« នៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ »
សេចក្ដីស្រឡាញ់របស់ព្រះគឺឥតព្រំដែន ហើយនឹងមានជារៀងរហូត ប៉ុន្តែវាន័យបែបណាចំពោះយើងម្នាក់ៗ នោះគឺអាស្រ័យលើរបៀបដែលយើងឆ្លើយតបចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ប៉ុណ្ណោះ ។
ព្រះគម្ពីរប៊ីបប្រាប់យើងថា « ព្រះទ្រង់ជាតួសេចក្តីស្រឡាញ់ » ទ្រង់គឺជាគំរូដ៏ឥតខ្ចោះនៃសេចក្ដីស្រឡាញ់ ហើយយើងពឹងទៅលើសេចក្ដីស្រឡាញ់នោះយ៉ាងខ្ជាប់ខ្ជួន និងជាសាកលយ៉ាងខ្លាំង ។ ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្ហាញថា « សេចក្ដីស្រឡាញ់របស់ព្រះមានសម្រាប់អ្នករាល់គ្នា ទោះជាអ្នកដឹង ឬមិនដឹងថា អ្នកសមនឹងទទួលសេចក្ដីស្រឡាញ់នោះក្ដី ។ វាតែងតែមានសម្រាប់អ្នកជានិច្ច » ។
មានវិធីជាច្រើនដើម្បីពិពណ៌នា និងនិយាយអំពីសេចក្ដីស្រឡាញ់របស់ព្រះ ។ ពាក្យមួយដែលយើងស្ដាប់ឮញឹកញាប់នាសព្វថ្ងៃនេះ គឺថាសេចក្ដីស្រឡាញ់របស់ព្រះគឺ « គ្មានលក្ខខណ្ឌ » ។ ក្នុងន័យមួយថា ការពិតអ្នកពិពណ៌នាថា គ្មានលក្ខខណ្ឌ ពុំមាននៅក្នុងគម្ពីរទេ ។ តែសេចក្ដីស្រឡាញ់របស់ទ្រង់ត្រូវបានពិពណ៌នាក្នុងគម្ពីរថាជា « សេចក្ដីស្រឡាញ់ដ៏ធំ និង អស្ចារ្យ » « សេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះ » « សេចក្ដីស្រឡាញ់ដ៏ប្រោសលោះ » និង «សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប » ។ ទាំងនេះគឺជាពាក្យដែលល្អប្រសើរជាង ពីព្រោះពាក្យ ឥតលក្ខខណ្ឌ អាចបង្វែរចំណាប់អារម្មណ៍អំពីសេចក្ដីស្រឡាញ់នៃព្រះដោយខុសឆ្គង ដូចជា ព្រះអត់ធ្មត់ ហើយលើកលែងឲ្យអ្វីៗដែលយើងធ្វើ ដោយសារតែសេចក្ដីស្រឡាញ់របស់ទ្រង់គឺឥតលក្ខខណ្ឌ ឬ ព្រះពុំតម្រូវអ្វីពីយើងទេ ដោយសារសេចក្ដីស្រឡាញ់របស់ទ្រង់គឺឥតលក្ខខណ្ឌ ឬ មនុស្សទាំងអស់ ត្រូវបានសង្គ្រោះនៅក្នុងនគរស្ថានសួគ៌នៃព្រះ ដោយសារសេចក្ដីស្រឡាញ់របស់ទ្រង់គឺឥតលក្ខខណ្ឌ ។ សេចក្ដីស្រឡាញ់របស់ព្រះគឺឥតព្រំដែន ហើយនឹងមានជារៀងរហូត ប៉ុន្តែវាមានន័យបែបណាចំពោះយើងម្នាក់ៗ នោះគឺអាស្រ័យលើរបៀបដែលយើងឆ្លើយតបចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ប៉ុណ្ណោះ ។
ព្រះយេស៊ូវមានបន្ទូលថា ៖
« ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចជាព្រះវរបិតា ទ្រង់ស្រឡាញ់ខ្ញុំដែរ ចូរនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំចុះ ។
« បើអ្នករាល់គ្នាកាន់តាមបញ្ញត្តិខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបញ្ញត្តិនៃព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ដែរ » ។
ដើម្បី « បន្ដនៅក្នុង » ឬ « នៅជាប់ក្នុង » សេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ មានន័យថា ត្រូវទទួលព្រះគុណរបស់ទ្រង់ ហើយបានឥតខ្ចោះដោយក្ដីស្រឡាញ់ ។ ដើម្បីទទួលបានព្រះគុណទ្រង់ យើងត្រូវមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ប្រែចិត្តពីអំពើបាបរបស់យើង ទទួលបុណ្យជ្រមុជទឹកដើម្បីការផ្ដាច់បាប ទទួលព្រះវិញ្ញាណបរិសុទ្ធ និងបន្ដនៅលើផ្លូវនៃការគោរពប្រតិបត្តិដល់បទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។
ព្រះនឹងស្រឡាញ់យើងជានិច្ច ប៉ុន្ដែទ្រង់មិនអាចសង្គ្រោះយើងនៅក្នុងអំពើបាបរបស់យើងបានទេ ។ សូមចងចាំពាក្យរបស់អាមូលេកថ្លែងទៅកាន់ស៊ីអែសរ៉ុមថា ព្រះអង្គសង្គ្រោះនឹងមិនសង្គ្រោះរាស្ត្ររបស់ទ្រង់ក្នុងអំពើបាបរបស់ពួកគេទេ ប៉ុន្ដែពី អំពើបាបរបស់ពួកគេវិញ យើងមិនស្អាតស្អំដោយសារអំពើបាប ដោយមូលហេតុថា « គ្មានអ្វីដែលមិនស្អាតអាចទទួលគ្រងនគរស្ថានសួគ៌ » ឬអាស្រ័យនៅក្នុងវត្តមានរបស់ព្រះបានឡើយ ។ « ហើយ [ ព្រះគ្រីស្ទ ] មានព្រះចេស្ដា ដែលព្រះវរបិតាបានប្រទានដល់ទ្រង់ ដើម្បីប្រោសលោះ [ រាស្ត្ររបស់ទ្រង់ ] ពីអំពើបាបរបស់គេ ដោយមកពីការប្រែចិត្ត ហេតុដូច្នោះហើយ ទ្រង់បានចាត់ឲ្យពួកទេវតារបស់ទ្រង់មកប្រកាសដំណឹងល្អអំពីលក្ខខណ្ឌទាំងឡាយនៃការប្រែចិត្ត ដែលនាំទៅកាន់ព្រះចេស្ដានៃព្រះដ៏ប្រោសលោះឲ្យបានដល់សេចក្ដីសង្គ្រោះព្រលឹងរបស់គេ » ។
ចេញមកពីព្រះគម្ពីរមរមន យើងរៀនថាព្រះរាជបំណងនៃការរងទុក្ខរបស់ព្រះគ្រីស្ទ— ជាការបើកបង្ហាញសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ទ្រង់គឺ— « ដើម្បីនាំមកនូវចិត្តក្ដួលមេត្តាដែលមានអំណាចលើសេចក្ដីយុត្តិធម៌ ដើម្បីនឹងនាំមកនូវមធ្យោបាយទាំងឡាយដល់មនុស្ស ឲ្យគេមានសេចក្ដីជំនឿចំពោះការប្រែចិត្ត ។
