« ដំណើររឿងជោគជ័យនៅក្នុងបេសកកម្ម ៖ ចំណាយពេលធ្វើ ៦០ ឆ្នាំ » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៤ ។
ដំណើររឿងជោគជ័យនៅក្នុងបេសកកម្ម ៖ ចំណាយពេលធ្វើ ៦០ ឆ្នាំ
វាជាបទពិសោធន៍ដ៏រីករាយមួយសម្រាប់ខ្ញុំដែលដឹងថាគ្រាប់ពូជនៃដំណឹងល្អដែលដាំកាលពីប៉ុន្មានឆ្នាំមុនចាប់មានផលផ្លែ ។
ខ្ញុំតែងតែស្រឡាញ់ខគម្ពីរ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១០ ៖ « តម្លៃនៃព្រលឹងទាំងឡាយគឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ » ។ ហើយពេលខ្លះវាត្រូវការយើងធ្វើការជាមួយគ្នាក្នុងការចែកចាយទីបន្ទាល់ ដើម្បីនាំព្រលឹងទាំងឡាយមកកាន់ព្រះអង្គសង្រ្គោះ ( សូមមើល កូរិនថូស ទី២ ១៣:១ ) ។
ខ្ញុំបាននឹកឃើញពីគោលគំនិតដ៏ស្រស់ស្អាតនេះអំពីកិច្ចការផ្សព្វផ្សាយសាសនាជារួមនៅថ្ងៃដែលខ្ញុំបានទទួលអ៊ីមែលមួយ ។ ប្អូនប្រុសម្នាក់ដែលបាននិយាយថា គាត់គឺជាកូនប្រុសរបស់ប្រធានបេសកកម្មនៅទីក្រុងវីឈីតា រដ្ឋខេនសាស់ បានសួរថាតើខ្ញុំជាភរិយារបស់ រ៉ូប៊ើត ម៉ុនសុន មែនទេ ។ ប្អូនប្រុសបានបន្តថា គាត់កំពុងស្វែងរកអែលឌើរ ម៉ុនសុន ដែលបានបម្រើនៅបេសកកម្មរដ្ឋកណ្តាលនាឆ្នាំ ១៩៥៩ ។ នោះគឺជាស្វាមីរបស់ខ្ញុំ ។
គាត់បានប្រាប់ខ្ញុំអំពីអែលឌើរវ័យក្មេងពីរនាក់ ដែលបានទទួលការបំផុសគំនិតភ្លាមៗឲ្យចូលទៅក្នុងអគារផ្ទះជួលមួយកន្លែង ។ ពួកគេបានគោះទ្វារទីមួយ ហើយបានឃើញស្ត្រីវ័យចំណាស់ម្នាក់ ហើយបានអញ្ជើញពួកគេឲ្យត្រឡប់មកវិញនៅថ្ងៃស្អែក ។ ពួកគេបានណាត់ពេលមួយ ។
នៅពេលត្រឡប់មកពីការណាត់ជួបវិញ ពួកគេបានដឹងថាបងស្រីវ័យចំណាស់រូបនេះមានបណ្ដុំព្រះគម្ពីរច្បាប់ចាស់មួយក្បាល ( ព្រះគម្ពីរមរមន គោលលទ្ធិ និងសេចក្ដីសញ្ញា និងមុក្ដាដ៏មានតម្លៃមហិមា ) ដែលពួកអ្នកផ្សព្វផ្សាយសាសនាបានជូនគាត់នៅឆ្នាំ ១៩៥៩ ។ គាត់បានអានវាជាច្រើនដង ហើយបានដឹងថាការបង្រៀននៅក្នុងនោះគឺជាការពិត ។ គាត់មិនបានចូលរួមក្នុងសាសនាចក្រនោះទេ ដោយសារស្វាមីរបស់គាត់មិនចង់ឲ្យគាត់ចូលរួមក្នុងព្រះវិហារ ឬទទួលពិធីបុណ្យជ្រមុជទឹកឡើយ ។ ស្វាមីរបស់គាត់បានស្លាប់នៅពេលថ្មីៗនេះ ហើយគាត់បានអធិស្ឋានសូមឲ្យគាត់អាចជួបពួកអ្នកផ្សព្វផ្សាយសាសនាម្តងទៀត ។ នៅក្នុងបណ្ដុំព្រះគម្ពីររបស់គាត់ មានឈ្មោះពួកអ្នកផ្សព្វផ្សាយសាសនាទាំងពីរនាក់តាំងពីឆ្នាំ ១៩៥៩ ៖ រ៉ូប៊ើត ម៉នសុន និង ហ្គ្រើណេត ឃើរិន ដែលជាស្វាមីរបស់ខ្ញុំ និងដៃគូរបស់គាត់ ។
