« ព្រះបានបង្ហាញខ្ញុំថា ខ្ញុំមានគោលបំណងមួយ » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៤
ការបង្ហាញអំពីសេចក្តីជំនឿ
ព្រះបានបង្ហាញខ្ញុំថា ខ្ញុំមានគោលបំណងមួយ
ខ្ញុំធ្លាក់ពីដើមឈើមួយ ប៉ុន្តែព្រះអម្ចាស់បានសង្គ្រោះខ្ញុំដើម្បីខ្ញុំអាចបង្វែរជីវិតរបស់ខ្ញុំ ហើយជួយមនុស្សពិការដូចជាខ្ញុំ ។
ខ្ញុំបានចូលរួមសន្និសីទសាសនាមួយជាមួយប្អូនស្រីរបស់ខ្ញុំ ពេលនាងបានសុំឲ្យខ្ញុំឡើងដើមឈើមួយហើយបេះផ្លែដូងមួយចំនួនសម្រាប់សន្និសីទនោះ ។ ពេលខ្ញុំកំពុងប្រមូលផ្លែដូងនៅខាងលើដើមដូង ភ្លាមនោះខ្ញុំបានងងឹតមុខហើយធ្លាក់ចុះមក ។ ខ្ញុំបានធ្លាក់ត្រូវខ្នងរបស់ខ្ញុំយ៉ាងខ្លាំង ហើយជើងខ្ញុំលែងកម្រើកទៀតហើយ ។
ខ្ញុំត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ជាកន្លែងដែលគ្រូពេទ្យបានតឆ្អឹងខ្នងរបស់ខ្ញុំ ។ អស់រយៈពេលបីខែ ខ្ញុំបានដេកនៅលើខ្នងរបស់ខ្ញុំនៅក្នុងមន្ទីរពេទ្យ សូម្បីតែអង្គុយក៏មិនបានដែរ ។ វាគឺជាគ្រាដ៏ពិបាកចិត្ត និងបាក់ទឹកចិត្តមួយ ។ ខ្ញុំគ្រាន់តែដេកនៅទីនោះ ហើយឆ្ងល់ថាតើនឹងមានអ្វីកើតឡើងចំពោះខ្ញុំ និងអ្វីដែលខ្ញុំនឹងធ្វើបន្ទាប់ទៀត ។
ប្រឹក្សាជាមួយនឹងព្រះអម្ចាស់
បន្ទាប់ពីបីខែក្រោយមក គេប្រាប់ខ្ញុំឲ្យទៅនូវែលសេឡង់ដើម្បីធ្វើការវះកាត់ខ្នងរបស់ខ្ញុំ ។ ការវះកាត់នេះធ្វើឲ្យខ្ញុំអាចអង្គុយបានជំនួសឲ្យការដេកតែមួយមុខ ។ អំឡុងពេលនៅក្នុងមន្ទីរពេទ្យនូវែលសេឡង់ ខ្ញុំបានជួបក្មេងស្រីម្នាក់ដែលកំពុងធ្វើការនៅទីនោះ ។ នាងបានសួរខ្ញុំថា « តើយើងធ្លាប់ស្គាល់គ្នាទេ ? ដូចធ្លាប់ស្គាល់បង » ។
យើងបានចាប់ផ្ដើមជជែកគ្នា ។ នាងបានចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ហើយបានឲ្យខ្ញុំនូវព្រះគម្ពីរមរមនមួយក្បាល ។ ដំបូងខ្ញុំមិនបានអានវាទេ ។ ខ្ញុំបានទុកវាចោលនៅក្បែរគ្រែរបស់ខ្ញុំដោយមិនប៉ះវាសោះ ។ ទោះជាយ៉ាងណាក៏ដោយ ថ្ងៃមួយខ្ញុំនៅតែម្នាក់ឯង ហើយគ្មានអ្វីគួរឲ្យចាប់អារម្មណ៍មើលក្នុងទូរទស្សន៍នោះទេ ។ បន្ទាប់មក ខ្ញុំបានឃើញព្រះគម្ពីរមរមននៅលើតុរបស់ខ្ញុំ ។ ខ្ញុំបានបើកវា ហើយចាប់ផ្ដើមអាន ។
