ខ្ញុំនឹងនាំពន្លឺនៃដំណឹងល្អចូលមកគេហដ្ឋានខ្ញុំ
យើងអាចនាំពន្លឺនៃដំណឹងល្អចូលមកគេហដ្ឋាន សាលារៀន កន្លែងធ្វើការរបស់យើង ប្រសិនបើយើងស្វែងរក ហើយចែកចាយចំណុចវិជ្ជមានអំពីអ្នកដទៃ ។
ជាការឆ្លើយតបចំពោះការអញ្ជើញរបស់ស៊ីស្ទើរ លីនដា ខេ ប៊ើតុន កាលពីសន្និសីទទូទៅខែមេសា បងប្អូនជាច្រើននាក់បានចូលរួមក្នុងទង្វើដ៏ចេះគិតគូរ និង ចិត្តល្អសប្បុរស ដោយបានផ្តោតទៅលើការបំពេញតម្រូវការរបស់ជនភៀសខ្លួននៅក្នុងមូលដ្ឋានរបស់បងប្អូន ។ ចេញមកពីកម្មវិធីសាមញ្ញៗនៃការខ្នះខ្នែងរបស់បងប្អូនក្នុងការជួយដល់សហគមន៍ ទង្វើទាំងនោះគឺជាលទ្ធផលនៃសេចក្តីស្រឡាញ់ ។ នៅពេលបងប្អូនបានចែករំលែកពេលវេលា ទេពកោសល្យ និងធនធានរបស់បងប្អូន នោះដួងចិត្តបងប្អូន—និងចិត្តរបស់ជនភៀសខ្លួន—នោះមានដួងចិត្តជាច្រើនទទួលបានការធូរស្បើយ ។ ការបង្កើតក្តីសង្ឃឹម និង ជំនឿ ព្រមទាំងក្តីស្រឡាញ់មានកាន់តែច្រើនឡើងរវាងអ្នកទទួល និង ផ្តល់ឲ្យគឺជាលទ្ធផលដែលកើតចេញមកពីសេចក្តីសប្បុរសដ៏ពិតប្រាកដ ។
ព្យាការីមរ៉ូណៃប្រាប់យើងថា សេចក្តីសប្បុរសគឺជាបុគ្គលិកលក្ខណៈចាំបាច់មួយនៃអស់អ្នកដែលនឹងរស់នៅជាមួយព្រះវរបិតាសួគ៌នៅក្នុងនគរសេឡេស្ទាល ។ លោកសរសេរថា « លើកលែងអ្នករាល់គ្នាមានសេចក្ដីសប្បុរស បើពុំនោះសោតទេ អ្នករាល់គ្នានឹងពុំអាចបានសង្គ្រោះនៅក្នុងនគរព្រះឡើយ » ។
ប្រាកដណាស់ ព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏ល្អឥតខ្ចោះអំពីសេចក្តីសប្បុរស ។ ការថ្វាយព្រះទ័យរបស់ទ្រង់នៅក្នុងជីវិតមុនផែនដី ដើម្បីធ្វើជាព្រះអង្គសង្គ្រោះ ទង្វើប្រាស្រ័យទាក់ទងរបស់ទ្រង់ពេញមួយជីវិតរមែងស្លាប់ អំណោយដ៏អស្ចារ្យនៃដង្វាយធួន និង ការខ្នះខ្នែងជាបន្តរបស់ទ្រង់ក្នុងការនាំពួកយើងត្រឡប់ទៅព្រះវរបិតាសួគ៌យើងវិញគឺជាការបញ្ជាក់ដ៏ខ្លាំងបំផុតអំពីសេចក្តីសប្បុរស ។ ទ្រង់ធ្វើកិច្ចការដោយផ្តោតទៅលើរឿងតែមួយ ៖ គឺក្តីស្រឡាញ់ចំពោះព្រះវរបិតាទ្រង់ដែលបានបង្ហាញតាមរយៈក្តីស្រឡាញ់ទ្រង់ចំពោះពួកយើងម្នាក់ៗ ។ នៅពេលគេសួរអំពីព្រះបញ្ញត្តិដ៏សំខាន់បំផុត នោះព្រះយេស៊ូវបានមានបន្ទូលតបថា ៖
« ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯងឲ្យអស់អំពីចិត្តអស់ពីព្រលឹង ហើយអស់អំពីគំនិតឯង ។
នេះជាបញ្ញត្តិយ៉ាងសំខាន់ទីមួយ ។
« ហើយបញ្ញត្តិទីពីរក៏បែបដូចគ្នាគឺថា ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ។
របៀបមួយដ៏សំខាន់បំផុត ដែលយើងអាចបង្កើន ហើយបង្ហាញក្តីស្រឡាញ់ចំពោះអ្នកជិតខាងយើងគឺតាមរយៈការមានសេចក្តីសប្បុរសទាំងក្នុងគំនិត និង ពាក្យសម្តីរបស់យើង ។ ជាច្រើនឆ្នាំមកហើយ មិត្តជាទីស្រឡាញ់ម្នាក់របស់ខ្ញុំបាននិយាយថា « សេចក្តីសប្បុរសដ៏អស្ចារ្យបំផុតនោះគឺជាការមិនវិនិច្ឆ័យគ្នា » ។ វានៅតែជាការពិតក្នុងពេលបច្ចុប្បន្ននេះ ។
ថ្មីៗនេះ ពេលអាលីស្សាអាយុបីឆ្នាំមើលខ្សែភាពយន្តមួយជាមួយបងប្អូនបង្កើតរបស់នាង នាងបាននិយាយដោយងឿងឆ្ងល់ថា « ម៉ាក់ មាន់នោះមើលទៅចម្លែកណាស់ ! »
ម្តាយនាងបានមើលទៅកញ្ចក់ទូរទស្សន៍ ហើយឆ្លើយទាំងញញឹមថា « កូនសម្លាញ់ នោះគឺជាសត្វក្ងោកទេ » ។
ជួនកាលយើងដូចជាក្មេងអាយុបីឆ្នាំនោះដែរ ពុំទាន់ស្គាល់អ្វីច្រើនឡើយ យើងមើលមនុស្សដទៃដោយពុំយល់ពីពួកគេទាំងស្រុង ឬ ច្បាស់លាស់ឡើយ ។ យើងអាចផ្តោតលើភាពខុសគ្នា និង កំហុសនានាដែលមនុស្សនៅជុំវិញយើងមាន ចំណែកឯព្រះវរបិតាសួគ៌យើងទតឃើញកូនចៅទ្រង់ ដែលទ្រង់បានបង្កើតឡើងតាមរូបអង្គទ្រង់ដ៏អស់កល្បថាមានសក្តានុពលដ៏អស្ចារ្យ និងដ៏រុងរឿង ។
យើងចាំប្រសាសន៍ប្រធាន ជែមស៍ អ៊ី ហ្វោស្តថា « កាលណាខ្ញុំកាន់តែចាស់ នោះខ្ញុំវិនិច្ឆ័យគេកាន់តែតិច » ។ ប្រសាសន៍នេះរំឭកខ្ញុំអំពីការបង្រៀនរបស់សាវកប៉ុល ៖
« កាលដែលខ្ញុំនៅក្មេងនៅឡើយ នោះខ្ញុំបាននិយាយដូចជាកូនក្មេង ក៏មានគំនិតដូចជាកូនក្មេង ហើយបានពិចារណា ដូចជាកូនក្មេងដែរ លុះកាលខ្ញុំ [ កាន់តែចាស់ ] ហើយ នោះខ្ញុំបានលះចោលការរបស់កូនក្មេងចេញទៅ ។
