ប្រិយមិត្ត
ថ្ងៃ​ដ៏ធុញ​ថប់របស់ ប៉ាទ្រិក
ខែ កញ្ញា ឆ្នាំ ២០២៤


« ថ្ងៃ​ដ៏​ធុញថប់​របស់ ប៉ាទ្រិក » ប្រិយមិត្ត ខែ កញ្ញា ឆ្នាំ ២០២៤ ទំព័រ ១០–១១ ។

ថ្ងៃ​ដ៏​ធុញថប់​របស់ ប៉ាទ្រិក

បងប្រុស​របស់​ប៉ាទ្រិក តែងតែ​គ្មាន​ពេល​សម្រាប់​ប៉ាទ្រិកទេ ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅក្នុង ស.រ.អា. ។

ប៉ាទ្រិក អង្គុយ​លើ​គ្រែ​របស់​គាត់

ប៉ាទ្រិក សម្លឹង​មើល​ទៅពិដាន​ កាល​គាត់​ដេក​លើ​គ្រែ​របស់​គាត់ ។ គាត់​ធុញថប់​ណាស់ ។ គាត់​បាន​អាន​សៀវភៅ​ឯកសារ​សត្វ​របស់​គាត់ បាន​លោត​លើ​trampoline និង​ជិះ​កង់​ជិតៗផ្ទះ​របស់​គាត់​រួច​ហើយ ។ តើ​គាត់​អាច​ធ្វើ​អ្វី​ឥឡូវ​នេះ ?

ប៉ាទ្រិក បាន​ក្រោក​ឡើង ហើយ​ដើរ​ទៅ​បន្ទប់​បង​ប្រុសរបស់​គាត់ ឈ្មោះ ដានីយ៉ែល ។ « តើ​បង​នឹង​លេង​ជាមួយ​ខ្ញុំ​ទេ ? » ប៉ាទ្រិក បានសួរ ។

« សុំទោស បង​មិន​អាច​លេង​ជាមួយ​ឯង​បានទេ ។ ដានីយ៉ែល​បាន​និយាយ​ថា « បងត្រូវ​រៀន » ។ គាត់​ថែម​ទាំង​មិន​បាន​ងាក​ភ្នែក​ចេញ​ពី​សៀវភៅ​ដែល​គាត់​កំពុង​អាន​នោះ​ដែរ ។

ប៉ាទ្រិក មាន​អារម្មណ៍​ថា​ខកចិត្តណាស់ ។ ដានីយ៉ែលតែងតែ រៀន​ជានិច្ច ។ តើ​គាត់​មិន​អាច​សម្រាក​បន្តិច​បាន​ទេ​ឬ​អី ?

អូ៎​ អញ្ចឹង​ក៏​អញ្ចឹងចុះ ។ ដានីយ៉ែល​ជាបរវល់ ប៉ុន្តែ​ប៉ាទ្រិក​អាច​សួរ​បង​ប្រុស​ម្នាក់​ទៀត​ឈ្មោះ ស៊ីមៀន បាន ។ « ខ្ញុំ​អផ្សុក ។ តើ​បង​អាច​លេង​ជាមួយ​ខ្ញុំ​បាន​ទេ ? » ប៉ាទ្រិក បានសួរ ។

« អត់​ទេ លេង​មិនបាន​ទេ​ថ្ងៃ​នេះ ។ បង​ចេញទៅ​ក្រៅ​ជាមួយ​មិត្តភក្តិ​បង » ។ ស៊ីមៀន បាន​ពាក់អាវ​ក្រៅ​របស់​គាត់ ហើយ​ដើរ​ចេញ​ពី​ទ្វារ​ខាង​មុខ ។

