ប្រិយមិត្ត
គម្រោង​ផ្នែក​វិទ្យាសាស្ត្រ
ខែ កញ្ញា ឆ្នាំ ២០២៤


« គម្រោង​ផ្នែក​វិទ្យាសាស្ត្រ » ប្រិយមិត្ត ខែ កញ្ញា ឆ្នាំ ២០២៤ ទំព័រ ១៨-១៩ ។

គម្រោង​ផ្នែក​វិទ្យាសាស្ត្រ

« ព្រះវរបិតាសួគ៌​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​បន្ត​ព្យាយាម » ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅក្នុង ស.រ.អា. ។

ក្មេង​ប្រុស​លេង​ជាមួយ​ខ្សាច់

ប្រាតលី បាន​ចាក់​ខ្សាច់​មួយ​កាតូ​ចូល​ទៅក្នុង​ធុង​របស់​គាត់ ។ គាត់​ត្រូវការ​ខ្សាច់​ច្រើន​ណាស់ !

ការតាំង​ពិព័រណ៍​ផ្នែក​វិទ្យាសាស្ត្រ​នៅ​សាលា​របស់​គាត់​ចាប់ផ្តើម​ក្នុង​ពេល​ឆាប់ៗ​នេះ ។ ប្រាតលី បាន​ធ្វើ​គំរូ​មួយ​ដែល​បង្ហាញ​ពី​របៀប​ដែល​រលក​យក្ស ស៊ូណាមិ​ដំណើរ​ការ ។ គាត់​បាន​ដឹង​ថា រលក​យក្ស​ស៊ូណាមិ​គឺ​ជា​រលក​ទឹក​ដ៏​ធំ​មួយ​ដែល​បណ្តាល​មក​ពី​ការ​រញ្ជួយ​ដី​នៅ​ក្នុង​មហា​សមុទ្រ ។ គាត់​ចង់​ឲ្យ​គម្រោង​របស់​គាត់​ល្អ​ឥតខ្ចោះ ។ ប្រហែល​ជា​គាត់​អាច​ឈ្នះ​រង្វាន់ !

ពេល​ធុង​របស់​គាត់​ពេញ ប្រាតលី បាន​ប្រមូល​មែកឈើ​មួយ​ចំនួន​មក ។ បន្ទាប់​មក គាត់​បាន​រក​ឃើញ​ធុង​ផ្លាស្ទិច​មួយ និង​ផ្ទះ​សម្រាប់​ក្មេង​លេង​មួយ​ចំនួន​នៅ​ក្នុង​បន្ទប់​ក្រោមដី ។

ប្រាតលី បាន​ចាក់​ខ្សាច់​ចូល​ទៅ​ក្នុង​ធុង​ដើម្បី​ធ្វើ​ជា​ដី ។ គាត់​បាន​ដាក់​ផ្ទះ និង​ដើម​ឈើ​ដោយ​ប្រុង​ប្រយ័ត្ន ។ ផ្នែក​បន្ទាប់​ដ៏​គួរ​ឲ្យ​រំភើប​នោះ—គឺ​ទឹក ! នៅ​ពេល​ដែល​គាត់​ចាក់​វា​ចូល​ហើយ គាត់​អាច​រុញ​បំណែក​ក្ដារកាតុង​កាត់​ទឹក​ដើម្បី​បង្កើត​ឲ្យ​មាន​រលក ។

ប៉ុន្តែ ក្រោយ​មក​គាត់​បាន​ធ្វើ​កំហុស​ធ្ងន់​មួយ ។ គាត់​ចាក់​ទឹក​ច្រើន​ពេក ! ផ្ទះ​នោះ​បាន​លិច—ទាំង​គាត់​មិនទាន់​ធ្វើ​ឲ្យ​មាន​រលក​នៅឡើយ​ទេ ។ ខ្សាច់​សើម​បាន​ធ្វើ​ឲ្យ​ខ្ចាយ​ទឹក បែក​ភក់ ។

