ប្រយោជន៍ឲ្យអ្នកនោះអាចត្រឡប់ជាមានកម្លាំងខ្លាំងឡើងដែរ
ខ្ញុំសូមអធិស្ឋានថា យើងនឹងបំពេញការហៅរបស់យើងដើម្បីលើកស្ទូយមនុស្សដទៃទៀតឲ្យរៀបចំខ្លួនសម្រាប់ការបម្រើដ៏រុងរឿងរបស់ពួកគេ ។
កាលខ្ញុំបានចូលរួមការប្រជុំនេះជាមួយនឹងពួកអ្នកកាន់បព្វជិតភាពនៃព្រះ ខ្ញុំមានអារម្មណ៍ថាមានពរណាស់ ។ ការលះបង់ សេចក្ដីជំនឿ និងការបម្រើដ៏ឥតសំចៃនៃក្រុមបុរស និងយុវជននេះគឺជាអព្ភូតហេតុសម័យទំនើបមួយ ។ នារាត្រីនេះ ខ្ញុំនិយាយទៅកាន់ពួកអ្នកកាន់បព្វជិតភាព ទាំងចាស់ ទាំងក្មេង ដែលបានសាមគ្គីគ្នានៅក្នុងការបម្រើដ៏អស់ពីដួងចិត្តចំពោះព្រះអម្ចាស់ យេស៊ូវគ្រីស្ទ ។
ព្រះអម្ចាស់ប្រទានព្រះចេស្ដាទ្រង់ដល់ពួកអ្នកកាន់បព្វជិតភាពគ្រប់ជាន់ថ្នាក់ដែលបម្រើដោយសក្ដិសមនៅក្នុងកាតព្វកិច្ចបព្វជិតភាពរបស់ខ្លួន ។
លោក វិលហ្វូឌ វូឌដ្រុព្វ ជាប្រធាននៃសាសនាចក្រ បានពិពណ៌នាអំពីបទពិសោធន៍របស់លោកនៅក្នុងតំណែងនៃបព្វជិតភាព ៖
« ខ្ញុំបានស្ដាប់ឮទេសនកថាជាលើកដំបូង ដែលខ្ញុំពុំធ្លាប់ស្តាប់ពីមុនមកនៅក្នុងសាសនាចក្រនេះ ។ ថ្ងៃស្អែកឡើងខ្ញុំបានជ្រមុជទឹក ។ … ខ្ញុំត្រូវបានតែងតាំងជាថ្នាក់គ្រូ ។ រំពេចនោះ បេសកកម្មរបស់ខ្ញុំបានចាប់ផ្ដើម ។ … ខ្ញុំបានឆ្លងកាត់បេសកកម្មនោះក្នុងនាមជាគ្រូ ។ …ខ្ញុំត្រូវបានតែងតាំងជាសង្ឃនៅឯសន្និសីទ ។ … បន្ទាប់ពីខ្ញុំត្រូវបានតែងតាំងជាសង្ឃមក ខ្ញុំត្រូវបានបញ្ជូនឲ្យ…ទៅធ្វើបេសកកម្មមួយនៅភាគខាងត្បូងនៃប្រទេស ។ ពេលនោះជារដូវស្លឹកឈើជ្រុះនាឆ្នាំ ១៨៣៤ ។ ខ្ញុំមានដៃគូម្នាក់នៅជាមួយខ្ញុំ ហើយយើងបានចាប់ផ្ដើមដោយគ្មានកាបូប និងយាមឡើយ ។ ខ្ញុំបានធ្វើដំណើរតែម្នាក់ឯងលើចម្ងាយផ្លូវយ៉ាងឆ្ងាយដើម្បីប្រកាសដំណឹងល្អ ហើយខ្ញុំបានជ្រមុជទឹកមនុស្សជាច្រើន ដែលខ្ញុំពុំអាចធ្វើពិធីបញ្ជាក់ឲ្យបាន ដោយសារខ្ញុំគ្រាន់តែជាសង្ឃ ។ … ខ្ញុំបានធ្វើដំណើរអស់មួយរយៈដើម្បីប្រកាសដំណឹងល្អពីមុនបានតែងតាំងជាអែលឌើរ ។ …
