ការប្រែចិត្ត ៖ ជម្រើសដ៏មានអំណរ
ការប្រែចិត្តមិនគ្រាន់តែជាកិច្ចការដែលអាចធ្វើបាននោះទេ ប៉ុន្តែថែមទាំងជាកិច្ចការដែលមានអំណរដោយសារតែព្រះអង្គសង្គ្រោះរបស់យើង ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ កាលខ្ញុំអាយុ ១២ ឆ្នាំ គ្រួសារខ្ញុំបានរស់នៅក្នុងទីក្រុង ហ្គតប៊ក ជាទីក្រុងនៅតាមឆ្នេរសមុទ្រនៅក្នុងប្រទេសស៊ុយអែតភាគខាងត្បូង ។ ខ្ញុំសូមណែនាំឲ្យស្គាល់ថា ទីក្រុងនោះគឺជាស្រុកកំណើតរបស់អែលឌើរ ភើរ ជី ម៉ាម ជាដៃគូរួមការងារដ៏ជាទីស្រឡាញ់របស់យើង ដែលបានទទួលមរណភាពកាលពីរដូវក្តៅឆ្នាំនេះ ។ ពួកយើងនឹកលោក ។ យើងមានអំណរគុណចំពោះភាពថ្លៃថ្នូរ និង ការបម្រើដ៏ក្លៀវក្លារបស់លោក ព្រមទាំងមានអំណរគុណចំពោះគំរូរបស់គ្រួសារដ៏គួរឲ្យស្រឡាញ់របស់លោក ។ ហើយពួកយើងពិតជាអធិស្ឋានទូលសូមនូវពរជ័យដ៏មហិមារបស់ព្រះឲ្យចាក់ស្រោចមកលើពួកគេ ។
ហាសិបឆ្នាំមុនពួកយើងបានចូលរួមព្រះវិហារក្នុងផ្ទះដ៏ធំមួយដែលកែច្នៃធ្វើជាអគារព្រះវិហារ ។ នាថ្ងៃអាទិត្យមួយ មិត្តភក្តិរបស់ខ្ញុំ ស្ទេហ្វាន ជាឌីកុនតែម្នាក់ផ្សេងទៀតនៅក្នុងសាខា បានស្វាគមន៍ខ្ញុំនៅព្រះវិហារដោយក្តីរំភើប ។ យើងបានទៅបន្ទប់ទំនេរក្បែរនឹងបន្ទប់សាលាជំនុំ ហើយគាត់បានទាញយកផាវធំមួយ និង ឈើគូសមួយចំនួនចេញពីហោប៉ៅគាត់ ។ ជាក្មេងជំទង់មានឫកក្លាហាន ខ្ញុំបានយកផាវនោះចេញមក ហើយដុតប្រឆេះផាវពណ៌ប្រផេះដ៏វែងនោះ ។ ខ្ញុំមានបំណងចង់ពន្លត់ប្រឆេះនោះវិញ ពីមុនវាធ្វើឲ្យផាវផ្ទុះ ។ ប៉ុន្តែនៅពេលខ្ញុំព្យាយាមពន្លត់ប្រឆេះនោះ ផាវបានជ្រុះពីដៃខ្ញុំ ។ ស្ទេហ្វាន និង ខ្ញុំបានមើលដោយក្តីតក់ស្លុត ខណៈដែលប្រឆេះផាវនៅតែឆេះ ។
ផាវបានផ្ទុះឡើង ហើយផ្សែងដែលមានជាតិស្ពាន់ធ័ររបស់វានោះ បានសាយភាយពេញបន្ទប់ទំនេរ និង សាលាជំនុំនោះ ។ យើងបានប្រញាប់ប្រមូលកំទិចកំទីដែលនៅសល់ពីចំហេះផាវ ហើយបានបើកបង្អួចដើម្បីឲ្យក្លិនផ្សែងនោះចេញទៅក្រៅបន្ទប់ រំពឹងដោយល្ងង់ខ្លៅថាគ្មាននរណាដឹងពីរឿងនោះឡើយ ។ សំណាងណាស់ គ្មាននរណាម្នាក់ត្រូវរបួស ហើយក៏គ្មានការខូតខាតអ្វីដែរ ។
