ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 11


កណ្ឌ​ទី ១១

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ​យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​ហៃរុម ស៊្មីធ ជា​បង​ប្រុស​របស់​លោក នៅ​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ខែ​ឧសភា ឆ្នាំ​១៨២៩ (History of the Church, ១:៣៩–៤៦)។ វិវរណៈ​នេះ​ត្រូវ​បាន​ទទួល​មក​តាម​រយៈ យូរីម និង​ធូមីម ជា​ចម្លើយ​ចំពោះ​ការ​អំពាវនាវ និង​សំណូមពរ​របស់​យ៉ូសែប។ History of the Church ឲ្យ​យោបល់​ថា វិវរណៈ​នេះ ត្រូវ​បាន​ទទួល បន្ទាប់​ពី​ការ​សាង​ឡើង​វិញ​នៃ​បព្វជិតភាព​អើរ៉ុន។

១–៦, ពួក​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំងបាយជូរ នឹង​បាន​សេចក្ដី​សង្គ្រោះ; ៧–១៤, ចូរ​ស្វែងរក​ប្រាជ្ញា ចូរ​ស្រែកហៅ​ឲ្យ​មាន​ការ​ប្រែ​ចិត្ត ចូរ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​វិញ្ញាណ; ១៥–២២, ចូរ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ហើយ​ចូរ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់, ២៣–២៧, ចូរ​កុំ​បដិសេធ​វិញ្ញាណ​នៃ​វិវរណៈ និង​ការ​ព្យាករណ៍​ឡើយ; ២៨–៣០, អស់​អ្នក​ណា​ដែល​ទទួល​ព្រះ​គ្រីស្ទ ត្រឡប់​ទៅ​ជា​កូន​ព្រះ។

កិច្ចការ​ដ៏​ធំ និង​អស្ចារ្យ កំពុងតែ​នឹង​ចេញ​មក​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស​ហើយ។

មើល​ចុះ យើង​ជា​ព្រះ ចូរ​ស្ដាប់​តាម​ព្រះ​បន្ទូល​របស់​យើង​ដែល​រស់នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​មាន​មុខ​ពីរ ទាំង​កាត់​សន្លាក់ និង​ខួរឆ្អឹង​ដាច់​ពី​គ្នា ហេតុ​ដូច្នេះ​ហើយ ចូរ​ស្ដាប់​តាម​ព្រះ​បន្ទូល​របស់​យើង​ចុះ។

មើល​ចុះ ស្រែ​ស​សំព្រុស​ល្មម​ច្រូត​ហើយ ហេតុ​ដូច្នេះ​ហើយ អស់​អ្នក​ណា​មាន​បំណង​ចង់​ច្រូត ចូរ​ឲ្យ​អ្នក​នោះ​លូក​កណ្ដៀវ​របស់​ខ្លួន​ដោយ​កម្លាំង​របស់​ខ្លួន ហើយ​ច្រូត​ក្នុង​កាល​មាន​ថ្ងៃ​នៅ​ចុះ ប្រយោជន៍​ឲ្យ​អ្នក​នោះ​អាច​បាន​សន្សំទុក​សម្រាប់​ព្រលឹង​គេ​នូវ​សេចក្ដី​សង្គ្រោះ​ដ៏​អស់​កល្ប​ជានិច្ច​នៅ​ក្នុង​នគរ​ព្រះ។

មែន​ហើយ អស់​អ្នក​ណា​ដែល​នឹង​លូក​កណ្ដៀវ​របស់​ខ្លួន ហើយ​ច្រូត អ្នក​នោះ​ហើយ​បាន​ហៅ​ពី​ព្រះ។

ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​អ្នក​សុំ​ពី​យើង នោះ​អ្នក​តែង​នឹង​បាន​ទទួល បើ​សិន​ជា​អ្នក​នឹង​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក។

