ប្រិយមិត្ត
តើ​ខ្ញុំ​ត្រូវតែ​ល្អឥតខ្ចោះ​ឬ ?
ខែ វិច្ឆិកា ឆ្នាំ ២០២៤


« តើ​ខ្ញុំ​ត្រូវតែ​ល្អឥតខ្ចោះ​ឬ ? » ទស្សនាវដ្តី ប្រិយមិត្ដ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ទំព័រ ៣៦-៣៧ ។

តើ​ខ្ញុំ​ត្រូវតែ ល្អឥតខ្ចោះ ឬ ?

ហែនរី​ចង់​ទៅ​ព្រះវិហារ​បរិសុទ្ធ ប៉ុន្តែ​គាត់​មាន​អារម្មណ៍​ថា​គាត់​បាន​ធ្វើ​កំហុស​ច្រើន​ពេក ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ​ប្រទេស​អារ៉ូបា ។

ហែនរី​បាន​ដើរ​យឺត​ៗ​ចូល​ទៅ​ក្នុង​បន្ទប់​អង្គការបឋមសិក្សា ។ ជើង​របស់​គាត់​ហាក់​ដូច​ជា​ធ្ងន់​ដើរ​មិនចង់​ទៅមុខ ពេល​គាត់​តម្រង់​ទៅ​កាន់​កៅអី​របស់​គាត់ ។

លោកគ្រូ​របស់​គាត់ បងប្រុស រ៉ាស បាន​ញញឹម​ដាក់គាត់ ។ គាត់​បាន​សួរ​ថា « តើ​ប្អូន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​និយាយ​អំពី​ព្រះ​វិហារ​បរិសុទ្ធ​ហើយ​ឬ​នៅ ? »

ហែនរី​បាន​ឆ្លើយថា « បាទ » ។

ហេតុអ្វី​បានជា​ខ្ញុំ​និយាយ​ដូច្នេះ ? ហែនរី​បាន​គិត​នៅ​ពេល​គាត់​អង្គុយចុះ ។ គាត់ មិន​មាន ​អារម្មណ៍​ថា​គាត់​ត្រៀមខ្លួន​រួច​រាល់​នោះទេ។ មិន​រួចរាល់​ទាល់​តែសោះ ។

អង្គការបឋមសិក្សា​របស់់​ហែនរី​កំពុង​រៀន​ចម្រៀង « ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ » ។ ថ្នាក់​របស់​គាត់​ត្រូវ​បាន​សុំ​ឲ្យ​និយាយ​អំពី​ការទៅ​ព្រះវិហារ​បរិសុទ្ធ ។

ប៉ុន្តែ​ហែនរី​មាន​អារម្មណ៍​សោកសៅ ។ គាត់​ចង់​ទៅ​ព្រះវិហារ​បរិសុទ្ធ​ពេល​គាត់​គ្រប់​អាយុ ប៉ុន្តែ​គាត់​មាន​អារម្មណ៍​ថា​គាត់​បាន​ធ្វើ​កំហុស​ច្រើន​ពេក ។

មិត្ត​ហែនរី​បាន​ក្រោកឈរ​ឡើង​ម្នាក់ម្ដងៗ ។ ពួកគេ​សប្បាយ​ចិត្ត និង​រំភើប​ពេល​ពួកគេ​និយាយ​អំពី​ការទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃ​ណាមួយ ។ ហែនរី​មាន​អារម្មណ៍​កាន់​តែ​មិនល្អ​ទៅៗ ។

បន្ទាប់មក វា​ដល់ពេល​ត្រូវ​ច្រៀង​ហើយ ។ ហែនរីបាន​ច្រៀង​ជាមួយ​នឹង​គ្រប់គ្នា​ដែល​នៅ​ក្នុង​ថ្នាក់កុមារ​ទាំងអស់ ៖​« ខ្ញុំ​នឹង​រៀបចំខ្លួន​កាល​ខ្ញុំ​នៅ​ក្មេង នេះ​ជា​កិច្ចការ​ពិសិដ្ឋ​ខ្ញុំ » ។

តើ​ខ្ញុំ​អាច​ត្រៀមខ្លួន​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀបណា នៅពេល​ខ្ញុំ​ធ្វើ​កំហុស​ច្រើន​បែបនេះ ? ហែនរី​បាន​គិត ។ គាត់​បាន​ទម្លាក់​ខ្លួន​ចុះ​នៅលើ​កៅអី​របស់​គាត់ ។

នៅពេល​ចម្រៀង​ចប់ បងប្រុស រ៉ាស បាន​ឱន​មក​ជិត ។ គាត់​បានសួរ​ហែនរីថា « តើ​ប្អូន​មិនអី​ទេ​ឬ ? » ។

