លីអាហូណា
តើ​យើង​អាច​អធិស្ឋាន​សម្រាប់​អ្វីខ្លះ ?
ខែ កក្កដា ឆ្នាំ ២០២៤


« តើ​យើង​អាច​អធិស្ឋាន​សម្រាប់​អ្វីខ្លះ ? » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៤ ។

ចូរ​មក​តាម​ខ្ញុំ

អាលម៉ា ៣៣–៣៤

តើ​យើង​អាច អធិស្ឋាន​សម្រាប់​អ្វីខ្លះ ?

នៅក្នុង អាលម៉ា ៣៣ និង ៣៤ យើង​បាន​រៀន​ថា យើង​អាច​អធិស្ឋាន​នៅ​គ្រប់​ទីកន្លែង គ្រប់​ពេលវេលា​មិនថា​ជា​អ្វី​នោះ​ទេ ។ ខាងក្រោម​នេះ ជា​គំរូ​មួយ​ចំនួន​នៃ​ការអធិស្ឋាន​ជា​លក្ខណៈ​បុគ្គល​ក្នុង​ស្ថានភាព​ផ្សេងៗ​គ្នា ។

នៅពេល​បងប្អូន​អាន​បទពិសោធន៍​ទាំងនេះ សូម​ជញ្ជឹងគិត​អំពី​វិធី​មួយ​ចំនួន​ដែល​បងប្អូន​បាន​អធិស្ឋាន « សម្រាប់​ហ្វូង​ចៀម នៅ​ឯ​វាលស្រែ​របស់​អ្នក » និង « នៅ​ក្នុង​បន្ទប់​របស់​អ្នក និង​នៅ​ក្នុង​ទី​សម្ងាត់​របស់​អ្នក និង​នៅ​ក្នុង​ទី​រហោស្ថាន​របស់​អ្នក » ( អាលម៉ា ៣៤:២៥, ២៦ ) ។

បុរស​ឈរ​ក្នុង​សម្លៀក​បំពាក់​កីឡា

ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ អាលម៉ា រីឆាតស៍ បាន​ចូលរួម​ក្នុង​ក្រុម​កីឡា​អូឡាំពិក ឆ្នាំ ១៩១២ ។

ការអធិស្ឋាន​នៅឯ​ការប្រកួត​កីឡា​អូឡាំពិក

កីឡាករ​ដែល​លោត​ខ្ពស់​ជាងគេ​ម្នាក់​ឈ្មោះ អាលម៉ា រីឆាតស៍ គឺជា​ផ្នែក​មួយ​នៃ​ក្រុម​កីឡា​អូឡាំពិក track and field នៅ ឆ្នាំ ១៩១២ ដែល​បាន​បញ្ចប់​ការប្រកួត​នៅ​ទីក្រុង​ស្តុកហូម ប្រទេស​ស៊ុយអែត ។ នៅក្នុង​អំឡុង​ពេល​ការប្រកួត កីឡាករ​ផ្សេង​ទៀត​ត្រូវ​បាន​ដកចេញ​មួយ​ម្តងៗ​រហូត​សល់​តែ អាលម៉ា និង​កីឡាករ​ម្នាក់​ទៀត​ប៉ុណ្ណោះ ។

« កាល​ដែល អាលម៉ា រៀបចំ​ខ្លួន​លោត គំនិត​របស់​គាត់​បាន​ច្របូកច្របល់ ។ នៅ​ទីនោះ គាត់​តំណាង​ឲ្យ​ប្រទេស​របស់​គាត់​នៅ​ក្នុង​ការប្រកួត​កីឡា​អត្តពលកម្ម​ដ៏អស្ចារ្យ​បំផុត​នៅក្នុង​ពិភពលោក ។ ប៉ុន្តែ​គាត់​មាន​អារម្មណ៍​ទន់ខ្សោយ ហាក់​ដូចជា​ពិភពលោក​ទាំងមូល​កំពុង​ធ្លាក់​មក​លើ​ស្មា​របស់​គាត់​អ៊ីចឹង ។ គាត់​បាន​គិត​អំពី​រដ្ឋ​យូថាហ៍ គ្រួសារ​របស់​គាត់ និង​ស្រុក​កំណើត​របស់​គាត់ ។ គាត់​បាន​គិត​អំពី ប៊ី.វាយ.យូ និង​ពួក​បរិសុទ្ធ ។ គាត់​បាន​ឱន​ក្បាល​ចុះ​ទូលសុំ​ឲ្យ​ព្រះ​ប្រទាន​កម្លាំង​ដល់​គាត់​ដោយ​ស្ងៀមស្ងាត់ ។ គាត់​បាន​អធិស្ឋាន​ថា ‹ ប្រសិន​បើ​វា​ត្រឹម​ត្រូវ​ដែល​ទូលបង្គំ​គួរ​តែ​ឈ្នះ › ទូលបង្គំ​នឹង​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ជា​គំរូ​ល្អ​ពេញ​មួយ​ជីវិត​របស់​ទូលបង្គំ › » ។

