« មាឌធំពេកសម្រាប់អង្គការបឋមសិក្សាឬ ? » ទស្សនាវដ្តី ប្រិយមិត្ដ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ទំព័រ ៤០–៤១ ។
មាឌធំពេកសម្រាប់អង្គការបឋមសិក្សាឬ ?
ហ្គីហ្វ មានបំណងចង់ប្ដូរទៅថ្នាក់យុវនារី ។
ដំណើររឿងនេះបានកើតឡើងនៅប្រទេស នីហ្សេរីយ៉ា ។
« សូមស្វាគមន៍មកកាន់អង្គការបឋមសិក្សា ! » បងស្រី អាហ្គប័រ ជាអ្នកដឹកនាំអង្គការបឋមសិក្សារបស់ហ្គីហ្វ បានឈរនៅខាងមុខក្នុងបន្ទប់រៀន ។ « ថ្ងៃនេះ យើងនឹងរៀនច្រៀងបទ ‹ ចូរអ្នកស្រឡាញ់គ្នា › » ។
តន្ត្រីបានចាប់ផ្តើម ហើយក្មេងតូចៗបានត្រៀមខ្លួនជាស្រេចដើម្បីច្រៀង ។ ប៉ុន្តែ ហ្គីហ្វ ចេះបទចម្រៀងនេះរួចហើយ ។ នាងបានច្រៀងចម្រៀងនេះរាប់រយដងមកហើយ ! នាងពិតជាមិនមានអារម្មណ៍ចង់ច្រៀងចម្រៀងនៅថ្ងៃនេះទេ ។
ហ្គីហ្វ ធុញទ្រាន់នឹងអង្គការបឋមសិក្សាណាស់ ។ នាងមានអាយុច្រើនជាង ខ្ពស់ជាង និងមានមាឌធំជាងក្មេងផ្សេងទៀតទាំងអស់ ។ ឥឡូវនេះ មិត្តភក្តិរបស់នាងនៅព្រះវិហារគឺនៅក្នុងថ្នាក់យុវនារីទាំងអស់ ។ នាងនៅសល់ពេលជិតមួយឆ្នាំទៀត មុនពេលនាងអាចផ្លាស់ទៅចូលរួមថ្នាក់ និងសកម្មភាពក្នុងថ្នាក់យុវនារីជាមួយពួកគេ ។
ខណៈដែលអ្នកផ្សេងទៀតច្រៀងនោះ ហ្គីហ្វបានស្ងៀមស្ងាត់ ។ នាងបានច្រៀងរហ៊ឹមៗតាមបទចម្រៀង ប៉ុន្ដែនាងកំពុងរវល់គិត ។
បន្ទាប់មក នាងមានគំនិតមួយ ។ ប្រហែលបើនាងនិយាយជាមួយប៊ីស្សព គាត់នឹងអនុញ្ញាតឲ្យនាងទៅថ្នាក់យុវនារីឲ្យបានឆាប់ ដូចនេះនាងអាចទៅនៅជាមួយមិត្តភក្តិរបស់នាងបានហើយ ។
ហ្គីហ្វ ស្វែងរកប៊ីស្សព អាខូមប៊ី បន្ទាប់ពីចប់ម៉ោងនៅព្រះវិហារ ។ នាងបាននិយាយថា « ជម្រាបសួរប៊ីស្សព » ។ « ខ្ញុំពិតជាមិនមានអារម្មណ៍ថាខ្ញុំសមនៅក្នុងអង្គការបឋមសិក្សាទៀតនោះទេ ។ ខ្ញុំធំជាងគេ ហើយអាយុច្រើនជាងក្មេងផ្សេងទៀតទាំងអស់ ។ តើខ្ញុំអាចចាប់ផ្ដើមទៅថ្នាក់យុវនារីជំនួសវិញបានទេ ? »
ប៊ីស្សព អាខូមប៊ី បានញញឺម ។ គាត់បានមានប្រសាសន៍ថា « ខ្ញុំដឹងថា ការផ្លាស់ប្តូរទៅថ្នាក់យុវនារីគឺគួរឲ្យរំភើបណាស់ » ។ « ប៉ុន្តែប្អូនអាចចាប់ផ្ដើមទៅថ្នាក់នោះ លុះត្រាតែប្អូនគ្រប់អាយុ ១២ ឆ្នាំ ។ ខ្ញុំសូមទោស » ។
ហ្គីហ្វ បានឈ្ងោកមុខចុះមើលទៅស្បែកជើងរបស់ខ្លួន « ចាស » ។
