« រូបកាយរបស់បងប្អូន ៖ សូមថែរក្សាអំណោយដ៏ទេវភាពនោះ » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៤ ។
រាងកាយរបស់បងប្អូន ៖ សូមថែរក្សាអំណោយដ៏ទេវភាពនោះ
រូបកាយរបស់យើងគឺជាអំណោយពីព្រះ និងជាព្រះវិហារបរិសុទ្ធសម្រាប់វិញ្ញាណរបស់យើង ប៉ុន្តែវាត្រូវការការគ្រប់គ្រងខ្លួនឯង និងវិន័យដើម្បីចិញ្ចឹម និងថែទាំរូបកាយឲ្យបានត្រឹមត្រូវ ។
វាងាយស្រួលក្នុងការមិនយកចិត្តទុកដាក់លើសុខភាពរបស់យើងណាស់—ពោលគឺ ដល់ថ្នាក់ទឹកក្រូច ១០ កំប៉ុងក្នុងមួយថ្ងៃ របៀបរស់នៅខ្ជិលច្រអូស និងការដេកមិនគ្រប់គ្រាន់បង្កបញ្ហាដល់យើង ។ ឬទោះបីជាមានជម្រើសសុខភាពល្អដែលយើងធ្វើក៏ដោយ ក៏ហ្សែនអាចបង្កបញ្ហាដែលមិននឹកស្មានដល់ ហើយបញ្ហាសុខភាពដែលប្រឈមមុខកើតមានផងដែរ ។
យើងទាំងអស់គ្នាត្រូវបានប្រទានឲ្យនូវកម្រិតសុខភាពរាងកាយផ្សេងៗ ដែលយើងមិនអាចគ្រប់គ្រងបានជានិច្ចនោះទេ ។ ប៉ុន្តែរឿងមួយគឺពិតប្រាកដ ៖ ផែនការរបស់ព្រះអំពាវនាវឲ្យយើងកែលម្អលើអ្វីដែលយើងបានទទួល ។ ការធ្វើដូច្នេះតម្រូវឲ្យមានការលត់ដំខ្លួនឯង និងការលះបង់ដូចគ្នា ដែលយើងត្រូវបីបាច់សុខភាពខាងវិញ្ញាណរបស់យើង ។ នោះមានន័យថា ការគ្រប់គ្រងទំនោរធម្មជាតិរបស់យើងដើម្បីអង្គុយជំនួសឲ្យការរត់ ទទួលទានរបស់ផ្អែមជំនួសឲ្យបន្លែ ហើយនៅយប់ជ្រៅជំនួសឲ្យការចូលដេក ។
នៅពេលដែលយើងស្វែងរកការបំផុសគំនិតដើម្បីកែលម្អសុខភាពរាងកាយរបស់យើង ហើយនៅពេលយើងអភិវឌ្ឍលត់ដំខ្លួនឯងដើម្បីរក្សាវា នោះយើងនឹងរកឃើញសមត្ថភាពកាន់តែច្រើនដើម្បីបម្រើព្រះ និងស្វែងរកអំណរ ។
រូបកាយរបស់ខ្ញុំគឺជាព្រះវិហារបរិសុទ្ធ
ព្រលឹងរីកចម្រើននៅពេលវិញ្ញាណ និងរូបកាយមានការថែទាំល្អ ។ « វិញ្ញាណ និងរូបកាយគឺជាព្រលឹងនៃមនុស្ស » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:១៥ ) ។ ផ្តល់យោបល់នៅលើខគម្ពីរនេះ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា ទាំងរូបកាយ និងវិញ្ញាណគឺ « មានសារៈសំខាន់ខ្លាំង ។ រូបរាងកាយរបស់បងប្អូនគឺជាការបង្កើតដ៏អស្ចារ្យនៃព្រះ ។ វាគឺជាព្រះវិហារបរិសុទ្ធរបស់ទ្រង់ក៏ដូចជារបស់បងប្អូនដែរ ហើយត្រូវតែប្រព្រឹត្ដដោយសេចក្តីគោរព » ។
