ការសម្រេចចិត្តសម្រាប់ភាពអស់កល្បជានិច្ច
ការប្រើសេរីភាពដោយឈ្លាសវៃ ធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន គឺសំខាន់ចំពោះការរីកចម្រើនខាងវិញ្ញាណអ្នក នាពេលនេះ និងអស់កល្បជានិច្ច ។
បងប្អូនប្រុសស្រី រាល់ថ្ងៃជាថ្ងៃនៃការធ្វើការសម្រេចចិត្ត ។ ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀនយើងថា « ការសម្រេចចិត្តកំណត់ជោគវាសនា » ។1 ការប្រើសេរីភាពដោយឈ្លាសវៃ ធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន គឺសំខាន់ចំពោះការរីកចម្រើនខាងវិញ្ញាណអ្នក នាពេលនេះ និងអស់កល្បជានិច្ច ។ អ្នកពុំក្មេងពេកដើម្បីរៀន ក៏ពុំចាស់ពេកដើម្បីផ្លាស់ប្ដូរនោះទ ។ ការចង់រៀន និងផ្លាស់ប្ដូរកើតមកពីការមានបំណងដ៏ទេវភាពដើម្បីមានការរីកចម្រើនដ៏អស់កល្ប ។2 រាល់ថ្ងៃនាំមកនូវឱកាសធ្វើការសម្រេចចិត្តសម្រាប់ភាពអស់កល្ប ។
យើងជាតួអង្គអស់កល្ប--កូនចៅវិញ្ញាណនៃព្រះបិតាមាតាសួគ៌ ។ គម្ពីប៊ីបកត់ត្រាថា « ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ … ក៏បង្កើតគេឡើងជាប្រុសជាស្រី » ។3 ថ្មីៗនេះ ខ្ញុំបានស្ដាប់ចម្រៀងកុមារគួរឲ្យស្រឡាញ់ត្រង់កន្លែងបន្ទរនៃបទ « ខ្ញុំជាកូនរបស់ព្រះ » ។4 ខ្ញុំងឿងឆ្ងល់ថា « ហេតុអ្វីក៏ខ្ញុំពុំដែលស្ដាប់ឮបទនេះ ច្រៀងដោយម្ដាយ ឬឪពុកស្មោះត្រង់ជាញឹកញាប់ដូច្នេះ ? តើយើងទាំងអស់គ្នា ពុំមែនជាកូនព្រះទេឬអី ? តាមពិត គ្មាននរណាម្នាក់ក្នុងពួកយើងអាច ឈប់ធ្វើជាកូនព្រះនោះទេ !
នាមជាកូនព្រះ យើងគួរស្រឡាញ់ទ្រង់ដោយអស់ពីចិត្ត និងព្រលឹង ច្រើនជាងយើងស្រឡាញ់ឪពុកម្ដាយលើផែនដីយើងទៅទៀត ។5 យើងគួរស្រឡាញ់អ្នកជិតខាងយើង ដូចជាបងប្អូនប្រុសស្រីយើង ។ គ្មានបទបញ្ញត្តិណាអស្ចារ្យជាងនេះទេ ។6 ហើយយើងគួរឲ្យតម្លៃដល់ជីវិតមនុស្សជានិច្ច តាមវ័យនីមួយៗ ។
គម្ពីរបង្រៀនថា រូបកាយ និងវិញ្ញាណ គឺជាព្រលឹងមនុស្ស ។7 ដោយហេតុនោះ នោះយើងម្នាក់ៗអាចអរគុណព្រះសម្រាប់អំណោយដ៏ពុំអាចកាត់ថ្លៃបានរបស់ទ្រង់ ចំពោះរូបកាយ និងវិញ្ញាណអ្នក ។
រូបកាយមនុស្ស
