លីអាហូណា
តើ​ខ្ញុំ​អាច​ទុក​ចិត្ត​លើ​ព្រះវរបិតាសួគ៌​ដោយ​របៀបណា នៅពេល​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​កំពុង​ឈរ​តែ​ម្នាក់​ឯង​នោះ ?
ខែ កក្កដា ឆ្នាំ ២០២៤


« តើ​ខ្ញុំ​អាច​ទុក​ចិត្ត​លើ​ព្រះវរបិតាសួគ៌​ដោយ​របៀបណា នៅពេល​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​កំពុង​ឈរ​តែ​ម្នាក់​ឯង​នោះ ? » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៤ ។

យុវមជ្ឈិមវ័យ

តើ​ខ្ញុំ​អាច​ទុក​ចិត្ត​លើ​ព្រះវរបិតាសួគ៌​ដោយ​របៀបណា នៅពេល​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ កំពុង​ឈរ​តែ​ម្នាក់​ឯង​នោះ ?

ខ្ញុំ​បាន​ព្យាយាម​មាន​សេចក្តី​ជំនឿ ប៉ុន្តែ​នៅតែ​បន្ត​ជួប​នឹង​ឧបសគ្គ​ជា​ច្រើន ។ តើ​ខ្ញុំ​អាច​បន្ត​ទុក​ចិត្ត​លើ​ព្រះអម្ចាស់​ដោយ​របៀប​ណា ?

ស្រ្តី​យុវមជ្ឈិមវ័យ​កំពុង​អង្គុយ និង​កំពុង​មើល​ដោយ​សញ្ជប់ជញ្ជឹង

រចនា​រូបភាព​ដោយ ខេតលីន ភីធើរសុន

បង​ប្អូន​ជីដូន​មួយ​របស់​ខ្ញុំ​បាន​ណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា នៅ​ពេល​ខ្ញុំ​មាន​អាយុ​ប្រាំ​បួន​ឆ្នាំ ។ ខ្ញុំ​បាន​ចូល​រួម​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ប៉ុន្តែ​ជា​សមាជិក​តែ​ម្នាក់ឯង​គត់​នៅក្នុង​គ្រួសារ​របស់​ខ្ញុំ​ដែល​បាន​ធ្វើ​ដូច្នេះ ។ ចាប់​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​បាន​រៀន​ស្រឡាញ់​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​កាន់​តែ​ខ្លាំង​ឡើងៗ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​គ្រា​មួយ​ការ​ទុក​ចិត្ត​ទៅ​លើ​ព្រះវរបិតាសួគ៌ និង​សេចក្ដី​ពិត​របស់​ទ្រង់ គឺ​ពិបាក​ណាស់​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​បន្ត​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ ។

ការ​រស់​នៅ​ខុស​ពី​លោកិយ​ក្នុង​នាម​ជា​សិស្ស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាច​ពិបាក​នៅ​គ្រប់​ទី​កន្លែង ប៉ុន្តែ​ការ​ធំ​ឡើង​នៅ​ទី​ក្រុង​ហុងកុង​ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ គឺ​ពិបាក​ជាង​មនុស្ស​មួយ​ចំនួន​ដែល​អាច​រំពឹង​ទុក ។

រឿងមួយគឺ សម្រាប់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​តំបន់​នេះ​មិន​ចូល​ចិត្ត​សាសនាចក្រ​ទេ ហើយ​គិត​ថា​វា​ជាប់​ទាក់​ទង​នឹង​រឿង​អាក្រក់ ។ ពាក្យ​ដែល​ធ្លាប់​បាន​ប្រើ​ពី​មុន ក្នុង​ភាសា​ចិន​សម្រាប់ ពាក្យ « មរមន » និយាយ​សំដៅ​ទៅលើ​សាសនាចក្រ រួម​មាន​សំឡេង​មួយ​ដែល​ទាក់ទង​នឹង​ពាក្យ​ចិន​សម្រាប់​ពាក្យ « អារក្ស » ។ សម្រាប់​មនុស្ស​មួយ​ចំនួន ការណ៍នេះ​បាន​បង្កើត​នូវ​ការ​យល់​ខុស​ដ៏​អកុសល​មួយ​អំពី​តម្លៃ​របស់​សាសនាចក្រ ។