នៅពេលសមាជិកបានមកចូលរួមការប្រជុំ ពួកគេបានធ៉ុំក្លិនផ្សែងដ៏ឆួលខ្លាំងនោះ ។ វាពិបាកថាមិនធ៉ុំក្លិនផ្សែងនោះណាស់ ។ ក្លិនផ្សែងនោះបានបំផ្លាញអារម្មណ៍នៃលក្ខណៈពិសិដ្ឋរបស់ការប្រជុំនោះ ។ ដោយសារមានអ្នកកាន់បព្វជិតភាពអើរ៉ុនតិចតួច—ហើយដោយគិតអំពីរឿងដុតផាវ និង ការចែកសាក្រាម៉ង—នោះខ្ញុំមានអារម្មណ៍ថាពុំសក្តិសម ដើម្បីទទួលទានវាឡើយ ។ នៅពេលថាសសាក្រាម៉ង់បានហុចឲ្យខ្ញុំ នោះខ្ញុំបានបដិសេធមិនហូបទាំងនំបុ័ង និង ទឹក ។ ខ្ញុំមានអារម្មណ៍មិនល្អសោះ ។ ខ្ញុំមានការអៀនខ្មាស ហើយខ្ញុំដឹងថាអ្វីដែលខ្ញុំបានធ្វើគឺមិនសព្វព្រះហឫទ័យដល់ព្រះឡើយ ។
បន្ទាប់ពីព្រះវិហារចប់ ប្រធានសាខា ហ្វ្រែង លីនប៊ើក ជាបុរសចំណាស់ដ៏ថ្លៃថ្នូរដែលមានសក់ស្កូវ បានសូមឲ្យខ្ញុំទៅការិយាល័យរបស់គាត់ ។ បន្ទាប់ពីខ្ញុំអង្គុយចុះហើយ គាត់បានមើលមកខ្ញុំដោយសុភាព ហើយនិយាយថា គាត់បានសម្គាល់ឃើញថាខ្ញុំពុំបានទទួលទានសាក្រាម៉ង់ទេ ។ គាត់បានសួរពីមូលហេតុ ។ ខ្ញុំសង្ស័យថាគាត់បានដឹងពីមូលហេតុនោះ ។ ខ្ញុំបានដឹងថាមនុស្សគ្រប់គ្នាបានដឹងអ្វីដែលខ្ញុំបានធ្វើ ។ បន្ទាប់ពីខ្ញុំបានប្រាប់គាត់ គាត់បានសួរពីអារម្មណ៍ខ្ញុំ ។ ខ្ញុំបានប្រាប់គាត់ទាំងយំថា ខ្ញុំសោកស្តាយ ហើយថាខ្ញុំបានធ្វើឲ្យព្រះខកព្រះទ័យ ។
ប្រធានលីនប៊ើក បានបើកព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញាដ៏ចាស់របស់គាត់មក ហើយបានសុំឲ្យខ្ញុំអានខគម្ពីរមួយចំនួនដែលមានគូសបន្ទាត់ពីក្រោម ។ ខ្ញុំបានអានខគម្ពីរដូចតទៅនេះឮៗ ៖
« មើលចុះ អ្នកណាដែលប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន អ្នកឈ្មោះថាបានអត់ទោសឲ្យហើយ ហើយយើងជាព្រះអម្ចាស់មិនចាំពីអំពើបាបទាំងនោះទៀតទេ ។
« តាមរបៀបនេះ អ្នករាល់គ្នាអាចដឹង បើសិនជាមនុស្សណាម្នាក់ប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួនមែន ឬអត់—មើលចុះ អ្នកនោះនឹងសារភាពអំពីអំពើបាបទាំងឡាយ ហើយលះបង់ចោលអំពើបាបទាំងនោះ » ។
