ប្រិយមិត្ត
មហន្តរាយ​ដោយ​ព្រួញ
ខែ កញ្ញា ឆ្នាំ ២០២៤


« ការខូតខាត​ដោយសារ​ព្រួញ »ប្រិយមិត្ត ខែ កញ្ញា ឆ្នាំ ២០២៤​ ទំព័រ ៤-៥ ។

ការខូតខាត ដោយសារ ព្រួញ

តើ​ដានីយ៉ែល ក្លាហាន​គ្រប់គ្រាន់​ដើម្បី​ប្រាប់​ការពិត​ឬ​ទេ ?

ដំណើររឿង​នេះ​បាន​កើតឡើង​នៅក្នុង ស.រ.អា. ។

ដានីយ៉ែល​បាន​បង្ហើប​គម្រប​កេស​របស់លេង​ចាស់ៗ​របស់​លោកតា ហើយ​បាន​លួច​មើល​ខាងក្នុង​នោះ ។ បង​ប្អូន​ជីដូន​មួយ​របស់​គាត់​បាន​នាំ​គ្នា​មើល​ទាំងអស់​គ្នា ។ ពួកគេ​ចូលចិត្ត​លេង​ជាមួយ​គ្នា​នៅ​ផ្ទះ​លោកតា​ណាស់ !

នៅ​ខាង​ក្នុង​កេស​នោះ​មាន​របស់លេង​ចាស់ៗ​ជា​ច្រើន​ដែល​ម្តាយ និង​មីង​របស់​ដានីយ៉ែល​ធ្លាប់បាន​លេង កាល​ពេល​ពួកគាត់​នៅ​ក្មេងៗ ។

« តើ​របស់​ទាំងនោះ​ជា​អ្វី​ទៅ ? » បង​ប្អូន​ជីដូន​មួយ​របស់​ដានីយ៉ែល ឈ្មោះ​ណូអេ បាន​ចង្អុល​ទៅ​ព្រួញ​ហួសសម័យ​ទាំង​ប្រាំមួយ​ដែល​មាន​ពន្លឺ​ចែងចាំង ។ វាមាន​ចុង​ស្រួច ហើយ​មាន​រោមស្លាប​ដែល​មាន​ពណ៌​—​ខ្លះ​ក្រហម និង​ខ្លះ​ទៀត​លឿង ។

ដានីយ៉ែល​បាន​យក​មួយ​ឡើង ។ គាត់​បាន​និយាយ​ថា « ម្តាយ​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​អំពី​របស់​ទាំង​នេះ » ។ « ឯង​ដាក់​កន្ត្រក​សំណាញ់​នៅ​វាល​ស្មៅ​ខាង​ក្រៅ ។ បន្ទាប់​មក ឯង​ដាក់​វេន​គ្នា​គប់​វា​ទៅ​លើ ហើយ​ព្យាយាម​ឲ្យ​វា​ធ្លាក់ចូល​កន្ត្រក​សំណាញ់​នោះ » ។

ណូអេ​បាន​និយាយ​ថា « ឡូយណាស់ ! » ។ គាត់​បាន​រត់​ទៅ​កាន់​ទីធ្លា​បាត់​ហើយ ដើម្បី​រៀបចំ​ហ្គេម​នោះ ។

មិន​យូរ​ប៉ុន្មាន ដានីយ៉ែល និង​បង​ប្អូន​ជីដូន​មួយ​របស់​គាត់​បាន​គប់​ព្រួញ​លើ​វាល​ស្មៅ ទៅ​លើអាកាស​ជុំវិញ​ទីធ្លា​ផ្ទះ​របស់​លោកតា ។ ដានីយ៉ែលសប្បាយ​ពេល​ឃើញ​ព្រួញ​ធ្លាក់​ចុះ ហើយ​ដោត​ជាប់​នៅ​ក្នុង​ស្មៅ​យ៉ាងជ្រៅ ។

