពីគ្រាមួយដែលខ្ញុំបានទទួលការបំផុសគំនិតក្នុងចម្លើយចំពោះការអធិស្ឋានខ្ញុំ ។ ចម្លើយនោះច្បាស់ ហើយមានអំណាច ។ ប៉ុន្តែ ខ្ញុំមិនបានធ្វើតាមការបំផុសគំនិតនោះភ្លាមៗទេ ហើយមួយរយៈក្រោយមក ខ្ញុំបានចាប់ផ្ដើមឆ្ងល់ ថាតើអ្វីដែលខ្ញុំធ្លាប់ទទួលអារម្មណ៍នោះពិតឬអត់ ។ បងប្អូនខ្លះក៏អាចធ្លាប់ចាញ់ការបញ្ឆោតនោះរបស់បច្ចាមិត្តដែរ ។
ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានភ្ញាក់ឡើងទាំងនឹកឃើញខគម្ពីរដ៏មានឥទ្ធិពលទាំងនេះ ៖
« ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា បើសិនជាអ្នកមានបំណងចង់បានសាក្សីថែមទៀត ចូរដាក់គំនិតទៅលើយប់ដែលអ្នកបានអំពាវនាវដល់យើងក្នុងដួងចិត្តរបស់អ្នក ។ …
តើយើងពុំបាននិយាយដោយភាពសុខសាន្តដល់គំនិតរបស់អ្នក អំពីការណ៍នោះទេឬអី ? តើអ្នកអាចមានសាក្សីឯណាដែលអស្ចារ្យជាងសាក្សីមកពីព្រះ ? »
វាហាក់ដូចជាព្រះអម្ចាស់មានបន្ទូលមកខ្ញុំថា « រ៉ូណល ឥឡូវ យើងបានមានបន្ទូលប្រាប់អ្នកពីអ្វីដែលអ្នកត្រូវធ្វើហើយ ។ ចូរធ្វើតាមចុះ ! » ខ្ញុំមានអំណរគុណណាស់ចំពោះការកែប្រែ និង ការបង្ហាញផ្លូវប្រកបដោយក្ដីស្រឡាញ់នេះ ! ភ្លាមនោះ ខ្ញុំត្រូវបានលួងលោមចិត្តដោយការបំផុសគំនិត ហើយអាចបន្តទៅមុខ ដោយដឹងក្នុងចិត្តថា ការអធិស្ឋានខ្ញុំទទួលបានចម្លើយ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំចែកចាយបទពិសោធន៍នេះដើម្បីបង្ហាញ ថាតើគំនិតយើងអាចភ្លេចរហ័សកម្រិតណា និង ថាតើបទពិសោធន៍ខាងវិញ្ញាណដឹកនាំយើងតាមរបៀបណា ។ ខ្ញុំបានរៀនឲ្យតម្លៃគ្រានេះថា « ក្រែងខ្ញុំភ្លេច » ។
ខ្ញុំសូមសន្យានឹងមិត្តខ្ញុំ និង បងប្អូនទាំងអស់ដែលចង់ពង្រឹងសេចក្ដីជំនឿដូចនេះ ៖ ពេលបងប្អូនរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយធ្វើតាមការបង្រៀនដោយស្មោះត្រង់ នោះទីបន្ទាល់បងប្អូននឹងត្រូវបានការពារ ហើយវានឹងរីកចម្រើន ។ ចូររក្សាសេចក្ដីសញ្ញាដែលបងប្អូនបានធ្វើ ទោះជាមនុស្សជុំវិញបងប្អូនប្រព្រឹត្តបែបណាក៏ដោយ ។ ចូរធ្វើជាឪពុកម្ដាយ បងប្អូនប្រុសស្រី ជីដូនជីតា ម្ដាយមីង ឪពុកមា និងមិត្តដ៏ប្រឹងប្រែង ជាអ្នកដែលជួយពង្រឹងមនុស្សដែលយើងស្រឡាញ់ដោយប្រើទីបន្ទាល់ផ្ទាល់ខ្លួន និងជាអ្នកដែលចែកចាយបទពិសោធន៍ខាងវិញ្ញាណ ។ ចូរបន្តស្មោះត្រង់ និង