ពេលដែលខ្ញុំអាន ខ្ញុំមានអារម្មណ៍ថាមានអ្វីខុសប្លែកអំពីព្រះគម្ពីរមរមន ហើយថាវាច្បាស់ជាមានដំណឹងល្អពិតរបស់ព្រះយេស៊ូវគ្រីស្ទហើយ ។ ក្មេងស្រីនៅមន្ទីរពេទ្យបានគូសចំណាំខគម្ពីរជាច្រើន ក្នុងចំណោមនោះមានខគម្ពីរមួយគឺ អាលម៉ា ៣៧:៣៧ ៖ « ចូរប្រឹក្សាជាមួយនឹងព្រះអម្ចាស់នូវគ្រប់កិច្ចការរបស់កូន ហើយទ្រង់នឹងដឹកនាំកូនទៅរកការល្អ » ។
ពាក្យទាំងនោះបានធ្វើឲ្យខ្ញុំចាប់អារម្មណ៍ ហើយធ្វើឲ្យខ្ញុំគិត ។ ដើម្បីដឹងថាតើសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាសាសនាចក្រពិត ខ្ញុំបានដឹងថាខ្ញុំត្រូវប្រឹក្សាជាមួយនឹងព្រះអម្ចាស់ ។ ខ្ញុំក៏ចង់ទៅមើលព្រះវិហារនេះដោយខ្លួនឯងផ្ទាល់ផងដែរ ។
ភាពអស់សង្ឃឹមរបស់ខ្ញុំបានរលាយបាត់អស់
នៅពេលខ្ញុំត្រឡប់មកផ្ទះវិញពីប្រទេសនូវែលសេឡង់ ខ្ញុំបានអញ្ជើញពួកអ្នកផ្សព្វផ្សាយសាសនាឲ្យបង្រៀនខ្ញុំ ។ ពេលខ្ញុំបានរៀន ខ្ញុំបានទទួលទីបន្ទាល់មួយថានេះ គឺជា សាសនាចក្ររបស់ព្រះគ្រីស្ទ ។ ខ្ញុំមានអំណរគុណចំពោះពួកអ្នកផ្សព្វផ្សាយសាសនាដែលបានបង្រៀនខ្ញុំ ។ នៅក្នុងពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ ពួកអ្នកផ្សព្វផ្សាយសាសនាមានកម្លាំងសែងខ្ញុំចូលទៅក្នុងទឹក—ដែលមានម្នាក់ទ្រខ្ញុំនៅលើដៃរបស់គាត់ខណៈដែលម្នាក់ទៀតបានធ្វើបុណ្យជ្រមុជទឹកឲ្យខ្ញុំ ។
ជាមួយនឹងពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ នោះអារម្មណ៍នៃការបាក់ទឹកចិត្ដ និងភាពអស់សង្ឃឹមដែលខ្ញុំបានស៊ូទ្រាំត្រូវបានលាងសម្អាត ។ ខ្ញុំបានដឹងថាខ្ញុំមានគោលបំណងមួយក្នុងជីវិត ហើយថាព្រះស្រឡាញ់ខ្ញុំ ។
មុនពេលខ្ញុំទទួលពិធីបុណ្យជ្រមុជទឹក ខ្ញុំមានអារម្មណ៍អៀនខ្មាសចំពោះខ្លួនឯងដោយសារតែរទេះរុញរបស់ខ្ញុំ ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីខ្ញុំបានជ្រមុជទឹក ខ្ញុំបានចាប់ផ្ដើមមកវួដជារៀងរាល់ថ្ងៃអាទិត្យ ហើយបានចូលរួមក្នុងសកម្មភាពរបស់យុវមជ្ឈិមវ័យនៅលីវ ។ ខ្ញុំថែមទាំងបានទៅកម្មវិធីរាំនៅស្តេក រាំគ្រប់បទនៅក្នុងរទេះរុញរបស់ខ្ញុំ ។ ខ្ញុំក៏បានចូលរួមក្នុងបណ្តាញមួយសម្រាប់ជនជាតិសាម័រដែលរងរបួសឆ្អឹងខ្នងផងដែរ ។
ខ្ញុំបានដឹងថា ខ្ញុំបានជាសះស្បើយពីអារម្មណ៍ដែលខ្ញុំត្រូវលាក់ខ្លួន ។ តាមរយៈសាសនាចក្រ ខ្ញុំបានទទួលទំនុកចិត្តដើម្បីទៅក្នុងចំណោមមនុស្សម្ដងទៀត ។
