ប្រិយមិត្ត
ព្រះគម្ពីរ​ដ៏​ចែងចាំង​របស់​ម៉ាចា
ខែ វិច្ឆិកា ឆ្នាំ ២០២៤


« ព្រះគម្ពីរ​ដ៏​ចែងចាំង​របស់​ម៉ាចា »​ ទស្សនាវដ្ដី ប្រិយមិត្ដ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ទំព័រ ១៤-១៥ ។

ព្រះគម្ពីរ​ដ៏​ចែងចាំងរបស់​ម៉ាចា

ម៉ាចា​បាន​និយាយថា « ខ្ញុំ​មិនដឹង​ថា ខ្ញុំ​មាន​ព្រះគម្ពីរ​សំណព្វ​ចិត្ដ ឬ​អត់​នោះ​ទេ » ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ​ប្រទេស​ស្លូវ៉ានី ។

ម៉ាចា​បាន​អង្គុយ​លើ​ជណ្តើរ​ផ្ទះ​របស់​នាង ហើយ​បាន​ដាក់​ដៃ​ទ្រ​ចង្កា​របស់​នាង ។ ព្រះអាទិត្យ​មាន​ពន្លឺ​ភ្លឺ​ចែងចាំង បញ្ចេញ​ពន្លឺ​រស្មី​ដ៏​កក់ក្ដៅ​តាម​ចន្លោះ​ដើមឈើ​ខ្ពស់ៗ ។ ខ្យល់​បក់​មក​នាំ​ក្លិនក្រអូប​ដូចជា​ស្លឹកស្រល់​ស្រស់ៗ ។

ម៉ាក់​បាន​ចេញ​មក​អង្គុយ​ក្បែរ​ម៉ាចា ។ « តើ​កូន​កំពុង​គិត​ពី​អ្វី​ហ្នឹង ? »

ម៉ាចា​បាន​និយាយថា « កូន​ត្រូវ​ចែកចាយ​ខគម្ពីរ​ដែល​ខ្ញុំ​ពេញចិត្ត​នៅក្នុង​អង្គការ​បឋមសិក្សា » ។ « ប៉ុន្ដែ កូន​អត់​មាន​ខគម្ពីរ​ដែល​ពេញចិត្ត​ទេ ។ ហើយ​កូន​ក៏​មិន​ដឹង​ថា​ត្រូវ​រើស​យក​មួយ​ណា​ដែរ » ។

ម៉ាក់​បាន​ងក់​ក្បាល ។ « ការជ្រើសរើស​ព្រះគម្ពីរ​ដែល​យើង​ចូលចិត្ដ​គឺ​ពិបាក » ។ ម៉ាក់​បាន​សម្លឹង​មើល​ដើម​ឈើ បន្ទាប់មក​បាន​ក្រោក​ឈរ​ឡើង ។ « ម៉ាក់​មាន​គំនិត​មួយ » ។

ម៉ាក់​បាន​ត្រឡប់​ទៅ​ខាង​ក្នុង​វិញ ។ គាត់​បាន​កាន់​ព្រះគម្ពីរ​របស់​គាត់ ពេល​គាត់​ត្រឡប់​មកវិញ ។ « យើង​អាច​ចាប់ផ្តើម​ជាមួយ​នឹង​ដំណើរ​រឿង​មួយ ។ តើ​ដំណើររឿង​ព្រះគម្ពីរ​ដែល​កូន​ចូលចិត្តនោះគឺ​ជា​រឿង​អ្វី ? »

ម៉ាក់ និង​កូនស្រី​កំពុង​អាច​ព្រះគម្ពីរ​មរមន

ម៉ាចា​បាន​គិត​អំពី​រឿង​នេះ ។ « កូន​ចូលចិត្ត​ពេល​ដែល​ព្រះយេស៊ូវ​បានយាង​ទៅជួប​ពួកសាសន៍​នីហ្វៃ » ។

ម៉ាក់​បាន​បើក​តាម​ទំព័រ​ក្នុង​ព្រះគម្ពីរ​មរមន » ។ « រឿង​នោះ​ចាប់​ផ្ដើម​នៅ​ក្នុង​នីហ្វៃទី ៣ » ។ គាត់​បាន​ចង្អុល​ទៅ​ទំព័រ​នោះ ។ « យើង​អាច​អាន​ឆ្លាស់​វេន​គ្នា ហើយ​រើស​ខគម្ពីរ​ដែល​យើង​ចូលចិត្ដ » ។

ម៉ាចា​បាន​ងក់ក្បាល ហើយ​ស្ដាប់​ម៉ាក់​អាន ។ គាត់​បាន​អាន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ហៅ​សិស្ស​របស់​ទ្រង់ ។ គាត់​បាន​អាន​អំពី​អ្នក​ដែល​ផ្សះផ្សា​គេ និង​ការអធិស្ឋាន ។

រួចមក​ក៏ដល់​វេន​របស់​ម៉ាចា ។ ពេល​នាង​បញ្ចប់​ខគម្ពីរ​មួយ​ក្នុង​ចំណោម​នោះ នាង​បាន​ផ្អាក ។ នាង​មាន​អារម្មណ៍​ថា​ព្រះអាទិត្យ​កំពុង​ភ្លឺ​ចែងចាំង​ល្មម​គ្រប់គ្រាន់​ដើម្បី​បំពេញ​ដួងចិត្ដ​របស់​នាង ។

