ពិធីសាក្រាម៉ង់អាចជួយពួកយើងឲ្យបានបរិសុទ្ធ
ចូរពិចារណាអំពីវិធីប្រាំយ៉ាងដើម្បីបង្កើនប្រសិទ្ធភាព និង ឥទ្ធិពលនៃការចូលរួមជាទៀងទាត់របស់យើង ក្នុងពិធីបរិសុទ្ធសាក្រាម៉ង់ ។
អនុស្សាវរីយថ្មីៗនេះក្នុងចំណោមអនុស្សាវរីយជាច្រើនរបស់ខ្ញុំ គឺការប្រជុំសាក្រាម៉ង់ដែលធ្វើឡើងនៅក្នុងផ្ទះរបស់យើងនៅទីក្រុង វ៉រណាមប៊ូល ប្រទេស អូស្ត្រាលី ។ មានមនុស្សចន្លោះពី ១០ ទៅ ១៥ នាក់បានចូលរួមសាខារបស់យើង ហើយឪពុកខ្ញុំគឺជាអ្នកកាន់បព្វជិតភាពម្នាក់ក្នុងចំណោមអ្នកកាន់បព្វជិតភាពបីនាក់ ដែលជារឿយៗគាត់មានឱកាសប្រសិទ្ធពរសាក្រាម៉ង់ ។ ខ្ញុំចាំពីអារម្មណ៍ដែលខ្ញុំបានទទួល កាលគាត់អានពាក្យអធិស្ឋានសាក្រាម៉ង់ដោយរាបសា និង ដោយយកចិត្តទុកដាក់ ។ ជាញឹកញាប់សំឡេងគាត់ញ័រកាលគាត់ទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។ ជួនកាលគាត់ត្រូវផ្អាកអានបន្តិច ដើម្បីទប់អារម្មណ៍មុនគាត់អានការអធិស្ឋាននោះចប់ ។
ជាក្មេងអាយុប្រាំឆ្នាំ ខ្ញុំពុំអាចយល់អត្ថន័យទាំងស្រុងពីអ្វីដែលបាននិយាយ ឬ ធ្វើឡើយ ប៉ុន្តែខ្ញុំបានដឹងថាមានរឿងពិសេសបានកើតឡើង ។ ខ្ញុំអាចទទួលអារម្មណ៍សុខសាន្ត និង ការបញ្ជាក់ពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ កាលឪពុកខ្ញុំបាននឹកគិតអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះពួកយើង ។
ព្រះអង្គសង្គ្រោះបានបង្រៀនដូច្នេះ ៖ « ហើយការណ៍នេះ អ្នកត្រូវធ្វើជានិច្ចដល់អស់អ្នកណាដែលប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹកដោយនូវនាមយើង ហើយអ្នករាល់គ្នាត្រូវធ្វើការនេះ ក្នុងការចងចាំដល់លោហិតរបស់យើង ដែលយើងបានច្រួចជំនួសអ្នក ដើម្បីឲ្យអ្នករាល់គ្នាអាចធ្វើបន្ទាល់ដល់ព្រះវរបិតាថា អ្នករាល់គ្នាចងចាំដល់យើងជានិច្ច ។ ហើយបើសិនជាអ្នករាល់គ្នាចងចាំដល់យើងជានិច្ច នោះអ្នករាល់គ្នានឹងមានព្រះវិញ្ញាណរបស់យើងនៅជាមួយនឹងអ្នក » ( នីហ្វៃទី៣ ១៨:១១) ។
ខ្ញុំសូមអញ្ជើញពួកយើងទាំងអស់គ្នាឲ្យពិចារណាអំពីវិធីប្រាំយ៉ាងដើម្បីបង្កើនប្រសិទ្ធភាព និង ឥទ្ធិពលនៃការចូលរួមជាទៀងទាត់របស់យើង ក្នុងពិធីបរិសុទ្ធសាក្រាម៉ង់ ជាពិធីបរិសុទ្ធដែលអាចជួយពួកយើងឲ្យបានបរិសុទ្ធ ។
១. រៀបចំទុកជាមុន