ឥឡូវ​នេះ ដូច​ជា​អ្នក​បាន​សុំ មើល​ចុះ យើង​ប្រាប់​អ្នក​ថា ចូរ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ហើយ​ស្វែងរក​ដើម្បី​នាំ​មក ហើយ​តាំង​ឡើង​នូវ​គតិ​នៃ​ក្រុង​ស៊ីយ៉ូន​ចុះ។

ចូរ​កុំ​ស្វែងរក​ទ្រព្យសម្បត្តិ​ឡើយ ប៉ុន្តែ​ចូរ​រក​ប្រាជ្ញា​ចុះ ហើយ​មើល​ចុះ សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ នឹង​ត្រូវ​បាន​បើក​បង្ហាញ​ដល់​អ្នក ហើយ​ខណៈ​នោះ អ្នក​នឹង​បាន​ទៅ​ជា​អ្នក​មាន។ មើល​ចុះ អ្នក​ណា​ដែល​មាន​ជីវិត​អស់​កល្ប​ជានិច្ច ឈ្មោះថា​ជា​អ្នក​មាន​ហើយ។

ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា គឺ​ដរាបណា​អ្នក​មាន​បំណង​ចង់​បាន​ពី​យើង នោះ​នឹង​បាន​សម្រេច​ដល់​អ្នក ហើយ​បើ​សិន​ជា​អ្នក​ប្រាថ្នា នោះ​អ្នក​នឹង​បាន​ទៅ​ជា​មធ្យោបាយ​នៃ​ការ​ធ្វើ​ល្អ​ដ៏​ច្រើន​នៅ​ក្នុង​តំណ​នេះ។

ចូរ​កុំ​ថា​អ្វី​ដល់​តំណ​នេះ​ឡើយ លើក​លែងតែ​ការ​ប្រែ​ចិត្ត។ ចូរ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ហើយ​ជួយ​បញ្ចេញ​កិច្ចការ​របស់​យើង​មក ស្រប​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​អ្នក​នឹង​បាន​ពរ។

១០មើល​ចុះ អ្នក​មាន​អំណោយទាន ឬ​ក៏​អ្នក​នឹង​បាន​អំណោយទាន បើ​សិន​ជា​អ្នក​នឹង​សុំ​ចង់​បាន​ពី​យើង​ដោយ​នូវ​សេចក្ដី​ជំនឿ ដោយ​មាន​ចិត្ត​ទៀងត្រង់ ដោយ​ជឿ​ដល់​ព្រះ​ចេស្ដា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ឬ​ជឿ​ដល់​ព្រះ​ចេស្ដា​របស់​យើង ដែល​មាន​ព្រះ​បន្ទូល​មក​កាន់​អ្នក

១១ត្បិត​មើល​ចុះ គឺ​យើង​នេះ​ហើយ​ដែល​មាន​ព្រះ​បន្ទូល មើល​ចុះ យើង​ជា​ពន្លឺ​ដែល​ភ្លឺ​មក​ក្នុង​សេចក្ដី​ងងឹត ហើយ​ដោយ​សារ​ព្រះ​ចេស្ដា​របស់​យើង នោះ​យើង​ប្រទាន​ព្រះ​បន្ទូល​ទាំង​ឡាយ​នេះ​ដល់​អ្នក។

១២ហើយ​ឥឡូវ​នេះ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ដាក់​ទី​ទុក​ចិត្ត​របស់​អ្នក​ទៅ​នឹង​ព្រះ​វិញ្ញាណ​នោះ​ដែល​នាំ​ឲ្យ​ធ្វើ​ល្អ — មែន​ហើយ គឺ​ឲ្យ​ធ្វើ​ដោយ​យុត្តិធម៌ ឲ្យ​ដើរដោយ​ទាប​រាបសា ឲ្យ​វិនិច្ឆ័យ​ដោយ​សុចរិត ហើយ​នេះ​គឺជា​ព្រះ​វិញ្ញាណ​របស់​យើង។