« ដ្បិតឥឡូវនេះ យើងមើលឃើញបែបស្រអាប់ ដូចជាដោយសារកញ្ចក់ តែនៅវេលានោះ នឹងឃើញមុខទល់នឹងមុខ ឥឡូវនេះ ខ្ញុំស្គាល់មិនទាន់អស់ តែនៅវេលានោះ ខ្ញុំនឹងស្គាល់វិញ ដូចជាព្រះទ្រង់ស្គាល់ខ្ញុំដែរ » ។
នៅពេលយើងមើលឃើញពីភាពមិនល្អឥតខ្ចោះរបស់យើងកាន់តែច្បាស់ នោះយើងមើលអ្នកដទៃតាម « បែបស្រអាប់ ដូចជាដោយសារកញ្ចក់ » កាន់តែតិច ។ យើងចង់ប្រើពន្លឺនៃដំណឹងល្អ ដើម្បីមើលអ្នកដទៃដូចជាព្រះអង្គសង្គ្រោះទ្រង់ទតឃើញពួកគេ—ដោយក្តីអាណិតអាសូរ ក្តីសង្ឃឹម និង ក្តីសប្បុរស ។ ថ្ងៃនោះនឹងកើតមានឡើង ពេលយើងនឹងមានការយល់ចិត្តអ្នកដទៃទាំងស្រុង ហើយនឹងមានអំណរគុណចំពោះសេចក្តីមេត្តាដែលបានប្រទានដល់យើង—គឺដូចជាយើងផ្តល់គំនិត និង ពាក្យសម្តីដោយសេចក្តីសប្បុរសដល់អ្នកដទៃអំឡុងពេលនៃជីវិតនេះ ។
ជាច្រើនឆ្នាំមកហើយ ខ្ញុំបានទៅជិះទូកជាមួយយុវនារីមួយក្រុម ។ បឹងនោះមានទឹកថ្លាឆ្វង់ហ៊ុមព័ទ្ធទៅដោយរុក្ខជាតិបៃតង កូនភ្នំដែលមានព្រៃក្រាស់ និង ចំណោតភ្នំដែលមានទេសភាពដ៏ស្រស់ត្រកាល ។ ពេលយើងយកច្រវ៉ាអុំទូក លើទឹកថ្លាឆ្វង់នោះ ព្រះអាទិត្យបានបញ្ចេញពន្លឺដ៏កក់ក្តៅ ពេលយើងអុំទូកកាត់បឹងនោះ ។
ប៉ុន្តែភ្លាមនោះមេឃបានប្រែជាងងឹត ហើយខ្យល់ដ៏ខ្លាំងបានចាប់ផ្តើមបោកបក់ ។ ដើម្បីធ្វើដំណើរទៅមុខបានខ្លះៗ យើងត្រូវអុំដោយឥតឈប់ដៃឡើយ ។ បន្ទាប់ពីបានខំអុំយ៉ាងហត់នឿយអស់ពីរបីម៉ោងមក ទីបំផុតយើងបានបត់ក្ដោងទូកនៅលើបឹងដ៏ធំនោះ ហើយបានដឹងដោយក្តីអស្ចារ្យ និង រីករាយថាខ្យល់កំពុងបក់ស្របទិសដែលយើងចង់ទៅ ។
រំពេចនោះ យើងបានឆ្លៀតយកប្រយោជន៍ពីវា ។ យើងបានទាញតង់តូចមួយមក ហើយចងជាយទាំងពីររបស់វាទៅនឹងដងច្រវា ហើយជាយផ្សេងទៀតចងទៅនឹងជើងរបស់ស្វាមីខ្ញុំ ដែលគាត់បានកន្ធែកជើងជាន់លើគែមទូក ។ ខ្យល់បានបក់ប៉ះក្តោងទូកដែលយើងទើបច្នៃនោះ ទូកយើងបានទៅមុខយ៉ាងលឿន !
