ប្រិយមិត្ត
សន្និសីទ​ទូទៅ​ដ៏​ពិសេស​មួយ
ខែ វិច្ឆិកា ឆ្នាំ ២០២៤


« សន្និសីទ​ទូទៅ​ដ៏​ពិសេស​មួយ »​ទស្សនាវដ្ដី ប្រិយមិត្ដ​ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ទំព័រ ៨-៩

សន្និសីទ​ទូទៅ ដ៏​ពិសេស មួយ

ប្រហែល​ជា​ការជួយ​អាច​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត​ដូច​ដែល​ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍ ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ។

បងប្អូន​ស្រី​ឈ្លោះគ្នា​ដណ្ដើម​តុក្កតា

« អាមីណា​ នោះ​ជា​របស់​បង​ទេ ! » អ៊ីឌីរ៉ា បាន​ស្រែក ។ នាង​បាន​ចាប់ទាញ​តុក្កតា​នោះ​ចេញ​ពី​ប្អូន​ស្រី​តូច​របស់​នាង ។

ម៉ាក់​បាន​ហៅ « កូនៗ ម៉ាក់​ទៅ​ហើយ » ។ « សូម​ធ្វើ​ជា​កូនល្អ​ដល់​ប៉ា​របស់​កូន​ណ៎ា » ។

អ៊ីនឌីរ៉ា បាន​ងើប​មុខ​ឡើង ។ « តើ​ម៉ាក់​ទៅណា ? »

« ម៉ាក់​ទៅ​ផ្សារ ម៉ាក់​ទៅ​ទិញ​ម្ហូប​ដើម្បី​ចម្អិន​អាហារ​ពិសេស​សម្រាប់​ថ្ងៃស្អែក​នេះ » ។ ម៉ាក់​បាន​គ្រវី​ដៃ​លា ។

អាហារ​ពិសេស ? ប៉ុន្តែ​តើ​ដោយសារ​មូលហេតុ​អ្វី​ទៅ ? អ៊ីនឌីរ៉ា បាន​ទៅ​រក​ប៉ា ។ « ហេតុអ្វី​ថ្ងៃស្អែក​នេះ​​ជា​ថ្ងៃពិសេស ? » នាង​បានសួរ ។

ប៉ា​បាន​ញញឹម​ « ថ្ងៃស្អែក​នេះ យើង​ទៅ​មើល​សន្និសីទ​ទូទៅ ! វា​ពិសេស​ដោយសារ​យើង​អាច​ស្តាប់​ព្យាការី និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត​មាន​ប្រសាសន៍ ។ ពួកលោក​នឹង​ប្រាប់​យើង​ពី​អ្វី​ដែល​ព្រះវរបិតា​សួគ៌​សព្វព្រះទ័យ​ឲ្យ​យើង​ឮ » ។

ពេល​ម៉ាក់​មក​ដល់​ផ្ទះ​វិញ គាត់​បាន​ទុកដាក់​ម្ហូបអាហារ ។ ប៉ា​ជូត​ផ្ទះ ។

ឪពុក​ម្ដាយ​កំពុង​សម្អាត​ផ្ទះ

« អ៊ីនឌីរ៉ា តើ​កូន​អាច​ជួយ​អាមីណា​រៀបចំ​សម្លៀកបំពាក់​របស់​នាង​សម្រាប់​ថ្ងៃ​ស្អែក​បាន​ទេ ? » ម៉ាក់​បានសួរ ។

អ៊ីឌីរ៉ា បាន​ជ្រួញចិញ្ចើម « ហេតុអ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ជួយ​នាង​នោះ ? »

ម៉ាក់​បាន​និយាយ « សូម​ធ្វើ​អ្វី​ដែល​ម៉ាក់​បាន​ប្រាប់​ឲ្យ​ធ្វើ​ទៅ » ។

អ៊ីនឌីរ៉ា បាន​ត្អូញត្អែរ ។ នាង​បាន​ដើរ​អូស​ជើង ហើយ​ទៅ​ជួយ​អាមីណា ។

នៅ​ព្រឹកស្អែក អ៊ីនឌីរ៉ា បាន​ភ្ញាក់ឡើង​ដោយសារ​ធុំ​ក្លិន​ឈ្ងុយ​ម្ហូប ។ នាង​បាន​ក្រោក​ចេញ​ពី​គ្រែ ហើយ​រត់​សំដៅ​ទៅ​ផ្ទះបាយ ។ ម៉ាក់​បាន​ធ្វើ​ការី​សាច់គោ និង​សាច់អាំង​ទឹកជ្រលក់​សណ្ដែកដី សម្រាប់​អាហារ​ថ្ងៃត្រង់ ! វា​នឹង​មាន​រសជាតិ​ឆ្ងាញ់ណាស់ ។

គ្រួសារ​កំពុង​មើល​សន្និសីទ​ទូទៅ

មិនយូរ​ប៉ុន្មាន សន្និសីទ​ទូទៅ​បាន​ចាប់ផ្ដើម ។ អ៊ីនឌីរ៉ា អង្គុយ​ជាមួយ​គ្រួសារ​របស់​នាង​ដើម្បី​មើល​សន្និសីទ​ទូទៅ​លើ​កញ្ចក់ទូរទស្សន៍ ។ នាង​បាន​ស្តាប់​ក្រុម​ចម្រៀង​ច្រៀង ។ នាង​បាន​ឮ​មនុស្ស​និយាយ​អំពី​ព្រះវិហារ​បរិសុទ្ធ និង​ព្រះគម្ពីរ ហើយ​និង​ព្រះយេស៊ូវ​គ្រីស្ទ ។

