ប្រិយមិត្ត
ការអធិស្ឋាន​សម្រាប់​អាឡិចហានដ្រូ
ខែ វិច្ឆិកា ឆ្នាំ ២០២៤


« ការអធិស្ឋាន​សម្រាប់​អាឡិចហានដ្រូ » ទស្សនាវដ្តី ប្រិយមិត្ដ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ទំព័រ ៣២-៣៣ ។

ការអធិស្ឋាន សម្រាប់ អាឡិចហានដ្រូ

« តើ​ព្រះយេស៊ូវ​ដឹង​ទេ​ថា ការមាន​ជំងឺមហារីក​មាន​អារម្មណ៍​យ៉ាងណា​នោះ ? » ហេរ៉ាដូ​បាន​សួរ ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅក្នុង​ប្រទេស អែល សាលវ៉ាឌ័រ ។

ហេរ៉ាដូ​បាន​ជិះ​ស្គី​ទៅ​កាន់​ជណ្ដើរ​ខាង​មុខ​ផ្ទះ​របស់​គាត់ ។ រថយន្ត​របស់​ម៉ាក់​បាន​មក​ដល់​ច្រកផ្លូវចូល​ផ្ទះ ។ នោះ​មានន័យ​ថា ម៉ាក់​គាត់ និង​បងប្រុស​គាត់ អាឡិចហានដ្រូ​បាន​ត្រឡប់​មកពី​មន្ទីរពេទ្យ​វិញហើយ ។ ហេរ៉ាដូ​បាន​ដោះ​ស្បែកជើង​ស្គី​របស់​គាត់​ចេញ ហើយ​រត់​យ៉ាងលឿន​ចូល​ទៅ​ខាងក្នុង ។

« ហេរ៉ាដូ ? » ម៉ាក់​បាន​ហៅ ។ « ពួកយើង​នៅ​ទីនេះ ! »

ហេរ៉ាដូ​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ទទួលភ្ញៀវ ។ អាឡិចហានដ្រូ​បាន​ដេក​នៅ​លើ​សាឡុង ។ ម៉ាក់​បាន​អង្គុយ​ក្បែរ​គាត់ ។ ម៉ាក់​មើល​ទៅ​មាន​ទុក្ខព្រួយ ។

ហេរ៉ាដូក៏​ព្រួយ​បារម្ភ​ផង​ដែរ ។ កាល​ពី​សប្តាហ៍​មុន ពួកគេ​បាន​រកឃើញ​ថា អាឡិចហានដ្រូ​មាន​ជំងឺ​មហារីក ។ គាត់​ធ្លាក់​ខ្លួន​ឈឺ​ជា​ខ្លាំង ។

ប៉ុន្តែ​អាឡិចហានដ្រូ​បាន​ងើប​អង្គុយ ហើយ​ញញឹម​ពេល​ហេរ៉ាដូ​ចូល​មក ។​​ « សួស្តី ! តើឯង​រីករាយ​ទេ​ថ្ងៃនេះ ? »

« បាទ តែ​ការជួប​ជាមួយ​វេជ្ជបណ្ឌិត​នោះ​យ៉ាងម៉េច​ហើយ ? » ហេរ៉ាដូ​បាន​សួរ ។

អាឡិចហានដ្រូ​បាន​និយាយ​ថា « វេជ្ជបណ្ឌិត​និយាយ​ថា បង​នឹង​ត្រូវ​ទទួល​ការវះកាត់ » ។

ម៉ាក់​បាន​ងក់ក្បាល ។ « ប៉ុន្តែ​វេជ្ជបណ្ឌិត​ដែល​ល្អ​បំផុត ដែល​អាច​ជួយ​គាត់​​បានគឺ​នៅ​មន្ទីរពេទ្យ​កុមារ ។ ដោយសារ​អាឡិចហានដ្រូ​មាន​អាយុ ១៤ ឆ្នាំ គាត់​លើស​អាយុ​មិន​អាច​ទទួល​ការព្យាបាល​នៅ​ទីនោះ​ទេ ។ យើង​ត្រូវ​ស្វែងរក​កន្លែង​មួយ​ផ្សេងទៀត » ។

ហេរ៉ាដូ​មាន​អារម្មណ៍​ថា ថប់ណែន​តឹងទ្រូង​ណាស់ ។ ប្រសិន​បើ​ពួកគេ​មិន​អាច​ទទួល​បាន​ជំនួយ​សម្រាប់​អាឡិចហានដ្រូ តើ​នឹង​មាន​អ្វី​កើត​ឡើង​ទៅ ? តើ​ជំងឺមហារីក​របស់​អាឡិចហានដ្រូ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ឬ ?

