ឆ្នាំ ២០១០-២០១៩
ឱ ផែនការ​នៃ​ព្រះ​របស់​យើង​ធំ​ណាស់​ហ្ន៎ !
ខែ តុលា ឆ្នាំ ២០១៦


18:34

ឱ ផែនការ​នៃ​ព្រះ​របស់​យើង​ធំ​ណាស់​ហ្ន៎ !

យើង​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ពន្លឺ និង​សេចក្ដី​ពិត​ដ៏​រំភើប​ជាច្រើន ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ងឿង​ឆ្ងល់​ថា តើ​យើង​ពិត​ជា​មាន​អំណរ​គុណ​ចំពោះ​អ្វីៗ​ដែល​យើង​មាន​ដែរ​ឬទេ ។

យើង​មាន​ពរ​ណាស់​ដោយ​បាន​ជួប​គ្នា​ម្ដង​ទៀត​នៅ​ក្នុង​សន្និសីទ​ទូទាំង​ពិភពលោក​នេះ ក្រោម​ការ​ដឹកនាំ​របស់​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង គឺ​ប្រធាន ថូម៉ាស អេស ម៉នសុន ។ ប្រធាន​ពួក​យើង​ស្រឡាញ់ ហើយ​គាំទ្រ​លោក​អស់​ពី​ដួងចិត្ត​របស់​យើង !

កាល​ខ្ញុំ​នៅ​បម្រើ​ការ​ជា​អ្នក​បើក​យន្តហោះ ខ្ញុំ​បាន​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ភាព​ជាក់​លាក់ និង​អាច​ទុក​ចិត្ត​បាន​នៃ​ប្រព័ន្ធ​កុំព្យូទ័រ ប៉ុន្តែ​ខ្ញុំ​កម្រ​ប្រើ​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​ណាស់ ។ នៅ​ក្នុង​កិច្ចការ​ដ្ឋបាល​របស់​ខ្ញុំ​ជា​អ្នក​គ្រប់​គ្រង​ម្នាក់ ខ្ញុំ​មាន​ជំនួយ​ការ និង​លេខា​ជាច្រើន​ដែល​បាន​ជួយ​ខ្ញុំ​ដោយ​ចិត្ត​សប្បុរស​ជាមួយ​កិច្ចការ​នានា ។

អ្វីៗ​បាន​ផ្លាស់ប្ដូរ​នៅ​ឆ្នាំ ១៩៩៤ កាល​ខ្ញុំ​ត្រូវ​បាន​ហៅ​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ម្នាក់ ។ ការ​ហៅ​របស់​ខ្ញុំ​មាន​នូវ​ឱកាស​ដ៏​អស្ចារ្យ​ជាច្រើន​ដើម្បី​ធ្វើ​ការងារ​បម្រើ ប៉ុន្តែ​វា​ក៏​រួមមាន​នូវ​ការងារ​រដ្ឋបាល​មួយ​ដ៏​ធំ​ផងដែរ—គឺ​លើស​ពី​ការគិត​របស់​ខ្ញុំ​ទៅ​ទៀត ។

ខ្ញុំ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដោយសារ​ឧបករណ៍​ដ៏​សំខាន់​ដើម្បី​ធ្វើ​កិច្ចការ​នេះ​បាន​ល្អ​គឺជា​កុំព្យូទ័រ​ផ្ទាល់​ខ្លួន ។

នេះ​ជា​គ្រា​ដំបូង​ក្នុង​ជីវិត​ខ្ញុំ ដែល​ខ្ញុំ​ត្រូវ​ចេះ​ប្រើ​ឧបករណ៍​មួយ ដែល​ខ្ញុំ​ពុំ​ធ្លាប់​ចេះ​ពី​មុន​មក ។

ដំបូង​ឡើយ កុំព្យូទ័រ​នោះ និង​ខ្ញុំ​មិន​ចុះ​សម្រុង​នឹង​គ្នា​សោះ ។

មនុស្ស​ដែល​ចេះ​ខាង​បច្ចេកវិទ្យា​បាន​ព្យាយាម​បង្រៀន​ខ្ញុំ​ពី​របៀប​ប្រើ​កុំព្យូទ័រ​នោះ ។ ពួកគេ​បាន​ឈរ​ពី​ក្រោយ​ខ្ញុំ ពួកគេ​បាន​ឈោង​ដៃទៅ​ក្ដារចុច ហើយ​វាយ​យ៉ាង​លឿន ។

ពួកគេ​បាន​ពោល​ទាំង​មោទនភាព​ថា « លោក​ឃើញ​ទេ ? « លោក​ត្រូវធ្វើ​បែប​នេះ » ។

ខ្ញុំ​អត់​ឃើញ​អ្វី​សោះ ។ វា​គឺជា​ការ​ផ្លាស់​ប្ដូរ​មួយ​ដ៏​លំបាក ។

ខ្ញុំ​មាន​ការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​រៀន​ប្រើ​កុំព្យូទ័រ ។

