បង្អួចនៃស្ថានសួគ៌
ពរជ័យខាងវិញ្ញាណ និងខាងសាច់ឈាមកើតមានក្នុងជីវិតយើង នៅពេលយើងរស់នៅតាមច្បាប់ដង្វាយមួយភាគក្នុងដប់ ។
ខ្ញុំចង់ពិពណ៌នាមេរៀនសំខាន់ពីរ ដែលខ្ញុំរៀនអំពីដង្វាយមួយភាគក្នុងដប់ ។ មេរៀនទីមួយ ផ្ដោតទៅលើពរជ័យទាំងឡាយ ដែលកើតមានចំពោះបុគ្គលម្នាក់ៗ និងគ្រួសារ នៅពេលពួកគេគោរពបញ្ញត្តិនេះដោយស្មោះ ។ មេរៀនទីពីរ បញ្ជាក់ពីសារៈសំខាន់នៃដង្វាយមួយភាគក្នុងដប់នៅក្នុងការរីកចម្រើននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅទូទាំងពិភពលោក ។ ខ្ញុំអធិស្ឋានសូមឲ្យព្រះវិញ្ញាណបរិសុទ្ធនឹងបញ្ជាក់ដល់យើងម្នាក់ៗអំពីសេចក្ដីពិតនៃគោលការណ៍ ដែលខ្ញុំពិភាក្សា ។
មេរៀនទី1--ពរជ័យសំខាន់ តែតូចៗ
ម្ដាយស៊ីស្ទើរ បែដណា ជាស្ដ្រីស្មោះត្រង់ម្នាក់ ហើយជាមេផ្ទះដ៏បំផុសគំនិត ។ តាំងពីថ្ងៃគាត់រៀបការដំបូងមក គាត់បានរក្សាទុកកំណត់ត្រាហិរញ្ញវត្ថុយ៉ាងប្រុងប្រយ័ត្ន ។ អស់ជាច្រើនទសវត្សមក គាត់ទទួលខុសត្រូវលើចំណូល និងការចំណាយក្នុងគ្រួសារ ដោយប្រើសៀវភៅចំណូលចំណាយដ៏សាមញ្ញមួយ ។ ព័ត៌មានដែលគាត់មានអស់ជាច្រើនឆ្នាំនោះ គឺល្អិតល្អន់ និងច្បាស់លាស់ ។
ពេលស៊ីស្ទើរ បែដណា នៅក្មេង ម្ដាយគាត់ប្រើទិន្នន័យក្នុងសៀវភៅនោះ បញ្ជាក់អំពីគោលការណ៍គ្រឹះនៃការរស់នៅដោយការបម្រុងទុក និងគ្រប់គ្រងផ្ទះដោយប្រុងប្រយ័ត្ន ។ ថ្ងៃមួយ ពេលគាត់មើលខ្ទង់ចំណាយផ្សេងៗជុំគ្នា ម្ដាយគាត់បានប្រាប់គំរូដ៏គួរឲ្យចាប់អារម្មណ៍មួយ ។ ចំណាយសម្រាប់ការទៅពេទ្យ និងការទិញថ្នាំក្នុងគ្រួសារគាត់ គឺមានតិចជាងអ្វីដែលបានគិតទុក ។ បន្ទាប់មក គាត់បានប្រាប់ថារឿងនេះ ទាក់ទងនឹងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយពន្យល់ដល់កូនស្រីអំពីសេចក្ដីពិតដ៏មានអានុភាពនេះថា ៖ នៅពេលយើងរស់នៅតាមច្បាប់ដង្វាយមួយភាគក្នុងដប់ ជាញឹកញាប់យើងទទួលពរជ័យដ៏សំខាន់ តែតូចៗ ដែលយើងពុំរំពឹងទុក ហើយងាយនឹងមើលរំលងនោះ ។ គ្រួសារពុំបានទទួលប្រាក់បន្ថែមភ្លាមៗ ឬជាក់ស្ដែងណាមួយចូលក្នុងចំណូលគ្រួសារទេ ។ ផ្ទុយទៅវិញ ព្រះបិតាជាទីស្រឡាញ់ បានប្រទានពរសាមញ្ញៗ តាមរបៀបដ៏សាមញ្ញវិញ ។ ស៊ីស្ទើរ បែដណា តែងចាំនូវមេរៀនសំខាន់នេះពីម្ដាយគាត់ អំពីជំនួយដែលកើតមានចំពោះយើង តាមបង្អួចនៃស្ថានសួគ៌ ដូចបានសន្យាដោយម៉ាឡាគី ក្នុងគម្ពីរសញ្ញាចាស់ ( សូមមើល ម៉ាឡាគី 3:10 ) ។