ដោយឡែក​ដោយសារ​តែ​មាន​សាសនា​បុរាណ​ជាច្រើន​ផ្សេងទៀត​ដែល​បាន​បង្កើត​ឡើង​រួចហើយ ហើយ​សមាជិក​នៃ​សាសនាចក្រ​មាន​ចំនួន​តិចតួច​នៅក្នុង​ទីក្រុង​ហុងកុង វា​អាច​ងាយ​នឹង​មាន​អារម្មណ៍​ឯកោ ឬ​នៅ​ដាច់​ដោយ​ឡែកពីគេ​ផងដែរ ។ មនុស្ស​ជា​ច្រើន​សង្ស័យ​សាសនាចក្រ មិន​យល់​ពេញលេញ​អំពី​ការ​បង្រៀន​របស់​សាសនាចក្រ និង​មិន​មាន​ឆន្ទៈ​ចង់​ស្តាប់​ដើម្បី​ឮ​នូវ​អ្វី​ដែល​សមាជិក​ចង់​ចែកចាយ​នោះ​ទេ ។

ខ្ញុំ​មាន​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ឧបសគ្គ​ទាំង​នេះ​បំផុត​កាល​ខ្ញុំ​មាន​វ័យ​ជំទង់ ប៉ុន្តែ​តាម​រយៈ​បទពិសោធន៍​ទាំង​នោះ​ខ្ញុំ​បាន​រៀន​ច្រើន​អំពី​អត្ថន័យ​នៃ​ការ​ទុក​ចិត្ត​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

តើ​ការរស់នៅ​តាម​ដំណឹងល្អ​មាន​តម្លៃ​ឬទេ ?

នៅក្នុង​វិទ្យាល័យ ឪពុក​ម្ដាយ​របស់​ខ្ញុំ​ជា​មិត្តភក្តិ​ជាមួយនឹង​គ្រូបង្រៀន​ម្នាក់​របស់​ខ្ញុំ ។ គ្រូបង្រៀន​រូប​នេះ​គឺ​ជា​គ្រីស្ទាន​ដែល​ជឿ​នៅ​ក្នុង​សាសនា​មួយ​ផ្សេង​ទៀត ។ នៅ​ពេល​នោះ​ខ្ញុំ​ជា​សមាជិក​តែ​ម្នាក់​គត់​នៃ​សាសនាចក្រ​នៅក្នុង​ថ្នាក់​របស់​ខ្ញុំ ហើយ​មិត្ត​រួម​ថ្នាក់​ជាច្រើន និង​គ្រូបង្រៀន​បាន​មាន​ការ​ប៉ាន់​ស្មាន​មួយ​ចំនួន​រួច​ហើយ​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​និង​អំពី​សមាជិក ។

ជាពិសេស គ្រូបង្រៀន​រូប​នេះ​មាន​មតិ​អវិជ្ជមាន​ខ្លាំង​ណាស់​អំពី​សេចក្តី​ជំនឿ​របស់​ខ្ញុំ ដែល​ធ្វើ​ឲ្យ​មាន​រឿង​ស្មុគស្មាញ​ដោយសារ​គាត់​ជា​មិត្ត​ភក្តិ​របស់​គ្រួសារ ។