យើងអាចចាប់ផ្តើមការរៀបចំរបស់យើងឲ្យបានល្អសម្រាប់ពិធីសាក្រាម៉ង់ មុនការប្រជុំសាក្រាម៉ង់ចាប់ផ្តើម ។ ថ្ងៃសៅរ៍ជាពេលវេលាល្អដើម្បីនឹកគិតពីការរីកចម្រើន និង ការរៀបចំខាងវិញ្ញាណរបស់យើង ។
ជីវិតរមែងស្លាប់នេះគឺជាអំណោយទានដ៏ចាំបាច់នៅក្នុងដំណើររបស់យើង ដើម្បីក្លាយដូចជាព្រះវរបិតាសួគ៌ ។ វាសំខាន់ណាស់ថា ជីវិតនេះរួមមាននូវការសាកល្បង និង ឧបសគ្គនានា ដែលផ្តល់ឱកាសឲ្យពួកយើងផ្លាស់ប្តូរ ហើយរីកចម្រើន ។ ស្តេចបេនយ៉ាមីន បានបង្រៀនថា « មនុស្សខាងសាច់ឈាមជាសត្រូវដល់ព្រះ…ហើយនឹងនៅយ៉ាងនេះជារៀងដរាបតទៅ លើកលែងតែគេព្រមធ្វើតាមសេចក្ដីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយសម្រាតភាពខាងសាច់ឈាមចេញ ហើយក្លាយទៅជាអ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » (ម៉ូសាយ ៣:១៩) ។ ការចូលរួមក្នុងពិធីបរិសុទ្ធសាក្រាម៉ង់ផ្តល់ឱកាសដើម្បីបន្ទន់ដួងចិត្ត និង ព្រលឹងយើងទាំងស្រុងចំពោះព្រះ ។
នៅក្នុងការរៀបចំរបស់យើង ដួងចិត្តយើងប្រែជាមានចិត្តសង្រេង ពេលយើងសម្តែងអំណរគុណចំពោះដង្វាយធួនរបស់ព្រះគ្រីស្ទ ប្រែចិត្តពីកំហុស និង ភាពទន់ខ្សោយរបស់យើង ហើយទូលសូមជំនួយពីព្រះវរបិតា នៅក្នុងការបន្តដំណើររបស់យើងដើម្បីប្រែក្លាយឲ្យកាន់តែដូចទ្រង់ ។ បន្ទាប់មក យើងអាចសម្លឹងរកមើលឱកាសដែលពិធីសាក្រាម៉ង់ផ្តល់ឲ្យ ដើម្បីចងចាំការបូជារបស់ទ្រង់ និង រំឭកការតាំងចិត្តរបស់យើងជាថ្មី ចំពោះសេចក្តីសញ្ញាទាំងអស់ដែលយើងបានចុះ ។
២. ទៅដល់ព្រះវិហារមុនម៉ោង
បទពិសោធន៍នៃពិធីសាក្រាម៉ង់របស់យើងអាចបានប្រសើរឡើង នៅពេលយើងទៅដល់ព្រះវិហារមុនម៉ោងប្រជុំ ហើយពិចារណាក្នុងចិត្តពេលស្តាប់តន្ត្រីកំដរមុនការប្រជុំ ។
ប្រធាន ប៊យដ៏ ឃេ ផាកកឺ បានបង្រៀនថា ៖ « តន្ត្រីកំដរមុនការប្រជុំ ការអធិស្ឋានដោយស្មោះសរ គឺជាការចិញ្ចឹមបីបាច់ដល់វិញ្ញាណ ។ វានាំឲ្យមានការបំផុសគំនិត » ។១ ប្រធាន រ័សុល អិម ណិលសុនបានពន្យល់ថា « នេះមិនមែនជាពេលដើម្បីសន្ទនាគ្នា ឬ ផ្ញើសារឲ្យគ្នាឡើយ ប៉ុន្តែគឺជាពេលសម្រាប់ស្មឹងស្មាធិ៍ដោយគិតគូរ ពេលថ្នាក់ដឹកនាំ និង សមាជិករៀបចំខ្លួនខាងវិញ្ញាណសម្រាប់ពិធីសាក្រាម៉ង់ » ។២
៣. ច្រៀង ហើយរៀនពីទំនុកបទនៃទំនុកតម្កើងសាក្រាម៉ង់