ពេលក្រុមយុវនារីនៅលើទូកផ្សេងទៀតបានឃើញ ថាទូកយើងបានទៅមុខយ៉ាងស្រួលបែបនោះ ពួកគេបានច្នៃធ្វើក្តោងទូករបស់ខ្លួនភ្លាមដែរ ។ យើងបានធូរចិត្តហើយសើចដោយក្តីរីករាយ យើងមានអំណរគុណដែលបានរួចផុតពីបញ្ហានាថ្ងៃនោះ ។
ដូចជាខ្យល់ដ៏អស្ចារ្យនោះដែរ ពេលយើងពុះពារនឹងបញ្ហាជីវិតនេះ ការសរសើរពីមិត្តភក្តិ ការស្វាគមន៍ដោយក្តីរីករាយពីឪពុកម្តាយ ការងក់ក្បាលយល់ស្របពីបងប្អូនបង្កើត ឬ ស្នាមញញឹមដ៏មានឥទ្ធិពលមកពីមិត្តរួមការងារ ឬ មិត្តរួមថ្នាក់ ផ្តល់អារម្មណ៍ធូរស្បើយដល់យើងគឺដូច « ខ្យល់ដែលបក់ក្តោងទូកយើង » ឲ្យទៅមុខដែរ ! ប្រធាន ថូម៉ាស អេស ម៉នសុន បានថ្លែងអំពីគោលការណ៍នេះថា ៖ « យើងមិនអាចបញ្ជាខ្យល់បានទេ ប៉ុន្តែយើងអាចបង្វែរក្ដោងទូកបាន ។ ដើម្បីបានសុភមង្គល ភាពសុខសាន្ត និង ភាពសុខដុមរមនាជាអតិបរិមា សូមឲ្យយើង ជ្រើសរើស ឥរិយាបទដ៏វិជ្ជមានមួយ » ។
ពាក្យសម្តីមានឥទ្ធិពលខ្លាំងក្លាណាស់ ទាំងលើកស្ទួយទឹកចិត្ត និង បំបាក់ទឹកចិត្ត ។ យើងទាំងអស់គ្នាប្រហែលជាចាំពាក្យសម្តីអាក្រក់ៗ ដែលបំបាក់ទឹកចិត្តយើង និង ពាក្យសម្តីដែលបាននិយាយដោយក្តីស្រឡាញ់ផ្សេងទៀត ដែលបានលើកស្ទួយវិញ្ញាណយើងឡើង ។ សូមជ្រើសយកតែការនិយាយ—និង ពាក្យសម្តី—ណាដែលលើកស្ទួយ ព្រមទាំងពង្រឹងដល់អ្នកដទៃដែលនៅជុំវិញយើង ហើយជួយពួកគេឲ្យដើរតាមមាគ៌ារបស់ព្រះអង្គសង្គ្រោះ ។
កាលពីក្មេង ខ្ញុំព្យាយាមប៉ាក់អក្សរថា « ខ្ញុំនឹងនាំពន្លឺនៃដំណឹងល្អចូលមកគេហដ្ឋានខ្ញុំ » នៅលើក្រណាត់មួយផ្ទាំង ។ នារសៀលថ្ងៃមួយ កាលពួកយើងកំពុងប៉ាក់ក្រណាត់នោះ គ្រូបង្រៀនរបស់យើងបាននិទានរឿងប្រាប់ពួកយើងអំពីក្មេងស្រីម្នាក់ដែលរស់នៅលើកូនភ្នំមួយនាជ្រលងភ្នំម្ខាងទៀត ។ រៀងរាល់ថ្ងៃបាក់រសៀល ក្មេងស្រីនោះបានឃើញផ្ទះមួយមានពន្លឺចាំងតាមបង្អួចពណ៌មាសនៅលើកូនភ្នំនាជ្រលងភ្នំម្ខាងទៀត ។ ផ្ទះនាងតូច ហើយចាស់ពុកផុយ ហើយក្មេងស្រីនោះស្រមៃចង់រស់នៅក្នុងផ្ទះដែលមានបង្អួចពណ៌មាសដ៏ស្រស់ស្អាតនោះ ។
ថ្ងៃមួយក្មេងស្រីនោះត្រូវបានអនុញ្ញាតឲ្យជិះកង់កាត់ជ្រលងភ្នំនោះ ។ នាងបានខំធាក់កង់រហូតដល់នាងបានទៅដល់ផ្ទះដែលមានបង្អូចពណ៌មាស ដែលនាងបានពេញចិត្តជាយូរមកហើយនោះ ។ ប៉ុន្តែកាលនាងបានចុះពីលើកង់ នាងបានឃើញថា ផ្ទះនោះគឺជាផ្ទះដែលគេបោះបង់ចោល ហើយចាស់ទ្រុឌទ្រោម ដោយមានដើមឈើខ្ពស់មួយដុះចំហោណ័ង បង្អួចបាក់បែក ហើយកខ្វក់នោះ ។ ក្មេងស្រីនោះបានងាកទៅមើលផ្ទះរបស់នាងវិញទាំងខកចិត្ត ។ ដោយក្តីភ្ញាក់ផ្អើល នាងបានឃើញផ្ទះមួយមានពន្លឺចាំងតាមបង្អួចពណ៌មាសនៅលើកូនភ្នំនាជ្រលងភ្នំម្ខាងទៀត ហើយរំពេចនោះនាងបានដឹងថានោះគឺជាផ្ទះរបស់នាង !