មួយ​វិញទៀត ខ្ញុំ​តែងតែ​គេង​លក់​នៅក្នុង​ថ្នាក់​របស់​គាត់ ដោយសារ​ខ្ញុំ​បាន​ក្រោក​ពី​ព្រលឹម​ដើម្បី​ទៅរៀន​ថ្នាក់​សិក្ខាសាលា​នៅ​ព្រឹក​ព្រលឹម ដែល​ធ្វើ​ឲ្យ​គាត់​ព្រួយ​បារម្ភ​ថា​ខ្ញុំ​នឹង​តាម​មិន​ទាន់​ក្នុងការ​ធ្វើ​កិច្ចការ​សាលា​របស់​ខ្ញុំ ។ គាត់​ក៏​បាន​សួរ​ដេញ​ជើង​ខ្ញុំ ហើយ​បាន​សាកល្បង​ខ្ញុំ​ជាមួយ​នឹង​សំណួរ​គោលលិទ្ធ​ដ៏​ស្មុគស្មាញ​ជា​ច្រើន​ដែល​ខ្ញុំ​មិន​ចេះ​ឆ្លើយ​ទេ ។ គាត់​ថែម​ទាំង​បាន​ឲ្យ​ខ្ញុំ​នូវ​កិច្ចការ​សាលា​ដើម្បី​អាន​សៀវភៅ​ប្រឆាំង​សាសនាចក្រ ! គាត់​បាន​ព្យាយាម​យ៉ាង​ខ្លាំង​បំផុត ដើម្បី​បញ្ចុះបញ្ចូល​ខ្ញុំ​ឲ្យ​ចាក​ចេញ​ពី​សេចក្ដី​ជំនឿ​របស់​ខ្ញុំ ។

នេះ​គឺ​ជា​គ្រា​ដ៏​លំបាក​មួយ​សម្រាប់​សេចក្ដី​ជំនឿ​របស់​ខ្ញុំ ។ ហេតុអី្វ​ពេល​ខ្ញុំ​ព្យាយាម​នៅជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​នៅ​ស្មោះត្រង់​ធ្វើ​ឲ្យ​មាន​ឧបសគ្គ និង​ការលំបាក​នៅក្នុង​ជីវិត​របស់​ខ្ញុំ ? តើ​ខ្ញុំ​មិន​ទទួល​បាន​ពរ​ចំពោះ​ការគោរពតាម​បទបញ្ញត្តិ និង​ការ​លះបង់​ការ​ដេក​ដើម្បី​ទៅ​ចូលរៀន​ថ្នាក់សិក្ខាសាលា​ទេ​ឬ​អី ?

ផ្ទុយ​ទៅ​វិញ ពិន្ទុ​របស់​ខ្ញុំ​បាន​ធ្លាក់​ចុះ សេចក្តី​ជំនឿ​របស់​ខ្ញុំ​បាន​ថយ​ចុះ ហើយ​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយនឹង​គ្រូបង្រៀន​របស់​ខ្ញុំ គ្រួសារ​របស់​ខ្ញុំ និង​ព្រះវរបិតាសួគ៌​កំពុង​ជួប​ការលំបាក ។

អស់ពេល​មួយ​រយៈ ខ្ញុំ​បាន​ចាប់​ផ្ដើម​ឆ្ងល់​ថា​តើ​ការ​រស់​នៅ​តាម​ដំណឹងល្អ​មាន​តម្លៃ​ឬ​ទេ ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ឈប់ទៅ​ថ្នាក់​សិក្ខាសាលា ហើយ​មិន​យូរ​ប៉ុន្មាន​ខ្ញុំ​មាន​អារម្មណ៍​ថា​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​កំពុង​ថយចុះ ។ វា​ហាក់​ដូច​ជា​ងាយ​ស្រួល​ជាង​ក្នុង​ការ​ចុះ​ចាញ់​ទៅនឹង​អ្វី​ដែល​ពិភព​លោក​នៅ​ជុំវិញ​ខ្លួន​របស់​ខ្ញុំ​កំពុង​ជំរុញ​ខ្ញុំ​ឲ្យ​ធ្វើ ។

ការជ្រើសរើស​ដើម្បី​ទុកចិត្ត

ខ្ញុំ​បាន​បន្ត​អធិស្ឋាន​ទៅ​ព្រះវរបិតា​សួគ៌​ដើម្បី​ទទួល​បាន​ការណែនាំ និង​ការ​យល់​ដឹង ។ ទោះបី​ជា​មាន​ការ​ច្របូកច្របល់ និង​ភាពតានតឹង​ដ៏​ជ្រាល​ជ្រៅ​ដែល​ខ្ញុំ​មាន​អារម្មណ៍​អំពី​ស្ថានភាព​របស់​ខ្ញុំ​ក៏​ដោយ មាន​អ្វី​មួយ​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​បាន​បន្ត​កាន់​ខ្ជាប់​ទៅ​នឹង​សេចក្ដី​ជំនឿ ។ ខ្ញុំ​បាន​និយាយ​ជាមួយ​មិត្តភក្តិ​ដ៏​ស្មោះត្រង់ ហើយ​បាន​ប្រាប់ការសម្ងាត់​ទៅ​មិត្តភក្តិ​មក​ពី​ព្រះវិហារ​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ជួប​ប្រទះ ហើយ​ខ្ញុំ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​និយាយ​ជាមួយ​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា​របស់​ខ្ញុំ​អំពី​ការ​លំបាក​ទាំងឡាយ​របស់​ខ្ញុំ ។

