ប្រមូលផ្តុំគ្នាទៅផ្ទះដោយសុវត្ថិភាព
យើងស្ថិតនៅទីតាំងពិសេសមួយដើម្បីប្រមូលសាសន៍អ៊ីស្រាអែលនៅផ្នែកទាំងសងខាងនៃវាំងនន ដែលមិនធ្លាប់មានពីមុនមកនៅក្រោមផែនការរបស់ព្រះវរបិតា ។
ប្រធាន រ័សុល អិម ណិលសុន ដែលជាព្យាការីជាទីស្រឡាញ់របស់យើង បានបញ្ជាក់យ៉ាងច្បាស់ពីការទទួលខុសត្រូវដ៏ពិសេសរបស់យើងគឺត្រូវជួយប្រមូលសាសន៍អ៊ីស្រាអែលដែលខ្ចាត់ខ្ចាយ និងរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។១ ព្រះវរបិតានៃវិញ្ញាណរបស់យើងមានព្រះទ័យចង់ឲ្យបុត្រាបុត្រីរបស់ទ្រង់ ប្រមូលផ្តុំគ្នាទៅផ្ទះដោយសុវត្ថិភាព ។
ផែនការរបស់ព្រះវរបិតាសួគ៌យើងសម្រាប់ការប្រមូលផ្តុំបុត្រាបុត្រីរបស់ទ្រង់ទៅផ្ទះនៅឯស្ថានសួគ៌របស់យើងដោយសុវត្ថិភាព គឺមិនផ្អែកលើភាពជោគជ័យរបស់ពិភពលោក ស្ថានភាពសេដ្ឋកិច្ច ការអប់រំ ពូជសាសន៍ ឬភេទនោះទេ ។ ផែនការរបស់ព្រះវរបិតាគឺផ្អែកលើសេចក្តីសុចរិត ការរក្សាបទបញ្ញត្តិរបស់ទ្រង់ និងការទទួលពិធីបរិសុទ្ធដ៏ពិសិដ្ឋ និងការគោរពសេចក្តីសញ្ញាដែលយើងចុះ ។២
គោលលទ្ធិដែលបានបំផុសគំនិតដ៏ទេវភាព ដែលថាយើងទាំងអស់គ្នាជាបងប្អូននឹងគ្នា ហើយ « ក៏ដូចគ្នានៅចំពោះព្រះ » ដែលគូសបញ្ជាក់ពីកិច្ចការដ៏អស្ចារ្យនៃការប្រមូលផ្តុំនេះ ។ គោលលទ្ធិនេះស្របដល់អស់អ្នកដែលប្រាថ្នាចង់បានស្ថានភាពសេដ្ឋកិច្ច និងជាតិសាសន៍ចម្រុះដើម្បីទទួលបានបទពិសោធន៍ជីវិតកាន់តែប្រសើរឡើង ។ យើងសូមសរសើរ និងចូលរួមក្នុងកិច្ចការនេះ ។ លើសពីនេះទៅទៀត យើងចង់ឲ្យបុត្រាបុត្រីរបស់ព្រះទាំងអស់មករកទ្រង់ ហើយទទួលបានពរជ័យដ៏អស់កល្បជានិច្ចដែលទ្រង់ប្រទានតាមរយៈដំណឹងល្អរបស់ទ្រង់ ។៣ នៅក្នុងការណែនាំរបស់ព្រះអម្ចាស់ចំពោះគោលលទ្ធិ និងសេចក្តីសញ្ញា ទ្រង់បានប្រកាសថា « ចូរប្រុងស្ដាប់ចុះ ឱប្រជាជាតិទាំងប៉ុន្មានដែលនៅឆ្ងាយ អើយ និងអ្នករាល់គ្នា ដែលនៅលើកោះក្នុងសមុទ្រអើយ ចូរស្ដាប់ព្រមគ្នាចុះ ។៤
ខ្ញុំចូលចិត្តនៅខដំបូងបំផុតក្នុងគោលលទ្ធិ និងសេចក្តីសញ្ញាបានបញ្ចូលប្រជាជនដែលរស់នៅលើ « កោះក្នុងសមុទ្រ » ។ ខ្ញុំធ្លាប់បានការហៅជាក់លាក់ចំនួនបីដើម្បីបម្រើ និងរស់នៅលើកោះនៃមុទ្រ » ។ ទីមួយខ្ញុំបានបម្រើជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងនៅកោះប្រទេសអង់គ្លេស ទីពីរជាអ្នកមានសិទ្ធិអំណាចទូទៅថ្មីនៅកោះនៃប្រទេសហ្វីលីពីន ហើយបន្ទាប់មកជាប្រធានតំបន់នៅកោះប៉ាស៊ីហ្វិក ដែលរួមមានកោះជាច្រើនទៀតនៅប៉ូលីណេស៊ី ។
