ឆ្នាំ ២០១០-២០១៩
មក ចូល​រូម​ជាមួយ​យើង
តុលា 2013


សូម​មក​ចូល​រួម​ជាមួយ​យើង

មាន​កន្លែង​សម្រាប់​អ្នក​ក្នុង​សាសនាចក្រ​នេះ ដោយ​ពុំ​ខ្វល់​ពី​កាលៈទេសៈ ប្រវត្តិ​ផ្ទាល់​ខ្លួន ឬ​ភាព​រឹង​មាំ​នៃ​ទី​បន្ទាល់ឡើយ ។

គ្រា​មួយ​មាន​បុរស​ម្នាក់​សុបិន្ត​ថា គាត់​នៅ​ក្នុង​សាល​ធំ​មួយ​ដែល​មាន​អ្នក​តំណាង​សាសនា​នៅ​ទូទាំង ពិភពលោក​ជួប​ប្រជុំ​គ្នា ។ គាត់​យល់​ថា សាសនា​នីមួយៗ​បង្រៀន​អ្វី​ច្រើន​ដែល​គួរ​ឲ្យ​ប្រាថ្នា និង​មាន​តម្លៃ ។

គាត់​ជួប​នឹង​ស្វាមី​ភរិយា​មួយ​គូ ជា​តំណាង​ពី​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ហើយ​បាន​សួរ​ថា « តើ​អ្នក​តម្រូវ​ឲ្យ​សមាជិក​អ្នក​ធ្វើ​អ្វី​ខ្លះ ? »

ពួកគេ​ឆ្លើយ​ថា « យើង​ពុំ​តម្រូវ​អ្វី​ទេ គឺ​ព្រះ​ទេ​តើ​ ដែល​យើង​ថ្វាយ​ខ្លួន​ចំពោះនោះ » ។

ពួកគេ​ពន្យល់​ពី​ការហៅ​ក្នុង​សាសនាចក្រ ការបង្រៀន និង​សួរ​សុខទុក្ខ​តាម​ផ្ទះ បេសកកម្ម​ពេញ​ម៉ោង រាត្រី​ជួប​ជុំ​គ្រួសារ កិច្ច​ការ​ព្រះ​វិហារ​បរិសុទ្ធ សេវាកម្ម​សុខុមាលភាព និង​សប្បុរសធម៌ និង​ការចាត់តាំង​ឲ្យ​បង្រៀន ។

បុរស​នោះ​សួរ​ថា « តើ​អ្នក​ធ្វើ​កិច្ចការ​ទាំងនេះ​ទទួល​បាន​ប្រាក់​រង្វាន់​ឬ​ទេ ? »

ពួក​គេ​ពន្យល់​ថា « អូ៎! អត់​ទេ គេ​ស្ម័គ្រ​ចិត្ត​លះ​បង់​ពេល​វេលា​របស់​គេ » ។

ពួកគេ​បន្ត​ថា « មិន​តែ​ប៉ុណ្ណោះ សមាជិក​យើង​ចំណាយ​ពេល​ចុង​សប្ដាហ៍​មើល​សន្និសីទ​ទូទៅ​រយៈ​ពេល​10​ម៉ោង រៀង​រាល់​ប្រាំ​មួយ​ខែ​ម្ដងទៀត​ផង » ។

បុរស​នោះ​ងឿង​ឆ្ងល់ « ពួកគេ​ឡើង​និយាយ​រយៈ​ពេល​ដប់​ម៉ោង​ឬ ? »

« ចុះ​តើ​ការប្រជុំ​រាល់​ថ្ងៃ​អាទិត្យ​ដូច​ម្ដេច​ដែរ ? មាន​រយៈ​ពេល​ប៉ុន្មាន ? »

« បី​ម៉ោង​រាល់​ថ្ងៃ​អាទិត្យ ! »

បុរស​នោះ​បន្លឺ​ថា « ម្ចាស់​ថ្លៃ​អើយ តើ​សមាជិក​សាសនាចក្រ​អ្នក​ពិត​ជា​ធ្វើ​អ្វី​ដែល​អ្នក​និយាយ​ឬ ។ »

« មែនហើយ និង​មាន​ច្រើន​ទៀត ។ យើង​ពុំ​ទាន់​បាន​និយាយ​ពី​ពង្ស​ប្រវត្តិ ការ​បោះ​ជំរុំរបស់​​យុរវ័យ ការ​ប្រជុំ​ធម្មនិដ្ឋាន ការ​សិក្សា​គម្ពីរ ការប្រជុំ​ហ្វឹកហ្វឺន​អ្នក​ដឹកនាំ សកម្មភាព​យុវវ័យ ថ្នាក់​សិក្ខា​សាលា ការ​ថែ​ទាំ​អគារ​ព្រះ​វិហារ និង​មែនហើយ យើង​មាន​ច្បាប់​សុខភាព​របស់​ព្រះ ការតម​អាហារប្រចាំខែ​​ដើម្បី​ជួយ​ទុរគត​ជន ព្រម​ទាំង​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ » ។