១៣ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​នឹង​រំលែក​ដល់​អ្នក​នូវ​ព្រះ​វិញ្ញាណ​របស់​យើង ដែល​នឹង​បំភ្លឺគំនិត​របស់​អ្នក ដែល​នឹង​បំពេញ​ព្រលឹង​របស់​អ្នក​ដោយ​សេចក្ដី​អំណរ។

១៤ហើយ​ខណៈ​នោះ អ្នក​នឹង​ដឹង ឬ​ដោយ​ការណ៍​នេះ អ្នក​នឹង​ដឹង​គ្រប់​ទាំង​អស់​ដែល​អ្នក​មាន​បំណង​ចង់​បាន​ពី​យើង ដែល​ទាក់​ទង​ទៅ​នឹង​ការណ៍​ទាំង​ឡាយ​នៃ​សេចក្ដី​សុចរិត គឺ​ដោយ​នូវ​សេចក្ដី​ជំនឿ ដោយ​ជឿ​ដល់​យើង​ថា អ្នក​នឹង​បាន​ទទួល​នោះ។

១៥មើល​ចុះ យើង​បញ្ជា​ដល់​អ្នក​ថា អ្នក​មិន​ត្រូវ​សន្និដ្ឋាន​ថា អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​ផ្សាយ លុះ​ត្រា​អ្នក​ត្រូវ​បាន​ហៅ​សិន។

១៦ចូរ​ចាំ​បន្តិច លុះ​ត្រា​អ្នក​នឹង​បាន​ព្រះ​បន្ទូល​របស់​យើង ថ្មដា​របស់​យើង សាសនាចក្រ​របស់​យើង និង​ដំណឹង​ល្អ​របស់​យើង ដើម្បី​ឲ្យ​អ្នក​អាច​បាន​ស្គាល់​គោល​លទ្ធិ​របស់​យើង ដោយ​ពិតប្រាកដ​សិន​ចុះ។

១៧ហើយ​ខណៈ​នោះ មើល​ចុះ ស្រប​តាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​អ្នក មែន​ហើយ គឺ​ស្រប​តាម​សេចក្ដី​ជំនឿ​របស់​អ្នក ការណ៍​នោះ​នឹង​បាន​សម្រេច​ដល់​អ្នក។

១៨ចូរ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ចូរ​កុំ​មាត់ ចូរ​អំពាវនាវ​ដល់​ព្រះ​វិញ្ញាណ​របស់​យើង​ចុះ

១៩មែន​ហើយ ចូរ​នៅ​ជាប់​នឹង​យើង​ឲ្យ​អស់​ពី​ចិត្ត ដើម្បី​ឲ្យ​អ្នក​អាច​ជួយ​នាំ​មក​រក​ពន្លឺ​នូវ​ការណ៍​ទាំង​ឡាយ​នោះ ដែល​បាន​ពោល​ដល់ — មែន​ហើយ គឺជា​ការ​បកប្រែ​នៃ​កិច្ចការ​របស់​យើង ចូរ​មាន​ចិត្ត​អត់ធន់ លុះ​ត្រា​អ្នក​នឹង​បាន​សម្រេច​ការណ៍​នោះ​សិន។

២០មើល​ចុះ នេះ​ជា​កិច្ចការ​របស់​អ្នក គឺ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង មែន​ហើយ ឲ្យ​អស់​ពី​ពលំ អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​អ្នក។

២១ចូរ​កុំ​ខំ​ប្រកាស​ព្រះ​បន្ទូល​របស់​យើង​ឡើយ ប៉ុន្តែ​ចូរ​ខំ​ព្យាយាម​ដើម្បី​ឲ្យ​បាន​ព្រះ​បន្ទូល​របស់​យើង​ជា​មុន​សិន​ចុះ ហើយ​ខណៈ​នោះ អណ្ដាត​របស់​អ្នក​នឹង​បាន​ធូរ ពេល​នោះ បើ​សិន​ជា​អ្នក​មាន​ប្រាថ្នា នោះ​អ្នក​នឹង​បាន​ព្រះ​វិញ្ញាណ​របស់​យើង និង​ព្រះ​បន្ទូល​របស់​យើង មែន ហើយ គឺជា​ព្រះ​ចេស្ដា​នៃ​ព្រះ ដើម្បី​បញ្ចុះ​បញ្ចូល​មនុស្ស​លោក។

