« សៀវភៅគំនូរព្រះវិហារបរិសុទ្ធរបស់ខ្ញុំ »ទស្សនាវដ្ដី ប្រិយមិត្ដ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ទំព័រ ១៦-១៧ ។
សំណេរដោយប្អូន
សៀវភៅគំនូរព្រះវិហារបរិសុទ្ធរបស់ខ្ញុំ
ជម្រាបសួរ !
ខ្ញុំឈ្មោះ ប្រេឌិន ហើយខ្ញុំរស់នៅរដ្ឋយូថាហ៍ ស.រ.អា ។
ខ្ញុំនឹងប្រាប់អ្នកអំពីគោលដៅដែលខ្ញុំបានដាក់ នៅពេលខ្ញុំមានអាយុ ១០ ឆ្នាំ ។
អ្វីៗទាំងអស់បានចាប់ផ្ដើម នៅពេលខ្ញុំធ្វើដំណើរទៅសួរសុខទុក្ខជីដូនជីតារបស់ខ្ញុំ ។ ជីដូនជីតារបស់ខ្ញុំមានសៀវភៅព្រះវិហារបរិសុទ្ធនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់ពួកគាត់ ហើយខ្ញុំចូលចិត្តមើលរូបភាពទាំងនោះ ។ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំចង់បង្កើតសៀវភៅព្រះវិហារបរិសុទ្ធរបស់ខ្ញុំផ្ទាល់ ។ ខ្ញុំបានដាក់គោលដៅរយៈពេលវែងមួយ ដើម្បីគូររូបព្រះវិហារបរិសុទ្ធទាំងអស់ ។
ខ្ញុំបានសម្រេចចិត្តគូរព្រះវិហារបរិសុទ្ធដំបូងរបស់ខ្ញុំ ។ ខ្ញុំបានយកខ្មៅដៃ រកមើលរូបភាពតាមអនឡាញ ហើយគូររូប ព្រះវិហារបរិសុទ្ធ សេនចច យូថាហ៍ ។ បន្ទាប់មកខ្ញុំបានគូររូបព្រះវិហារបរិសុទ្ធ ឡូហ្គិន យូថាហ៍ និងព្រះវិហារ ម៉ាន់តៃ យូថាហ៍ ។ ម៉ាក់របស់ខ្ញុំបានផ្ដល់យោបល់ឲ្យខ្ញុំប្រើសៀវភៅគំនូរដ៏ធំមួយសម្រាប់ព្រះវិហារបរិសុទ្ធរបស់ខ្ញុំ ។ ឥឡូវនេះ មួយឆ្នាំកន្លះក្រោយមក ខ្ញុំគូររូបព្រះវិហារបរិសុទ្ធទី ៨១ គឺព្រះវិហារបរិសុទ្ធ រីណូ ណាវ៉ាដា ។ ខ្ញុំនៅមានព្រះវិហារបរិសុទ្ធចំនួន ១០៥ ទៀតដែលត្រូវគូរ !
មានពេលជាច្រើនដងដែលខ្ញុំចង់បោះបង់ការគូរគំនូរព្រះវិហារបរិសុទ្ធរបស់ខ្ញុំចោល ។ នៅពេលដែលរឿងនេះកើតឡើង ខ្ញុំចូលចិត្តអធិស្ឋាន ហើយទូលសុំព្រះវរបិតាសួគ៌ឲ្យជួយខ្ញុំឆ្លងកាត់គ្រាដ៏លំបាកនោះ ។
អ្វីមួយដែលគួរឲ្យចាប់អារម្មណ៍អំពីគោលដៅនេះ គឺរបៀបដែលវាបានជួយប្អូនប្រុសទាំងបីនាក់របស់ខ្ញុំឲ្យស្រឡាញ់ព្រះវិហារបរិសុទ្ធកាន់តែខ្លាំង ។ ប្អូនប្រុសតូចរបស់ខ្ញុំ ខេដ គូររូបព្រះវិហារបរិសុទ្ធដែលគាត់ចង់ទៅលេងនៅថ្ងៃណាមួយ ហើយប្អូនៗផ្សេងទៀតរបស់ខ្ញុំគូររូបព្រះវិហារសម្រាប់គ្រូបង្រៀន និងមិត្តភក្តិគេ ។
គោលដៅរបស់ខ្ញុំក៏បានជួយខ្ញុំឲ្យស្វែងរកចំណាប់អារម្មណ៍មួយចំនួនផ្សេងទៀតរបស់ខ្ញុំផងដែរ ។ ខ្ញុំចូលចិត្តការរចនា ! ខ្ញុំបានចាប់ផ្ដើមបង្កើតម៉ូដព្រះវិហារបរិសុទ្ធជា 3D កាលពីរដូវក្តៅមុន ហើយខ្ញុំចង់ក្លាយជាស្ថាបត្យករនៅពេលខ្ញុំធំឡើង ។
គោលដៅនេះបានជួយខ្ញុំឲ្យមានអារម្មណ៍កាន់តែជិតស្និទ្ធនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ ។ គ្រប់ពេលដែលខ្ញុំគូររូបព្រះវិហារបរិសុទ្ធ ខ្ញុំមានអារម្មណ៍នៃព្រះវិញ្ញាណ ។ ខ្ញុំដឹងថា ព្រះវិហារបរិសុទ្ធគឺជាព្រះដំណាក់របស់ព្រះ ។ ថ្មីៗនេះ ខ្ញុំបានមានឱកាសចូលទៅក្នុងព្រះវិហារបរិសុទ្ធ ផេសុន យូថាហ៍ និងព្រះវិហារបរិសុទ្ធផ្សេងទៀត ។ ខ្ញុំមានអារម្មណ៍ពីព្រះវិញ្ញាណយ៉ាងខ្លាំង ពេលខ្ញុំធ្វើបុណ្យជ្រមុជទឹកនៅព្រះវិហារបរិសុទ្ធ ។
គ្រប់ពេលដែលខ្ញុំឃើញព្រះវិហារបរិសុទ្ធ វាជួយខ្ញុំឲ្យកាន់តែរឹងមាំក្នុងការជ្រើសរើសផ្លូវត្រូវ ។