តំបន់ទាំងបីនេះ បានប្រមូលគ្នាដោយជោគជ័យនូវពួកអ្នកជឿមកកាន់ដំណឹងល្អដែលបានស្ដារឡើងវិញនៃព្រះយេស៊ូវគ្រីស្ទ ។ ពួកអ្នកផ្សព្វផ្សាយសាសនាបានមកដល់កោះនៃប្រទេសអង់គ្លេសដំបូងនៅឆ្នាំ ១៨៣៧ ។ រឿងនេះបានកើតឡើងនៅមួយឆ្នាំ បន្ទាប់ពីការឧទិ្ទសឆ្លងព្រះវិហារបរិសុទ្ធខឺតឡង់ដោយ យ៉ូសែប ស្ម៊ីធ ដែលម៉ូសេបានបញ្ជូននូវ« កូនសោទាំងឡាយនៃការប្រមូលផ្តុំសាសន៍អ៊ីស្រាអែល ពីទិសទាំងបួននៃផែនដី ហើយនឹងការនាំពូជអំបូរទាំងដប់ចេញពីដែនដីភាគខាងជើងមក » ។៥ ជោគជ័យដំបូងនៅកោះនៃប្រទេសអង់គ្លេសគឺជារឿងអស្ចារ្យណាស់ ។ នៅឆ្នាំ ១៨៥១ សមាជិកសាសនាចក្រជាងពាក់កណ្តាលគឺជាអ្នកប្រែចិត្តជឿដែលបានទទួលបុណ្យជ្រមុជទឹកដែលរស់នៅលើកោះនៃប្រទេសអង់គ្លេស ។៦
នៅឆ្នាំ ១៩៦១ អែលឌើរ ហ្គរដុន ប៊ី ហ៊ីងគ្លី បានទៅទស្សនកិច្ច ហើយបានផ្ដួចផ្ដើមការងារផ្សព្វផ្សាយសាសនាពេញម៉ោងនៅកោះហ្វីលីពីន ។ នៅពេលនោះ មានអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកហ្វីលីពីនតែម្នាក់គត់ ។ អ្វីដ៏គួរឲ្យអស្ចារ្យនោះគឺ សព្វថ្ងៃមានសមាជិកសាសនាចក្រជាង ៨៥០,០០០ នាក់នៅកោះហ្វីលីពីន ។ ខ្ញុំកោតសរសើរប្រជាជនហ្វីលីពីន ពួកគេមានក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងខ្ជាប់ខ្ជួនចំពោះព្រះអង្គសង្គ្រោះ ។
ប្រហែលអ្វីដែលគេមិនសូវដឹងនោះគឺការងារផ្សព្វផ្សាយសាសនាដែលកំពុងបន្តនៅលើកោះប៉ូលីណេស៊ី ។ ការងារនេះបានចាប់ផ្តើមនៅឆ្នាំ ១៨៤៤ នៅពេលដែល អេឌីសិន ប្រាត្ត បានមកដល់កន្លែងដែលឥឡូវនេះហៅថា ប៉ូលីណេស៊ី បារាំង ។៧ ប្រជាជនបូលីណេស៊ីជាច្រើនបានជឿចំពោះក្រុមគ្រួសារដ៏អស់កល្បជានិច្ច៧ហើយបានទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់ពួកគេ ។ សព្វថ្ងៃនេះ ស្ទើរតែ ២៥ ភាគរយនៃប្រជាជនប៉ូលីណេស៊ី នៅកោះប៉ូលីណេស៊ី ជាសមាជិកនៃសាសនាចក្រ ។៨
មានពេលមួយខ្ញុំបានស្តាប់ក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់នៅលើកោះតាហ៊ីទី ឆ្ងាយមួយ ដែលជាសមាជិកជំនាន់ទីប្រាំពីរ ។ នាងគោរពដល់បុព្វការីជនរបស់នាងដែលបានផ្លាស់ប្រែចិត្តជឿនៅឆ្នាំ ១៨៤៥ នៅទូប៊ុយ ពីរឆ្នាំមុនពេលសមាជិកសាសនាចក្រដំបូងៗបានមកដល់ជ្រលងភ្នំសលត៍ លេក ។៩