កុមារី​ម្នាក់​កំពុង​អាន​ព្រះគម្ពីរ

នាង​បាន​ងើយ​មើល​ទៅ​ម៉ាក់ ។ « កូន​ចូលចិត្ត​ខគម្ពីរ​នោះ » ។

« ម៉ាក់​ក៏​អ៊ីចឹង​ដែរ ។ តើ​កូន​ចូលចិត្ត​អ្វី​ខ្លះ​ពី​ខគម្ពី​នោះ ? » ម៉ាក់​បាន​សួរ ។

ម៉ាចា​បាន​ញាក់​ស្មា ព្រមទាំង​មាន​ស្នាម​ញញឹម​នៅលើ​ផ្ទៃមុខ​របស់​នាង ។ « ខគម្ពីរ​នោះ​គឺ​អំពី​ព្រះយេស៊ូវ ហើយ​វា​បាន​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​សប្បាយចិត្ត » ។

ម៉ាក់​បាន​ញញឹម​តបវិញ ។ « នេះ​ជា​វិធី​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ដឹង​ថា កូន​បាន​រកឃើញ​ខគម្ពីរ​ដែល​កូន​ចូលចិត្ត​ហើយ ។ តើ​កូន​ចង់​ចែកចាយ​ខគម្ពីរ​នោះ​នៅក្នុង​អង្គការ​បឋមសិក្សារ​ដែរ​ឬ​ទេ ? »

ម៉ាចា​ងក់​ក្បាល​ដោយ​រំភើប​ចិត្ដ ។ « តើ​ម៉ាក់​អាច​ជួយ​កូន​រៀន​ពី​ខ​នោះ​បានទេ ? »

«​ ចាស ប្រាកដ​ជា​បាន ! ​» ម៉ាក់​បាន​និយាយ ។

ម៉ាក់ និង​ម៉ាចា​បាន​ហាត់សម​មួយ​ពាក្យ​ម្ដងៗ ។ ខណៈ​ពេល​ដែល​ពួកគេ​កំពុង​ខិតខំ បក្សី​បាន​ធ្វើ​សំឡេង​ចេចចាច​នៅលើ​ដើមឈើ ហាក់​ដូចជា​ពួកវា​កំពុង​រៀន​ដែរ ។

ពេញ​មួយ​សប្តាហ៍ ម៉ាចា​បាន​បន្ត​ហាត់សម​ខគម្ពីរ​ថ្មី​ដែល​នាង​ចូលចិត្ត ។ នៅ​ព្រឹក​ថ្ងៃអាទិត្យ នាង​រាងដូចជា​ភ័យ​បន្ដិច ។ នាង​បាន​ហាត់សម​ការនិយាយ​អំពី​ខគម្ពីរ​របស់​នាង ខណៈ​ដែល​​នាងកំពុង​ធ្វើ​ដំណើរ​ដ៏​យូរ​ដើម្បី​ទៅ​ព្រះវិហារ ។

នៅ​ក្នុង​អង្គការ​បឋមសិក្សា​របស់​ម៉ាចា នោះមាន​កុមារ​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ ។ ប៉ុន្តែ​នៅពេល​ដែល​នាង​ដើរ​ចូល​ទៅ​ក្នុង​ថ្នាក់រៀន ម៉ាចា​មាន​អារម្មណ៍​ភ័យ​បុក​ពោះ ។

នៅពេល​ដល់​វេន​នាង​ត្រូវ​ចែកចាយ ម៉ាចា​បាន​ឈរ ហើយ​ដក​ដង្ហើម​ធំ ។ នាង​បាន​និយាយថា « មើលចុះ យើង​ជា​ក្រិត្យវិន័យ ហើយ​ជា​ពន្លឺ » ។ « ចូរ​ផ្ចង់​មក​យើង ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ទើប​អ្នក​រាល់​គ្នា​នឹង​រស់ ត្បិត​យើង​នឹង​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​អ្នក​ណា​ដែល​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » ។

ពេល​ម៉ាចា​បាន​ចែកចាយ​រួចរាល់ នាង​បាន​អង្គុយ​ចុះ ហើយ​ញញឹម ។ នាង​ធ្វើ​វា​បាន​សម្រេច​ហើយ ! អារម្មណ៍​ភ័យ​បុកពោះ​បាន​រលាយបាត់ ហើយ​អារម្មណ៍​កក់ក្ដៅ និង​ភាព​ស្រស់ស្រាយ​បាន​វិល​មកវិញ ។ នាង​បាន​ដឹង​ថា ខគម្ពីរ​ដែល​នាង​ចូលចិត្ត​នឹង​នាំ​មក​នូវ​អារម្មណ៍​បែប​នោះ​ទៀត គ្រប់ពេល​ដែល​នាង​ត្រូវការ​វា ។

PDF

រចនា​រូបភាព​ដោយ ក្លូអ៊ី ដូមីនិក