គាត់​បាន​ឆ្លើយតប​ដោយ​ក្ដី​អាណិត​អាសូរ និង​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​បន្ត​ចូល​រួម​ថ្នាក់​សិក្ខាសាលា​ដោយ​មាន​ចិត្ត​សង្ឃឹម ។ គាត់​បាន​សន្យា​នឹង​ខ្ញុំ​ថា ខ្ញុំ​នឹង​ឃើញ​ពរជ័យ​នានា​លាត​ត្រដាង ប្រសិន​បើ​ខ្ញុំ​បន្ត​កាន់​ខ្ជាប់​ទៅនឹង​សេចក្ដី​ជំនឿ និង​ការ​ទុក​ចិត្ត​ថា ព្រះអម្ចាស់​មាន​ពរជា​ច្រើន​សម្រាប់​ខ្ញុំ ហើយ​នឹង​ប្រទានពរ​ដល់​ឧបសគ្គ​របស់​ខ្ញុំ ( សូមមើល នីហ្វៃទី២ ២:១–២ ) ។

ដូច្នេះ ទោះបី​ជា​មាន​ឧបសគ្គ​ដែល​ខ្ញុំ​កំពុង​ប្រឈមមុខ​ក៏​ដោយ ក៏​ខ្ញុំ​បាន​ជ្រើស​រើស​ដើម្បី​ទុក​ចិត្ត​ដែរ ។

យុវមជ្ឈិមវ័យ​កំពុង​ញញឹម

មួយ​រយៈ​ក្រោយ​មក ខ្ញុំ​មាន​អារម្មណ៍​ថា​អាកប្បកិរិយា​របស់​ខ្ញុំ​ផ្លាស់​ប្ដូរ ។ ជំនួស​ឲ្យ​ការ​ផ្តោត​ទៅ​លើ​ការ​លំបាក​ដែល​ខ្ញុំ​កំពុង​ប្រឈម​មុខ នោះ​ខ្ញុំ​បាន​ផ្តោត​លើ​ការ​ដឹង​គុណ​ដែល​ខ្ញុំ​មាន​ចំពោះ​ដំណឹង​ល្អ​វិញ ។ ខ្ញុំ​ចាប់ផ្ដើម​ផ្ដោត​ទៅលើ​ពរជ័យ​របស់​គ្រួសារ​ខ្ញុំ អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ខ្ញុំ និង​សេចក្ដី​ពិត​ដ៏​អស់កល្ប​ជានិច្ច​នៃ​ដំណឹងល្អ ។ ហើយ​នៅ​ទីបំផុត ខ្ញុំ​បាន​ដឹង​ថា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ទ្រង់​បាន​ជ្រាប​ដឹង​ពី​កាលៈទេសៈ​របស់​ខ្ញុំ ហើយ​តែងតែ​ឈរ​ជាមួយ​នឹង​ខ្ញុំ​នៅ​គ្រា​នោះ នៅពេល​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​កំពុង​ឈរ​តែ​ម្នាក់​ឯង ។

ការណ៍​នេះ​បាន​ផ្លាស់ប្តូរ​អ្វីៗ​គ្រប់​យ៉ាង ។

ពេល​ខ្ញុំ​បន្ត​ទុក​ចិត្ត​លើ​ទ្រង់​ទាំងទ្វេ ការគោរពតាម​បទបញ្ញត្តិ ការប្រែចិត្ត​ជា​រៀង​រាល់​ថ្ងៃ ហើយ​ធ្វើ​កិច្ចការ​តូចតាច​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​តភ្ជាប់​ជាមួយនឹង​ទ្រង់​ទាំងទ្វេ នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​គ្រឹះ​នៃ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​កាន់​តែ​ស៊ី​ជម្រៅ និង​កាន់តែ​រឹងមាំ​ឡើង ។