ជួលកាលយើងដូចជាក្មេងស្រីនេះដែរ យើងមើលទៅអ្នកដទៃ ឬ អ្វីដែលគេមាន ហើយយើងមានអារម្មណ៍ថាយើងអន់ជាងគេ ។ យើងបានផ្តោតចិត្តទៅលើជីវិតដែលបង្ហាញដូចមានក្នុងកម្មវិធី Pinterest ឬ Instagram ឬ ត្រូវបានទាក់ទាញដោយជក់ចិត្តយ៉ាងខ្លាំងទៅលើការប្រកួតប្រជែងនៅសាលា ឬ នៅកន្លែងធ្វើការរបស់យើង ។ ប៉ុន្តែនៅពេលយើងចំណាយពេលបន្តិចដើម្បី « រាប់ព្រះពរដ៏ច្រើន [ របស់យើង ] » នោះយើងឃើញទស្សនវិស័យកាន់តែពិត ហើយទទួលស្គាល់ភាពល្អនៃព្រះចំពោះកូនចៅ ទាំងអស់ របស់ទ្រង់ ។
មិនថាយើងនៅផ្ទះជាន់ទី ៨ ឬ ១០៨ នោះទេ យើងអាចនាំពន្លឺនៃដំណឹងល្អចូលមកក្នុងបរិយាកាសផ្ទាល់ខ្លួនរបស់យើង ទោះជាអគារខ្ពស់បំផុតនៅក្នុងទីក្រុងម៉ាន់ហាថាន់ ផ្ទះសង់លើសសរបង្គោលនៅប្រទេសម៉ាឡេស៊ី ឬ តង់ដ៏ធំនៅក្នុងប្រទេសម៉ុងហ្គោលីក្តី ។ យើងអាចជ្រើសរកមើលចំណុចល្អពីអ្នកដទៃ និង ក្នុងស្ថានភាពនានាដែលនៅជុំវិញយើង ។ យុវនារី និង ស្ត្រីវ័យចំណាស់នៅគ្រប់ទិសទី អាចបង្ហាញក្តីសប្បុរស នៅពេលពួកគេជ្រើសរើសប្រើពាក្យសម្តីដែលធ្វើឲ្យអ្នកដទៃមានទំនុកចិត្ត និង ជំនឿ ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានប្រាប់រឿងមួយអំពីយុវជនម្នាក់ដែលត្រូវបានមិត្តភក្តិគាត់ចំអន់លេងសើចកាលគាត់នៅរៀន ។ ជាច្រើនឆ្នាំក្រោយមក គាត់បានប្តូរលំនៅទៅឆ្ងាយ បានចូលបម្រើកងទ័ព ទទួលការអប់រំ ហើយសកម្មក្នុងសាសនាចក្រ ។ ក្នុងអំឡុងពេលនោះ ជីវិតរបស់គាត់បានពោរពេញដោយបទពិសោធន៍ជោគជ័យដ៏អស្ចារ្យៗជាច្រើន ។
ច្រើនឆ្នាំក្រោយមកទៀត គាត់បានត្រឡប់ទៅស្រុកកំណើតគាត់វិញ ។ ទោះជាយ៉ាងណាក៏ដោយមនុស្សទាំងនោះបានបដិសេធមិនទទួលស្គាល់ការរីកចម្រើន និង ការផ្លាស់ប្តូររបស់គាត់ឡើយ ។ ពួកគេយល់ថា គាត់នៅតែជា « មនុស្សដដែល » ហើយពួកគេនៅតែធ្វើដាក់គាត់ដូចមុនដដែល ។ ទីបំផុត បុរសដ៏ល្អម្នាក់នោះ បានបាត់បង់ភាពជោគជ័យដែលគាត់ធ្លាប់មានស្ទើរតែទាំងស្រុង ដោយពុំអាចប្រើទេពកោសល្យដ៏អស្ចារ្យ ដែលគាត់បានអភិវឌ្ឍនោះ ដើម្បីប្រទានពរដល់អ្នកដែលចំអក និង បដិសេធគាត់ជាថ្មីនោះបានឡើយ ។ ឱនោះជារឿងសោកសៅអ្វីម៉្លេះចំពោះគាត់ និង សហគមន៍នោះ !