« ម្ល៉ោះហើយ សេចក្ដីមេត្តាករុណា អាចធ្វើឲ្យស្កប់ស្កល់ដល់ការទាមទារនៃសេចក្ដីយុត្តិធម៌ ហើយឱបក្រសោបពួកគេនៅក្នុងដៃនៃសេចក្ដីសុខ នៅពេលដែលអ្នកនោះពុំអនុវត្តសេចក្ដីជំនឿចំពោះការប្រែចិត្ត នោះត្រូវលាតត្រដាងនៅក្នុងច្បាប់ទាំងមូលចំពោះ ការទាមទារនៃសេចក្ដីយុត្តិធម៌ ហេតុដូច្នេះហើយ មានតែដល់អ្នកណាដែលមានសេចក្ដីជំនឿចំពោះការប្រែចិត្ត ទើបនាំមកនូវផែនការនៃសេចក្ដីប្រោសលោះដ៏មហិមា និងអស់កល្បជានិច្ចបាន » ។
ការប្រែចិត្ត គឺជាអំណោយរបស់ទ្រង់ចំពោះយើង បានទិញដោយតម្លៃដ៏ថ្លៃបំផុត ។
មនុស្សខ្លះនឹងប្រកែកថា ព្រះប្រទានពរដល់មនុស្សគ្រប់គ្នាដោយគ្មានញែកចេញខុសគ្នា—នោះទេ ឧទាហរណ៍ សេចក្ដីថ្លែងរបស់ព្រះយេស៊ូវនៅក្នុងទេសនកថានៅលើភ្នំ ៖ « [ ព្រះ ] ទ្រង់ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើង បំភ្លឺទាំងមនុស្សអាក្រក់ និងមនុស្សល្អ ហើយទ្រង់បង្អុរឲ្យភ្លៀងធ្លាក់មក លើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតផង » ។ ពិតណាស់ ព្រះបានបង្អុរភ្លៀងធ្លាក់មកលើកូនចៅរបស់ទ្រង់ទាំងអស់គ្រប់ព្រះពរជ័យរបស់ទ្រង់តាមដែលទ្រង់អាចធ្វើបាន—ជាពរជ័យទាំងអស់ដែលសេចក្ដីស្រឡាញ់ និងច្បាប់ និងសេចក្ដីយុត្តិធម៌ និងសេចក្ដីមេត្តានឹងអនុញ្ញាតឲ្យមាន ។ ហើយទ្រង់បានបង្គាប់យើងឲ្យមានសេចក្ដីសប្បុរសដូចគ្នានោះដែរ ៖
« ខ្ញុំប្រាប់ថា ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសា ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ
« ដើម្បីឲ្យបានធ្វើជាកូនរបស់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ » ។
ម្ល៉ោះហើយ ពរជ័យកាន់តែមហិមារបស់ព្រះ គឺត្រូវបានដាក់លក្ខខណ្ឌដោយការគោរពប្រតិបត្តិ ។ ប្រធាន រ័សុល អិម នែលសុន បានពន្យល់ថា « សេចក្ដីស្រឡាញ់ដ៏ប្រពៃរបស់ព្រះ—រួមមានជីវិតដ៏នៅអស់កល្បជានិច្ច—មាននូវពរជ័យដែលយើងត្រូវតែមានភាពសក្ដិសម ពុំមែនរំពឹងថាបានទទួលដោយមិនសក្ដិសមនោះទេ ។ អ្នកមានបាបមិនអាចបង្ខំឲ្យព្រះទ័យរបស់ទ្រង់មកត្រូវតាមចិត្តរបស់ពួកគេ ហើយតម្រូវឲ្យទ្រង់ប្រទានពរដល់ពួកគេក្នុងអំពើបាបនោះឡើយ [ សូមមើល អាលម៉ា ១១:៣៧] ។ ប្រសិនបើពួកគេប្រាថ្នាចង់រីករាយនឹងពរជ័យដែលព្រះប្រទានឲ្យ នោះពួកគេត្រូវតែប្រែចិត្ត » ។