តាមអាជីពខ្ញុំអស់ជាច្រើនឆ្នាំ ជាវេជ្ជបណ្ឌិត វាបានធ្វើឲ្យខ្ញុំគោរពយ៉ាងខ្លាំងដល់រូបកាយមនុស្ស ។ ដែលបានបង្កើតដោយព្រះ ជាអំណោយមួយដល់អ្នក វាពិតជាអស្ចារ្យណាស់ ! ចូរគិតពីភ្នែកអ្នក ដែលអាចមើលឃើញ ត្រចៀកស្ដាប់ឮ ម្រាមដៃប៉ះដឹងនូវអ្វីៗអស្ចារ្យនៅជុំវិញអ្នក ។ ខួរក្បាលអ្នក អាចឲ្យអ្នករៀន គិត និងរកហេតុផល ។ បេះដូងអ្នក លោតជាចង្វាក់ទាំងថ្ងៃទាំងយប់មិនចេះនឿយហត់ អ្នកស្ទើរតែពុំចាប់អារម្មណ៍ផង ។8
រូបកាយអ្នកការពារខ្លួនវា ។ ការឈឺចាប់ កើតមានជាការប្រាប់ឲ្យដឹងថា មានអ្វីខុសប្លែកហើយ ត្រូវយកចិត្តទុកដាក់ ។ ជំងឺឆ្លង រាតត្បាតជាញឹកញាប់ ហើយពេលវាមាន នោះបដិបក្ខប្រាណ ត្រូវបានបង្កើតឡើង ដើម្បីបង្កើនភាពស៊ាំរបស់អ្នកនឹងការឆ្លងពេលក្រោយ ។
រូបកាយអ្នកជួសជុលខ្លួនឯង ។ ស្នាមកាត់ និងជាំបានជាសះស្បើយ ។ ឆ្អឹងបាក់ អាចរឹងមាំឡើងវិញ ។ ខ្ញុំបានប្រាប់តែឧទាហរណ៍តូចមួយនៃគុណសម្បត្តិដែលព្រះប្រទានឲ្យយ៉ាងអស្ចារ្យនៃរូបកាយអ្នកប៉ុណ្ណោះ ។
ទោះជាយ៉ាងណា វាហាក់ដូចជាគ្រប់គ្រួសារ បើមិនគ្រប់គ្នា ក៏មានស្ថានភាពរូបកាយខ្លះ ត្រូវការនូវការមើលថែយ៉ាងពិសេសដែរ ។9 គំរូសម្រាប់តស៊ូនឹងឧបសគ្គដូច្នោះ បានផ្ដល់ឲ្យដោយព្រះ ។ ទ្រង់មានបន្ទូលថា « យើងនឹងបង្ហាញដល់ពួកគេនូវភាពទន់ខ្សោយរបស់ពួកគេ ដើម្បីឲ្យពួកគេអាចបានរាបសារ … ត្បិតបើសិនជាពួកគេបន្ទាបខ្លួន … ហើយមានសេចក្ដីជំនឿជឿដល់យើង លំដាប់នោះយើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយ ក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ » ។10
ពួកវិញ្ញាណពិសេស ជាញឹកញាប់មានរូបកាយមិនល្អទេ ។11 អំណោយទាននៃរូបកាយមួយដូច្នេះ ជាធម្មតា អាចពង្រឹងដល់គ្រួសារ ដូចជាឪពុកម្ដាយ និងបងប្អូន ដែលស្ម័គ្រស្ថាបនាជីវិតពួកគេនៅជុំវិញកុមារដែលកើតដោយមានតម្រូវការពិសេសនោះ ។
ដំណើរអាយុទៅវ័យចំណាស់ក៏ជាអំណោយទានមួយពីព្រះដែរ ក៏ដូចជាសេចក្ដីស្លាប់ ។ ទីបញ្ចប់នៃការស្លាប់ខាងរូបកាយអ្នក គឺសំខាន់ចំពោះផែនការនៃសុភមង្គលដ៏មហិមារបស់ព្រះ ។12 ហេតុអ្វី ? ដោយសារការស្លាប់ នឹងអនុញ្ញាតឲ្យវិញ្ញាណរបស់អ្នកត្រឡប់ទៅដំណាក់ទ្រង់វិញ ។13 ចេញពីទស្សនៈដ៏អស់កល្ប ការស្លាប់ គឺជាការទៅមុនអាយុកាលសម្រាប់អ្នកដែលពុំត្រៀមខ្លួនដើម្បីជួបព្រះតែប៉ុណ្ណោះ ។
