ប្រិយមិត្ត
ប្រអប់​ព្រួយ​បារម្ភ
ខែ កញ្ញា ឆ្នាំ ២០២៤


« ប្រអប់​ព្រួយ​បារម្ភ »ប្រិយមិត្ត ខែ កញ្ញា ឆ្នាំ ២០២៤ ទំព័រ ៣៦–៣៧ ។

ប្រអប់ ព្រួយ​បារម្ភ

អូលីវីយ៉ា បាន​គិត​ច្រើន​អំពី​ការ​ព្រួយ​បារម្ភ​របស់​នាង ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅក្នុង ស.រ.អា. ។

អូលីវីយ៉ា បាន​ប្រញាប់​ចេញ​ពី​ថ្នាក់​រៀន​របស់​នាង​មុន​ពេល​រៀន​ចប់ ។ នាង​បាន​ព្យាយាម​មិន​មើលមុខ​នរណា​ម្នាក់​ចំ​ភ្នែក​នោះ​ទេ ។

ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដំបូង​នៃ​ការ​ព្យាបាល​របស់ អូលីវីយ៉ា ។ ម្តាយ​របស់​នាង​បាន​ពន្យល់​ថា​នាង​នឹង​ជួប​ជាមួយ​គ្រូ​ពេទ្យ​ដែល​អាច​ជួយ​នាង​ព្យាបាល​ការ​ព្រួយ​បារម្ភ​របស់​នាង​បាន ។ អូលីវីយ៉ា មាន​អារម្មណ៍​ព្រួយ​បារម្ភ​​ច្រើន ។ ពេល​ខ្លះ​នាង​មាន​អារម្មណ៍​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង រហូត​ដល់​គេង​មិនលក់ ឬ​ពិបាក​នឹង​រីករាយ​ជាមួយ​មិត្តភក្តិ​របស់​នាង ។

អូលីវីយ៉ា បាន​ចូល​ក្នុង​ឡាន​ជាមួយ​ម្តាយ ហើយ​គេង​លក់​នៅ​លើ​កៅអី​របស់​នាង ។

« តើ​មាន​រឿង​អី ? » ម៉ាក់​បានសួរ ។

អូលីវីយ៉ា មិន​បាន​ឆ្លើយ​មួយ​សន្ទុះ ។ « ហេតុ​អី​កូន​ត្រូវ​ទៅ​ពេទ្យ ? »

ម៉ាក់​ចាប់ផ្តើម​បើកបរ ។ « ព្រះវរបិតាសួគ៌​ប្រទាន​គ្រូពេទ្យ​ដល់​យើង ដើម្បី​ជួយ​យើង ។ គឺដូច​ជា​របៀប​ដែល​ទ្រង់​ប្រទាន​ឲ្យ​យើង​នូវ​អ្វីៗ​ផ្សេង​ទៀត​ដើម្បី​ជួយ​យើង ដូច​ជា​មិត្តភក្តិ និង​ព្រះគម្ពីរ​ជាដើម ។ តើ​កូន​ចាំ​ពី​ច្រវ៉ាក់​ព្រះគម្ពីរ​ដែល​យើង​បាន​ធ្វើ​ដែរ​ឬ​ទេ ? »

អូលីវីយ៉ា បាន​ងក់​ក្បាល ។ ម៉ាក់​បាន​ជួយ​នាង​ឲ្យ​រក​ឃើញ​ខគម្ពីរ​ដែល​បាន​ជួយ​ដល់​ការ​ព្រួយ​បារម្ភ​របស់​នាង ។ នៅ​ក្នុង​ខគម្ពីរ​នីមួយៗ ម៉ាក់​បាន​សរសេរ​ពី​កន្លែង​ដែល​ត្រូវ​ស្វែងរក​ខគម្ពីរ​បន្ទាប់ ។ ពេល​អូលីវីយ៉ា មាន​ការ​ព្រួយ​បារម្ភ​នៅ​ពេល​យប់ នាង​នឹង​ពោល​ពាក្យ​អធិស្ឋាន ហើយ​ស្វែង​រក​ខគម្ពីរ​មួយ​ក្នុង​ចំណោម​ខគម្ពីរ​ទាំង​នោះ ។ បន្ទាប់​មក នាង​បាន​អាន​ខគម្ពីរ​ផ្សេង​ទៀត​នៅ​ក្នុង​ច្រវាក់​រហូត​ដល់​នាង​ងងុយ​គេង ។

ពេល អូលីវីយ៉ា និង​ម៉ាក់​បាន​ដើរ​ចូល​ទៅ​ក្នុង​ការិយាល័យ​វេជ្ជបណ្ឌិត វេជ្ជបណ្ឌិត ប៉ូស៊ី បាន​ណែនាំ​ខ្លួន ។ គាត់​បាន​សួរ​អូលីវីយ៉ា អំពី​អារម្មណ៍​របស់​នាង ។ អូលីវីយ៉ា បាន​ប្រាប់​គាត់បន្តិច​អំពី​ការ​ព្រួយ​បារម្ភ​របស់​នាង ។