« [ ឥឡូវនេះ ] ខ្ញុំបានក្លាយជាសមាជិកម្នាក់នៃពួកសាវកទាំងដប់ពីរនាក់អស់រយៈពេលហាសិបបួនឆ្នាំហើយ ។ ឥឡូវនេះ ខ្ញុំបានធ្វើដំណើរជាមួយនឹងកូរ៉ុមនោះ និងកូរ៉ុមផ្សេងទៀតអស់រយៈពេល ហុកសិបឆ្នាំ ហើយខ្ញុំចង់និយាយទៅក្រុមជំនុំនេះថា ខ្ញុំមានការគាំទ្រនៅក្នុងកម្រិតដូចគ្នានៃព្រះចេស្ដានៃព្រះ កាលខ្ញុំមានតំណែងជាគ្រូ ហើយជាពិសេស កាលខ្ញុំធ្វើកិច្ចការរបស់ព្រះក្នុងនាមជាសង្ឃ និងពេលខ្ញុំធ្វើជាសាវក ។ គ្មានភាពខុសគ្នានៅក្នុងរឿងនេះឡើយ ដរាបណាយើងធ្វើកាតព្វកិច្ចរបស់យើង » ។
លទ្ធភាពខាងវិញ្ញាណដ៏អស្ចារ្យនៃភាពដូចគ្នានេះត្រូវបានណែនាំនៅក្នុងការពិពណ៌នារបស់ព្រះអម្ចាស់អំពីបព្វជិតភាពអើរ៉ុនថាជា « ការបន្តោងបញ្ជាប់ » នៃបព្វជិតភាពមិលគីស្សាដែក ។ ពាក្យ ការបន្តោងបញ្ជាប់ មានន័យថា វត្ថុពីរតភ្ជាប់គ្នា ។ ការតភ្ជាប់នេះមានសារៈសំខាន់ចំពោះបព្វជិតភាពដើម្បីក្លាយជាកម្លាំង និងពរជ័យដែលអាចកើតមាននៅក្នុងពិភពលោកនេះ និងជារៀងរហូត ដ្បិតវា « គ្មានទីចាប់ផ្ដើម ឬឆ្នាំបញ្ចប់ឡើយ » ។
ការតភ្ជាប់នេះគឺជារឿងមួយសាមញ្ញ ។ បព្វជិតភាពអើរ៉ុនរៀបចំយុវជនសម្រាប់ការទុកចិត្តមួយកាន់តែពិសិដ្ឋ ។
« អំណាច និងសិទ្ធិអំណាចនៃរបស់ខ្ពស់ជាង ឬបព្វជិតភាពមិលគីស្សាដែក គឺត្រូវកាន់កូនសោទាំងឡាយនៃអស់ទាំងព្រះពរខាងវិញ្ញាណនៅក្នុងសាសនាចក្រ —
« ដើម្បីមានឯកសិទ្ធិក្នុងការទទួលយកសេចក្ដីអាថ៌កំបាំងទាំងឡាយនៃនគរស្ថានសួគ៌ ដើម្បីឲ្យស្ថានសួគ៌បានបើកចំហចំពោះពួកគេ ដើម្បីទាក់ទងជាមួយនឹងជំនុំទូទៅ និងសាសនាចក្រនៃកូនច្បង ហើយដើម្បីត្រេកអរចំពោះសេចក្ដីរួបរួមគ្នា និងវត្តមាននៃព្រះដ៏ជាព្រះវរបិតា និងព្រះយេស៊ូវដ៏ជាអ្នកកណ្ដាលនៃសេចក្ដីសញ្ញាថ្មី » ។
កូនសោបព្វជិតភាពទាំងនោះត្រូវបានប្រើប្រាស់យ៉ាងពេញលេញដោយបុរសម្នាក់ ដែលជាប្រធាន និងជាសង្ឃជាន់ខ្ពស់ជាអធិបតីនៃសាសនាចក្ររបស់ព្រះអម្ចាស់ប៉ុណ្ណោះ ។ បន្ទាប់មក តាមរយៈការផ្ទេរសិទ្ធិអំណាចរបស់លោក បុរសគ្រប់រូបដែលកាន់បព្វជិតភាពមិលគីស្សាដែកអាចទទួលបានសិទ្ធិអំណាច និងឯកសិទ្ធិនៃការនិយាយ និងការធ្វើកិច្ចការក្នុងព្រះនាមនៃព្រះដ៏មានមហិទ្ធិឫទ្ធិ ។ អំណាចនោះគ្មានទីបញ្ចប់ឡើយ ។ វាទាក់ទងនឹងជីវិត និងការស្លាប់ គ្រួសារ និងសាសនាចក្រ លក្ខណៈដ៏អស្ចារ្យនៃព្រះ និងកិច្ចការអស់កល្បរបស់ទ្រង់ ។