ខ្ញុំ​ចំណាយ​ពេល​វេលា ការ​ធ្វើ​ឡើង​វិញ ការ​អត់ធ្មត់ និង​ទឹក​ក្រូច​ដែល​គ្មាន​ជាតិ​ស្ករ​ជា​ច្រើន​លីត្រ ដែល​ខ្ញុំ​សូម​មិន​បង្ហើប​ឈ្មោះ ព្រមទាំង​សេចក្ដី​សង្ឃឹម និង សេចក្ដី​ជំនឿ​ដ៏​ធំ​ធេង​មក​ពី​ភរិយា​ខ្ញុំ ដើម្បី​សម្រេច​កិច្ចការ​នេះ ។

ឥឡូវ ២២ ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ហ៊ុមព័ទ្ធ​ដោយ​បច្ចេកវិទ្យា​កុំព្យូទ័រ ។ ខ្ញុំ​មាន​អាសយដ្ឋាន​អ៊ីម៉ែល គណនី Twitter និង​ទំព័រ Facebook មួយ។ ខ្ញុំ​មាន​ទូរសព្ទ​ដៃ​ទំនើប tablet កុំព្យូទ័រ​យួរ​ដៃ និង​ម៉ាស៊ីន​ថត​រូប ។ ហើយ​កាល​ជំនាញ​បច្ចេកវិទ្យា​ខ្ញុំ ប្រៀប​មិន​បាន​នឹង​ក្មេង​អាយុ​ប្រាំពីរ​ឆ្នាំ​ផង សម្រាប់​មនុស្ស​ចំណាស់​ដូច​ខ្ញុំ​នេះ ខ្ញុំ​គិត​ថា​ខ្ញុំ​ចេះ​ល្មម​គួរ​សម​ដែរ ។

ទោះ​ជា​យ៉ាងណា​ក្ដី ខ្ញុំ​បាន​សង្កេត​ឃើញ​រឿង​មួយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ។ កាល​ខ្ញុំ​ចេះ​ប្រើ​បច្ចេកវិទ្យា​កាន់​តែ​ច្រើន នោះ​ខ្ញុំ​កាន់​តែ​មិន​សូវ​ឲ្យ​តម្លៃ​វា​ទេ ។

នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​មនុស្ស ការ​ប្រាស្រ័យ​ទាក់ទង​មួយ​ផ្នែក​ធំ​កើត​ឡើង​តាម​មធ្យោបាយ​ប្រើ​សត្វ​សេះ ។ ការ​ផ្ញើ​សារ​មួយ និង​ការ​ទទួល​ការ​តប​មក​វិញ​អាច​ត្រូវការ​ពេល​ជាច្រើន​ថ្ងៃ ឬ​រហូត​ដល់​ខែ​ផង ។ សព្វ​ថ្ងៃ​នេះ សារ​របស់​យើង​ចរាចរ​រាប់​ពាន់​គីឡូ​ម៉ែត្រ​នៅ​លើ​អាកាស ឬ​រាប់​ពាន់​ម៉ែត្រ​នៅ​ក្រោម​បាត​សមុទ្រ​ដើម្បី​បាន​ទៅ​ដល់​មនុស្ស​ម្នាក់​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ពិភពលោក ហើយ​បើមាន​ការ​ពន្យារ​ពេល សូម្បី​តែ​ពីរ​បី​វិនាទី យើង​ចាប់​ផ្ដើម​មួរ​ម៉ៅ ហើយ​ខ្វះ​ភាព​អត់ធ្មត់ ។

វា​ទំនង​ជា​និស្ស័យ​របស់​មនុស្ស ៖ កាល​ណា​យើង​ចេះ​អ្វី​មួយ​កាន់​តែ​ច្រើន សូម្បី​តែ​រឿង​មួយ​ដ៏​អស្ចារ្យ​បំផុត​ក្ដី នោះ​យើង​បាត់​អារម្មណ៍​នៃ​ភាព​អស្ចារ្យ​នោះ ហើយ​ចាត់​ទុក​វា​ជា​រឿង​ធម្មតា​វិញ ។

តើ​យើង​បាន​ឲ្យ​តម្លៃ​ទៅ​លើ​សេចក្ដីពិត​ខាង​វិញ្ញាណ​ដែរ​ឬ​ទេ ?

