លីអាហូណា
កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះអម្ចាស់ និង​ឱកាស​ដ៏​អស្ចារ្យ​របស់​យើង
ខែ កក្កដា ឆ្នាំ ២០២៤


« កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះអម្ចាស់ និង​ឱកាស​ដ៏​អស្ចារ្យ​របស់​យើង » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៤ ។

កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះអម្ចាស់ និង​ឱកាស​ដ៏​អស្ចារ្យ​របស់​យើង

នៅពេល​យើង​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ នោះ​យើង​កំពុង​ធ្វើការ​ជាមួយនឹង​ព្រះអម្ចាស់​ដើម្បី​ជួយ​ព្រលឹង​ដ៏​មាន​តម្លៃ​នីមួយៗ​ឲ្យ​មក​រក​ទ្រង់ ។

រូបភាព
ស្ត្រី​ពីរ​នាក់​និយាយ​គ្នា ពេល​ពួកគេ​ដើរ​នៅ​តាម​ផ្លូវ

ព្យាការី​គ្រប់​រូប​នៅ​ក្នុង​ជំនាន់​កាន់កាប់​ត្រួតតា្រ​ចុង​ក្រោយ​ដ៏​អស្ចារ្យ​នេះ​បាន​បង្រៀន សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ឲ្យ​ចែកចាយ​ដំណឹង​ល្អ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅក្នុង​ជីវិត​របស់​ខ្ញុំ មាន​គំរូ​ជា​ច្រើន​ដែល​ខ្ញុំ​ចងចាំ ៖

ប្រធាន ដេវីឌ អូ មិកឃេ ( ឆ្នាំ ១៨៧៣–១៩៧០ ) ជា​ព្យាការី​កាលពី​ខ្ញុំ​នៅ​ជា​យុវវ័យ លោក​បាន​ប្រកាសថា « សមាជិក​គ្រប់រូប​គឺជា​អ្នក​ផ្សព្វផ្សាយ​សាសនា » ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) បាន​បង្រៀន​ថា « ថ្ងៃ​សម្រាប់​ការនាំ​ដំណឹងល្អ​ទៅកាន់​កន្លែង និង​មនុស្ស​កាន់តែ​ច្រើន គឺ​នៅ​ទីនេះ ហើយ​ឥឡូវនេះ » ហើយ « យើង​ត្រូវតែ​ពង្រីក​ជំហាន​របស់​យើង » ក្នុង​ការចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នក​ដទៃ ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) បាន​មាន​ប្រសាសន៍​ថា ៖ « ការងារ​របស់​យើង​គឺ​មហិមា​ណាស់​​ហើយ​ការទទួល​ខុសត្រូវ​របស់​យើង​ក្នុង​ការជួយ​ស្វែងរក​អ្នក​ដទៃ​មក​បង្រៀន​គឺ​អស្ចារ្យ​ណាស់ ។ ព្រះអម្ចាស់​បាន​ដាក់​បញ្ញត្តិ​មួយ​ដល់​យើង​ឲ្យ​បង្រៀន​ដំណឹងល្អ​ដល់​មនុស្សលោក​គ្រប់​រូប ។ ការណ៍​នេះ​នឹង​តម្រូវ​ឲ្យ​មាន​ការខំ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​បំផុត [ របស់យើង ] » ។

ហើយ​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « ការងារ​ផ្សព្វផ្សាយ​សាសនា​គឺជា​ផ្នែក​ដ៏​ចាំបាច់​មួយ​នៃ​ការប្រមូល​សាសន៍​អ៊ីស្រាអែល ។ ការប្រមូល​ផ្ដុំ​នោះ​គឺ​ជា​កិច្ចការ​ដ៏​សំខាន់​បំផុត​ដែល​កើតឡើង​នៅលើ​ផែនដី​សព្វថ្ងៃនេះ ។ គ្មាន​កិច្ចការ​ណា​អាច​ប្រៀបផ្ទឹម​នឹង​ភាពសម្បើម​នេះ​បាន​ទេ ។ គ្មាន​កិច្ចការ​ណា​អាច​ប្រៀបផ្ទឹម​នឹង​សារៈសំខាន់​នេះ​បាន​ទេ ។ អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ព្រះអម្ចាស់—ពួក​សិស្ស​របស់​ទ្រង់—បាន​ចូលរួម​ក្នុង​ការប្រឈមនឹង​ដ៏​ធំ​បំផុត បុព្វហេតុ​ដ៏​អស្ចារ្យ​បំផុត កិច្ចការ​ដ៏​អស្ចារ្យ​បំផុត​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ » ។