ព្រះអម្ចាស់កំពុងរៀបចំអ្នកកាន់បព្វជិភាពអើរ៉ុនឲ្យក្លាយជាអែលឌើរម្នាក់ដែលនឹងបម្រើដោយសេចក្ដីជំនឿ អំណាច និងការដឹងគុណនៅក្នុងបព្វជិតភាពមិលគីស្សាដែកដ៏រុងរឿងនោះ ។
ចំពោះពួកអែលឌើរ ការដឹងគុណដ៏ជ្រាលជ្រៅនឹងក្លាយជាកត្តាដ៏ចាំបាច់ចំពោះការធ្វើនូវផ្នែករបស់ខ្លួននៅក្នុងការបម្រើបព្វជិតភាពដ៏ពេញលេញ ។ បងប្អូននឹងចងចាំកាលនៅជាឌីកុន គ្រូ ឬសង្ឃ ជាពេលដែលពួកអ្នកកាន់បព្វជិតភាពខ្ពស់ជាងបានឈោងទៅជួយ ហើយលើកទឹកចិត្តបងប្អូននៅក្នុងដំណើរនៃបព្វជិតភាពរបស់បងប្អូន ។
អ្នកកាន់បព្វជិតភាពមិលគីស្សាដែកគ្រប់រូបមាននូវការចងចាំនេះ ប៉ុន្តែអារម្មណ៍នៃការដឹងគុណអាចនឹងធ្លាក់ចុះ កាលពេលវេលាចេះតែកន្លងទៅ ។ ក្ដីសង្ឃឹមរបស់ខ្ញុំគឺចង់រំឭកពីអារម្មណ៍នោះឡើងវិញ ហើយជាមួយនឹងអារម្មណ៍នោះ បងប្អូននឹងមានការតាំងចិត្តដើម្បីផ្ដល់ជំនួយដូចគ្នាដែលបងប្អូនធ្លាប់ទទួលពីមុន ដល់មនុស្សគ្រប់គ្នាតាមដែលបងប្អូនអាចធ្វើបាន ។
ខ្ញុំនៅចាំពីប៊ីស្សពម្នាក់ដែលបានប្រព្រឹត្តចំពោះខ្ញុំហាក់ដូចជាខ្ញុំមានសក្ដានុពលនៅក្នុងអំណាចបព្វជិតភាព ។ កាលខ្ញុំនៅជាសង្ឃ នៅថ្ងៃអាទិត្យមួយ គាត់បានទូរសព្ទមកខ្ញុំ ។ គាត់ប្រាប់ថា គាត់ត្រូវការខ្ញុំធ្វើជាដៃគូគាត់ទៅសួរសុខទុក្ខសមាជិកខ្លះៗក្នុងវួដរបស់យើង ។ គាត់បានធ្វើដូចជាខ្ញុំជាក្ដីសង្ឃឹមតែមួយគត់ ដែលគាត់អាចសម្រេចកិច្ចការនេះបាន ។ គាត់ពុំបានត្រូវការខ្ញុំទេ ។ គាត់មានទីប្រឹក្សាដ៏ល្អនៅក្នុងគណៈប៊ីស្សពរបស់គាត់ ។
យើងបានទៅសួរសុខទុក្ខស្ដ្រីមេម៉ាយម្នាក់ដែលក្រីក្រ ហើយស្រេកឃ្លាន ។ គាត់ចង់ឲ្យខ្ញុំជួយគាត់យល់ពីដួងចិត្តស្ត្រីនោះ សំណូមពរឲ្យស្ត្រីនោះធ្វើ និងប្រើថវិកាមួយ ហើយសន្យាដល់ស្ត្រីនោះថា ស្ត្រីនោះអាចនឹងក្រោកឈរឡើងបាន ដែលពុំគ្រាន់តែមើលថែដល់ខ្លួនឯងប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងជួយដល់មនុស្សដទៃទៀតផង ។
បន្ទាប់មកយើងបានទៅលួងលោមចិត្តដល់ក្មេងស្រីពីរនាក់ដែលរស់នៅក្នុងស្ថានភាពដ៏លំបាកមួយ ។ នៅពេលយើងដើរចេញមកវិញ ប៊ីស្សពបានខ្សឹបប្រាប់ខ្ញុំថា « ក្មេងទាំងនោះនឹងចាំជានិច្ចថា យើងបានមកលេងពួកគេ » ។
