« ចេញពីភាពងងឹតទៅរកសុភមង្គល » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៤ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ចេញពីភាពងងឹតទៅរកសុភមង្គល
ពេលខ្ញុំនិយាយតាមនូវពាក្យទាំងឡាយនៃពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធនៅក្នុងចិត្តរបស់ខ្ញុំ មានអ្វីដែលអស្ចារ្យបានកើតឡើង ។
នៅឆ្នាំ ១៩៨៨ ខ្ញុំបានទៅជាមួយគ្រូបង្រៀនជនជាតិអង់គ្លេសផ្សេងទៀត ដើម្បីបង្រៀននៅសាលាមួយក្នុងប្រទេសស៊ូដង់ ។ ក្មេងៗមានចិត្តរីករាយ ហើយយើងបានសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងភាពតឹងរឹងនៃការរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ ។ ទោះជាយ៉ាងណាក៏ដោយ និយោជករបស់យើងបានធ្វើជាអ្នកដឹកនាំកៀបសង្កត់ម្នាក់ ដែលបានធ្វើទុក្ខបុកម្នេញដល់នរណាម្នាក់ដែលគាត់បានគិតថាប្រឆាំងនឹងគាត់តាមវិធីណាមួយ ។ គាត់ស្អប់ខ្ញុំចាប់តាំងពីថ្ងៃដែលខ្ញុំក្រោកឈរឡើងការពារបុគ្គលដែលគាត់បានរំលោភបំពានលើ ។
ថ្ងៃមួយ គាត់បានហៅខ្ញុំទៅកាន់ការិយាល័យរបស់គាត់ ។ អស់រយៈពេលជាងកន្លះម៉ោង ខ្ញុំបានទទួលរងការរំលោភបំពាននិងការគំរាមកំហែងដោយពាក្យសម្តីគ្រប់ប្រភេទពីគាត់ ។ ខ្ញុំបានចាកចេញពីបន្ទប់ដោយតក់ស្លុត ។ ខ្ញុំអត់ចាំថា ខ្ញុំបានបញ្ចប់ថ្ងៃសិក្សាដែលនៅសល់នោះដោយរបៀបណានោះទេ ។ ពេញមួយល្ងាចនោះ ខ្ញុំមិនអាចបំភ្លេចពាក្យអាក្រក់ៗរបស់គាត់ចេញពីគំនិតរបស់ខ្ញុំទេ ។
នៅពេលគេង ខ្ញុំអង្គុយលើគ្រែរបស់ខ្ញុំហើយអានព្រះគម្ពីរ ។ បន្ទាប់មកខ្ញុំបានលុតជង្គង់ ហើយអធិស្ឋានដោយចិត្តក្លៀវក្លាសម្រាប់ការលួងលោម និងការធូរស្បើយ ប៉ុន្តែខ្ញុំគ្មានអារម្មណ៍អ្វីសោះ ។ ខ្ញុំបានចូលគេង ប៉ុន្តែគេងមិនលក់សោះ ។ ខ្ញុំបានក្រោកឡើងពីរដង អានគម្ពីរ លុតជង្គង់ ហើយអធិស្ឋាន តែគ្មានប្រយោជន៍សោះ ។
« អូ អ៊ីចឹង ខ្ញុំគិតថា ព្រះវរបិតាសួគ៌តែងតែមិនឆ្លើយតបនឹងការអធិស្ឋានរបស់យើងតាមរបៀប និងពេលដែលយើងចង់នោះទេ » ។ ខ្ញុំបានបាក់ទឹកចិត្តហើយ គេងមិនលក់ ។
ប៉ុន្តែពេលខ្ញុំដាក់ខ្លួនគេងម្តងទៀត ខ្ញុំបានគិតថា « មានរឿងមួយទៀតដែលខ្ញុំអាចធ្វើបាន » ។ ខ្ញុំបានចាប់ផ្ដើមនិយាយម្តងទៀតនូវពាក្យនៃពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធទៅកាន់ខ្លួនឯងនៅក្នុងគំនិតរបស់ខ្ញុំ ។ ពេលខ្ញុំបានធ្វើបែបនេះ អព្ភូតហេតុដ៏អស្ចារ្យមួយបានកើតឡើង ។ ទុក្ខវេទនា និងភាពងងឹតទាំងអស់បានហូរចេញពីខ្ញុំទៅ ហើយសេចក្ដីសុខសាន្ត និងអំណរដ៏អស្ចារ្យបំផុតបានហូរចូលមកវិញ ហើយបានបំពេញរូបកាយទាំងមូលរបស់ខ្ញុំ ។
ខ្ញុំបានក្រោកឡើង ហើយអធិស្ឋានដោយថ្លែងអំណរគុណដល់ព្រះវរបិតាសួគ៌ទាំងស្រក់ទឹកភ្នែក ។ បន្ទាប់មកខ្ញុំបានចូលគេង ហើយដេកលក់ទៅ ។ នៅថ្ងៃបន្ទាប់ដែលគួរតែពោរពេញទៅដោយភាពភ័យខ្លាច និងទុក្ខវេទនា គឺជាថ្ងៃដ៏សប្បាយបំផុតដែលខ្ញុំមិនធ្លាប់មានជាមួយនឹងកុមារនៅក្នុងថ្នាក់មួយ ។
ខ្ញុំបានដឹងថាព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំពិចារណាអំពីពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។ ចំពោះពួកបរិសុទ្ធដែលឆ្លងកាត់វាលទំនាប បន្ទាប់ពីទទួលបានពរជ័យរបស់ខ្លួននៅក្នុងព្រះវិហារបរិសុទ្ធណៅវ៉ូ ប្រធាន ព្រិកហាំ យ៉ង់ ( ឆ្នាំ ១៨០១–១៨៧៧ ) បានមានប្រសាសន៍ថា « សូមឲ្យភ្លើងនៃសេចក្ដីសញ្ញាដែលអ្នកបានធ្វើនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ឆេះនៅក្នុងចិត្តរបស់អ្នកដូចជាអណ្តាតភ្លើងដែលមិនអាចពន្លត់បាន » ។ ពេលដែលសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធរបស់យើងឆេះនៅក្នុងចិត្ត និងគំនិតរបស់យើង នោះយើងក៏នឹងរកឃើញភាពរឹងមាំ សេចក្តីសុខសាន្ត និងការលួងលោមផងដែរ ។