ប៉ាទ្រិក ខឹង​ខ្លាំងណាស់ ! បេះ​ដូង​គាត់​លោត​ញាប់ ។ បងៗ​របស់​គាត់​តែងតែ គ្មាន​ពេល​សម្រាប់​គាត់ទេ ។ គាត់​បាន​រត់​ទៅ​បន្ទប់​គេង​របស់​គាត់ ហើយ​បិទ​ទ្វារយ៉ាងខ្លាំង ។

វា​មិន​យុត្តិធម៌​សោះ ! ប៉ាទ្រិក បានគិត ។

គាត់​លោត​ផ្កាប់​មុខ​ទៅ​លើ​គ្រែ​របស់​គាត់ ។ ទ្រូង​គាត់​មាន​អារម្មណ៍​តឹង​តែង ។ គាត់​អផ្សុក​ណាស់ ! ប៉ុន្តែ​គាត់​​គិត​មិន​ឃើញ​ពីអ្វី​ដែល​ត្រូវ​ធ្វើ​ទេ ព្រោះ​គាត់​មាន​អារម្មណ៍​មួម៉ៅ​ពេក​ ។

បន្ទាប់​មក​គាត់​បាន​ចាំ​ពី​អ្វី​ដែល​គាត់​បាន​រៀន​នៅ​សាលា ។ គ្រូ​បង្រៀន​របស់​គាត់​បាន​បង្រៀន​ពួកគេ​ថា ការ​ដក​ដង្ហើម​ធំវែងៗ អាច​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ស្ងប់​ស្ងាត់ ។

អ្នកគ្រូ​បាន​មាន​ប្រសាសន៍ថា « វា​មាន​ការលំបាក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នៅ​ពេល​ដែល​ប្អូន​​មាន​អារម្មណ៍​ខឹង » ។ ប្រហែលជា​ប្រសិនបើ​គាត់​មានអារម្មណ៍​ស្ងប់​ជាង​នេះ ប៉ាទ្រិក អាច​គិត​អំពីវិធី​មួយ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ធុញ​ថប់​របស់​គាត់​បាន ។

ដូច្នេះ ប៉ាទ្រិក បាន​ដក​ដង្ហើម​ធំ និង​វែងៗ ។ បន្ទាប់​មក​គាត់​បាន​ធ្វើ​ដូច្នេះ​ម្តងទៀត ។ បន្ទាប់​ពីបាន​ធ្វើ​ដូច្នេះ​ពីរ​បី​ដង គាត់​មិន​មាន​អារម្មណ៍​តឹង​ទ្រូង​ទៀតទេ ។ ប៉ុន្តែ​គាត់​នៅ​តែ​មិន​​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ដដែល ។

ព្រះយេស៊ូវគ្រីស្ទ

គាត់​អង្គុយ​មើល​រូបភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​លើ​ជញ្ជាំង​​របស់​គាត់ ។ តើ​ទ្រង់​ចង់​ឲ្យ ប៉ាទ្រិក ធ្វើ​អ្វី​ខ្លះ ?

ប៉ាទ្រិក​បាន​លុត​ជង្គង់​ចុះ ។ គាត់​បាន​ពោលថា « ព្រះវរបិតា​សួគ៌​សូម​ជួយ​ដានីយ៉ែល ក្នុង​ការសិក្សា​របស់​គាត់ » ។ « សូម​ជួយ​ស៊ីមៀន ឲ្យ​សប្បាយ​រីករាយ​ជាមួយ​មិត្តភក្ដិ​របស់​គាត់ ។ ហើយ​សូម​ជួយ​ទូល​បង្គំ​កុំ​ឲ្យ​មាន​អារម្មណ៍​ធុញថប់​ឡើយ » ។

ពេល​គាត់​បញ្ចប់​ការ​អធិស្ឋាន​របស់​គាត់ ប៉ាទ្រិក​មាន​គំនិត​មួយ ។ គាត់​បាន​ប្រញាប់​រត់​ទៅ​កាន់​បន្ទប់​របស់ ដានីយ៉ែល ។