ដោយ​ការទាញ​យក​កម្លាំង​មកពី​ព្រះអម្ចាស់ អាលម៉ា បាន​លោត ហើយ​លោត​ផុត​របារ​ខ្ពស់​នោះ ។ នៅ​ពេល​គូ​ប្រកួត​ដែល​នៅ​សល់​របស់​គាត់​បាន​បរាជ័យ អាល់ម៉ា បាន​ឈ្នះ​មេដាយ​មាស ។

បុរស​លោត​លើ​របារ​នៅក្នុង​ព្រឹត្តិការណ៍​អត្តពលកម្ម

ក្រោយមក​មិត្តភក្តិ​ម្នាក់ « បាន​និយាយ​លេងសើច​ដាក់​គាត់​អំពី​ការអធិស្ឋាន​មុន​ពេល​ឈ្នះ​ការលោត​របស់​គាត់ ។ ‹ ខ្ញុំ​សង្ឃឹម​ថា​ឯង​នឹង​មិន​សើច​ទេ › អាល់ម៉ា​បាន​ឆ្លើយ​តប​ដោយ​ស្ងៀម​ស្ងាត់ ។ ‹ ខ្ញុំ​បាន​អធិស្ឋាន​ទៅ​ព្រះអម្ចាស់​ដើម្បី​ប្រទាន​កម្លាំង​ដល់​ខ្ញុំ​ដើម្បី​លោត​រំលង​របារ​នោះ ហើយ​ខ្ញុំ​បាន​លោត​រំលង​មែន » ។

ការអធិស្ឋាន​នៅ​លើ​ផ្លូវ​កែង​មួយ

នៅ​ឆ្នាំ ១៨៩៨ អ៊ីណេស ណៃត៍ និង ជេនី ប្រ៊ីមហល គឺ​ជា​ស្ត្រី​ពីរ​នាក់​ដំបូង​គេ​ដែល​ត្រូវ​បាន​ហៅបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ស្រី​សម្រាប់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ មិន​យូរ​ប៉ុន្មាន បន្ទាប់ពី​បាន​មក​ដល់​បេសកកម្ម​របស់​ពួកគេ​នៅ​ប្រទេស​អង់គ្លេស ស្ត្រី​ទាំង​ពីរ​នាក់​បាន​ទៅ​ផ្សព្វផ្សាយ​នៅ​ទីក្រុង​អូលហាម ដែល​ជា​ទីក្រុង​សិប្បកម្ម​តូច​មួយ​នៅ​ជិត​ទីក្រុង​លីវើភូល ។

អ្នក​ផ្សព្វផ្សាយ​សាសនា​ស្រី​ពីរនាក់

អ៊ីណេស ណៃត៍ និង ជេនី ប្រ៊ីមហល បាន​អធិស្ឋាន​ទូលសុំ​ជំនួយ​ក្នុង​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​របស់​ពួកគេ​នៅ​ប្រទេស​អង់គ្លេស ។