គោលលទ្ធិរបស់យើងគឺច្បាស់លាស់ថានឹងមានពេលវេលា និងរដូវកាលមួយសម្រាប់មនុស្សទាំងអស់ដើម្បីទទួល និងឆ្លើយតបចំពោះសារលិខិតនៃដំណឹងល្អ ។ ឧទាហរណ៍ទាំងនេះគ្រាន់តែជាផ្នែកមួយនៃរូបភាពដ៏ធំជាងនេះប៉ុណ្ណោះ ។ ប្រធាន ណិលសុន បានគូសបញ្ជាក់ជាថ្មីថា « ការប្រមូលសាសន៍អ៊ីស្រាអែលគឺជាឧបសគ្គដ៏ធំបំផុត … បុព្វហេតុ និង … កិច្ចការដ៏ធំបំផុតនៅលើផែនដីនេះ » ។១០
រហូតដល់ការស្ដារឡើងវិញនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ រួមទាំងការចេញមកនៃព្រះគម្ពីរមរមន និងវិវរណៈ ហើយនិងកូនសោបព្វជិតភាពដែលបានប្រគល់ដល់ព្យាការី យ៉ូសែប ស្ម៊ីធ ការយល់ដឹងអំពី « ការប្រមូលសាសន៍អ៊ីស្រាអែល » គឺជាផ្នែកមួយ និងនៅមានកម្រិត ។១១
ឈ្មោះ « អ៊ីស្រាអែល » ដ៏ជាក់លាក់នេះគឺជាងារដែលបានប្រគល់ឲ្យយ៉ាកុប ។១២ ឈ្មោះនេះប្រគល់ឲ្យតំណាងពូជពង្សរបស់អ័ប្រាហាំ តាមរយៈអ៊ីសាក និងយ៉ាកុប ។ ការសន្យា និងសេចក្តីសញ្ញាដើមឡើយចំពោះលោកឪពុកអ័ប្រាហាំ ត្រូវបានចែងនៅក្នុង អ័ប្រាហាំ ២:៩–១០ ដែលអានជាផ្នែកៗថា ៖
« ហើយយើងនឹងបង្កើតសាសន៍មួយយ៉ាងធំពីអ្នក …
« ហើយយើងនឹងប្រទានពរដល់ [ ពូជសាសន៍ទាំងអស់ ] តាមរយៈឈ្មោះអ្នក ចំពោះមនុស្សជាច្រើនដែលទទួលដំណឹងល្អនេះ នោះនឹងត្រូវបានហៅតាមឈ្មោះអ្នក ហើយនឹងត្រូវបានរាប់ថាជាពូជអ្នក ហើយនឹងក្រោកឡើង ហើយជូនពរដល់អ្នកជាឪពុករបស់គេ » ។
នៅអំឡុងពេលក្រុមប្រឹក្សានៅស្ថានសួគ៌ក្នុងជីវិតមុនឆាកជីវិតនេះ ផែនការ នៃ សេចក្តីសង្គ្រោះត្រូវបានពិភាក្សា និង គាំទ្រ ។ វារួមបញ្ចូលនូវក្រឹត្យវិន័យ និងពិធីបរិសុទ្ធនៃបព្វជិតភាពមួយចំនួន ដែលបានបង្កើតឡើងមុនកំណើតនៃពិភពលោក ហើយបានព្យាករណ៍ពីការប្រមូល ។១៣ វាក៏រួមបញ្ចូលគោលការណ៍ដ៏សំខាន់នៃសិទ្ធិជ្រើសរើសផងដែរ ។
បន្ទាប់ពីអស់ជាច្រើនសតវត្សក្នុងនាមជាប្រជាជនដ៏មានឥទ្ធិពល រួមទាំងរជ្ជកាលរបស់សុល, ដាវីឌ និងសាឡូម៉ូន អ៊ីស្រាអែលបានបែកបាក់ ។ កុលសម្ព័ន្ធយូដា និងមួយផ្នែកនៃកុលសម្ព័ន្ធបេនយ៉ាមីនបានក្លាយជារាជ្យយូដា ។ កុលសម្ព័ន្ធទាំង ១០ ដែលនៅសេសសល់បានក្លាយជានគរអ៊ីស្រាអែល ។១៤ បន្ទាប់ពីការរស់នៅដាច់ដោយឡែកពីគ្នាអស់ ២០០ ឆ្នាំ ការខ្ចាត់ខ្ចាយដំបូងនៃអ៊ីស្រាអែលបានកើតឡើងនៅឆ្នាំ ៧២១ មុនគ.ស នៅពេលដែលកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ត្រូវបានស្តេចអាសស៊ើរចាប់ជាឈ្លើយ ។១៥ ក្រោយមកពួកគេបានទៅប្រទេសភាគខាងជើង ។១៦