បុរស​នោះ​វាចា​ថា « ខ្ញុំ​ពុំ​យល់​សោះ ​ឥឡូវ​នេះ ។ ហេតុអ្វី​មាន​គេ​ចង់​ចូលរួម​សាសនា​ចក្រ​បែប​នេះ​ទៅ​ហ្ន៎ ? »

ស្វាមី​ភរិយា​ញញឹម ហើយ​ថ្លែង​ថា « យើង​គិត​ថា​អ្នក​នឹង​សួរ​ដូចនេះ ? »

ហេតុ​អ្វី​មាន​គេ​ចូល​រួម​សាសនាចក្រ​បែប​នេះ ?

កាល​ដែល​សាសនាចក្រ​ជា​ច្រើន​លើ​ពិភព​លោក​ កំពុង​ចុះ​អន់​ថយ​ចំនួន​សមាជិក តែ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ---ថ្វីបើតូច បើ​​ប្រៀប​ធៀប​នឹង​ព្រះវិហារ​ដទៃ​ទៀត​ជា​ច្រើន​ក្ដី ---ជា​សាសនាចក្រ​មួយ​ដែល​រីក​ចម្រើន​លឿន​ជាង​គេ​លើ​ផែនដី​នេះ ។ គិត​ត្រឹម​ខែ កញ្ញា ឆ្នាំ 2013 សាសនាចក្រ​មាន​សមាជិកច្រើន​ជាង 15 លាន​នាក់​នៅ​ជុំវិញ​ពិភពលោក ។

មាន​ហេតុផល​ច្រើន ប៉ុន្តែ​ខ្ញុំ​សូម​លើក​ឡើង​ពីរ​បី​បាន​ទេ ?

សាសនាចក្រ​របស់​ព្រះ​អង្គ​សង្គ្រោះ

សាសនាចក្រ​របស់​ព្រះ​អង្គ​សង្គ្រោះ

ដំបូង សាសនាចក្រ​នេះ​បាន​សាង​ឡើង​វិញ​នៅ​ជំនាន់​នេះ​ដោយ​ព្រះគ្រីស្ទ​ទ្រង់​ផ្ទាល់ ។ នៅ​សាសនា​ចក្រ​នេះ អ្នក​នឹង​ឃើញ​ថា​មាន​សិទ្ធិ​អំណាច​ប្រព្រឹត្ត​តំណាង​ឲ្យ​ទ្រង់ — ដើម្បី​ជ្រមុជ​ទឹក​សម្រាប់​ការផ្ដាច់​បាប ផ្ដល់​អំណោយ​ទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ភ្ជាប់​នៅ​ផែនដី និង​នៅ​ស្ថានសួគ៌ ។ 1

អស់​អ្នក​ដែល​ចូល​សាសនាចក្រ​នេះ ស្រឡាញ់​ព្រះ​អង្គ​សង្គ្រោះ ​យេស៊ូវគ្រីស្ទ ហើយ​គេ​ចង់​ធ្វើ​តាម​ទ្រង់ ។ គេ​អរសប្បាយ​នឹង​តម្រិះ​ដែល​ព្រះ​មាន​បន្ទូល​មក​កាន់​មនុស្ស​សា​រជា​ថ្មី ។ ពេល​គេ​ទទួល​បាន​ពិធីបរិសុទ្ធ​បព្វជិតភាព​ដ៏​ពិសិដ្ឋ និង ធ្វើសេច​​ក្ដី​សញ្ញា​ជាមួយ​ព្រះ គេ​មាន​អារម្មណ៍ពី​​ព្រះ​ចេស្ដា​ព្រះ​នៅ​ក្នុង​ជីវិត ។ 2 ពេល​គេ​ចូល​ព្រះ​វិហារ​បរិសុទ្ធ គេ​មាន​អារម្មណ៍​ថា​ គេ​នៅ​ក្នុង​វត្តមាន​ព្រះ ។ ពេល​គេ​អាន​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ 3 និង រស់​តាម​ការបង្រៀន​នៃ​ព្យាការី នោះ​គេ​ខិត​កាន់តែ​ជិត​ព្រះ​អង្គ​សង្គ្រោះ​ដែល​គេ​ស្រឡាញ់យ៉ាង​ខ្លាំង ។