លើសពីការផ្ដល់ឲ្យនូវការសន្យាដល់អ្នកប្រែចិត្តបានជាអត់ទោស ហើយគ្មានប្រឡាក់ស្នាមថា « បានលើកឡើងនៅថ្ងៃចុងក្រោយបង្អស់ » នោះមាននូវទិដ្ឋភាពដ៏សំខាន់ទីពីរនៃការជាប់នៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះ ។ ការជាប់នៅក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ នឹងដឹកនាំយើងឲ្យស្គាល់ពីសក្ដានុពលពេញលេញរបស់យើង ដើម្បីប្រែក្លាយដូចជាទ្រង់ ។ ដូចប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បានថ្លែង ៖ « ព្រះគុណនៃព្រះ ពុំគ្រាន់តែធ្វើឲ្យយើងក្លាយជាស្អាតគ្មានបាបប៉ុណ្ណោះនោះទេ ។ … ព្រះរាជបំណងទ្រង់គឺមានកាន់តែខ្ពស់ ៖ ទ្រង់ចង់ឲ្យបុត្រាបុត្រីរបស់ទ្រង់ប្រែក្លាយដូចជាទ្រង់ » ។
ដើម្បីជាប់នៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះ តាមន័យនេះវាមានន័យថាត្រូវចុះចូលតាមព្រះទ័យរបស់ទ្រង់ទាំងស្រុង ។ វាមានន័យថាទទួលយកការកែតម្រូវរបស់ទ្រង់នៅពេលចាំបាច់ « ដ្បិតព្រះអម្ចាស់ទ្រង់ផ្ចាញ់ផ្ចាលចំពោះអស់អ្នកណាដែលទ្រង់ស្រឡាញ់ » ។ វាមានន័យថា ស្រឡាញ់ ហើយបម្រើគ្នាទៅវិញទៅមកដូចជាព្រះយេស៊ូវបានស្រឡាញ់ និងបម្រើយើងដែរ ។ វាមានន័យថាត្រូវរៀន « នៅជាប់ក្នុងក្រឹត្យវិន័យនៃនគរសេឡេស្ទាល » ដើម្បីយើងអាច « នៅជាប់ក្នុងសិរីល្អសេឡេស្ទាល » ។ ដើម្បីទ្រង់អាចសូនយើងជាអ្វីដែលយើងអាចប្រែក្លាយ នោះព្រះវរបិតាសួគ៌យើងអង្វរយើងឲ្យព្រមធ្វើតាម « សេចក្ដីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយ [ សម្រាត ] ភាពខាងសាច់ឈាមចេញ ហើយ [ ក្លាយ ] ទៅជាអ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ហើយក្លាយទៅដូចជាកូនក្មេង ងាយប្រដៅ ស្លូតបូត ទាបរាបសា អត់ឱន ពោរពេញទៅដោយសេចក្ដីស្រឡាញ់ ព្រមទទួលនូវអ្វីៗទាំងអស់ ដែលព្រះអម្ចាស់ទ្រង់ទតឃើញថាល្អ ដូចជាកូនក្មេងព្រមធ្វើតាមឪពុកខ្លួនដូច្នោះ » ។
ដោយ អែលឌើរ ដាល្លិន អេក អូក បានសង្កេតឃើញថា « ការជំនុំជម្រះចុងក្រោយ គឺពុំគ្រាន់តែជាការវាយតម្លៃមួយនៃការបូកសរុបនៃសកម្មភាពល្អ និងសកម្មភាពអាក្រក់--ដែលយើងបានធ្វើប៉ុណ្ណោះនោះទេ ។ វាគឺជាការទទួលស្គាល់មួយចំពោះលទ្ធផលចុងក្រោយនៃទង្វើ និងគំនិត—ដែលយើងបាន ប្រែក្លាយ ។