២២ប៉ុន្តែ​ឥឡូវ​នេះ ចូរ​កុំ​មាត់ ចូរ​សិក្សា​ព្រះ​បន្ទូល​របស់​យើង ដែល​បាន​ចេញ​ទៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស ហើយ​ក៏​សិក្សា​ព្រះ​បន្ទូល​របស់​យើង ដែល​នឹង​ចេញ​មក​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស ឬ​ក៏​អ្វី​ដែល​កំពុងតែ​បកប្រែ​ឥឡូវ​នេះ មែន​ហើយ លុះ​ត្រា​អ្នក​បាន​ទទួល​នូវ​អ្វី​ទាំង​អស់ ដែល​យើង​នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​នៅ​ក្នុង​តំណ​នេះ ហើយ​ខណៈ​នោះ ទើប​គ្រប់​របស់​ទាំង​ឡាយ​នឹង​បាន​ប្រទាន​មក​ថែម​ទៀត។

២៣មើល​ចុះ អ្នក​ជា​ហៃរុម ជា​បុត្រ​របស់​យើង ចូរ​ស្វែងរក​នគរ​ព្រះ​ចុះ ហើយ​គ្រប់​របស់​ទាំង​ឡាយ​នឹង​បាន​ប្រទានមក​ថែម​ទៀត ស្រប​តាម​អ្វី​ដែល​ត្រឹម​ត្រូវ។

២៤ចូរ​សង់​នៅ​លើ​ថ្មដា​របស់​យើង ដែល​ជា​ដំណឹង​ល្អ​របស់​យើង

២៥ចូរ​កុំ​បដិសេធ​វិញ្ញាណ​នៃ​វិវរណៈ ឬ​ក៏​វិញ្ញាណ​នៃ​ការ​ព្យាករណ៍​ឡើយ ត្បិត​វេទនា​ដល់​អ្នក​ណា​ដែល​បដិសេធ​របស់​ទាំង​នេះ

២៦ហេតុ​ដូច្នេះ​ហើយ ចូរ​ទុក​ក្នុង​ចិត្ត​របស់​អ្នក លុះ​ត្រា​ដល់​ពេល​ដែល​នៅ​ក្នុង​ប្រាជ្ញា​របស់​យើង ថា​អ្នក​នឹង​ត្រូវ​ចេញ​ទៅ។

២៧មើល​ចុះ យើង​មាន​បន្ទូល​ទៅ​កាន់​មនុស្ស​ទាំង​អស់​ណា ដែល​មាន​សេចក្ដី​ប៉ងប្រាថ្នា​ល្អ ហើយ​ដែល​បាន​លូក​កណ្ដៀវ​របស់​ខ្លួន​មក​ច្រូត។

២៨មើល​ចុះ យើង​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។ យើង​ជា​ជីវិត និង​ជា​ពន្លឺ​នៃ​ពិភពលោក។

២៩យើង​ជា​អ្នក​ដដែល​នោះ ដែល​បាន​យាង​មក​រក​រាស្ត្រ​របស់​យើង តែ​រាស្ត្រ​របស់​យើង​មិន​បាន​ទទួល​យើង​សោះ។

៣០ប៉ុន្តែ​ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ដរាបណា​មនុស្ស​ជា​ច្រើន​ទទួល​យើង អ្នក​ទាំង​នោះ​ហើយ​ដែល​យើង​នឹង​ប្រទាន​អំណាច​ឲ្យ​ត្រឡប់​ទៅ​ជា​កូន​ព្រះ គឺ​ដល់​ពួក​អ្នក​ណា ដែល​ជឿ​ដល់​ព្រះ​នាម​របស់​យើង។ អាម៉ែន៕