សេចក្ដី​ជំនឿ​ដែល​សកម្ម

សេចក្ដី​ជំនឿ​ដែល​សកម្ម

ហេតុផល​មួយ​ទៀត ​គឺ​ព្រោះ​តែ​សាសនាចក្រ​ផ្ដល់​ឱកាស​ឲ្យ​ធ្វើ​ល្អ ។

ការជឿ​លើ​ព្រះ ​គឺ​គួរ​ឲ្យ​សរសើរ តែ​មនុស្ស​ភាគ​ច្រើន​ចង់​ធ្វើ​លើស​ជាង​ការ​គ្រាន់តែ​ស្ដាប់​ទេសនកថា​បំផុស​គំនិត ឬ « សុបិន​នៃ​វិមាន​ស្ថានសួគ៌ [ របស់​គេ ] » ។ 4 គេ​ចង់​ធ្វើ​ឲ្យ​ជំនឿ​ក្លាយ​ទៅ​ជា​ទង្វើ ។ គេ​ចង់​មូរ​ដៃ​អាវ​ឡើង​ធ្វើការ និង​ជាប់​សន្យា​ក្នុង​កិច្ចការ​អស្ចារ្យ​នេះ ។

នោះហើយ​ជា​អ្វី​ដែល​កើត​ឡើង​កាល​គេ​ចូលរួម​នឹង​យើង — គេ​មាន​ឱកាស​ច្រើន​ដើម្បី​បំប្លែង​ទេពកោសល្យ មេត្តាធម៌ និង​ពេលវេលា​របស់​គេ​ទៅ​ជា​កិច្ចការ​ល្អ ។ ព្រោះ​យើង​ពុំ​ទទួល​បាន​ប្រាក់​ជា​សាសនាចារ្យ​ក្នុង​ក្រុម​ជំនុំ​ទូទាំង​ពិភពលោក នោះ​សមាជិក​ធ្វើ​ការបម្រើ​ដោយ​ខ្លួន​គេ ។ គេ​ត្រូវ​ហៅ​ដោយ​ការបំផុស​គំនិត ។ ជួនកាល យើង​ស្ម័គ្រ​ចិត្ត ជួន​កាល យើង​គឺ « ត្រូវ​បាន​ចាត់តាំង » ។ យើង​ពុំ​ចាត់​ទុក​ការចាត់​តាំង​ជា​បន្ទុក​នោះ​ទេ តែ​ជា​ឱកាស​បំពេញ​សេចក្ដី​សញ្ញា​ដែល​យើង​បាន​ចុះ​ដើម្បី​ធ្វើ​ការ​បម្រើ​ព្រះ និង កូន​ចៅ​ទ្រង់ ។

ពរជ័យ​រតន​សម្បត្តិ

ពរជ័យ​រតន​សម្បត្តិ

ហេតុផល​ទី​បី​ មូលហេតុ​ដែល​មនុស្ស​ចូល​សាសនាចក្រ គឺ​ព្រោះ​តែ​ការដើរ​តាម​មាគ៌ា​ជា​សិស្ស នាំ​ទៅ​រក​ពរជ័យ​ដ៏​ថ្លៃថ្លា ។

យើង​ចាត់​ទុក​បុណ្យ​ជ្រមុជ​ទឹក​ជា​ចំណុច​ផ្ដើម​នៃ​ជីវិត​ជា​សិស្ស ។ ការដើរ​តាម​ព្រះ​គ្រីស្ទ​នាំ​យើង​ទៅ​រក​សន្តិភាព និង​គោលបំណង​ក្នុង​ជីវិត និងសេច​ក្ដី​អំណរ​ខ្លាំង និង​ការសង្គ្រោះដ៏​​អស់​កល្បជានិច្ច​​នៅ​លោក​ខាង​មុខ ។

អស់​អ្នក​ដើរ​តាម​មាគ៌ា​នេះ​យ៉ាង​ស្មោះ​ត្រង់​ចៀស​ផុត​ពី​អន្លង់​គ្រោះ​ថ្នាក់ ទុក្ខព្រួយ និង​វិប្បដិសារី​នៃ​ជីវិត ។

អ្នក​កំសត់​ខាង​វិញ្ញាណ និង​ទៀង​ត្រង់ រក​ឃើញ​សម្បត្តិ​លើស​លប់​នៃ​តម្រិះ​នៅ​ទីនេះ ។

អ្នក​រង​ទុក្ខ ឬ សោក​សង្រេង​បាន​កម្សាន្ត​ចិត្ត​នៅ​ទី​នេះ ។

អ្នក​មាន​អំពើ​បាប​បាន​អត់​ទោស ដោះ​លែង និង​សម្រាក ។

ចំពោះ​អ្នក​ដែល​ដើរ​ចេញ

ការស្វែង​រក​សេច​ក្ដី​​ពិត​នាំ​មនុស្ស​រាប់​លាន​នាក់​មក​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ប៉ុន្តែ បែរ​ជា​មាន​មនុស្ស​ខ្លះ​ដើរ​ចេញ​ពី​សាសនាចក្រ​ដែល​គេ​ធ្លាប់​ស្រឡាញ់​ទៅ​វិញ ។