រឿងហេលិន ខេលើរ គឺជារឿងប្រៀបធៀបមួយផ្ដល់យោបល់អំពីរបៀបដែលសេចក្ដីស្រឡាញ់របស់ព្រះផ្លាស់ប្រែមនុស្សដែលព្រមធ្វើតាម ។ ហេលិន កើតនៅរដ្ឋអាឡាបាម៉ា ក្នុងសហរដ្ឋនៅឆ្នាំ ១៨៨០ ។ នៅពេលអាយុ ១៩ ខែ នាងបានរងទុក្ខដោយសារជំងឺដែលគ្មានរោគវិនិច្ឆ័យមួយ បណ្ដាលឲ្យនាងថ្លង់ ហើយពិការភ្នែក ។ នាងវាងវៃណាស់ ហើយបានមួរម៉ៅពេលនាងព្យាយាមយល់ និងញាណដឹងពីអ្វីៗនៅជុំវិញនាង ។ នៅពេលហេលិន ដឹងថាសមាជិកគ្រួសារធ្វើចលនាបបូរមាត់ ហើយដឹងថាពួកគេប្រើមាត់ដើម្បីនិយាយ « នាងខូចចិត្តយ៉ាងខ្លាំង [ ដោយសារ ] នាងមិនអាចចូលរួមក្នុងការសន្ទនា » ។ ដល់ពេលហេលិនអាយុប្រាំមួយឆ្នាំ តម្រូវការទំនាក់ទំនង និងការមួរម៉ៅរបស់ ហេលិនបានមានកាន់តែខ្លាំងឡើង រហូតធ្វើឲ្យនាង « មានកំហឹងប្រចាំថ្ងៃ ពេលខ្លះគ្រប់ម៉ោង » ទៀតផង ។
ឪពុកម្ដាយរបស់ហេលិន បានជួលគ្រូបង្រៀនម្នាក់ឲ្យបង្រៀនកូនពួកគេ ដែលគាត់ឈ្មោះថា អាន សូលីវ៉ាន ។ ក៏ដូចជាព្រះយេស៊ូវគ្រីស្ទយល់អំពីជំងឺរបស់យើង អាន ស៊ូលីវ៉ាន បានពុះពារនឹងការលំបាកដ៏ធ្ងន់ធ្ងរផ្ទាល់ខ្លួនរបស់គាត់ ហើយយល់ពីជំងឺរបស់ហេលិន ។ នៅអាយុប្រាំឆ្នាំ អាន បានឆ្លងជំងឺមួយដែលបណ្ដាលឲ្យភ្នែកឡើងបាយយ៉ាងឈឺចាប់ ហើយធ្វើឲ្យគាត់ស្ទើរតែខ្វាក់ភ្នែក ។ នៅពេល អាន អាយុប្រាំបីឆ្នាំ ម្ដាយគាត់បានស្លាប់ ឪពុកគាត់បានបោះបង់គាត់ និងប្អូនប្រុសគាត់ឈ្មោះ ជីមមី ចោល ហើយពួកគាត់ត្រូវបានបញ្ជូនទៅកាន់ « ខ្ទម » មួយដែលមានស្ថានភាពដ៏អាក្រក់ ធ្វើឲ្យ ជីមមី ត្រូវស្លាប់ បន្ទាប់ពីបានបីខែតែប៉ុណ្ណោះ ។ តាមរយៈការពុះពារតស៊ូផ្ទាល់ខ្លួនរបស់គាត់ អាន បានក្លាយជាសិស្សនៅសាលារៀនភឺគីនសម្រាប់មនុស្សខ្វាក់ និងខ្សោយភ្នែក ដែលជាកន្លែងគាត់ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ។ នៅពេលបានទទួលការវះកាត់ គាត់បានមើលឃើញ គាត់អាចអានអក្សរបាន ។ នៅពេលឪពុក ហេលិន ខេលើរ បានទាក់ទងសាលាភឺគីន ដើម្បីរកនរណាម្នាក់ធ្វើជាគ្រូបង្រៀនកូនស្រីរបស់គាត់ នោះ អាន ត្រូវបានគេជ្រើសរើស ។