ខ្ញុំ​ចាប់ផ្ដើម​ដឹង​ពី​កិច្ចការ​នេះ​សម្រាប់ខ្លួន​ខ្ញុំ នៅពេល​ធ្វើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​វ័យ​ក្មេង​នៅ​បេសកកម្ម ប្រទេស​អង់គ្លេស ។ ខ្ញុំ​កាន់​តែ​ប្រាកដ​ច្បាស់​អំពី​កិច្ចការ​នៅ​ថ្ងៃ​នេះ ។ ក្នុង​នាម​ជា​សាវក​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ឱកាស​គឺ នៅ​គ្រប់​ទី​កន្លែង ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ​តាមរយៈ​ការបង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង ការចែកចាយ​ជំនឿ​របស់​យើង ហើយ​ការអញ្ជើញ​ពួកគេ​ឲ្យ​ចូល​រួម​ជាមួយ​យើង ដើម្បី​ដក​ពិសោធន៍​នូវ​អំណរ​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

កិច្ចការ​នេះ​ឆ្ពោះ​ទៅ​មុខ

ខ្ញុំ​មាន​អភ័យ​ឯកសិទ្ធិ​ក្នុង​ការ​បំពេញ​ភារកិច្ច​នៅ​ក្នុង​នាយកដ្ឋាន​ផ្សព្វផ្សាយ​សាសនា​នៃ​សាសនាចក្រ នៅ​ពេល​ការបោះ​ពុម្ពផ្សាយ​លើក​ដំបូង​នៃ​សៀវភៅ ប្រកាស​ដំណឹង​ល្អ​របស់​យើង ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​នៅ​ឆ្នាំ ២០០៤ ហើយ​ជា​ថ្មី​ម្តង​ទៀត​នៅ​ពេល​ដែល​ការបោះពុម្ព​លើក​ទី​ពីរ​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ឆ្នាំ ២០២៣ ។ ខ្ញុំ​ជឿ​ថា ប្រកាស​ដំណឹង​ល្អ​របស់​យើង បាន​ប្រទាន​ពរ​ដល់​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​តាម​របៀប​ដ៏​ជ្រាល​ជ្រៅ​មួយ ។

សៀវភៅ ប្រកាស​ដំណឹង​ល្អ​របស់​យើង ថ្មី​នេះ​រួមមាន​អ្វីៗ​ទាំងអស់​ដែល​យើង​បាន​រៀន​តាំងពី​ឆ្នាំ ២០០៤ ការណែនាំ​ដ៏​បំផុស​គំនិត​មកពី​សមាជិក​ម្នាក់ៗ​ក្នុង​គណៈប្រធាន​ទី​មួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​ការផ្លាស់ប្តូរ​ដែល​បាន​ធ្វើ​ឡើង​សម្រាប់​ការចែកចាយ​ដំណឹងល្អ​នៅ​ក្នុង​យុគសម័យ​ឌីជីថល​នេះ ។ ការផ្លាស់​ប្តូរ​មួយ​ចំនួន​ទាំងនេះ​បាន​នាំ​ឲ្យ​មាន​ជោគ​ជ័យ​យ៉ាង​ធំធេង ។