មាន​គេ​អាច​សួរ​ថា « បើ​ដំណឹង​ល្អ​អស្ចារ្យ ហេតុអ្វី​មាន​គេ​ដើរ​ចេញ​ទៅ​វិញ ? »

យើង​អាច​សន្និដ្ឋាន​ថា ព្រោះ​គេ​បាក់​ទឹក​ចិត្ត ឬ ខ្ជិល ឬ ប្រព្រឹត្ត​បាប ។ ប្រាកដ​ណាស់ វា​ពុំ​ងាយ​អញ្ជឹង​ទេ ។ តាម​ពិត វា​ពុំ​គ្រាន់​តែ​ជា​ហេតុ​ផល​មួយ​ទេ ​ចំពោះ​ស្ថានភាព​ចម្រុះ​នោះ ។

សមាជិក​ជា​ទី​ស្រឡាញ់​របស់​យើង​ខ្លះ​ ស្មុគ​ស្មាញ​ ហើយ​សួរ​ខ្លួន​ថា​តើ​គេ​គួរ​ដក​ខ្លួន​ចេញ​ពី​សាសនាចក្រ​ឬ​ទេ ។

ក្នុង​សាសនាចក្រ​នេះ ដែល​គោរព​ដល់​សិទ្ធិ​ជ្រើសរើស​ផ្ទាល់​ខ្លួន​យ៉ាង​ខ្លាំង ដែល​បាន​ស្ដារ​ឡើង​វិញ​ដោយ​យុវជន​ម្នាក់​ដែល​មាន​សំណួរ និង​រក​ចម្លើយ នោះ​យើង​គោរព​អ្នក​ដែល​ស្វែង​រក​សេចក្ដី​ពិត​យ៉ាង​ស្មោះ ។ វា​អាច​នឹង​បំបាក់​ដួង​ចិត្ត​យើង ​ពេល​ជីវិត​គេ​ត្រូវ​ដក​ចេញ​ពី​សាសនាចក្រ​ដែល​យើង​ស្រឡាញ់ និង​សេចក្ដី​ពិត​ដែល​យើង​មាន តែ​យើង​ផ្ដល់​កិត្តិយស​ដល់​សិទ្ធិ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​ ស្រប​តាម​ឆន្ទៈ​នៃ​សតិ​សម្បជញ្ញៈ​ខ្លួន ដូច​យើង​ប្រកាស​ពី​សិទ្ធិ​នោះ​សម្រាប់​ខ្លួន​យើង​ដែរ ។ 5

សំណួរ​ដែល​ពុំ​ទាន់​ឆ្លើយ

មនុស្ស​ខ្លះ​ស្មុគ​ស្មាញ​ពី​សំណួរ​ដែល​គ្មាន​ចម្លើយ ពី​អ្វី​ដែល​បាន​ធ្វើ ឬ និយាយ​ពី​អតីត ។ យើង​ទទួល​ស្គាល់​យ៉ាង​បើក​ចំហរ​ថា ជិត 200 ឆ្នាំ​នៃ​ប្រវត្តិ​សាស្ត្រ​សាសនាចក្រ — អម​ដោយ​ការបំផុស​គំនិត​ពុំ​ចេះ​ស្បើយ ភាព​ថ្លៃថ្នូរ និង​ព្រឹត្តិការណ៍​ដ៏​ទេវភាព — មាន​រឿង​ខ្លះ​ដែល​បាន​និយាយ និង​ធ្វើ​ដែល​អាច​បណ្ដាល​ឲ្យ​មនុស្ស​ចោទ​ជា​សំណួរ ។

ពេល​ខ្លះ សំណួរ​ចោទ​ឡើង ព្រោះ​តែ​យើង​ពុំ​មាន​ព័ត៌មាន​ទាំង​ស្រុង ហើយ​យើង​គ្រាន់តែ​ត្រូវ​អត់ធ្មត់​បន្តិច​ទៀត ។ ពេល​សេចក្ដី​ពិត​ទាំង​ស្រុង​ត្រូវ​បាន​ស្គាល់​ដល់​យើង នោះ​រឿង​ដែល​ពុំ​ច្បាស់​ពី​មុន​នឹង​ត្រូវ​បាន​ដោះស្រាយ​បំពេញ​ចិត្ត​យើង ។

ជួនកាល​មាន​យោបល់​ខុស​គ្នា​ថា « ភាព​ពិត » ​ជា​អ្វីពិត​ទៅ ។ សំណួរ​មួយ​ដែល​បង្កើត​មន្ទិល​ក្នុង​គំនិត​មនុស្ស​ខ្លះ​អាច​សាង​សេចក្ដី​ជំនឿ​ក្នុង​មនុស្ស​ដទៃ​បន្ទាប់​ពី​ការស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ ។

