« គន្លឺះសម្រាប់ការទៅព្រះវិហារបរិសុទ្ធលើកដំបូងរបស់ប្អូនៗ » ទស្សនាវដ្តី ប្រិយមិត្ដ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ទំព័រ ៣៨-៣៩ ។
គន្លឹះសម្រាប់ការទៅ ព្រះវិហារបរិសុទ្ធលើកដំបូងរបស់ប្អូនៗ
នៅក្នុងព្រះវិហារបរិសុទ្ធ ប្អូនៗអាចធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់សម្រាប់អ្នកដែលបានស្លាប់ទៅដោយពុំបានទទួលដំណឹងល្អ ។ មនុស្សទាំងនោះនឹងមានឱកាសធ្វើសេចក្តីសញ្ញាមួយជាមួយព្រះ ហើយទទួលបានពររបស់ទ្រង់ដូចដែលប្អូនៗបានទទួល នៅពេលដែលប្អូនៗទទួលពិធីបុណ្យជ្រមុជទឹក ហើយទទួលពិធីបញ្ជាក់ ។
អ្វីដែលត្រូវយកទៅ
-
សម្លៀកបំពាក់ព្រះវិហារ ( ស្លៀកពាក់សម្លៀកបំពាក់ទាំងនេះទៅព្រះវិហារបរិសុទ្ធ )
-
បណ្ណ័ចូលព្រះវិហារបរិសុទ្ធ
-
ក្រាសសិតសក់ និងខ្សែចងសក់ ( បើចាំបាច់ )
-
ឈ្មោះគ្រួសារដែលបានបោះពុម្ពពីកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ឬ គេហទំព័រ ( ជាជម្រើស )
អ្វីដែលត្រូវធ្វើ
១.ចូលព្រះវិហារបរិសុទ្ធ
បង្ហាញប័ណ្ណចូលព្រះវិហារបរិសុទ្ធនៅតុទទួលភ្ញៀវ ។ បន្ទាប់មក ប្អូនៗអាចទៅកាន់កន្លែងធ្វើពិធីបុណ្យជ្រមុជទឹក ។ អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធនឹងឲ្យឈុតខោអាវក្នុង ស្រោមជើង និងអាវជាប់ខោពណ៌ស សម្រាប់ធ្វើបុណ្យជ្រមុជទឹកដល់អ្នក ។
២.ប្តូរសម្លៀកបំពាក់របស់ប្អូនៗ
ក្នុងបន្ទប់ប្ដូរសម្លៀកបំពាក់ សូមប្ដូរទៅជាសម្លៀកបំពាក់ដែលបានផ្ដល់ឲ្យប្អូនៗ ។ ដាក់របស់របររបស់ប្អូនៗទៅក្នុងទូទទេ ។ រួចមកចាក់សោទូរបស់ប្អូនៗ ហើយខ្ទាស់សោជាប់នឹងអាវជាប់ខោរបស់ប្អូនៗ ។ បើប្អូនៗមានសក់វែង សូមចងវាទៅក្រោយ ។ ទុកឈ្មោះគ្រួសាររបស់ប្អូនៗដែលបានបោះពុម្ពជាប់ជាមួយប្អូនៗ ។
៣.រង់ចាំដោយមានគារវភាព
ខណៈដែលប្អូនៗរង់ចាំវេនរបស់ប្អូនៗដើម្បីទទួលបុណ្យជ្រមុជទឹក ប្អូនៗអាចអានព្រះគម្ពីរ អធិស្ឋាន ឬពិចារណា ។ ប្អូនៗក៏អាចគិតអំពីមនុស្សដែលប្អូនៗនឹងទទួលបុណ្យជ្រមុជទឹកជំនួសផងដែរ ។
៤.ចូលរួមពិធីបុណ្យជ្រមុជទឹកនៅព្រះវិហារបរិសុទ្ធ
ពេលដល់វេនរបស់ប្អូនៗ សូមឲ្យឈ្មោះគ្រួសាររបស់ប្អូនៗទៅកាន់បុគ្គលដែលនៅតុនោះ ។ ប្រសិនបើប្អូនៗមិនមានឈ្មោះទេ ពួកគេនឹងប្រើឈ្មោះដែលមានក្នុងព្រះវិហារបរិសុទ្ធជំនួសវិញ ។ សូមបោះជំហានដោយប្រុងប្រយ័ត្នទៅក្នុងអាងដែលអ្នកកាន់បព្វជិតភាពនឹងធ្វើបុណ្យជ្រមុជទឹកឲ្យអ្នក ។ សូមចងចាំថាត្រូវបន្ទន់ជង្គង់របស់ប្អូនៗ និងបិទច្រមុះរបស់ប្អូនៗពេលដែលប្អូនៗឱនចូលទៅក្នុងទឹក ។
៥.ប្ដូរមកស្លៀកសម្លៀកបំពាក់របស់ប្អូនវិញ
បន្ទាប់ពីប្អូនៗបានធ្វើពិធីរួច មនុស្សម្នាក់នឹងឲ្យកន្សែងដល់ប្អូនៗ ។ ត្រឡប់មកបន្ទប់ប្ដូរសម្លៀកបំពាក់វិញ ប្អូនៗអាចងូតទឹកជាឯកជន ប្តូរស្លៀកសម្លៀកបំពាក់ស្ងួតរបស់ប្អូនៗវិញ ហើយសិតសក់របស់ប្អូនៗ ។ សូមប្រាកដថា ត្រូវដាក់សម្លៀកបំពាក់សើមរបស់ប្អូនទៅក្នុងធុង ហើយទុកកូនសោទូរបស់ប្អូនៗនៅជាប់នឹងកន្លែងចាក់សោ ។
៦.ចូលរួមធ្វើពិធីបញ្ជាក់
ចុងក្រោយ មនុស្សម្នាក់នឹងនាំប្អូនៗទៅបន្ទប់មួយដែលប្អូនៗនឹងត្រូវធ្វើពិធីបញ្ជាក់សម្រាប់អស់អ្នកដែលប្អូនៗបានទទួលបុណ្យជ្រមុជទឹកជំនួស ។
ព្រះវិហារបរិសុទ្ធមួយចំនួនប្រហែលជាមានរបៀបធ្វើពិធីខុសពីគ្នាបន្ដិចបន្ដួច ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នឹងមានមនុស្សដើម្បីជួយប្អូនៗគ្រប់ជំហាន ។ សូមចងចាំថា ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ ហើយទ្រង់សព្វព្រះទ័យឲ្យប្អូនៗទៅទីនោះ !