យើង​បាន​រក​ឃើញ​ថា​ការ​ចែកចាយ​ដំណឹង​ល្អ​តាម​របៀប​ងាយៗ សាមញ្ញ​និង​ធម្មតា​តាម​រយៈ​គោលការណ៍​នៃ « សេចក្ដី​ស្រឡាញ់ ចែកចាយ អញ្ជើញ » ផ្ដល់​ពរជ័យ​យ៉ាង​ខ្លាំង​ដល់​នគរ​នេះ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ចែកចាយ​ដំណឹង​ល្អ​តាម​របៀប​នេះ​ពេល​ទ្រង់​មាន​ព្រះជន្មរស់​នៅ​លើ​ផែនដី ។ ទ្រង់​បាន​ចែកចាយ​ព្រះជន្ម និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ហើយ​បាន​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​ទ្រង់ ( សូមមើល ម៉ាថាយ ១១:២៨ ) ។ ដើម្បី​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ ដូច​ដែល​ទ្រង់​បាន​ធ្វើ គឺ​ជា​ពរជ័យ និង​ទំនួល​ខុស​ត្រូវ​ដ៏​ពិសេស​មួយ​សម្រាប់​សមាជិក​គ្រប់​រូប​នៃ​សាសនាចក្រ ។

ចាប់ផ្ដើម​ដោយ​សេចក្ដី​ស្រឡាញ់

នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី និង​នៅ​លើ​ឈើ​ឆ្កាង ព្រះយេស៊ូវ​គ្រីស្ទ​បាន​លើក​ដាក់​លើ​អង្គ​ទ្រង់​នូវ​អំពើ​បាប​របស់​លោកិយ ហើយ​បាន​ទទួល​រង​នូវ​ទុក្ខ​សោក​ទាំងអស់ និង « ការឈឺចាប់ និង​ទុក្ខ​វេទនា និង​ការល្បួង​គ្រប់​បែប​យ៉ាង » ( អាលម៉ា ៧:១១ ) ។ ការណ៍​នេះ « បាន​បណ្ដាលឲ្យ [ ទ្រង់ ]​…​ដែលជា​ព្រះ​ដ៏​មហិមា​លើ​អ្វីៗ​ទាំងអស់​ត្រូវ​ញ័រ​ដោយសារ​តែ​ការឈឺចាប់​ហើយ​ត្រូវ​ច្រួច​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១៨ ) ។ តាមរយៈ​ដង្វាយធួន និង​ការរស់ឡើងវិញ​របស់​ទ្រង់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ឲ្យ​សេចក្ដីសង្រ្គោះ និង​ភាពតម្កើង​ឡើង​អាច​កើត​មាន​ឡើង​សម្រាប់​មនុស្ស​ទាំងអស់ ។

ការបែរ​ទៅ​រក​ព្រះអង្គសង្គ្រោះ ហើយ​ជញ្ជឹងគិត​ពី​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង​ដើម្បី​បង្កើត​បេះដូង​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​ចំពោះ​ទ្រង់ ។ បន្ទាប់​មក ទ្រង់​បង្វែរ​ចិត្ត​របស់​យើង​ទៅ​រក​អ្នក​ដទៃ ហើយ​បញ្ជា​ឲ្យ​យើង​ស្រឡាញ់​ពួក​គេ ( សូមមើល យ៉ូហាន ១៣:៣៤-៣៥ ) ហើយ​ឲ្យ​ចែកចាយ​ដំណឹង​ល្អ​របស់​ទ្រង់​ជាមួយនឹង​ពួកគេ ( សូមមើល ម៉ាថាយ ២៨:១៩; ម៉ាកុស ១៦:១៥ ) ។ ប្រសិន​បើ​អ្នក​ទាំងឡាយណា​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​អាច​ទទួល​អារម្មណ៍​ថា យើង​ពិត​ជា​ស្រឡាញ់ និង​ព្រួយបារម្ភ​ពី​ពួក​គេ នោះ​ពួកគេ​ទំនង​ជា​នឹង​បើក​ដួងចិត្ត​របស់​ពួកគេ​មក​រក​សារ​របស់​យើង ដូច​ដែល​ស្តេច​ឡាម៉ូណៃ​បាន​បើក​ព្រះទ័យ​ទទួល​យក​ដំណឹង​ល្អ​ដោយ​សារ​តែ​សេចក្ដី​ស្រឡាញ់ និង​ការបម្រើ​របស់​អាំម៉ូន ( សូមមើល អាលម៉ា ១៧–១៩ ) ។