ខ្ញុំនឹងមិនភ្លេចស្នាមញញឹមដ៏មានក្តីសណ្តោសរបស់ប្រធានលីនប៊ើក នៅពេលខ្ញុំបានមើលមុខគាត់បន្ទាប់ពីខ្ញុំអានខគម្ពីរនោះរួច ។ គាត់បានប្រាប់ខ្ញុំដោយអួលដើមកថា គាត់មានអារម្មណ៍ថា វាមិនជាថ្វីទេ ប្រសិនបើខ្ញុំត្រឡប់មកទទួលទានសាក្រាម៉ង់វិញនោះ ។ កាលខ្ញុំចេញពីការិយាល័យគាត់ទៅ ខ្ញុំមានអំណរដែលពុំអាចថ្លែងបាន ។
អំណរបែបនេះគឺកើតឡើងមកពីការប្រែចិត្ត ។ ពាក្យ ប្រែចិត្ត មានន័យថា « ភ្ញាក់ខ្លួន » ហើយសបញ្ជាក់ឲ្យឃើញពី « ការផ្លាស់ប្តូរ » ។ នៅក្នុងភាសាសុយអ៊ែតពាក្យ omvänd មានន័យសាមញ្ញថា « ត្រឡប់ក្រោយ » ។ អ្នកនិពន្ធគ្រិស្តសាសនិក ឈ្មោះ ស៊ី អេស លេវីស បានសរសេរអំពីតម្រូវការ និង យុទ្ធវិធីដើម្បីផ្លាស់ប្តូរ ។ លោកបានសរសេរថា ការប្រែចិត្តទាក់ទងទៅនឹង « ការត្រឡប់មកដើរលើផ្លូវត្រូវវិញ » ។ គាត់បាននិយាយថា « ការខុសច្រើនដងអាចធ្វើឲ្យត្រូវ ៖ ប៉ុន្តែលុះត្រាតែអ្នកត្រឡប់មកក្រោយវិញហើយរកឃើញកំហុស ព្រមទាំងកែលម្អខ្លួនចាប់ពីត្រង់ចំណុចនោះ គឺមិន បន្តធ្វើខុសទៀតឡើយ » ។ ការផ្លាស់ប្តូរឥរិយាបថរបស់យើង ហើយត្រឡប់មកដើរលើ « ផ្លូវត្រូវ » វិញគឺជាផ្នែកមួយនៃការប្រែចិត្ត ប៉ុន្តែវាគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ។ ការប្រែចិត្តដ៏ពិតប្រាកដក៏រួមមាននូវការបែរតម្រង់ចិត្ត និងបំណងរបស់យើងទៅរកព្រះ ហើយលះបង់ចោលអំពើបាប ។ ដូចបានពន្យល់នៅក្នុងគម្ពីរអេសេគាល ប្រែចិត្តគឺជាការ « បែរចេញពី… អំពើបាប … ប្រព្រឹត្តសេចក្តីដែលទៀងត្រង់ហើយត្រឹមត្រូវ … ប្រគល់របស់បញ្ចាំដល់ម្ចាស់វិញ … [ ហើយ ] ដើរតាមអស់ទាំងច្បាប់នៃជីវិតនេះ ឥតប្រព្រឹត្តទុច្ចរិតឡើយ » ។
ប៉ុន្តែនេះមិនមែនជាការពិពណ៌នាសព្វគ្រប់សេចក្តីឡើយ ។ វាពុំបង្ហាញឲ្យឃើញអំណាចត្រឹមត្រូវ ដែលអាចធ្វើឲ្យមានការប្រែចិត្តបានដូចពលិកម្មធួនរបស់ព្រះអង្គសង្គ្រោះរបស់យើងបានឡើយ ។ ការប្រែចិត្តពិតប្រាកដត្រូវទាក់ទងនឹងសេចក្តីជំនឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាសេចក្តីជំនឿថាទ្រង់អាចផ្លាស់ប្តូរយើង