កំហុស​នៃ​មនុស្ស​ពុំ​គ្រប់​លក្ខណ៍

ហើយ​ដើម្បីមាន​ភាព​​ស្មោះ​ស្ម័គ្រ​គ្រប់​លក្ខណ៍ នោះ​វា​មាន​ពេល​ដែល​សមាជិក ឬ អ្នក​ដឹកនាំ​សាសនាចក្រ​ជា​ធម្មតា​ធ្វើ​កំហុស ។ ធ្លាប់​មាន​រឿង​ដែល​ត្រូវ​បាន​ពោល និង​ធ្វើ ដែល​ពុំ​ចុះ​សម្រុង​នឹងគុណ​​តម្លៃ គោលកាណ៍ ឬ​គោលលទ្ធិ​យើង ។

ខ្ញុំ​គិត​ថា​សាសនាចក្រ​នឹង​បាន​គ្រប់​លក្ខណ៍ បើ​សាសនា​ចក្រ​ដឹកនាំ​ដោយ​មនុស្ស​ដែលគ្រប់​លក្ខណ៍ ។ ព្រះ​ល្អ​គ្រប់​លក្ខណ៍ ហើយ​គោលលទ្ធិ​ទ្រង់​បរិសុទ្ធ ។ តែ​ទ្រង់​ធ្វើការ​តាម​រយៈ​យើង — ដែល​ជា​កូន​ចៅ​ពុំ​គ្រប់​លក្ខណ៍ — ហើយ​មាន​កំហុស ។

នៅ​ទំព័រ​ចំណងជើងក្នុង​ព្រះ​គម្ពីរ​មរមន​ថ្លែង​ថា ‍« ហើយ​បើ​សិន​ជា​មាន​កំហុស​អ្វី​សោត កំហុស​ទាំង​នោះ​គឺ​ជា​របស់​ផង​មនុស្ស ហេតុដូច្នេះ​ហើយ សូម​កុំ​ថ្កោល​ទោស​ដល់​វត្ថុ​ដែល​ជា​របស់​ផង​ព្រះ​ឡើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ឃើញ​ថា គ្មាន​ទោស​នៅ​ចំពោះ​វេទិកា​ជំនុំ​ជំរះ​នៃ​ព្រះគ្រីស្ទ » ។ 6

នេះ​ជា​របៀប​ដែល​ធ្លាប់​មាន ហើយ​នឹង​នៅ​តែ​មាន​ដរាប​ដល់​ថ្ងៃ​អស្ចារ្យ​ដែល​ព្រះគ្រីស្ទ​ទ្រង់​ផ្ទាល់​សោយ​រាជ្យ​លើ​ផែនដី ។

ជា​អកុសល​ដែល​មនុស្ស​ខ្លះ ​ជំពប់​ដួល​ដោយ​សារ​កំហុស​ធ្វើ​ឡើង​ដោយ​មនុស្ស ។ ប៉ុន្តែ ដោយ​ពុំ​គិត​ពី​កំហុស​នេះ​ សេចក្ដី​ពិត​អស់កល្ប​នៃ​ដំណឹង​ល្អ​ស្ដារ​ឡើង​វិញ ដែល​មាន​ក្នុង​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ពុំ​អាប់​រស្មី ចុះ​ថយ ឬ​ត្រូវ​បំផ្លាញ​ឡើយ ។

ក្នុង​នាម​ជា​សាវក​នៃ​ព្រះ​យេស៊ូវគ្រីស្ទ និង​ជា​បុគ្គល​ដែល​បាន​ឃើញ​ដំបូន្មាន និង កិច្ចការ​សាសនាចក្រ​នេះ​មុន​គេ ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​ជា​ឱឡារិក​ថា គ្មាន​ការសម្រេច​ចិត្ត​ដ៏​សំខាន់​ណា ដែល​ជះ​ឥទ្ធិពល​លើ​សាសនាចក្រ​នេះ ឬ​សមាជិក ដែល​បាន​ធ្វើ​ឡើង​ដោយ​ពុំ​មាន​ការស្វែង​រក​ការបំផុស​គំនិត ការដឹកនាំ និង​ការយល់​ព្រម​ពី​ព្រះ​បិតា​អស់​កល្ប​យើង​ឡើយ ។ នេះ​គឺ​ជា​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ។ ព្រះ​នឹង​ពុំ​អនុញ្ញាត​ឲ្យ​សាសនាចក្រ​ទ្រង់ រសាត់​ឆ្ងាយ​ពី​ទិសដៅ​ដែល​កំណត់ ឬ​បរាជ័យ​ក្នុង​ជោគវាសនា​ដ៏​ទេវភាព​ឡើយ ។

មាន​កន្លែង​សម្រាប់​អ្នក

ឱ ចំពោះ​អ្នក​ដែល​បាន​ដក​ខ្លួន​ពី​សាសនាចក្រ​ទៅ​ហើយ ខ្ញុំ​សូម​ជម្រាប​ថា ឱ មិត្ត​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ នៅ​មាន​កន្លែង​សម្រាប់​បង​ប្អូន​នៅ​ទី​នេះ ។