ក្មេង​ប្រុស​ធ្វើ​ការ​លើ​គម្រោង

ប្រាតលី បាន​ទូរសព្ទ​ទៅ​ម៉ាក់​របស់​គាត់​នៅ​ក្នុង​ផ្ទះ​បាយ ។ « តើ​កូន​គួរតែ​ធ្វើ​អ្វី​ពេលនេះ ? កូន​ចាក់​ទឹក​ច្រើន​ពេក » ។

ម្តាយ​បាន​និយាយ​ថា « វា​មិន​អី​នោះ​ទេ កូន​អាច​ចាប់​ផ្តើម​ជាថ្មី » ។ « តោះ​ធ្វើ​វា​ជាមួយ​គ្នា ហើយ​វាស់​បន្តិច​ម្តងៗ » ។

« បាទ » ។ ប្រាតលី បាន​ឱន​ក្បាល​របស់​គាត់ ហើយ​ចេញ​ទៅ​ខាង​ក្រៅ​យក​ខ្សាច់​មក​បន្ថែម​ទៀត ។

ពេល​នេះ​ពួក​គេ​បាន​វាស់​យ៉ាង​ប្រុង​ប្រយ័ត្ន​នូវ​បរិមាណ​ទឹក​ត្រឹមត្រូវ ហើយ​ចាក់​វា​ចូល​ទៅ​ក្នុង​ធុង ។ ប្រាតលី បាន​រុញ​ក្តារ​កាតុង ហើយ​ចាំ​មើល​រលក​បោក​មកលើ​ខ្សាច់ ។ វា​ដំណើរ​ការ​ហើយ !

រួចមកទៀត ប្រាតលី និង​ម៉ាក់​បានធ្វើ​បដា​របស់​គាត់ ។ គាត់​បាន​ចាប់​ផ្តើម​សរសេរ​ពី​ហេតុការណ៍​សប្បាយៗ​មួយ​ចំនួន​អំពី​រលក​យក្ស​ស៊ូណាមិ ។ ប៉ុន្តែ ពាក្យ​ទាំង​នោះ​សរសេរ​មិន​គ្រាន់​នៅលើ​ទំព័រ​នោះ​ទេ ។

« កូន​មិន​ចង់​សរសេរ​វា​ម្ដង​ទៀត​ទេ ! » ប្រាតលី បាន​និយាយ ។ គាត់​ចាប់​ផ្តើម​ឈឺ​ក្បាល ។

ម៉ាក់​បាន​និយាយថា « យើង​មិន​ចាំបាច់​សរសេរ​រឿង​ទាំងអស់​នេះ​ឡើង​វិញ​ទេ » ។ « យើង​គ្រាន់​តែ​កែពាក្យ​ប៉ុណ្ណោះ ដូច្នេះ​វា​នឹង​សរសេរ​គ្រាន់​នៅលើ​ទំព័រ​នេះ​ហើយ » ។

ប្រាតលី បាន​ត្អូញត្អែរ ។ បដា​របស់​គាត់​មិន​ដូច​អ្វី​ដែល​គាត់​រំពឹង​ចង់​បាន​នោះទេ ។ « ខ្ញុំ​មិន​ចង់​ធ្វើ​ដូច្នោះ​ទេ ! វា​នឹង​អាក្រក់​មើល​ណាស់​បើ​សរសេរ​មិន​គ្រាន់​ទេ​នោះ » ។

ក្មេង​ប្រុស​ធ្វើ​ការ​លើ​គម្រោង

« ការ​រៀន​សូត្រ​អាច​ពិបាក​ណាស់ » ។ ម៉ាក់​បាន​ឱប​គាត់ ។ « នៅពេល​ខ្លះ​យើង​អាច​ធ្វើ​ខុស ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​យើង​មិន​បោះបង់​ទេ ។ ព្រះវរបិតាសួគ៌​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​បន្ត​ព្យាយាម ។ ដូច្នេះ​សូម​សម្រាក​បន្តិច ហើយ​បញ្ចប់​នៅ​ពេល​ព្រឹក » ។