នៅផ្ទះបន្ទាប់ទៀត ខ្ញុំបានឃើញពីរបៀបអញ្ជើញបុរសមិនសូវសកម្មម្នាក់ឲ្យត្រឡប់មករកព្រះអម្ចាស់វិញតាមរយៈការធ្វើឲ្យគាត់ជឿថា សមាជិកវួដត្រូវការគាត់ ។
ប៊ីស្សពនោះគឺជាអ្នកកាន់បព្វជិភាពមិលគីស្សាដែកដែលកំពុងជួយខ្ញុំឲ្យស្គាល់ពីសក្ដានុពលរបស់ខ្ញុំ ហើយបំផុសគំនិតខ្ញុំតាមរយៈគំរូគាត់ ។ គាត់បានបង្រៀនខ្ញុំដើម្បីមានអំណាច និងភាពក្លាហានចេញទៅគ្រប់ទីកន្លែងនៅក្នុងការបម្រើចំពោះព្រះអម្ចាស់ ។ គាត់បានលាចាកលោកនេះ ទៅទទួលរង្វាន់របស់គាត់ហើយ ប៉ុន្តែខ្ញុំនៅចងចាំគាត់ ដោយសារគាត់បានជួយលើកខ្ញុំឡើង កាលខ្ញុំជាអ្នកកាន់បព្វជិភាពអើរ៉ុនដែលខ្វះបទពិសោធន៍ ។ ក្រោយមកទៀត ខ្ញុំបានដឹងថា គាត់បានមើលឃើញខ្ញុំឈរនៅលើផ្លូវនៃការទទួលខុសត្រូវដ៏ធំនៃបព្វជិតភាពនាពេលអនាគត ដែលពេលនោះខ្ញុំពុំបានដឹងឡើយ ។
ឪពុកខ្ញុំបានធ្វើរឿងដូចគ្នានេះចំពោះខ្ញុំ ។ គាត់គឺជាអ្នកកាន់បព្វជិតភាពម្នាក់ដែលមានបទពិសោធន៍ច្រើន ហើយឆ្លាតវៃ ។ មានគ្រាមួយ គាត់ត្រូវបានសាវកមួយរូបសុំឲ្យគាត់សរសេរសារខ្លីមួយអំពីភស្តុតាងខាងវិទ្យាសាស្ត្រថាតើផែនដីនេះមានអាយុកាលប៉ុន្មានឆ្នាំ ។ គាត់បានសរសេរយ៉ាងប្រុងប្រយ័ត្ន ដោយដឹងថា មនុស្សមួយចំនួនដែលអាននឹងមានអារម្មណ៍ជឿជាក់ថា ផែនដីនេះមានអាយុកាលតិចជាងភស្ដុតាងខាងវិទ្យាសាស្ត្របានប្រាប់ ។
ខ្ញុំនៅចាំថា ឪពុកខ្ញុំបានហុចនូវអ្វីដែលគាត់បានសរសេរមកឲ្យខ្ញុំ ហើយពោលមកខ្ញុំថា « កូនសម្លាញ់ កូនមានប្រាជ្ញាខាងវិញ្ញាណដើម្បីដឹងថា ប៉ាគួរផ្ញើឯកសារនេះទៅពួកសាវក និងពួកព្យាការីដែរឬទេ » ។ ខ្ញុំពុំចាំច្រើនពីអ្វីដែលសរសេរនៅលើក្រដាសនោះឡើយ ប៉ុន្តែខ្ញុំចាំពុំភ្លេចពីអំណរគុណដែលខ្ញុំមានចំពោះអ្នកកាន់បព្វជិតភាពមិលគីស្សាដែកដ៏អស្ចារ្យម្នាក់ដែលបានមើលឃើញប្រាជ្ញាខាងវិញ្ញាណនៅក្នុងខ្លួនខ្ញុំ ដែលខ្ញុំមើលមិនឃើញ ។
នៅប៉ុន្មានឆ្នាំក្រោយមក មានយប់មួយ បន្ទាប់ពីខ្ញុំបានតែងតាំងជាសាវក ព្យាការីរបស់ព្រះបានទូរសព្ទមកខ្ញុំ ហើយសុំឲ្យខ្ញុំអានរឿងមួយដែលបានសរសេរអំពីគោលលទ្ធិរបស់សាសនាចក្រ ។ លោកបានចំណាយពេលពេញមួយយប់អានជំពូកជាច្រើននៅក្នុងសៀវភៅមួយ ។ លោកបានថ្លែងទាំងអស់សំណើចថា « ខ្ញុំពុំអាចបញ្ចប់សៀវភៅនេះបានទេ ។ លោកមិនគួរសម្រាក កាលខ្ញុំកំពុងធ្វើការនោះទេ » ។ រួចហើយលោកបានប្រើពាក្យស្ទើរតែដូចគ្នានឹងពាក្យដែលឪពុកខ្ញុំបានប្រើជាច្រើនឆ្នាំមុន ៖ « កូនសម្លាញ់ កូនជាមនុស្សម្នាក់ដែលគួរតែអានសៀវភៅនេះ ។ លោកនឹងដឹង ថាតើវាត្រឹមត្រូវដើម្បីបោះពុម្ពដែរឬអត់»។