ការ​ពុំ​ឲ្យ​តម្លៃ​ទៅ​លើ​បច្ចេកវិទ្យា និង​ភាពស្រណុក​របស់​យើង​នា​សម័យ​ទំនើប​ប្រហែល​វា​ជា​រឿង​តូច​តាច​មួយ​ប៉ុណ្ណោះ ។ ប៉ុន្តែ គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ពេល​ខ្លះ​យើង​ធ្វើ​ឥរិយាបថ​ដូច​គ្នា​នេះ​ចំពោះ​គោលលទ្ធិ​ដ៏​អស់​កល្ប ហើយ​ពង្រឹង​ដល់​ព្រលឹង​ក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​យើង​ត្រូវ​បាន​ប្រទាន​ឲ្យ​ច្រើន​ណាស់ ។ យើង​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ពន្លឺ និង​សេចក្ដី​ពិត​ដ៏​រំភើប​ជាច្រើន ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ងឿង​ឆ្ងល់​ថា តើ​យើង​ពិត​ជា​មាន​អំណរ​គុណ​ចំពោះ​អ្វីៗ​ដែល​យើង​មាន​ដែរ​ឬទេ ។

សូម​គិត​ពី​ពួក​សិស្ស​កាល​ពី​បុរាណ​ដែល​បាន​ដើរ ហើយ​និយាយ​នឹង​ព្រះអង្គ​សង្គ្រោះ​អំឡុង​នៃ​ការងារ​បម្រើ​របស់​ទ្រង់​នៅ​លើ​ផែនដី ។ សូម​ស្រមៃ​ពី​ការ​ដឹង​គុណ និង​គារវភាព​ដែល​បាន​ជ្រួត​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត និង​គំនិត​របស់​ពួកគេ កាល​ពួកគេ​បាន​ឃើញ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ចេញ​ពី​ផ្នូរ​មក កាល​ពួកគេ​បាន​ប៉ះ​ស្នាម​របួស​នៅ​លើ​ព្រះហស្ដ​ទ្រង់ ។ ជីវិត​របស់​ពួកគេ​បាន​ផ្លាស់​ប្ដូរ​ជា​រៀង​រហូត !

សូម​គិត​ពី​ពួក​បរិសុទ្ធ​ពី​ដើម​ក្នុង​គ្រាកាន់​កាប់​ត្រួត​ត្រា​នេះ​ដែល​បាន​ស្គាល់​ព្យាការី​យ៉ូសែប​ស្ម៊ីធ ហើយ​បាន​ស្ដាប់​ឮ​លោក​ប្រកាស​ពី​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ។ សូម​ស្រមៃ​ថា​តើ​ពួកគេ​ត្រូវ​មាន​អារម្មណ៍​បែប​ណា​ដើម្បី​ដឹង​ថា វាំង​នន​ដែល​ខណ្ឌ​ចែក​ស្ថានសួគ៌ និង​ផែនដី​បាន​បើក​ជា​ថ្មី​ម្ដងទៀត ដោយ​បញ្ចេញ​នូវ​ពន្លឺ និង​ចំណេះដឹង​មកពី​ផ្ទះ​សេឡេស្ទាល​របស់​យើង​មក​លើ​ពិភពលោក​នេះ ។

ប៉ុន្ដែ​លើស​ពី​នោះ​ទៀត សូម​គិត​ថា​តើ​បងប្អូន​មាន​អារម្មណ៍​បែប​ណា កាល​បងប្អូន​បាន​ជឿ ហើយ​យល់​ថា បងប្អូន​ពិត​ជា​កូនចៅ​របស់​ព្រះ​ជា​លើក​ដំបូង ថា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ស៊ូ​រងទុក្ខ​ចំពោះ​អំពើ​បាប របស់​បងប្អូន ដើម្បី​ឲ្យ​បងប្អូន​បាន​ស្អាត​ស្អំ​ម្ដង​ទៀត ថា​អំណាច​បព្វជិតភាព​គឺ​មាន​ពិត​មែន ហើយ​វា​អាច​ចង​ភ្ជាប់​បងប្អូន និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​បងប្អូន​សម្រាប់​វេលាកាល​នេះ និង សម្រាប់​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច និង​មាន​ព្យាការី​មួយ​ដែល​កំពុង​រស់​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ ។ តើ​នោះ​មិន​អស្ចារ្យ និង​វិសេស​ទេ​ឬ​អី ?