ដោយរូបកាយអ្នកជាផ្នែកដ៏សំខាន់មួយនៃផែនការដ៏អស់កល្បរបស់ព្រះ វាអស្ចារ្យដែលសាវកប៉ុលបានពិពណ៌នាថាជា « ព្រះវិហារនៃព្រះ » ។14 រាល់ពេលអ្នកមើលក្នុងកញ្ចក់ អ្នកឃើញរូបកាយអ្នកជាព្រះវិហាររបស់អ្នក ។ សេចក្ដីពិតនោះ -- រំឭកដោយដឹងគុណរាល់ថ្ងៃ -- អាចជាឥទ្ធិពលវិជ្ជមានដល់ការសម្រេចចិត្តអ្នក អំពីរបៀបដែលអ្នកនឹងមើលថែដល់រូបកាយ និងរបៀបដែលអ្នកប្រើប្រាស់វា ។ ហើយការសម្រេចចិត្តទាំងនោះ នឹងកំណត់ជោគវាសនាអ្នក ។ តើវាអាចទៅរួចដោយរបៀបណា ? ដោយសាររូបកាយអ្នកជាព្រះវិហារសម្រាប់វិញ្ញាណអ្នក ។ ហើយរបៀបដែលអ្នកប្រើរូបកាយអ្នក ជះឥទ្ធិពលដល់វិញ្ញាណអ្នក ។ ការសម្រេចចិត្តមួយចំនួន ដែលនឹងកំណត់ជោគវាសនាអស់កល្បរបស់អ្នក រួមមាន ៖
-
• តើអ្នកនឹងសម្រេចជ្រើសរើស ថែរក្សា និងប្រើប្រាស់រូបកាយរបស់អ្នកយ៉ាងដូចម្ដេច ?
-
តើលក្ខណៈខាងវិញ្ញាណមួយណា ដែលអ្នកនឹងជ្រើសរើសយកមកអភិវឌ្ឍន៍ ?
វិញ្ញាណមនុស្ស
វិញ្ញាណអ្នក គឺជាអង្គអស់កល្បមួយ ។ ព្រះអម្ចាស់មានបន្ទូលទៅកាន់ព្យាការី អ័ប្រាហាំថា ៖ « អ្នកត្រូវបានរើសតាំងពីមុនអ្នកចាប់កំណើតមកម្ល៉េះ » ។15 ព្រះអម្ចាស់មានបន្ទូលអ្វីមួយស្រដៀងគ្នាអំពីយេរេមា16 និងអ្នកដទៃជាច្រើនទៀត ។17 ទ្រង់ក៏បានមានបន្ទូលអំពីអ្នកដែរ ។18
ព្រះបិតាសួគ៌អ្នក ស្គាល់អ្នកជាយូរមកហើយ ។ អ្នកជាបុត្រា ឬបុត្រីទ្រង់ ដែលត្រូវបានរើសតាំងដោយទ្រង់ឲ្យមកផែនដី នៅក្នុងជំនាន់អស្ចារ្យនេះ ដើម្បីធ្វើជាអ្នកដឹកនាំក្នុងកិច្ចការមហិមារបស់ទ្រង់លើផែនដី ។19 អ្នកត្រូវបានរើសតាំង ពុំមែន សម្រាប់អត្តចរិកខាងរូបកាយទេ ប៉ុន្តែសម្រាប់លក្ខណៈខាងវិញ្ញាណអ្នក ដូចជា ភាពក្លាហាន ភាពអង់អាច សុចរិតភាពក្នុងដួងចិត្ត ស្រេកឃ្លានរកសេចក្ដីពិត ស្រេកឃ្លានរកប្រាជ្ញា និងមានបំណងដើម្បីបម្រើអ្នកដទៃ ។
អ្នកបានអភិវឌ្ឍលក្ខណៈទាំងនេះមួយចំនួនកាលពីមុនជីវិតនេះ ។ លក្ខណៈផ្សេងទៀត អ្នកអាចអភិវឌ្ឍវានៅលើផែនដី20 នៅពេលអ្នកស្វែងរកដោយខ្ជាប់ខ្ជួន ។21