អ្នកឡើង​និយាយ​ចុងក្រោយ​គេ គឺ​ព្យាការី ប្រធាន រ័សុល អិម ណិលសុន ។ លោក​បាន​និយាយ​អំពី​របៀប​ដែល​សាសនាចក្រ​ជួយ​មនុស្ស​នៅ​ជុំវិញ​ពិភព​លោក ។

លោក​បាន​មានប្រសាសន៍ ​« អំណរ​ដ៏​មហិមា​បំផុត​របស់​យើង កើត​មាន​ពេល​យើង​ជួយ​បងប្អូន​ប្រុស​ស្រី​របស់​យើង » ។

អ៊ីនឌីរ៉ា បាន​គិត​អំពី​រឿង​នោះ ។ តើ​ការជួយ​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត​ឬ ? នាង​បាន​បន្ត​ស្តាប់ ។ ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា​ការរស់នៅ​តាម​បញ្ញត្តិ​ធំ​ទី​ពីរ​នេះ អាច​ជួយ​យើង​ឲ្យ​ក្លាយ​ដូច​ជា​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅពេល​សន្និសីទ​បាន​បញ្ចប់ ពួកគេ​បាន​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ដែល​ម៉ាក់​បាន​ធ្វើ ។ អ៊ីនឌីរ៉ា បាន​បន្ត​គិត​អំពី​ប្រសាសន៍​របស់​ព្យាការី ។

គ្រួសារ​កំពុង​ញ៉ាំ​អាហារ​ថ្ងៃត្រង់

« តើ​បញ្ញត្តិ​ធំ​ទី​ពីរ​ជា​អ្វី ? » នាង​បាន​សួរ ។

លោក​ប៉ា​បាន​និយាយ​ថា « ត្រូវ​ស្រឡាញ់​អ្នក​ជិតខាង​ដូច​ខ្លួន​ឯង » ។

អ៊ីនឌីរ៉ា បាន​គិត​អំពី​មនុស្ស​ដែល​សាសនាចក្រ​បាន​ជួយ​នៅ​ទូទាំង​ពិភព​លោក ។ « តើ​ខ្ញុំ​អាច​ជួយ​បាន​យ៉ាង​ដូចម្ដេច​ទៅ បើ​អ្នក​ជិត​ខាង​របស់​ខ្ញុំ​រស់​នៅ​ឆ្ងាយ​នោះ ? »

ម៉ាក់​បាន​និយាយ​ថា « អ្នក​ជិតខាង​របស់​យើង​គឺ​មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​ខ្លួន​យើង » ។ «ដូចជា សមាជិក​គ្រួសារ​របស់​យើង​ជាដើម » ។

អ៊ីនឌីរ៉ា បាន​ឈ្ងោក​មុខ​ចុះ ។ ពេលខ្លះ នាង​មិនបាន​ធ្វើ​ល្អ​ចំពោះ​គ្រួសារ​របស់​នាង​ទេ ។

ប៉ុន្តែ​ប្រហែល​ជា​ការជួយ​ពួកគេ​អាច​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត ដូច​ដែល​ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍ ។ នេះ​វា​ជា​វិធី​មួយ​ដែល​នាង​អាច​ដើរ​តាម​ព្រះ​យេស៊ូវ ។ នាង​ចង់​សាកល្បង​ធ្វើវា !

ពេញ​មួយ​សប្តាហ៍ អ៊ីនឌីរ៉ា បាន​ព្យាយាម​ធ្វើ​ល្អ​ដល់​គ្រួសារ​របស់នាង​កាន់តែ​ខ្លាំង ។ នាង​បានលេង​ជាមួយ​អាមីណា ។ នាង​បាន​ចែករំលែក​របស់លេង​របស់​នាង ។ នាង​បាន​ធ្វើ​អ្វី​ដែល​ម៉ាក់ និង​ប៉ា​បាន​សុំ​ឲ្យ​ធ្វើ ដោយ​មិន​ត្អូញត្អែរ ។ នៅពេលដែល ​អ៊ីនឌីរ៉ា បាន​ជួយ​គ្រួសារ​នាង ពួកគេ​សប្បាយ​ចិត្ត ។ ហើយ​នោះ​ក៏​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត​ផងដែរ ។

បងប្អូន​ស្រី​លេង​ជាមួយ​គ្នា

ព្យាការី​ពិត​ជា​មានប្រសាសន៍​ត្រូវណាស់ ។ ការជួយ​អ្នកដទៃ​ពិតជា​នាំ​មកនូវភាពរីករាយ​ដល់​នាង​មែន !

ក្មេងស្រី​ម្នាក់​កំពុង​ដើរ​នៅ​ខាងក្រៅ
PDF

រចនា​រូបភាព​ដោយ ជូឌី អេបិត

  1. « The Second Great Commandment » Liahona​ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១០០ ។

  2. សូមមើល ម៉ាថាយ ២២:៣៧–៣៩ ។