« មនុស្ស​ជា​ច្រើន​មាន​អ្វី​មួយ​ហៅ​ថា​ការ​ថប់​បារម្ភ » ។ វេជ្ជបណ្ឌិត ប៉ូស៊ី បាន​និយាយ ។ « ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ដូច​ប្អូន ។ ប៉ុន្តែ​ប្អូន​អាច​ធ្វើ​កិច្ចការ​មួយ​ចំនួន​ដើម្បី​ជួយ​ប្អូន​ឲ្យ​មាន​អារម្មណ៍​មិន​សូវ​ព្រួយ​បារម្ភ ។ តើ​ប្អូន​អាច​សាកល្បង​មួយ​ក្នុង​ចំណោម​ការសាកល្បង​នេះ​ជាមួយ​ខ្ញុំ​បាន​ទេ ? »

អូលីវីយ៉ា បាន​សម្លឹង​មើល​ស្បែក​ជើង​របស់​នាង​ហើយ​ងក់ក្បាល ។

វេជ្ជ. ប៉ូស៊ី ហុច​ប្រអប់​តូច​មួយ​ដល់​អូលីវីយ៉ា ។ « នេះ​ជា​ប្រអប់​ព្រួយ​បារម្ភ ។ វា​រក្សា​ការ​ព្រួយ​បារម្ភ​របស់​យើង​ឲ្យ​មាន​សុវត្ថិភាព ដូច្នេះ​យើង​មិន​ចាំ​បាច់​គិត​ពី​រឿង​ទាំង​នោះ​ទេ » ។

អូលីវីយ៉ា និង​វេជ្ជបណ្ឌិត ប៉ូស៊ី

អូលីវីយ៉ា បង្វិល​ប្រអប់​មើល​នៅ​ក្នុង​ដៃ​របស់​នាង​ ។ វា​មើល​ទៅ​មិន​ដូច​ជា​អ្វី​ពិសេស​នោះ​ទេ ។

វេជ្ជបណ្ឌិត​បាន​និយាយ​ថា ៖ « ពេល​ក្រោយ​នៅពេល​ប្អូន​មាន​អារម្មណ៍​ភ័យ​ខ្លាច ​សូម​សរសេរ​ការ​ព្រួយ​បារម្ភ​របស់​ប្អូន​នៅ​លើ​ក្រដាស​មួយ​សន្លឹក​ហើយ​ដាក់​ក្នុង​ប្រអប់​នេះ » ។ វេជ្ជបណ្ឌិត ប៉ូស៊ី បាន​និយាយ ។ « រួច​រើស​យក​ពេល​មួយ​ដើម្បី​បើក​ប្រអប់​ជា​រៀង​រាល់​ថ្ងៃ​សម្រាប់​ពេល​វេលា​ព្រួយ​បារម្ភ ។ បើ​ប្អូន​ព្រួយ​បារម្ភ​អំពី​អ្វី​មួយ​មុន​ពេល​នោះ​មកដល់ ​សូម​និយាយ​ថា ‹ ខ្ញុំ​មិន​ចាំបាច់​គិត​អំពី​រឿង​នេះ​នៅ​ពេល​នេះ​ទេ ›​»។

អូលីវីយ៉ាបាន​ឆ្លើយ « យល់ព្រម » ។ វេជ្ជ. ប៉ូស៊ី បាន​ជួយ​នាង​ឲ្យ​សរសេរ​ការ​ព្រួយ​បារម្ភ​ដ៏​ធំ​បំផុត​របស់​នាង ហើយ​អូលីវីយ៉ា​បាន​ដាក់​វា​ចូល​ទៅ​ក្នុង​ប្រអប់ ។

ក្រោយ​មក នៅ​ថ្ងៃ​នោះ​ការ​ព្រួយ​បារម្ភ​មួយ​របស់​អូលីវី​យ៉ាបាន​លេច​ឡើង​នៅ​ក្នុង​គំនិត​របស់​នាង​។ នាង​បាន​ប្រាប់​ខ្លួន​ឯងថាវា​ស្ថិត​នៅ​ក្នុង​ប្រអប់​ព្រួយ​បារម្ភខ្ញុំ​អាច​ព្រួយ​បារម្ភ​អំពី​រឿង​នោះ​នៅ​ពេល​ក្រោយ ។ នាង​បាន​ព្យាយាម​ឈប់​គិត​អំពី​រឿង​នេះ ។ នាង​លេង​ជាមួយ​បង​ប្រុស​របស់​នាង​ជំនួស​វិញ ។