ជាញឹកញាប់ នៅពេលយើងបង្រៀន ហើយថ្លែងទីបន្ទាល់អំពីច្បាប់ដង្វាយមួយភាគក្នុងដប់ យើងគូសបញ្ជាក់ពីការទទួលស្គាល់ភ្លាមៗ សំខាន់ និង ងាយដឹងនូវពរជ័យខាងសាច់ឈាម ដែលយើងទទួល ។ ប្រាកដណាស់ ពរជ័យដូច្នោះកើតមានមែន ។ ប៉ុន្តែពរជ័យផ្សេងៗមួយចំនួន ដែលយើងទទួល ពេលយើងគោរពបញ្ញត្តិនេះ គឺសំខាន់ តែតូចៗ ។ ពរជ័យដូច្នោះ អាចត្រូវបានញែកដឹងតែ ពេលយើងសង្កេត និងយកចិត្តទុកដាក់ខាងវិញ្ញាណប៉ុណ្ណោះ ( សូមមើល កូរិនថូសទី 1 2:14 ) ។
ពាក្យ « បង្អួច » ស្ថានសួគ៌ ដែលបានប្រើដោយម៉ាឡាគី គឺជាមេគំនិតខ្លាំងបំផុត ។ បង្អួច អនុញ្ញាតឲ្យពន្លឺពីធម្មជាតិចាំងចូលក្នុងអគារ ។ ក៏ដូចគ្នានឹងការបំផុសគំនិត និងទស្សនៈវិស័យខាងវិញ្ញាណ គឺចាក់ស្រោចតាមបង្អួចនៃស្ថានសួគ៌ និងក្នុងជីវិតយើង ពេលយើងគោរពច្បាប់ដង្វាយមួយភាគក្នុងដប់ ។
ឧទាហរណ៍ ពរជ័យតូច និងសំខាន់មួយដែលយើងទទួល គឺអំណោយទានខាងវិញ្ញាណ នៃការដឹងគុណ ដែលជួយយើងអរគុណដល់អ្វីៗដែលយើងមាន រួចទប់បំណងដែលយើងចង់បានវិញ ។ មនុស្សដឹងគុណ មានក្ដីសប្បាយជាបរិបូរ ។ មនុស្សដែលគ្មានការដឹងគុណ រងទុក្ខក្នុងភាពក្រីក្រខាងការមិនសប្បាយចិត្តគ្មានទីបញ្ចប់ ( សូមមើល លូកា 12:15 ) ។
យើងអាចនឹងត្រូវការជំនួយ និងការអធិស្ឋានសូមជំនួយ ដើម្បីរកបានការងារសមរម្យ ។ ទោះជាយ៉ាងណា យើងត្រូវការកែវភ្នែក និងត្រចៀកនៃក្ដីជំនឿ ( សូមមើល អេសធើរ 12:19 ) ដើម្បីស្គាល់អំណោយទានខាងវិញ្ញាណ ដើម្បីមានការញែកដឹងទូលំទូលាយ ដែលអាចឲ្យយើងស្គាល់ឱកាសការងារ ដែលមនុស្សដទៃទៀតជាច្រើនអាចនឹងមើលរំលង--ឬពរជ័យនៃការបង្កើនការតាំងចិត្តបន្ថែមទៀត ឲ្យខំរក និងព្យាយាមរកតំណែងមួយ ជាងអ្នកដទៃអាចធ្វើបាន ឬមានឆន្ទៈធ្វើវា ។ យើងអាចចង់បាន និងរំពឹងថា មានគេឲ្យការងារ ប៉ុន្តែពរជ័យដែលកើតមានចំពោះយើង មកតាមបង្អួចនៃស្ថានសួគ៌ អាចជាសមត្ថភាពកាន់តែខ្លាំងដើម្បីធ្វើសកម្មភាព ហើយផ្លាស់ប្ដូរស្ថានភាពផ្ទាល់ខ្លួនយើង ជាជាងរំពឹងឲ្យស្ថានភាពយើងផ្លាស់ប្ដូរ ដោយសារនរណាម្នាក់ ឬអ្វីផ្សេងទៀត ។