ជាសេចក្តីជំនឿថាទ្រង់អាចអភ័យទោសឲ្យយើង ជាសេចក្តីជំនឿថាទ្រង់នឹងជួយយើងឲ្យចៀសផុតពីការធ្វើខុស ។ សេចក្តីជំនឿបែបនេះអាចធ្វើឲ្យដង្វាយធួនរបស់ទ្រង់មានឥទ្ធិពលនៅក្នុងជីវិតយើង ។ នៅពេលយើង « ភ្ញាក់ខ្លួន » ហើយ « ត្រឡប់ក្រោយ » ដោយមានជំនួយពីព្រះអង្គសង្គ្រោះ នោះយើងអាចមានអារម្មណ៍នៃសេចក្តីសង្ឃឹមទ្រង់នៅក្នុងការសន្យាទ្រង់ និង មានអំណរនៃការអភ័យទោស ។ បើគ្មានព្រះអង្គប្រោសលោះទេ នោះសេចក្តីសង្ឃឹម និង ចំហាយនៃអំណរ ព្រមទាំងការប្រែចិត្តដែលកើតមាននោះគឺគ្រាន់តែជាការកែប្រែឥរិយាបថនៃទុក្ខវេទនាប៉ុណ្ណោះ ។ ប៉ុន្តែតាមរយៈការអនុវត្តសេចក្តីជំនឿលើទ្រង់ នោះយើងប្រែចិត្តជឿលើសមត្ថភាព និង ព្រះហឫទ័យទ្រង់ដើម្បីអភ័យទោសពីបាប ។
ប្រធាន ប៊យដ៏ ឃេផាកកឺ បានបញ្ជាក់ពីការសន្យាដែលពោរពេញដោយក្តីសង្ឃឹមនៃការប្រែចិត្តនៅក្នុងខែមេសា ឆ្នាំ ២០១៥ នៅក្នុងសុន្ទរកថាចុងក្រោយរបស់លោកក្នុងសន្និសីទទូទៅ ។ លោកបានពិពណ៌នាអំពីអំណាចនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ក្នុងការព្យាបាលជាអ្វីមួយ ដែលខ្ញុំគិតពិចារណាថាជាការសង្ខេបអំពីប្រាជ្ញាដែលលោកបានទទួលនៅក្នុងរយៈពេលហាសិបឆ្នាំនៃការបម្រើជាសាវក ។ ប្រធាន ផាកកឺ បានថ្លែងដូចនេះ ៖ « ដង្វាយធួនពុំបន្សល់តម្រុយ ពុំបន្សល់ស្លាកស្នាមអ្វីឡើយ ។ អ្វីដែលវាប៉ះបូវនោះបានធ្វើរួចហើយ ។ …វាជាសះស្បើយហើយ ហើយអ្វីដែលវាព្យាបាលហើយនោះបន្តសះស្បើយរហូត » ។
លោកបានបន្ត ៖
« ដង្វាយធួនអាចកែយើងម្នាក់ៗជាថ្មី ដោយគ្មាននៅដានស្នាមឡើយ ។ នោះមានន័យថា មិនថាយើងបានធ្វើអ្វី ឬយើងបានទៅកន្លែងណា ឬមានអ្វីមួយកើតឡើងដោយរបៀបណានោះទេ បើយើងបានប្រែចិត្តពិតប្រាកដនោះ [ ព្រះអង្គសង្គ្រោះ ] បានសន្យាថា ទ្រង់នឹងធ្វើឲ្យធួន ។ ហើយនៅពេលទ្រង់ធ្វើឲ្យធួន នោះទ្រង់ដោះស្រាយរឿងនោះហើយ ។ …
… ដង្វាយធួន…អាចលាងសម្អាតគ្រប់ស្លាកស្នាមមិនថា វាលំបាក ឬយូរប៉ុណ្ណា ឬញឹកញាប់ប៉ុណ្ណាទេ » ។
ទំហំឥទ្ធិពលនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះគឺគ្មានទីបញ្ចប់ឡើយសម្រាប់បងប្អូន និង រូបខ្ញុំ ។ ប៉ុន្តែវានឹងពុំដែរត្រូវបានបង្ខំឲ្យមកលើយើងឡើយ ។ ដូចព្យាការីលីហៃបានពន្យល់ បន្ទាប់ពីយើង « ត្រូវបានប្រៀនប្រដៅគ្រប់គ្រាន់ » ឲ្យ « ដឹងខុស និងត្រូវ » នោះយើង « មានសិទ្ធិនឹងរើសយកឥស្សរភាព និង ជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈព្រះជាអ្នកសង្រួបសង្រួមដ៏ធំរបស់មនុស្សលោកទាំងអស់ ឬ ក៏រើសយកការជាប់ឃុំឃាំង និង ការស្លាប់ » ។ និយាយម្យ៉ាងទៀតថា ការប្រែចិត្តគឺជាជម្រើសមួយ ។
យើងអាច—ហើយជួនកាល—ធ្វើការជ្រើសរើសផ្សេងៗ ។ ជម្រើសបែបនោះទំនងជាពុំខុសឆ្គងខ្លាំងឡើយ ប៉ុន្តែវារារាំងយើងមិនឲ្យកាន់តែមានចិត្តសង្រែងពិតប្រាកដ ដូច្នោះហើយវាបញ្ចប់ចំណាប់អារម្មណ៍នៃការប្រែចិត្តពិតប្រាកដ ។ ឧទាហរណ៍ យើងអាចជ្រើសយកការស្តីបន្ទោសដល់អ្នកដទៃ ។ កាលខ្ញុំអាយុ ១២ ឆ្នាំរស់នៅទីក្រុង ហ្គតប៊ក ខ្ញុំអាចបន្ទោសស្ទេហ្វាន ។ គាត់គឺជាអ្នកនាំអាទិ៍យកផាវធំ និង ឈើគូសនោះមកព្រះវិហារ ។ ប៉ុន្តែការបន្ទោសអ្នកដទៃ ទោះវាត្រឹមត្រូវក្តី វាធ្វើឲ្យយើងដោះសាចំពោះឥរិយាបថរបស់យើង ។ ការធ្វើបែបនេះ យើងប្តូរការទទួលខុសត្រូវនៃសកម្មភាពយើងទៅលើមនុស្សដទៃ ។ នៅពេលការទទួលខុសត្រូវនោះត្រូវបានទម្លាក់ទៅគេផ្សេងទៀត នោះយើងបានបន្ថយទាំងតម្រូវការ និង សមត្ថភាពយើងដើម្បីធ្វើសកម្មភាព ។ យើងប្រែខ្លួនយើងទៅជាជនរងគ្រោះដ៏អភ័ព្វ ជាជាងធ្វើជាភ្នាក់ងារមានសមត្ថភាពដែលធ្វើសកម្មភាពដោយឯករាជ្យ ។
ជម្រើសមួយផ្សេងទៀតដែលរារាំងការប្រែចិត្តនោះគឺ ការបង្រួមកំហុសរបស់យើង ។ គ្មានអ្នករងរបួសឡើយនៅក្នុងហេតុការណ៍នៃការដុតផាវនៅក្នុងទីក្រុង ហ្គតប៊កនោះ គ្មានការខូចខាតកើតមានឡើងឡើយ ហើយការប្រជុំក៏បានដំណើរការទៅផងដែរ ។ វាងាយស្រួលនឹងនិយាយថា គ្មានហេតុផលអ្វីដែលត្រូវប្រែចិត្តឡើយ ។ ប៉ុន្តែការបង្រួមកំហុសរបស់យើង ទោះបីជាគ្មានលទ្ធផលកើតឡើងភ្លាមៗក្តី វាដកយកការជំរុញចិត្តឲ្យផ្លាស់ប្តូរចេញពីយើង ។ ការគិតបែបនេះរារាំងយើងពីការមើលឃើញថា កំហុស និង អំពើបាបយើងមានលទ្ធផលអស់កល្បជានិច្ច ។