លុះ​ពេលចូល​គេង អូលីវីយ៉ា មាន​អារម្មណ៍​ភ័យ​ខ្លាច ។ ពេល​យប់​គឺ​នៅ​ពេល​ដែល​ការ​ព្រួយ​បារម្ភ​របស់​នាង​បាន​កើន​ឡើង​យ៉ាង​អាក្រក់​បំផុត ។ នាង​បាន​ដាក់​ប្រអប់​ព្រួយ​បារម្ភ​របស់​នាង និង​ព្រះគម្ពីរ​របស់​នាង​នៅជិត​គ្រែ​របស់​នាង ហើយ​បាន​ស្រែក​ហៅ​ម៉ាក់ ។

នាង​សួរ​ថា ៖​ « ​ចុះ​បើ​គ្មាន​ប្រសិទ្ធភាព​វិញ​នេះ ? »

ម៉ាក់​បាន​ឱប​នាង​យ៉ាង​ណែន ។ « អ៊ីចឹង​យើង​នៅ​តែ​ព្យាយាម ។ ព្រះវរបិតាសួគ៌​នឹង​ជួយកូន​រក​វិធី​ផ្សេង​ទៀត​ដែល​ជួយ​បាន »។

អូលីវីយ៉ា បាន​ងក់​ក្បាល ។ « ប្រហែល​ខ្ញុំ​គួរ​សរសេរពីរឿង​ទាំង​នោះ​ដាក់ក្នុង​ប្រអប់​ព្រួយ​បារម្ភ​ផង​ដែរ » ។

ម៉ាក់​បាន​តបថា​« គំនិត​ល្អណាស់ » ។ គាត់​បាន​ពោល​ពាក្យ​អធិស្ឋាន​ជាមួយ អូលីវីយ៉ា ។ វាបាន​ធ្វើ​ឲ្យ​អូលីវីយ៉ា​មាន​អារម្មណ៍​ធូរចិត្ត​បន្តិច ។

អូលីវីយ៉ា និង​ប្រអប់​ព្រួយ​បារម្ភ

បន្តិច​ក្រោយមក បន្ទាប់ពី​ម៉ាក់​បាន​បិទ​ភ្លើង​ហើយ ​នោះ​មាន​ការ​ព្រួយ​បារម្ភ​មួយ​បាន​លេច​ឡើង​ក្នុង​គំនិត​របស់​អូលីវីយ៉ា ។ នាង​បាន​បើក​ចង្កៀង​របស់​នាង ។ នាង​បាន​សរសេរ​ការ​ព្រួយ​បារម្ភ ហើយ​ដាក់​វា​នៅ​ក្នុង​ប្រអប់​នៅ​ពេល​ក្រោយ​។ នាង​បាន​ពោលពាក្យ​អធិស្ឋាន​មួយ​ទៀត​ដើម្បី​សុំ​ឲ្យ​ព្រះ​វរបិតា​សួគ៌​លួង​លោម​នាង ។

អូលីវីយ៉ា ជាមួយ​នឹង​ព្រះគម្ពីរ

ក្រោយ​មកទៀត នាង​បាន​បើក​ព្រះគម្ពីរ​របស់​នាង​ ហើយ​ស្វែង​រក​ខគម្ពីរ​ដែល​បាន​គូស​ចំណាំ​ មកពី​​ច្រវាក់​ខគម្ពីរ​របស់​នាង ។ ខ​គម្ពីរទីមួយ​ដែល​នាង​បាន​រកឃើញ​គឺ អេសាយ ៤១:១០ ។ វា​បាន​និយាយ​ថា « កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជាមួយ​នឹង​ឯង » ។

នៅ​ជាប់​នឹង​ខគម្ពីរ​នេះ​ម៉ាក់​បាន​សរសេរ​ថា « គោលលទ្ធិ និង សេចក្តី​សញ្ញា ៦:៣៦ » ។ អូលីវីយ៉ា បាន​ស្វែងរក​ខគម្ពីរ​នោះ ហើយ​អាន​វា​ឮៗ ។ « ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ ចូរ​កុំ​ខ្លាច​ឡើយ » ។

អូលីវីយ៉ា មាន​អារម្មណ៍​សុខសាន្ត ។ នាង​បាន​ដឹង​ថា នាង​ប្រហែល​ជា​គិត​ពី​ការ​ព្រួយ​បារម្ភ​ថែម​ទៀត ។ ប៉ុន្តែ​ព្រះវរបិតាសួគ៌​បាន​ប្រទាន​នូវ​អ្វីៗ​ជាច្រើន​ដល់​នាង ដើម្បី​ជួយ​នាង​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ប្រសើរ​ឡើង ។ ទ្រង់​បាន​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​នាង ។ ហើយ​វា​បាន​ជួយ​ច្រើនណាស់ !

PDF

រចនា​រូបភាព​ដោយ ជេនីហ្វើរ ណាអាឈីហ្កា