បណ្ណាល័យ
មាន​អំណរគុណ​ចំពោះ​ការប្រមូលផ្ដុំ
ខែមករា ឆ្នាំ២០២៥


« មាន​អំណរគុណ​ចំពោះ​ការប្រមូលផ្ដុំ » លីអាហូណា ខែមករា ឆ្នាំ២០២៥ ។

មាន​អំណរគុណ​ចំពោះ ការប្រមូលផ្ដុំ

សូម​ឲ្យ​យើង​មាន​អំណរគុណ​ជានិច្ច​ចំពោះ​អភ័យ​ឯកសិទ្ធិ និង​ការទុកចិត្ត​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង នៅពេល​យើង​ប្រមូលផ្ដុំ​ទៅ​កាន់​ព្រះអង្គ​សង្គ្រោះ ប្រមូលផ្ដុំ​ជាមួយ​ពួកបរិសុទ្ធ និង​ប្រមូលផ្ដុំ​ធ្វើ​ការបម្រើ​ដល់​ទ្រង់ ។

រូបថត​ពាក់​កណ្ដាល​ព្រះកាយ​របស់​ព្រះអង្គសង្រ្គោះ

ព្រះអង្គ​អើយ យើង​បន្ទាប​ខ្លួន​ប្រាណ ដោយ ជេ ប្រាយអិន វួដ ហាម​ថត​ចម្លង

អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ ខ្ញុំ​មាន​នាឡិកា​ដក់​ដ៏​ស្រស់ស្អាត​មួយ ដែល​ធ្លាប់​ជា​របស់​ជីតា​ខ្ញុំ អាន់ឌ្រូ ស៊ី ណិលសុន ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ជួប​មុខ​គាត់​ឡើយ ។ គាត់​បានស្លាប់​នៅពេល​ដែល​ឪពុក​ខ្ញុំ​មាន​អាយុ​ត្រឹមតែ ១៦ ឆ្នាំ​ប៉ុណ្ណោះ ។

ឪពុក​របស់​ខ្ញុំ​បាន​ទទួល​មរតក​នាឡិកា​របស់​លោកតា ណិលសុន ។ ពេល​ខ្ញុំ​ធំ​ឡើង គាត់​បាន​ឲ្យ​នាឡិកា​នោះ​មក​ខ្ញុំ ។ ខ្ញុំ​ទុក​នាឡិកា​នោះ​ជា​តំណភ្ជាប់​ជាក់ស្តែង​ជាមួយ​បុព្វការីជន​ដ៏​ស្មោះត្រង់​ម្នាក់​របស់​ខ្ញុំ ។

លោកតាលោកយាយ​ទួត​ដែល​ជា​ឪពុកម្តាយ​របស់​លោកតា ណិលសុន គឺ​ដូចជា​លោកតាលោកយាយ​ទាំងអស់​របស់​ខ្ញុំ​ដែរ គឺ​បានចូលរួម​សាសនាចក្រ​នៅ​អឺរ៉ុប ដែល​ជា​កន្លែង​កំណើត​របស់​ពួកគាត់ ។ ខ្ញុំ​នឹង​ដឹងគុណ​ជា​រៀង​រហូត​ចំពោះ​ពួក​អ្នក​ត្រួសត្រាយផ្លូវ​ជំនាន់​មុន​ទាំងនេះ ។ ដោយសារ​សេចក្តីជំនឿ និង​ការលះបង់​របស់​ពួកគាត់ ដើម្បី​ប្រមូលផ្ដុំ​ជាមួយ​ពួកបរិសុទ្ធ នោះ​កូនចៅ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ទទួល​ពរជ័យ​នៃ​ដំណឹងល្អ​ដែល​បានស្ដារ​ឡើងវិញ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