យើងអាចមានបំណង និងធ្វើការសមរម្យដើម្បីទទួលបានប្រាក់ខែបន្ថែម ដើម្បីកែលម្អរការផ្គត់ផ្គង់ចាំបាច់ក្នុងជីវិត ។ ទោះជាយ៉ាងណា វាត្រូវការកែវភ្នែក និងត្រចៀកនៃក្ដីជំនឿ ដើម្បីកត់សម្គាល់ក្នុងខ្លួនយើងនូវកំណើនខាងវិញ្ញាណ និងសមត្ថភាពខាងសាច់ឈាម ( សូមមើល លូកា 2:52 ) ដើម្បីបំពេញតម្រូវការយើងបានច្រើនដោយប្រាក់តិច បង្កើនសមត្ថភាព ដាក់អាទិភាព ហើយរស់នៅសមញ្ញ និងពង្រីកសមត្ថភាពដើម្បីមើលថែដោយត្រឹមត្រូវនូវទ្រព្យសម្ភារ ដែលយើងមានរួចហើយនោះ ។ យើងអាចនឹងចង់បាន ហើយរំពឹងចង់បានប្រាក់ខែច្រើន ប៉ុន្តែពរជ័យដែលមានដល់យើងតាមបង្អួចនៃស្ថានសួគ៌ អាចជាសមត្ថភាពកាន់តែអស្ចារ្យ ដើម្បីផ្លាស់ប្ដូរស្ថានភាពផ្ទាល់ខ្លួនយើង ជាជាងរំពឹងឲ្យស្ថានភាពយើងផ្លាស់ប្ដូរ ដោយសារនរណាម្នាក់ ឬអ្វីផ្សេងទៀត ។
កងទ័ពកម្លោះក្នុងគម្ពីរមរមន ( សូមមើល អាលម៉ា 53, 56–58) បានអធិស្ឋានដោយស្មោះសូមឲ្យព្រះពង្រឹង និងរំដោះពួកគេចេញពីដៃមារសត្រូវ ។ អ្វីគួរឲ្យចាប់អារម្មណ៍នោះ គឺជាចម្លើយដល់ការអធិស្ឋានទាំងនេះ គឺពុំមែនផ្ដល់ជាអាវុធបន្ថែម ឬបង្កើនចំនួនទ័ពនោះទេ ។ ផ្ទុយទៅវិញ ព្រះបានប្រទានការអះអាងដល់ទ័ពស្មោះត្រង់ទាំងនេះថា ទ្រង់នឹងរំដោះពួកគេ ផ្ដល់ភាពសុខសាន្ដដល់ព្រលឹង និងជំនឿ និងក្ដីសង្ឃឹមដ៏អស្ចារ្យលើការរំដោះពួកគេនៅក្នុងទ្រង់ ( សូមមើល អាលម៉ា 58:11) ។ ដូច្នេះ កូនប្រុសហេលេមិន មានភាពក្លាហាន មុតមាំក្នុងការតាំងចិត្តដើម្បីយកឈ្នះ ហើយដើរទៅមុខដោយអស់ពីចិត្ត ច្បាំងនឹងសាសន៍លេមិន ( សូមមើល អាលម៉ា 58:12–13 ) ។ ការអះអាង ភាពសុខសាន្ដ ជំនឿ សង្ឃឹម ពីដំបូង អាចនឹងមើលទៅថាពុំមែនជាពរជ័យដែលពួកទ័ពក្នុងចម្បាំងចង់បានទេ ប៉ុន្ដែវាជាពរជ័យដ៏ពិត ដែលយុវជនអង់អាចទាំងនេះ ត្រូវការដើម្បីឆ្ពោះទៅមុខ ហើយយកឈ្នះទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។