ដោយ​ពិចារណា​ពី​រឿង​ទាំងអស់​នេះ តើ​យើង​គ្មាន​ចិត្ត​រំភើប​អំពី​ការ​ចូល​រួម​ពិធី​ថ្វាយ​បង្គំ​នៅ​ក្នុង​សាសនាចក្រ​យើង​បាន​យ៉ាង​ដូច​ម្ដេច​ទៅ ? ឬ​នឿយហត់​ក្នុងការ​អាន​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ​បាន​យ៉ាង​ដូចម្ដេច​ទៅ ? ខ្ញុំ​គិត​ថា រឿង​នេះ​អាច​កើត​ឡើង​បាន ដរាប​ណា​ចិត្ត​របស់​យើង ធ្លាប់​ទទួល បទពិសោធន៍​នូវ​ការ​ដឹង​គុណ និង​ភាព​អស្ចារ្យ​សម្រាប់​អំណោយទាន​ដ៏​ពិសិដ្ឋ ហើយ​ថ្លៃ​ថ្លា​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង ។ សេចក្ដីពិត​ដែល​ផ្លាស់​ប្ដូរ​ជីវិត​ស្ថិត​នៅ​ចំពោះ​មុខ​យើង និង​នៅ​ក្បែរ​ដៃ​របស់​យើង ប៉ុន្តែ​ពេល​ខ្លះ​យើង​ពុំ​បាន​ចូល​រួម​យ៉ាង​ពេញ​លេញ​នៅលើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស​ឡើយ ។ ពេលខ្លះ​យើង​បាន​បណ្ដោយ​ឲ្យ​ខ្លួន​ឯង​ត្រូវ​បាន​ទាក់​ទាញ​ដោយ​ភាព​ពុំ​ល្អ​ឥត​ខ្ចោះ​របស់​សមាជិក​ផ្សេង​ទៀត ជាជាង​ការ​ធ្វើ​តាម​គំរូ​របស់​លោក​ចៅ​ហ្វាយ​នៃ​យើង ។ យើង​រស់​នៅ​ក្នុង​ជីវិត​មួយ​ដែល​ពោរពេញ​ដោយ​ឱកាស​ដ៏​អស្ចារ្យ​ជាច្រើន ប៉ុន្តែ​ជា​រឿយៗ​យើង​ពុំ​បាន​ស្គាល់​ពី​សារៈសំខាន់ និង​អត្ថន័យ​របស់​វា​ឡើយ ។

សារលិខិត​មួយ​ដែល​ធ្លាប់​ស្គាល់

កាល​ខ្ញុំ​នៅ​ជា​យុវជន មិត្ត​ភក្ដិ​ខ្ញុំ​បាន​សួរ​អំពី​សាសនា​របស់​ខ្ញុំ ។ ជារឿយៗ ខ្ញុំ​បាន​ចាប់​ផ្ដើម​ពន្យល់​អំពី​ភាពខុស​គ្នា ដូចជា​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ ។ ពេល​ខ្លះ​ទៀត ខ្ញុំ​បាន​គូស​បញ្ជាក់​ពី​ភាព​ស្រដៀង​គ្នា​ជាមួយ​នឹង​សាសនា​គ្រីស្ទាន​ផ្សេង​ទៀត ។ រឿង​ទាំងនេះ​ពុំ​បាន​ធ្វើ​ឲ្យ​ពួកគេ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​ទេ ។ ប៉ុន្តែ​កាល​ខ្ញុំ​បាន​និយាយ​អំពី​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​ដែល​ព្រះវរបិតា​សួគ៌​យើង​មាន​សម្រាប់​យើង​ក្នុង​នាម​ជា​កូន​ចៅ​របស់​ទ្រង់ នោះ​ពួកគេ​មាន​ចំណាប់​អារម្មណ៍ ។

ខ្ញុំ​នៅ​ចាំ​ពី​ការ​ព្យាយាម​គូរ​រូប​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​នៅ​លើ​ក្ដារខៀន​ក្នុង​ថ្នាក់​រៀន​នៃ​សាលា​ប្រជុំ​របស់​យើង​នៅ​ហ្វ្រែងហ្វើត ប្រទេស​អាល្លឺម៉ង់ ។ ខ្ញុំ​បាន​គូរ​រង្វង់​ដែល​តំណាង​ឲ្យ​ជីវិត​មុន​ឆាក​ជីវិត​នេះ ជីវិត​រមែង​ស្លាប់ និង​ការ​ត្រឡប់​ទៅ​ព្រះមាតាបិតា​សួគ៌​របស់​យើង​បន្ទាប់​ពី​ជីវិត​នេះ ។

ក្នុង​នាម​ជា​ក្មេង​ជំទង់​ម្នាក់ ខ្ញុំ​ចូល​ចិត្ត​ចែកចាយ​សារលិខិត​ដ៏​រំជួល​ចិត្ត​នេះ​ខ្លាំង​ណាស់ ។ កាល​ខ្ញុំ​បាន​ពន្យល់​គោលការណ៍​ទាំងនេះ​នៅ​ក្នុង​ពាក្យ​ពេចន៍​ដ៏​សាមញ្ញ​របស់​ខ្ញុំ ចិត្ត​ខ្ញុំ​ពោរ​ពេញ​ដោយ​ការ​ដឹង​គុណ​ចំពោះ​ព្រះ​ដែល​ស្រឡាញ់​កូនចៅ​របស់​ទ្រង់ និង​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​ប្រោស​លោះ​យើង​ទាំងអស់​គ្នា​ពី​សេចក្ដី​ស្លាប់ និង​ស្ថាននរក ។ ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់​ចំពោះ​សារ​លិខិត​នៃ​សេចក្ដី​ស្រឡាញ់ អំណរ និង​សេចក្ដីសង្ឃឹម​នេះ ។