នាឡិកា​របស់​លោកតា ណិលសុន រំឭក​ខ្ញុំ​អំពី​កាតព្វកិច្ច​ដ៏​ឱឡារិក​របស់​យើង​ក្នុង​នាម​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដើម្បី​ប្រមូល​ផ្ដុំ​បុត្រាបុត្រី​របស់​ព្រះវរបិតា​របស់​យើង​នៅ​ទាំង​សងខាង​នៃ​វាំងនន ។ នាឡិកា​របស់​គាត់​នេះ​ក៏​រំឭក​ខ្ញុំ​ថា បុព្វការីជន​របស់​យើង ទន្ទឹង​មើល ហើយ​រង់ចាំ​យើង​ឲ្យ​ស្វែងរក​ពួកគាត់ ហើយ​មើល​ថា ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគាត់​ត្រូវ​បាន​ប្រព្រឹត្ដ​ឡើង ដើម្បី​ពួកគាត់​មាន​ឱកាស​ត្រូវបាន​ប្រមូលផ្តុំ​គ្នា​ជា​និរន្តរ៍​ទៅ​ក្នុង​ក្រោល​របស់​ព្រះវរបិតា ។

ការប្រមូលផ្ដុំ​ទៅកាន់​ព្រះអង្គ​សង្គ្រោះ

ជាមួយនឹង​ពួក​បងប្អូនប្រុស​នៅក្នុង​គណៈប្រធាន​របស់​ខ្ញុំ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ យើង​សូម​ប្រកាស​ថា « សាសនាចក្រ​នេះ​គឺ​ជា​យុថ្កា​នៅ​ក្នុង​ជីវិត​ដ៏​ឥតខ្ចោះ​នៃ​ថ្មជ្រុង​យ៉ាងឯក គឺ​ព្រះយេស៊ូវគ្រីស្ទ និង​នៅក្នុង​ដង្វាយធួន​ដ៏​និរន្ដរ៍ និង​ការ​រស់ឡើងវិញ​ដ៏ពិត​របស់ទ្រង់ ។ … ទ្រង់​អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ​មក​រកទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់ ដើម្បី​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ ពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ និង​ដើម្បី​ទទួល​បាន​អំណរ​ដ៏​ខ្ជាប់ខ្ជួន » ។

ដោយសារ​ការស្ដារឡើងវិញ​កំពុង​តែ​ឆ្ពោះ​ទៅមុខ​តាមរយៈ​វិវរណៈ​ដែល​មាន​ជា​បន្ត « ផែនដី​នឹង​ពុំ​នៅ​ដដែល​ឡើយ នៅពេល​ព្រះ​នឹង ‹ ប្រមូល​របស់​របរ​ទាំងអស់​ទៅ​តែមួយ​នៅក្នុង​ព្រះគ្រីស្ទ › ( អេភេសូរ ១:១០ ) » ។

« របស់​របរ​ទាំងអស់ » រួម​ទាំង​ចៀម​របស់​ទ្រង់​ផងដែរ ។ ព្រះអង្គ​សង្គ្រោះ​កំពុង​អំពាវនាវ​ហៅ​យើង​ឲ្យ​បោះបង់ចោល​អំពើ​ទុច្ចរិត​នៃ​ពិភពលោក ហើយ​ប្រមូលផ្ដុំ​ទៅកាន់​ទ្រង់​វិញ ។ ទ្រង់​ចង់​ឲ្យ​ចៀម​របស់​ទ្រង់​ធ្វើ​ជា​ពន្លឺ​ដែល​ចែងចាំង ដោយ​កំណត់​បទដ្ឋាន​មួយ​សម្រាប់​ពិភពលោក​ទាំងមូល តាមរយៈ​ការឆ្លុះបញ្ចាំង​ពី​របៀប​ដែល​សិស្ស​ពិតប្រាកដ​រស់នៅ រួមទាំង​របៀប​ដែល​ពួកគេ​ដក​ពិសោធន៍​នូវ​អំណរ​ដ៏​ពិត នៅពេល​ពួកគេ​ផ្តោត​ជីវិត​របស់​ពួកគេ​លើ​ព្រះអង្គ​សង្គ្រោះ ។