« ដានីយ៉ែល ពេល​បង​ធ្វើ​កិច្ចការ​ចប់​ហើយ តើ​យើង​អាច​លេង​ជាមួយ​គ្នា​បាន​ទេ ? »

ដានីយ៉ែល បាន​ក្រឡេក​ចេញ​ពី​សៀវភៅ​របស់​គាត់​មើល​ទៅ​នាឡិកា​នៅ​លើ​ជញ្ជាំង ។ « ​ប្រហែល ៣០ នាទី​ទៀត បង​អាច​សម្រាក​បាន​ហើយ ។ បន្ទាប់​មក​យើង​អាច​ចេញ​ទៅ​លេង​ខាងក្រៅ​បាន ។ តើ​ឯង​ចង់​ចេញ​ទៅ​ខាងក្រៅ​ទេ ? »

« បាទ​ចង់ ! » ប៉ាទ្រិក បាន​ញញឹម ហើយ​រត់​ត្រឡប់​ទៅ​បន្ទប់​របស់​គាត់​វិញ ។ គាត់​បាន​រក​ឃើញ​សៀវភៅ​ឯកសារ​សត្វ​មួយ​ក្បាល​និយាយ​អំពី​សត្វ​ខ្លា​ដែល​គាត់​ចូល​ចិត្ត​មើល ។ បន្ទាប់​ពី​អាន​វា​មួយ​សន្ទុះ គាត់​បាន​លេង​ជាមួយ​ដុំ​ប្លុក​របស់​គាត់ ។ មិន​យូរ​ប៉ុន្មាន​ពេល​វេលា​បាន​កន្លង​ផុត​ទៅ ហើយ​គាត់​និង ដានីយ៉ែល បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ព្រៃ​ដែល​នៅ​ជិត​ផ្ទះ​របស់​ពួក​គេ ។

« ឯង​ចង់​លេង​ជាអ្នក​ចម្បាំង​នៅ​ក្នុងអវកាស ឬ​ជា​អ្នក​ស្រាវជ្រាវ​រុករក​នៅ​ក្នុង​ព្រៃ ? » ដានីយ៉ែល បាន​សួរ ។

ប៉ាទ្រិក បាន​និយាយថា « ខ្ញុំ​មិន​ខ្វល់​ទេ ។ ខ្ញុំ​គ្រាន់​តែចង់​ចំណាយ​ពេល​ជាមួយ​គ្នា​ដោយ​រីករាយ​ប៉ុណ្ណោះ ។ វា​ប្រសើរ​ជាជាង​​អង្គុយ​ធុញថប់ » ។

ដានីយ៉ែល បាន​ញញឹម ។ « មែន​ហើយ​លេង​ជាមួយ​ឯង​សប្បាយ​ជាង​ការសិក្សា​សម្រាប់​ការប្រឡង​ខ្លាំងណាស់ » ។

ប៉ាទ្រិក និង​ដានីយ៉ែល លេង​លើ​វាលស្មៅ ។

ប៉ាទ្រិក មាន​អារម្មណ៍​សប្បាយ​រីករាយ នៅ​ពេល​ដែល​គាត់ និង ដានីយ៉ែល វារ​លើ​ស្មៅ ។ ការរំងាប់ចិត្ត​បាន​ជួយ​គាត់​ឲ្យ​ចេះ​គិត​កាន់​តែ​ច្បាស់ ដើម្បី​គាត់​អាច​ដោះ​ស្រាយ​បញ្ហា​របស់​គាត់​បាន ។ ហើយ​ព្រះវរបិតាសួគ៌​បាន​ជួយ​គាត់​ឲ្យ​កាន់​តែ​ប្រែក្លាយ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ ។ ក្រោយ​មក​បាន​ប្រែក្លាយ​ជាថ្ងៃ​មួយ​ដ៏​ល្អ​ប្រសើរ ។

PDF

រចនា​រូបភាព​ ដោយ លីន ម៉ាយ ង្វៀន