មិត្ត​ខ្ញុំ​ខ្លះ​បាន​និយាយ​ថា សារលិខិត​នេះ​ដូចជា​ធ្លាប់​ឮ ទោះ​បីជា​រឿង​បែប​នេះ​ពុំ​ធ្លាប់​បាន​បង្រៀន​នៅ​ក្នុង​ការ​អប់រំ​ខាង​សាសនា​របស់​ពួកគេ​តាំង​ពី​ក្មេង​ក្ដី ។ វា​ទំនង​ដូច​ជា​ពួកគេ​បាន​ដឹង​ថា​រឿង​ទាំងនេះ​ពិត​ជានិច្ច​ក្នុង​ចិត្ត ខ្ញុំ​គ្រាន់តែ​ប្រាប់​អ្វី​មួយ​ដែល​ពួកគេ​ធ្លាប់​ដឹង​តែ​ប៉ុណ្ណោះ ។

យើង​មាន​ចម្លើយ !

ខ្ញុំ​ជឿ​ថា​មនុស្ស​គ្រប់​គ្នា​មាន​នូវ​សំណួរ​សំខាន់ៗ​មួយ​ចំនួន​ទាក់​ទង​នឹង​ជីវិត​នៅ​ក្នុង​ចិត្ត​របស់​ពួកគេ ។ តើ​ខ្ញុំ​មក​ពី​ណា ? ហេតុអ្វី​ខ្ញុំ​នៅ​ទីនេះ ? តើ​នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​ខ្ញុំ​ស្លាប់​ទៅ ?

មាន​មនុស្ស​ជាច្រើន​បាន​សួរ​សំណួរ​បែប​នេះ​តាំង​ពី​ដើម​មក​ម្ល៉េះ ។ ពួក​អ្នក​ទស្សនវិជ្ជា ពួក​អ្នក​ប្រាជ្ញ និង​ពួក​អ្នក​ជំនាញ​បាន​ចំណាយ​ជីវិត និង​ទ្រព្យ​សម្បត្តិ​ខ្លួន​ដើម្បី​ស្វែង​រក​ចម្លើយ ។

ខ្ញុំ​មាន​អំណរ​គុណ​ដែល​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ​មាន​នូវ​ចម្លើយ​ចំពោះ​សំណួរ​ដ៏​ស្មុគស្មាញ​ជា​ច្រើន​នៅ​ក្នុង​ជីវិត ។ ចម្លើយ​ទាំង​នេះ​ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ វា​គឺជា​រឿង​ពិត ច្បាស់​លាស់ និយាយ​ចំៗ ហើយ​ងាយ​យល់ ។ វា​បាន​បំផុស​គំនិត ហើយ​យើង​បង្រៀន​វា​ទៅ​ដល់​កុមារ​របស់​យើង​នៅក្នុង​ថ្នាក់​សាន់ប៊ីម ដែល​មាន​អាយុ​បីឆ្នាំ ។

បងប្អូន​ប្រុស​ស្រី យើង​គឺជា​តួអង្គ​ដ៏​អស់កល្ប ដែល​គ្មាន​ការ​ចាប់ផ្ដើម និង​ទីបញ្ចប់ ។ យើង​មាន​ជីវិត​ជានិច្ច ។ យើង​ពិត​ជា​កូនចៅ​វិញ្ញាណ​នៃ​ព្រះមាតា​បិតា​សួគ៌​ដ៏​ជា​ព្រះ​ដែល​មាន​ជីវិត​អមតៈ និង​មាន​គ្រប់​ព្រះចេស្ដា !

យើង​មក​ពី​បល្ល័ង្ក​សួគ៌ា​នៃ​ព្រះអម្ចាស់​ដ៏​ជា​ព្រះនៃ​យើង ។ យើង​គឺជា​ពូជហ្លូង​នៃ​អេឡូហីម ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ។ យើង​បាន​ដើរ​ជាមួយ​ទ្រង់​នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ ។ យើង​បាន​ស្ដាប់​ឮ​ទ្រង់​មាន​បន្ទូល បាន​ឃើញ​ពី​ឫទ្ធនុភាព​របស់​ទ្រង់ បាន​រៀន​ពី​មាគ៌ា​របស់​ទ្រង់ ។

បងប្អូន និង​ខ្ញុំ​បាន​ចូល​រួម​នៅ​ក្នុង​ក្រុមប្រឹក្សា​ដ៏​ធំមហិមា ជា​ពេល​ដែល​ព្រះវរបិតា​ជា​ទី​ស្រឡាញ់​នៃ​យើង​បាន​បង្ហាញ​ផែនការ​របស់​ទ្រង់​សម្រាប់​យើង—ថា​ យើង​នឹង​មក​ផែនដី ទទួល​រូបកាយ​រមែង​ស្លាប់ រៀន​ជ្រើស​រើស​ល្អ និង​អាក្រក់ ហើយ​រីកចម្រើន​តាម​របៀប​នេះ គឺ​គ្មាន​របៀប​ផ្សេង​ទៀតឡើយ ។