យើង​ប្រមូលផ្ដុំ​ទៅកាន់​ព្រះអង្គសង្រ្គោះ នៅពេល​យើង​មក​រក​ទ្រង់ ( សូមមើល ម៉ាថាយ ១១:២៨ ) ដោយ​ការអនុវត្ត​សេចក្តីជំនឿ​ទៅរក​ការប្រែចិត្ត ការទទួល​យក​ពិធីបុណ្យ​ជ្រមុជ​ទឹក​ចូល​ក្នុង​សាសនាចក្រ​របស់​ទ្រង់ និង​ការទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

យើង​ប្រមូលផ្ដុំ​ទៅ​កាន់​ព្រះអង្គ​សង្គ្រោះ នៅពេល​យើង​ដកពិសោធន៍​ការព្យាបាល​ខាងវិញ្ញាណ ដែល​កើត​ចេញ​ពី​ការទទួលទាន​សាក្រាម៉ង់ ដោយ​ធ្វើ​ជា​សាក្សី​ថា យើង​នឹង​ព្រម​លើកដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​ទ្រង់ ចងចាំ​ទ្រង់​ជានិច្ច ហើយ​គោរពតាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:៧៧, ៧៩ ) ។

យើង​ប្រមូលផ្ដុំ​ទៅ​កាន់​ព្រះអង្គ​សង្គ្រោះ នៅពេល​យើង​បំពេញ​ជីវិត​របស់​យើង​រាល់​ថ្ងៃ​ដោយ​ព្រះ​បន្ទូល និង​សេចក្ដីពិត​របស់​ទ្រង់ រួម​ទាំង​ការបង្រៀន​របស់​ព្យាការី អ្នក​មើលឆុត និង​អ្នក​ទទួល​វិវរណៈ​របស់​ទ្រង់ ។

យើង​ប្រមូលផ្ដុំ​ទៅកាន់​ព្រះអង្គសង្រ្គោះ នៅពេល​យើង​បន្សុទ្ធ​សមត្ថភាព​របស់​យើង​ដើម្បី​ស្ដាប់​ទ្រង់ ដោយ​រស់នៅ​ដោយ​ភាពស័ក្តិសម​ដើម្បី​ទទួល​ការខ្សឹបប្រាប់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

យើង​ប្រមូលផ្តុំ​ទៅកាន់​ព្រះអង្គ​សង្គ្រោះ នៅពេល​យើង​ពង្រឹង​ការប្រែចិត្តជឿ​របស់​យើង បង្កើន​ជំនឿ​របស់​យើង ធ្វើ​ឲ្យ​ភាព​ជា​សិស្ស​របស់​យើង​កាន់តែ​ស៊ីជម្រៅ ធ្វើ​តាម​គំរូ​របស់​ទ្រង់ ហើយ​ព្យាយាម​ប្រែក្លាយ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ជា​រៀង​រាល់​ថ្ងៃ ។

យើង​ប្រមូលផ្ដុំ​ទៅ​កាន់​ព្រះអង្គ​សង្គ្រោះ នៅពេល​យើង​ធ្វើ​សេចក្ដីសញ្ញា​ពិសិដ្ឋ ហើយ​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

យើង​ប្រមូលផ្ដុំ​ទៅ​កាន់​ព្រះអង្គសង្រ្គោះ​នៅពេល​យើង​ទទួល​យក « នូវ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ​អម្ចាស់​ទ្រង់​ទត​ឃើញ​ថា​ល្អ [ ដល់​យើង ] » ដោយ​មាន​ចិត្តអំណត់ និង​សេចក្តីក្លាហាន ( ម៉ូសាយ ៣:១៩ ) ។

នៅ​ទីបំផុត យើង​ប្រមូលផ្តុំ​ទៅ​កាន់​ព្រះអង្គ​សង្គ្រោះ នៅពេល​យើង​បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ដោយ​អញ្ជើញ​ក្រុមគ្រួសារ មិត្តភក្តិ និង​អ្នក​ជិតខាង​របស់​យើង ឲ្យ​មក​ប្រមូលផ្ដុំ​ជាមួយ​យើង​ទៅកាន់ « ពន្លឺ ហើយ​ជា​ជីវិត​នៃ​ពិភពលោក » ។