ពេលខ្លះ យើងសូមព្រះឲ្យមានជោគជ័យ ហើយទ្រង់ផ្ដល់ឲ្យយើងនូវកម្លាំងខាងរូបកាយ និងវិញ្ញាណ ។ យើងអាចនឹងសុំឲ្យមានការចម្រុងចម្រើន ហើយយើងទទួលនូវទស្សនៈវិស័យទូលំទូលាយ និងការអត់ធ្មត់ច្រើន ឬយើងសូមការរីកចម្រើន រួចយើងបានទទួលពរនូវអំណោយទាននៃព្រះគុណ ។ ទ្រង់អាចប្រទានដល់យើងនូវជំនឿមុតមាំ និងទំនុកចិត្ត នៅពេលយើងព្យាយាមសម្រេចគោលដៅសក្ដិសម ។ ហើយពេលយើងទូលសូមភាពស្រាកស្រាន្ដពីការលំបាកខាងរូបកាយ សតិអារម្មណ៍ និងខាងវិញ្ញាណ នោះទ្រង់អាចនឹងបង្កើនការតាំងចិត្ត និងការស៊ូទ្រាំរបស់យើង ។
ខ្ញុំសន្យាថា នៅពេលអ្នក និងខ្ញុំ គោរពច្បាប់ដង្វាយមួយភាគក្នុងដប់ ពិតណាស់ បង្អួចនៃស្ថានសួគ៌ នឹងបើកឡើង ហើយពរជ័យខាងវិញ្ញាណ និងខាងសាច់ឈាម នឹងចាក់ស្រោចមកយ៉ាងច្រើន ដែលនឹងគ្មានកន្លែងល្មមទុក ( សូមមើល ម៉ាឡាគី 3:10 ) ។ យើងក៏នឹងចងចាំការប្រកាសរបស់ព្រះផងដែរថា ៖
« គំនិតយើង មិនមែនដូចជាគំនិតរបស់អ្នករាល់គ្នាទេ ឯផ្លូវអ្នករាល់គ្នាក៏មិនមែនជាផ្លូវយើងដែរ ។
« ត្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់យើង ខ្ពស់ជាងផ្លូវរបស់អ្នក ហើយគំនិតយើង ក៏ខ្ពស់ជាងគំនិតអ្នកយ៉ាងនោះដែរ » ( អេសាយ 55:8–9 ) ។
ខ្ញុំធ្វើទីបន្ទាល់ថា នៅពេលយើងសង្កេត និងយកចិត្តទុកដាក់ខាងវិញ្ញាណ នោះយើងនឹងទទួលពរនូវកែវភ្នែក ដែលមើលឃើញកាន់តែច្បាស់ ហើយត្រចៀកដើម្បីស្ដាប់កាន់តែខ្ជាប់ខ្ជួន និងដួងចិត្តដើម្បីយល់កាន់តែពេញលេញនូវសារៈសំខាន់ និងផ្លូវតូចរបស់ទ្រង់ ព្រះទ័យទ្រង់ និងពរជ័យទ្រង់ក្នុងជីវិតយើង ។
មេរៀនទី2-- ភាពងាយនៃផ្លូវរបស់ព្រះអម្ចាស់
មុនពេលខ្ញុំត្រូវហៅឲ្យបម្រើជាសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ខ្ញុំបានអានជាច្រើនដងក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា អំពីក្រុមប្រឹក្សាដែលបានចាត់តាំងឲ្យត្រួតលើ និងចែកចាយមូលនិធិដង្វាយមួយភាគក្នុងដប់ដ៏ពិសិដ្ឋ ។ ក្រុមប្រឹក្សារៀបចំចែកចាយដង្វាយមួយភាគក្នុងដប់ ត្រូវបានបង្កើតឡើងដោយវិវរណៈ និងស្របទៅតាមគណៈប្រធានទីមួយ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងគណៈប៊ីស្សពជាអធិបតី ( សូមមើល គ. និង ស. 120 ) ។ នៅពេលខ្ញុំរៀបចំខ្លួននៅខែធ្នូ ឆ្នាំ 2004 ដើម្បីចូលរួមការប្រជុំដំបូងក្នុងក្រុមប្រឹក្សានេះ ខ្ញុំគិតទុកយ៉ាងរំភើបអំពីឱកាសដ៏អស្ចារ្យបំផុតមួយដើម្បីរៀន ។
ខ្ញុំចាំនូវរឿងដែលខ្ញុំបានទទួលបទពិសោធន៍ និងដឹងនៅក្នុងក្រុមប្រឹក្សានោះ ។ ខ្ញុំមានការអរគុណកាន់តែច្រើន និងគោរពកាន់តែខ្លាំងចំពោះច្បាប់ព្រះខាងហិរញ្ញវត្ថុចំពោះបុគ្គលម្នាក់ៗ គ្រួសារ និងសាសនាចក្រទ្រង់ ។ កម្មវិធីហិរញ្ញវត្ថុមូលដ្ឋាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ-- ទាំងចំណូល និងចំណាយ --គឺប្រាប់ក្នុងកណ្ឌ 119 និង 120 នៃគោលលទ្ធិ និងសេចក្ដីសញ្ញា ។ សេចក្ដីថ្លែងពីរ មានក្នុងវិវរណៈទាំងនេះ ផ្ដល់ជាគ្រឹះសម្រាប់កិច្ចការហិរញ្ញវត្ថុនៃសាសនាចក្រ ។
កណ្ឌ 119 ថ្លែងយ៉ាងសាមញ្ញដល់សមាជិកគ្រប់រូបថា « ត្រូវថ្វាយ 1 ភាគ 10 នូវធនធានក្នុងមួយឆ្នាំដែលគេបាន ហើយនេះនឹងត្រូវទៅជាក្រិត្យវិន័យដែលនៅអចិន្ត្រៃយ៍ ... ព្រះអម្ចាស់ទ្រង់មានបន្ទូលថាដូច្នោះ » ( ខ 4 ) ។
ទាក់ទងនឹងការចែកចាយដង្វាយ 1 ភាគ 10 ដែលបានអនុញ្ញាត នោះព្រះអម្ចាស់មានបន្ទូលថា « ត្រូវប្រើប្រាស់ទ្រព្យសម្បត្តិដោយក្រុមប្រឹក្សាមួយ គឺមានគណៈប្រធានទីមួយនៃសាសនាចក្ររបស់យើង ព្រមទាំងប៊ីស្សព និងក្រុមប្រឹក្សារបស់គាត់ ហើយដោយក្រុមប្រឹក្សាជាន់ខ្ពស់របស់យើង ហើយដោយសំឡេងយើងផ្ទាល់ដល់ពួកគេ ព្រះអម្ចាស់មានបន្ទូលថាដូច្នោះ » ( គ. និង ស. 120:1 ) ។ ក្នុងវិវរណៈ « ប៊ីស្សព និង ក្រុមប្រឹក្សារបស់គាត់ » និង « ក្រុមប្រឹក្សាជាន់ខ្ពស់របស់យើង » សំដៅទៅលើគណៈប៊ីស្សពជាអធិបតី និងកូរ៉ូមនៃពួកសាវកដប់ពីរនាក់ ។ មូលនិធិពិសិដ្ឋទាំងនេះ ត្រូវបានប្រើក្នុងការរីកចម្រើនយ៉ាងលឿនរបស់សាសនាចក្រ ដើម្បីប្រទានពរខាងវិញ្ញាណដល់បុគ្គលម្នាក់ៗ និងគ្រួសារ ដោយការសាងសង់ និងថែទាំព្រះវិហារបរិសុទ្ធ និងដំណាក់ថ្វាយបង្គំ គាំទ្រដល់កិច្ចការផ្សាយសាសនា បកប្រែ និងបោះពុម្ពគម្ពីរ បង្កើតការស្រាវជ្រាវពង្សប្រវត្តិ បង្កើតសាលា និងការអប់រំខាងសាសនា និងការសម្រេចគោលបំណងដទៃទៀតជាច្រើនរបស់សាសនាចក្រ ដូចបានដឹកនាំដោយពួកអ្នកបម្រើដែលបានតែងតាំងដោយព្រះ ។