ប៊ីស្សពមានប្រសាសន៍ថា « អង្គការបឋមសិក្សាមានសំណាងដែលមានប្អូននៅទីនោះ » ។ « ខ្ញុំគិតថា ក្មេងតូចៗកោតសរសើរប្អូនខ្លាំងណាស់ ។ ប្អូនអាចធ្វើឲ្យមានការផ្លាស់ប្តូរដ៏ធំមួយដល់ពួកគេ » ។
ហ្គីហ្វ បានសោកសៅពេញមួយថ្ងៃ ។ មួយឆ្នាំគឺជារយៈពេលយូរមែនទែនក្នុងការមានអារម្មណ៍ឯកាក្នុងអង្គការបឋមសិក្សា ។
ប៉ុន្តែបន្ទាប់មក ហ្គីហ្វ បានគិតបន្ថែមទៀតអំពីអ្វីដែលប៊ីស្សព អាខូមប៊ី បានមានប្រសាសន៍ ។ តើក្មេងតូចៗផ្សេងទៀតពិតជាកោតសរសើរនាងមែនឬ ? នាងមិនដែលបានកត់សម្គាល់ឃើញរឿងនេះនោះទេពីមុនមក ។
សប្តាហ៍បន្ទាប់ ហ្គីហ្វ បានលាមិត្តភក្តិរបស់នាង នៅពេលដែលពួកគេដើរទៅបន្ទប់យុវនារី ។ នាងបានដកដង្ហើមធំ ហើយដើរទៅអង្គការបឋមសិក្សា ។
« ហ្គីហ្វ » បងស្រី អាហ្គប័រ បាននិយាយថា « តើប្អូនចង់ជួយខ្ញុំដើម្បីបង្រៀនចម្រៀងនៅសប្ដាហ៍នេះទេ ? »
ហ្គីហ្វ បាននិយាយថា « អរ ចាសបាន » ។ « តើយើងរៀនច្រៀងបទអ្វី ? »
« ‹ ខ្ញុំជាកូនរបស់ព្រះ › » បងស្រី អាហ្គប័រ បានប្រាប់ ។ « សូមអរគុណសម្រាប់ជំនួយរបស់ប្អូន ! ខ្ញុំគិតថាក្មេងៗនឹងមានភាពសប្បាយរីករាយក្នុងការរៀនពីប្អូន » ។
នៅពេលម៉ោងច្រៀងបានចាប់ផ្ដើម ហ្គីហ្វ ឈរនៅពីមុខក្មេងៗ ។ នាងបាននិយាយថា « ថ្ងៃនេះ បងនឹងបង្រៀនប្អូនៗនូវចម្រៀងមួយដែលបងចូលចិត្តជាងគេ » ។ នាងបានជួយក្មេងតូចៗឲ្យរៀនពាក្យក្នុងចម្រៀង ។ បន្ទាប់មក នាងបានច្រៀងចម្រៀងជាមួយពួកគេ ។ ពេលពួកគេច្រៀង ហ្គីហ្វ មានអារម្មណ៍កក់ក្តៅ និងរីករាយនៅក្នុងចិត្ដ ។ នាងដឹងថា នាងទទួលអារម្មណ៍មកពីព្រះវិញ្ញាណបរិសុទ្ធ ។
មិនយូរប៉ុន្មាន ថ្នាក់អង្គការបឋមសិក្សាក៏ជិតចប់ហើយ ! បន្ទាប់ពីការអធិស្ឋានបិទ ហ្គីហ្វ បានចាប់ផ្តើមដើរទៅកាន់សាល ។ នាងចង់រកមិត្តភក្តិរបស់នាងបន្ទាប់ពីថ្នាក់យុវនារីរបស់ពួកគេ ហើយរាក់ទាក់ពួកគេ ។
ប៉ុន្ដែក្មេងស្រីតូចម្នាក់បានហៅនាងឲ្យឈប់ ។ « សូមអរគុណចំពោះការច្រៀងជាមួយនឹងយើង ! » នាងបានឱប ហ្គីហ្វ ។ « ខ្ញុំចង់ធ្វើដូចបងដែរពេលខ្ញុំធំឡើង »
ហ្គីហ្វ បានញញឺម ។ នាងនៅតែរំពឹងចង់ទៅថ្នាក់់យុវនារី ហើយនាងសង្ឃឹមថាឆ្នាំក្រោយនឹងរំលងទៅឆាប់ៗ ។ ប៉ុន្តែនាងបានដឹងថា នាងនៅតែអាចរៀន និងធ្វើកិច្ចការល្អនៅក្នុងអង្គការបឋមសិក្សាដដែល ។
ហើយប្រហែលជាប៊ីស្សព អាខូមប៊ី និយាយត្រូវ ។ នាងអាចធ្វើឲ្យមានភាពខុសប្លែក ។