មិនប៉ុន្មានឆ្នាំ
សេចក្តីដកស្រង់
ព្រះគម្ពីរមរមនពុំមែនជាកំណត់ត្រាប្រវត្តិសាស្ត្រដែលមើលទៅអតីតកាលជាចម្បងនោះទេ ។ ប៉ុន្តែគម្ពីរនេះមើលទៅអនាគត ហើយមានគោលការណ៍សំខាន់ៗ ការព្រមាន និងមេរៀនដែលត្រូវចំស្ថានភាព និងបញ្ហានៃជំនាន់របស់យើង ។ ម្ល៉ោះហើយ ព្រះគម្ពីរមរមនគឺជាគម្ពីរមួយអំពីអនាគតរបស់យើង និងគ្រាដែលយើងរស់នៅពេលនេះ និងនៅពេលខាងមុខ ។ …
សំឡេងពីបុរាណចេញមកពីធូលីដីសុំអង្វរឲ្យយើងសព្វថ្ងៃនេះរៀនមេរៀនដ៏គ្មានទីបញ្ចប់នេះថា ៖ ភាពចម្រុងចម្រើន ទ្រព្យសម្បត្តិ និងភាពងាយស្រួលបង្កើតជាល្បាយដ៏ខ្លាំងក្លាមួយ ដែលអាចដឹកនាំមនុស្សសុចរិតឲ្យផឹកនូវថ្នាំពុលខាងវិញ្ញាណនៃភាពឆ្មើងឆ្មៃបាន ។ …
… យើងត្រូវតែចាំយាមទប់ទល់នឹងអារម្មណ៍ដែលជម្រុញឲ្យមានភាពឆ្មើងឆ្មៃ និងបំភ្លើសឲ្យគិតថាខ្លួនឯងសំខាន់ វាយតម្លៃខុសឆ្គងអំពីភាពគ្រប់គ្រាន់ផ្ទាល់ខ្លួនរបស់យើង ហើយស្វែងរកសម្រាប់តែខ្លួនឯង មិនបម្រើដល់អ្នកដទៃ ។ …
ខ្ញុំសូមផ្ដល់យោបល់ថា ប្រសិនបើអ្នក ឬខ្ញុំជឿថាយើងរឹងប៉ឹង និងមាំមួនគ្រប់គ្រាន់ដើម្បីចៀសពីភាពល្ងង់ខ្លៅនៃភាពឆ្មើងឆ្មៃ នោះប្រហែលជាយើងកំពុងរងទុក្ខដោយសារជំងឺដែលអាចស្លាប់ខាងវិញ្ញាណហើយ ។ …
ទោះជាយ៉ាងណា ប្រសិនបើអ្នក ឬខ្ញុំជឿថាយើងអាចរងទុក្ខជាមួយ និងដោយសារភាពឆ្មើងឆ្មៃ នោះយើងនឹងធ្វើនូវរឿងតូចៗសាមញ្ញៗដោយខ្ជាប់ខ្ជួន ដែលនឹងការពារ និងជួយយើងឲ្យប្រែក្លាយ« ជាកូនក្មេង ងាយប្រដៅ ស្លូតបូត ទាបរាបសា អត់ឱន ពោរពេញទៅដោយសេចក្ដីស្រឡាញ់ ព្រមទទួលនូវអ្វីៗទាំងអស់ ដែលព្រះអម្ចាស់ទ្រង់ទតឃើញថាល្អ[ ចំពោះយើង ] » [ ម៉ូសាយ ៣:១៩ ] ។
… នៅពេលយើងសិក្សា និងពិចារណាអំពី [ព្រះគម្ពីរមរមន ] នោះយើងនឹងទទួលបានពរឲ្យមានភ្នែកដែលអាចមើលឃើញ ត្រចៀកអាចស្ដាប់ឮ គំនិត និងដួងចិត្តដែលអាចយល់ដឹងមេរៀនដែលយើងគួរតែរៀនដើម្បី « ចូរប្រយ័ត្នអំពីសេចក្ដីឆ្មើងឆ្មៃ ខ្លាចក្រែង[ យើងធ្លាក់ ]ទៅក្នុងសេចក្ដីល្បួង » [គោលលិទ្ធ និងសេចក្តីសញ្ញា ២៣:១ ] ។