សាវកពេត្រុសបានបង្រៀនថា « មុនដំបូងបង្អស់ ត្រូវឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់គ្នា ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់នឹងគ្របបាំងអំពើបាបជាអនេកអនន្ត » ។ សេចក្តីស្រឡាញ់គ្នា ឲ្យអស់ពីចិត្ត មានន័យថា « សប្បុរសឲ្យអស់ពីដួងចិត្ត » ត្រូវបានបង្ហាញតាមរយៈការបំភ្លេចនូវការខុសឆ្គង និង កំហុសរបស់អ្នកដទៃ ជាជាងបន្តគុំគួន ឬ រំឭកពីភាពមិនល្អឥតខ្ចោះកាលពីអតីតកាលរបស់យើង និងរបស់អ្នកដទៃ ។
កាតព្វកិច្ច និង ឯកសិទ្ធិរបស់យើងគឺត្រូវទទួលយកការរីកចម្រើននៅក្នុងខ្លួន មនុស្សគ្រប់រូប ពេលយើងព្យាយាមក្លាយឲ្យដូចជាព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។ ឱវាជាក្តីរំភើបអ្វីម៉្លេះ ពេលឃើញពន្លឺនៅក្នុងកែវភ្នែករបស់មនុស្សម្នាក់ ដែលបានស្គាល់ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ហើយកំពុងធ្វើការផ្លាស់ប្តូរពិតប្រាកដនៅក្នុងជីវិតរបស់ពួកគេនោះ ! អ្នកផ្សព្វផ្សាយសាសនាដែលមានបទពិសោធន៍នៃអំណរ ពេលបានឃើញអ្នកប្រែចិត្តជឿចុះទៅក្នុងទឹកនៃបុណ្យជ្រមុជ ហើយក្រោយមកចូលព្រះវិហារបរិសុទ្ធ គឺជាសាក្សីនៃពរជ័យនៃការអនុញ្ញាត—និង ការលើកទឹកចិត្ត—ដល់មនុស្សដទៃឲ្យផ្លាស់ប្តូរ ។ សមាជិកដែលស្វាគមន៍អ្នកប្រែចិត្តជឿ ដោយចាត់ទុកថាពួកគេជាមនុស្សអស្ចារ្យចូលក្នុងនគរព្រះ រកឃើញសេចក្តីពេញចិត្តក្នុងការជួយពួកគេឲ្យមានអាម្មរណ៍នៃក្តីស្រឡាញ់របស់ព្រះអម្ចាស់ ។ ភាពអស្ចារ្យបំផុតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទគឺជាភាពពិតនៃការរីកចម្រើនអស់កល្ប—យើងពុំគ្រាន់តែ អនុញ្ញាតឲ្យ មានការផ្លាស់ប្តូរកាន់តែប្រសើរឡើយ ប៉ុន្តែថែមទាំងត្រូវបានលើកទឹកចិត្ត ហើយត្រូវបាន បង្គាប់ ឲ្យបន្តព្យាយាមកែលម្អខ្លួន ហើយទីបំផុតនឹងទទួលបានភាពល្អឥតខ្ចោះ ។