ហេរ៉ាដូ​បានទៅ​បន្ទប់​របស់​គាត់ ។ គាត់​ត្រូវការ​គិត ។

នៅ​អង្គការបឋមសិក្សា ហេរ៉ាដូ​បាន​រៀន​ថា ព្រះវរបិតាសួគ៌​នឹង​តែងតែ​ស្ដាប់ឮ​គាត់​ជានិច្ច ។ ហេរ៉ាដូ​ដឹង​ថា គាត់​នៅតែ​អាច​សុំ​ជំនួយ​ពី​ទ្រង់​បាន​ជានិច្ច ។

ដូច្នេះ គាត់​បាន​លុត​ជង្គង់​ក្បែរ​គ្រែ​របស់​គាត់ ហើយ​ឱប​ដៃ​របស់​គាត់ ។ គាត់​បាន​អធិស្ឋានថា « ឱ ព្រះវរបិតាសួគ៌​អើយ សូម​ជួយ​អាឡិចហានដ្រូ​ផង » ។ «សូម​ជួយ​យើង​ស្វែងរក​វេជ្ជបណ្ឌិត​ដែល​អាច​ធ្វើ​ការ​វះកាត់​បាន » ។

ក្មេងប្រុស​កំពុង​ញុំា​អាហារ​ពេលល្ងាច

មិនយូរ​ប៉ុន្មាន ម៉ាក់​បាន​ហៅ​គាត់​ញុំា​អាហារ​ពេល​ល្ងាច ។ ម៉ាក់​បាន​ធ្វើ ពូពូសា ជា​ម្ហូប​ដែល​ហេរ៉ាដូ​ចូលចិត្ត ។ គាត់​បាន​ខាំ​បន្ទះនំ​ថតធីឡា​អាំង​ដែល​មាន​ស្នូល​ឈីស និង​សណ្ដែក​មួយ​ម៉ា់ត់​ធំ ។ ប៉ុន្តែ​គាត់​នៅ​តែ​មាន​អារម្មណ៍​ព្រួយ​បារម្ភ​អំពី​បងប្រុស​របស់​គាត់ ។

អាឡិចហានដ្រូ​បាន​ខាំ ពូពូសា តែ​ពីរ​បី​ម៉ាត់​ប៉ុណ្ណោះ ។ គាត់​ជ្រួញ​ចិញ្ចើម ហើយ​ធ្វើ​ចលនា​យឺតៗ ។

ម៉ាក់​ក៏​បាន​កត់សម្គាល់​ឃើញ​ដែរ ។ ម៉ាក់​បាន​សួរ​ថា « ហេតុអ្វី​យើង​មិនមើល​វីដេអូ​សាសនាចក្រ​ជាមួយ​គ្នា​ទៅ ? » ពួកគេ​ចូលចិត្ត​មើល​វីដេអូ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ពេល​ពួកគេ​មាន​អារម្មណ៍​សោកសៅ ។

« បាទ » ។ ហេរ៉ាដូ​បាន​សម្អាត​ចាន ខណៈ​ដែល​ម៉ាក់​ទៅ​រៀបចំ​ចាក់​វីដេអូ ។ បន្ទាប់​មក ពួកគេ​ទាំងអស់​គ្នា​អង្គុយ​មើល ។

នៅក្នុង​វីដេអូ​នោះ ព្រះយេស៊ូវ​គ្រីស្ទ​បាន​អធិស្ឋាន​នៅក្នុង​សួនច្បារ​ក្បែរ​ដើមឈើ​មួយ ។ ហេរ៉ាដូ​ធ្លាប់បានមើល​រឿង​នេះ ។ នេះ​គឺ​នៅ​ពេល​ដែល​ព្រះយេស៊ូវ​បាន​រងទុក្ខ​ពីមុនពេល​ទ្រង់​សុគត​នៅ​លើ​ឈើឆ្កាង ។

នៅពេល​វីដេអូ​បាន​បញ្ចប់ ហេរ៉ាដូ​មាន​អារម្មណ៍​ស្ងប់ស្ងាត់ និង​សុខសាន្ដ ។ ប៉ុន្តែ​គាត់​មាន​សំណួរ​មួយ ។ គាត់​បាន​សួរ​ថា « ហេតុអ្វី​បាន​ជា​ព្រះយេស៊ូវ​ត្រូវ​ឈឺចាប់​ខ្លាំង​បែបនេះ ? »