កាល​យើង​បាន​ឆ្លង​កាត់​វាំង​នន​នោះ ហើយ​ចូល​ទៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ យើង​បាន​ដឹង​ថា យើង​ពុំ​ចងចាំ​ពី​ជីវិត​មុន​ទៀត​ឡើយ ។ វា​នឹង​មាន​នូវ​ការ​ផ្ទុយ ទុក្ខវេទនា និង​ការ​ល្បួង ។ ប៉ុន្តែ​យើង​ក៏​បាន​ដឹង​ដែរ​ថា ការ​ទទួល​បាន​រូបកាយ​មួយ​គឺជា​រឿង​ដ៏​សំខាន់​បំផុត​សម្រាប់​យើង ។ យើង​បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា យើង​នឹង​រៀន​ធ្វើ​ការ​ជ្រើស​រើស​ត្រឹមត្រូវ អត់ទ្រាំ​នឹង​ការ​ល្បួង​របស់​សាតាំងបាន​យ៉ាង​លឿន ហើយ​នៅ​ទីបំផុតត្រឡប់​ទៅ​ព្រះមាតា​បិតា​សួគ៌ា​ជា​ទី​ស្រឡាញ់​របស់​យើង​វិញ ។

យើង​បាន​ដឹង​ថា យើង​មាន​បាប ហើយ​មាន​កំហុស—សូម្បីតែ​វា​ធ្ងន់ធ្ងរ​ក្ដី ។ ប៉ុន្តែ​យើង​ក៏​បាន​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​របស់​យើង ព្រះយេស៊ូវ​គ្រីស្ទ​បាន​សន្យា​នឹង​យាង​មក​ផែនដី​រស់​នៅ​ក្នុង​ជីវិត​មួយ​ដែល​គ្មាន​បាប ហើយ​លះបង់​ព្រះជន្ម​ជា​ដង្វាយ​ដ៏​អស់​កល្ប​ដោយ​ស្មគ្រ័​ព្រះទ័យ ។ យើង​បាន​ដឹង​ថា ប្រសិន​បើ​យើង​ថ្វាយដួង​ចិត្ត​យើង​ចំពោះ​ទ្រង់ ទុក​ចិត្ត​ទ្រង់ ហើយ​ខិតខំ​ឲ្យ​អស់​ពី​ថាមពល​នៃ​ព្រលឹង​យើង​ដើម្បី​ដើរ​លើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស យើង​អាច​បាន​លាង​សម្អាត​ឲ្យ​ស្អាត​ស្អំ ហើយ​បាន​ចូល​ទៅ​ក្នុង​ទីវត្តមាន​នៃ​ព្រះវរបិតា​ជា​ទី​ស្រឡាញ់​នៃ​យើង​ម្ដង​ទៀត ។

ដូច្នេះ ជាមួយ​ជំនឿ​លើ​ការ​បូជា​របស់​ព្រះយេស៊ូវ​គ្រីស្ទ បងប្អូន និង​ខ្ញុំ​បាន​ទទួល​យក​ផែនការ​របស់​ព្រះវរបិតា​សួគ៌​ដោយ​ស្ម័គ្រ​ចិត្ត ។

នោះ​ជា​ហេតុផល​ដែល​យើង​រស់​នៅ​លើ​ផែនដី​ដ៏​ស្រស់​ស្អាត​នេះ—ដោយ​សារ​ព្រះ​បាន​ប្រទាន​ឱកាស​ឲ្យ​យើង ហើយ​យើង​បាន​ជ្រើស​យក​វា ។ ទោះ​ជា​យ៉ាង​ណា ជីវិត​រមែង​ស្លាប់​របស់​យើង​គឺ​ជា​រឿង​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ហើយ​នឹង​បញ្ចប់​ទៅ​ដោយ​សេចក្ដី​ស្លាប់​នៃ​រូបកាយ​របស់​យើង ។ ប៉ុន្តែ​កត្តា​ដ៏​សំខាន់​ដែល​ថា​បងប្អូន និង​ខ្ញុំ​ជា​នរណា​នោះ​នឹង​ពុំ​ត្រូវ​បំផ្លាញ​ចោល​ឡើយ ។ វិញ្ញាណ​យើង​នឹង​បន្ត​មាន​ជីវិត ហើយ​រង់ចាំ​ការ​រស់​ឡើង​វិញ—ជា​អំណោយទាន​មួយ​ដ៏​ឥត​បង់​ថ្លៃ​បាន​សម្រាប់​មនុស្ស​គ្រប់​គ្នា​មក​ពី​ព្រះវរបិតា​សួគ៌​យើង និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ។ នៅ​ឯ​ការ​រស់​ឡើង​វិញ វិញ្ញាណ និង​រូបកាយ​យើង​នឹង​ផ្គុំ​គ្នា​វិញ លែង​មាន​ការ​ឈឺចាប់ ហើយ​មាន​ភាព​ល្អ​ឥតខ្ចោះ ។