ប្រមូលផ្តុំ​ជាមួយ​ពួកបរិសុទ្ធ

នៅពេល​យើង​មក​ប្រមូលផ្ដុំ​គ្នា ហើយ​រួបរួម​គ្នា​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នោះ​យើង​ចូល​ទៅក្នុង​ការរាប់អាន និង​ភាពជា​ដៃគូ​ជាមួយគ្នា ។ យើង​គាំទ្រ បង្រៀន និង​ពង្រឹង​គ្នា​ទៅ​វិញ​ទៅ​មក ។ យើង​ខិតខំ​នៅក្នុង​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្រ្គោះ​ដើម្បី « បាន​រួម​មក​តែ​មួយ » ( យ៉ូហាន ១៧:២១; សូមមើល​ផងដែរ​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៣៨:២៧ ) និង​ដើម្បី « ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក » ( យ៉ូហាន ១៣:៣៤ ) ។

ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​ទីមួយ បានបង្រៀន​ថា « ការចូលរួម​ក្នុង​សាសនាចក្រ​ផ្ដល់​ឲ្យ​យើង​នូវ​កម្លាំង និង​ការពង្រឹង​សេចក្ដីជំនឿ ដែល​កើត​ចេញ​ពី​ការប្រាស្រ័យ​ទាក់ទង​នឹង​ពួក​អ្នក​ជឿ​ផ្សេង​ទៀត និង​ការថ្វាយ​បង្គំ​រួម​គ្នា​ជាមួយ​នឹង​អ្នក​ដែល​កំពុង​ខិតខំ​បន្ត​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា និង​ធ្វើ​ជា​សិស្ស​ដ៏​ប្រពៃ​នៃ​ព្រះគ្រីស្ទ​ផងដែរ » ។

នៅ​សាសនាចក្រ យើង​រកឃើញ​ការសម្រាក​ខាង​វិញ្ញាណ និង​ការរំឭក​ឡើងវិញ ។ យើង​ស្វែងរក​ពិធីបរិសុទ្ធ និង​សិទ្ធិអំណាច​បព្វជិតភាព​ដើម្បី​គ្រប់គ្រង​ពួកគេ ។ យើង​រកឃើញ​សេចក្តីពិត​ដែល​បានស្ដារ​ឡើងវិញ គោលលទ្ធិ​បរិសុទ្ធ និង​វិវរណៈ​ផ្ទាល់ខ្លួន ។ យើង​រកឃើញ​ការស្វាគមន៍ ការលួងលោមចិត្ត និង​ពាក្យសម្ដី​លើកទឹកចិត្ត ។ យើង​ស្វែងរក​ឱកាស​ដើម្បី​រស់នៅ​តាម​បទបញ្ញត្តិ​ដ៏ធំ​ទាំងពីរ ( សូមមើល ម៉ាកុស ១២:៣០–៣១ ) ។

ព្រះអម្ចាស់​បានព្រមាន​យើងថា « ខ្មាំងសត្រូវ​កំពុង​រួម​គ្នា » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣៨:១២ ) ។ ដើម្បី​ការពារ​គ្រួសារ​របស់​យើង និង​រារាំង​ឥទ្ធិពល​ដ៏ខ្លាំងក្លា​របស់​សាតាំង ការថ្វាយបង្គំ​របស់យើង​រួមគ្នា​ក្នុងនាម​ជា​ពួកបរិសុទ្ធ​កាន់តែ​មាន​សារៈសំខាន់ ។

ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនថា​« សាមគ្គីភាព​គឺជា​កម្លាំង » ។