គំរូដូចគ្នានោះនៃអ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់កំពុងជួយខ្ញុំឲ្យស្គាល់សក្ដានុពលរបស់ខ្ញុំ ហើយផ្ដល់ភាពជឿជាក់ដល់ខ្ញុំ កើតមាននាយប់មួយនៅឯកម្មវិធីថ្លែងសុន្ទរកថាដែលរៀបចំឡើងដោយសាសនាចក្រ ។ ក្នុងវ័យ ១៧ ឆ្នាំ ខ្ញុំត្រូវបានសុំឲ្យនិយាយទៅកាន់មនុស្សដ៏ច្រើន ។ ខ្ញុំពុំដឹងថា ត្រូវនិយាយអ្វីនោះទេ ។ ខ្ញុំពុំបានឲ្យប្រធានបទដែលត្រូវនិយាយឡើយ ដូច្នេះហើយខ្ញុំបានរៀបចំសុន្ទរកថាមួយដែលលើសពីការយល់ដឹងរបស់ខ្ញុំអំពីដំណឹងល្អ ។ កាលខ្ញុំបាននិយាយ ខ្ញុំបានដឹងថា ខ្ញុំបានធ្វើកំហុសមួយ ។ ខ្ញុំនៅចាំពីអារម្មណ៍ថាមានកំហុសបន្ទាប់ពីខ្ញុំនិយាយរួច ។
អ្នកឡើងនិយាយបន្ទាប់ និងចុងក្រោយគឺអែលឌើរ ម៉ាថាយ ខោលី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ លោកគឺជាវាគ្មិនម្នាក់ដ៏អស្ចារ្យ—ដែលទទួលបានក្ដីស្រឡាញ់ទូទាំងសាសនាចក្រ ។ ខ្ញុំនៅចាំពីការអង្គុយនៅក្បែរវេទិការ ហើយមើលទៅលោក ។
លោកបានចាប់ផ្ដើមដោយសំឡេងមួយដ៏មានឥទ្ធិពល ។ លោកបានថ្លែងថា សុន្ទរកថារបស់ខ្ញុំបានធ្វើឲ្យលោកមានអារម្មណ៍ថា លោកកំពុងនៅក្នុងសន្និសីទដ៏អស្ចារ្យមួយ ។ លោកបានពោលពាក្យនេះទាំងស្នាមញញឹម ។ អារម្មណ៍របស់ខ្ញុំថាធ្វើខុសបានរសាយបាត់ ហើយបានមានភាពជឿជាក់ថា នៅថ្ងៃមួយ ខ្ញុំអាចក្លាយជាអ្វីដែលលោកបានគិតឃើញនៅពេលនោះ ។
ការចងចាំនារាត្រីនោះនៅតែដឹកនាំខ្ញុំឲ្យស្ដាប់ដោយយកចិត្តទុកដាក់ កាលអ្នកកាន់បព្វជិតភាពអើរ៉ុនម្នាក់និយាយ ។ ដោយសារតែអ្វីដែលអែលឌើរ ខោលី បានធ្វើចំពោះខ្ញុំ ខ្ញុំតែងរំពឹងទុកថា ខ្ញុំនឹងស្ដាប់ឮបន្ទូលរបស់ព្រះ ។ ខ្ញុំកម្រមានការខកចិត្តណាស់ ហើយជារឿយៗបានការភ្ញាក់ផ្អើល ហើយខ្ញុំគ្រាន់តែញញឹមដូចជាអែលឌើរ ខោលី បានធ្វើ ។