ខ្ញុំអស្ចារ្យចំពោះភាពច្បាស់លាស់ និងសង្ខេប នៃវិវរណៈទាំងពីរនេះ បើប្រៀបធៀបនឹងការណែនាំខាងហិរញ្ញវត្ថុ និងទម្រង់នៃការគ្រប់គ្រងដ៏ស្មុគស្មាញ ដែលបានប្រើក្នុងអង្គការជាច្រើន និងរដ្ឋាភិបាលនៅលើពិភពលោក ។ តើកិច្ចការខាងអណាចក្រនៃអង្គការមួយ ដែលធំដូចជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ដែលស្តារឡើងវិញ អាចប្រតិបត្តិនៅទូទាំងពិភពលោក ដោយប្រើនូវការណែនាំដ៏សង្ខេបនេះបានដោយរបៀបណា ? ចំពោះខ្ញុំ ចម្លើយគឺចំៗថា ៖ នេះគឺជាកិច្ចការរបស់ព្រះអម្ចាស់ ទ្រង់អាចធ្វើកិច្ចការរបស់ទ្រង់បាន ( សូមមើល នីហ្វៃទី 2 27:20 ) ហើយព្រះសង្គ្រោះ បំផុសគំនិត និងដឹកនាំពួកអ្នកបម្រើទ្រង់ ពេលពួកគេអនុវត្តតាមការដឹកនាំទ្រង់ ហើយធ្វើការក្នុងបុព្វហេតុទ្រង់ ។
ក្នុងការប្រជុំក្រុមប្រឹក្សាដំបូងនោះ ខ្ញុំអស្ចារ្យដោយភាពសាមញ្ញនៃគោលការណ៍នានា ដែលបានដឹកនាំការពិភាក្សា និងការសម្រេចចិត្តរបស់យើង ។ ក្នុងការប្រតិបត្តិហិរញ្ញវត្ថុនៃសាសនាចក្រ មានគោលការណ៍ថេរ និងមូលដ្ឋានពីរ ត្រូវបានគោរពតាម ។ ទីមួយ សាសនាចក្រចំណាយតាមអ្វីដែលមាន ហើយពុំចំណាយច្រើនជាងដែលទទួលបានទេ ។ ទីពីរ មួយភាគនៃចំណូលប្រចាំឆ្នាំ ត្រូវបានទុកដោយឡែក បម្រុងសម្រាប់តម្រូវការបន្ទាន់ និងដែលស្មានមិនដល់ ។ អស់ជាច្រើនទសវត្សមក សាសនាចក្របានបង្រៀនសមាជិកអំពីគោលការណ៍នៃការត្រៀមទុកអាហារបន្ថែម ប្រេងសាំង និងប្រាក់កាស សម្រាប់ភាពអាសន្ន ដែលអាចនឹងកើតមាន ។ សាសនាចក្រ ជាវិទ្យាស្ថានមួយ ដែលធ្វើតាមដោយសាមញ្ញនូវគោលការណ៍ដូចគ្នា ដែលត្រូវបានបង្រៀនដល់សមាជិកជាញឹកញាប់នោះ ។