ព្រះអង្គក៏បានជួយខ្ញុំឲ្យជំរុញខ្លួនឯង និងរីកចម្រើនពេលខ្ញុំត្រូវបានលើកទឹកចិត្តឲ្យចូលរួមកម្មវិធីមួយដែលមានរយៈពេលបីឆ្នាំនៅសាលាបច្ចេកទេសអវយវៈសិប្បនិមិ្មត និងរណបកម្ពុជា ( CSPO ) ។ ខ្ញុំមិនច្បាស់ថា ខ្ញុំអាចចូលរួមនៅក្នុងកម្មវិធីនេះបានទេ ពីព្រោះគ្មាននរណាម្នាក់ជិះរទេះរុញធ្លាប់ដាក់ពាក្យចូលនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុតកាលៈទេសៈបានអនុញ្ញាតឲ្យខ្ញុំអាចចូលរួម CSPO នៅកម្ពុជា ។ ខ្ញុំបានបញ្ចប់ការសិក្សានៅទីនោះក្នុងនាមជាសិស្សទីមួយដែលពិការក្នុងប្រវត្តិសាស្ត្រនៃកម្មវិធីនេះ ។
បន្ទាប់ពីខ្ញុំត្រឡប់ទៅសាម័រវិញ ខ្ញុំបាននិយាយនៅឯការប្រជុំធម្មនិដ្ឋាន.យ.ម.ល. អំពីសុខភាព ។ បន្ទាប់ពីសន្និសីទនោះ ស្ត្រីម្នាក់បានដើរមករកខ្ញុំដើម្បីចាប់ដៃខ្ញុំ ហើយប្រាប់ខ្ញុំថានាងចូលចិត្តការនិយាយរបស់ខ្ញុំ ។ ឡាហ្គីម៉ាណូហ្វៀ ទើបតែត្រឡប់មកពីបេសកកម្មរបស់នាងវិញ ។ ចាប់តាំងពីពេលដែលខ្ញុំបានជួបនាង ខ្ញុំមានអារម្មណ៍ថានាងបានបំពេញជីវិតរបស់ខ្ញុំ ។ ខ្ញុំបានអធិស្ឋានដើម្បីស្វែងរកនរណាម្នាក់ដែលអាចធ្វើជាដៃគូ ហើយដែលនឹងស្រឡាញ់ និងទទួលយកខ្ញុំ ។
ពេល ឡាហ្គីម៉ាណូហ្វៀ និងខ្ញុំបានចាប់ផ្ដើមដើរលេងជាមួយគ្នា នាងបានយកចិត្តទុកដាក់លើខ្ញុំ ហើយបានទទួលយកខ្ញុំ ហើយគ្រួសាររបស់នាងក៏គាំទ្រយើងដែរ ។ យើងបានរៀបការ ហើយជីវិតរបស់យើងបានផ្លាស់ប្ដូរជារៀងរហូតនៅពេលយើងទទួលយក ប៉ូសេណៃ ជុញ្ញ័រ មកចិញ្ចឹម ។ ព្រះបានរៀបចំយើងឲ្យទទួលចិញ្ចឹមគាត់ ។ វត្តមានគាត់នៅក្នុងជីវិតរបស់យើងបានធ្វើឲ្យយើងសប្បាយចិត្តខ្លាំងណាស់ ។
តើខ្ញុំអាចបម្រើបានទេ ?
នៅព្រះវិហារ ខ្ញុំត្រូវបានគេហៅឲ្យធ្វើជាស្មៀនវួដ ហើយក្រោយមកជាទីប្រឹក្សានៅក្នុងគណៈប៊ីស្សព ។ ខ្ញុំមិនអាចជឿថានរណាម្នាក់ដែលជិះរទេះរុញអាចបម្រើបាននោះទេ ។ គ្រោះថ្នាក់របស់ខ្ញុំបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាគ្មានប្រយោជន៍ ប៉ុន្តែការធ្វើការនៅព្រះវិហារធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានប្រយោជន៍ ហើយបានជួយខ្ញុំឲ្យដឹងថាខ្ញុំអាចរួមចំណែកបាន ។ ខ្ញុំចូលចិត្តឱកាសដើម្បីរីកចម្រើនកាន់តែជិតព្រះយេស៊ូវគ្រីស្ទនៅពេលខ្ញុំបម្រើ ។