បន្ទាប់​ពីការ​រស់​ឡើង​វិញ ថ្ងៃ​នៃ​ការ​ជំនុំ​ជម្រះ​នឹង​កើត​មាន ។ នៅ​ទីបំផុត​កាល​មនុស្ស​ទាំងអស់​ត្រូវ​បាន​សង្គ្រោះ ហើយ​គ្រង​នគរ​នៃ​សិរីល្អ​មួយ ជន​ដែល​ទុក​ចិត្ត​លើ​ព្រះ ហើយ​ខិតខំ​ធ្វើ​តាម​ក្រឹត្យវិន័យ និង​ពិធី​បរិសុទ្ធ​របស់​ទ្រង់​នឹង​គ្រង​ជីវិត​នៅ​ក្នុង​ភាព​អស់​កល្ប​ជានិច្ច​ដែល​មាន​សិរីល្អ​ដ៏​មហស្ចារ្យ និង​ឫទ្ធានុភាព​ដ៏​ធំ​សម្បើម ។

ថ្ងៃ​នៃ​ការ​ជំនុំ​ជម្រះ​នោះ​នឹង​ក្លាយ​ជា​ថ្ងៃ​នៃ​សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់—ជា​ថ្ងៃ​មួយ​ដែល​ចិត្ត​សង្រេង​ត្រូវ​បាន​ព្យាបាល ទឹក​ភ្នែក​នៃ​ភាព​អន្តរាយ​ត្រូវ​បាន​ជំនួស​មក​វិញ​នូវ​ទឹក​ភ្នែក​នៃ​ការ​ដឹង​គុណ កាល​រឿង​ទាំងអស់​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ត្រឹមត្រូវ ។

ពិត​ណាស់ នឹង​មាន​ការសោក​សៅ​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​អំពើ​បាប ។ ពិត​ណាស់ នឹង​មាន​នូវ​ការសោកស្ដាយ ហើយ​ថែម​ទាំង​ឈឺចាប់​ដោយ​សារ​កំហុស​ភាព​ឆ្កួត​លី​លា​និង​ចិត្ត​ចចេស​របស់​យើង​ដែល​ធ្វើ​ឲ្យ​យើង​បាត់​បង់​ឱកាស​ទទួល​អនាគត​មួយ​ដ៏​រុង​រឿង ។

ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា យើង​នឹង​មិន​គ្រាន់​តែ​ពេញ​ចេញ​នឹង​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​តែ​ម្យ៉ាង​ទេ យើង​ក៏​នឹង​ភ្ញាក់​ផ្អើល ហើយ​មាន​ចិត្ត​រំភើប​យ៉ាង​ខ្លាំង​ផងដែរ​ពី​ព្រះគុណ ក្ដី​មេត្តាករុណា ព្រះទ័យ​សប្បុរស និង​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង ដែល​ជា​កូន​ចៅ​របស់​ទ្រង់ ។ ប្រសិន​បើ​បំណង​ប្រាថ្នា និង​ការ​ប្រព្រឹត្ត​របស់​យើង​ល្អ ប្រសិន​បើ​យើង​មាន​សេចក្ដី​ជំនឿ​លើ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ នោះ​យើង​អាច​ទន្ទឹង​រង់ចាំ​នូវ​អ្វី​ដែល​មរ៉ូណៃ​បាន​ហៅ​ថា « វេទិកា​ជំនុំជម្រះ​ដ៏​គាប់​ព្រះហឫទ័យ​នៃ​ព្រះយេហូវ៉ា​ដ៏​មហិមា ដែល​ជា​ចៅក្រម​ដ៏​អស់កល្ប​ជានិច្ច » ។

Pro Tanto Quid Retribuamus

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ មិត្ត​ជា​ទីស្រឡាញ់ តើ​យើង​គ្មាន​ការ​ស្ញប់ស្ញែង ហើយ​អស្ចារ្យ​ក្នុង​ការពិចារណា​អំពី​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​ដែល​ព្រះវរបិតា​ជា​ទីស្រឡាញ់​នៃ​យើង​បាន​រៀបចំ​សម្រាប់​យើង​នៅ​ក្នុង​ចិត្ត និង​គំនិត​យើង​ទេ​ឬ​អី ? តើ​យើង​គ្មាន​នូវ​អំណរ​ដែល​ពុំ​អាច​ថ្លែង​បាន​ដើម្បី​ដឹង​អំពី​អនាគត​ដ៏​រុងរឿង​ដែល​បាន​រៀបចំ​ឡើង​សម្រាប់​ជន​ដែល​រង់ចាំ​ព្រះអម្ចាស់​ទេ​ឬ​អី ?