ទំនុកតម្កើងសាក្រាម៉ង់គឺជាផ្នែកមួយដ៏សំខាន់បំផុតនៃបទពិសោធន៍ប្រជុំសាក្រាម៉ង់របស់យើង ។ តន្ត្រីលើកស្ទួយគំនិត និង អារម្មណ៍យើង ។ ទំនុកតម្កើងសាក្រាម៉ង់មានឥទ្ធិពលកាន់តែអស្ចារ្យ ពេលយើងផ្តោតទៅលើទំនុកបទ និង គោលលទ្ធិដ៏មានឥទ្ធិពលដែលបានបង្រៀនក្នុងបទនោះ ។ យើងរៀនបានច្រើនពីទំនុកបទដូចជា « ទ្រង់រងទុក្ខជំនួសយើង »៣ « ចូរពួកយើងចងចាំ ហើយប្រាកដថាចិត្ត និង ដៃយើងស្អាតបរិសុទ្ធ »៤ និង « ទាំងយុត្តិធម៌មេត្តាធម៌ក្នុងភាពសុខសាន្តអស្ចារ្យ ! »៥
ពេលយើងច្រៀងទំនុកតម្កើងក្នុងការរៀបចំខ្លួនទទួលទាននិមិត្តរូបនេះ ទំនុកបទនៃទំនុកតម្កើងអាចក្លាយជាផ្នែកមួយនៃការតាំងចិត្តចំពោះសេចក្តីសញ្ញារបស់យើង ។ ឧទាហរណ៍ ចូរពិចារណាអំពីទំនុកបទ ៖ « យើងស្រឡាញ់ទ្រង់ចិត្តពេញដោយស្នេហ៍ ។ យើងដើរផ្លូវជម្រើសទ្រង់ » ។៦
៤. ការចូលរួមខាងវិញ្ញាណនៅក្នុងការអធិស្ឋានសាក្រាម៉ង់ ( សូមមើល មរ៉ូណៃ ៤–៥)
ក្រៅពីការគ្រាន់តែស្តាប់ពាក្យអធិស្ឋានសាក្រាម៉ង់ដែលយើងស្គាល់ យើងអាចរៀនបានច្រើន ហើយទទួលអារម្មណ៍កាន់តែខ្លាំង កាលយើងចូលរួមខាងវិញ្ញាណ ដោយពិចារណាអំពីការតាំងចិត្ត និង ពរជ័យដែលទាក់ទង រួមមាននៅក្នុងការអធិស្ឋានដ៏ពិសិដ្ឋទាំងនេះ ។
នំបុ័ង និង ទឹកត្រូវបានប្រសិទ្ធពរ ហើយញែកដល់ព្រលឹងយើង ។ វារំឭកយើងអំពីការបូជារបស់ព្រះអង្គសង្គ្រោះ ហើយថាទ្រង់អាចជួយយើងឲ្យបានបរិសុទ្ធ ។
ការអធិស្ឋាននោះពន្យល់ថា យើងទទួលទាននំបុ័ងដើម្បីរំឭកចាំដល់ព្រះកាយនៃព្រះរាជបុត្រា ដែលទ្រង់បានបូជាដើម្បីឲ្យមនុស្សទាំងអស់អាចរស់ឡើងវិញ ហើយយើងផឹកទឹកដើម្បីរំឭកចាំពីព្រះលោហិតរបស់ព្រះរាជបុត្រា ដែលទ្រង់បានបង្ហូរលោហិត ប្រយោជន៍ឲ្យយើងអាចបានប្រោសលោះក្នុងលក្ខខណ្ឌនៃការប្រែចិត្ត ។
ការអធិស្ឋាននោះណែនាំអំពីសេចក្តីសញ្ញាដែលមានឃ្លាថា « ថាពួកគេនឹងព្រម » (មរ៉ូណៃ ៤:៣) ។ ឃ្លានេះមានឥទ្ធិពលយ៉ាងខ្លាំងក្លាចំពោះពួកយើង ។ តើយើងនឹងព្រមបម្រើ ហើយចូលរួមដែរឬទេ ? តើយើងនឹងព្រមផ្លាស់ប្តូរដែរឬទេ ? តើយើងនឹងព្រមកែលម្អភាពទន់ខ្សោយរបស់យើងដែរឬទេ ? តើយើងនឹងព្រមជួយ ហើយផ្តល់ពរដល់មនុស្សដទៃឬទេ ? តើយើងនឹងព្រមទុកចិត្តលើព្រះអង្គសង្គ្រោះដែរឬទេ ?