នៅឆ្នាំ ៦០០ មុនគ.ស. នៅពេលព្រះគម្ពីរមរមនចាប់ផ្តើម លោកឪពុកលីហៃបានដឹកនាំសាសន៍អ៊ីស្រាអែលមួយក្រុមទៅកាន់ទ្វីបអាមេរិក ។ លីហៃបានយល់ពីការខ្ចាត់ខ្ចាយនៃអ៊ីស្រាអែល ដែលលោកគឺជាផ្នែកមួយក្នុងនោះ ។ នីហ្វៃបានដកស្រង់ពាក្យរបស់លោក កាលដែលនិយាយថា វង្សនៃអ៊ីស្រាអែល « នឹងត្រូវប្រៀបធៀបដូចជាដើមអូលីវ ដែលមែកទាំងឡាយនឹងត្រូវកាត់ចេញ ហើយត្រូវខ្ចាត់ខ្ចាយពាសពេញនៅលើផ្ទៃផែនដី ។១៧
នៅក្នុងអ្វីដែលហៅថាពិភពលោកថ្មី ប្រវត្តិសាស្រ្តរបស់សាសន៍នីហ្វៃ និងសាសន៍លេមិនដូចដែលមានចែងក្នុងព្រះគម្ពីរមរមនបញ្ចប់នៅប្រហែលឆ្នាំ ៤០០ គ.ស. ។ កូនចៅរបស់លោកឪពុកលីហៃត្រូវបានខ្ចាត់ខ្ចាយពាសពេញទ្វីបអាមេរិក ។១៨
ការណ៍នេះបានពិពណ៌នាយ៉ាងច្បាស់ដោយមរមននៅក្នុង នីហ្វៃទី៣ ៥:២០ ដែលអានថា ៖ « ខ្ញុំជាមរមន ហើយជាពូជពង្សនៃលីហៃសុទ្ធ ។ ខ្ញុំមានហេតុដើម្បីសរសើរដល់ព្រះរបស់ខ្ញុំ និងព្រះអង្គសង្គ្រោះរបស់ខ្ញុំ គឺព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បាននាំពួកអយ្យកោរបស់យើង ចេញពីដែនដីយេរូសាឡិមមក » ។១៩
ច្បាស់ណាស់ ចំណុចដ៏សំខាន់នៃលំដាប់លំដោយប្រវត្តិសាស្រ្តរបស់អ៊ីស្រាអែល គឺការប្រសូត សារលិខិត ការបម្រើ និងបេសកកម្មរបស់ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។២០
បន្ទាប់ពីការសុគត និងការមានព្រះជន្មរស់ឡើងវិញដ៏អស់កល្បរបស់ព្រះអង្គសង្គ្រោះនោះការខ្ចាត់ខ្ចាយជាលើកទីពីរនៃសាសន៍យូដាបានកើតឡើងនៅចន្លោះឆ្នាំ ៧០ នៃ គ.ស. និង ឆ្នាំ ១៣៥ នៃ គ.ស. នៅពេលនោះ ដោយសារតែការគៀបសង្កត់ និងការបៀតបៀនរបស់ពួករ៉ូម៉ាំង នោះពួកយូដាបានបែកខ្ញែកគ្នាពាសពេញពិភពលោកដែលគេឯងក៏ស្គាល់នៅពេលនោះ ។
ប្រធាន ណិលសុន បានបង្រៀនថា « ព្រះគម្ពីរមរមនលេចមកជាទីសម្គាល់ដែលព្រះអម្ចាស់បានចាប់ផ្តើមប្រមូលផ្តុំបុត្រាបុត្រីនៃសេចក្តីសញ្ញា » ។២១ ដូច្នេះ ព្រះគម្ពីរមរមន ដែលបានបកប្រែដោយព្យាការី យ៉ូសែប ស្ម៊ីធ តាមរយៈអំណោយទាន និងព្រះចេស្ដានៃព្រះ ត្រូវបាននាំទៅដល់កូនចៅរបស់លីហៃ សាសន៍អ៊ីស្រាអែលដែលខ្ចាត់ខ្ចាយ និងសាសន៍ដទៃដែលត្រូវបានយកទៅចិញ្ចឹមក្នុងកុលសម្ព័ន្ធនៃអ៊ីស្រាអែល ។ នៅក្បាលជំពូក នីហ្វៃទី១ ២២ដែលអាន ជាផ្នែកៗថា « សាសន៍អ៊ីស្រាអែលនឹងត្រូវខ្ចាត់ខ្ចាយពាសពេញលើផ្ទៃផែនដី — ពួកសាសន៍ដទៃនឹងបំបៅ ហើយចិញ្ចឹមពួកសាសន៍អ៊ីស្រាអែលតាមដំណឹងល្អនៅគ្រាក្រោយបង្អស់ » ។ ទំព័រចំណងជើងនៃព្រះគម្ពីរមរមនសរសេរថា គោលបំណងមួយរបស់ព្រះគម្ពីរនេះគឺដើម្បី « បរិវត្តន៍ដល់សាសន៍យូដា និងសាសន៍ដទៃថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ » ។ ជាមួយនឹងការស្តារឡើងវិញ និងព្រះគម្ពីរមរមនគំនិតនៃការប្រមូលសាសន៍អ៊ីស្រាអែលកាន់តែរីកច្រើនឡើងៗ ។២២
អស់អ្នកដែលទទួលយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដោយមិនថាមានពូជពង្សណានោះទេ ក្លាយជាផ្នែកនៃអ៊ីស្រាអែលដែលបានប្រមូលផ្តុំនោះ ។២៣ ដោយមានការប្រមូលផ្តុំ និងព្រះវិហារបរិសុទ្ធជាច្រើនដែលបានសាងសង់ និងប្រកាសនោះ យើងស្ថិតនៅទីតាំងពិសេសមួយដើម្បីប្រមូលសាសន៍អ៊ីស្រាអែលនៅផ្នែកទាំងសងខាងនៃវាំងនន ដែលមិនធ្លាប់មានពីមុនមកនៅក្រោមផែនការរបស់ព្រះវរបិតាឡើយ ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ដោយមានប្រសាសន៍ពីការប្រមូលសាសន៍អ៊ីស្រាអែលពិតប្រាកដ បានថ្លែងថា ៖ « ឥឡូវនេះ ការប្រមូលសាសន៍អ៊ីស្រាអែលរួមមាន ការចូលរួមក្នុងសាសនាចក្រដ៏ពិត និង ការស្គាល់ព្រះដ៏ពិត ។… ហេតុដូច្នេះហើយ បុគ្គលណាដែលបានទទួលយកដំណឹងល្អដែលបានស្តារឡើងវិញ និង អស់អ្នកដែលឥឡូវនេះស្វែងរកការថ្វាយបង្គំព្រះអម្ចាស់ជាភាសារបស់ខ្លួន ព្រមទាំងជាមួយនឹងពួកបរិសុទ្ធនៅក្នុងប្រទេសដែលខ្លួនរស់នៅ នោះមានន័យថាបានអនុវត្តតាមក្រឹត្យវិន័យនៃការប្រមូលផ្តុំសាសន៍អ៊ីស្រាអែល និងទទួលមរតកនៃពរជ័យទាំងអស់ដែលបានសន្យាចំពោះពួកបរិសុទ្ធនៅក្នុងថ្ងៃចុងក្រោយទាំងនេះហើយ » ។២៤
« ឥឡូវនេះ ការប្រមូលសាសន៍អ៊ីស្រាអែលរួមទាំងការផ្លាស់ប្រែចិត្តជឿផងដែរ » ។២៥
តាមដែលយល់ដឹងយ៉ាងច្បាស់ សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយមានអភ័យឯកសិទ្ធិដ៏អស្ចារ្យនៃការពេញដោយក្តីស្រឡាញ់ ការចែកចាយ ការអញ្ជើញ និងជួយប្រមូលសាសន៍អ៊ីស្រាអែល ដើម្បីទទួលបានភាពពេញលេញនៃពរជ័យនៃសេចក្តីសញ្ញារបស់ព្រះអម្ចាស់ ។ ការណ៍នេះរួមទាំងប្រជាជនអាហ្រ្វិក និងអឺរ៉ុប អាមេរិកខាងត្បូង និងខាងជើង អាស៊ី អូស្ត្រាលី និងអស់អ្នកដែលរស់នៅលើកោះទាំងឡាយនៅក្នុងសមុទ្រផងដែរ ។ « ដ្បិតសំឡេងនៃព្រះអម្ចាស់ប្រាកដជាប្រាប់ដល់មនុស្សទាំងអស់មែន » ។២៦ « ការប្រមូលផ្តុំនេះនឹងបន្តរហូតដល់ពួកសុចរិតត្រូវបានជួបជុំនៅក្នុងក្រុមជំនុំនៃពួកបរិសុទ្ធនៅក្នុងប្រជាជាតិនៃពិភពលោក » ។២៧