ប្រធាន រ័សុល អិម ណិលសុន កាលពី​ថ្មីៗ​នេះ​បាន​មាន​ប្រសាសន៍​ថា ៖ « សូមទទួល​ខុស​ត្រូវ​លើ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​បងប្អូន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ សូម​ខិតខំ​ដើម្បី​មាន​ទីបន្ទាល់​នោះ ។ សូម​ចិញ្ចឹម​បីបាច់​វា​ដើម្បី​ឲ្យ​វា​លូតលាស់ ។ សូម​ពង្រឹង​វា​ដោយ​សេចក្ដីពិត ។ សូម​កុំ​បំពុល​ទីបន្ទាល់​ដោយ​ទស្សនវិជ្ជា​ខុសឆ្គង​របស់​បុរស និង​ស្រ្តី​ដែល​មិន​ជឿ​ឡើយ ។ ពេល​បងប្អូន​បន្ត​ពង្រឹង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ជា​អាទិភាព​ដ៏​ខ្ពស់​បំផុត​របស់​បងប្អូន នោះ​សូម​ចាំ​មើល​អព្ភូតហេតុ​ដែល​នឹង​កើត​មាន​នៅក្នុង​ជីវិត​របស់​បងប្អូន ។

ហើយ​នៅពេល​ខ្ញុំ​បាន​ធ្វើ មាន​អព្ភូតហេតុ​មួយ បាន កើត​ឡើង ។

ជាអ្វី​ដែល​វា​មាន​ន័យ​ចំពោះខ្ញុំគឺ ការ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់

ក្រោយ​ពី​ចៀសវាង​នូវ​ការ​សន្ទនា​ណា​មួយ​អំពី​សេចក្តី​ជំនឿ​ជាមួយនឹង​គ្រូបង្រៀន​របស់​ខ្ញុំ​អស់​មួយ​រយៈ​ពេល​មក មាន​ថ្ងៃមួយ​នៅពេល​គាត់​បាន​មក​ជួប​ខ្ញុំ​ជាមួយ​នឹង​សំណួរ ខ្ញុំ​មាន​អារម្មណ៍ថា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ឆ្លើយ​សំណួរ​ទាំង​នោះ​ដោយ​សេចក្ដី​ជំនឿ​ថ្មី​របស់​ខ្ញុំ ។ ខ្ញុំ​បាន​សួរ​គាត់​ដោយ​រាបសា​ថា តើ​គាត់​ធ្លាប់​ទៅ​ការ​ប្រជុំ​មួយ​ក្នុង​ចំណោម​ការ​ប្រជុំ​សាសនាចក្រ​របស់​យើង ឬ​អាន​ព្រះគម្ពីរ​មរមន​ណាមួយ​ទេ ។ នៅពេល​គាត់​និយាយ​ថា​ទេ ខ្ញុំ​មាន​អារម្មណ៍​ថា​បាន​បំផុស​គំនិត​ឲ្យ​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​សេចក្ដី​ពិត​ដ៏សាមញ្ញ ។

ខ្ញុំ​បាន​ប្រាប់​គាត់​ថា​អ្នកគ្រូ​មិន​អាច​ដឹង​ថា​អ្វី​មួយ​ពិត​បានទេ បើ​មិន​ដក​ពិសោធន៍ ឬ​ស្វែងរក​ចម្លើយ​ដោយ​ខ្លួន​ឯង​នោះ ។ ខ្ញុំ​បាន​ពន្យល់​ថា​ខ្ញុំ​បាន​ដឹង​ថា​ដំណឹង​ល្អ​គឺ​ពិត ពីព្រោះ​ខ្ញុំ​បាន​ខិតខំ​ស្វែងរក​ចម្លើយ​ទាំង​នោះ ហើយ​មាន​អារម្មណ៍​ថា​វា​គឺ​ពិត ។ ខ្ញុំ​បាន​អញ្ជើញ​គាត់​ឲ្យ​ធ្វើ​ដូច​គ្នា ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ទំនាក់ទំនង​របស់​យើង​មានភាព​សុខសាន្ត​កាន់​តែ​ខ្លាំង​ឡើង ។