ដូចការសន្យាដែលបានរៀបរាប់ ហើយពេលយើងទទួលទានវា នោះយើងបញ្ជាក់ក្នុងចិត្តយើងថាយើងនឹងព្រមដើម្បី ៖
-
លើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
-
ព្យាយាមកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។
-
ចងចាំទ្រង់ជានិច្ច ។
ការអធិស្ឋាននោះមាននូវការអញ្ជើញ និង ការសន្យាដ៏អស្ចារ្យ ៖ « ប្រយោជន៏ឲ្យពួកគេអាចបានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយពួកគេជាដរាប » (មរ៉ូណៃ ៤:៣) ។
ប៉ុល បានសរសេរថា « ផលផ្លែនៃព្រះវិញ្ញាណនោះគឺសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត [ និង ] ដឹងខ្នាត » (កាឡាទី ៥:២២–២៣) ។ ពរជ័យ និង អំណោយទានដ៏អស្ចារ្យនឹងមានដល់ពួកយើងនៅពេលយើងរក្សាសេចក្តីសញ្ញារបស់យើង ។
៥. ពិចារណា និង ចងចាំអំពីទ្រង់នៅពេលគេចែកនិមិត្តរូបនៃពិធីសាក្រាម៉ង់
នៅគ្រាដ៏មានគារវភាពពេលអ្នកកាន់បព្វជិតភាពចែកសាក្រាម៉ង់វាអាចក្លាយជាគ្រាដ៏ពិសិដ្ឋចំពោះយើង ។
នៅពេលពួកគេចែកនំបុ័ង យើងអាចនឹងសញ្ជឹងគិតអំពីទង្វើនៃសេចក្តីស្រឡាញ់ដ៏អស្ចារ្យចំពោះពួកយើង ដែលព្រះអម្ចាស់បានលើកដាក់ « លើរូបអង្គទ្រង់នូវសេចក្ដីស្លាប់ ដើម្បីទ្រង់អាចស្រាយចំណងទាំងឡាយនៃសេចក្ដីស្លាប់ដែលចងរាស្ត្រទ្រង់ » (អាលម៉ា ៧:១២) ។
យើងអាចចងចាំពីពរជ័យដ៏រុងរឿងនៃការរស់ឡើងវិញថា « នឹងកើតឡើងដល់មនុស្សទាំងអស់…ទាំងបាវគេ និងអ្នកសេរី ទាំងប្រុស ទាំងស្រី ទាំងពួកទុច្ចរិត និងពួកសុចរិត ហើយសូម្បីតែសក់មួយសរសៃនៅលើក្បាលពួកគេក៏ពុំបាត់ផង អ្វីៗគ្រប់យ៉ាងនឹងបានប្រោសឡើងវិញ ជារូបរាងដ៏ល្អឥតខ្ចោះ » (អាលម៉ា ១១:៤៤) ។
នៅពេលគេចែកទឹក នោះយើងអាចចងចាំពីការទូលអង្វររបស់ព្រះអង្គសង្គ្រោះដូចនេះ ៖
« មើលចុះ យើងជាព្រះ បានរងទុក្ខនូវការទាំងនេះជំនួសមនុស្សទាំងអស់ ដើម្បីកុំឲ្យគេអាចរងទុក្ខ បើសិនជាពួកគេប្រែចិត្ត …
គឺជាសេចក្តីរងទុក្ខវេទនា ដែលបណ្តាលឲ្យយើង គឺជាព្រះដែលមហិមាលើអ្វីៗទាំងអស់ ត្រូវញ័រដោយសារតែការឈឺចាប់ ហើយត្រូវច្រួចលោហិតចេញពីគ្រប់រន្ធញើស ហើយត្រូវរងទុក្ខព្រមទាំងរូបកាយ និងវិញ្ញាណផង—ហើយដើម្បីកុំឲ្យយើងត្រូវផឹកពែងល្វីង ហើយរួញខ្លាច (គ. និង ស. ១៩:១៦, ១៨) ។