លក្ខណៈខាងវិញ្ញាណដ៏សំខាន់មួយ គឺការធ្វើជាចៅហ្វាយលើខ្លួនឯង -- កម្លាំងដើម្បីដាក់ហេតុផលពីលើចំណង់ ។ ការធ្វើជាចៅហ្វាយលើខ្លួនឯង ស្ថាបនានូវមនសិការឹងមាំមួយ ។ ហើយមនសិកាអ្នក កំណត់ចម្លើយខាងសីលធម៌អ្នក នៅក្នុងស្ថានភាពលំបាក ការល្បួង និងការសាកល្បង ។ ការតមអាហារជួយវិញ្ញាណអ្នកឲ្យអភិវឌ្ឍគ្របលើចំណង់ខាងរាងកាយអ្នក ។ ការតមអាហារក៏បង្កើនឲ្យមានជំនួយពីស្ថានសួគ៌ផងដែរ ដោយសារវាពង្រឹងការអធិស្ឋានអ្នក ។ ហេតុអ្វីត្រូវការ ការធ្វើជាចៅហ្វាយលើខ្លួនឯង? ព្រះបានដាំក្នុងខ្លួនយើងនូវបំណងមុតមាំមួយ សម្រាប់ការចិញ្ចឹមបីបាច់ និងក្ដីស្រឡាញ់ ដែលសំខាន់សម្រាប់គ្រួសារមនុស្សបន្ដមាន ។22 នៅពេលយើងធ្វើជាចៅហ្វាយលើចំណង់យើង ក្នុងរង្វង់ច្បាប់របស់ព្រះ នោះយើងអាចរីករាយនឹងជីវិតយូរអង្វែង ក្ដីស្រឡាញ់កាន់តែច្រើន និងក្ដីអំណរទាំងស្រុង ។23
វាមិនគួរឲ្យភ្ញាក់ផ្អើលទេ ដែលការល្បួងធ្វើឲ្យវង្វេងចេញពីផែនការនៃសុភមង្គលរបស់ព្រះ ភាគច្រើនកើតមកពីការប្រើខុសនូវចំណង់ដែលព្រះប្រទានឲ្យដ៏សំខាន់ទាំងឡាយនោះ ។ ការគ្រប់គ្រងចំណងយើង ពុំងាយស្រួលជានិច្ចទេ ។ គ្មានគ្នាយើងណាម្នាក់ គ្រប់គ្រងវាបានល្អឥតខ្ចោះទេ ។ 24កំហុសកើតមាន ។ ការខុសឆ្គងកើតឡើង ។ ប្រព្រឹត្តអំពើបាប ។ តើយើងអាចធ្វើយ៉ាងណាទៅ ? យើងអាចរៀនពីកំហុសទាំងនោះ ។ ហើយយើងអាចប្រែចិត្តដោយពិត ។25
យើងអាចផ្លាស់ប្ដូរឥរិយាបទយើង ។ បំណងយើងអាចផ្លាស់ប្ដូរ ។ ដោយរបៀបណាទៅ ? មានផ្លូវតែមួយគត់ ។ ការផ្លាស់ប្ដូរពិត -- គឺផ្លាស់ជានិរន្តរ៍ -- អាចកើតមានតែតាមរយៈការព្យាបាល ការសម្អាត និងអាចធ្វើបានតាមអំណាចនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។26 ទ្រង់ស្រឡាញ់អ្នក -- គឺអ្នករាល់គ្នាម្នាក់ៗ ! !27 ទ្រង់អនុញ្ញាតឲ្យអ្នកមានអំណាចទ្រង់ នៅពេលអ្នករក្សាបញ្ញត្តិទ្រង់ដោយចំណង់ ដោយឧស្សាហ៍ និងដោយត្រឹមត្រូវ ។ វាគឺសាមញ្ញ ហើយច្បាស់ ។ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គឺជាដំណឹងល្អនៃការផ្លាស់ប្ដូរ ! !28
វិញ្ញាណមនុស្សរឹងមាំម្នាក់ ដោយមានការគ្រប់គ្រងលើចំណងខាងសាច់ឈាម គឺជាចៅហ្វាយលើអារម្មណ៍ តណ្ហា និងពុំធ្វើជាទាសករវាទេ ។ សេរីភាពប្រភេទនោះ សំខាន់ចំពោះវិញ្ញាណដូចជាអ៊ុកស៊ីហ្សែន សំខាន់ចំពោះរូបកាយដែរ ! សេរីភាពពីទាសករលើខ្លួនឯង គឺជាសេរីភាពពិត !29