មុនដំបូងវាពុំមែនជាបទពិសោធន៍ដ៏រីករាយឡើយ ។ ហេលិន « បានវាយ បានក្ដិច បានទាត់គ្រូរបស់នាង ហើយបានវៃគាត់បាក់ធ្មេញមួយទៀតផង ។ ទីបំផុត [ អាន ] គ្រប់គ្រងបាន ដោយផ្លាស់ទៅនៅខ្ទមតូចមួយជាមួយ ហេលិន ក្នុងដីរបស់គ្រួសារខេលើរ ។ តាមរយៈការអត់ធ្មត់ និងការខ្ជាប់ខ្ជួនដ៏រឹងប៉ឹង ទីបំផុតគាត់បានយកឈ្នះលើដួងចិត្ត និងទំនុកចិត្តរបស់ក្មេងនោះ » ។ ស្រដៀងគ្នានេះដែរ នៅពេលយើងមកទុកចិត្តលើលោកគ្រូដ៏ទេវភាពរបស់យើងជំនួសឲ្យការចចេសរឹងរូស នោះទ្រង់អាចធ្វើការជាមួយយើងដើម្បីសម្រាល និងលើកយើងឡើងទៅកាន់ស្ថានភាពថ្មីមួយ ។
ដើម្បីជួយ ហេលិន រៀនពាក្យ អាន បានប្រកបឈ្មោះនៃវត្ថុស្រដៀងគ្នាដោយម្រាមដៃរបស់គាត់នៅលើបាតដៃរបស់ហេលិន ។ « [ ហេលិន ] ពេញចិត្តនឹង ‹ ការលេងម្រាមដៃ › នេះ ប៉ុន្ដែនាងមិនយល់ទេរហូតដល់គ្រាដ៏ល្អមួយ ពេល [អាន] បានប្រកបពាក្យ ‹ ទ-ឹ-ក › ខណៈដែលកំពុងចាក់ទឹកដាក់លើដៃរបស់ [ ហេលិន ] ។ ក្រោយមក [ ហេលិន ] បានសរសេរ ៖
« ‹ រំពេចនោះ ខ្ញុំបានដឹងថាខ្ញុំហាក់ដូចជាភ្លេចអ្វីមួយ…ហើយមិនដឹងយ៉ាងម៉េចមានពាក្យមួយបានបើកបង្ហាញដល់ខ្ញុំ ។ ពេលនោះខ្ញុំបានដឹងថា « ទ-ឹ-ក » មានន័យថាជាវត្ថុធាតុរាវដ៏ត្រជាក់កំពុងហូរកាត់លើដៃរបស់ខ្ញុំ ។ ពាក្យដ៏មានអានុភាពនោះបានដាស់ព្រលឹងរបស់ខ្ញុំ បានផ្ដល់នូវការយល់ដឹង ក្ដីសង្ឃឹម អំណរ ដោះឲ្យមានសេរីភាព ! … អ្វីៗទាំងអស់មានឈ្មោះមួយ ហើយឈ្មោះនីមួយៗផ្ដល់ជាគំនិតថ្មីមួយ ។ នៅពេលយើងត្រឡប់ទៅផ្ទះវិញ វត្ថុទាំងឡាយដែលខ្ញុំបានពាល់ ហាក់ដូចជាមានចលនា… › » ។
នៅពេល ហេលិន ខេលើរ បានធំពេញវ័យ នាងត្រូវបានគេស្គាល់ថានាងស្រឡាញ់ភាសា ជំនាញរបស់នាងជាអ្នកនិពន្ធ ហើយមានវោហារជាអ្នកនិយាយទៅកាន់មហាជន ។
នៅក្នុងវីដេអូមួយបានពិពណ៌នាអំពីជីវិតរបស់ហេលិន ខេលើរ ដែលឪពុកម្ដាយរបស់នាងបង្ហាញពីការពេញចិត្តនឹងកិច្ចការរបស់ អាន សូលីវ៉ាន កាលដែលគាត់បានបង្ក្រាបកូនស្រីដ៏លំបាករបស់គាត់ឲ្យអង្គុយយ៉ាងសមរម្យនៅឯតុអាហារពេលល្ងាច ញ៉ាំអាហារតាមធម្មតា ហើយបត់កន្សែងដៃនាងទុកពេលបរិភោគអាហាររួច ។ ប៉ុន្ដែ អាន បានដឹងថា ហេលិន មានសមត្ថភាពច្រើនជាងនេះទៀត ហើយថាគាត់មានការបរិច្ចាគយ៉ាងសំខាន់ ។ យើងក៏អាចស្កប់ស្កល់នឹងអ្វីដែលយើងបានធ្វើនៅក្នុងជីវិតផងដែរ ហើយថាយើងគ្រាន់តែជាខ្លួនយើង