លីអាហូណា
ភាពក្លាហាន​ដើម្បី​ចែកចាយ​អ្វី​ដែល​ខ្ញុំ​ឲ្យ​តម្លៃ​បំផុត
ខែ កក្កដា ឆ្នាំ ២០២៤


« ភាព​ក្លាហាន​ដើម្បី​ចែកចាយ​អ្វី​ដែល​ខ្ញុំ​ឲ្យ​តម្លៃ​បំផុត » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៤ ។

ភាព​ក្លាហាន​ដើម្បី​ចែកចាយ អ្វី​ដែល​ខ្ញុំ​ឲ្យ​តម្លៃ​បំផុត

ការធ្វើ​តាម​គំរូ​របស់​ប៊ីស្សព​​ខ្ញុំ និង​ភរិយា​របស់​គាត់ នោះ​ខ្ញុំ​មាន​គោលដៅ​ចែកចាយ​ព្រះគម្ពីរ​មរមន​មួយក្បាល រាល់ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើជា​អ្នក​លើក​ទឹកចិត្ត​ដល់​កីឡាករ​ម្តងៗ ។

យុវនារី​ចង្អុល​ទៅ​ទំព័រ​មួយ​នៅ​ក្នុង​សៀវភៅ​ដែល​យុវជន​កាន់

កាល​ធំ​ឡើង ខ្ញុំ​ចូលចិត្ត​មើល​មេ​មាន់​របស់​លោកយាយ​ក្រុង​កូន​របស់​វា​នៅ​ក្រោម​ស្លាប​វា អំឡុង​ពេល​មាន​ព្យុះ​ដើម្បី​ការពារ និង​រក្សា​សុវត្ថិភាព​កូន​របស់​វា ។ ទិដ្ឋភាព​នេះ​បាន​ក្លាយ​ជា​រឿង​កាន់តែ​សំខាន់​ចំពោះ​ខ្ញុំ បន្ទាប់ពី​បាន​អាន​អំពី​រឿងនេះ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ( សូម​មើល នីហ្វៃទី៣ ១០:៤–៦ ) ។ ពេល​នៅ​ជា​យុវមជ្ឈិមវ័យ ប៊ីស្សព​របស់​ខ្ញុំ និង​ភរិយា​គាត់​ដែល​បាន​ធ្វើ​ដំណើរ​ជា​ច្រើន​សម្រាប់​អាជីវកម្ម​របស់​ពួកគាត់​បាន​ប្រាប់​ខ្ញុំ​ថា ពួកគាត់​បាន​ជូន​ព្រះគម្ពីរ​មរមន​មួយក្បាល​ទៅ​នរណា​ម្នាក់​នៅ​គ្រប់ពេល​ដែល​ពួកគាត់​ធ្វើ​ដំណើរ ។

រឿង​នោះ​បាន​បំផុសគំនិត​ដល់​ខ្ញុំ ។ ខ្ញុំ​កោតសរសើរ​ពួកគាត់ ហើយ​គំរូ​របស់​ពួកគាត់​បាន​ជ្រោតជ្រាប​ដល់​ដួងចិត្ត​របស់​ខ្ញុំ ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ប្រសិន​បើ​ខ្ញុំ​មាន​ឱកាស​ធ្វើ​ដំណើរ​ទៅក្រៅពី​រដ្ឋ​យូថាហ៍ សហរដ្ឋ​អាមេរិក ខ្ញុំ​នឹង​ធ្វើ​តាម​គំរូ​របស់​ពួកគាត់ ហើយ​ចែកចាយ​ព្រះគម្ពីរ​មរមន​គ្រប់​ពេល ។

ក្នុង​នាម​ជា​អ្នកលើក​ទឹកចិត្ត​ដល់​កីឡាករ​សម្រាប់​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជា​ញឹកញាប់​ជាមួយ​ក្រុម​អ្នក​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​នេះ ។ មុន​ពេល​ធ្វើ​ដំណើរ​លើក​ដំបូង​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​ទិញ​ព្រះគម្ពីរ​មរមន​មួយក្បាល ហើយ​សរសេរ​ទីបន្ទាល់​របស់​ខ្ញុំ​ដាក់​នៅ​ក្នុង​ព្រះគម្ពីរ​នោះ ។ ខ្ញុំ​ចង់​អភិវឌ្ឍ​ភាពក្លាហាន​ដើម្បី​ចែកចាយ​នូវ​អ្វី​ដែល​ខ្ញុំ​ឲ្យ​តម្លៃ​បំផុត​ជាមួយ​អ្នក​ដទៃ ៖ ទីបន្ទាល់​របស់​ខ្ញុំ និង​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​ចង់​ធ្វើ​ដូច​ប៊ីស្សព​របស់​ខ្ញុំ និង​ភរិយា​របស់​គាត់ ។ ខ្ញុំ​ចង់​ក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​ចង់​ជួយ​ប្រមូល​អ្នក​ដទៃ ហើយ​ជួយ​ពួកគេ​ឲ្យ​មក​រក​ទ្រង់ ។