យើងមាន « សិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច … ឬក៏រើសយកការជាប់ឃុំឃាំង និងការស្លាប់ » ។30 នៅពេលយើងរើសផ្លូវខ្ពស់ទៅកាន់សេរីភាព និងជីវិតអស់កល្ប ផ្លូវនោះរួមមានទាំងអាពាហ៍ពិពាហ៍ផងដែរ ។31 ពួកបរិសុទ្ធថ្ងៃចុងក្រោយប្រកាសថា « អាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រី គឺត្រូវបានតែងតាំងឡើងដោយព្រះ ហើយថាគ្រួសារជាផ្នែកដ៏សំខាន់មួយ នៅក្នុងផែនការរបស់ព្រះដ៏បង្កបង្កើត សម្រាប់គោលដៅដ៏នៅអស់កល្បជានិច្ចនៃកូនចៅរបស់ទ្រង់ » ។ យើងក៏បានដឹងថា « ភេទប្រុសស្រី គឺជាលក្ខណៈពិសេសនៃអត្តសញ្ញាណ និងគោលបំណងរបស់បុគ្គលម្នាក់ៗ នៅក្នុងជីវិតមុនផែនដី ជីវិតរមែងស្លាប់ និងនៅអស់កល្បជានិច្ច » ។32
អាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រី គឺជាគ្រឹះនៃគោលលទ្ធិរបស់ព្រះអម្ចាស់ ហើយសំខាន់ចំពោះផែនការអស់កល្បរបស់ព្រះ ។ អាពាហ៍ពិពាហ៍ រវាងបុរស និងស្ត្រី គឺជាគំរូរបស់ព្រះ សម្រាប់ភាពពេញលេញនៃជីវិតលើផែនដី និងស្ថានសួគ៌ ។ គំរូអាពាហ៍ពិពាហ៍របស់ព្រះ ពុំអាចបំពាន យល់ខុស ឬប្រព្រឹត្តខុសបានឡើយ ។33 មិនបានឡើយ បើអ្នកចង់បានក្ដីអំណរពិត ។ គំរូអាពាហ៍ពិពាហ៍របស់ព្រះ ការពារអំណាចនៃការបង្កើតជីវិតដ៏ពិសិដ្ឋ និងជាក្ដីអំណរនៃភាពស្និតស្នាលក្នុងអាពាហ៍ពិពាហ៍ពិត ។34 យើងដឹងថា អ័ដាម និងអេវ៉ា ត្រូវបានរៀបការឲ្យដោយព្រះ មុនពេលពួកគាត់មានបទពិសោន៍ក្ដីអំណរនៃការវេញធ្លុងគ្នាជាប្ដី និងប្រពន្ធ ។35
នៅជំនាន់យើង រដ្ឋាភិបាលស៊ីវិល បានចាប់អារម្មណ៍ជាពិសេសលើការការពារអាពាហ៍ពិពាហ៍ ដោយសារស្ថាបនគ្រួសាររឹងមាំ គឺជាវិធីដ៏ល្អបំផុតដែលផ្ដល់ឲ្យមានជំនាន់ក្រោយល្អ មានសុខុមាលភាព មានការអប់រំ និងភាពរីចចម្រើន ។36 ប៉ុន្តែរដ្ឋាភិបាលស៊ីវិល ត្រូវរងឥទ្ធិពលដ៏ធ្ងន់ធ្ងរពីទំនោរសង្គម និងទស្សនៈវិជ្ជាខាងលោកិយ នៅពេលពួកគេតាក់តែង សរសេរឡើងវិញ ឬដាក់បង្គាប់ច្បាប់ ។ មិនថាច្បាប់ស៊ីវិលត្រូវបានបង្កើតឡើងយ៉ាងណាទេ គោលលទ្ធិនៃព្រះ ស្ដីអំពីអាពាហ៍ពិពាហ៍ និងសីលធម៌ ពុំអាចផ្លាស់ប្ដូរបានឡើយ ។37 ចូរចាំថា ៖ អំពើបាប ទោះជាស្របច្បាប់មនុស្សក្ដី គឺនៅតែជាអំពើបាបក្នុងព្រះនេត្ររបស់ព្រះដដែលហ្នឹង !