ស្តាំ ៖ រូបថត​ទទួល​បាន​សិទ្ធិ​ប្រើប្រាស់​ពី ជែននីហ្វើរ វ័តខតធ៍ ហ៊ូតុន

ស៊ីស្ទើរ​ទាំងពីរ​នាក់ ប្រធាន​បេសកកម្ម​របស់​ពួកគេ និង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ដទៃទៀត​បាន​ជួបជុំគ្នា​នៅ​ល្ងាច​មួយ ។ « ពួកគេ​បាន​ឈរ​ជា​រង្វង់​នៅ​ផ្លូវកែង​ដ៏​មមាញឹក​មួយ បាន​ធ្វើ​ការអធិស្ឋាន ហើយ​បាន​ច្រៀង​ទំនុក​តម្កើង​រហូត​ដល់​មាន​មនុស្ស​ជាច្រើន​ឈរ​ព័ទ្ធជុំវិញ​ពួកគេ » ។ ការខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​បាន​ទទួល​ជោគជ័យ​យ៉ាងខ្លាំង​ដែល​ប្រធាន​បេសកកម្ម « បាន​ប្រកាស​ថា​ការប្រជុំ​ពិសេស​មួយ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​បន្ទាប់ ហើយ​គាត់​បាន​អញ្ជើញ​មនុស្ស​គ្រប់គ្នា​ឲ្យ​មក​ស្តាប់​ការបង្រៀន​ពី ‹ ស្ត្រី​មរមន​ដែល​រស់នៅ​ពិត › » ។

ការអធិស្ឋាន​សម្រាប់​ការធ្វើ​ដំណើរ

សារហ៍ មកពី បូ សៀរ៉ា ឡេអូន បាន​ធ្វើ​ដំណើរ​ដោយ​ជិះ​ម៉ូតូ​ឌុប​ទៅកាន់​តំបន់​ជនបទ ដើម្បី​យកថ្នាំ​ដែល​ត្រូវការ​ចាំបាច់​ទៅជូន​ឪពុកម្តាយ​ចាស់ជរា​របស់​គាត់ ។ គាត់​បាន​បន្ត​នៅ​យូរ​ជាង​ការ​គ្រោង​ទុក​ដើម្បី​ជួយ​ឪពុក​ម្តាយ​របស់​គាត់​ជួសជុល​ដំបូល​របស់​ពួក​លោក ដែល​បាន​ខូច​ខាត​ដោយសារ​ខ្យល់ព្យុះ ។ នៅពេល​ដំបូល​ផ្ទះ​បាន​ជួសជុល​រួចហើយ មេឃ​ក៏​ងងឹត ។

ដោយសារ​តែ​មេឃ​យប់​ហើយ នោះ​ប្រហែលជា​គ្មាន​ម៉ូតូ​ឌុប​រត់​នោះ​ទេ ។ សារហ៍ បាន​ចាប់ផ្ដើម​ព្រួយ​បារម្ភ ។ បើ​គ្មាន​ម៉ូតូ​ឌុប​ទេ នោះ​គាត់​ប្រឈម​មុខ​នឹង​ការ​ធ្វើ​ដំណើរ​ថ្មើរជើង ដែល​មិន​ត្រឹមតែ​ត្រូវ​ចំណាយពេល​យូរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​មាន​គ្រោះ​ថ្នាក់​ផង​ដែរ ។ គាត់​មិន​អាច​ស្នាក់​នៅ​ផ្ទះ​របស់​ឪពុក​ម្តាយ​គាត់​បាន​ទេ ពីព្រោះ​គាត់​ត្រូវ​ចូលធ្វើ​ការងារ​នៅ​ព្រឹកស្អែក ។ បន្ថែម​ពីលើ​នេះទៀត គាត់​មិន​ចង់​ទុក​គ្រួសារ​របស់​គាត់​ឲ្យ​នៅតែ​ឯង​នៅពេល​យប់​ទេ ។

ការអធិស្ឋាន​សូម​ឲ្យ​មាន​ម៉ូតូ​ឌុប​មក​ហាក់​ដូចជា​ចម្លែក​បន្តិច ប៉ុន្តែ សារហ៍ បាន​ទូល​សុំ​ព្រះ​ឲ្យ​ជួយ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ប៉ុន្មាន​នាទី​ក្រោយ​មក មាន​ម៉ូតូ​ឌុប​មួយ​គ្រឿង​បាន​មក​ដល់​ដោយ​ទើប​តែ​ដាក់​នរណា​ម្នាក់​ចុះ​នៅ​តំបន់​ដែល​ជា​ធម្មតា​ស្ងាត់​នោះ ។ សារហ៍ បាន​ឡើង​ជិះ​ដោយ​មាន​អំណរ ដោយ​មាន​អារម្មណ៍​ថា​មាន​ពរ​ដែល​គាត់​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​រក្សា​ការប្តេជ្ញាចិត្ត​ធ្វើ​ការងារ​របស់​គាត់ និង​រក្សា​គ្រួសារ​របស់​គាត់​ឲ្យ​មាន​សុវត្ថិភាព ។