គ្មាននរណាម្នាក់បានថ្លែងពីការប្រមូលផ្តុំនេះច្បាស់ជាងប្រធាន ណិលសុន ឡើយថា « រាល់ពេល ដែលប្អូនៗធ្វើ អ្វីមួយ ដើម្បីជួយ នរណាម្នាក់—នៅទាំងសងខាងនៃវាំងនន—បោះជំហានទៅធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះ ហើយទទួលពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹក និងព្រះវិហារបរិសុទ្ធដ៏សំខាន់របស់ពួកគេ នោះប្អូនៗកំពុងជួយប្រមូលសាសន៍អ៊ីស្រាអែល ។ វាគឺសាមញ្ញយ៉ាងដូច្នេះ » ។២៨
តើសាសនាចក្រសព្វថ្ងៃនេះនៅឯណា ? ក្នុងរយៈពេល ៦២ ឆ្នាំ តាំងពីខ្ញុំចាប់ផ្តើមបម្រើបេសកកម្មនៅឆ្នាំ ១៩៦០ មក ចំនួនអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងដែលបម្រើក្រោមការហៅរបស់ព្យាការីបានកើនឡើងពី ៧,៦៨៣ ដល់ ៦០,១៦៦ ។ ចំនួនបេសកកម្មបានកើនឡើងពី ៥៨ ទៅ ៤១១ ។ ចំនួនសមាជិកបានកើនឡើងពីប្រមាណជា ១,៧០០,០០០ នាក់ ដល់ប្រមាណជា ១៧ លាននាក់ ។
ជំងឺរាតត្បាតកូវីដ-១៩ បានជះឥទ្ធិពលមួយរយៈលើឱកាសផ្សព្វផ្សាយដំណឹងល្អរបស់យើង ។ វាក៏បានផ្តល់នូវបទពិសោធន៍ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗផងដែរ ដែលនឹងពង្រឹងការប្រមូលផ្តុំយ៉ាងច្រើន ។ យើងមានអំណរគុណដែលសមាជិក និងអ្នកផ្សព្វផ្សាយសាសនាឥឡូវនេះកំពុងប្រឹងប្រែងបន្ថែមដើម្បីប្រមូលសាសន៍អ៊ីស្រាអែលដែលខ្ចាត់ខ្ចាយ ។ កំណើននៅតែបន្តគ្រប់ទីកន្លែង ជាពិសេសអាមេរិកខាងត្បូង និងអាហ្វ្រិក ។ យើងក៏មានអរគុណដែរ ដែលមនុស្សជាច្រើននៅទូទាំងពិភពលោកបានឆ្លើយតបទៅនឹងការអញ្ជើញដ៏មានអានុភាពរបស់ប្រធាន ណិលសុន ពីការបង្កើនការបម្រើផ្នែកផ្សព្វផ្សាយសាសនា ។ យ៉ាងណាក៏ដោយ ការប្ដេជ្ញាចិត្តរបស់យើងក្នុងការស្រឡាញ់ ចែកចាយ និងអញ្ជើញអាចបានកើនឡើងយ៉ាងខ្លាំង ។