នៅពេលយើងធ្វើតាមសណ្ដានចិត្ត និងក្ដីមេត្តារបស់ព្រះអង្គសង្គ្រោះយើង នោះយើងឲ្យតម្លៃដល់សិទ្ធិ និងអារម្មណ៍កូនចៅទាំងអស់របស់ព្រះ យើងមិនអាចផ្លាស់ប្ដូរគោលលទ្ធិទ្រង់បានទេ ។ វាពុំមែនជាគោលលទ្ធិរបស់យើង ដើម្បីផ្លាស់ប្ដូរទេ ។ គោលលទ្ធិទ្រង់ គឺជាគោលលទ្ធិរបស់យើងដើម្បីសិក្សា យល់ដឹង និងលើកកម្ពស់ ។
មាគ៌ានៃជីវិតរបស់ព្រះសង្គ្រោះ ល្អប្រពៃណាស់ ។ មាគ៌ាទ្រង់រួមមាន ព្រហ្មរីភាពមុនពេលរៀបការ ហើយភក្ដីភាពទាំងស្រុងក្នុងអាពាហ៍ពិពាហ៍ ។38 មាគ៌ារបស់ព្រះអម្ចាស់ គឺជាមាគ៌ាតែមួយគត់សម្រាប់យើងមានបទពិសោធន៍សុភមង្គលយូរអង្វែង ។ មាគ៌ាទ្រង់ នាំឲ្យមានការលួងលោមដែលគាំទ្រព្រលឹងយើង និងបន្ដមានភាពសុខសាន្ដក្នុងគេហដ្ឋានយើង ។ ហើយដែលល្អបំផុតនោះ មាគ៌ាទ្រង់នាំយើងទៅដំណាក់ទ្រង់ និងព្រះបិតាសួគ៌យើង ទៅរកជីវិតអស់កល្ប និងភាពតម្កើងឡើង ។39 នេះគឺជាចំណុចសំខាន់បំផុតនៃកិច្ចការ និងសិរីល្អរបស់ព្រះ ។40
បងប្អូនប្រុសស្រី រាល់ថ្ងៃជាថ្ងៃនៃការធ្វើការសម្រេចចិត្ត ហើយការសម្រេចចិត្តយើងកំណត់ជោគវាសនាយើង ។ ថ្ងៃមួយ យើងម្នាក់ៗ នឹងឈរចំពោះព្រះអម្ចាស់ក្នុងការជំនុំជំរះ ។41 យើងម្នាក់ៗ នឹងមានការសម្ភាសន៍ផ្ទាល់ខ្លួនជាមួយព្រះយេស៊ូវគ្រីស្ទ ។42 យើងនឹងទទួលខុសត្រូវចំពោះការសម្រេចចិត្តនានា ដែលយើងធ្វើចំពោះរូបកាយយើង លក្ខណៈខាងវិញ្ញាណយើង និងរបៀបដែលយើងគោរពដល់គំរូអាពាហ៍ពិពាហ៍របស់ព្រះ និងគ្រួសារ ។ ដើម្បីឲ្យយើងអាចជ្រើសរើសដោយឈ្លាសវៃក្នុងការសម្រេចចិត្តរាល់ថ្ងៃដល់អស់កល្ប នេះជាការអធិស្ឋានដ៏ស្មោះរបស់ខ្ញុំ ក្នុងព្រះនាមពិសិដ្ឋ នៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។