ប្រមូលផ្តុំគ្នា​នៅក្នុង​ការបម្រើ​ដល់ទ្រង់

ព្យាការី​យ៉ូសែប​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា « ថ្ងៃ​នោះ​លឿន​ទៅមុខ​ហើយ ពេលដែល​ការស្ដារ​ឡើងវិញ​នៃ​គ្រប់​ទាំងអស់​នឹងបាន​បំពេញ ដែល​ពួក​ព្យាការី​បរិសុទ្ធ​ទាំងអស់​បាន​ព្យាករទុក រហូតដល់​ការប្រមូលផ្ដុំ​នៃ​វង្សអ៊ីស្រាអែល » ។ ក្នុង​ចំណោម​នោះ​ព្យាការី​ម្នាក់​ដែលបាន​ព្យាករ​បែបនោះ​គឺ​យេរេមា​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ៖

« ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា ដូច្នេះ​មើល នឹង​មាន​គ្រា​មក​ដល់​ដែល​គេ​នឹង​លែង​ស្បថ​ថា ដូច​ជា​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះជន្ម​រស់ ជា​ព្រះ​ដែល​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ​មក

« គឺ​គេ​នឹង​ស្បថ​យ៉ាង​នេះ​វិញ​ថា ដូច​ជា​ព្រះយេហូវ៉ា​មាន​ព្រះជន្ម​រស់ ដែល​ទ្រង់​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល ឡើង​រួច​ពី​ស្រុក​ខាង​ជើង​មក ហើយ​ពី​អស់​ទាំង​ប្រទេស ដែល​ទ្រង់​បាន​បណ្តេញ​គេ​នោះ​ផង »​( យេរេមា ១៦:១៤–១៥ ) ។

ព្យាការី​យ៉ូសែប​បាន​ប្រកាស​បន្ថែម​ទៀត​ថា « យើង​គឺជា​មនុស្ស​ជាទី​ពេញចិត្ត​ដែល​ព្រះ​បាន​ជ្រើសរើស​ដើម្បី​នាំមក​នូវ​សិរីល្អ​នៃ​ថ្ងៃ​ចុងក្រោយ … នៅពេល​ពួកបរិសុទ្ធ​នៃ​ព្រះ​នឹង​ត្រូវបាន​ប្រមូលផ្តុំគ្នា​ពីគ្រប់​ជាតិសាសន៍ និង​គ្រប់ពូជពង្ស និង​មនុស្ស និង​គ្រប់ភាសា » ។

ដើម្បី​សម្រេច​កិច្ចការនោះ​បាន « ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា មើល អញ​នឹង​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​ពួក​នេសាទ​ជា​ច្រើន​មក អ្នក​ទាំង​នោះ​នឹង​បង់​សំណាញ់​ប្រមូល​គេ លំដាប់​នោះ​អញ​នឹង​ចាត់​ឲ្យ​ទៅ​ហៅ​ពួក​ព្រាន​ជា​ច្រើន​មក អ្នក​ទាំង​នោះ​នឹង​ដេញ​ចាប់​គេ​នៅ​លើ​គ្រប់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច ហើយ​នៅ​ក្រហែង​ថ្ម​ទាំង​ប៉ុន្មាន​ផង »​( យេរេមា ១៦:១៦ ) ។

បងប្អូន​ប្រុសស្រី ក្នុង​នាម​សាសន៍​អ៊ីស្រាអែល​ដែលមាន​សេចក្ដីសញ្ញា​នៅ​ថ្ងៃ​ចុងក្រោយ—សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ—យើង​គឺជា​អ្នកនេសាទ និង​ជា​អ្នកបរបាញ់​របស់​ព្រះអម្ចាស់ ។ យើង​ត្រូវបាន​ហៅ​ឲ្យប្រមូលផ្ដុំ​រាស្ត្រ​ជម្រើស​របស់​ព្រះអម្ចាស់​ពី​គ្រប់​ភ្នំ កូនភ្នំ និង​ភូមិ ។ យើង​ត្រូវបាន​ហៅឲ្យ​ផ្តល់ឱកាស​ដល់​កូនចៅ​របស់​ព្រះ ដើម្បី​ក្លាយជា​អ្នកគ្រង​មរតក​ពេញលេញ​ចំពោះ​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​បានសន្យា​ដល់​កូនចៅ​ដ៏ស្មោះត្រង់​របស់​ទ្រង់ ។ នោះ​គឺជា​ការបម្រើ​ដ៏​អស្ចារ្យ​បំផុត​ដែល​យើង​អាចធ្វើ​បាន ។