សូម​មក ហើយ​បូក​បញ្ចូល​ទេពកោសល្យ អំណោយ​ទាន និង​កម្លាំង​ជាមួយ​នឹង​យើង ។ ជា​លទ្ធផល​យើង​នឹង​កាន់តែ​ប្រសើរ​ទាំង​អស់​គ្នា ។

មនុស្ស​ខ្លះ​អាច​សួរ « ចុះ​តើ​មន្ទិល​របស់​ខ្ញុំ​យ៉ាង​ម៉េច​ដែរ ? »

ជា​ធម្មតា​ទេ​ដែល​មាន​សំណួរ​នោះ — គ្រាប់​ពូជ​នៃ​សំណួរ​ស្មោះត្រង់​តែង​លេច​ពន្លក​ឡើង និង​លូតលាស់​ជា​ដើម​ឈើ​យល់ដឹង​មួយ​ដ៏​ធំ ។ មាន​សមាជិក​ខ្លះ​ពុំ​ស្វិតស្វាញ​នឹង​សំណួរ​ប្រាកដ​ប្រជា ឬ​ធ្វើ​ឲ្យ​អន់​ចិត្ត​ឡើយ​នៅ​ពេល​មួយ ឬ​ផ្សេង​ទៀត ។ គោល​បំណង​នៃ​សាសនាចក្រ​គឺ​បីបាច់ និង​បណ្ដុះ​គ្រាប់​ពូជ​នៃ​សេចក្ដី​ជំនឿ — សូម្បី​ពេល​ខ្លះ​ជា​ដី​ខ្សាច់​នៃ​មន្ទិល និង​ភាព​មិន​ប្រាកដ​ក្ដី ។ សេចក្ដី​ជំនឿ​គឺ​ត្រូវ​សង្ឃឹម​លើ​ការណ៍​ដែល​មើល​ពុំ​ឃើញ តែ​ពិត ។ 7

ដូច្នេះ បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ---ជា​មិត្ត​ជា​ទីស្រឡាញ់​ខ្ញុំ​អើយ---សូម​សង្ស័យ​មន្ទិល​អ្នក​ពី​មុន​សង្ស័យ​សេចក្ដី​ជំនឿ​អ្នក ។ 8យើង​ពុំ​ត្រូវ​អនុញ្ញាត​ឲ្យ​មន្ទិល​ចាប់​យើង​ជា​អ្នក​ទោស ហើយ​បញ្ចៀស​យើង​ពីសេច​ក្ដី​ស្រឡាញ់​ព្រះ ភាព​សុខសាន្ត និង​អំណោយ​ទាន ដែល​បាន​មក​ពីសេច​ក្ដី​ជំនឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ​ជា​ដាច់​ខាត ។

មនុស្ស​ខ្លះ​អាច​ថ្លែង​ថា « ខ្ញុំ​ពុំ​សម​នៅ​ជាមួយ​នឹង​អ្នក​ក្នុង​សាសនាចក្រ​នេះ​ទេ »  ។

បើ​អ្នក​អាច​មើល​ក្នុង​ចិត្ត​យើង​បាន អ្នក​មុខ​ជា​យល់​ថា អ្នក​សម​ជាង​អ្វី​ដែល​ស្មាន​ទៅ​ទៀត ។ អ្នក​អាច​ភ្ញាក់​ផ្អើល​ដែល​យើង​មាន​ចំណង់ និង​ការពុះពារ និងសេច​ក្ដី​សង្ឃឹម​ស្រដៀង​គ្នា​នឹង​អ្នក​ដែរ ។ ប្រវត្តិ ឬ​ការអប់រំ​អ្នក​អាច​នឹង​​ខុស​ពី​អ្វី​ដែល​អ្នក​សង្កេត​ក្នុង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ តែ​នោះ​អាច​ជា​ពរជ័យ ។ បង​ប្អូន​ប្រុស​ស្រី មិត្ត​ជា​ទី​ស្រឡាញ់ យើង​ត្រូវការ​ទេពកោសល្យ និង ទស្សន​វិស័យ​ផ្សេង​ៗ​គ្នា​របស់​អ្នក ។ ភាព​ប្លែក​ពី​គ្នា​នៃ​បុគ្គល និង​ក្រុម​មនុស្ស​ពេញ​ពិភព​លោក​ គឺ​ជា​កម្លាំង​នៃ​សាសនាចក្រ​នេះ ។