ឬម្យ៉ាងទៀតយើងគិតថា អំពើបាបយើងមិនធំដុំឡើយ ដោយសារព្រះស្រឡាញ់ពួកយើង មិនថាយើងធ្វើអ្វីនោះឡើយ ។ វាល្បួងឲ្យយើងជឿលើអ្វីដែលជនបោកបញ្ឆោត នីហូរ បានបង្រៀនប្រជាជនសារ៉ាហិមឡា ៖ « មនុស្សលោកទាំងអស់ត្រូវតែបានសង្គ្រោះ នៅថ្ងៃចុងក្រោយបង្អស់ ហើយថា ពួកគេមិនចាំបាច់ខ្លាច ឬញាប់ញ័រទេ…ហើយនៅទីបញ្ចប់ មនុស្សទាំងអស់នឹងមានជីវិតដ៏នៅអស់កល្បជានិច្ច » ។ ប៉ុន្តែគំនិតលួងលោមនេះគឺខុសឆ្គងហើយ ។ ព្រះទ្រង់ពិតជាស្រឡាញ់យើង ។ ប៉ុន្តែអ្វីដែលយើងធ្វើគឺចាំបាច់ចំពោះទ្រង់ និង ចំពោះយើង ។ ទ្រង់បានប្រទានការណែនាំច្បាស់លាស់ អំពីរបៀបដែលយើងគប្បីប្រព្រឹត្ត ។ យើងហៅវាថាព្រះបញ្ញត្តិ ។ ការអនុមតិរបស់ទ្រង់ និង ជីវិតដ៏នៅអស់កល្បជានិច្ចរបស់យើង អាស្រ័យលើឥរិយាបថ រួមទាំងឆន្ទៈរបស់យើងដើម្បីស្វែងរកការប្រែចិត្តពិតប្រាកដដោយរាបសា ។
លើសពីនេះទៀត យើងពុំប្រែចិត្តពិតប្រាកដឡើយ នៅពេលយើងជ្រើសញែកខ្លួនចេញពីព្រះ ដោយមិនគោរពបទបញ្ញត្តិទ្រង់នោះ ។ លើសពីនេះទៀត ប្រសិនបើពិធីសាក្រាម៉ង់មិនពិសិដ្ឋទេ នោះវាមិនជាបញ្ហាអ្វីឡើយ ដែលក្លិនផ្សែងផាវរំខានដល់ការប្រជុំសាក្រាម៉ង់នៅ ហ្គតប៊កនោះ ។ យើងគប្បីប្រុងប្រយ័ត្ននឹងការមើលស្រាលលើឥរិយាបថនៃអំពើបាប ដោយការរំលង ឬ ច្រានចោលបទបញ្ញត្តិដែលព្រះបានបង្កើតឡើងឡើយ ។ ការប្រែចិត្តពិតប្រាកដតម្រូវឲ្យទទួលស្គាល់ភាពជាព្រះរបស់ព្រះអង្គសង្គ្រោះ និង សេចក្តីពិតដ៏ពោរពេញនៃកិច្ចការរបស់ទ្រង់នាថ្ងៃចុងក្រោយនេះ ។
ជំនួសឲ្យការដោះសាផ្សេងៗ ចូរយើងជ្រើសយកការប្រែចិត្ត ។ តាមរយៈការប្រែចិត្ត យើងអាចភ្ញាក់ដឹងខ្លួនដូចជាកូនប្រុសខ្ជះខ្ជាយនៅក្នុងរឿងប្រដូច ហើយពិចារណាអំពីសារៈសំខាន់អស់កល្បជានិច្ចនៃសកម្មភាពយើង ។ នៅពេលយើងយល់ពីរបៀបដែលអំពើបាបយើង អាចជះឥទ្ធិពលដល់សុភមង្គលអស់កល្បជានិច្ចរបស់យើង នោះយើងពុំគ្រាន់តែប្រែជាមានចិត្តសង្រែងពិតប្រាកដនោះទេ ប៉ុន្តែយើងព្យាយាមប្រែខ្លួនយើងកាន់តែប្រសើរឡើងផងដែរ ។ យើងជួបនឹងការល្បួង យើងទំនងជាសួរខ្លួនឯង ដូចពាក្យសម្តីរបស់ វីល្លាម ស្សេក ស្ពៀរ ដូចនេះ ៖