បង​ប្អូន​ជីដូន​មួយ​របស់​ដានីយ៉ែល ឈ្មោះ​លីលី បាន​និយាយ​ថា « ខ្ញុំ​ហ៊ាន​ភ្នាល់​ថា ខ្ញុំ​អាច​គប់​ព្រួញ​របស់ខ្ញុំ​ខ្ពស់​ជាង​របស់​ឯង » ។

ក្មេងៗ​បាន​សើច និង​គប់​ព្រួញ​ឡើង​ខ្ពស់​ទៅៗ ។

បន្ទាប់មក ដានីយ៉ែល​មាន​គំនិត​មួយ ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​ហ៊ាន​ភ្នាល់​ថា ខ្ញុំ​អាច​គប់​ព្រួញ​របស់ខ្ញុំ​ផុត​ផ្លូវ​ចំណតរថ​យន្ត ហើយ​ចូល​ទៅ​ក្នុង​កន្ត្រក​សំណាញ់​នោះ ! » គាត់​បាន​រត់ឆ្លង​ផ្លូវ​ទៅ​ម្ខាង​ទៀត​ ហើយ​គប់​ព្រួញ​នោះ​មួយ​ទំហឹង ។

ព្រួញ​ហោះ​ឡើង​ខ្ពស់​ទៅ​លើ​អាកាស ប៉ុន្តែ​វា​មិន​បាន​ធ្លាក់​ចំ​លើ​ស្មៅ​ទេ ។ ផ្ទុយ​ទៅ​វិញ វា​បាន​ធ្លាក់​ចំ​ឡាន​ថ្មី​របស់​អ្នកមីង រ៉ូប៊ីលីន ដោយ​មាន​សម្លេងសូរ ក្តុក យ៉ាង​ខ្លាំង ។

ក្មេង​ប្រុស​គប់​ព្រួញ​ទៅ​លើ​ឡាន

ណូអេ​ស្រែកថា « អូ៎ អត់ទេ ! » ។

ដានីយ៉ែល​បាន​រើស​ព្រួញ​នោះ ។ មាន​កន្លែង​កំកំប៉ិត​ធំ​មួយជា​កន្លែង​ដែល​ព្រួញ​នោះ​ធ្លាក់​ចំ ។

ក្មេងៗ​បាន​មើល​មុខ​គ្នា​ដោយ​ភ័យ​ខ្លាច ។ ក្រោយ​មក ពួក​គេ​បាន​ទុក​ព្រួញ​ចោល​នៅ​លើ​វាល​ស្មៅ ហើយ​រត់​ចូល​ទៅ​ក្នុង​ដោយ​មិន​បាន​និយាយ​អ្វី​សោះ ។

លុះដល់​ពេល​រសៀល​ មនុស្ស​គ្រប់​គ្នា​បានចូល​ទៅក្នុង​រថយន្ត​របស់​ពួក​គេ​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ មីង​របស់​ដានីយ៉ែល​បាន​កត់​សម្គាល់​ឃើញ​ស្នាម​កំប៉ិត​នៅ​លើ​រថ​យន្ត​របស់​គាត់ ។ គាត់​បាន​សួរ​ថា « តើ​មាន​អ្វី​កើត​ឡើង ? » ។

ដានីយ៉ែល​ភ័យ​បុកពោះ ។ តែ​គាត់​មិន​បាន​និយាយ​អ្វី​ទាំង​អស់ ។ គាត់​គ្រាន់​តែ​ឡើង​​ឡាន ហើយ​បាន​លា​បង​ប្អូន​ជីដូន​មួយ​របស់​គាត់ ។