ខណៈដែលព្រះអង្គសង្គ្រោះរបស់យើងយល់អំពីសក្ដានុពលដ៏រុងរឿង ឯយើងអាចមើលឃើញតែ « តាមបែបស្រអាប់ ដូចជាដោយសារកញ្ចក់ » ។ យើងម្នាក់ៗអាចមានអំណរដ៏ខ្លាំង ពេលយើងដឹងថា សក្ដានុពលដ៏ទេវភាពនៃភាពជាព្រះអភិវឌ្ឍនៅក្នុងខ្លួនយើង ដូចនឹងអំណរដែល ហេលិន ខេលើរ មាន ពេលពាក្យទាំងឡាយមានចលនា ផ្ដល់ការយល់ដឹងដល់ព្រលឹងនាង ហើយដោះឲ្យមានសេរីភាព ។ យើងម្នាក់ៗអាចស្រឡាញ់ និងបម្រើព្រះ ហើយអាចប្រទានពរដល់បងប្អូនយើង ។ « ដូចមានសេចក្ដីចែងទុកមកថា សេចក្ដីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺសេចក្ដីនោះឯងដែលព្រះបានរៀបចំទុក សម្រាប់ពួកអ្នកដែលស្រឡាញ់ទ្រង់ » ។
ចូរយើងពិចារណាអំពីតម្លៃនៃសេចក្ដីស្រឡាញ់ដ៏មានតម្លៃរបស់ព្រះ ។ ព្រះយេស៊ូវបានបើកបង្ហាញថា ដើម្បីធួននឹងអំពើបាបរបស់យើង ហើយប្រោសលោះយើងពីសេចក្ដីស្លាប់ ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ នោះការរងទុក្ខរបស់ទ្រង់បានបណ្ដាលឲ្យទ្រង់ « គឺជាព្រះដែលមហិមាលើអ្វីៗទាំងអស់ ត្រូវញ័រដោយសារតែការឈឺចាប់ ហើយត្រូវច្រួចលោហិតចេញពីគ្រប់រន្ធញើស ហើយត្រូវរងទុក្ខព្រមទាំងរូបកាយ និងវិញ្ញាណផង—ហើយដើម្បីកុំឲ្យយើងត្រូវផឹកពែងល្វីង ហើយរួញខ្លាច » ។ ការរងទុក្ខរបស់ទ្រង់នៅក្នុងសួនច្បារគែតសេម៉ានី និងនៅលើឈើឆ្កាង គឺមានទំហំមហិមាជាងមនុស្សនៃជីវិតរមែងស្លាប់នេះអាចទ្រាំទ្របាន ។ ម្ល៉ោះហើយ ដោយសារតែសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះព្រះបិតាទ្រង់ និងចំពោះយើង នោះទ្រង់បានស៊ូទ្រាំ ជាលទ្ធផល អាចផ្ដល់ដល់យើងទាំងជីវិតអមត និងជីវិតអស់កល្បជានិច្ច ។
វាជានិមិត្តរូបដ៏រំជួលចិត្តដែល « លោហិត [ បាន ] ហូរចេញពីគ្រប់រន្ធញើស » នៅក្នុងសួនច្បារគែតសេម៉ានី ជាកន្លែងគាបប្រេងអូលីវ ។ ដើម្បីផលិតប្រេងនៅជំនាន់របស់ព្រះអង្គសង្គ្រោះ ដំបូងឡើយ ផ្លែអូលីវត្រូវដាក់កិនដោយផ្ទាំងថ្មធំមួយ ។ « ផ្លែអូលីវកិន » នោះត្រូវយកទៅដាក់នៅក្នុងកន្ត្រកវេញទន់រលុងៗដែលដាក់គរពីលើគ្នា ។ ទម្ងន់របស់វាគាបចេញជាប្រេងដំបូង ហើយល្អបំផុត ។ បន្ទាប់មកដាក់ធ្នឹម ឬគល់ឈើធំមួយសង្កត់បន្ថែមពីលើកន្ត្រកដែលដាក់គគ្នានោះ វាគាបបានប្រេងបន្ថែមទៀត ។ ទីបំផុត ដើម្បីគាបយកដំណក់ប្រេងចុងក្រោយ ធ្នឹមគឺត្រូវបានដាក់សង្កត់ដោយថ្មជាច្រើននៅចុងម្ខាងដើម្បីបង្កើតជាកម្លាំងសម្ពាធសង្កត់អតិបរមា ។ មែនហើយ ប្រេងនឹងចេញមកជាពណ៌ក្រហមដូចវាហូរចេញមកកាលពីដំបូងដែរ ។