ប្រសិនបើយើងភ្លេចអំពីភាពអស់កល្ប ដោយសារតែតុកត្តាមួយ នោះយើងអាចជ្រើសប្រែចិត្ត ។ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងមានឱកាសម្តងទៀត ។ តាមការប្រៀបធៀបនេះ យើងអាចប្តូរតុក្កតាដែលយើងបានទិញដោយភាពឆោតល្ងង់ ដែលយើងគិតថាវាសំខាន់នោះបាន ហើយទទួលសេចក្តីសង្ឃឹមនៃភាពអស់កល្បជានិច្ចម្តងទៀត ។ ដូចព្រះអង្គសង្គ្រោះបានពន្យល់ថា « ដ្បិតមើលចុះ ព្រះអម្ចាស់ដ៏ជាព្រះប្រោសលោះរបស់អ្នក ទ្រង់បានរងសេចក្ដីស្លាប់នៅក្នុងសាច់ឈាម ម្ល៉ោះហើយ ទ្រង់បានរងការឈឺចាប់នៃមនុស្សលោកទាំងអស់ ដើម្បីឲ្យមនុស្សលោកទាំងអស់អាចប្រែចិត្ត ហើយមករកព្រះអង្គបាន » ។
ព្រះយេស៊ូវគ្រីស្ទអាចអភ័យទោសបាន ដោយសារទ្រង់បានបង់ថ្លៃអំពើបាបរបស់យើងរួចហើយ ។
ព្រះដ៍ប្រោសលោះរបស់យើងជ្រើសយកការអភ័យទោស ដោយសារក្តីអាណិតអាសូរ សេចក្តីមេត្តាករុណា និង សេចក្តីស្រឡាញ់ដ៏ឥតប្រៀបផ្ទឹមរបស់ទ្រង់ ។
ព្រះអង្គសង្គ្រោះយើងមានព្រះទ័យអភ័យទោស ដោយសារនេះគឺជាលក្ខណៈមួយនៃភាពជាព្រះរបស់ទ្រង់ ។
ហើយដូចទ្រង់គឺជាអ្នកគង្វាលល្អ នោះទ្រង់សព្វព្រះទ័យ ពេលយើងជ្រើសប្រែចិត្ត ។
ទោះបីយើងមានសេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះចំពោះទង្វើយើងក្តី នៅពេលយើងជ្រើសដើម្បីប្រែចិត្ត នោះយើងយាងព្រះអង្គសង្គ្រោះមកក្នុងជីវិតយើងភ្លាម ។ ដូចអាម៉ូលេកបានបង្រៀនថា « ចេញមក ហើយចូរកុំធ្វើចិត្តរឹងរូសទៀតឡើយ ដ្បិតមើលចុះ ឥឡូវនេះគឺជាពេលវេលា និងថ្ងៃនៃសេចក្ដីសង្គ្រោះរបស់អ្នកហើយ ហេតុដូច្នេះហើយ បើសិនជាអ្នករាល់គ្នាប្រែចិត្ត ហើយពុំធ្វើចិត្តរឹងរូសទេ រំពេចនោះ ផែនការនៃសេចក្ដីប្រោសលោះដ៏មហិមានឹងបានមកដល់អ្នក » ។ យើងអាចមានសេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះចំពោះទង្វើយើង ហើយនៅពេលជាមួយគ្នានោះ យើងក៏មានអារម្មណ៍អំណរដែលមានជំនួយពីព្រះអង្គសង្គ្រោះ ។