អំឡុង​ពេល​បើក​ឡាន​ត្រឡប់​មក​ផ្ទះ​វិញ ដានីយ៉ែល​បាន​អង្គុយ​យ៉ាង​ស្ងៀមស្ងាត់​នៅ​កន្លែង​អង្គុយ​ខាង​ក្រោយ ។ គាត់​បាន​ព្យាយាម​អាន​សៀវភៅ​របស់​គាត់ ។ ប៉ុន្តែ​គាត់​មិន​អាច​ផ្តោត​អារម្មណ៍​បាន​ទេ ។ គាត់​មាន​អារម្មណ៍​រសាប់រសល់​អំពី​អ្វី​ដែល​បាន​កើត​ឡើង ។ គាត់​បាន​ដឹង​ថា ភាព​ស្មោះ​ត្រង់​គឺ​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ ។ ប៉ុន្តែ​ការ​ប្រាប់​ការពិត​គឺជា​រឿង​គួរ​ឲ្យ​ភ័យខ្លាច ! ឪពុក​ម្ដាយ​របស់​គាត់​នឹង​ខឹង​គាត់​យ៉ាងខ្លាំង ។ ក៏​ដូច​ជា​មីង​របស់​គាត់​ដែរ ។

បន្ទាប់​មក ដានីយ៉ែល​បាន​គិត​អំពី​វីរបុរស​ក្នុង​ព្រះគម្ពីរ​ដែល​គាត់​ចូលចិត្ត ។ ដានីយ៉ែល​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ត្រូវ​បាន​បោះ​​ទៅ​ក្នុង​រូង​តោ​ដោយសារ​ការ​ជ្រើស​រើស​ត្រឹមត្រូវ ។ គាត់​ក្លាហាន​ណាស់ ។ ប្រហែល​ជា​ដានីយ៉ែល​ក៏​អាច​មាន​ភាព​ក្លាហាន​ផង​ដែរ ។

« អេ ម៉ាក់ ? » ដានីយ៉ែល​បាន​និយាយ ។ « កូន​បាន​គប់​ព្រួញ​នៅ​លើ​ស្មៅ ហើយ​វា​បាន​ធ្លាក់ចំរថយន្ត​របស់​មីង រ៉ូប៊ីលីន ហើយ​ធ្វើ​ឲ្យ​វា​កំប៉ិត ។ វា​ជា​កំហុស​របស់​កូន ។ »

ម្តាយ​សម្លឹង​មើល​គាត់​តាម​កញ្ចក់​មើល​ក្រោយ ។ គាត់​មិន​ខឹងសម្បា​ដូច​ដានីយ៉ែល​បាន​គិត​នោះ​ទេ ។ គាត់​បាន​និយាយ​ថា « អរគុណ​ដែល​បាន​ប្រាប់​ការ​ពិត​ដល់​ម៉ាក់ » ។

ម្តាយ និង​ក្មេង​ប្រុស​នៅ​ក្នុង​ឡាន

ដានីយ៉ែល​បាន​ដក​ដង្ហើម​ធំ ។ គាត់​បាន​សួរ​ថា « តើ​កូន​អាច​ទូរសព្ទ​ទៅ​អ្នកមីង រ៉ូប៊ីលីន នៅ​ពេល​យើង​​ដល់​ផ្ទះ​វិញ​បាន​ទេ ? »។ « កូន​ចង់​សុំទោស​គាត់ ។ ហើយ​កូន​នឹង​ខិតខំ​រក​ប្រាក់​ដើម្បី​បង់​ថ្លៃ​ជួសជុល​ឡាន​របស់​គាត់​វិញ » ។

ម៉ាក់​បាន​ញញឹម ។ « នោះ​ជា​គំនិត​ល្អ​ណាស់ » ។

អារម្មណ៍​ក្តុកក្តួល​របស់​គាត់​បាន​បាត់​ទៅ ហើយ​ដានីយ៉ែល​មាន​អារម្មណ៍​សុខសាន្ត ។ គាត់​មាន​ភាព​ក្លាហាន​គ្រប់គ្រាន់​ដើម្បី​ប្រាប់​ការពិត ។ ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ គាត់​អាច​ប្រែ​ចិត្ត ហើយ​ធ្វើ​ឲ្យ​រឿង​នានា​បាន​ត្រឹម​ត្រូវ ។

Alt text

រចនា​រូបភាព​ដោយ ចស ថាលបិត