ពេលការប្រជុំនេះដំណើរការទៅ ខ្ញុំចង់ឲ្យសមាជិកទាំងអស់ក្នុងសាសនាចក្រ អាចគោរពតាមមាគ៌ាផ្ទាល់របស់ព្រះនេះ ដែលសាមញ្ញ ច្បាស់លាស់ រៀបរយ សប្បុរស និងដោយព្រះចេស្ដានេះ ( សូមមើល គ. និង ស. 104:16 ) សម្រាប់ដឹកនាំកិច្ចការខាងអណាចក្រនៃសាសនាចក្រទ្រង់ ។ ឥឡូវ ខ្ញុំបានចូលរួមក្នុងក្រុមប្រឹក្សារៀបចំចែកចាយដង្វាយ 1 ភាគ 10 អស់ជាច្រើនឆ្នាំមកហើយ ។ ការដឹងគុណ និងការគោរពរបស់ខ្ញុំចំពោះគំរូរបស់ព្រះ បានកើនឡើងរាល់ឆ្នាំ ហើយមេរៀនដែលបានរៀនជាច្រើននោះ បានរៀនកាន់តែច្បាស់ ។
ដួងចិត្តខ្ញុំបានពេញដោយក្ដីស្រឡាញ់ និងការសរសើរ ចំពោះសមាជិកស្មោះត្រង់ និងគោរពប្រតិបត្តិ តាមសាសនាចក្រនេះ ពីគ្រប់ជាតិសាសន៍ ភាសា និងប្រជាជន ។ នៅពេលខ្ញុំធ្វើដំណើរទូទាំងពិភពលោក ខ្ញុំបានរៀនពីក្ដីសង្ឃឹម និងសុបិន ស្ថានភាពរស់នៅផ្សេងៗ និង ឧបសគ្គរបស់អ្នក ។ ខ្ញុំបានចូលរួមការប្រជុំសាសនាចក្រជាមួយអ្នក ហើយសួរសុខទុក្ខផ្ទះរបស់អ្នកមួយចំនួន ។ ជំនឿអ្នក ពង្រឹងជំនឿខ្ញុំ ។ ការលះបង់អ្នក ធ្វើឲ្យខ្ញុំលះបង់កាន់តែច្រើន ។ ហើយសេចក្ដីល្អ និងឆន្ទៈអ្នកក្នុងការគោរពច្បាប់មួយភាគក្នុងដប់ បំផុសខ្ញុំឲ្យក្លាយជាមនុស្សកាន់តែប្រសើរ ជាស្វាមី ជាឪពុក និងជាអ្នកដឹកនាំក្នុងសាសនាចក្រកាន់តែប្រសើរ ។ ខ្ញុំចាំ និងគិតអំពីអ្នករាល់ពេល ដែលខ្ញុំចូលរួមក្នុងក្រុមប្រឹក្សារៀបចំចែកចាយដង្វាយមួយភាគក្នុងដប់ ។ អរគុណចំពោះសេចក្ដីល្អ និងភាពស្មោះត្រង់របស់អ្នក ពេលអ្នកគោរពសេចក្ដីសញ្ញាអ្នក ។
អ្នកដឹកនាំក្នុងសាសនាចក្រដែលបានស្តារឡើងវិញរបស់ព្រះ មានការទទួលខុសត្រូវដ៏ធំ ដើម្បីមើលថែដោយត្រឹមត្រូវចំពោះដង្វាយពិសិដ្ឋរបស់សមាជិក ។ យើងដឹងច្បាស់អំពីភាពពិសិដ្ឋនៃប្រាក់ស្លឹងរបស់ស្ត្រីមេម៉ាយ ។
« គ្រានោះ ព្រះយេស៊ូវគង់ទល់មុខនឹងឃ្លាំង ក៏ទតមើលទៅហ្វូងមនុស្ស ដែលគេដាក់ដង្វាយក្នុងឃ្លាំងជាយ៉ាងដូចម្ដេច មានអ្នកមានជាច្រើន គេដាក់ច្រើន ។
« តែមានស្រីមេម៉ាយក្រម្នាក់ មកដាក់តែពីរស្លឹង ដែលត្រូវជាកន្លះសេន ។
« ទ្រង់ក៏ហៅពួកសិស្សមកមានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្រីមេម៉ាយក្រនេះ បានថ្វាយលើសជាងអ្នកទាំងអស់ ដែលដាក់ក្នុងឃ្លាំង ៖