ក្នុងរយៈពេលជាច្រើនសប្តាហ៍បន្ទាប់មក ស្ត្រីរូបនេះបានរៀនអំពីផែនការនៃសេចក្ដីសង្គ្រោះ និងពរជ័យនៃព្រះវិហារបរិសុទ្ធ ។ កូនប្រុសរបស់គាត់បានស្លាប់នៅអាយុ ២២ ឆ្នាំ ហើយគាត់មានចិត្តរំភើបចំពោះលទ្ធភាពនៃការជួបជុំជាថ្មីជាមួយកូនប្រុសគាត់ ។ នៅពេលដែលពួកអ្នកផ្សព្វផ្សាយសាសនាបានអញ្ជើញគាត់ឲ្យទទួលពិធីបុណ្យជ្រមុជទឹក គាត់បានទទួលយកដោយអំណរនូវការអញ្ជើញរបស់ពួកគេ ។
ទាំងស្វាមីរបស់ខ្ញុំ និងដៃគូរបស់គាត់ គឺអែលឌើរឃើរិន បានស្លាប់ទៅហើយ ប៉ុន្តែខ្ញុំអាចស្រមៃឃើញពួកគេចូលរួមពិធីបុណ្យជ្រមុជទឹកដ៏ស្រស់ស្អាតនេះពីម្ខាងទៀងនៃវាំងនន ។
កាលដែលកូនប្រុសរបស់ប្រធានបេសកកម្មបានប្រាប់ខ្ញុំពីរឿងនោះ ខ្ញុំត្រូវបានរំឭកថាព្រះអង្គសង្គ្រោះមិនភ្លេចយើងណាម្នាក់ឡើយ ។ ទ្រង់តែងតែគង់នៅជាមួយយើងជានិច្ច ប្រសិនបើយើងអនុញ្ញាតឲ្យទ្រង់យាងចូលមកក្នុងជីវិតរបស់យើង ។ ព្រះគម្ពីរសញ្ញាថ្មីប្រាប់ពីដំណើររឿងរបស់ សាខេ ដែលបានឡើងដើមឧទុម្ពរដើម្បីមើលព្រះអង្គសង្រ្គោះ ( សូមមើល លូកា ១៩:១–១០ ) ។ សូម្បីតែនៅលើដើមឈើក៏ដោយ សាខេត្រូវបានព្រះអង្គសង្គ្រោះទតឃើញ ហើយបានសុំទៅសោយអាហារនៅផ្ទះរបស់គាត់ ។ ស្រដៀងគ្នានេះដែរ បងស្រីវ័យចំណាស់ម្នាក់បានអធិស្ឋាន ហើយបានរង់ចាំពួកអ្នកផ្សព្វផ្សាយសាសនាឲ្យគោះទ្វាររបស់គាត់ ហើយពួកគេបានធ្វើដូច្នោះមែន ។ ព្រះអង្គសង្គ្រោះជ្រាបដឹងពីយើងគ្រប់ៗគ្នា ។ ដ្បិតកូនមនុស្សបានមក ដើម្បីនឹងរក ហើយជួយសង្គ្រោះ [ ដល់ ] មនុស្សបាត់បង់ » ( លូកា ១៩:១០ ) ។
ពួកអ្នកផ្សព្វផ្សាយសាសនាពីរគូ—មួយគូកាលពី ជាង ៦០ ឆ្នាំមុន ហើយបន្ទាប់មកមួយគូទៀតនៅពេលថ្មីៗនេះ—បាននាំបងស្រីរូបនេះមកកាន់ព្រះយេស៊ូវគ្រីស្ទ ហើយជាលទ្ធផលបានពង្រឹងទីបន្ទាល់ផ្ទាល់ខ្លួនរបស់ពួកគេ ហើយបានរកឃើញនូវអំណរនៅក្នុងព្រះអម្ចាស់ ។ ខ្ញុំមានចិត្តរាបសាដែលខ្ញុំអាចជាអ្នកឈរមើលនៅក្នុងរឿងនេះ ដោយមានអារម្មណ៍នៃអំណរចំពោះអ្នកទាំងអស់ដែលបានចូលរួមក្នុងការនាំបងស្រីរូបនេះមកកាន់ព្រះអង្គសង្រ្គោះ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១៥ ) ។
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។