ប្រធាន ថូម៉ាស អេស ម៉នសុនបានទូន្មានថា ៖ « បងប្អូនទាំងអស់គ្នាអាចបង្ហាញនូវសេចក្តីសប្បុរសតាមរបៀបតូចៗជាច្រើន ។ …ជាជាងវិនិច្ឆ័យ [ ឬ ] រិះគន់ [ គ្នា ] ចូរយើងមានសេចក្តីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទចំពោះបងប្អូនយើងដែលរួមដំណើរជាមួយគ្នាក្នុងជីវិតនេះ ។ ចូរយើងទទួលស្គាល់ថា មនុស្សម្នាក់ៗកំពុងប្រឹងប្រែងអស់ពីសមត្ថភាព [ ខ្លួន ] ដើម្បីប្រឈមមុខនឹងឧបសគ្គដែលកើតមានចំពោះ [ ពួកគេ ] ហើយសូមឲ្យ យើង ព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីជួយពួកគេ » ។
ក្នុងន័យវិជ្ជមានមនុស្សមានចិត្តសប្បុរសគឺចេះអត់ធ្មត់ ចិត្តល្អ ហើយរីករាយ ។ មនុស្សមានចិត្តសប្បុរសគិតពីមនុស្សដទៃមុន អនុវត្តការគ្រប់គ្រងខ្លួន រកមើលចំណុចល្អពីអ្នកដទៃ ហើយរីករាយនៅពេលនរណាម្នាក់មានជោគជ័យ ។
ក្នុងនាមជាបងប្អូនស្រី ( និង បងប្អូនប្រុស ) នៅក្នុងស៊ីយ៉ូន តើយើងនឹងតាំងចិត្ត« រួបរួម សាមគ្គី … ធ្វើអ្វីៗគ្រប់យ៉ាងដែលទន់ភ្លន់ ហើយគិតគូរ ចូរសប្បាយហើយជួយនៅក្នុង [ ព្រះអង្គសង្គ្រោះ ] ដែរឬទេ ? » ដោយក្តីស្រឡាញ់ និង ក្តីសង្ឃឹមដ៏ច្រើន តើយើងអាចស្វែងរក ហើយទទួលយកលក្ខណៈល្អៗរបស់អ្នកដទៃ ដើម្បីអនុញ្ញាត និង លើកទឹកចិត្តឲ្យមានការរីកចម្រើនដែរឬទេ ? តើយើងអាចរីករាយចំពោះជោគជ័យរបស់អ្នកដទៃ ខណៈដែលយើងកំពុងបន្តកែលម្អខ្លួនយើងដែរឬទេ ?
ប្រាកដណាស់យើង អាច នាំពន្លឺនៃដំណឹងល្អចូលមកគេហដ្ឋាន សាលារៀន កន្លែងធ្វើការរបស់យើង ប្រសិនបើយើងស្វែងរក ហើយចែកចាយចំណុចវិជ្ជមានអំពីអ្នកដទៃ ហើយកុំផ្តោតទៅលើភាពមិនល្អឥតខ្ចោះនោះ ។ ឱខ្ញុំមានអំណរគុណពេញដួងចិត្តអ្វីម៉្លេះទេ ! ពេលខ្ញុំគិតអំពីការប្រែចិត្តដែលព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ បានផ្តល់ដល់យើងទាំងអស់គ្នា ដែលជាមនុស្សមានអំពើបាបដោយចៀសពុំរួច នៅក្នុងពិភពលោកមិនល្អឥតខ្ចោះ និង លំបាកនេះ !
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ពេលយើងធ្វើតាមគំរូដ៏ល្អឥតខ្ចោះរបស់ទ្រង់ នោះយើងអាចទទួលបានអំណាយទាននៃសេចក្តីសប្បុរស ដែលនឹងនាំអំណរដ៏មហិមាដល់យើងនៅក្នុងជីវិតនេះ និង ពរជ័យនៃជីវិតអស់កល្បដែលបានសន្យាដើម្បីរស់នៅជាមួយព្រះវរបិតាគង់នៅស្ថានសួគ៌ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។