ខ្ញុំ​បាន​ដឹង​យ៉ាង​ឆាប់​រហ័ស​ថា ប្រសិនបើ​ខ្ញុំ​បាន​អធិស្ឋាន​មុន​ពេល​ធ្វើ​ដំណើរ​នីមួយៗ​ដើម្បី​ទទួល​ការដឹកនាំ​ឲ្យ​ទៅ​ជួប​អ្នក​ដែល​ត្រូវការ​ព្រះគម្ពីរ បុគ្គល​នោះ​នឹង​បង្ហាញ​ខ្លួន​នៅ​ចំពេល និង​ចំ​កន្លែង​សម្រាប់​ខ្ញុំ​ធ្វើការ​ចែកចាយ​ព្រះគម្ពីរ​មរមន​ដោយ​សាមញ្ញ និង​ងាយ​ស្រួល ។ កាលណា​ខ្ញុំ​ធ្វើ​កាន់តែ​ច្រើន ខ្ញុំ​កាន់តែ​ងាយស្រួល​ចែកចាយ​ផងដែរ ។ ការធ្វើ​ដំណើរ​របស់​ខ្ញុំ​កាន់​តែ​មាន​អត្ថន័យ​សម្រាប់​ខ្ញុំ ។ ខ្ញុំ​តែងតែ​មាន​ចិត្ត​រំភើប​ក្នុង​ការរកឃើញ​អ្នក​ដែល​បាន​ទទួល​ពរ​របស់​ព្រះវរបិតាសួគ៌​អំពី​ទីបន្ទាល់​ដ៏​ពិសិដ្ឋ​នៃ​ព្រះគ្រីស្ទ​នេះ ។

ពេល​ខ្ញុំ​ធ្វើ​ដំណើរ ខ្ញុំ​បាន​ជញ្ជឹងគិត​ថា « តើ​ខ្ញុំ​គួរ​ទៅ​កន្លែង​ណា ដើម្បី​ស្វែងរក​អ្នក​ដែល​ព្រះវរបិតាសួគ៌​កំពុង​បញ្ជូន​ខ្ញុំ​ទៅ​នៅពេល​នេះ ? តើ​ខ្ញុំ​អាច​និយាយ​អ្វីខ្លះ​ទៅ​គាត់ ដើម្បី​បង្ហាញ​ថា​ព្រះគម្ពីរ​មរមន​មាន​តម្លៃ​ប៉ុណ្ណា​ចំពោះ​ខ្ញុំ ? » គំនិត និង​សកម្មភាព​ទាំងឡាយ​របស់​ខ្ញុំ​បាន​ក្លាយ​ជា​ការផ្តោត​អារម្មណ៍​ខាងក្រៅ​ពី​តម្រូវការ និង​ការកម្សាន្ត​របស់​ខ្ញុំ​ផ្ទាល់ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សេចក្ដី​ស្រឡាញ់​កាន់តែ​ខ្លាំង​ចំពោះ​មនុស្ស​គ្រប់​គ្នា​ដែល​ខ្ញុំ​បាន​ជួប ។ ខ្ញុំ​បាន​ព្យាយាម​មើលទៅ​ពួកគេ​តាមរយៈ​ព្រះនេត្រ​របស់​ព្រះអង្គ​សង្គ្រោះ ។ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​ពួកគេ​ទទួល​យក​អំណោយទាន​ដ៏​ទេវភាព​ដែល​ព្រះវរបិតាសួគ៌​បាន​បញ្ជូន​ខ្ញុំ​ទៅ​ផ្តល់​ដល់​ពួក​គេ ។