នៅអាយុ ៩៩ ឆ្នាំ ប្រធាន ណិលសុន បន្តបំពេញកាតព្វកិច្ចរបស់លោកជាប្រធានសាសនាចក្រខណៈដែលបានទទួលស្គាល់ថា ពេលខ្លះលោកប្រើឈើច្រត់ដើម្បីទប់លំនឹង ហើយឥឡូវនេះចូលចិត្តថ្លែងសុន្ទរកថាសន្និសីទទូទៅរបស់លោកខណៈអង្គុយផងដែរ ។ លោកបានសរសេរនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកនៅខែ ឧសភា ឆ្នាំ ២០២៣ ថា « យូរៗម្តងខ្ញុំមានឧបសគ្គតិចតួចជាមួយនឹងលំនឹងរបស់ខ្ញុំ ។ ខ្ញុំគិតថា ខ្ញុំមិនគួរភ្ញាក់ផ្អើលទេនៅពេលមានបញ្ហាតូចតាចកើតឡើងនៅពេលដែលខ្ញុំមានអាយុជិត ១០០ ឆ្នាំហើយនោះ ។ អរគុណណាស់ដែលបេះដូងរបស់ខ្ញុំនៅល្អ វិញ្ញាណខ្ញុំរឹងមាំដូចជាជើងរបស់ខ្ញុំដែរ ហើយខួរក្បាលខ្ញុំនៅតែដំណើរការ » ។
ប្រធាន ណិលសុន ត្រូវបានគេស្គាល់ដោយសារការអនុវត្តសុខភាពដ៏ប្រុងប្រយ័ត្ន និងរបៀបរស់នៅសកម្មរបស់លោក ។ តែងតែជាបុរសមាំមួនម្នាក់ លោកបានខិតខំយ៉ាងខ្លាំងដើម្បីមានរាងកាយបែបនោះ ។ លោកបានហាត់ប្រាណជាទៀងទាត់ ចូលចិត្តធ្វើសកម្មភាពនៅខាងក្រៅ ។ ក្នុងអាយុ ៩០ ឆ្នាំ លោកបានឈូសព្រិលនៅលើចិញ្ចើមផ្លូវផ្ទះរបស់លោក និងរបស់អ្នកជិតខាង បានរុញធុងសម្រាមត្រឡប់ទៅហ្ការ៉ាសឡានវិញ ហើយធ្វើការនៅក្នុងទីធ្លាផ្ទះរបស់លោក ។ រហូតដល់លោកក្លាយជាប្រធានសាសនាចក្រ លោកបានជិះស្គីជាញឹកញាប់តាមតែកាលវិភាគរបស់លោកអនុញ្ញាត ។
ការអភិវឌ្ឍការលត់ដំខ្លួន
យើងដឹងអំពីមូលដ្ឋានគ្រឹះនៃសុខភាពរាងកាយល្អ ៖
-
ហាត់ប្រាណឲ្យបានទៀងទាត់ ។
-
ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ ។
-
ទទួលទានរបបអាហារដែលមានតុល្យភាព ។
-
រក្សាទម្ងន់ដែលមានសុខភាពល្អ ។
-
គ្រប់គ្រងភាពតានតឹង
តិចនិចនេះគឺធ្វើឲ្យរូបកាយរបស់យើងធ្វើអ្វីដែលវិញ្ញាណរបស់យើងដឹងថាវាគួរតែធ្វើ ។ តាមរយៈប្រធាន ណិលសុន បានឲ្យដឹងថាការធ្វើតេស្តមួយនៃជិវិតរមែងស្លាប់ គឺការគ្រប់គ្រងចំណង់នៃរូបកាយរបស់យើងតាមរយៈវិញ្ញាណដែលស្ថិតនៅក្នុងខ្លួននោះ ៖
« សាតាំងដឹងពីអំណាចនៃចំណង់របស់យើង ។ ដូច្នេះវាល្បួងយើងឲ្យបរិភោគអ្វីដែលយើងមិនគួរបរិភោគ ផឹកអ្វីដែលយើងមិនគួរផឹក ។ …
« កាលណាយើងស្គាល់និស្ស័យនៃព្រះរបស់យើង នោះយើងនឹងចង់គ្រប់គ្រងចំណង់បែបនេះ ។ … នៅក្នុងការអធិស្ឋានជារៀងរាល់ថ្ងៃ យើងនឹងទទួលស្គាល់ [ ព្រះ ] ដោយអំណរគុណក្នុងនាមជាអង្គបង្កបង្កើតរបស់យើង ហើយអរព្រះគុណទ្រង់ចំពោះភាពដ៏អស្ចារ្យនៃព្រះវិហារបរិសុទ្ធខាងរូបកាយរបស់យើងផ្ទាល់ ។ យើងនឹងយកចិត្តទុកដាក់ចំពោះវា ហើយស្រឡាញ់វាឲ្យដូចជាអំណោយផ្ទាល់ខ្លួនរបស់យើងផ្ទាល់មកពីព្រះ » ។