យើងចាំថាទ្រង់បានលើក « ដាក់លើរូបអង្គទ្រង់នូវជំងឺឈឺចាប់ [ របស់យើង ] ដើម្បីឲ្យព្រះហឫទ័យទ្រង់បានពោរពេញទៅដោយសេចក្ដីមេត្តាករុណាស្របតាមសាច់ឈាមដើម្បីទ្រង់អាចដឹងស្របតាមសាច់ឈាមថា តើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺ [ របស់យើង ] » (អាលម៉ា ៧:១២) ។
នៅពេលយើងពិចារណាអំពីបទពិសោធន៍សាក្រាម៉ង់របស់យើង នោះយើងអាចសួរខ្លួនឯងថា ៖
-
តើខ្ញុំនឹងធ្វើអ្វីខ្លះក្នុងសប្តាហ៍នេះដើម្បីរៀបចំខ្លួនឲ្យបានកាន់តែប្រសើរឡើងសម្រាប់ពិធីសាក្រាម៉ង់ ?
-
តើខ្ញុំអាចមានគារវភាពកាន់តែច្រើនជាងមុន ហើយទទួលវិវរណៈដែលអាចមាននាពេលចាប់ផ្តើមការប្រជុំសាក្រាម៉ង់ដែរឬទេ ?
-
តើមានគោលលទ្ធិអ្វីខ្លះបានបង្រៀននៅក្នុងទំនុកតម្កើងសាក្រាម៉ង់ ?
-
តើខ្ញុំបានឮ និង ទទួលអារម្មណ៍អ្វីខ្លះ ពេលខ្ញុំបានស្តាប់ពាក្យអធិស្ឋានសាក្រាម៉ង់ ?
-
តើខ្ញុំបានគិតអ្វីខ្លះ ពេលគេចែកសាក្រាម៉ង់នោះ ?
អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀនដូច្នេះ ៖ « ពិធីបរិសុទ្ធនៃសាក្រាម៉ង់ គឺជាការអញ្ជើញដ៏ពិសិដ្ឋ និង ដដែលៗឲ្យប្រែចិត្តដោយស្មោះ និង រំឭកជាថ្មីខាងវិញ្ញាណ ។ ទង្វើនៃការទទួលទានសាក្រាម៉ង់ផ្ទាល់ ពុំបានផ្ដាច់បាបទេ ។ ប៉ុន្តែនៅពេលយើងរៀបចំដោយយកចិត្តទុកដាក់ និងចូលរួមនៅក្នុងពិធីបរិសុទ្ធដ៏ពិសិដ្ឋនេះដោយដួងចិត្តសង្រេង និង វិញ្ញាណទន់ទាប នោះការសន្យានឹងមានចំពោះយើងថា យើងអាចមានព្រះវិញ្ញាណព្រះអម្ចាស់គង់នៅជាមួយយើង ជានិច្ច ។ ហើយតាមរយៈអំណាចញែកចេញជាបរិសុទ្ធរបស់ព្រះវិញ្ញាណបរិសុទ្ធជាដៃគូដ៏ខ្ជាប់ខ្ជួនរបស់យើង នោះយើងអាចទទួលការផ្ដាច់បាបរបស់យើង ជានិច្ច » ។៧
ខ្ញុំសូមថ្លែងទីបន្ទាល់អំពីពរជ័យជាច្រើនដែលអាចកើតមានដល់យើង ពេលយើងបង្កើនការរៀបចំខ្លួន និង ការចូលរួមខាងវិញ្ញាណនៅក្នុងពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់បន្ថែមទៀតថា ពរជ័យទាំងនេះកើតមានដល់យើង ដោយសារសេចក្តីស្រឡាញ់របស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់យើង និង ការពលិកម្មធួនដ៏មហិមារបស់ព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋគឺព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។