ម៉ាក់​បាន​ឱប​គាត់ និង​អាឡិចហានដ្រូ​យ៉ាងណែន ។ « ព្រះយេស៊ូវ​បាន​ជ្រើសរើស​អារម្មណ៍​ឈឺចាប់​ព្រោះ​ទ្រង់​ស្រឡាញ់​យើង ។ ទ្រង់​ទទួល​អារម្មណ៏​នៃ​ការឈឺចាប់​ទាំងអស់​ដែល​យើង​ឆ្លងកាត់ » ។

ហេរ៉ាដូ​បាន​មើលទៅ​អាឡិចហានដ្រូ​ ។ « តើ​ព្រះយេស៊ូវ​ដឹង​ទេ​ថា ការមាន​ជំងឺមហារីក​មាន​អារម្មណ៍​យ៉ាងណា​នោះ ? »

ម៉ាក់​បាន​និយាយ​ថា « ចាស ទ្រង់ជ្រាប​ដឹង » ។ « ទ្រង់​ជ្រាបដឹង​ថា​វា​ពិបាក​ប៉ុនណា ។ ហើយ​ដោយសារ​ទ្រង់​ដឹង​ថា​វា​មាន​អារម្មណ៍​បែបណា​នោះ ទ្រង់​ដឹង​ពី​របៀប​ជួយ​យើង » ។

ហេរ៉ាដូ​មាន​អារម្មណ៍​កក់ក្តៅ​ក្នុងចិត្ដ ដូច​គាត់​ត្រូវ​បាន​ដណ្ដប់​ដោយ​ភួយ​មួយ​យ៉ាងធំ​​ដូច្នោះ​ដែរ ។ ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ស្គាល់ ហើយ​ស្រឡាញ់​គ្រួសារ​របស់​គាត់ ។ ទ្រង់​ទាំងទ្វេ​បាន​ដឹង​ពី​របៀប​ដើម្បី​ជួយ​អាឡិចហានដ្រូ​ ។

នៅពេល​ដែល​ហេរ៉ាដូ​ត្រឡប់​មក​ពី​សាលារៀន​វិញ​នៅ​ថ្ងៃបន្ទាប់ គាត់​បានឃើញ​ម៉ាក់​កំពុង​រៀប​កាបូប ។

ម៉ាក់​បាន​និយាយថា « មានដំណឹងល្អ ! » ។ « ម៉ាក់​បាន​និយាយ​ជាមួយ​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​កុមារ ។ ពួកគេ​នឹង​ជួយ​អាឡិចហានដ្រូ ។ គាត់​នឹង​វះកាត់​នៅ​ថ្ងៃស្អែក » ។

ហេរ៉ាដូ​បាន​ឱប​ម៉ាក់​យ៉ាង​ណែន ។ « ព្រះវរបិតាសួគ៌​កំពុង​ជួយ​យើង ! តើ​យើង​អាច​អធិស្ឋាន ហើយ​ថ្លែង​អំណរគុណ​ដល់​ទ្រង់​បានទេ ? »

ម៉ាក់​បាន​និយាយថា « នេះ​ជា​គំនិត​ដ៏​អស្ចារ្យ » ។ « តោះ យើង​ហៅ​អាឡិចហានដ្រូ » ។

ក្រុមគ្រួសារ​កំពុង​អធិស្ឋាន

ពេល​ពួកគេ​កំពុង​អធិស្ឋាន​ជាមួយគ្នា​នោះ ហេរ៉ាដូដូ​មាន​អារម្មណ៍​សុខសាន្ដ ។ ព្រះវរបិតាសួគ៌​បាន​ឮ​ការអធិស្ឋាន​របស់​គាត់ ។ ឥឡូវនេះ អាឡិចហានដ្រូ​នឹង​ទទួល​បាន​ការវះកាត់​ដែល​គាត់​ត្រូវការ ។ ហេរ៉ាដូ​បាន​ដឹងថា ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​យល់​ពី​អ្វី​ដែល​ពួកគេ​កំពុង​ឆ្លងកាត់ ។ ហើយ​ទ្រង់​តែងតែ​ជួយ​ពួកគេ​ឆ្លងកាត់​ឧបសគ្គ​របស់​ពួកគេ ។

PDF

រចនា​រូបភាព​ដោយ រីខាដូ ហ្គេរេរ៉ូ