ក្នុងនាមជាទីប្រឹក្សានៅក្នុងគណៈប៊ីស្សព ខ្ញុំចង់ទទួលបានការណែនាំដើម្បីខ្ញុំអាចធ្វើការហៅបម្រើរបស់ខ្ញុំបានកាន់តែប្រសើរ ។ ការណ៍នោះធ្វើឲ្យខ្ញុំចង់រៀបចំខ្លួនបន្ថែមទៀតសម្រាប់ថ្ងៃអាទិត្យនីមួយៗ ។ ខ្ញុំបានមានទម្លាប់អានព្រះគម្ពីររបស់ខ្ញុំ ហើយខ្ញុំបានមានឱកាសដើម្បីថ្លែងទីបន្ទាល់របស់ខ្ញុំ ។ ការធ្វើជាអ្នកដឹកនាំនៅព្រះវិហារថែមទាំងបានជួយខ្ញុំ ឲ្យក្លាយជាអ្នកដឹកនាំនៅកន្លែងធ្វើការផងដែរ ។ ខ្ញុំបានស្ថាបនាអារម្មណ៍ដែលខ្ញុំអាចដឹកនាំ ហើយនិយាយបញ្ចេញយោបល់ ដែលអនុញ្ញាតឲ្យខ្ញុំដឹកនាំនៅតំបន់ផ្សេងទៀត ។
ឥឡូវនេះ ខ្ញុំធ្វើការជានាយកនៃនាយកដ្ឋានបច្ចេកទេសអវយវៈសិប្បនិមិ្មត និងរណបនៅមន្ទីរពេទ្យ ធូពូអា តាម៉ាស៊ីស៊ី មីអូឡេ ដែលជាមន្ទីរពេទ្យធំរបស់ប្រទេសសាម័រ ។ នាយកដ្ឋានរបស់ខ្ញុំអាចដាក់មនុស្សបានប្រហែល ៥០០ នាក់ ក្នុងមួយឆ្នាំសម្រាប់អ្នកដើរឈើច្រត់ និងរទេះរុញ ។ តាមរយៈក្រសួងសុខាភិបាលរបស់សាម័រ សាសនាចក្រជួយផ្ដល់រទេះរុញ និងសម្ភារចាំបាច់ដើម្បីធ្វើអវយវៈសុប្បនិម្មិត ( សូមមើល philanthropies.ChurchofJesusChrist.org/humanitarian-services ) ។ ជំនួយទាំងនេះជួយមនុស្សឲ្យត្រឡប់ទៅធ្វើការវិញ ហើយធ្វើជាមនុស្សខ្លួនទីពឹងខ្លួន ។ ពួកគេក៏ផ្តល់ឲ្យមនុស្សនូវសេចក្តីសង្ឃឹម និងផ្លូវត្រឡប់ទៅកាន់ជីវិតមួយដែលពួកគេគិតថាពួកគេបានបាត់ ។
ការពឹងផ្អែកលើព្រះអម្ចាស់
ប្រសិនបើខ្ញុំផ្តល់ដំបូន្មានដល់អ្នកដទៃដែលពិការ នោះខ្ញុំនឹងនិយាយថា « កុំអនុញ្ញាតឲ្យពិការភាពរបស់បងប្អូនបញ្ឈប់បងប្អូនពីអ្វីដែលបងប្អូនជឿលើឡើយ ។ ដាក់ចិត្តរបស់បងប្អូនទៅក្នុងអ្វីដែលបងប្អូនចង់សម្រេចបាន ហើយខិតខំឆ្ពោះទៅរកវា ។ ពេលបងប្អូនស្វែងរកជំនួយពីព្រះអម្ចាស់ នោះទ្រង់នឹងប្រទានពរដល់បងប្អូន [ សូមមើល នីហ្វៃទី២ ៣២:៩ ] » ។
ជាមួយនឹងជំនឿនោះ ខ្ញុំបន្តទៅមុខ ហើយវាធ្វើឲ្យខ្ញុំក្លាយជាមនុស្សម្នាក់នៅថ្ងៃនេះ ។ ខ្ញុំជឿថាខ្ញុំត្រូវបានដាក់នៅទីនេះ ហើយត្រូវបានសង្គ្រោះសម្រាប់គោលបំណងមួយ ។ ខ្ញុំបានធ្លាក់ពីដើមឈើនោះ ប៉ុន្តែព្រះអម្ចាស់បានសង្គ្រោះខ្ញុំដើម្បីខ្ញុំអាចបង្វែរជីវិតរបស់ខ្ញុំ ហើយធ្វើកិច្ចការនេះដែលជួយមនុស្សទាំងអស់នេះ ។ ព្រះអង្គបានបង្រៀនខ្ញុំថា ខ្ញុំអាចជួយមនុស្សជាច្រើនបាន—មិនមែនពិការភាពរបស់ខ្ញុំទេតែដោយសារតែរឿងនេះ ។