ក្មេងប្រុស​កំពុងគិត​អំពី​ព្រះវិហារ​បរិសុទ្ធ

ហែនរី​បាន​សម្លឹង​ចុះក្រោម​មើល​ទៅ​ដៃ​របស់​ខ្លួន ។ បន្ទាប់មក​គាត់​និយាយ​ខ្សឹបៗ​ថា « ខ្ញុំ​ចង់​ទៅ​ព្រះវិហារ​បរិសុទ្ធ ប៉ុន្តែ​ខ្ញុំ​ខ្លាច​ថា​ខ្ញុំ​មិន​សក្តិសម​ទេ » ។ គាត់​បាន​ដកដង្ហើមធំ ។ « ខ្ញុំ​តែងតែ​មិន​សូវ​ចុះ​សម្រុង​ក្នុង​គ្រួសារ​ល្អ​គ្រប់ពេល​នោះទេ ។ ខ្ញុំ​ភ្លេច​ធ្វើ​ការងារ​ផ្ទះ​របស់​ខ្ញុំ ។ ខ្ញុំ​បានធ្វើ​កំហុស​ច្រើន​ពេក ។ តើ​ខ្ញុំ​ពិតជា​ត្រូវតែ​ល្អឥតខ្ចោះ​ឬ ? »

បងប្រុស រ៉ាស ញញឹម​យ៉ាង​ទន់ភ្លន់ ។ « ការ​មាន​ភាពសក្ដិសម​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ មិនមែន​មានន័យ​ថា ប្អូន​ត្រូវតែ​មាន​ភាពល្អឥតខ្ចោះ​នោះ​ទេ ។ យើង​អាច​មាន​ភាព​សក្ដិសម​ដោយ​ការទុកចិត្ត​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ព្យាយាម​រក្សា​បទបញ្ញត្តិ​ដោយ​ស្មោះ ។ យើង​ទាំងអស់​គ្នា​ធ្វើ​ខុស តែ​យើង​អាច​ប្រែចិត្ត ហើយ​អាច​ជ្រះស្អាត​ម្តងទៀត » ។

ហែនរី​បាន​អង្គុយ​ត្រង់​ខ្លួន​ជាមុន​បន្ដិច ។

បងប្រុស រ៉ាស បាននិយាយ​ថា « ខ្ញុំ​ប្រាកដ​ថា ព្រះវរបិតាសួគ៌​មាន​មោទនភាព​ចំពោះ​ប្អូន​ដែល​ព្យាយាម​ធ្វើ​ជា​មនុស្ស​ល្អ » ។

ហែនរី​បាន​គិត​អំពី​រឿងល្អ​មួយ​ចំនួន​ដែល​គាត់​បាន​ធ្វើ​នៅ​សប្តាហ៍​នោះ ។ គាត់​បាន​ធ្វើ​ម្ហូប​អាហារ​ពេល​ល្ងាច​ជាមួយ​ម៉ាក់ បាន​ជួយ​ប្អូនស្រី​របស់​គាត់​ធ្វើ​កិច្ចការ​ផ្ទះ​របស់​នាង ហើយ​បាន​និយាយ​សួស្តី​ទៅកាន់​សិស្ស​ប្រុស​ថ្មី​ម្នាក់​នៅ​សាលារៀន ។

ទម្ងន់​នៃ​ការ​ព្រួយ​បារម្ភ​របស់​ហែនរី​ត្រូវ​បានសម្រាល ។ គាត់​បាន​ដឹង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​កំពុង​ជួយ​គាត់​ឲ្យ​មាន​អារម្មណ៍​សុខសាន្ដ ។

ក្មេងប្រុស​រីករាយ​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ

នៅពេល​ដល់វេន​របស់​ហែនរី​ដើម្បី​ចែកចាយ គាត់​បាន​ញញឹម និង​ក្រោកឈរ​ឡើង ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​ចង់​បន្ត​ប្រែ​ចិត្ត និង​ក្លាយ​ដូច​ជា​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ថ្ងៃ​ណាមួយ​ខ្ញុំ​អាច​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន » ។

ហែនរី​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ពេល​គាត់​អង្គុយចុះ​វិញ ។ នៅ​ថ្ងៃណាមួយ គាត់​នឹង​អាច​ធ្វើ​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​ជាមួយ​ព្រះ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ គាត់​ចង់​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​ត្រៀមខ្លួន !

PDF

រចនា​រូបភាព​ដោយ ហ្គេល អាមស្ដ្រង

  • សៀវភៅ​ចម្រៀងកុមារ ទំព័រ ៩៩ ។