ផ្នែកសំខាន់មួយនៃកិច្ចការផ្សព្វផ្សាយសាសនានេះគឺសម្រាប់សមាជិកម្នាក់ៗដើម្បីធ្វើជាគំរូនៃពន្លឺដ៏ចែងចាំង២៩នៅគ្រប់ទីកន្លែងដែលយើងរស់នៅ ។៣០ យើងមិនអាចលាក់បាំងបានទេ ។ គំរូដូចជាព្រះគ្រីស្ទរបស់យើងអំពីសេចក្តីសប្បុរស សេចក្តីសុចរិត សុភមង្គល និងសេចក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្រចំពោះគ្រប់មនុស្សទាំងអស់ អាចបង្កើតមិនត្រឹមតែជាពន្លឺនាំផ្លូវដ៏ចែងចាំងសម្រាប់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតនូវការយល់ដឹងថា មានទីសុវត្ថិភាពនៅក្នុងពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះ និងភាពតម្កើងឡើងនៃដំណឹងល្អដែលបានស្ដារឡើងវិញនៃព្រះយេស៊ូវគ្រីស្ទផងដែរ ។
សូមយល់ថា ការចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺទទួលបាននូវពរជ័យយ៉ាងអស្ចារ្យ ។ ព្រះគម្ពីរប្រាប់ពីអំណរ និងសេចក្តីសុខសាន្ត ការអភ័យទោសឲ្យអំពើបាប ការការពារពីការល្បួង និងព្រះចេស្តាគាំទ្រមកពីព្រះ ។៣១ ដោយមើលហួសពីជីវិតរមែងស្លាប់នេះ យើងនឹងត្រៀមខ្លួនចែកចាយដំណឹងល្អជាមួយអ្នកទាំងនោះដែល « នៅក្នុងភាពងងឹត និងក្រោមចំណងនៃអំពើបាបនៅក្នុងពិភពលោកដ៏ធំនៃវិញ្ញាណនៃអស់ អ្នកដែលបានស្លាប់ » ។៣២
ការអធិស្ឋានច្បាស់លាស់របស់ខ្ញុំសព្វថ្ងៃនេះ គឺសម្រាប់កុមារ យុវជន យុវនារីគ្រប់រូប គ្រួសារ និងកូរ៉ុម សមាគមសង្គ្រោះ និងថ្នាក់ឲ្យពិនិត្យមើលពីរបៀបដែលយើងជាបុគ្គល និងជាសមូហភាពទទួលយកការប្រឹក្សាដ៏អស្ចារ្យ ដើម្បីជួយប្រមូលសាសន៍អ៊ីស្រាអែល ដែលបានចេញដោយព្រះអម្ចាស់ និងព្យាការីជាទីស្រឡាញ់របស់យើង ។
យើងគោរពដល់សិទ្ធិក្នុងការជ្រើសរើស ។ ក្នុងពិភពលោកនេះ មនុស្សជាច្រើននឹងមិនឆ្លើយតប ហើយចូលរួមក្នុងការប្រមូលសាសន៍អ៊ីស្រាអែលទេ ។ ប៉ុន្តែមនុស្សជាច្រើនទៀតនឹងចូលរួម ហើយព្រះអម្ចាស់រំពឹងថាអស់អ្នកដែលបានទទួលយកដំណឹងល្អរបស់ទ្រង់នឹងខិតខំជាបន្ទាន់ ដើម្បីធ្វើជាគំរូដ៏ចែងចាំង ដែលនឹងជួយអ្នកដទៃឲ្យមករកព្រះ ។ ការណ៍នេះអនុញ្ញាតឲ្យបងប្អូនប្រុសស្រីរបស់យើងនៅទូទាំងផែនដីរីករាយនឹងពរជ័យ និងពិធីបរិសុទ្ធដ៏អស្ចារ្យនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ហើយធ្វើជា ប្រមូលផ្តុំគ្នាទៅផ្ទះដោយសុវត្ថិភាព ។
ខ្ញុំសូមថ្លែងជាសាក្សីដ៏ច្បាស់លាស់ និងពិតប្រាកដក្នុងនាមជាសាក្សីជាសាវករបស់ខ្ញុំអំពីទេវភាពនៃព្រះយេស៊ូវគ្រីស្ទ និងផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់យើងក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