ខ្ជាប់ខ្ជួន ទោះជាមានព្យុះនៃការសង្ស័យឈ្លានពានក្នុងជីវិតបងប្អូន តាមរយៈទង្វើមនុស្សដទៃក៏ដោយ ។ ចូរស្វែងរកអ្វីដែលនឹងស្អាង ហើយពង្រឹងបងប្អូនខាងវិញ្ញាណ ។ ចូរចៀសវាងពីយោបល់ក្លែងបន្លំថាជា « សេចក្ដីពិត » ដែលងាយស្រួលផ្សព្វផ្សាយ ហើយចូរកត់ត្រាក្នុងអារម្មណ៍នៃ « សេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស សេចក្ដីជំនឿភាពទន់ភ្លន់ [ និង ] ស្មោះត្រង់ » ។
ពេលស្ថិតក្នុងភាពលំបាកធំៗក្នុងជីវិត ចូរកុំភ្លេច កេរដំណែលដ៏ទេវភាពរបស់អ្នកជាបុត្រាបុត្រីនៃព្រះ ឬជោគវាសនាអស់កល្បដល់ថ្ងៃមួយនឹងត្រឡប់ទៅរស់នៅជាមួយទ្រង់វិញ ដែលលោកិយមិនអាចផ្ដល់ឲ្យបាន ។ ចូរចាំប្រសាសន៍ដ៏ទន់ភ្លន់ និង ផ្អែមល្ហែមរបស់អាលម៉ាដូចនេះ ៖ « បើសិនជាអ្នករាល់គ្នាបានស្គាល់ការផ្លាស់ប្ដូរនៅក្នុងដួងចិត្តអ្នក ហើយបើសិនជាអ្នករាល់គ្នាបានចាប់អារម្មណ៍ចង់ច្រៀងនូវចម្រៀងនៃសេចក្ដីស្រឡាញ់ដែលប្រោសលោះ ខ្ញុំសូមសួរថា តើអ្នករាល់គ្នាអាចចាប់អារម្មណ៍យ៉ាងនេះឥឡូវនេះទេ ? »
ខ្ញុំសូមអង្វរបងប្អូនទាំងអស់ដែលចង់ពង្រឹងសេចក្ដីជំនឿរបស់ខ្លួនថា សូមកុំភ្លេចឡើយ ! សូមកុំភ្លេចឡើយ ។
ខ្ញុំថ្លែងជាសាក្សីថា យ៉ូសែប ស៊្មីធ គឺជាព្យាការីនៃព្រះ ។ ខ្ញុំដឹងថា លោកបានឃើញ ហើយបានទូលជាមួយព្រះជាព្រះវរបិតា និង ព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ដូចអ្វីដែលលោកបានកត់ត្រាដូច្នោះដែរ ។ ខ្ញុំមានអំណរគុណដែលលោក ពុំបានភ្លេច សរសេរបទពិសោធន៍នោះ ដើម្បីឲ្យយើងទាំងអស់គ្នាអាចស្គាល់ទីបន្ទាល់របស់លោកបាន ។
ខ្ញុំសូមធ្វើសាក្សីដ៏រឹងមាំអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ទ្រង់មានព្រះជន្មរស់ ខ្ញុំដឹងថា ទ្រង់មានព្រះជន្មរស់ ហើយគង់ជាព្រះសិរសានៃសាសនាចក្រនេះ ។ ខ្ញុំដឹងអ្វីទាំងនេះដោយខ្លួនខ្ញុំ មិនមែនដោយនរណាម្នាក់ប្រាប់ខ្ញុំទេ ហើយខ្ញុំអធិស្ឋានសូមឲ្យបងប្អូន ព្រមទាំង ខ្ញុំ នឹងមិនភ្លេច សេចក្តីពិតអស់កល្បជានិច្ច—ដែលសំខាន់ជាងគេនោះគឺ យើងជាបុត្រាបុត្រីរបស់មាតាបិតាសួគ៌ដ៏មានព្រះជន្មរស់ និង ពេញដោយក្ដីស្រឡាញ់ ដែលប្រាថ្នាឲ្យយើងបានសុភមង្គល ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតទាំងនេះនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។