រឿងជាច្រើនអាចជួយពង្រឹងប្អូនៗវ័យក្មេងរបស់យើងឲ្យក្រោកឡើងនៅក្នុងបព្វជិតភាព ប៉ុន្តែគ្មានអ្វីដែលមានឥទ្ធិពលជាងការដែលយើងជួយពួកគេឲ្យអភិវឌ្ឍសេចក្ដីជំនឿ និងភាពជឿជាក់ថា ពួកគេអាចទទួលបានព្រះចេស្ដានៃព្រះនៅក្នុងការបម្រើបព្វជិតភាពរបស់ពួកគេនោះទេ ។
សេចក្ដីជំនឿ និងភាពជឿជាក់នោះពុំនៅជាមួយនឹងពួកគេដោយសារតែបទពិសោធន៍នៃការលើកស្ទួយដោយអ្នកកាន់បព្វជិតភាពមិលគីស្សាដែកដ៏មានទេពកោសល្យបំផុតនោះឡើយ ។ សមត្ថភាពដើម្បីទទួលបានអំណាចទាំងនោះត្រូវតែបណ្ដុះដោយការបង្ហាញនៃភាពជឿជាក់មកពីមនុស្សដែលមានបទពិសោធន៍ជាច្រើននៅក្នុងបព្វជិតភាព ។
ពួកអ្នកកាន់បព្វជិតភាពអើរ៉ុនក៏ត្រូវការការលើកទឹកចិត្ត និងការកែតម្រូវជាប្រចាំថ្ងៃ និងគ្រប់នាទីមកពីព្រះអម្ចាស់ផ្ទាល់តាមរយៈព្រះវិញ្ញាណបរិសុទ្ធផងដែរ ។ ការណ៍នោះនឹងកើតមានចំពោះពួកគេ នៅពេលពួកគេ ជ្រើសបន្តមានភាពសក្ដិសម ។ វានឹងពឹងផ្អែកទៅលើការជ្រើសរើសដែលពួកគេនឹងធ្វើ ។
នោះគឺជាហេតុផលដែលយើងត្រូវបង្រៀនតាមរយៈគំរូ និងទីបន្ទាល់ថា បន្ទូល ស្ដេចបេនយ៉ាមីន ជាថ្នាក់ដឹកនាំបព្វជិតភាពមិលគីស្សាដែកដ៏អស្ចារ្យ គឺជាការពិត ។ វាគឺជាបន្ទូលនៃសេចក្ដីស្រឡាញ់ដែលបានថ្លែងនៅក្នុងព្រះនាមរបស់ព្រះអម្ចាស់ ដែលបព្វជិតភាពនេះគឺជារបស់ផងទ្រង់ ។ ស្ដេចបេនយ៉ាមីន បង្រៀនពីតម្រូវការដើម្បីឲ្យយើងបន្តមានបរិសុទ្ធភាពឲ្យល្មមគ្រប់គ្រាន់ដើម្បីទទួលបានការលើកទឹកចិត្ត និងការកែតម្រូវពីព្រះអម្ចាស់ ៖
« ហើយនៅទីបញ្ចប់ យើងពុំអាចប្រាប់អ្នករាល់គ្នាឲ្យអស់នូវការណ៍ទាំងឡាយ ដែលអ្នករាល់គ្នាអាចប្រព្រឹត្តអំពើបាបនោះទេ ព្រោះមានផ្លូវ និងបែបផ្សេងៗគ្នា គឺមានជាច្រើនណាស់ ដែលយើងពុំអាចរៀបរាប់បានឡើយ ។
« ប៉ុន្តែ យើងអាចនិយាយប្រាប់អ្នកតែប៉ុណ្ណោះថា បើសិនជាអ្នករាល់គ្នាពុំប្រយ័ត្នខ្លួន ទាំងគំនិតរបស់ខ្លួន និងពាក្យសម្ដីរបស់ខ្លួន និងកិច្ចការរបស់ខ្លួន ហើយគោរពតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយបន្តទៅក្នុងសេចក្ដីជំនឿជឿដល់អ្វីដែលអ្នករាល់គ្នាបានឮអំពីការយាងមកនៃព្រះអម្ចាស់របស់យើង រហូតដល់ថ្ងៃចុងក្រោយនៃជីវិតខ្លួនទេ នោះអ្នករាល់គ្នានឹងត្រូវវិនាស។ ហើយឥឡូវនេះ ឱមនុស្សលោកអើយ សូមចងចាំ ហើយកុំវិនាសបង់ឡើយ » ។