ការលំបាក​នៃ​សេចក្តី​ជំនឿ​ដែល​ខ្ញុំ​មាន​កាលពី​នៅ​វ័យជំទង់​នេះ ពិតជា​បាន​រៀបចំ​ខ្ញុំ​សម្រាប់​អនាគត​របស់ខ្ញុំ​ក្នុង​នាមជា​សិស្ស​នៃ​ព្រះគ្រីស្ទ ។ ខ្ញុំ​បាន​ឃើញ​ពរជ័យ និង​ការ​សន្យា​ជា​ច្រើន​បាន​កើតមាន​នៅពេល​ខ្ញុំ​បាន​បន្ត​ទុក​ចិត្ត​លើ​ព្រះអម្ចាស់​លើស​ពី​មតិ​យោបល់​របស់​មនុស្ស​ណាៗ​ទាំងអស់ ។ ដូច​នីហ្វៃ​បាន​មាន​ប្រសាសន៍ថា « ឱ ព្រះអម្ចាស់អើយ ​ទូលបង្គំ​បាន​ទុកចិត្ត​ទៅលើ​ព្រះអង្គ ហើយ​ទូលបង្គំ​នឹង​ទុកចិត្ត​ទៅលើ​ព្រះអង្គ​ជា​រៀងដរាប ។ ទូលបង្គំ​នឹង​មិន​ដាក់​ទី​ទុកចិត្ត​របស់​ទូលបង្គំ​ទៅ​លើ​ដៃ​នៃ​មនុស្ស​ឡើយ » ( នីហ្វៃទី២ ៤:៣៤ ) ។

នៅពេល​អ្វី​ៗ​មិន​ដំណើរ​ការ​ដូច​ដែល​បាន​គ្រោង​ទុក ឬ​យើង​កំពុង​ប្រឈម​មុខ​នឹង​ការ​លំបាក​ដែល​យើង​មិន​ដែល​រំពឹង​ទុក នោះ​វា​អាច​ងាយ​ស្រួល​ក្នុង​ការ​មាន​អារម្មណ៍​ថា​ព្រះវរបិតា​សួគ៌​បាន​ដឹក​នាំ​យើង​ខុស បោះ​បង់​យើង​ចោល ឬ​មិន​ខ្វល់​ខ្វាយ ។

ប៉ុន្ដែ​នោះ​ពុំមែន​ជា​រឿង​ពិត​ទេ ។

តាម​ពិត វា​តែង​តែ​ស្ថិត​នៅ​ក្នុង​គ្រា​នៃ​ការ​ច្របូកច្របល់ និង​ឧបសគ្គ​ដ៏​ឈឺចាប់​ទាំងនោះ​ដែល​ខ្ញុំ​ត្រូវ​បាន​រំឭក​អំពី​អត្ថន័យ​នៃ​ការ​ទុក​ចិត្ត​របស់​ខ្ញុំ​យ៉ាង​ពេញលេញ​ទៅ​លើ​ព្រះអម្ចាស់ ។ ខ្ញុំ​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ភាព​ជា​សិស្ស​របស់​ខ្ញុំ និង​សេចក្តី​ជំនឿ​របស់​ខ្ញុំ​ក្លាយ​ជា​ការ​ផ្លាស់​ប្ដូរ​ជីវិត​ដ៏​មាន​អត្ថន័យ​ជំនួស​ឲ្យ​ការធ្វើអ្វី​ដោយ​មិនគិត និង​តាមទម្លាប់ ។ ប្រធាន ណិលសុន ក៏បាន​បង្រៀន​ផងដែរ​ថា « សេចក្ដី​ជំនឿ​ដ៏ លូតលាស់ របស់​បងប្អូន​នឹង​ជួយ​បងប្អូន​ឲ្យ​បង្វែរ​ឧបសគ្គ​ទៅជា​ការរីកចម្រើន និង​ឱកាស​ដ៏មិន​អាច​ប្រៀបផ្ទឹម​បាន​វិញ » ។

