ប្រិយមិត្ត
ការ​អបអរ​សម្រាប់​ក្រុម​ទាំង​ពីរ
ខែ កញ្ញា ឆ្នាំ ២០២៤


« ការ​អបអរ​សម្រាប់​ក្រុម​ទាំង​ពីរ » ប្រិយមិត្ត ខែ កញ្ញា ឆ្នាំ ២០២៤ ទំព័រ ៣០-៣១ ។

ការ​អបអរ​សម្រាប់ ក្រុម​ទាំង​ពីរ

ជេនី ជ្រួញ​ចញ្ចើម ។ នាង​មិន​ចង់​ឲ្យ​ក្រុម​ផ្សេង​ឈ្នះ​ទេ !

ដំណើររឿង​នេះ​បាន​កើតឡើង​នៅក្នុង​ប្រទេស​កូរ៉េ ខាង​ត្បូង ។

ជេនី បាន​ញ៉ាំមី​មួយ​មាត់​ចុង​ក្រោយ​របស់​នាង ។ ឆ្ងាញ់ ។ ឆ្ងាញ់​ណាស់ !

« តោះ​ទៅលេង Yut Nori ! » លោក​ពូ ជីហូ​ មាន​ប្រសាសន៍ ។

ដល់​រដូវកាល​នេះ​ទៀត​ហើយ ! គ្រួសារ​របស់​នាង​បាន​ប្រារព្ធ​ពិធី​បុណ្យ​ថ្លែង​អំណរគុណ Chuseok ប្រទេស​កូរ៉េ ។ ថ្ងៃនេះ គ្រួសារ​របស់​ជេនី បាន​ជួបជុំ​គ្នា​បរិភោគ​អាហារ​ជាច្រើន ហើយ​លេង Yut Nori ជាមួយ​គ្នា ។ Yut Nori ជា​ល្បែង​កំសាន្ត​ដែល​ជេនី​ចូលចិត្ត ។

មនុស្ស​គ្រប់​គ្នា​អង្គុយ​ជា​រង្វង់​មួយ​នៅ​លើ​កម្រាល​ឥដ្ឋ ។ ជេនី បាន​សម្លឹង​មើល​ជុំវិញ​ខ្លួន ។ តើ​នាង​ចង់​ចូល​ក្រុម​មួយណា ? នាង​បាន​ខិត​ទៅ​អង្គុយ​ក្បែរ​លោកពូ ជីហូ ។ នាង​បាន​និយាយ​ថា « ក្មួយ​ចង់​នៅ​ក្នុង​ក្រុម​ជាមួយ​លោក​ពូ ! » ។ « យើង​នឹង​ក្លាយ​ជា​អ្នក​ឈ្នះ​ខ្លាំង​ជាងគេ ! »

លោក​ពូ ជីហូ បាន​សើច ។ « ដោយសារ​មាន​ឯង​នៅ​ក្នុង​ក្រុម យើង​ប្រាកដ​ជា​មាន​ឱកាស​ឈ្នះ ! »

ម្តាយ​របស់​ជេនី បាន​រៀបចំ​ក្តារ​សម្រាប់​លេង​ល្បែង​នោះ​នៅ​ចំកណ្តាល​រង្វង់ ។ ជេនី បាន​ជួយ​ម្តាយ​នាង​រៀបចំ​ផ្នែក​ផ្សេងៗ​ទាំង​នោះ ។ ពួកគេ​បាន​ហុច​ឈើ​បួន​កំណាត់​ទៅ​ឲ្យ​ក្រុម​ដែល​ដល់​វេន​មុន ។

បង​ប្អូន​ជីដូន​មួយ​របស់​ជេនី ឈ្មោះ​អាណា បាន​ដល់​វេន​មុន ។ នាង​បាន​បោះ​ឈើ​ទៅ​លើ ។ របៀប​ដែល​ឈើ​ជ្រុះ​ដល់ដី បង្ហាញ​ពី​ចំនួន​ដែល​ក្រុម​អាច​ដើរបាន​នៅ​លើ​ក្តារ​ប្រកួត​នោះ ។ ឈើ​ទាំង ៤ កំណាត់ ជ្រុះ​ផ្កាប់​មុខ​ចុះ​មាន​ន័យ​ថា អាណា​ទទួល​បាន Yut ! នាង​អាច​រំកិល​បំណែក​របស់​ក្រុម​នាង​ទៅ​មុខ​បួន​ជំហាន ហើយ អាច​បោះ​បន្ថែម​ម្ដង​ទៀត ។

ប៉ុន្តែ អាណា​មិន​បាន​នៅ​ក្នុង​ក្រុម​របស់​ជេនី​ទេ ។

ជេនី បាន​ឱប​ដៃ​របស់​នាង ហើយចង​ចិញ្ចើម ។ នាង​បាន​ខ្សឹប​ប្រាប់​លោក​ពូ ជីហូ ថា ៖ « ខ្ញុំ​សង្ឃឹម​ថា​នាង​នឹង​បោះ​មិន​បាន​ល្អ​ទេ » ។

« ចូរ​សង្ឃឹម​ឡើយ ! » លោក​ពូ ជីហូ​ មាន​ប្រសាសន៍ ។ « ទើប​តែ​ចាប់​ផ្ដើម​លេង​ទេ »។ គាត់​បាន​ញញឹម​លើក​ទឹក​ចិត្ត​នាង ។

ក្រោយ​ពី​ដល់​វេន​របស់​អាណា ជាលើក​ទី​២ ក្រុម​របស់​ជេនី បាន​បោះ​ឈើ​ម្តង ។ ប៉ុន្តែ ពួក​គេ​មិន​អាច​រំកិល​បំណែក​របស់​ពួក​គេ​បាន​ឆ្ងាយ​ដូច​ក្រុម​របស់​អាណា​ទេ ។