នៅពេល​បងប្អូន​ចែកចាយ​ដំណឹង​ល្អ សូម​ចាប់​ផ្ដើម​ដោយ​សេចក្ដី​ស្រឡាញ់ ។ ពេល​យើង​ឈោង​ទៅ​ជួយ​អ្នក​ដទៃ​ដោយ​សេចក្ដី​ស្រឡាញ់—សូម​ចាំ​ថា​ពួកគេ​ជា​បងប្អូន​ប្រុសស្រី​របស់​យើង និង​ជា​បុត្រាបុត្រី​ជាទី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​របស់​យើង—នោះ​ឱកាស​នឹង​បើក​ចំហ​សម្រាប់​យើង​ដើម្បី​ចែកចាយ​នូវ​អ្វី​ដែល​យើង​ដឹង​ថា​ជា​ការពិត ។

ត្រូវ​ឧស្សាហ៍​ចូល​រួម​ក្នុង​ប្រយោជន៍​ល្អ និង​ចែកចាយ

គ្មាន​នរណា​ម្នាក់​ឧស្សាហ៍​ព្យាយាម​នៅក្នុង​ការចែកចាយ​ដំណឹងល្អ​ច្រើន​ជាង​ប្រធាន អិម រ័សុល បាឡឺដ នោះទេ ( ឆ្នាំ ១៩២៨–២០២៣ ) ។ នៅក្នុង​សុន្ទរកថា​សន្និសីទ​ទូទៅ​ចុងក្រោយ​របស់​លោក លោក​បាន​ថ្លែង​ទីបន្ទាល់​ថា « រឿង​ដ៏​រុងរឿង និង​អស្ចារ្យ​បំផុត​មួយ​ដែល​នរណា​ម្នាក់​នៅក្នុង​ពិភពលោក​នេះ​អាច​ដឹង​បាន [ គឺ ] ថា​ព្រះវរបិតា​សួគ៌​របស់​យើង និង​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ បានបើកសម្ដែង​អង្គ​ទ្រង់​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ហើយ​ថា យ៉ូសែប [ ស៊្មីធ ] បាន​ធំ​ឡើង​ដើម្បី​ស្ដារ​ឡើងវិញ​នូវ​ភាពពេញលេញ​នៃ​ដំណឹងល្អ​ដ៏អស់កល្ប​អស់កាល​ជានិច្ច​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។

ពេញ​មួយ​ជីវិត​របស់​លោក ហើយ​នៅ​ស្ទើរតែ​គ្រប់ទិសទី​នៃ​ពិភពលោក ប្រធាន បាឡឺដ បាន​ឧស្សាហ៍​ចូល​រួម​ក្នុង​ប្រយោជន៍​ល្អ​ក្នុង​ការចែកចាយ​សារលិខិត​ដ៏​មាន​តម្លៃ​នេះ​ជាមួយ​មនុស្ស​គ្រប់​គ្នា ។ លោក​បាន​លើក​ទឹកចិត្ត​ឲ្យ​ពួកយើង​ធ្វើ​ដូច​លោក​ដែរ ។ លោក​បាន​បង្រៀន​ថា​យើង​អាច​ចែកចាយ​ដំណឹង​ល្អ​បាន « ដោយ​ធ្វើ​ជា​អ្នកជិតខាង​ល្អ​ម្នាក់ និង​ដោយ​ការយក​ចិត្ត​ទុក​ដាក់ និង​ការបង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់ » ។ ការ​ធ្វើ​បែប​នេះ យើង​អាច « ជះ​ពន្លឺ​នៃ​ដំណឹងល្អ​នៅក្នុង​ជីវិត​របស់​យើង​ផ្ទាល់ និង … ជះ​ពន្លឺ​ទៅលើ [ អ្នកដទៃ ] នូវ​ពរជ័យ​ដែល​ដំណឹងល្អ​បាន​ផ្តល់​ឲ្យ » ។ យើង​ក៏ « ថ្លែងទីបន្ទាល់​អំពី​អ្វី​ដែល [ យើង ] ដឹង ហើយ ជឿ និង​អ្វី​ដែល [ យើង ] មាន​អារម្មណ៍ ផងដែរ » ។ ប្រធាន បាឡឺដ បាន​បង្រៀន​ថា « ទីបន្ទាល់​ដ៏​បរិសុទ្ធ​មួយ … ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ អាច​នឹង​នាំ​ចូល​ទៅ​ក្នុង​ដួងចិត្ត​របស់​អ្នក​ដទៃ​ដែល​បើក​ចិត្ត​ដើម្បី​ទទួល​វា » ។