ខ្ញុំ​អាច​ឃើញ​ពី​របៀប​នៃការ​ជ្រើសរើស​សេចក្តី​ជំនឿ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​ពរ​ដល់​ខ្ញុំ តាម​របៀប​ច្រើន​ជាង​អ្វី​ដែល​ខ្ញុំ​ធ្លាប់​គិត​ទៅទៀត ។ នេះ​មិន​មែន​មាន​ន័យ​ថា ខ្ញុំ​តែងតែ​គេចវេះ​ពី​ទុក្ខ​សោក ការ​លំបាក ឬ​ការ​ច្របូកច្របល់​នោះ​ទេ ប៉ុន្តែ​វា​មាន​ន័យ​ថា ខ្ញុំ​ដឹង​ពី​កន្លែង​ដែល​ត្រូវ​ងាក​ទៅ​រក​សម្រាប់​ភាពសុខសាន្ត និង​ស្ថិរភាព ។

ប្រធាន ណិលសុន បាន​រំឭក​យើង​ដោយ​ក្ដី​ស្រឡាញ់​ថា « សូម​ចាំ​ការណ៍​នេះ ៖ បើ​អ្វី​គ្រប់យ៉ាង ហើយ​មនុស្ស​គ្រប់គ្នា​ក្នុង​ពិភពលោក​នេះ​ដែល​បងប្អូន​ទុកចិត្ត ធ្វើឲ្យ​បងប្អូន​ខកចិត្ត នោះ​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់​នឹង មិន​ដែល ធ្វើឲ្យ​បងប្អូន​ខកចិត្ត​ឡើយ » ។

មិន​ថា​បងប្អូន​កំពុង​ប្រឈម​មុខ​ទៅនឹង​អ្វី​នៅក្នុង​ជីវិត​របស់​បងប្អូន​នោះទេ មិនថា​វា​ជា​ការ​រំពឹង​ទុក​ដែល​មិន​បាន​បំពេញ សម្ពាធ​មកពី​សំឡេង​នៃ​លោកិយ បញ្ហា​គ្រួសារ ការ​តស៊ូ​នឹង​សុខភាព​ផ្លូវ​ចិត្ត ការ​មិន​មាន​ស្ថេរភាព​ខាងហិរញ្ញវត្ថុ ការ​ខូចចិត្ត ភាព​អយុត្តិធម៌ ឬ​ឧបសគ្គ​ផ្សេងៗ​ទៀត​នោះទេ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​បន្ត​ដាក់​ការ​ទុក​ចិត្ត​របស់​បងប្អូន​ទៅ​លើ​ព្រះអម្ចាស់ ។ ទ្រង់​ដឹង​យ៉ាង​ច្បាស់​ពី​កាលៈទេសៈ​របស់​បងប្អូន ។ ទ្រង់​ស្គាល់​បងប្អូន ។ ទ្រង់​មាន​ពរជ័យ​ដ៏អស្ចារ្យ​រក្សាទុក​សម្រាប់​បងប្អូន ។ សូម្បី​តែ​នៅ​ក្នុង​គ្រា​ទាំង​នោះ នៅ​ពេល​ដែល​បងប្អូន​មិន​ចង់​ទុក​ចិត្ត​លើ​ទ្រង់​ក៏ដោយ សូម​នៅតែជ្រើស​រើស​ធ្វើ​ការ​ទុកចិត្ត​លើ​ទ្រង់ ។ ការសន្យា​ទាំងឡាយ​របស់​ទ្រង់​គឺ​ពិត ។ ទ្រង់​នឹង​នាំ​បងប្អូន​ឲ្យ​មាន​អំណរ ក្តី​សង្ឃឹម និង​អព្ភូតហេតុ​នៅ​ពេល​កំណត់ ។

ទ្រង់​ធ្វើ​សម្រាប់​ខ្ញុំ​នៅ​ពេល​ខ្ញុំ​បន្ត​ទុក​ចិត្ត​លើ​ទ្រង់ ។