នៅ​ពេល​ដល់​វេន​គ្រប់គ្នា​រួចហើយ ​សមាជិក​គ្រួសារ​របស់​ជេនី បាន​អបអរ​ហើយ​សើច​សប្បាយ ។ ជេនី បាន​មើល​បំណែក​ផ្លាស់ទី​ជុំវិញ​ក្ដារ ។ គ្រប់គ្នា​សប្បាយ​រីករាយ ។

គ្រួសារ​កំពុង​លេង​ល្បែងកម្សាន្ត

លើក​លែង​តែជេនី ប៉ុណ្ណោះ ។ ក្រុម​របស់​នាង​នៅ​តែ​ចាញ់ ។

ទីបំផុត វា​គឺ​ជា​វេន​របស់​ជេនី ។ នាង​បាន​បោះ​ឈើ​ទៅ​លើ ប៉ុន្តែ​មាន​តែ​ឈើ​មួយ​ប៉ុណ្ណោះ​ដែល​ធ្លាក់​មក​ផ្តាប់​មុខ​ចុះ ។ បំណែក​របស់​ក្រុម​នាង​បាន​ឆ្ពោះ​ទៅ​មុខ​តែ​មួយ​ជំហាន​ប៉ុណ្ណោះ ។

ជេនី បាន​ឱបដៃ​របស់​នាង ។ នាង​ស្រែក​ថា «ខ្ញុំ​ឈប់​លេងហើយ ! » ។ « ខ្ញុំ​ចង់​ឲ្យ​យើង​ឈ្នះ » ។

ភ្លាម​នោះ គ្រប់​គ្នា​បាន​ស្ងប់ស្ងាត់ ។ ពេល​នាង​ងើប​មុខ​ឡើង គ្រួសារ​របស់​នាង​កំពុង​សម្លឹង​មើល​នាង ។ ពួកគេ​ហាក់​ដូច​ជា​ភ្ញាក់​ផ្អើល​ដែល​នាង​ខឹងខ្លាំង​ដូច្នេះ ។

មុខ​របស់​ជេន ឡើង​ក្រហម ។ នាង​ស្ដាយ​ដែល​នាង​មិន​សប្បាយ​ចិត្ត សម្រាប់​គ្រួសារ​របស់​នាង ។ ជា​ធម្មតា នាង​មិន​ខឹង​បែប​នេះ​ទេ ។ នាង​ក្រោក​ឈរ​ឡើង​ដើម្បី​ដើរ​ចេញ​ពី​រង្វង់ ។

លោក​ពូ ជីហូ ចាប់​ដៃ​នាង ។ លោក​ពូបាន​និយាយ​ថា « ក្មួយ​មិន​ចាំបាច់​ចេញ​ទេ » ។ « ការ​ឈ្នះ​មិន​មែន​ជា​ទីបញ្ចប់​នោះទេ » ។ គ្រាន់​តែ​ព្យាយាម​លេងឲ្យ​សប្បាយ​ទៅ » ។

« ចាស » ។ ជេនី អង្គុយ​ចុះ​វិញ ។ នាង​ចង់​សប្បាយ​ដូច​គ្រប់​គ្នា​ដែរ ។ នាង​បាន​ដក​ដង្ហើម​ធំ ហើយ​បាន​មើល​បង​ប្អូន​ជីដូន​មួយ​របស់​នាង ឈ្មោះ​បេន បោះ​ឈើ ។

« ធ្វើ​ឲ្យបាន​ល្អ​ណា បេន ! » លោក​ពូ ជីហូ​ មាន​ប្រសាសន៍ ។ ស្ដាប់ទៅ​គាត់​សប្បាយ​ណាស់ ។

ជេនី បាន​បើក​ភ្នែក​ធំៗ​សម្លឹង​លោកពូ ជីហូ ។ គាត់​កំពុង​អបអរ​សម្រាប់​ក្រុម​ផ្សេង​ទៀត ! ប្រហែល​នេះ​ជា​មូលហេតុ​ដែល​គាត់​បាន​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ។

នៅ​ពេល​ដល់​វេន​បន្ទាប់​បាន​ចាប់​ផ្តើម ជេនី​បាន​សម្រេច​ចិត្ត​អបអរ​ឲ្យ​គ្រប់​គ្នា​នៅ​ក្នុង​ក្រុមទាំង​ពីរ ។ លោក​ពូ ជីហូ និយាយ​ត្រូវ ។ ការ​ឈ្នះ​មិន​មែន​ជា​ទីបញ្ចប់​ទេ ។ ព្រះយេស៊ូវ​អាច​ជួយ​នាង​ឲ្យ​រីករាយ​សម្រាប់​សមាជិក​គ្រួសារ​របស់​នាង ទោះបីជា​នាង​ចាញ់​ក៏ដោយ ។

ពេល​វេន​របស់​អាណា​ម្តង​ទៀត ជេនី​បាន​ញញឹម​ដាក់​នាង ។ « សូម​សំណាង​ល្អ ! ឯង​អាច​ធ្វើ​បាន ! » ។

អាណា​អង្គុយទល់មុខនោះ ហើយញញឹម​ដាក់​វិញ ។ ជេន មាន​អារម្មណ៍​កក់ក្តៅ​ក្នុង​ចិត្ត ។ តែ​មួយភ្លែត​សោះ នាង​សប្បាយ​ជាង​មុន​ទៅ​ហើយ !

PDF

រចនា​រូបភាព​ដោយ យូរ៉ាន ឌូអូ