យើងទាំងអស់គ្នាដឹងថា ព្រួញឆេះរបស់មារសត្រូវនៃសេចក្ដីសុចរិតកំពុងតែបាញ់មកដូចជាខ្យល់ដ៏អាក្រក់មួយទាស់នឹងពួកអ្នកកាន់បព្វជិតភាពវ័យក្មេងដែលយើងស្រឡាញ់ជាទីបំផុត ។ ចំពោះយើង ពួកគេហាក់ដូចជា កងទ័ពកម្លោះ ដែលបានហៅខ្លួនឯងថាជាកូនប្រុសរបស់ហេលេមិន ។ ពួកគេអាចរួចជីវិតបាន ដូចជា ទ័ពវ័យក្មេងទាំងនោះ ប្រសិនបើពួកគេរក្សាខ្លួនឲ្យមានសុវត្ថិភាព ដូចជាស្ដេចបេនយ៉ាមីនបានលើកទឹកចិត្តឲ្យពួកគេធ្វើ ។
ពួកកូនប្រុសរបស់ហេលេមិនគ្មានការសង្ស័យឡើយ ។ ពួកគេច្បាំងដោយក្លាហាន ហើយក្លាយជាអ្នកការពារដ៏មានជោគជ័យ ដោយសារពួកគេបានជឿសម្ដីម្ដាយរបស់ខ្លួន ។ យើងយល់ដឹងពីអំណាចនៃសេចក្ដីជំនឿរបស់ម្ដាយជាទីស្រឡាញ់ម្នាក់ ។ ម្ដាយគ្រប់រូបផ្ដល់ការគាំទ្រដ៏អស្ចារ្យដល់កូនប្រុសខ្លួននៅសព្វថ្ងៃនេះ ។ ក្នុងនាមជាពួកអ្នកកាន់បព្វជិតភាព យើងអាច ហើយត្រូវតែបន្ថែមការប្ដេជ្ញាចិត្តរបស់យើងដើម្បីបំពេញការទទួលខុសត្រូវដូចដែលយើងបានប្រែចិត្តជឿចំពោះការគាំទ្រនោះ យើងត្រូវតែឈោងទៅជួយពង្រឹងដល់បងប្អូនប្រុសរបស់យើង ។
ខ្ញុំសូមអធិស្ឋានថា អ្នកកាន់បព្វជិតភាពមិលគីស្សាដែកគ្រប់រូបនឹងទទួលយកឱកាសដែលព្រះអម្ចាស់បានប្រទានឲ្យ ៖
« ហើយបើសិនជាមានមនុស្សណាមួយនៅក្នុងចំណោមអ្នករាល់គ្នាមានកម្លាំងខ្លាំងឡើងនៅក្នុងព្រះវិញ្ញាណ ចូរឲ្យអ្នកនោះយកអ្នកណាមួយដែលទន់ខ្សោយទៅជាមួយគាត់ ប្រយោជន៍ឲ្យអ្នកនោះអាចបានស្អាងឡើងក្នុងភាពស្លូតបូតគ្រប់យ៉ាង ប្រយោជន៍ឲ្យអ្នកនោះអាចត្រឡប់ជាមានកម្លាំងខ្លាំងឡើងដែរ។
« ហេតុដូច្នេះហើយ ចូរយកអស់អ្នកណាដែលបានតែងតាំងឡើងចំពោះបព្វជិតភាពតូចជាងទៅជាមួយអ្នកចុះ ហើយចាត់ឲ្យពួកគេទៅមុនអ្នក ដើម្បីណាត់ពេលទុក ហើយដើម្បីរៀបចំផ្លូវ និងដើម្បីបំពេញកិច្ចការទាំងឡាយណា ដែលរូបអ្នកផ្ទាល់ពុំអាចបំពេញបាននោះ។
« មើលចុះ នេះហើយជាមាគ៌ាដែលពួកសាវករបស់យើងនៅសម័យបុរាណ បានសាងសាសនាចក្ររបស់យើងឡើងដល់យើង »។