ការបណ្ដុះឲ្យមាននូវការដឹងគុណ និងការស្វែងរកអំណរនៅក្នុងរូបកាយដែលព្រះបានប្រទានឲ្យយើង
នៅអាយុ ២៧ ឆ្នាំ និងជាម្តាយមានកូនបីនាក់ ខ្ញុំបានពិនិត្យឃើញថាមានជំងឺរលាកសន្លាក់ឆ្អឹង ដែលជាជំងឺប្រព័ន្ធភាពស៊ាំដែលបំផ្លាញសន្លាក់ក្នុងរយៈពេលយូរ ។ ជីវិតរបស់ខ្ញុំពិបាកគ្រប់គ្រងទាំងផ្លូវកាយ និងផ្លូវចិត្ត ។ ខ្ញុំបានបែរទៅរកព្រះឲ្យជួយក្នុងការទទួលបានស្ថេរភាពផ្លូវចិត្តឡើងវិញ និងសុខភាពដ៏ល្អប្រសើរដែលខ្ញុំធ្លាប់មានពីមុនដែលខ្ញុំមិនបានយកចិត្តទុកដាក់ ។
ខ្ញុំបានស្វែងរកជំនួយពីអ្នកចិត្តវិទ្យាចំពោះការថប់បារម្ភរបស់ខ្ញុំ ។ ខ្ញុំបានធ្វើការជាមួយគ្រូពេទ្យជំនាញខាងជំងឺសន្លាក់ឆ្អឹងដើម្បីបានថ្នាំ និងប្រើប្រាស់ដំណោះស្រាយធម្មជាតិផងដែរ ។ ខ្ញុំមិនដែលបោះបង់ចោលទេ ។ អស់រយៈពេលជាច្រើនឆ្នាំ និងទុក្ខព្រួយជាច្រើន សុខភាពរបស់ខ្ញុំខាងរាងកាយ និងផ្លូវចិត្តបានប្រសើរឡើងវិញ ។
ខ្ញុំចាំពីពេលរសៀលមួយ ខ្ញុំបានឡើងភ្នំឆ្លងកាត់វាលផ្កាព្រៃដ៏ធំទៅកាន់បឹងនៅភ្នំមួយ ។ ដោយទឹកភ្នែកហូរស្រក់លើផែនថ្ពាល់ខ្ញុំ ខ្ញុំបានថ្លែងអំណរគុណព្រះចំពោះពរជ័យនៃរូបរាងកាយរបស់ខ្ញុំ និងសមត្ថភាពរបស់ខ្ញុំក្នុងការចូលរួមសកម្មភាពមួយដែលខ្ញុំបានគិតថា ខ្ញុំមិនអាចធ្វើបានទៀតទេ ។ គ្មានការព្យាបាលសម្រាប់ស្ថានភាពរបស់ខ្ញុំទេ ហើយជំងឺនេះបានធ្វើឲ្យរូបកាយរបស់ខ្ញុំរងផលប៉ះពាល់យ៉ាងខ្លាំង ។ ប៉ុន្តែការឡើងភ្នំ និងការហាត់ប្រាណបានក្លាយជាចំណូលចិត្តរបស់ខ្ញុំ ហើយខ្ញុំមិនដែលទុកសុខភាពខ្ញុំដោយមិនយកចិត្តទុកដាក់ទៀតហើយ ។
ទោះបីជារាងកាយរបស់ខ្ញុំមានកំហិតក៏ដោយ ថ្មីៗនេះខ្ញុំបានបម្រើបេសកកម្មរៀមច្បងជាមួយស្វាមីរបស់ខ្ញុំនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ( ដែលជាកន្លែងដែលមនុស្សចូលចិត្តទៅដើម្បីឡើងភ្នំ ! ) ។ ខ្ញុំមានអំណរគុណដែលបានបម្រើពេញមួយជីវិតរបស់ខ្ញុំស្ទើរតែគ្រប់ការហៅក្នុងសាសនាចក្រដែលមាន ។
ពេលប្រធាន ណិលសុន បានមានប្រសាសន៍ថា « សូមឲ្យយើងមានអំណរគុណចំពោះពរជ័យដ៏អស្ចារ្យនៃរូបកាយដ៏អស្ចារ្យមួយនេះ ដែលជាការបង្កបង្កើតដ៏អស្ចារ្យរបស់ព្រះវរបិតាសួគ៌ដ៏ស្រឡាញ់របស់យើង ។ រូបកាយរបស់យើងគឺអស្ចារ្យណាស់ វាមិនបញ្ចប់ដោយខ្លួនឯងនោះទេ » ។ វាជាផ្នែកដ៏សំខាន់មួយនៃផែនការដ៏អស្ចារ្យនៃសុភមង្គលរបស់ព្រះសម្រាប់ការរីកចម្រើនដ៏អស់កល្បជានិច្ចរបស់យើង » ។