មនុស្ស​ខ្លះ​អាច​ថ្លែង​ថា « ខ្ញុំ​ពុំ​គិត​ថា​អាច​រស់​តាម​បទដ្ឋាន​អ្នក​បាន​ទេ » ។

អ្វីៗ​ទាំង​អស់ នាំ​ឲ្យ​មាន​ជា​ហេតុ​ផល អ្នក​ត្រូវ​មក ! សាសនាចក្រ​បង្កើត​ឡើង​ដើម្បី​បីបាច់​មនុស្ស​មិន​គ្រប់​លក្ខណ៍ ស្មុគ​ស្មាញ និង​អ្នក​អស់​កម្លាំង ។ វា​ពេញ​ដោយ​មនុស្ស​ដែល​មាន​បំណង​ប្រាថ្នា ក្នុង​ចិត្ត​ដើម្បី​រក្សា​បញ្ញត្តិ សូម្បី​តែ​គេ​ពុំ​ធ្លាប់​ធ្វើវា​ក្ដី ។

មនុស្ស​ខ្លះ​អាច​និយាយ​ថា « ខ្ញុំ​ស្គាល់​សមាជិក​លាក់​ពុត​ម្នាក់​ក្នុង​សាសនាចក្រ​អ្នក  ខ្ញុំ​ពុំ​អាច​ចូល​សាសនាចក្រ​ដែល​មាន​មនុស្ស​ដូច​ជា​ម្នាក់​ហ្នឹង​ធ្វើ​ជា​សមាជិក​ឡើយ » ។

បើ​អ្នក​លើក​ឡើង​ពី​ការលាក់ពុត ដូច​នរណា​ម្នាក់​ដែល​បរាជ័យ​រស់នៅ​យ៉ាង​គ្រប់​​​លក្ខណ៍​ចំពោះ​អ្វី​ដែល​យើង​ជឿ នោះ​យើង​ទាំង​អស់​សុទ្ធ​តែ​លាក់​ពុត ។ គ្មាន​នរណា​ម្នាក់ក្នុង​​ចំណោម​យើង​ដូច​ព្រះ​គ្រីស្ទ​ទេ ទោះ​ជា​យើង​ដឹង​ថា យើង​គួរ​តែ​ធ្វើ​ឲ្យ​ដូច​ក្តី ។ តែ​យើង​មាន​បំណង​អស់​ពី​ចិត្ត ដើម្បី​យក​ឈ្នះ​កំហុស និងនិន្នាការ​ធ្វើបាប ។ ជាមួយ​នឹង​ដួងចិត្ត​ និង​ព្រលឹង​យើង យើងចង់​ប្រែ​ក្លាយ​កាន់តែ​ប្រសើរ ​ដោយ​ជំនួយ​នៃ​ដង្វាយ​ធួន​របស់​ព្រះ​គ្រីស្ទ ។

បើ​ទាំង​នេះ​ជា​បំណង​អ្នក មាន​កន្លែង​សម្រាប់​អ្នក​ក្នុង​សាសនាចក្រ​នេះ ​ដោយ​ពុំ​ខ្វល់​ពី​កាលៈទេសៈ ប្រវត្តិ​ផ្ទាល់​ខ្លួន ឬ​ភាព​រឹង​មាំ​នៃ​ទី​បន្ទាល់​ទេ ។ សូម​មក​ចូល​រួម​ជា​មួយ​យើង !

សូម​មក​ចូល​រួម​ជា​មួយ​យើង !

ដោយ​ពុំ​គិត​ពី​ភាព​មិន​គ្រប់​លក្ខណ៍​នៃ​មនុស្ស ខ្ញុំ​ជឿ​ជាក់​ថា អ្នក​នឹង​រក​ឃើញ​ព្រលឹង​អស្ចារ្យ​ជា​ច្រើន​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ​នេះ​ ដែល​ផែនដី​នេះ​ត្រូវ​ផ្ដល់ ។ សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ហាក់​ដូច​ជា​ទាក់ទាញ​មនុស្ស​ចិត្ត​ល្អ និងអ្នក​​ចេះ​ខ្វាយខ្វល់ ពួក​ស្មោះត្រង់ និង​ពួក​ឧស្សាហ៍ ។

បើ​អ្នក​ចង់​រក​មនុស្ស​គ្រប់​លក្ខណ៍​នៅ​ទី​នេះ នោះ​អ្នក​នឹង​ខក​ចិត្តហើយ ។ តែ​បើ​អ្នក​រក​គោលលទ្ធិ​ពិត​នៃ​ព្រះគ្រីស្ទ ជា​បន្ទូល​នៃ​ព្រះ « ដែល​ប្រោស​ព្រលឹង​មាន​របួស​ឈឺ​ចាប់ » 9 និង​ឥទ្ធិពល​បន្សុទ្ធ​ចិត្ត​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​នឹង​រក​ឃើញ​នៅ​ទី​នេះ ។ នៅ​គ្រា​នៃ​សេចក្ដី​ជំនឿ​តិច — នៅ​គ្រា​ដែល​មនុស្ស​ជា​ច្រើន​គិត​ថា នៅ​ឆ្ងាយ​ពី​ស្ថាន​សួគ៌ — នៅ​ទី​នេះ​អ្នក​នឹង​រក​ឃើញ​មនុស្ស​ដែល​ខ្នះខ្នែង​ស្គាល់ និង​ខិត​កាន់តែ​ជិត​ព្រះ​អង្គ​សង្គ្រោះ​ដោយ​ការបម្រើ​ព្រះ និង​មនុស្ស​ជុំ​វិញ គឺ​ដូច​ជា​រូប​អ្នក​ដែរ ។ សូម​មក​ចូល​រួម​ជា​មួយ​យើង !