មូលហេតុដែលយើងអាចប្រែចិត្តបាននោះគឺដោយសារដំណឹងល្អ ! ទោសបាន « បំបាត់ចោលទៅ » ។ យើងអាចពោរពេញទៅដោយអំណរ ដោយបានទទួលការផ្ដាច់បាបទាំងឡាយរបស់យើង ហើយដោយមាន « សេចក្ដីសុខសាន្តក្នុងសតិសម្បជញ្ញៈ » ។ យើងអាចមានអារម្មណ៍ជ្រះស្រឡះអំពីភាពអស់សង្ឃឹម និង ចំណងនៃអំពើបាប ។ យើងអាចពោរពេញដោយពន្លឺដ៏អស្ចារ្យនៃព្រះ ហើយ « ពុំឈឺចាប់ទៀតទេ » ។ ការប្រែចិត្តមិនគ្រាន់តែជាកិច្ចការដែលអាចធ្វើបាននោះទេ ប៉ុន្តែថែមទាំងជាកិច្ចការដែលមានអំណរដោយសារតែព្រះអង្គសង្គ្រោះរបស់យើង ។ ខ្ញុំនៅតែចាំពីអារម្មណ៍ដែលខ្ញុំមានកាលនៅក្នុងការិយាល័យរបស់ប្រធានសាខាខ្ញុំ បន្ទាប់ពីផាវបានផ្ទុះ ។ ខ្ញុំបានដឹងថា ខ្ញុំត្រូវបានអភ័យទោសឲ្យ ។ អារម្មណ៍ខុសឆ្គងដែលខ្ញុំមានបានរសាយបាត់ អារម្មណ៍ទុក្ខព្រួយរបស់ខ្ញុំបានធូរស្បើយ ហើយចិត្តខ្ញុំបានភ្លឺថ្លា ។
បងប្អូនប្រុសស្រី នៅពេលយើងបញ្ចប់សន្និសីទនេះទៅ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យមានអំណរកាន់តែច្រើនឡើងនៅក្នុងជីវិត ៖ ជាអំណរនៅក្នុងការដឹងថា ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទគឺពិតប្រាកដ មានអំណរលើសមត្ថភាព ព្រះហឫទ័យ និង ព្រះរាជបំណងរបស់ព្រះអង្គសង្គ្រោះ ដើម្បីអភ័យទោសឲ្យយើង និង មានអំណរក្នុងការជ្រើសយកការប្រែចិត្ត ។ ចូរយើងធ្វើតាមការត្រាស់បង្គាប់ឲ្យ « ដងទឹកពីអណ្តូងនៃសេចក្តីសង្គ្រោះ…ដោយអំណរ » ។ សូមឲ្យយើងជ្រើសយកការភ្ញាក់ខ្លួន បោះបង់អំពើបាបរបស់យើង បង្វែរដួងចិត្ត និង ឆន្ទៈយើងត្រឡប់មកធ្វើតាមព្រះអង្គសង្គ្រោះយើងវិញ ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីការមានព្រះជន្មរស់ដ៏ពិតរបស់ទ្រង់ ។ ខ្ញុំជាសាក្សី និង ជាអ្នកទទួលក្តីសណ្តោស ក្ដីមេត្តាករុណា ព្រមទាំងសេចក្ដីស្រឡាញ់ដ៏ឥតប្រៀបផ្ទឹមរបស់ទ្រង់ជារឿយៗ ។ ឥឡូវនេះខ្ញុំអធិស្ឋានទូលសូមឲ្យពរជ័យនៃការប្រោសលោះនៃដង្វាយធួនរបស់ទ្រង់ឲ្យក្លាយជារបស់បងប្អូន—ហើយទទួលពរជ័យនោះម្តងហើយម្តងទៀត ពេញមួយជីវិតរបស់បងប្អូន ដូចដែលពរជ័យទាំងនោះបានប្រទានដល់ខ្ញុំដែរ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។