ខ្ញុំ​សោកសៅ​នៅពេល​ឆ្នាំ​ចុងក្រោយ​របស់​ខ្ញុំ​បាន​ចូលដល់​ទី​បញ្ចប់ ។ ការធ្វើ​ជា​អ្នកលើក​ទឹកចិត្ត​ដល់​កីឡាករ​សម្រាប់​សាកលវិទ្យាល័យ​ប៊ី. វាយ. យូរ គឺជា​សុបិន​យូរមក​ហើយ​របស់​ខ្ញុំ ។ ខ្ញុំ​ពិតជា​រីករាយ​នឹង​បទពិសោធន៍​ដ៏​អស្ចារ្យ​នេះ​ដើម្បី​អបអរ​មិន​ថា​មាន​អ្វី​កើត​ឡើង​នោះ​ទេ ប៉ុន្តែ​ឱកាស​ដើម្បី​ចែកចាយ​ព្រះគម្ពីរ​មរមន​មួយ​ច្បាប់​នៅ​ក្នុង​ដំណើរ​ទៅ​អបអរ​ម្តងៗ​បាន​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​មាន​ភាពស្រស់បំព្រង និង​នឹកស្មាន​មិនដល់ ។

ការចែកចាយ​ព្រះគម្ពីរ​មរមន​គឺ​ជា​វិធី​ដ៏​មាន​តម្លៃ និង​ងាយ​ស្រួល​មួយ ដើម្បី​បន្ថែម​អត្ថន័យទៅ​លើ​បទពិសោធន៍​នៅ​សាកល​វិទ្យាល័យ​របស់​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា​មនុស្ស​ដែល​ខ្ញុំ​បាន​ចែកចាយ​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​ណែនាំ​ជា​ពិសេស​ដើម្បី​ទទួល​វា ។ ខ្ញុំ​ក៏​ដឹង​ផង​ដែរ​ថា នៅ​ក្នុង​ខ្សែ​ជីវិតដ៏​អស្ចារ្យ​នៃ​ជីវិត​របស់​ខ្ញុំ ព្រះវរបិតាសួគ៌​បាន​ប្រទាន​សេចក្ដី​មេត្តា​ករុណា​ដ៏​ជាទី​ស្រឡាញ់ និង​ផ្អែមល្ហែម​មួយ ៖ ទ្រង់​បានអនុញ្ញាត​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់​តាម​របៀប​ពិសេស​រាល់ពេល​ធ្វើ​ដំណើរ​របស់​ខ្ញុំ​ម្តងៗ ។

បន្ទាប់ពី​ខ្ញុំ​បាន​បញ្ចប់​ការសិក្សា ខ្ញុំ​បាន​សម្រេចចិត្ត​បន្ត​ស្វែងរក​នរណា​ម្នាក់​ដែល​ខ្ញុំ​អាច​ចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ​ជាមួយ ។ យូរៗទៅ​ខ្ញុំ​បាន​អភិវឌ្ឍ​សមត្ថភាព និង​មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ពី​ការចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ ។ ខ្ញុំ​ឈប់​ភ័យខ្លាច​ក្នុង​ការចែកចាយ​វា​ទៀត​ហើយ ។ ខ្ញុំ​ជឿ​ថា​មនុស្ស​គ្រប់​គ្នា​អាច​កាន់តែ​ងាយ​ស្រួល​ក្នុងការ​ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន​ជាមួយ​នឹង​ការអនុវត្ត និង​ដោយ​សុំ​ជំនួយ​ពី​ព្រះ ។

ការជ្រើសរើស​ធ្វើ​តាម​គំរូ​របស់​ប៊ីស្សព​ដ៏​ល្អ​របស់​ខ្ញុំ និង​ភរិយា​របស់​គាត់​បាន​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​កាន់តែ​មាន​អត្ថន័យ​ក្នុង​របៀប​ជា​ច្រើន​។ វា​បាន​បង្រៀន​ខ្ញុំ​ឲ្យ​មើល​ឃើញ​ថា​ព្រះអម្ចាស់​បាន​ជ្រាប​ពី​បុត្រាបុត្រី​របស់​ទ្រង់​ម្នាក់ៗ ។ ទ្រង់​ស្រឡាញ់​យើង ហើយ​ខ្នះខ្នែង​ប្រមូល​យើង​ទាំង​អស់​គ្នា​ឲ្យ​ទៅ​ក្រោម​ស្លាប​របស់​ទ្រង់ ។ ឱ វា​ជា​ពរជ័យ​ណាស់​ដើម្បី​យល់​អំពី​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​ដែល​ទ្រង់​ប្រើ​នៅពេល​ទ្រង់​ពិពណ៌នា​អំពី​ការប្រមូល​ផ្តុំ​របស់​ទ្រង់ ។ ទ្រង់​ប្រមូល​ផ្តុំ​យើង​ដូចជា​មេ​មាន់​ក្រុង​កូន ហើយ​ការពារ​កូន​របស់​វា​ដោយ​ទន់ភ្លន់ ។

អ្នកនិពន្ធ​រស់នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។