តើ​អ្នក​នឹង​ដក​ថយ​ដែរ​ឬ ?

ខ្ញុំ​នឹក​ឃើញ​ពី​គ្រា​ដែល​ព្រះ​អង្គ​សង្គ្រោះ​ត្រូវ​គេ​បោះ​បង់​ចោល​ ។ 10 ព្រះ​យេស៊ូវ​បាន​សួរ​ពួក​សិស្ស​ទាំង​ដប់​ពីរ​រូប​ថា ៖

« តើ​អ្នក​នឹង​ដក​ថយ​ដែរ​ឬ ?

« ស៊ីម៉ូន ពេត្រុស​ឆ្លើយ​ថា ព្រះ​អម្ចាស់​អើយ តើ​យើង​ខ្ញុំ​នឹង​ទៅ​ឯ​ណា​វិញ ? គឺ​ទ្រង់​ហើយ​ដែល​មាន​ព្រះ​បន្ទូល​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច » ។ 11

មាន​ពេល​ដែល​យើង​ត្រូវ​ឆ្លើយ​នឹង​សំណួរ​ដដែលៗ ។ តើ​យើង​នឹង​ដក​ថយ​ដែរ​ឬ ? ឬ តើ​យើង​នឹង​ធ្វើ​ដូច​ជា​ពេត្រុស ដែល​កាន់​ខ្ជាប់​នឹង​ព្រះ​បន្ទូល​នៃ​ជីវិត​ដ៏​អស់​កល្បឬ ?

បើ​អ្នក​ស្វែង​រក​សេច​ក្ដី​ពិត អត្ថន័យ និង​មាគ៌ា​បំប្លែងសេច​ក្ដី​ជំនឿ​ទៅ​ជា​ទង្វើ បើ​សិន​អ្នក​រក​កន្លែង​នៃ​ម្ចាស់​ការ ៖ សូម​មក​ចូល​រួម​ជា​មួយ​យើង !

បើ​អ្នក​បាន​ទុក​សេចក្ដី​ជំនឿ​ដែល​អ្នក​ធ្លាប់​ឱប​ក្រសោប ៖ សូម​ត្រឡប់​មក​វិញ ។ សូម​មក​ចូល​រួម​ជា​មួយ​យើង !

បើ​អ្នក​ត្រូវ​ល្បួង​ឲ្យ​ចុះ​ចាញ់ ៖ សូម​នៅ​បន្តិច​ទៀត​ចុះ ។ មាន​កន្លែង​សម្រាប់​អ្នក​នៅ​ទី​នេះ ។

ខ្ញុំ​សូម​អង្វរ​អ្នក​ដែល​ឮ ឬ​អាន​ពាក្យ​ទាំង​នេះ ៖ សូម​មក​ចូល​រួម​ជា​មួយ​យើង ។ ចូរមក​ស្ដាប់​ការហៅ​នៃ​ព្រះ​គ្រីស្ទ​ដ៏​ទន់ភ្លន់ ។ ចូរ​លី​ឈើ​ឆ្កាង​របស់​អ្នក ហើយ​ដើរ​តាម​ទ្រង់ ។ 12

សូមមក​ចូល​រួម​ជា​មួយ​យើង ! ត្បិត​ទី​នេះ អ្នក​នឹង​រក​ឃើញ​អ្វី​ដែល​ថ្លៃថ្លា​លើស​ជាង​តម្លៃ​ទៅ​ទៀត ។

ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​ថា នៅ​ទី​នេះ​នឹង​រក​ឃើញ​បន្ទូល​នៃ​ជីវិត​អស់​កល្ប ការសន្យា​នៃ​ការប្រោសលោះ និង​មាគ៌ា​ឆ្ពោះ​ទៅ​ភាព​សុខសាន្ត និង​សុភមង្គល ។

ខ្ញុំ​សូម​អធិស្ឋាន​ដោយ​ស្មោះ​ថា ការស្វែង​រក​សេចក្ដី​ពិត​របស់​អ្នក​នឹង​ដិតដាម​ក្នុង​ចិត្ត​នូវ​បំណង​ដើម្បី​មក ហើយ​ចូល​រួម​ជាមួយ​យើង ។ ក្នុង​ព្រះ​នាមដ៏ពិសិដ្ឋ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ អាម៉ែន ។