បងប្អូនដែលជាថ្នាក់ដឹកនាំបព្វជិតភាព និងឪពុកនៃពួកអ្នកកាន់កាន់បព្វជិតភាពអើរ៉ុនអាចធ្វើឲ្យមានអព្ភូតហេតុបាន ។ បងប្អូនអាចជួយព្រះអម្ចាស់បំពេញតំណែងរបស់ពួកអែលឌើរដ៏ស្មោះត្រង់ជាមួយនឹងយុវជនដែលទទួលយកការហៅឲ្យប្រកាសដំណឹងល្អ ហើយធ្វើកិច្ចការនេះដោយភាពជឿជាក់ ។ បងប្អូននឹងឃើញថា មនុស្សជាច្រើនដែលបងប្អូនបានលើកស្ទួយ ហើយលើកទឹកចិត្តឲ្យបន្តស្មោះត្រង់ រៀបការដ៏សក្ដិសមនៅក្នុងព្រះវិហារបរិសុទ្ធ ហើយបន្តលើកស្ទួយ និងរៀបចំមនុស្សដទៃវិញ ។
កិច្ចការនេះនឹងពុំត្រូវការកម្មវិធីសកម្មភាពថ្មីៗ សម្ភារបង្រៀនដ៏ប្រសើរ ឬប្រព័ន្ធផ្សព្វផ្សាយសង្គមល្អនោះទេ ។ វានឹងពុំត្រូវឲ្យមានការហៅណាមួយដែលលើសពីអ្វីដែលបងប្អូនមាននៅពេលនេះឡើយ ។ សម្បថ និង សេចក្តីសញ្ញានៃបព្វជិតភាពផ្ដល់អំណាច សិទ្ធិអំណាច និងការដឹកនាំដល់បងប្អូន ។ ខ្ញុំសូមអធិស្ឋានថា បងប្អូននឹងទៅផ្ទះ ហើយសិក្សាដោយយកចិត្តទុកដាក់នូវសម្បថ និងសេចក្ដីសញ្ញាណនៃបព្វជិតភាពដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា កណ្ឌ ៨៤ ។
យើងទាំងអស់គ្នាសង្ឃឹមថា យុវជនជាច្រើននឹងមានបទពិសោធន៍ដូចជា វិលហ្វូឌ វូឌដ្រុព្វ ដែលជាអ្នកកាន់បព្វជិតភាពអើរ៉ុនម្នាក់ បានបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដោយអំណាចនៃការប្រែចិត្តជឿ ។
ខ្ញុំសូមអធិស្ឋានថា យើងនឹងបំពេញការហៅរបស់យើងដើម្បីលើកស្ទូយមនុស្សដទៃទៀតឲ្យរៀបចំខ្លួនសម្រាប់ការបម្រើដ៏រុងរឿងរបស់ពួកគេ ។ ខ្ញុំសូមអរគុណអស់ពីដួងចិត្តដល់មនុស្សដ៏ប្រពៃដែលបានលើកស្ទួយខ្ញុំ ហើយបានបង្ហាញខ្ញុំពីរបៀបស្រឡាញ់ ហើយលើកស្ទួយមនុស្សដទៃទៀត ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ប្រធាន ថូម៉ាស អេស ម៉នសុន កាន់កូនសោបព្វជិតភាពទាំងអស់នៅលើផែនដីក្នុងសម័យនេះ ។ ខ្ញុំសូមថ្លែងជាសាក្សីថា លោកគឺជាគំរូសម្រាប់យើងទាំងអស់គ្នាក្នុងការឈោងទៅលើកស្ទួយមនុស្សដទៃ ក្នុងនាមជាអ្នកកាន់បព្វជិតភាពមិលគីស្សាដែក ។ ខ្ញុំមានអំណរគុណខ្លាំងណាស់ចំពោះរបៀបដែលលោកបានលើកស្ទួយខ្ញុំ ហើយបានបង្ហាញខ្ញុំពីរបៀបលើកស្ទួយមនុស្សដទៃ ។
ព្រះជាព្រះវរបិតាមានព្រះជន្មរស់។ ព្រះយេសូវ គឺជាព្រះគ្រីស្ទ ។ នេះ គឺជាសាសនាចក្រ និងនគររបស់ទ្រង់ ។ នេះជាបព្វជិតភាពរបស់ទ្រង់ ។ ខ្ញុំបានដឹងការណ៍នេះដោយខ្លួនឯងតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។