ខ្ញុំគិតអំពីដំណើររឿងរបស់ម៉ាថាយអំពីព្រះអង្គសង្គ្រោះ នៅពេលទ្រង់បានចូលទៅសួនច្បារគែតសេម៉ានីនាយប់ដ៏សំខាន់នោះ—ដែលទ្រង់ « ចាប់តាំងមានព្រះហឫទ័យព្រួយ ហើយតប់ប្រមល់ជាខ្លាំង ។ …
« កាលទ្រង់បានយាងទៅមុខបន្តិចទៀត នោះទ្រង់ទម្លាក់អង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋានថា ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » ។
បន្ទាប់មក កាលខ្ញុំស្រមៃឃើញថាសម្ពាធមានកាន់តែធ្ងន់ធ្ងរ នោះទ្រង់បានទូលអង្វរជាលើកទីពីរសូមការសម្រាលទុក្ខ ហើយទីបំផុតបានសូមជាលើកទីបី ដែលវាប្រហែលជាដល់កំពូលនៃការឈឺចាប់របស់ទ្រង់ហើយមើលទៅ ។ ទ្រង់បានស៊ូទ្រាំការរងទុក្ខរហូតសេចក្ដីយុត្តិធម៌ត្រូវបានស្កប់ស្កល់ដល់ដំណក់ចុងក្រោយ ។ ការណ៍នេះទ្រង់បានប្រោសលោះបងប្អូន និងរូបខ្ញុំ ។
សេចក្ដីស្រឡាញ់របស់ព្រះជាអំណោយដ៏មានតម្លៃណាស់ហ្ន៎ ! ដោយបានពេញដោយសេចក្ដីស្រឡាញ់នោះ ព្រះយេស៊ូវបានសួរថា « តើអ្នករាល់គ្នាមិនចង់ត្រឡប់មករកយើង ហើយប្រែចិត្តពីអំពើបាបទាំងឡាយរបស់អ្នក ហើយប្រែចិត្តជឿដើម្បីយើងអាចប្រោសអ្នកឲ្យបានជាទេឬ ? រួចទ្រង់អះអាងដោយទន់ភ្លន់ថា « មើលចុះ ដៃនៃសេចក្ដីមេត្តាករុណារបស់យើងសន្ធឹងទៅរកអ្នក ហើយអស់អ្នកណាដែលមក… អ្នកនោះហើយដែលយើងនឹងទទួល ហើយមានពរហើយដល់អ្នកណាដែលមករកយើង » ។
តើបងប្អូនមិនព្រមស្រឡាញ់ទ្រង់ ដែលទ្រង់ស្រឡាញ់បងប្អូនមុនទេឬអី ? ចូររក្សាបទបញ្ញត្តិរបស់ទ្រង់ ។ តើបងប្អូនមិនព្រមធ្វើជាមិត្តនឹងទ្រង់ ដែលបានដាក់ជីវិតដើម្បីមិត្តរបស់ទ្រង់ទេឬអី ? ចូររក្សាបទបញ្ញត្តិរបស់ទ្រង់ ។ តើបងប្អូនមិនព្រមនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ ហើយទទួលអ្វីៗទាំងអស់ដែលទ្រង់ប្រទានដល់អ្នកប្រកបដោយព្រះគុណទេឬអី ? ចូររក្សាបទបញ្ញត្តិរបស់ទ្រង់ ។ ខ្ញុំអធិស្ឋានថា យើងនឹងដឹង ហើយនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ដ៏ពេញលេញ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។