ការចែកចាយ​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​បំណង​ប្រាថ្នា​ដ៏​ធំ​បំផុត​នៃ​ដួងចិត្ត​របស់​ប្រធាន បាឡឺដ ។ បងប្អូន​អាច​ចូល​រួម​យ៉ាង​ឧស្សាហ៍​ដូច​ដែល​លោក​បាន​ធ្វើ​នៅក្នុង​ការចែកចាយ​ដំណឹង​ល្អ​ទាំង​តាម​ពាក្យសម្តី និង​ទង្វើ ។ យើង​នឹង​មិន​ដឹង​ទេ​ថា​តើ​នរណា​កំពុង​ស្វែងរក​ពន្លឺ​នៃ​ដំណឹង​ល្អ ប៉ុន្តែ​មិន​ដឹង​ថា​ត្រូវ​រក​វា​នៅ​កន្លែង​ណា ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២៣:១២ ) ។

រូបភាព
បុរស​ពីរ​នាក់​ដើរ​ឡើង​ជណ្តើរ

ធ្វើការ​អញ្ជើញ​ដោយ​ចិត្តស្មោះ

នៅក្នុង​ការ​ជួយ​អ្នក​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ទទួល​បទពិសោធន៍​នូវ​អំណរ​ដែល​ព្រះអង្គសង្រ្គោះ និង​ដំណឹងល្អ​របស់​ទ្រង់​ផ្តល់ឲ្យ ។ យើង​អាច​ធ្វើ​បែប​នេះ​បាន​ដោយ​អញ្ជើញ​ពួកគេ​ឲ្យ​មក​ចូល​រួម​សកម្មភាព​មួយ អាន​ព្រះគម្ពីរ​មរមន ឬ​ជួប​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ យើង​ក៏​អាច​ធ្វើ​ការអញ្ជើញ​ដ៏​ស្មោះ​អស់​ពី​ចិត្ត​ដល់​ពួកគេ ដើម្បី​ចូល​រួម​ការប្រជុំ​សាក្រាម៉ង់​ជាមួយ​នឹង​ពួកយើង​បាន​ផង​ដែរ ។

យើង​ចូល​រួម​ការប្រជុំ​សាក្រាម៉ង់​ជា​រៀងរាល់​សប្តាហ៍​ដើម្បី « ថ្វាយ​បង្គំ​ព្រះ និង​ទទួល​ទាន​សាក្រាម៉ង់​ដើម្បី​ចង​ចាំ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ » ។ នេះ​គឺជា​ពេល​ដ៏​ពិសេស​មួយ​សម្រាប់​មនុស្ស​ដើម្បី​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ បាន​ខិត​ទៅ​ជិត​ព្រះអង្គសង្រ្គោះ ហើយ​ពង្រឹង​សេចក្តី​ជំនឿ​របស់​ពួក​គេ​ទៅលើ​ទ្រង់ ។

នៅពេល​យើង​ស្វែងរក​វិធី​ដើម្បី ស្រឡាញ់ ចែកចាយ និង​អញ្ជើញ នោះ​ផែនការ និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​គួរតែ​រួមបញ្ចូល​ការជួយ​មនុស្ស​ឲ្យ​ចូលរួម​ការប្រជុំ​សាក្រាម៉ង់​ផងដែរ ។ ប្រសិន​បើ​ពួកគេ​នឹង​ទទួល​យក​ការអញ្ជើញ​របស់​យើង ហើយ​ចូល​រួម​ការប្រជុំ​សាក្រាម៉ង់ នោះ​ពួកគេ​ទំនង​ជា​បន្ត​នៅ​លើ​ផ្លូវ​ទៅ​កាន់​បុណ្យ​ជ្រមុជ​ទឹក និង​ការប្រែចិត្ត​ជឿ ។ ខ្ញុំ​ជឿ​ដោយ​អស់​ពី​ចិត្ត​ថា​ជោគជ័យ​ដ៏​អស្ចារ្យ​នឹង​កើត​ឡើង នៅ​ពេល​យើង​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​សាក្រាម៉ង់ ហើយ​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ពរជ័យ​ដែល​ពួកគេ​អាច​ទទួល​បាន​មកពី​ការធ្វើ​បែបនោះ ។