ការអធិស្ឋាន​សុំ​ឲ្យ​កាលវិភាគ​ផ្លាស់ប្តូរ

បង​ប្រុស​មីហ្គែល ត្រុនកូសូ មក​ពី​ទីក្រុង សាន់តា គ្រូស ប្រទេស​អាហ្សង់ទីន កំពុង​ទន្ទឹង​រង់ចាំ​ស្តាប់​អែលឌើរ កាឡូស អេច អាម៉ាដូ នៃ​ពួក​ចិតសិប​នាក់​មាន​ប្រសាសន៍​នៅក្នុង​ស្តេក​របស់​គាត់ ។ ប៉ុន្តែ​អែលឌើរ អាម៉ាដូ ត្រូវ​បាន​គ្រោង​នឹង​និយាយ​នៅ​ល្ងាច​ថ្ងៃ​អង្គារ ហើយ​បង​ប្រុស ត្រុនកូសូ ដែល​ជា​គ្រូ​ថ្នាក់​វិទ្យាល័យ​ត្រូវ​បង្រៀន​ថ្នាក់​រៀន​នៅ​យប់​នោះ ។ ដោយ​បាន​តាំងចិត្ត​ដើម្បី​ចូលរួម​ការប្រជុំ លោក និង​ក្រុម​គ្រួសារ​របស់​លោក​បាន​អធិស្ឋាន​ទូល​សុំ​ជំនួយ ។

បងប្រុស ត្រុនកូសូ បាន​និយាយ​បែប​នេះ​អំពី​បទ​ពិសោធន៍​របស់​គាត់​ថា ៖

« នៅ​មួយ​ថ្ងៃ​មុន​សន្និសីទ ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវ​បាន​ជំរុញចិត្ត​ឲ្យ​សុំ​នាយក​សាលា​ចេញ​មុន ២០ នាទី ។ … មុនពេល​ខ្ញុំ​ទៅ​សុំ គាត់​បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ធ្វើបាន​ទេ បើ​ផ្លាស់ប្ដូរ​ថ្នាក់​ថ្ងៃ​អង្គារ​របស់​ខ្ញុំ​ដោយ​ចាប់ផ្ដើម​មុន​ពីរ​ម៉ោង​លឿន​ជាង​ពេល​ធម្មតា ។ …

« ជា​ពរជ័យ​ដ៏​អស្ចារ្យ​ណាស់​សម្រាប់​យើង ។ យើង​បាន​ទៅ​ដល់​ការប្រជុំ​មុនពេល ហើយ​ទទួល​អារម្មណ៍​ពី​ព្រះ​វិញ្ញាណ​នៅ​ចំពោះ​វត្តមាន​នៃ​សិស្ស​របស់​ព្រះអម្ចាស់​ម្នាក់ ។ … លើស​ពី​នេះ​ទៀត យើង​បាន​ទទួល​ទីបន្ទាល់​ជា​គ្រួសារ​មួយ​ថា ព្រះវរបិតាសួគ៌​ដឹងពី​បំណង​ប្រាថ្នា​របស់​យើង ហើយ​ស្តាប់ឮ​ការអធិស្ឋាន​របស់​យើង » ។

កំណត់​ចំណាំ

  1. សូមមើល Saints: The Story of the Church of Jesus Christ in the Latter Days វ៉ុល ៣ Boldly, Nobly, and Independent ឆ្នាំ ១៨៩៣–១៩៥៥ ( ឆ្នាំ ២០២២ ) ទំព័រ ១៥៦–១៥៩ ។ សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​បទពិសោធន៍​របស់​លោក អាច​រក​បាន​នៅ​ក្នុង « Alma Richards: 1912 Olympian » ( អត្ថបទ​ជា​ឌីជីថល ) Liahona ខែ មករា ឆ្នាំ ២០២២ បណ្ណាល័យ​ដំណឹងល្អ ។

  2. សូមមើល Saints វ៉ុល ៣ ទំព័រ ៦៣–៦៤ ។

  3. មីហ្គែល ត្រុនកូសូ « We Turned to Prayer » Liahona ខែ មីនា ឆ្នាំ ២០១១ ទំព័រ ៦៩ ។