« ត្បិតគេសុទ្ធតែយកពីរបស់ជាសំណល់ខ្លួនមកថ្វាយ តែស្ត្រីនេះបានយកពីសេចក្ដីកំសត់ខ្លួនមកថ្វាយវិញ គឺជារបស់ដែលនាងមានទាំងប៉ុន្មានសម្រាប់ចិញ្ចឹមជីវិតខ្លួនផង » ( ម៉ាកុស 12:41–44 ) ។
ខ្ញុំដឹងតាមបទពិសោធន៍ថា ក្រុមប្រឹក្សារៀបចំចែកចាយដង្វាយមួយភាគក្នុងដប់ គឺយកចិត្តទុកដាក់ការពារដល់ប្រាក់ស្លឹងរបស់ស្ត្រីមេម៉ាយនោះណាស់ ។ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រធាន ថូម៉ាស អេស ម៉នសុន Monson និងទីប្រឹក្សារបស់លោក ចំពោះការដឹកនាំប្រកបដោយប្រសិទ្ធភាពរបស់ពួកលោក ក្នុងការធ្វើកិច្ចការដ៏ពិសិដ្ឋនេះ ។ ហើយខ្ញុំទទួលស្គាល់សំឡេង ( សូមមើល គ. និង ស. 120:1 ) និងព្រះហស្តរបស់ព្រះ ដែលគាំទ្រដល់ពួកអ្នកបម្រើដែលបានតែងតាំងរបស់ទ្រង់ ក្នុងការបំពេញកាតព្វកិច្ចតំណាងឲ្យទ្រង់ ។
ការអញ្ជើញ និងទីបន្ទាល់
ការថ្វាយដង្វាយមួយភាគក្នុងដប់ស្មោះត្រង់ គឺខុសពីជាកាតព្វកិច្ច វាជាជំហានសំខាន់មួយក្នុងដំណើរការនៃការឧទ្ទិសផ្ទាល់ខ្លួន ។ ចំពោះអ្នកទាំងឡាយដែលថ្វាយដង្វាយមួយភាគក្នុងដប់របស់អ្នក ខ្ញុំសូមកោតសរសើរ ។
ចំពោះអ្នកដែលបច្ចុប្បន្នពុំបានគោរពតាមច្បាប់នៃដង្វាយមួយភាគក្នុងដប់នេះ ខ្ញុំសូមអញ្ជើញអ្នកឲ្យគិត ហើយប្រែចិត្ត ។ ខ្ញុំសូមធ្វើទីបន្ទាល់ថា តាមរយៈការគោរពប្រតិបត្តិរបស់អ្នកចំពោះក្រិត្យវិន័យរបស់ព្រះអម្ចាស់នេះ នោះបង្អួចនៃស្ថានសួគ៌នឹងបើកឲ្យអ្នក ។ សូមកុំពន្យាពេលនៃការប្រែចិត្តរបស់អ្នកឡើយ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ពរជ័យខាងវិញ្ញាណ និងខាងសាច់ឈាមកើតមានក្នុងជីវិតយើង នៅពេលយើងរស់នៅតាមច្បាប់ដង្វាយមួយភាគក្នុងដប់ ។ ខ្ញុំថ្លែងជាសាក្សីថា ជាញឹកញាប់ ពរជ័យដូច្នោះ សំខាន់ តែតូចៗ ។ ខ្ញុំក៏ប្រកាសផងដែរថា ភាពសាមញ្ញនៃមាគ៌ារបស់ព្រះ គឺជាភស្ដុតាងយ៉ាងច្បាស់នៅក្នុងកិច្ចការអណាចក្រនៃសាសនាចក្រទ្រង់ ផ្ដល់ជាគំរូដែលអាចដឹកនាំយើងម្នាក់ៗ និងក្រុមគ្រួសារ ។ ខ្ញុំអធិស្ឋានសុំឲ្យយើងម្នាក់ៗ អាចរៀន និងទទួលផលពីមេរៀនសំខាន់ទាំងនេះ នៅក្នុងព្រះនាមពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។