ព្រឹក​ស្អែក​ឡើង​ពួក​គេ​បាន​បញ្ចប់​បដា​របស់​គាត់ ។ វា​មិន​ល្អឥតខ្ចោះ​ទេ ប៉ុន្តែ ប្រាតលី មាន​អារម្មណ៍​ល្អ​បន្តិច​អំពី​គម្រោង​នោះ ។

ទីបំផុត ថ្ងៃ​តាំង​ពិព័រណ៌​បាន​មក​ដល់ ។ ម្តាយ​បាន​ទម្លាក់ ​ប្រាតលី ចុះ​នៅ​សាលា​រៀន ។ គាត់​បាន​និយាយ​ថា « សូម​ចាំ​ថា​កូន​បាន​ខិតខំ​ប្រឹងប្រែង​លើ​គម្រោង​របស់​កូន និង​បាន​រៀន​ច្រើន​ណាស់ ។ ហើយ​នោះ​ទើប​ជា​អ្វី​ដែល​សំខាន់ » ។

ប្រាតលី បាន​លើក​គម្រោង​របស់​គាត់​ទៅ​កន្លែង​ហាត់​ប្រាណ​ដ៏​ធំ ។ វា​ពោរពេញ​ទៅ​ដោយ​គម្រោង និង​បដា ។ សិស្ស​ថ្នាក់​ទី​បួន​ទាំងអស់​បាន​អង្គុយ​រង់ចាំ​វេន​របស់​ពួក​គេ​ដើម្បី​ធ្វើ​បទបង្ហាញ​អំពី​គម្រោង​របស់​ពួកគេ ។

មិន​យូរ​ប៉ុន្មាន វា​ដល់​វេន​របស់​ប្រាតលី ។ បេះដូង​របស់​គាត់​លោត​ញាប់ កាល​គាត់​ដើរ​ទៅ​ខាង​មុខ ។ ចុះ​បើ​អ្វីៗ​មាន​បញ្ហា​កើតឡើង​វិញ​នោះ ?

ប្រាតលី បាន​រុញ​ក្តារ​ឆ្លង​កាត់​ទឹក និង​បាន​បង្ហាញ​អ្នក​ដាក់​ពិន្ទុ​អំពី​របៀប​ដែល​រលក​បាន​បោកបក់​ទៅ​នឹង​ដី​នេះ ។

អ្នកដាក់​ពិន្ទុ​ម្នាក់​បាន​សួរថា « តើ​អ្វី​ដែល​បង្ក​ឲ្យ​មាន​រលកធំៗ​នៅ​ក្នុង​មហាសមុទ្រ ? » ។

« រលក​ធំៗ​គឺ​បណ្តាល​មកពី … » ។ ប្រាតលី នឹក​មិន​ឃើញ​អ្វី​ទាំងអស់ ។ « ខ្ញុំ អត់​ចាំ​ទេ ។ ប៉ុន្តែ​ខ្ញុំ​អាច​ប្រាប់​លោក នូវ​ហេតុការណ៍​សប្បាយៗ​មួយ​ចំនួន​អំពី​រលក​យក្ស​ស៊ូណាមិ » ។ គាត់​បាន​អាន​ពី​ហេតុការណ៍​នោះ​នៅ​លើ​បដា របស់​គាត់​ឲ្យ​ពួកគាត់​ស្ដាប់ ។

ក្មេង​ប្រុស​ធ្វើ​បទ​បង្ហាញ​ពីគម្រោង

ក្រោយចេញពី​រៀន ប្រាតលី បាន​ឡើង​ឡាន​ជាមួយ​នឹង​គម្រោង​របស់​គាត់ ។

« តើ​វា​យ៉ាង​ម៉េច​ដែរ​កូន ? » ម៉ាក់​បានសួរ ។

« វា​មិន​ដូច​អ្វី​ដែល​កូន​ចង់​បាន​នោះ​ទេ » ។ ប្រាតលី បាន​ញញឹម ។ « ប៉ុន្តែ​កូន​បាន​ខំ​អស់​ពី​សមត្ថភាព ហើយ​កូន​នៅ​តែ​បន្ត​ព្យាយាម » ។

PDF

រចនា​រូបភាព​ដោយ អ័ដាម កូហ្វ័ដ