យើង​បំពេញតាម​ការណែនាំ​ដ៏ទេវភាព​នោះ ដោយ​ប្រមូលផ្តុំ​សាសន៍​អ៊ីស្រាអែល​នៅផ្នែក​ទាំងសងខាង​នៃ​វាំងនន—ដោយ​ចែកចាយ​ដំណឹងល្អ​នៃ​ការស្ដារ​ឡើងវិញ​ជាមួយ​អ្នកដទៃ ស្វែងរក​បុព្វការីជន​របស់​យើង​ដែលបាន​ស្លាប់​ទៅ និង​ធ្វើ​ពិធីបរិសុទ្ធ​ជំនួស​សម្រាប់​ពួកគាត់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ យើង​ក៏​ធ្វើតាម​ការណែនាំ​នោះ​ផងដែរ នៅពេល​យើង​ចែកចាយ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ តាមរយៈ​ការបម្រើ គំរូ ទីបន្ទាល់​របស់​យើង និង​ការអញ្ជើញ​អ្នកដទៃ​ឲ្យ​ចូលរួម​ជាមួយ​យើង ។

ប្រធាន ហែនរី ប៊ី អាវរិង ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ​បានមាន​ប្រសាសន៍​ថា « ព្រះអម្ចាស់​កំពុង​ដឹកនាំ​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់ទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​យាង​ទៅ​មុន​យើង ។ ទ្រង់​ដឹង​ពី​អនាគត​យ៉ាង​ល្អ​ឥតខ្ចោះ ។ ទ្រង់​អញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​ការ ។ ទ្រង់​ចូលរួម​នឹង​បងប្អូន » ។

អភ័យ​ឯកសិទ្ធិ និង​ការជឿទុកចិត្ដ

តើ​មាន​អ្វី​កើតឡើង​ចំពោះ​នាឡិកា​ដក់​របស់​លោកតា ណិលសុន ? ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ឲ្យ​នាឡិកា​នោះ​ទៅ​កូន​ប្រុស​ខ្ញុំ ។ ដូច​ដែល​នាឡិកា​នេះ​បាន​ប្រគល់​មក​ឲ្យ​ខ្ញុំ នាឡិកា​នោះ​ឥឡូវនេះ​ភ្ជាប់​គាត់​ទៅ​នឹង​បុព្វការីជន​របស់​គាត់ ហើយ​រំឭក​គាត់​អំពី​កាតព្វកិច្ច​របស់​គាត់​ចំពោះ​កូនចៅ​របស់​គាត់ ។

ហើយ​វា​នឹង​បន្ដ​បែប​នេះ ទៅ​ជំនាន់​ក្រោយ​ទៀត ។ ជំនាន់​នៃ​សេចក្តីសញ្ញា​នីមួយៗ​បន្ដ​កិច្ចការ​របស់​ព្រះអម្ចាស់ ដោយ​ធ្វើ​ផ្នែក​របស់​ខ្លួន​ក្នុង​ការរៀបចំ​ពិភពលោក​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សូម​ឲ្យ​យើង​មាន​អំណរគុណ​ជានិច្ច​ចំពោះ​អភ័យ​ឯកសិទ្ធិ និង​ការទុកចិត្ត​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង នៅពេល​យើង​ប្រមូលផ្ដុំ​ទៅ​កាន់​ព្រះអង្គ​សង្គ្រោះ ប្រមូលផ្ដុំ​ជាមួយ​ពួកបរិសុទ្ធ និង​ប្រមូលផ្ដុំ​ធ្វើ​ការបម្រើ​ដល់​ទ្រង់ ។