ប្រសិន​បើ​បងប្អូន​ពុំ​ធ្លាប់​មាន​អារម្មណ៍​ស្ញប់ស្ញែង និង​អំណរ​បែប​នេះ​ពី​មុន​មក ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ស្វែង​រក សិក្សា ហើយ​រិះគិត​នូវ​សេចក្ដី​ពិត​ដ៏​សាមញ្ញ ប៉ុន្តែ​មាន​ភាព​អស្ចារ្យ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ។ « ចូរ​ឲ្យ​ការ​ម៉ឺងម៉ាត់​អំពី​ភាព​អស់​កល្ប​ជានិច្ច​ស្ថិតនៅ​ក្នុងគំនិត​របស់​អ្នក​រាល់​គ្នា​ចុះ » ។ ចូរ​ឲ្យ​វា​ថ្លែង​ទីបន្ទាល់​ដល់​បងប្អូន​ពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ ។

ប្រសិន​បើ​បងប្អូន​ធ្លាប់​ទទួល​អារម្មណ៍​ពី​រឿង​ទាំងនេះ​ពី​មុន​មក ខ្ញុំ​សូម​សួរ​បងប្អូន​នៅ​ថ្ងៃនេះ​ថា « តើ [ បងប្អូន ] អាច​ចាប់​អារម្មណ៍​យ៉ាង​នេះ​ឥឡូវ​នេះ​ទេ ? »

ថ្មីៗ​នេះ ខ្ញុំ​មាន​ឱកាស​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៊េលហ្វាស្ត ប្រទេស​អៀឡង់​ភាគ​ខាង​ជើង ។ កាល​នៅ​ទីនោះ ខ្ញុំ​បាន​សង្កេត​ឃើញ​រូប​តំណាង​មួយ​របស់​ទីក្រុង​ប៊េលហ្វាស្ត​ដែល​មាន​នូវ​បាវចនា​ថា « Pro tanto quid retribuamus » ឬ « តើ​យើង​នឹង​បាន​អ្វី​តប​ស្នង​ចំពោះ​ពរជ័យ​ដ៏​ច្រើន ? »

ខ្ញុំ​សូម​អញ្ជើញ​យើង​ម្នាក់ៗ​ឲ្យ​សញ្ជឹង​គិត​ពី​សំណួរ​នេះ ។ តើ​យើង​នឹង​បាន​អ្វី​តប​ស្នង​ចំពោះ​ចំណេះ​ដឹង និង​សេចក្ដី​ពិត​ដ៏​ធំ​ធេង​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង ?

ព្រះវរបិតា​ជា​ទី​ស្រឡាញ់​នៃ​យើង​គ្រាន់​តែ​សុំ​ឲ្យ​យើង​រស់​នៅ​តាម​សេចក្ដី​ពិត​ដែល​យើង​បាន​ទទួល ហើយ​ឲ្យ​យើង​ដើរ​តាម​ផ្លូវ​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ ។ ហេតុដូច្នេះ ចូរ​យើង​ក្លាហាន​ឡើង ហើយ​ទុកចិត្ត​ទៅលើ​ការ​ដឹកនាំ​របស់​ព្រះវិញ្ញាណ ។ ចូរ​យើង​ចែកចាយ​ជាមួយ​នឹង​មនុស្ស​ដទៃ​ទៀត​នូវ​សារលិខិត​ដ៏​អស្ចារ្យ​នេះ​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ​ទាំង​តាមរយៈ​ពាក្យ​សម្ដី និង​ទង្វើ​របស់​យើង ។ សូម​ឲ្យ​ការ​ជម្រុញ​ចិត្ត​របស់​យើង​គឺ​ជា​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​កូនចៅ​របស់​ទ្រង់ ពី​ព្រោះ​ពួកគេ​គឺ​ជា​បងប្អូន​ប្រុស​ស្រី​របស់​យើង ។ នេះ​គឺ​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​តបស្នង​ចំពោះ​ពរជ័យ​ដ៏​ច្រើន ។

នៅ​ថ្ងៃ​មួយ « គ្រប់​ជង្គង់​នឹង​លុត​ចុះ ហើយ​គ្រប់​អណ្ដាត​នឹង​ទទួល​ថ្លែង »​ថា ផ្លូវ​របស់​ព្រះ​មាន​ភាព​យុត្តិធម៌ ហើយ​ផែនការ​ទ្រង់​គឺ​ល្អ​ឥត​ខ្ចោះ ។ ចំពោះ​បងប្អូន និង​រូប​ខ្ញុំ ចូរ​ឲ្យ​ថ្ងៃ​នោះ​គឺ​ជា​ថ្ងៃ​នេះ ។ ចូរ​យើង​ប្រកាស​ជាមួយ​នឹង​យ៉ាកុប​ពី​បុរាណ​ថា « ឱ ផែនការ​នៃ​ព្រះ​របស់​យើង​ធំ​ណាស់​ហ្ន៎ ! »

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ការណ៍​នេះ ដោយ​ការ​ដឹង​គុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​វរបិតាសួគ៌​របស់​យើង ខ្ញុំ​បន្សល់​ទុក​ពរជ័យ​ខ្ញុំ​នឹង​បងប្អូន​រាល់​គ្នា ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។