សកម្មភាព « ចូរមកតាមខ្ញុំ ទស្សនាវដ្តី ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៤ ទំព័រ ២៨–២៩ ។
សកម្មភាពចូរមកតាមខ្ញុំ
សម្រាប់រាត្រីជួបជុំក្រុមគ្រួសារ ឬការសិក្សាព្រះគម្ពីរ—ឬគ្រាន់តែសម្រាប់ភាពរីករាយ !
ថ្ងៃទី ២៨ ខែ តុលា–ថ្ងៃទី ៣ ខែ វិច្ឆិកា
ចូរស្រឡាញ់គ្នាទៅវិញទៅមក
សម្រាប់ មរមន ១–៦
មរមនស្រឡាញ់ពួកសាសន៍នីហ្វៃ ( សូមមើល មរមន៣:១២ ) ។ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានសុំឲ្យយើងស្រឡាញ់អ្នកដទៃផងដែរ ។ សូមឈរក្នុងរង្វង់ ហើយបិទភ្នែករបស់ប្អូនៗ ។ ចូររាប់ដល់ ៣ រួចមកបើកភ្នែក ហើយមើលទៅនរណាម្នាក់ ។ បើប្អូនៗកំពុងសម្លឹងភ្នែកគ្នាទៅវិញទៅមកជាមួយពួកគេ សូមនិយាយអ្វីដែលប្អូនៗចូលចិត្តអំពីគ្នាទៅវិញទៅមក ហើយដើរចេញពីរង្វង់វិញ ។ បន្តធ្វើបែបនេះរហូតដល់មានតែមនុស្សម្នាក់នៅសល់ ! ក្រោយមកទាំងអស់គ្នានិយាយអ្វីដែលពួកគេចូលចិត្តអំពីបុគ្គលនោះ ។
ថ្ងៃទី ៤–១០ ខែ វិច្ឆិកា
រូបគំនូរពេញដោយអព្ភូតហេតុ
សម្រាប់ មរមន ៧–៩
នៅពេលយើងធ្វើតាមព្រះយេស៊ូវគ្រីស្ទ ព្រះវរបិតាសួគ៌អាចប្រទានពរដល់យើងនូវអព្ភូតហេតុ ។ សូមអាន មរមន ៨:២៤ ហើយគូរអំពីអព្ភូតហេតុមួយដែលបានរៀបរាប់នៅក្នុងខគម្ពីរ ។ ពេលដែលប្អូនៗគូរ សូមនិយាយអំពីអព្ភូតហេតុដែលព្រះវរបិតាសួគ៌បានធ្វើសម្រាប់គ្រួសាររបស់ប្អូន ។
ថ្ងៃទី១១–១៧ ខែ វិច្ឆិកា
ការគូរគំនូរថ្ម
សម្រាប់ អេធើរ ១–៥
បងប្រុសរបស់យ៉ារេឌបានទូលសុំឲ្យព្រះអម្ចាស់ពាល់ក្រួស ដើម្បីឲ្យទូករបស់លោកអាចមានពន្លឺ ( សូមមើល អេធើរ ៣ ) ។ សូមប្រមូលក្រួសពីខាងក្រៅ ឬកាត់រង្វង់ចេញពីបំណែកក្រដាស ។ នៅលើក្រួស ឬក្រដាសរបស់ប្អូនៗ សូមសរសេរ គូរ ឬផាត់ព៌ណរបស់ដែលប្អូនអាចធ្វើដើម្បីនាំឲ្យមានពន្លឺ និងសេចក្ដីស្រឡាញ់ដល់អ្នកដទៃ ។
ថ្ងៃទី ១៨–២៤ ខែ វិច្ឆិកា
ចម្រៀងថែ្លងអំណរគុណ
សម្រាប់ អេធើរ ៦–១១
នៅពេលពួកគេធ្វើដំណើរឆ្លងកាត់សមុទ្រ បងប្រុសរបស់យ៉ារេឌ និងក្រុមគ្រួសាររបស់លោកបានច្រៀងសរសើរតម្កើងដល់ព្រះអម្ចាស់ ដើម្បីថ្លែងអំណរគុណដល់ទ្រង់ដែលបានជួយពួកគេ ( សូមមើល អេធើរ ៦:៩ ) ។ ប្អូនៗក៏អាចច្រៀងដើម្បីថ្លែងអំណរគុណដល់ព្រះអម្ចាស់ផងដែរ ! សូមជ្រើសយកចម្រៀងដែលពេញចិត្ដចេញពី សៀវភៅចម្រៀងកុមារ ឬ គេហទំព័រសាសនាចក្រ ហើយច្រៀងចម្រៀងនោះជាមួយគ្នា ។ តើប្អូនៗអាចបង្ហាញការថ្លែងអំណរគុណដល់ព្រះវរបិតាសួគ៌បានយ៉ាងដូចម្ដេច ?