ព្រះអម្ចាស់​នឹង​ដឹកនាំ​យើង

យើង​នឹង​មិន​អាច​ដឹង​ទេ​ថា​ជោគជ័យ និង​ឧបសគ្គ​អ្វីខ្លះ​ដែល​យើង​នឹង​ជួបប្រទះ​នៅពេល​យើង​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ​នោះ ។ បុត្រ​របស់​សេ្តច​ម៉ូសាយ « ទៅ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ និង​ពី​ទី​ថ្វាយ​បង្គំ​មួយ​ទៅ​ទី​ថ្វាយ​បង្គំ​មួយ …​ក្នុង​ចំណោម​ពួក​លេមិន ដើម្បី​ផ្សាយ ហើយ​បង្រៀន​ព្រះ​បន្ទូល​នៃ​ព្រះ​នៅ​ក្នុង​ចំណោម​ពួកគេ ម្ល៉ោះ​ហើយ ពួក​គេ​បាន​ចាប់​ផ្ដើម​មាន​ជោគ​ជ័យ​ដ៏​ធំ » ។ តាមរយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​« មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​នាំ​មក​ឲ្យ​ស្គាល់​ព្រះអម្ចាស់ » ហើយ​មនុស្ស​ជាច្រើន « បាន​ប្រែ​ចិត្ត​ជឿ … [ និង ] ពុំ​បោះបង់​ចោល​សាសនា​ឡើយ » ( អាលម៉ា ២៣:៤-៦ ) ។

ទោះបី​រឿង​នេះ​នឹង​មិន​ជា​និច្ចកាល​ជា​បទពិសោធន៍​របស់​យើង​ក្ដី ក៏​ព្រះអម្ចាស់​បាន​សន្យា​ថា​ទ្រង់​នឹង​ធ្វើការ​ជាមួយនឹង​យើង​ពីព្រោះ​រាល់​ព្រលឹង​ទាំងអស់​មាន​តម្លៃ​ចំពោះ​ទ្រង់ ។ ពេល​យើង​ដាក់​សេចក្ដី​ទុកចិត្ត​របស់​យើង​ទៅ​លើ​ព្រះអម្ចាស់ ហើយ​ចូល​រួម​ក្នុង​ការបម្រើ​របស់​ទ្រង់ នោះ​ទ្រង់​នឹង​ណែនាំ​យើង​អំពី​របៀប​ចែកចាយ​ដំណឹង​ល្អ​របស់​ទ្រង់​ជាមួយ​អ្នក​ដទៃ​ដោយ​ការស្រឡាញ់​ពួកគេ ដោយ​ការចែកចាយ​អំពី​ជីវិត និង​ទីបន្ទាល់​របស់​យើង​ជាមួយ​ពួកគេ ហើយ​អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​រួម​ជាមួយនឹង​យើង​នៅក្នុង​ការធ្វើតាម​ទ្រង់ ។

« នោះ​សេចក្ដី​អំណរ​ដ៏​មហិមា​នឹង​ជា [ របស់​យើង ] » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៨:១៥ ) នៅ​ពេល​ដែល​យើង​ក្តោប​ឱកាស​នៅ​ជុំវិញ​​យើង​ដើម្បី​ជួយ​ដល់​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ នៅក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ទ្រង់​ក្នុង​ការនាំ​ព្រលឹង​ទាំងឡាយ​មក​កាន់​ទ្រង់ ។

បោះពុម្ព